អត្ថបទសិក្សា ៣១
ចម្រៀងលេខ១២ ព្រះយេហូវ៉ាខ្លាំងក្លាមហិមា
តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីសង្គ្រោះមនុស្សដែលមានភាពខុសឆ្គង?
«ព្រះស្រឡាញ់ពិភពលោកខ្លាំងដល់ម្ល៉េះ បានជាលោកឲ្យបុត្រតែមួយរបស់លោក»។—យ៉ូន. ៣:១៦
ចំណុចផ្ដោត
របៀបដែលព្រះយេហូវ៉ាបានចាត់វិធានការដើម្បីជួយយើងឲ្យតយុទ្ធនឹងការខុសឆ្គង និងរបៀបដែលលោកបើកឱកាសឲ្យយើងទទួលជីវិតដែលគ្មានទីបញ្ចប់ដោយគ្មានការខុសឆ្គង។
១-២. (ក) តើពាក្យខុសឆ្គងមានន័យអ្វី ហើយតើតាមរបៀបណាយើងអាចទទួលជ័យជម្នះលើការខុសឆ្គង? (សូមមើល«ការពន្យល់ពាក្យ»ផងដែរ) (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះនិងក្នុងអត្ថបទផ្សេងទៀតនៃទស្សនាវដ្ដីប៉មយាមលេខនេះ? (សូមមើល«កំណត់ជូនចំពោះអ្នកអាន»ក្នុងលេខនេះផងដែរ)
តើអ្នកចង់ដឹងថាព្រះយេហូវ៉ាស្រឡាញ់អ្នកខ្លាំងប៉ុណ្ណាឬទេ? អ្នកអាចដឹងចម្លើយចំពោះសំណួរនេះ ដោយរៀនអំពីអ្វីដែលលោកបានធ្វើដើម្បីសង្គ្រោះអ្នកពីការខុសឆ្គងនិងសេចក្ដីស្លាប់។ ការខុសឆ្គង aគឺជាសត្រូវដ៏ខ្លាំងក្លាដែលអ្នកមិនអាចច្បាំងឈ្នះដោយខ្លួនអ្នកបានទេ។ យើងទាំងអស់គ្នាធ្វើខុសជារៀងរាល់ថ្ងៃ ហើយយើងស្លាប់ដោយសារមានភាពខុសឆ្គង។ (រ៉ូម ៥:១២) ប៉ុន្តែមានដំណឹងល្អ។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចទទួលជ័យជម្នះលើការខុសឆ្គង។ តាមពិត យើងនឹងទទួលជ័យជម្នះជាមិនខាន!
២ អស់ជាង៦.០០០ឆ្នាំ ព្រះយេហូវ៉ាបានជួយមនុស្សជាតិឲ្យធ្វើជាមិត្តរបស់លោក ទោះជាពួកគេមានភាពខុសឆ្គងក្ដី។ ហេតុអ្វីលោកធ្វើដូច្នោះ? ដោយសារលោកស្រឡាញ់យើង។ ព្រះយេហូវ៉ាស្រឡាញ់មនុស្សតាំងពីពេលដែលលោកបង្កើតពួកគេមកម្ល៉េះ។ យ៉ាងនេះ លោកបានធ្វើអ្វីជាច្រើនដើម្បីជួយយើងពេលយើងធ្វើខុស។ លោកដឹងថាភាពខុសឆ្គងនាំឲ្យយើងស្លាប់ ហើយលោកមិនចង់ឲ្យយើងស្លាប់ទេ។ ផ្ទុយទៅវិញ លោកចង់ឲ្យយើងរស់ជារៀងរហូត។ (រ៉ូម ៦:២៣) នេះជាបំណងចិត្តរបស់លោកចំពោះអ្នកផ្ទាល់ គឺលោកចង់ឲ្យអ្នករស់ជារៀងរហូត។ ក្នុងអត្ថបទនេះយើងនឹងពិចារណាសំណួរបីយ៉ាង៖ (១) តើព្រះយេហូវ៉ាផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់មនុស្សដែលមានភាព ខុសឆ្គង? (២) តើមនុស្សមិនល្អឥតខ្ចោះនៅសម័យគម្ពីរបានធ្វើអ្វីដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត? (៣) តើលោកយេស៊ូបានធ្វើអ្វីដើម្បីសង្គ្រោះមនុស្សពីការខុសឆ្គងនិងសេចក្ដីស្លាប់?
តើព្រះយេហូវ៉ាផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់មនុស្សដែលមានភាពខុសឆ្គង?
៣. តើអ្វីបានកើតឡើងនៅសួនអេដែន?
៣ ពេលព្រះយេហូវ៉ាបង្កើតបុរសស្ត្រីដំបូង លោកចង់ឲ្យពួកគេមានសុភមង្គល។ ដូច្នេះ លោកផ្ដល់លំនៅដ៏ស្រស់ស្អាត អាពាហ៍ពិពាហ៍ និងភារកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ដល់ពួកគេ។ ភារកិច្ចនោះគឺឲ្យពួកគេបង្កើតកូនឲ្យមានពេញពាសលើផែនដី ហើយធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យានដូចសួនអេដែន។ ប៉ុន្តែ លោកបានឲ្យបង្គាប់មួយ ហើយលោកបានព្រមានពួកគេថាបើពួកគេសម្រេចចិត្តមិនធ្វើតាមបង្គាប់នោះ ពួកគេនឹងស្លាប់។ យើងដឹងអំពីអ្វីដែលបានកើតឡើងនៅពេលនោះ។ ទេវតាដ៏អាក្រក់មួយរូបដែលមិនមានសេចក្ដីស្រឡាញ់ចំពោះព្រះនិងចំពោះមនុស្សបានល្បួងអាដាមនិងអេវ៉ាមិនឲ្យស្ដាប់បង្គាប់ព្រះ ហើយពួកគេបានចាញ់ការល្បួងរបស់ទេវតាដ៏អាក្រក់នោះ។ ពួកគេមិនបានទុកចិត្តបិតាដែលមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះពួកគេនោះទេ ហើយថែមទាំងបានប្រព្រឹត្តអំពើខុសឆ្គង។ ដូច្នេះ អ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍បានក្លាយជាការពិតមែន។ ដោយសារអាដាមនិងអេវ៉ាមិនបានស្ដាប់បង្គាប់ព្រះ ចាប់ពីថ្ងៃនោះពួកគេបានរងទុក្ខ គឺពួកគេចាប់ផ្ដើមទៅជាចាស់ ហើយនៅទីបំផុតពួកគេបានស្លាប់។—ដក. ១:២៨, ២៩; ២:៨, ៩, ១៦-១៨; ៣:១-៦, ១៧-១៩, ២៤; ៥:៥
៤. ហេតុអ្វីព្រះយេហូវ៉ាស្អប់ការខុសឆ្គង ហើយតើលោកជួយយើងឲ្យតយុទ្ធនឹងការខុសឆ្គងនោះយ៉ាងដូចម្ដេច? (រ៉ូម ៨:២០, ២១)
៤ ព្រះយេហូវ៉ាបានឲ្យគេកត់ទុកកំណត់ហេតុនេះដើម្បីជាប្រយោជន៍ដល់យើង។ កំណត់ហេតុនេះជួយយើងឲ្យយល់អំពីមូលហេតុដែលព្រះយេហូវ៉ាពិតជាស្អប់ការខុសឆ្គង។ គឺដោយសារការខុសឆ្គងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា ហើយនាំឲ្យយើងស្លាប់។ (អេ. ៥៩:២) សាថានស្អប់ព្រះយេហូវ៉ានិងមនុស្សជាតិ ហេតុនេះហើយបានជាវាល្បួងអាដាមនិងអេវ៉ាឲ្យប្រព្រឹត្តអំពើខុសឆ្គង ហើយវាក៏បន្តល្បួងមនុស្សនៅសព្វថ្ងៃនេះដែរ។ ពេលអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង សាថានទំនងជាគិតថាវាបានរារាំងព្រះយេហូវ៉ាមិនឲ្យសម្រេចគោលបំណងរបស់លោក។ ប៉ុន្តែ វាមិនដឹងថាព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ខ្លាំងប៉ុណ្ណាទេ។ លោកមិនដែលផ្លាស់ប្ដូរគោលបំណងរបស់លោកចំពោះកូនចៅរបស់អាដាមនិងអេវ៉ាឡើយ។ លោកស្រឡាញ់មនុស្សជាតិខ្លាំងណាស់។ ដូច្នេះ ភ្លាមៗក្រោយពីរឿងនោះកើតឡើង លោកបានផ្ដល់សេចក្ដីសង្ឃឹមសម្រាប់មនុស្សទាំងអស់។ (សូមអាន រ៉ូម ៨:២០, ២១) ព្រះយេហូវ៉ាដឹងថាកូនចៅខ្លះរបស់អាដាមនិងអេវ៉ានឹងសម្រេចចិត្តស្រឡាញ់លោកនិងស្ដាប់បង្គាប់លោក។ ក្នុងនាមជាបិតានិងជាអ្នកបង្កើត លោកបើកឱកាសឲ្យពួកគេចូលទៅជិតលោក ហើយសង្គ្រោះពួកគេពីការខុសឆ្គងនិងសេចក្ដីស្លាប់។ តើព្រះយេហូវ៉ាបានធ្វើអ្វី?
៥. តើព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមជាលើកដំបូងដល់មនុស្សជាតិនៅពេលណា? សូមពន្យល់។ (ដើមកំណើត ៣:១៥)
៥ សូមអាន ដើមកំណើត ៣:១៥។ ភ្លាមៗព្រះយេហូវ៉ាបានមានប្រសាសន៍ថាលោកនឹងបំផ្លាញសាថាន ហើយក៏បានផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សជាតិ។ លោកបានប្រាប់ទុកជាមុនថានឹងមាន«ពូជ»មួយដែលនឹងសង្គ្រោះមនុស្សជាតិ។ នៅទីបំផុត ពូជនោះនឹងកិនកម្ទេចសាថាន ហើយដោះស្រាយបញ្ហាដែលសាថានបានបង្កឡើងនៅសួនអេដែន។ (១យ៉ូន. ៣:៨) ប៉ុន្តែ ពូជនោះនឹងត្រូវរងទុក្ខដែរ។ សាថាននឹងចឹកកែងជើងពូជនោះ គឺធ្វើឲ្យពូជនោះស្លាប់។ នោះធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តខ្លាំងណាស់ តែលោកសុខចិត្តឈឺចាប់និងអនុញ្ញាតឲ្យពូជនោះរងទុក្ខដើម្បីសង្គ្រោះមនុស្សពីការខុសឆ្គងនិងសេចក្ដីស្លាប់។
តើមនុស្សមិនល្អឥតខ្ចោះនៅសម័យគម្ពីរបានធ្វើអ្វីដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា?
៦. តើបុរសដែលមានជំនឿដូចជាអេបិលនិងណូអេបានធ្វើអ្វីដើម្បីចូលទៅជិតព្រះយេហូវ៉ា?
៦ ក្នុងប៉ុន្មានសតវត្សរ៍បន្ទាប់មក ព្រះយេហូវ៉ាបានបង្ហាញបន្តិចម្ដងៗឲ្យឃើញកាន់តែច្បាស់អំពីរបៀបដែលមនុស្សមានភាពខុសឆ្គងអាចចូលទៅជិតលោក។ ក្រោយពីមានការបះបោរនៅសួនអេដែន អេបិលដែលជាកូនប្រុសទីពីររបស់អាដាមនិងអេវ៉ាគឺជាមនុស្សដំបូងដែលមានជំនឿលើព្រះយេហូវ៉ា។ អេបិលស្រឡាញ់ព្រះយេហូវ៉ានិងចង់ធ្វើឲ្យលោកពេញចិត្ត ហើយចង់ ចូលទៅជិតលោក។ ដូច្នេះ គាត់បានជូនគ្រឿងបូជាដល់លោក។ ដោយសារអេបិលជាគង្វាល គាត់បានយកកូនចៀមខ្លះមកសម្លាប់ ហើយជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា។ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា? លោក«ពេញចិត្តនឹងអេបិល និងគ្រឿងបូជារបស់គាត់»។ (ដក. ៤:៤) ព្រះយេហូវ៉ាក៏ពេញចិត្តគ្រឿងបូជារបស់មនុស្សឯទៀតដែលស្រឡាញ់លោកនិងទុកចិត្តលោក ដូចជាណូអេជាដើម។ (ដក. ៨:២០, ២១) ដោយសារព្រះយេហូវ៉ាព្រមទទួលគ្រឿងបូជាដូចនេះ លោកបង្ហាញថាមនុស្សដែលមានភាពខុសឆ្គងអាចទទួលការពេញចិត្តពីលោក ហើយចូលទៅជិតលោក។ b
៧. តើយើងរៀនអ្វីពីការដែលអាប្រាហាំសុខចិត្តជូនកូនរបស់គាត់ជាគ្រឿងបូជា?
៧ ព្រះយេហូវ៉ាបានសុំអាប្រាហាំជាបុរសដែលមានជំនឿរឹងមាំឲ្យធ្វើអ្វីមួយដ៏ពិបាកណាស់ ពោលគឺជូនអ៊ីសាកដែលជាកូនប្រុសរបស់គាត់ជាគ្រឿងបូជា។ នេះច្បាស់ជានាំឲ្យអាប្រាហាំឈឺចិត្តខ្លាំងណាស់។ ទោះជាដូច្នោះក៏ដោយ គាត់នៅតែស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ពេលអាប្រាហាំបម្រុងនឹងសម្លាប់កូនគាត់ ព្រះយេហូវ៉ាបានបញ្ឈប់គាត់។ គំរូនេះបង្ហាញអំពីសេចក្ដីពិតដ៏សំខាន់មួយដល់មនុស្សទាំងអស់ដែលមានជំនឿ គឺថាព្រះយេហូវ៉ាសុខចិត្តផ្ដល់បុត្រជាទីស្រឡាញ់របស់លោកជាគ្រឿងបូជា។ ព្រះយេហូវ៉ាពិតជាស្រឡាញ់មនុស្សយ៉ាងខ្លាំង!—ដក. ២២:១-១៨
៨. តើគ្រឿងបូជាផ្សេងៗដែលច្បាប់ម៉ូសេតម្រូវឲ្យជូនបង្ហាញអំពីអ្វី? (ច្បាប់លេវី ៤:២៧-២៩; ១៧:១១)
៨ ប៉ុន្មានសតវត្សរ៍ក្រោយមក ពេលព្រះយេហូវ៉ាផ្ដល់ច្បាប់ដល់បណ្ដាជនអ៊ីស្រាអែល លោកបានប្រាប់ពួកគេឲ្យជូនគ្រឿងបូជាជាសត្វដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ពួកគេ។ (សូមអាន ច្បាប់លេវី ៤:២៧-២៩; ១៧:១១) គ្រឿងបូជាទាំងនេះបង្ហាញទុកជាមុនអំពីគ្រឿងបូជាដ៏ប្រសើរជាងដែលព្រះយេហូវ៉ានឹងផ្ដល់ដើម្បីសង្គ្រោះមនុស្សជាតិឲ្យរួចពីភាពខុសឆ្គង។ អ្នកប្រកាសទំនាយរបស់ព្រះបានពន្យល់ក្រោមការដឹកនាំរបស់លោកថា ពូជដែលបានត្រូវសន្យានឹងត្រូវរងទុក្ខ ហើយត្រូវគេសម្លាប់។ នៅទីបំផុត ពូជនោះបានត្រូវគេស្គាល់ថាជាបុត្រដ៏ពិសិដ្ឋមួយរបស់ព្រះ។ បុត្រនោះបានត្រូវគេសម្លាប់ដូចចៀមដែលគេជូនជាគ្រឿងបូជា។ (អេ. ៥៣:១-១២) ព្រះយេហូវ៉ារៀបចំបុត្រជាទីស្រឡាញ់របស់លោកឲ្យធ្វើជាគ្រឿងបូជា ដើម្បីសង្គ្រោះមនុស្សជាតិ រួមទាំងអ្នកដែរឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ នេះពិតជាអស្ចារ្យណាស់!
តើលោកយេស៊ូបានធ្វើអ្វីដើម្បីសង្គ្រោះមនុស្សជាតិ?
៩. តើយ៉ូហានដែលជាអ្នកជ្រមុជទឹកនិយាយយ៉ាងណាអំពីលោកយេស៊ូ? (ហេប្រឺ ៩:២២; ១០:១-៤, ១២)
៩ នៅឆ្នាំ២៩ គ.ស. យ៉ូហានដែលជាអ្នកជ្រមុជទឹកបានឃើញលោកយេស៊ូពីក្រុងណាសារ៉ែត ហើយនិយាយថា៖ «មើលហ្ន៎! កូនចៀមរបស់ព្រះ ដែលដកយកភាពខុសឆ្គងរបស់ពិភពលោកចេញ!»។ (យ៉ូន. ១:២៩) ពាក្យទាំងនេះបង្ហាញថាលោកយេស៊ូគឺជាពូជដ៏ពិសិដ្ឋដែលព្រះបានសន្យា។ លោកយេស៊ូជូនជីវិតរបស់លោកជាគ្រឿងបូជា។ នៅទីបំផុត ពូជរបស់ព្រះយេហូវ៉ាបានមកដល់ដើម្បីសង្គ្រោះមនុស្សពីការខុសឆ្គង។—សូមអាន ហេប្រឺ ៩:២២; ១០:១-៤, ១២
១០. តើលោកយេស៊ូបានបង្ហាញយ៉ាងណាថាលោកបានមកដើម្បី«ហៅមនុស្ស»ដែលប្រព្រឹត្តអំពើខុសឆ្គង?
១០ លោកយេស៊ូបានយកចិត្តទុកដាក់ជាពិសេសចំពោះពួកអ្នកដែលពិបាកចិត្តដោយសារអំពើខុសឆ្គងរបស់ពួកគេ ហើយលោកបានអញ្ជើញពួកគេឲ្យធ្វើជាអ្នកកាន់តាមលោក។ លោកដឹងថាការខុសឆ្គងជាដើមហេតុនៃបញ្ហាទាំងអស់របស់មនុស្សជាតិ។ ហេតុនេះ លោកបានជួយបុរសស្ត្រីដែលត្រូវគេស្គាល់ថាជាអ្នកប្រព្រឹត្តអំពើខុសឆ្គង។ ដោយប្រើឧទាហរណ៍មួយ លោកបានពន្យល់ថា៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងវិញ»។ (ម៉ាថ. ៩:១២, ១៣) លោកយេស៊ូបានធ្វើដូចពាក្យទាំងនោះមែន។ ពេលដែលស្ត្រីម្នាក់បានផ្សើមជើងរបស់លោកដោយទឹកភ្នែករបស់នាង លោកបាននិយាយទៅកាន់នាងដោយសប្បុរស ហើយបានអភ័យទោសចំពោះការខុសឆ្គងរបស់នាង។ (លូក. ៧:៣៧-៥០) លោកក៏បានបង្រៀនស្ត្រីជនជាតិសាម៉ារីនៅអណ្ដូងទឹកអំពី សេចក្ដីបង្រៀនដ៏សំខាន់ដែរ ទោះបីជាលោកដឹងថានាងមានរបៀបរស់នៅប្រាសចាកសីលធម៌ក៏ដោយ។ (យ៉ូន. ៤:៧, ១៧-១៩, ២៥, ២៦) ព្រះថែមទាំងឲ្យឫទ្ធានុភាពដល់លោកយេស៊ូដើម្បីបំបាត់ចោលសេចក្ដីស្លាប់ ដែលជាលទ្ធផលនៃការខុសឆ្គងទាំងអស់។ តើតាមរបៀបណា? លោកយេស៊ូបានប្រោសមនុស្សស្លាប់ទាំងចាស់ទាំងក្មេង ទាំងប្រុសទាំងស្រីឲ្យរស់ឡើងវិញ។—ម៉ាថ. ១១:៥
១១. ហេតុអ្វីមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងចង់ចូលទៅជិតលោកយេស៊ូ?
១១ យើងអាចយល់អំពីមូលហេតុដែលមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងចង់ចូលទៅជិតលោកយេស៊ូ។ ដោយសារលោកបានបង្ហាញចិត្តអាណិតមេត្តានិងយល់អារម្មណ៍របស់ពួកគេ នោះពួកគេមានអារម្មណ៍ស្រួលចូលទៅជិតលោក។ (លូក. ១៥:១, ២) ម្យ៉ាងទៀត លោកយេស៊ូបានសរសើរបុគ្គលបែបនោះដោយសារពួកគេបានបង្ហាញជំនឿលើលោក ហើយលោកបានប្រព្រឹត្តចំពោះពួកគេដោយសប្បុរស។ (លូក. ១៩:១-១០) លោកយេស៊ូបានទុកគំរូដ៏ល្អឥតខ្ចោះស្ដីអំពីសេចក្ដីមេត្តាករុណារបស់បិតាលោក។ (យ៉ូន. ១៤:៩) តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្តរបស់លោកយេស៊ូ លោកបង្ហាញថាព្រះយេហូវ៉ាមានសេចក្ដីមេត្តាករុណា ហើយថាលោកស្រឡាញ់មនុស្សមិនល្អឥតខ្ចោះ និងចង់ជួយពួកគេ។ លោកយេស៊ូបានជួយមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គងឲ្យមានបំណងចិត្តចង់ផ្លាស់ប្ដូរការប្រព្រឹត្តរបស់ពួកគេនិងចង់ទៅតាមលោក។—លូក. ៥:២៧, ២៨
១២. តើលោកយេស៊ូបានបង្រៀនអ្វីអំពីការស្លាប់របស់លោក?
១២ លោកយេស៊ូដឹងថាលោកនឹងជូនជីវិតជាគ្រឿងបូជា។ លោកក៏ធ្លាប់ប្រាប់អ្នកកាន់តាមលោកថា លោកនឹងត្រូវគេក្បត់ ហើយត្រូវគេព្យួរនៅលើបង្គោល។ (ម៉ាថ. ១៧:២២; ២០:១៨, ១៩) លោកដឹងថា គ្រឿងបូជារបស់លោកនឹងដកយកភាពខុស ឆ្គងរបស់ពិភពលោកចេញ ដូចដែលយ៉ូហាននិងអ្នកប្រកាសទំនាយបានប្រាប់ទុកជាមុន។ លោកយេស៊ូក៏បានបង្រៀនថា ក្រោយពីលោកជូនជីវិតជាគ្រឿងបូជា លោកនឹង«ទាញនាំមនុស្សគ្រប់ប្រភេទ»មកឯលោក។ (យ៉ូន. ១២:៣២) មនុស្សដែលមានភាពខុសឆ្គងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដោយទទួលយកលោកយេស៊ូជាម្ចាស់របស់ពួកគេ និងដោយធ្វើតាមលំអានដានរបស់លោក។ បើពួកគេធ្វើដូច្នេះ នៅទីបំផុតពួកគេនឹង«ត្រូវរំដោះឲ្យរួចពីភាពខុសឆ្គង»។ (រ៉ូម ៦:១៤, ១៨, ២២; យ៉ូន. ៨:៣២) ដូច្នេះ លោកយេស៊ូបានបង្ហាញចិត្តក្លាហាន និងសុខចិត្តស្លាប់តាមរបៀបដ៏ឈឺចាប់ដើម្បីសង្គ្រោះយើង។—យ៉ូន. ១០:១៧, ១៨
១៣. តើលោកយេស៊ូស្លាប់តាមរបៀបណា ហើយតើការស្លាប់របស់លោកបង្រៀនយើងអ្វីអំពីព្រះយេហូវ៉ា? (សូមមើលរូបភាពផងដែរ)
១៣ លោកយេស៊ូបានត្រូវមិត្តជិតស្និទ្ធម្នាក់ក្បត់លោក។ ក្រោយមក សត្រូវរបស់លោកបានចាប់ខ្លួនលោក តិះដៀលលោក និងចោទប្រកាន់លោកចំពោះអ្វីដែលលោកមិនបានធ្វើ។ ពួកគេក៏បានដាក់ទោសលោកថាលោកសមនឹងស្លាប់ ហើយធ្វើទារុណកម្មលោក។ ពួកទាហានបាននាំលោកទៅកន្លែងប្រហារជីវិត ហើយដំដែកគោលព្យួរលោកលើបង្គោល។ កាលដែលលោកស៊ូទ្រាំយ៉ាងស្មោះត្រង់នឹងការឈឺចាប់ទាំងអស់នោះ មានបុគ្គលម្នាក់ដែលឈឺចាប់ជាងនោះទៅទៀត គឺព្រះយេហូវ៉ា។ ទោះជាលោកមានឫទ្ធានុភាពនិងសមត្ថភាពដើម្បីបញ្ឈប់ការឈឺចាប់របស់បុត្រលោកក្ដី លោកមិនបានធ្វើដូច្នោះទេ។ ព្រះយេហូវ៉ាស្រឡាញ់បុត្ររបស់លោកខ្លាំងណាស់ ដូច្នេះ ហេតុអ្វីបានជាលោកអនុញ្ញាតឲ្យបុត្រលោករងទុក្ខនិងស្លាប់? ពីព្រោះព្រះយេហូវ៉ាស្រឡាញ់យើង។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ព្រះស្រឡាញ់ពិភពលោកខ្លាំងដល់ម្ល៉េះ បានជាលោកឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះ អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។—យ៉ូន. ៣:១៦
១៤. តើអ្នករៀនអ្វីពីគ្រឿងបូជារបស់លោកយេស៊ូ?
១៤ គ្រឿងបូជារបស់លោកយេស៊ូជាទីសំអាងដ៏ធំបំផុតថាព្រះយេហូវ៉ាស្រឡាញ់កូនចៅរបស់អាដាមនិងអេវ៉ា ហើយក៏បង្ហាញថាព្រះយេហូវ៉ាស្រឡាញ់អ្នកយ៉ាងខ្លាំងដែរ។ ព្រះយេហូវ៉ាបានផ្ដល់បុត្រជាទីស្រឡាញ់របស់លោកជាគ្រឿងបូជា ហើយស៊ូទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងបំផុតដើម្បីសង្គ្រោះអ្នកពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (១យ៉ូន. ៤:៩, ១០) ពិតមែនហើយ លោកចង់ជួយយើងម្នាក់ៗឲ្យតយុទ្ធនឹងភាពខុសឆ្គង ហើយទទួលជ័យជម្នះ!
១៥. តើយើងត្រូវធ្វើអ្វីដើម្បីទទួលប្រយោជន៍ពីគ្រឿងបូជាលោះរបស់លោកយេស៊ូ?
១៥ អំណោយពីព្រះ ពោលគឺគ្រឿងបូជាលោះនៃបុត្រតែមួយរបស់លោក បើកឱកាសឲ្យយើងទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់យើង។ ប៉ុន្តែ ដើម្បីទទួលការអភ័យទោសពីព្រះ យើងត្រូវធ្វើអ្វីមួយ។ តើនោះគឺជាអ្វី? យ៉ូហានដែលជាអ្នកជ្រមុជទឹក ព្រមទាំងលោកយេស៊ូផ្ទាល់បានផ្ដល់ចម្លើយថា៖ «ចូរប្រែចិត្ត ពីព្រោះរាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ (ម៉ាថ. ៣:១, ២; ៤:១៧) ដូច្នេះ បើយើងចង់ចូលទៅជិតព្រះយេហូវ៉ា និងទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់យើង យើងត្រូវប្រែចិត្ត។ ប៉ុន្តែ តើការប្រែចិត្តរួមបញ្ចូលអ្វីខ្លះ ហើយតើនោះជួយយើងយ៉ាងណាដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ទោះជាយើងមានភាពខុសឆ្គងក្ដី? អត្ថបទសិក្សាបន្ទាប់នឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។
ចម្រៀងលេខ១៨ ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ
a ការពន្យល់ពាក្យ៖ ក្នុងគម្ពីរពាក្យ«ខុសឆ្គង»អាចសំដៅទៅលើការប្រព្រឹត្តខុស គឺមានរបៀបរស់នៅឬការប្រព្រឹត្តដែលមិនស្របតាមខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា។ ពាក្យ«ខុសឆ្គង»ក៏អាចសំដៅទៅលើភាពមិនល្អឥតខ្ចោះឬភាពខុសឆ្គងដែលយើងបានទទួលពីអាដាម។ ភាពខុសឆ្គងដែលយើងបានទទួលនោះនាំឲ្យយើងទាំងអស់គ្នាស្លាប់។