លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៦

ចូររែកពុនអ្វីៗដែលចាំបាច់ និងលះចោលអ្វីក្រៅពីនោះ

ចូររែកពុនអ្វីៗដែលចាំបាច់ និងលះចោលអ្វីក្រៅពីនោះ

«​ចូរ​យើង​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​ធ្ងន់ និង . . . រត់​ដោយ​ស៊ូ​ទ្រាំ​ក្នុង​ការ​ប្រណាំង​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង​»។—ហេ. ១២:១

ចម្រៀង​លេខ​៣៣ ចូរ​ផ្ទេរ​បន្ទុក​ទៅ​លើ​ព្រះ​យេហូវ៉ា

សេចក្ដី​សង្ខេប a

១. យោង​ទៅ​តាម​ហេប្រឺ ១២:១ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ក្នុង​ការ​ប្រណាំង​ឲ្យ​បាន​ជីវិត?

 គម្ពីរ​បាន​ប្រដូច​ជីវិត​របស់​យើង​ជា​គ្រិស្ត​សាសនិក​ទៅ​នឹង​ការ​រត់​ប្រណាំង។ អ្នក​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​នឹង​ទទួល​រង្វាន់​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​២ធី. ៤:៧, ៨​) យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រត់​ទៅ​មុខ​ទៀត ជា​ពិសេស​ដោយ​សារ​ទី​ផ្ដាច់​ព្រ័ត្រ​គឺ​កាន់​តែ​កៀក​ណាស់​ហើយ។ សាវ័ក​ប៉ូល​ដែល​បាន​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ក្នុង​ជីវិត​របស់​គាត់ បាន​លើក​ឡើង​អំពី​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​រត់​ប្រណាំង។ គាត់​បាន​ប្រាប់​យើង​ឲ្យ​«​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​ធ្ងន់ និង . . . រត់​ដោយ​ស៊ូ​ទ្រាំ​ក្នុង​ការ​ប្រណាំង​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង​»។—សូម​អាន ហេប្រឺ ១២:១

២. តើ​ការ​«​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​ធ្ងន់​»​មាន​ន័យ​យ៉ាង​ណា?

ពេល​ប៉ូល​បាន​សរសេរ​ថា​យើង​ត្រូវ​«​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​ធ្ងន់​»​ តើ​គាត់​ចង់​មាន​ន័យ​ថា​គ្រិស្ត​សាសនិក​មិន​គួរ​រែក​ពុន​អ្វី​សោះ​ឬ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​មាន​ន័យ​ថា​យើង​ត្រូវ​លះ​ចោល​អ្វី​ៗ​ដ៏​ធ្ងន់​ដែល​មិន​ចាំ​បាច់។ អ្វី​នោះ​អាច​ធ្វើ​ឲ្យ​យើង​បន្ថយ​ល្បឿន​និង​ស៊ី​កម្លាំង​យើង។ ដើម្បី​ស៊ូ​ទ្រាំ យើង​ត្រូវ​ឆាប់​កត់​សម្គាល់​ថា​យើង​កំពុង​រែក​ពុន​អ្វី​ដ៏​ធ្ងន់​បែប​នេះ​ឬ​យ៉ាង​ណា ហើយ​លះ​ចោល​វា​ភ្លាម​ៗ។ ប៉ុន្តែ​នៅ​ដំណាល​គ្នា​នោះ យើង​មិន​ចង់​លះ​ចោល​ភារៈ​ដែល​យើង​គួរ​រែក​ពុន​ឡើយ។ បើ​ដូច្នេះ យើង​អាច​ត្រូវ​ដក​ចេញ​ពី​ទី​ប្រណាំង។ (​២ធី. ២:៥​) តើ​យើង​ត្រូវ​រែក​ពុន​អ្វី​ខ្លះ?

៣. (​ក​) យោង​ទៅ​តាម​កាឡាទី ៦:៥ តើ​យើង​ត្រូវ​រែក​ពុន​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ ហើយ​ហេតុ​អ្វី?

សូម​អាន កាឡាទី ៦:៥ ប៉ូល​បាន​លើក​បញ្ជាក់​អំពី​អ្វី​ដែល​យើង​ត្រូវ​រែក​ពុន។ គាត់​បាន​សរសេរ​ថា​៖ ​«​ម្នាក់​ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន​»។ នៅ​ទី​នេះ ប៉ូល​សំដៅ​ទៅ​លើ​ភារៈ​ដែល​យើង​មាន​ចំពោះ​ព្រះ ជា​អ្វី​ដែល​យើង​ត្រូវ​រែក​ពុន​ដោយ​ខ្លួន​ឯង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ថា​តើ​«​ភារៈ​របស់​ខ្លួន​»​រួម​បញ្ចូល​អ្វី​ខ្លះ និង​របៀប​ដែល​យើង​អាច​រែក​ពុន​អ្វី​នោះ។ យើង​ក៏​នឹង​លើក​ឡើង​អំពី​អ្វី​ដ៏​ធ្ងន់​ដែល​មិន​ចាំ​បាច់​ដែល​យើង​ប្រហែល​ជា​រែក​ពុន និង​រៀន​អំពី​របៀប​ដែល​យើង​អាច​ចោល​អ្វី​ទាំង​នោះ។ ការ​ទទួល​ភារៈ​របស់​ខ្លួន និង​ការ​ចោល​អ្វី​ដ៏​ធ្ងន់​ដែល​មិន​ចាំ​បាច់​នឹង​ជួយ​យើង​ឲ្យ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត។

អ្វី​ដែល​យើង​ត្រូវ​រែក​ពុន

ការ​ទទួល​ភារៈ​របស់​ខ្លួន​រួម​បញ្ចូល​ការ​ធ្វើ​តាម​ពាក្យ​សម្បថ​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ការ​បំពេញ​ភារកិច្ច​របស់​យើង​ក្នុង​ក្រុម​គ្រួសារ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង (​សូម​មើល​វគ្គ​៤​-​៩​)

៤. ហេតុ​អ្វី​ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​មិន​មែន​ជា​បន្ទុក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ។ ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា យើង​ស្បថ​ថា​យើង​នឹង​គោរព​ប្រណិប័តន៍​លោក ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ យើង​ត្រូវ​រក្សា​ពាក្យ​សម្បថ​នោះ។ ការ​រស់​នៅ​សម​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​យើង​គឺ​ជា​ភារកិច្ច​ធ្ងន់​ធ្ងរ ប៉ុន្តែ​មិន​មែន​ជា​បន្ទុក​ទេ។ នោះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​បប. ៤:១១​) លោក​បាន​បង្កើត​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​ស្គាល់​លោក​និង​គោរព​ប្រណិប័តន៍​លោក ហើយ​លោក​ក៏​បាន​បង្កើត​យើង​ឲ្យ​មាន​ភាព​ដូច​លោក​ដែរ។ យ៉ាង​នេះ យើង​អាច​ចូល​ទៅ​ជិត​លោក ហើយ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​ចសព. ៤០:៨​) ម្យ៉ាង​ទៀត ពេល​យើង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​និង​កាន់​តាម​បុត្រ​របស់​លោក យើង​នឹង​មាន​«​កម្លាំង​ចិត្ត​ឡើង​វិញ​»។—ម៉ាថ. ១១:២៨​-​៣០

(​សូម​មើល​វគ្គ​៤​-​៥​)

៥. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ? (​យ៉ូហាន​ទី១ ៥:៣​)

តើ​អ្នក​អាច​រែក​ពុន​ភារៈ​នេះ​យ៉ាង​ដូច​ម្ដេច? មាន​អ្វី​ពីរ​អាច​ជួយ។ ទី​១ សូម​បន្ដ​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា។ អ្នក​អាច​ធ្វើ​ដូច្នេះ​ដោយ​រំពឹង​គិត​អំពី​អ្វី​ល្អ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ចំពោះ​អ្នក និង​ពរ​ដែល​លោក​នឹង​ឲ្យ​អ្នក​នៅ​ថ្ងៃ​ខាង​មុខ។ កាល​ដែល​អ្នក​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា អ្នក​នឹង​កាន់​តែ​ស្រួល​ស្ដាប់​បង្គាប់​លោក។ (​សូម​អាន យ៉ូហាន​ទី១ ៥:៣) ទី​២ សូម​យក​តម្រាប់​លោក​យេស៊ូ។ លោក​អាច​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដោយ​សារ​លោក​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់​របស់​លោក។ (​ហេ. ៥:៧; ១២:២​) ដូច​លោក​យេស៊ូ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​កម្លាំង​និង​ចាំ​ជាប់​ជា​និច្ច​អំពី​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ កាល​ដែល​អ្នក​កាន់​តែ​ស្រឡាញ់​ព្រះ ហើយ​យក​តម្រាប់​បុត្រ​លោក នោះ​អ្នក​នឹង​អាច​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា។

៦. ហេតុ​អ្វី​យើង​ត្រូវ​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ។ ក្នុង​ការ​រត់​ប្រណាំង​របស់​យើង​ឲ្យ​បាន​ជីវិត យើង​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ច្រើន​ជាង​យើង​ស្រឡាញ់​សាច់​ញាតិ។ (​ម៉ាថ. ១០:៣៧​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​យើង​អាច​ព្រងើយ​កន្តើយ​នឹង​ភារកិច្ច​របស់​យើង​ចំពោះ​ក្រុម​គ្រួសារ​ទេ។ ផ្ទុយ​ទៅ​វិញ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​គ្រិស្ត យើង​ត្រូវ​បំពេញ​តួ​នាទី​របស់​យើង​ក្នុង​ក្រុម​គ្រួសារ។ (​១ធី. ៥:៤,​) ពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​សប្បាយ​រីករាយ​ជាង។ ព្រះ​យេហូវ៉ា​ដឹង​ថា​ក្រុម​គ្រួសារ​នឹង​មាន​សុភមង្គល​ពេល​ប្ដី​ប្រពន្ធ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព ពេល​ឪពុក​ម្ដាយ​ស្រឡាញ់​និង​បង្ហាត់​បង្រៀន​កូន និង​ពេល​កូន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។—អេភ. ៥:៣៣; ៦:១,

(​សូម​មើល​វគ្គ​៦​-​៧​)

៧. តើ​អ្នក​អាច​បំពេញ​តួ​នាទី​របស់​អ្នក​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​អាច​រែក​ពុន​ភារៈ​នេះ​យ៉ាង​ដូច​ម្ដេច? មិន​ថា​អ្នក​មាន​តួ​នាទី​អ្វី​ក្នុង​ក្រុម​គ្រួសារ​ក៏​ដោយ សូម​ទុក​ចិត្ត​ទៅ​លើ​ប្រាជ្ញា​ដែល​មាន​ក្នុង​គម្ពីរ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​អារម្មណ៍ វប្បធម៌ ឬ​សម្ដី​របស់​បុគ្គល​ដែល​គេ​ចាត់​ទុក​ជា​វាគ្មិន។ (​សុភ. ២៤:៣, ៤​) សូម​ប្រើ​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ឲ្យ​បាន​ច្រើន។ សៀវភៅ​ទាំង​នោះ​មាន​យោបល់​ដ៏​មាន​ប្រយោជន៍ ស្ដី​អំពី​របៀប​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ ជា​ឧទាហរណ៍ ក្នុង​គេហទំព័រ​របស់​យើង​jw.org/km មាន​ព័ត៌មាន​ដ៏​ល្អ​អំពី​ការ​ពិបាក​ដែល​គូ​ប្ដី​ប្រពន្ធ ឪពុក​ម្ដាយ និង​យុវវ័យ​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ។ b សូម​តាំង​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង ទោះ​ជា​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​មិន​ធ្វើ​ក៏​ដោយ។ ពេល​អ្នក​ធ្វើ​ដូច្នេះ ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ទទួល​ប្រយោជន៍ ហើយ​អ្នក​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។—១ពេ. ៣:១, ២

៨. តើ​ការ​សម្រេច​ចិត្ត​របស់​យើង​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​អំណោយ​មួយ​គឺ​ចិត្ត​សេរី ហើយ​លោក​ចង់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​ល្អ។ ប៉ុន្តែ លោក​ក៏​មិន​ការ​ពារ​យើង​ពី​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​មិន​ល្អ​ដែរ។ (​កាឡ. ៦:៧, ៨​) ហេតុ​នេះ យើង​ព្រម​ទទួល​ផល​វិបាក​ពី​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​យើង​និង​ពាក្យ​សម្ដី​ឥត​បើ​គិត ព្រម​ទាំង​ពី​ការ​ធ្វើ​អ្វី​ដែល​តក់​ក្រហល់។ អាស្រ័យ​លើ​អ្វី​ដែល​យើង​បាន​ធ្វើ យើង​ប្រហែល​ជា​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​ផ្ដន្ទា​ទោស។ ប៉ុន្តែ​ការ​ដឹង​ថា យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​សារភាព​ការ​ខុស​ឆ្គង​របស់​យើង កែ​តម្រង់​កំហុស​របស់​យើង ហើយ​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​ម្ដង​ទៀត។ ការ​ប្រព្រឹត្ត​បែប​នេះ​អាច​ជួយ​យើង​ឲ្យ​បន្ដ​នៅ​ក្នុង​ការ​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត។

(​សូម​មើល​វគ្គ​៨​-​៩​)

៩. តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

តើ​អ្នក​អាច​រែក​ពុន​ភារៈ​នេះ​យ៉ាង​ដូច​ម្ដេច? បើ​អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ តើ​អ្នក​អាច​ធ្វើ​អ្វី? សូម​ទទួល​ស្គាល់​ថា​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​អតីតកាល​ទេ។ សូម​កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ព្យាយាម​បក​ស្រាយ​ថា​ខ្លួន​គឺ​ត្រឹម​ត្រូវ ឬ​ព្យាយាម​បន្ទោស​អ្នក​ឯ​ទៀត​ចំពោះ​កំហុស​របស់​អ្នក។ ផ្ទុយ​ទៅ​វិញ សូម​ទទួល​ស្គាល់​កំហុស​របស់​អ្នក ហើយ​ខំ​អស់​ពី​សមត្ថភាព​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ឥឡូវ​នេះ។ បើ​អ្នក​បន្ទោស​ខ្លួន​ចំពោះ​កំហុស​ដែល​អ្នក​បាន​ធ្វើ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រាប​ទាប សារភាព​កំហុស ហើយ​សុំ​លោក​អភ័យ​ទោស​ឲ្យ​អ្នក។ (​ចសព. ២៥:១១; ៥១:៣, ៤​) សូម​សុំ​ទោស​បុគ្គល​ដែល​អ្នក​បាន​ធ្វើ​ខុស ហើយ​បើ​ចាំ​បាច់​សូម​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ (​យ៉ា. ៥:១៤, ១៥​) សូម​រៀន​ពី​កំហុស​របស់​អ្នក ហើយ​ព្យាយាម​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​នោះ​ម្ដង​ទៀត។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​អាណិត​មេត្តា​ចំពោះ​អ្នក ហើយ​ផ្ដល់​ការ​គាំទ្រ​ដែល​អ្នក​ត្រូវ​ការ។—ចសព. ១០៣:៨​-​១៣

អ្វី​ធ្ងន់​ៗ​ដែល​យើង​ត្រូវ​«​ចោល​»​

១០. ហេតុ​អ្វី​ការ​រំពឹង​ទុក​ច្រើន​ហួស​ហេតុ​ពេក​គឺ​ជា​បន្ទុក​ធ្ងន់? (​កាឡាទី ៦:៤​)

១០ ការ​រំពឹង​ទុក​ច្រើន​ហួស​ហេតុ​ពេក។ យើង​អាច​រំពឹង​ច្រើន​ពេក​ពី​ខ្លួន​ឯង​ពេល​យើង​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។ នេះ​ហាក់​ដូច​ជា​ការ​រែក​ពុន​បន្ទុក។ (​សូម​អាន កាឡាទី ៦:៤) បើ​យើង​ចេះ​តែ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត យើង​អាច​ឈ្នានីស​និង​ប្រកួត​ប្រជែង​អ្នក​ឯ​ទៀត។ (​កាឡ. ៥:២៦​) បើ​យើង​បង្ខំ​ខ្លួន​ធ្វើ​អ្វី​ដែល​អ្នក​ឯ​ទៀត​កំពុង​ធ្វើ ទោះ​ជា​តាម​ពិត​នោះ​ជា​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​ក្ដី យើង​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​ឯង។ សូម​គិត​អំពី​ចំណុច​នេះ​៖ បើ​«​ការ​រំពឹង​ទុក​ដែល​ក្រ​នឹង​កើត​ឡើង នាំ​ឲ្យ​ក្រៀម​ក្រំ​ចិត្ត​»​ ចុះ​ទម្រាំ​តែ​ការ​រង់​ចាំ​អ្វី​មួយ​ដែល​យើង​ប្រហែល​ជា​មិន​អាច​ទទួល នោះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ណា​ទៅ! (​សុភ. ១៣:១២; កំ.ស.​) បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​អស់​កម្លាំង​ជា​ខ្លាំង​រហូត​ដល់​យើង​បន្ថយ​ល្បឿន​ក្នុង​ទី​ប្រណាំង​ឲ្យ​បាន​ជីវិត។—សុភ. ២៤:១០

១១. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ជៀស​វាង​ពី​ការ​រំពឹង​ទុក​ច្រើន​ហួស​ហេតុ​ពេក?

១១ តើ​អ្នក​អាច​លះ​ចោល​អ្វី​ដែល​ធ្ងន់​នោះ​យ៉ាង​ដូច​ម្ដេច? សូម​កុំ​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ​លើស​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ។ លោក​មិន​តម្រូវ​ឲ្យ​អ្នក​ជូន​លោក​នូវ​អ្វី​ដែល​អ្នក​មិន​មាន​ទេ។ (​២កូ. ៨:១២​) សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​ប្រៀប​ធៀប​អ្វី​ដែល​អ្នក​ធ្វើ​ទៅ​នឹង​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ឡើយ។ (​ម៉ាថ. ២៥:២០​-​២៣​) លោក​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​បម្រើ​អស់​ពី​ដួង​ចិត្ត​របស់​អ្នក ភាព​ស្មោះ​ត្រង់​របស់​អ្នក និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក។ សូម​ទទួល​ស្គាល់​ដោយ​ចិត្ត​សុភាព​ថា​អាយុ សុខភាព និង​ស្ថានភាព​របស់​អ្នក​ប្រហែល​ជា​ដាក់​កម្រិត​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ។ ដូច​បាស៊ីលឡាយ ចូរ​សុខ​ចិត្ត​មិន​ទទួល​យក​ឯកសិទ្ធិ​ផ្សេង​ៗ ពេល​បញ្ហា​សុខភាព​ឬ​អាយុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​បំពេញ​ភារកិច្ច​ណា​មួយ។ (​២សាំ. ១៩:៣៥, ៣៦​) ដូច​ម៉ូសេ ចូរ​ព្រម​ទទួល​ជំនួយ​និង​ប្រគល់​ភារកិច្ច​ទៅ​អ្នក​ឯ​ទៀត​ពេល​សម​ត្រឹម​ត្រូវ។ (​ដច. ១៨:២១, ២២​) ពេល​អ្នក​មាន​ចិត្ត​សុភាព អ្នក​នឹង​មិន​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បាក់​កម្លាំង​ក្នុង​ការ​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត​ឡើយ។

១២. តើ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​អ្នក​ឯ​ទៀត​ឬ​ទេ? សូម​ពន្យល់។

១២ ការ​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​អ្នក​ឯ​ទៀត។ យើង​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​អ្នក​ឯ​ទៀត ហើយ​យើង​ក៏​មិន​តែង​តែ​អាច​ការ​ពារ​ពួក​គេ​ពី​ផល​វិបាក​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​ពួក​គេ​ឡើយ។ ជា​ឧទាហរណ៍ កូន​ប្រហែល​ជា​សម្រេច​ចិត្ត​នៅ​ពេល​ក្រោយ​មក​ថា​គាត់​នឹង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ ការ​សម្រេច​ចិត្ត​នេះ​អាច​នាំ​ឲ្យ​ឪពុក​ម្ដាយ​កើត​ទុក្ខ​ជា​ពន់​ពេក។ ប៉ុន្តែ ឪពុក​ម្ដាយ​ដែល​បន្ទោស​ខ្លួន​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​កូន ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ខ្លួន។ នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​គេ​រែក​ពុន​នោះ​ទេ។—រ៉ូម ១៤:១២

១៣. តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​កូន?

១៣ តើ​អ្នក​អាច​លះ​ចោល​អ្វី​ដែល​ធ្ងន់​នោះ​យ៉ាង​ដូច​ម្ដេច? សូម​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ចិត្ត​សេរី។ លោក​ឲ្យ​យើង​ម្នាក់​ៗ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង រួម​មាន​ការ​សម្រេច​ចិត្ត​ថា​បម្រើ​ឬ​មិន​បម្រើ​លោក​ផង​ដែរ។ ព្រះ​យេហូវ៉ា​ដឹង​ថា​អ្នក​មិន​មែន​ជា​ឪពុក​ម្ដាយ​ល្អ​ឥត​ខ្ចោះ​ទេ តែ​លោក​ចង់​ឲ្យ​អ្នក​ខំ​អស់​ពី​សមត្ថភាព។ កូន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គាត់ មិន​មែន​អ្នក​ទេ។ (​សុភ. ២០:១១​) ប៉ុន្តែ អ្នក​ប្រហែល​ជា​នៅ​តែ​គិត​អំពី​កំហុស​របស់​អ្នក​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ បើ​ដូច្នេះ សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​អ្នក ហើយ​សូម​ការ​អភ័យ​ទោស​ពី​លោក។ លោក​ដឹង​ថា​អ្នក​មិន​អាច​កែ​ប្រែ​អតីតកាល ហើយ​ផ្លាស់​ប្ដូរ​អ្វី​ដែល​បាន​កើត​ឡើង​ទេ។ ទន្ទឹម​នឹង​នោះ លោក​មិន​តម្រូវ​ឲ្យ​អ្នក​ការ​ពារ​កូន​ពី​ផល​ដែល​គាត់​បាន​សាប​ព្រោះ​ឡើយ។ សូម​ចាំ​ថា​បើ​កូន​របស់​អ្នក​ព្យាយាម​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ លោក​នឹង​ទទួល​ស្វាគមន៍​គាត់។—លូក. ១៥:១៨​-​២០

១៤. ហេតុ​អ្វី​យើង​គួរ​លះ​ចោល​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក?

១៤ ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក។ ពេល​យើង​ប្រព្រឹត្ត​ការ​ខុស​ឆ្គង គឺ​សម​ត្រឹម​ត្រូវ​ដែល​យើង​បន្ទោស​ខ្លួន។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​បន្ទោស​ខ្លួន​រហូត​ទេ។ នេះ​គឺ​ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​លះ​ចោល។ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​កំពុង​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក? បើ​យើង​បាន​សារភាព​អំពើ​ខុស​ឆ្គង​របស់​យើង បាន​ប្រែ​ចិត្ត ហើយ​កំពុង​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​នោះ​ម្ដង​ទៀត យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង​ហើយ។ (​សកម្ម. ៣:១៩​) ក្រោយ​ពី​យើង​បាន​ធ្វើ​អ្វី​ទាំង​នេះ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​បន្ដ​បន្ទោស​ខ្លួន​ទេ។ លោក​ដឹង​ថា​ការ​ចេះ​តែ​បន្ទោស​ខ្លួន​នឹង​នាំ​ទុក្ខ​ដល់​យើង។ (​ចសព. ៣១:១០​) បើ​យើង​ព្រួយ​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក យើង​ប្រហែល​ជា​ឈប់​ព្យាយាម​ក្នុង​ការ​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត។—២កូ. ២:៧

ក្រោយ​ពី​អ្នក​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ព្រះ​យេហូវ៉ា​មិន​បន្ដ​គិត​អំពី​អំពើ​ខុស​ឆ្គង​របស់​អ្នក​ហើយ​អ្នក​ក៏​មិន​គួរ​ធ្វើ​ដូច្នេះ​ដែរ (​សូម​មើល​វគ្គ​១៥​)

១៥. តើ​អ្វី​អាច​ជួយ​អ្នក ពេល​អ្នក​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក? (​យ៉ូហាន​ទី១ ៣:១៩, ២០​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៥ តើ​អ្នក​អាច​លះ​ចោល​អ្វី​ដែល​ធ្ងន់​នោះ​យ៉ាង​ដូច​ម្ដេច? បើ​អ្នក​នៅ​តែ​បន្ទោស​ខ្លួន សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​‹អភ័យ​ទោស​យ៉ាង​ពិត​ប្រាកដ›​ពី​ព្រះ។ (​ចសព. ១៣០:៤​) ពេល​លោក​អភ័យ​ទោស​ដល់​ពួក​អ្នក​ដែល​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ លោក​សន្យា​ថា​៖ ‹ខ្ញុំ​នឹង​លែង​នឹក​ចាំ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ត​ទៅ​ទៀត›។ (​យេ. ៣១:៣៤​) នេះ​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​នឹង​មិន​នឹក​ឃើញ​ម្ដង​ទៀត​អំពី​អំពើ​ខុស​ឆ្គង​ដែល​លោក​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ទេ។ ដូច្នេះ សូម​កុំ​ចាត់​ទុក​ថា​លទ្ធផល​មិន​ល្អ​ដែល​មក​ពី​កំហុស​របស់​អ្នក​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ព្រះ​មិន​បាន​អភ័យ​ទោស​ឲ្យ​អ្នក​ឡើយ។ ម្យ៉ាង​ទៀត សូម​កុំ​ខឹង​ខ្លួន​ឯង​ដោយ​សារ​កំហុស​របស់​អ្នក​ប្រហែល​ជា​ដាក់​កម្រិត​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ​ក្នុង​កិច្ច​បម្រើ​លោក។ ព្រះ​យេហូវ៉ា​មិន​តែង​តែ​គិត​អំពី​អំពើ​ខុស​ឆ្គង​របស់​អ្នក​ទេ ហើយ​អ្នក​ក៏​មិន​គួរ​ធ្វើ​ដូច្នេះ​ដែរ។—សូម​អាន យ៉ូហាន​ទី១ ៣:១៩, ២០

ចូរ​រត់​ឲ្យ​បាន​រង្វាន់

១៦. តើ​យើង​ត្រូវ​ទទួល​ស្គាល់​អ្វី​កាល​ដែល​យើង​រត់​ប្រណាំង?

១៦ កាល​ដែល​យើង​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត យើង​ត្រូវ​«​រត់​យ៉ាង​ណា​ឲ្យ​បាន​រង្វាន់​»។ (​១កូ. ៩:២៤​) យើង​អាច​ធ្វើ​ដូច្នេះ បើ​យើង​ទទួល​ស្គាល់​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​យើង​ត្រូវ​រែក​ពុន និង​អ្វី​ដែល​យើង​ត្រូវ​លះ​ចោល។ ក្នុង​អត្ថបទ​នេះ យើង​បាន​ពិចារណា​អ្វី​តែ​មួយ​ចំនួន​ដែល​យើង​ត្រូវ​រែក​ពុន និង​អ្វី​ដែល​យើង​ត្រូវ​លះ​ចោល។ ប៉ុន្តែ​មាន​អ្វី​ផ្សេង​ទៀត។ លោក​យេស៊ូ​បាន​បង្ហាញ​ថា​«​ការ​ផឹក​និង​ការ​បរិភោគ​ហួស​ប្រមាណ និង​កង្វល់​អំពី​ជីវិត​»​អាច​ទៅ​ជា​អម្រែក​ដ៏​ធ្ងន់​ចំពោះ​យើង។ (​លូក. ២១:៣៤​) បទ​គម្ពីរ​ទាំង​នេះ​និង​បទ​គម្ពីរ​ឯ​ទៀត​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា​កាល​ដែល​អ្នក​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត។

១៧. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​យើង​នឹង​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត?

១៧ យើង​អាច​ប្រាកដ​ថា​យើង​នឹង​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត ដោយ​សារ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ។ (​អេ. ៤០:២៩​-​៣១​) ដូច្នេះ សូម​កុំ​បន្ថយ​ល្បឿន​ឡើយ! សូម​យក​តម្រាប់​សាវ័ក​ប៉ូល​ដែល​បាន​ខំ​ប្រឹង​រត់​យ៉ាង​ខ្លាំង​ឲ្យ​បាន​រង្វាន់​ដែល​នៅ​ខាង​មុខ​គាត់។ (​ភី. ៣:១៣, ១៤​) គ្មាន​នរណា​ម្នាក់​អាច​រត់​ជំនួស​អ្នក​ក្នុង​ការ​រត់​ប្រណាំង​នេះ​បាន​ឡើយ ប៉ុន្តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​អាច​ជោគ​ជ័យ​បាន។ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ភារៈ​របស់​ខ្លួន ហើយ​លះ​ចោល​អ្វី​ៗ​ដែល​មិន​ចាំ​បាច់។ (​ចសព. ៦៨:១៩​) ដោយ​មាន​ព្រះ​យេហូវ៉ា​នៅ​ខាង​អ្នក អ្នក​នឹង​អាច​ស៊ូ​ទ្រាំ​ក្នុង​ការ​រត់​ប្រណាំង ហើយ​ទទួល​ជ័យ​ជម្នះ!

ចម្រៀង​លេខ​៦៥ ឈាន​ទៅ​មុខ!

a អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​រត់​ក្នុង​ការ​ប្រណាំង​ឲ្យ​បាន​ជីវិត។ ក្នុង​ការ​រត់​ប្រណាំង​នេះ យើង​ត្រូវ​រែក​ពុន​អ្វី​ខ្លះ​ៗ។ អ្វី​ទាំង​នេះ​រួម​មាន​ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ និង​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង។ ប៉ុន្តែ យើង​ត្រូវ​លះ​ចោល​អ្វី​ធ្ងន់​ណា​ក៏​ដោយ​ដែល​មិន​ចាំ​បាច់ ដែល​អាច​នាំ​ឲ្យ​យើង​បន្ថយ​ល្បឿន។ តើ​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ? អត្ថបទ​នេះ​នឹង​ឆ្លើយ​សំណួរ​នេះ។

b អ្នក​អាច​រក​ឃើញ​ព័ត៌មាន​ក្រោម​ប្រធានបទ​«​អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ​»​ ហើយ​«​ជំនួយ​សម្រាប់​យុវវ័យ​»​នៅ​jw.org/km។ ឧទាហរណ៍​ខ្លះ​អំពី​អត្ថបទ​ដែល​មាន​នៅ​ទី​នោះ​សម្រាប់​គូ​ប្ដី​ប្រពន្ធ​គឺ ​«​ចូរ​ស្មោះ​ត្រង់​ចំពោះ​គ្នា​»​ និង​«​ចាយ​វាយ​ដោយ​ចេះ​គិត​»។ សម្រាប់​ឪពុក​ម្ដាយ​គឺ ​«​ចូរ​បង្រៀន​កូន​អំពី​របៀប​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប​ដោយ​ឈ្លាស​វៃ​»​ និង​«​របៀប​ជួយ​កូន​ឲ្យ​មាន​ពិន្ទុ​ល្អ​នៅ​សាលា​»​ ហើយ​សម្រាប់​យុវវ័យ​គឺ ​«​តើ​ការ​តុបតែង​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ណា​ដែរ?​»​ និង​«​ចុះ​យ៉ាង​ណា​បើ​ខ្ញុំ​ឯកោ?​»។