លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពេលគូអាពាហ៍ពិពាហ៍មើលរូបអាសអាភាស

ពេលគូអាពាហ៍ពិពាហ៍មើលរូបអាសអាភាស
  • «​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ប្ដី​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ម្ដង​ហើយ​ម្ដង​ទៀត​»។

  • «​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ស្អាត​គ្រប់​គ្រាន់ គ្មាន​តម្លៃ ហើយ​ខ្មាស​គេ​»។

  • «​ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ណា​ទាំង​អស់​អំពី​រឿង​នេះ ហើយ​កើត​ទុក្ខ​តែ​ឯង​»។

  • «​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​»។

ពាក្យ​ខាង​លើ​បង្ហាញ​ថា​ប្រពន្ធ​កើត​ទុក្ខ​ខ្លាំង​យ៉ាង​ណា​ពេល​ប្ដី​មើល​រូប​អាសអាភាស។ a ម្យ៉ាង​ទៀត បើ​គាត់​ធ្វើ​ដូច្នេះ​ក្នុង​ទី​កំបាំង​ប្រហែល​ជា​អស់​ជា​ច្រើន​ខែ​ឬ​ច្រើន​ឆ្នាំ ប្រពន្ធ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គាត់​មិន​អាច​ទុក​ចិត្ត​ប្ដី​ទៀត​ទេ។ ប្រពន្ធ​ម្នាក់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​គឺ​ដូច​ជា​ខ្ញុំ​មិន​ស្គាល់​ប្ដី​ខ្ញុំ​ទាល់​តែ​សោះ។ តើ​មាន​អ្វី​ទៀត​ដែល​គាត់​កំពុង​លាក់​បាំង​ខ្ញុំ?​»។

អត្ថបទ​នេះ​បាន​ត្រូវ​រៀប​ចំ​សម្រាប់​ប្រពន្ធ​ដែល​មាន​ប្ដី​មើល​រូប​អាសអាភាស។ b អត្ថបទ​នេះ​នឹង​ពិចារណា​អំពី​គោល​ការណ៍​គម្ពីរ​ដែល​ផ្ដល់​ការ​សម្រាល​ទុក្ខ ពង្រឹង​ទំនុក​ចិត្ត​នាង​ថា​ព្រះ​យេហូវ៉ា​គាំទ្រ​នាង ព្រម​ទាំង​ជួយ​នាង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ច្រើន​ជាង​និង​បន្ត​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ c

តើ​គូ​ដែល​គ្មាន​កំហុស​អាច​ធ្វើ​អ្វី?

ទោះ​ជា​អ្នក​មិន​អាច​គ្រប់​គ្រង​អ្វី​ទាំង​អស់​ដែល​ប្ដី​អ្នក​ធ្វើ​ក្ដី មាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មាន​សេចក្ដី​សុខ​សាន្ត​ច្រើន​ជាង។ សូម​ពិចារណា​ព័ត៌មាន​ខាង​ក្រោម​នេះ។

សូម​កុំ​បន្ទោស​ខ្លួន។ ប្រពន្ធ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ប្ដី​គាត់​មើល​រូប​អាសអាភាស ដោយ​សារ​នាង​មាន​កំហុស​ណា​មួយ។ បង​ស្រី​អាល្លីស d​មាន​អារម្មណ៍​ថា​គាត់​មិន​ស្អាត​គ្រប់​គ្រាន់​ឲ្យ​ប្ដី​ពេញ​ចិត្ត ហើយ​ឆ្ងល់​ថា ‹ហេតុ​អី​បាន​ជា​ប្ដី​ខ្ញុំ​ចូល​ចិត្ត​មើល​ស្ត្រី​ផ្សេង​ជា​ជាង​ខ្ញុំ?›។ ប្រពន្ធខ្លះបន្ទោសខ្លួនចំពោះប្រតិកម្មរបស់ពួកគេ ដោយគិតថា​ពួកគេកំពុងធ្វើឲ្យស្ថានភាពនោះកាន់តែពិបាក។ បង​ស្រី​ដាញែលនិយាយ​ថា​៖​«​ខ្ញុំ​ចាត់​ទុក​ខ្លួន​ថា​ជា​ស្ត្រី​ជូរ​ចត់​ដែល​កំពុង​បង្ខូច​អាពាហ៍ពិពាហ៍​របស់​យើង​ដោយ​សារ​ខ្ញុំ​ខឹង​»។

បើ​អ្នក​មាន​អារម្មណ៍​ស្រដៀង​នឹង​នេះ សូម​ដឹង​ថា​អ្នក​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​នឹង​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ប្ដី​ទេ។ យ៉ាកុប ១:១៤​ចែង​ថា​៖ ​«​មនុស្ស​ម្នាក់​ៗ​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម​»។ (​រ៉ូម ១៤:១២; ភី. ២:១២​) ជា​ជាង​បន្ទោស​អ្នក ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ភក្ដី​ភាព​របស់​អ្នក​នឹង​លោក។—២ប្រ. ១៦:៩

គឺ​ជា​ការ​ល្អ​ឲ្យ​យល់​ថា​ការ​ដែល​ប្ដី​មើល​រូប​អាសអាភាស មិន​មាន​ន័យ​ថា​ប្រពន្ធ​គឺ​មិន​ស្អាត​គ្រប់​គ្រាន់​ឲ្យ​ប្ដី​ពេញ​ចិត្ត​ទេ។ អ្នក​ជំនាញ​ខាង​រឿង​នេះ​លើក​បញ្ជាក់​ថា ការ​មើល​រូប​អាសអាភាស​នាំ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​ផ្លូវ​ភេទ​ដែល​គ្មាន​ស្ត្រី​ណា​អាច​បំពេញ​បាន។

ចូរ​ជៀស​វាង​ពី​ការ​ព្រួយ​បារម្ភ​ហួស​ហេតុ​ពេក។ បង​ស្រី​កេតរ៉ឹន​និយាយ​ថា ការ​ព្រួយ​បារម្ភ​ថា​ប្ដី​គាត់​មើល​រូប​អាសអាភាស​បាន​គ្រប​ដណ្ដប់​លើ​ជីវិត​របស់​គាត់​ទាំង​មូល។ បង​ស្រី​ហ្វ្រានស៊ីស​និយាយ​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ពេល​ណា​ដែល​ខ្ញុំ​បាត់​ប្ដី​មិន​ដឹង​ទៅ​ណា។ ខ្ញុំ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពេញ​មួយ​ថ្ងៃ​»។ ប្រពន្ធ​ឯ​ទៀត​និយាយ​ថា​ពួក​គេ​មាន​អារម្មណ៍​អៀន​ខ្មាស ពេល​ពួក​គេ​នៅ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រហែល​ជា​ដឹង​អំពី​បញ្ហា​ដែល​ប្ដី​របស់​ពួក​គេ​មាន។ រីឯ​ប្រពន្ធ​ឯ​ទៀត​សារភាព​ថា​ពួក​គេ​មាន​អារម្មណ៍​ឯកោ ដោយ​សារ​ពួក​គេ​គិត​ថា​គ្មាន​អ្នក​ណា​យល់​អំពី​ស្ថានភាព​របស់​ពួក​គេ​ទេ។

អារម្មណ៍​ទាំង​នេះ​គឺ​ធម្មតា។ ប៉ុន្តែ បើ​អ្នក​ចេះ​តែ​គិត​អំពី​អ្វី​ទាំង​នេះ អ្នក​នឹង​កាន់​តែ​ខ្វល់​ចិត្ត។ ផ្ទុយ​ទៅ​វិញ សូម​ព្យាយាម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​វិញ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង។—ចសព. ៦២:២; អេភ. ៦:១០

អ្នក​ប្រហែល​ជា​ទទួល​ប្រយោជន៍​ពី​ការ​អាន​និង​រំពឹង​គិត​អំពី​កំណត់​ហេតុ​គម្ពីរ​ស្ដី​អំពី​ស្ត្រី​ដែល​មាន​ទុក្ខ​លំបាក ដែល​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ លោក​មិន​តែង​តែ​ដក​បញ្ហា​របស់​ពួក​គេ​ចេញ​ទេ ប៉ុន្តែ​លោក​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត។ ជា​ឧទាហរណ៍ ហាណា​«​ជូរ​ចត់​ក្នុង​ចិត្ត​ខ្លាំង​ណាស់​»​ចំពោះ​ស្ថានភាព​របស់​គាត់។ ប៉ុន្តែ ក្រោយ​ពី​គាត់​«​អធិដ្ឋាន​យ៉ាង​យូរ​ទៅ​ព្រះ​យេហូវ៉ា​»​ គាត់​មាន​សេចក្ដី​សុខ​សាន្ត ទោះ​ជា​គាត់​មិន​ទាន់​ដឹង​ថា​ស្ថានភាព​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ក្ដី។—១សាំ. ១:១០, ១២, ១៨; ២កូ. ១:៣, ៤

ទាំង​ប្ដី​ទាំង​ប្រពន្ធ​ប្រហែល​ជា​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ

ចូរ​ស្វែង​រក​ការ​គាំទ្រ​ពី​ពួក​អ្នក​ចាស់​ទុំ។ ពួក​គេ​អាច​ជា​«​ទី​បាំង​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ពី​ព្យុះ​ភ្លៀង​»។ (​អេ. ៣២:២​) ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​អាច​លើក​ឈ្មោះ​របស់​បង​ប្អូន​ស្រី​ណា​ម្នាក់​ដែល​អ្នក​អាច​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ​ដោយ​អស់​ពី​ចិត្ត ហើយ​ដែល​អាច​សម្រាល​ទុក្ខ​អ្នក។—សុភ. ១៧:១៧

តើ​អ្នក​អាច​ជួយ​គាត់​ឬ​ទេ?

តើ​អ្នក​អាច​ជួយ​ប្ដី​អ្នក​ឲ្យ​យក​ឈ្នះ​ទម្លាប់​របស់​គាត់​ក្នុង​ការ​មើល​រូប​អាសអាភាស​ឬ​ទេ? ប្រហែល​ជា​អាច។ គម្ពីរ​បញ្ជាក់​ថា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ឬ​ក្នុង​ការ​ត​យុទ្ធ​ប្រឆាំង​នឹង​សត្រូវ​ដ៏​ខ្លាំង​ក្លា ​«​មាន​គ្នា​ពីរ​នាក់​ប្រសើរ​ជាង​នៅ​តែ​ឯង​»។ (​អទ. ៤:៩​-​១២​) អ្នក​ជំនាញ​បាន​រក​ឃើញ​ថា​ពេល​ប្ដី​ប្រពន្ធ​សហការ​គ្នា ប្ដី​ច្រើន​តែ​អាច​យក​ឈ្នះ​ការ​ញៀន​មើល​រូប​អាសអាភាស ហើយ​ប្រពន្ធ​អាច​រៀន​ទុក​ចិត្ត​ប្ដី​ឡើង​វិញ​បាន។

ពិត​មែន​ថា នេះ​នឹង​អាស្រ័យ​លើ​គូ​របស់​អ្នក​ថា​តើ​គាត់​សុខ​ចិត្ត​ខំ​ព្យាយាម ហើយ​ថា​តើ​គាត់​ចង់​ឈប់​មើល​រូប​អាសអាភាស​ឬ​ទេ? តើ​គាត់​បាន​អង្វរ​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា ហើយ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ឬ​ទេ? (​២កូ. ៤:៧; យ៉ា. ៥:១៤, ១៥​) តើ​គាត់​មាន​គម្រោង​ជួយ​ខ្លួន​ឯង​ឲ្យ​ជៀស​ពី​ការ​មើល​រូប​អាសអាភាស​ឬ? ជា​ឧទាហរណ៍ តើ​គាត់​ដាក់​កម្រិត​លើ​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក​របស់​គាត់ ហើយ​តើ​គាត់​ជៀស​វាង​ពី​ស្ថានភាព​ដែល​អាច​មាន​ការ​ល្បង​ល​ឬ​ទេ? (​សុភ. ២៧:១២​) តើ​គាត់​សុខ​ចិត្ត​ទទួល​ជំនួយ​ពី​អ្នក ហើយ​មិន​លាក់​អ្វី​ពី​អ្នក​ឬ? បើ​ដូច្នេះ អ្នក​ប្រហែល​ជា​អាច​ជួយ​គាត់​បាន។

តើ​តាម​របៀប​ណា? សូម​គិត​អំពី​ឧទាហរណ៍​មួយ។ បង​ស្រី​ហ្វេលីហ្ស៊េ​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ប្រុស​អ៊ីថាន​ដែល​បាន​ញៀន​មើល​រូប​អាសអាភាស​ពេល​ដែល​គាត់​នៅ​ក្មេង។ បង​ហ្វេលីហ្ស៊េ​ធ្វើ​ឲ្យ​ប្ដី​នាង​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ​នាង​ពេល​ដែល​គាត់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​មើល​រូប​អាសអាភាស។ បង​អ៊ីថាន​ពន្យល់​ថា​៖ ​«​ខ្ញុំ​និយាយ​ដោយ​ស្មោះ​និង​ដោយ​ឥត​លាក់​លៀម​ជា​មួយ​ប្រពន្ធ​ខ្ញុំ។ គាត់​ជួយ​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​ឲ្យ​ជៀស​វាង​ពី​ការ​ល្បួង ហើយ​សួរ​ខ្ញុំ​ជា​ទៀង​ទាត់​ថា តើ​ខ្ញុំ​យ៉ាង​ណា​ដែរ? គាត់​ក៏​ជួយ​ខ្ញុំ​ឲ្យ​ដាក់​កម្រិត​លើ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​»។ បង​ហ្វេលីហ្ស៊េ​ច្បាស់​ជា​ឈឺ​ចិត្ត ដោយ​សារ​បង​អ៊ីថាន​ចាប់​ចិត្ត​នឹង​រូប​អាសអាភាស។ នាង​និយាយ​ថា​៖ ​«​ប៉ុន្តែ កំហឹង​និង​ការ​ឈឺ​ចិត្ត​របស់​ខ្ញុំ​មិន​ជួយ​គាត់​ឲ្យ​បន្ត​ជៀស​វាង​ពី​ទម្លាប់​អាក្រក់​នេះ​ទេ។ ក្រោយ​ពី​យើង​ពិភាក្សា​គ្នា​អំពី​ការ​ពិបាក​របស់​គាត់ គាត់​ប្រុង​ប្រៀប​ជួយ​ខ្ញុំ​ឲ្យ​ឈប់​ឈឺ​ចិត្ត​»។

ការ​ពិភាក្សា​បែប​នេះ​មិន​គ្រាន់​តែ​អាច​ជួយ​ប្ដី​ឲ្យ​ជៀស​វាង​ពី​ការ​មើល​រូប​អាសអាភាស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ប្រពន្ធ​គាត់​ឲ្យ​ទុក​ចិត្ត​គាត់​ម្ដង​ទៀត​ដែរ។ បើ​ប្ដី​សុខ​ចិត្ត​ប្រាប់​ប្រពន្ធ​អំពី​ចំណុច​ខ្សោយ​របស់​គាត់ កន្លែង​ណា​ដែល​គាត់​នឹង​ទៅ និង​អ្វី​ដែល​គាត់​កំពុង​ធ្វើ នោះ​គឺ​ស្រួល​ជាង​ឲ្យ​ប្រពន្ធ​ទុក​ចិត្ត​គាត់ ព្រោះ​គាត់​លែង​លាក់​បាំង​អ្វី​ទៀត​ពី​នាង។

តើ​អ្នក​ជឿ​ជាក់​ថា​អ្នក​អាច​ជួយ​ប្ដី​របស់​អ្នក​តាម​របៀប​ស្រដៀង​នេះ​ឬ​ទេ? បើ​ដូច្នេះ អ្នក​ប្រហែល​ជា​អាច​អាន​និង​ពិភាក្សា​អត្ថបទ​នេះ​ជា​មួយ​គ្នា។ គោល​ដៅ​របស់​គាត់​គឺ​ឈប់​មើល​រូប​អាសអាភាស ហើយ​ផ្ដល់​ហេតុ​ឲ្យ​អ្នក​ទុក​ចិត្ត​គាត់។ ជា​ជាង​ខឹង​អ្នក​ដោយ​សារ​អ្នក​ចង់​និយាយ​អំពី​បញ្ហា​នេះ គាត់​គួរ​តែ​ព្យាយាម​យល់​ថា​តើ​បញ្ហា​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក។ គោល​ដៅ​របស់​អ្នក​គឺ​ជួយ​គាំទ្រ​ការ​ខំ​ប្រឹង​របស់​គាត់ ហើយ​ផ្ដល់​ឱកាស​ឲ្យ​គាត់​ធ្វើ​ឲ្យ​អ្នក​ទុក​ចិត្ត​គាត់​ឡើង​វិញ។ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ស្វែង​យល់​អំពី​អ្វី​ដែល​បង្ក​ឲ្យ​មនុស្ស​ចង់​មើល​រូប​អាសអាភាស និង​របៀប​ដែល​អាច​យក​ឈ្នះ​បញ្ហា​នោះ។ e

បើ​អ្នក​ខ្លាច​ថា​អ្នក​និង​គូ​របស់​អ្នក​នឹង​មិន​អាច​និយាយ​គ្នា​ស្រួលបួល​អំពី​រឿង​នេះ សូម​គិត​អំពី​ការ​សុំ​អ្នក​ចាស់​ទុំ​ណា​ម្នាក់​ដែល​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ស្រួល ឲ្យ​ចូល​រួម​ជា​មួយ​សម្រាប់​មួយ​រយៈ​ពេល​កាល​ដែល​ពិភាក្សា​អំពី​ស្ថានភាព​នោះ។ សូម​យល់​ថា​ទោះ​ជា​ក្រោយ​ពី​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​បាន​យក​ឈ្នះ​នឹង​ការ​ញៀន​មើល​រូប​អាសអាភាស​ក្ដី ប្រហែល​ជា​នឹង​ត្រូវ​ការ​ពេល​យូរ​មុន​អ្នក​អាច​ទុក​ចិត្ត​គាត់​ម្ដង​ទៀត។ សូម​កុំ​ឈប់​ព្យាយាម។ សូម​រក​មើល​ចំណុច​ល្អ​ជាង​តិច​តួច​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ សូម​សង្ឃឹម​ថា​យូរ​ៗ​ទៅ បើ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​អត់​ធ្មត់ នៅ​ទី​បំផុត​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​ទៅ​ជា​រឹង​មាំ​ម្ដង​ទៀត។—អទ. ៧:៨; ១កូ. ១៣:៤

ចុះ​បើ​គាត់​នៅ​តែ​បន្ត?

បើ​ប្ដី​របស់​អ្នក​មើល​រូប​អាសអាភាស​ម្ដង​ទៀត​ក្រោយ​ពី​ជៀស​វាង​អស់​មួយ​រយៈ​ពេល តើ​នេះ​មាន​ន័យ​ថា​គាត់​មិន​ប្រែ​ចិត្ត​ឬ​ថា​គាត់​នឹង​មិន​អាច​ផ្ដាច់​ទម្លាប់​នេះ​បាន​ឬ? មិន​តែង​តែ​ដូច្នេះ​ទេ។ ជា​ពិសេស បើ​គាត់​ញៀន​មើល​រូប​អាសអាភាស គាត់​ប្រហែល​ជា​ត្រូវ​ត​យុទ្ធ​នឹង​បញ្ហា​នេះ​អស់​មួយ​ជីវិត​របស់​គាត់។ គាត់​ប្រហែល​ជា​ថែម​ទាំង​នឹង​មើល​រូប​អាសអាភាស​នោះ​ម្ដង​ទៀត​ក្រោយ​ពី​ឈប់​អស់​ជា​ច្រើន​ឆ្នាំ។ ដើម្បី​ការ​ពារ​មិន​ឲ្យ​នេះ​កើត​ឡើង គាត់​នឹង​ត្រូវ​ដាក់​ព្រំ​ដែន​ការ​ពារ​ចំពោះ​ខ្លួន​ឯង​ថែម​ទៀត ហើយ​ប្រហែល​ជា​នៅ​តែ​តឹង​រ៉ឹង​ចំពោះ​ខ្លួន​ទោះ​ជា​បញ្ហា​នោះ​មើល​ទៅ​បាត់​ទៅ​ហើយ​ក្ដី។ (​សុភ. ២៨:១៤; ម៉ាថ. ៥:២៩; ១កូ. ១០:១២​) គាត់​នឹង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​‹គំនិត​ថ្មី​ដែល​បន្ត​កាន់​កាប់›​គាត់ ហើយ​រៀន​ឲ្យ​«​ស្អប់​អ្វី​ដែល​អាក្រក់​»​ ពោល​គឺ​រូប​អាសអាភាស ព្រម​ទាំង​ការ​ប្រព្រឹត្ត​មិន​ស្អាត​ស្អំ​ណា​ទៀត​ដែល​ជាប់​ទាក់​ទង​នឹង​នេះ ដូច​ជា​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ។ (​អេភ. ៤:២៣; ចសព. ៩៧:១០; រ៉ូម ១២:៩​) តើ​គាត់​សុខ​ចិត្ត​ខំ​ព្យាយាម​ធ្វើ​អ្វី​ទាំង​នោះ​ទេ? បើ​ដូច្នេះ គាត់​ប្រហែល​ជា​អាច​នឹង​ផ្ដាច់​ទម្លាប់​នេះ​បាន។ f

សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា

ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​គូ​របស់​អ្នក​មិន​ចង់​យក​ឈ្នះ​បញ្ហា​របស់​គាត់? ជា​ញឹក​ញយ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ត្រូវ​គេ​ក្បត់ ខឹង និង​ខក​ចិត្ត។ សូម​ស្វែង​រក​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ដោយ​ទុក​រឿង​នោះ​ទៅ​ព្រះ​យេហូវ៉ា។ (​១ពេ. ៥:៧​) សូម​បន្ត​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​សិក្សា ការ​អធិដ្ឋាន និង​ការ​រំពឹង​គិត។ ពេល​អ្នក​ធ្វើ​ដូច្នេះ សូម​មាន​ទំនុក​ចិត្ត​ថា​លោក​ក៏​ចូល​មក​កាន់​តែ​ជិត​អ្នក​ដែរ។ ដូច​បាន​ចែង​នៅ​អេសាយ ៥៧:១៥ លោក​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មាន​«​ចិត្ត​ខ្ទេច​ខ្ទាំ​និង​ធ្លាក់​ទឹក​ចិត្ត​»​ ហើយ​ឲ្យ​ពួក​គេ​មាន​អំណរ​ឡើង​វិញ។ សូម​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ជា​គ្រិស្ត​សាសនិក​ដ៏​ល្អ។ សូម​ស្វែង​រក​ការ​គាំទ្រ​ពី​ពួក​អ្នក​ចាស់​ទុំ។ ម្យ៉ាង​ទៀត សូម​បន្ត​សង្ឃឹម​ថា​នៅ​ថ្ងៃ​ណា​មួយ​ប្ដី​របស់​អ្នក​ប្រហែល​ជា​នឹង​កែ​ប្រែ​យ៉ាង​អស់​ពី​ចិត្ត។—រ៉ូម ២:៤; ២ពេ. ៣:៩

a ពាក្យ​«​រូប​អាសអាភាស​»​សំដៅ​លើ​វីដេអូ រូប​ភាព សារ និង​សំឡេង​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​អ្នក​មើល អ្នក​អាន ឬ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ស្រើប​ស្រាល។

b ដើម្បី​ស្រួល​យល់ ក្នុង​អត្ថបទ​នេះ​យើង​នឹង​ចាត់​ទុក​ប្ដី​ថា​ជា​អ្នក​ដែល​មើល​រូប​អាសអាភាស។ ប៉ុន្តែ គោល​ការណ៍​ជា​ច្រើន​ដែល​មាន​ក្នុង​អត្ថបទ​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ចំពោះ​ប្ដី​ដែល​មាន​ប្រពន្ធ​មើល​រូប​អាសអាភាស។

c ការ​មើល​រូប​អាសអាភាស​មិន​មែន​ជា​ហេតុ​ឲ្យ​លែង​លះ​គ្នា​ស្រប​តាម​គម្ពីរ​ទេ។—ម៉ាថ. ១៩:៩

d ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

e នៅ​ក្នុង​គេហទំព័រ​jw.org/km និង​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង មាន​ព័ត៌មាន​ដែល​អាច​ជួយ។ ជា​ឧទាហរណ៍ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​រូប​អាសអាភាស​អាច​បំបាក់​បំបែក​អាពាហ៍ពិពាហ៍​របស់​អ្នក​»​ក្នុង​គេហទំព័រ​jw.org/km និង​«​អ្នក​អាច​យក​ឈ្នះ​ការ​ល្បួង!​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤ ទំ.៧​-​៩ ព្រម​ទាំង​អត្ថបទ​«​រូប​អាសអាភាស តើ​មាន​គ្រោះ​ថ្នាក់​ឬ​គ្មាន​គ្រោះ​ថ្នាក់?​»​ ពី​ទស្សនាវដ្ដី​ប៉ម​យាម ឆ្នាំ​២០១៣ (​brwp១៣០៨០១​)។

f ដោយ​សារ​ការ​មើល​រូប​អាសអាភាស​អាច​ធ្វើ​ឲ្យ​ញៀន ប្ដី​ប្រពន្ធ​ខ្លះ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ទៅ​ជួប​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ទទួល​ជំនួយ​បន្ថែម​ពី​លើ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។