លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត​ត​ទៅ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​តាម​របៀប​ណា​អត្ថបទ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មិថុនា ឆ្នាំ​២០២០​បាន​ពន្យល់​ច្បាស់​ជាង​អំពី​ជំនឿ​របស់​យើង​ស្ដី​អំពី​នាម​របស់​ព្រះ​យេហូវ៉ា​និង​សិទ្ធិ​គ្រប់​គ្រង​របស់​លោក?

ក្នុង​អត្ថបទ​នោះ យើង​បាន​រៀន​ថា​មាន​តែ​រឿង​ដ៏​សំខាន់​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​មនុស្សជាតិ​និង​ទេវតា​ទាំង​អស់។ រឿង​នោះ​គឺ ការ​ធ្វើ​ឲ្យ​នាម​ដ៏​ឧត្ដម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​របៀប​គ្រប់​គ្រង​របស់​លោក គឺ​ល្អ​បំផុត​ជា​ផ្នែក​នៃ​រឿង​ដ៏​សំខាន់​នោះ។ ស្រដៀង​គ្នា​ដែរ ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​មនុស្ស​ក៏​ជា​ផ្នែក​មួយ​ទៀត​នៃ​រឿង​ដ៏​សំខាន់​នោះ​ដែរ។

ហេតុ​អ្វី​នៅ​ឥឡូវ​នេះ​យើង​បញ្ជាក់​ថា​រឿង​ដ៏​សំខាន់​បំផុត​គឺ​អំពី​នាម​របស់​ព្រះ​យេហូវ៉ា​និង​ការ​ធ្វើ​ឲ្យ​នាម​នោះ​បាន​បរិសុទ្ធ? សូម​យើង​ពិចារណា​មូលហេតុ​បី។

សាថាន​បាន​បង្កាច់​បង្ខូច​នាម​របស់​ព្រះ​តាំង​ពី​ការ​បះ​បោរ​នៅ​សួន​អេដែន

ទី​១ សាថាន​បាន​បង្ខូច​នាម​ឬ​កេរ្តិ៍​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​ក្នុង​សួន​អេដែន។ សាថាន​បាន​និយាយ​ទៅ​អេវ៉ា​ថា​៖ ​«​តើ​ព្រះ​ពិត​ជា​មាន​ប្រសាសន៍​ថា អ្នក​មិន​ត្រូវ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​ក្នុង​សួន​នេះ​មែន​ឬ?​»។ (​ដក. ៣:១​) សំណួរ​ដែល​សាថាន​បាន​សួរ​អេវ៉ា​បង្កប់​អត្ថន័យ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​កំណាញ់​ដែល​តឹង​រ៉ឹង​ពេក​លើ​រាស្ត្រ​លោក។ រួច​មក ពេល​សាថាន​បាន​និយាយ​ផ្ទុយ​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍ វា​ហាក់​ដូច​ជា​ហៅ​ព្រះ​យេហូវ៉ា​ថា​អ្នក​ភូត​កុហក។ ដូច្នេះ វា​បាន​បង្កាច់​បង្ខូច​នាម​របស់​ព្រះ​យេហូវ៉ា។ វា​បាន​ទៅ​ជា​«​មេ​កំណាច​»​ដែល​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»។ (​យ៉ូន. ៨:៤៤​) ដោយ​សារ​អេវ៉ា​បាន​ជឿ​ពាក្យ​កុហក​របស់​សាថាន នាង​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ ហើយ​នេះ​បង្ហាញ​ថា​នាង​បះ​បោរ​ប្រឆាំង​នឹង​សិទ្ធិ​គ្រប់​គ្រង​របស់​លោក។ (​ដក. ៣:២​-​៦​) រហូត​ដល់​សព្វ​ថ្ងៃ​នេះ សាថាន​បង្កាច់​បង្ខូច​នាម​ព្រះ​ដោយ​ផ្សាយ​ពាក្យ​កុហក​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។ ពួក​អ្នក​ដែល​ជឿ​ពាក្យ​កុហក​បែប​នោះ​ទំនង​ជា​ងាយ​ស្រួល​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ដូច្នេះ​ចំពោះ​រាស្ត្រ​ព្រះ ការ​បង្កាច់​បង្ខូច​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អំពើ​អយុត្តិធម៌​បំផុត។ នេះ​គឺ​ជា​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​និង​អំពើ​ទុច្ចរិត​ជា​ច្រើន​ក្នុង​ពិភព​លោក។

ទី​២ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត លោក​តាំង​ចិត្ត​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​លោក។ នេះ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ញែក​នាម​ដ៏​ឧត្ដម​របស់​ខ្ញុំ​ជា​បរិសុទ្ធ​»។ (​អេគ. ៣៦:២៣​) ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​លើក​បញ្ជាក់​អំពី​រឿង​ដែល​គួរ​តែ​សំខាន់​បំផុត​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទាំង​អស់ ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថ. ៦:៩​) គម្ពីរ​លើក​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សារៈ​សំខាន់​នៃ​ការ​លើក​តម្កើង​នាម​របស់​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​ឧទាហរណ៍​ខ្លះ​ៗ​ដូច​ត​ទៅ​នេះ​៖ ​«​ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​នាម​របស់​លោក​»។ (​១ប្រ. ១៦:២៩; ចសព. ៩៦:៨​) ​«​ចូរ​ច្រៀង​សរសើរ​ដល់​នាម​ដ៏​ថ្លៃ​ថ្លា​របស់​លោក​»។ (​ចសព. ៦៦:២​) ​«​ខ្ញុំ​នឹង​លើក​តម្កើង​នាម​របស់​លោក​រហូត​ត​ទៅ​»។ (​ចសព. ៨៦:១២​) ពេល​មួយ​ក្នុង​ចំណោម​ពេល​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌ បាន​កើត​ឡើង​នៅ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម។ នៅ​ពេល​នោះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក​»។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​បាន​លើក​តម្កើង​នាម​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​លើក​តម្កើង​ម្ដង​ទៀត​»។—យ៉ូន. ១២:២៨ a

ទី​៣ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ជាប់​ទាក់​ទង​នឹង​នាម​របស់​លោក ឬ​កេរ្តិ៍​ឈ្មោះ​របស់​លោក។ សូម​គិត​អំពី​សារៈ​សំខាន់​នៃ​នាម​របស់​ព្រះ​យេហូវ៉ា ក្រោយ​ពី​មាន​ការ​សាក​ល្បង​ចុង​ក្រោយ​នៅ​ដំណាច់​នៃ​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ តើ​ទេវតា​និង​មនុស្ស​ទាំង​អស់​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​នោះ? ដើម្បី​ជួយ​យើង​ឲ្យ​ឆ្លើយ​សំណួរ​នេះ សូម​យើង​នឹក​ចាំ​អំពី​ចំណុច​ពីរ​ដែល​ជាប់​ទាក់​ទង​នឹង​រឿង​នេះ គឺ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​មនុស្ស និង​សិទ្ធិ​គ្រប់​គ្រង​សកល​លោក។ តើ​មនុស្ស​ដែល​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​នឹង​បន្ត​ជួប​ការ​ពិបាក​ក្នុង​ការ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ឬ​ទេ? មិន​មែន​ទេ។ ព្រោះ​ថា​នៅ​ពេល​នោះ ពួក​គេ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​បាន​ទទួល​ការ​សាក​ល្បង​យ៉ាង​ពេញ​លេញ។ ពួក​គេ​ក៏​បាន​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែរ។ តើ​មនុស្ស​និង​ទេវតា​ត្រូវ​បន្ដ​ពិគ្រោះ​ឬ​ថែម​ទាំង​បែក​បាក់​គ្នា​អំពី​សិទ្ធិ​គ្រប់​គ្រង​សកល​លោក​ឬ​ទេ? មិន​មែន​ទេ។ នៅ​ពេល​នោះ​អស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​នឹង​មាន​សាមគ្គីភាព ហើយ​នឹង​ទទួល​យក​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ចុះ​យ៉ាង​ណា​អំពី​នាម​របស់​ព្រះ​យេហូវ៉ា?

នៅ​ពេល​នោះ នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​រួច​ហើយ គ្មាន​ការ​បង្កាច់​បង្ខូច​ទាល់​តែ​សោះ។ ប៉ុន្តែ នាម​របស់​ព្រះ​យេហូវ៉ា​នឹង​បន្ត​ធ្វើ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​នឹង​ឃើញ​ព្រះ​យេហូវ៉ា​បន្ត​ធ្វើ​អ្វី​ដ៏​អស្ចារ្យ។ សូម​គិត​អំពី​នេះ ដោយ​សារ​លោក​យេស៊ូ​នឹង​ប្រគល់​គ្រប់​ទាំង​អំណាច​ទៅ​ព្រះ​យេហូវ៉ា​វិញ​ដោយ​ចិត្ត​រាប​ទាប ព្រះ​នឹង​«​ធ្វើ​ជា​អ្វី​ៗ​ទាំង​អស់​ដល់​បុគ្គល​គ្រប់​រូប​»។ (​១កូ. ១៥:២៨​) ក្រោយ​ពី​នោះ មនុស្ស​នៅ​លើ​ផែន​ដី​នឹង​មាន​«​សេរី​ភាព​ដ៏​រុង​រឿង​ជា​កូន​ព្រះ​»។ (​រ៉ូម ៨:២១​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​របស់​លោក​ក្នុង​ការ​បង្រួប​បង្រួម​កូន​របស់​លោក​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​ឲ្យ​ទៅ​ជា​ក្រុម​គ្រួសារ​តែ​មួយ។—អេភ. ១:១០

តើ​អ្វី​ទាំង​អស់​នេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី? យើង​ច្បាស់​ជា​នឹង​នៅ​តែ​មាន​បំណង​ចិត្ត​យ៉ាង​ខ្លាំង​ដើម្បី​សរសើរ​នាម​ដ៏​ពីរោះ​របស់​ព្រះ​យេហូវ៉ា។ ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា . . . បាន​ទទួល​ការ​សរសើរ​តម្កើង . . . សូម​ឲ្យ​នាម​ដ៏​ឧត្តុង្គ​ឧត្តម​របស់​លោក​ទទួល​ការ​លើក​តម្កើង​ជា​រៀង​រហូត​»។ (​ចសព. ៧២:១៨, ១៩​) យើង​នឹង​បន្ត​រក​ហេតុ​ថ្មី​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដើម្បី​ធ្វើ​ដូច្នេះ​រហូត​ត​ទៅ។

នាម​របស់​ព្រះ​យេហូវ៉ា​ជា​តំណាង​អ្វី​ទាំង​អស់​អំពី​លោក។ ពេល​យើង​គិត​អំពី​នាម​របស់​លោក យើង​នឹក​ឃើញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក។ (​១យ៉ូន. ៤:៨​) យើង​នឹង​តែង​តែ​នឹក​ចាំ​ថា សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​បង្កើត​យើង ហើយ​ថា​លោក​បាន​ផ្ដល់​គ្រឿង​បូជា​លោះ​ព្រោះ​ស្រឡាញ់ ព្រម​ទាំង​នឹក​ចាំ​ជា​និច្ច​ថា​ការ​គ្រប់​គ្រង​របស់​លោក​គឺ​ប្រកប​ដោយ​ភាព​សុចរិត​និង​សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ យើង​ក៏​នឹង​បន្ត​ទទួល​សេចក្ដី​ស្រឡាញ់​ពី​លោក​ជា​រៀង​រហូត​ដែរ។ យើង​នឹង​ចូល​កាន់​តែ​ជិត​លោក​ជា​បិតា​របស់​យើង ហើយ​ច្រៀង​សរសើរ​តម្កើង​នាម​ដ៏​រុង​រឿង​របស់​លោក​ជា​ដរាប​ត​ទៅ។—ចសព. ៧៣:២៨

a គម្ពីរ​ក៏​បង្ហាញ​ដែរ​ថា​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ផ្សេង​ៗ​«​ដើម្បី​នាម​របស់​លោក​»។ ជា​ឧទាហរណ៍ លោក​ដឹក​នាំ​រាស្ត្រ​របស់​លោក ជួយ​ពួក​គេ សង្គ្រោះ​ពួក​គេ អភ័យ​ទោស​ឲ្យ​ពួក​គេ និង​រក្សា​ការ​ពារ​ជីវិត​ពួក​គេ។ លោក​ធ្វើ​អ្វី​ទាំង​អស់​នេះ​ដើម្បី​នាម​ដ៏​ឧត្ដម​របស់​លោក គឺ​យេហូវ៉ា។—ចសព. ២៣:៣; ៣១:៣; ៧៩:៩; ១០៦:៨; ១៤៣:១១