លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា ៣៣

ចម្រៀង​លេខ​១៣០ យើង​ត្រូវ​ចេះ​អភ័យ​ទោស

របៀប​ដែល​ក្រុម​ជំនុំ​បង្ហាញ​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

របៀប​ដែល​ក្រុម​ជំនុំ​បង្ហាញ​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

«​ប្រសិន​បើ​មាន​អ្នក​ណា​ភ្លាត់​ធ្វើ​ខុស​អ្វី​មួយ នោះ​លោក​យេស៊ូ​គ្រិស្ត . . . នឹង​ជួយ​យើង​»។១យ៉ូន. ២:១

ចំណុច​ផ្ដោត

មេ​រៀន​ដែល​យើង​អាច​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្រុម​ជំនុំ​នា​ក្រុង​កូរិនថូស ពេល​បង​ប្អូន​រួម​ជំនឿ​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។

១. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​បាន​អ្វី?

 ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ចិត្ត​សេរី ហើយ​នោះ​ជា​អំណោយ​ពី​លោក។ អ្នក​ប្រើ​អំណោយ​នោះ​ជា​រឿយ​ៗ​ពេល​ដែល​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត។ ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​គឺ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​ធ្វើ​ដូច្នេះ។ ហេតុ​អ្វី? ដោយ​សារ​លោក​ស្រឡាញ់​មនុស្ស ហើយ​ចង់​ឲ្យ​យើង​ទទួល​បាន​អ្វី​ដ៏​ល្អ​បំផុត។ លោក​ចង់​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក ហើយ​រស់​នៅ​ជា​រៀង​រហូត។—បច. ៣០:១៩, ២០; កាឡ. ៦:៧, ៨

២. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត? (​យ៉ូហាន​ទី​១ ២:១​)

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​បម្រើ​លោក​ទេ។ លោក​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់​ៗ​សម្រេច​ចិត្ត​ថា​គាត់​នឹង​ធ្វើ​អ្វី។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​គ្រិស្ត​សាសនិក​ណា​ម្នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​បាន​បំពាន​ច្បាប់​របស់​ព្រះ​ដោយ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? បើ​គាត់​មិន​ប្រែ​ចិត្ត​ទេ គាត់​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ (​១កូ. ៥:១៣​) ប៉ុន្តែ សូម្បី​តែ​ពេល​នោះ ក៏​ព្រះ​យេហូវ៉ា​នៅ​តែ​សង្ឃឹម​ថា​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​នឹង​ត្រឡប់​មក​ឯ​លោក​វិញ។ តាម​ពិត នេះ​គឺ​ជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​លោក​ផ្ដល់​ថ្លៃ​លោះ ពោល​គឺ​ដើម្បី​លោក​អាច​អភ័យទោស​ឲ្យបុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត។ (​សូម​អាន យ៉ូហាន​ទី​១ ២:១) ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ជា​បរិបូរ ហើយ​លោក​ដាស់​តឿន​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ឲ្យ​ប្រែ​ចិត្ត។—សាក. ១:៣; រ៉ូម ២:៤; យ៉ា. ៤:៨

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​នៅ​ក្នុង​អត្ថបទ​នេះ?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​អំពើ​ខុស​ឆ្គង​និង​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។ កាល​ដែល​អ្នក​អាន​អត្ថបទ​នេះ សូម​រក​មើល (​១​) របៀប​ដែល​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស​នា​សតវត្សរ៍​ទី​១​បាន​ប្រព្រឹត្ត​ពេល​មាន​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​កើត​ឡើង (​២​) ការ​ណែនាំ​ដែល​សាវ័ក​ប៉ូល​បាន​ផ្ដល់​ឲ្យ​ពេល​បុគ្គល​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ប្រែ​ចិត្ត ហើយ​(​៣​) អ្វី​ដែល​កំណត់​ហេតុ​នេះ​បង្ហាញ​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​គ្រិស្ត​សាសនិក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។

របៀប​ដែល​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នៅ​សតវត្សរ៍​ទី​១​បាន​ត្រូវ​ដោះ​ស្រាយ

៤. តើ​អ្វី​បាន​កើត​ឡើង​នៅ​ក្រុម​ជំនុំ​ក្រុង​កូរិនថូស​នា​សតវត្សរ៍​ទី​១? (​កូរិនថូស​ទី​១ ៥:១, ២​)

សូម​អាន កូរិនថូស​ទី​១ ៥:១, ២ ក្នុង​អំឡុង​ដំណើរ​លើក​ទី​៣​ជា​សាសនទូត ប៉ូល​បាន​ឮ​ដំណឹង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​អំពី​ក្រុម​ជំនុំ​ថ្មី​នា​ក្រុង​កូរិនថូស។ នៅ​ក្នុង​ក្រុម​ជំនុំ​នោះ មាន​បង​ប្រុស​ម្នាក់​បាន​រួម​ដំណេក​ជា​មួយ​ម្ដាយ​ចុង​របស់​គាត់។ ទង្វើ​បែប​នេះ​គឺ​គួរ​ឲ្យ​ខ្ពើម​រអើម ហើយ​ជា​អំពើ​ដែល​«​សូម្បី​តែ​អ្នក​មិន​ជឿ ក៏​មិន​ប្រព្រឹត្ត​ដែរ​»។ ក្រុម​ជំនុំ​នោះ​មិន​គ្រាន់​តែ​សន្ដោស​ប្រណី​ចំពោះ​ការ​ប្រព្រឹត្ត​នេះ​ទេ តែ​ក៏​ប្រហែល​ជា​ពេញ​ចិត្ត​នឹង​នោះ។ អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​នោះ​ប្រហែល​ជា​គិត​ថា​ពួក​គេ​កំពុង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្សមិន​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ឲ្យ​មាន​អំពើ​ខុស​ឆ្គង​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក​ទេ។ ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​របស់​បុរស​នោះ ទំនង​ជា​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះ​ក្រុម​ជំនុំ។ គាត់​ក៏​ប្រហែល​ជា​មាន​ឥទ្ធិពល​លើ​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​សេព​គប់​ជា​មួយ​គាត់​ដែរ។ ដូច្នេះ តើ​ប៉ូល​បាន​ផ្ដល់​ការ​ណែនាំ​អ្វី​ដល់​ក្រុម​ជំនុំ?

៥. តើ​ប៉ូល​បាន​ប្រាប់​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​គាត់​ចង់​បាន​ន័យ​យ៉ាង​ណា? (​កូរិនថូស​ទី​១ ៥:១៣​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

សូម​អាន កូរិនថូស​ទី​១ ៥:១៣ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​នោះ ហើយ​បាន​ប្រាប់​ថា​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ដែល​មិន​ប្រែ​ចិត្ត​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ។ ដូច្នេះ តើ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គាត់​បន្ទាប់​មក? ប៉ូល​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ឈប់​ទាក់​ទង​»​ជា​មួយ​នឹង​គាត់។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ប៉ូល​បាន​ពន្យល់​ថា​បង្គាប់​នោះ​រួម​បញ្ចូល​ការ​‹មិន​បរិភោគ​ជា​មួយ​នឹង​មនុស្ស​បែប​នោះ​ដែរ›។ (​១កូ. ៥:១១​) ធម្មតា ពេល​យើង​អង្គុយ​បរិភោគ​ជា​មួយ​នឹង​នរណា​ម្នាក់ យើង​ក៏​ចំណាយ​ពេល ហើយ​និយាយ​ជា​មួយ​នឹង​បុគ្គល​នោះ​ដែរ។ ដូច្នេះ ប៉ូល​ចង់​បាន​ន័យ​ថា​ក្រុម​ជំនុំ​មិន​គួរ​សេព​គប់​ជា​មួយ​នឹង​បុរស​នោះ​ទេ។ ការ​ធ្វើ​ដូច្នេះ នឹង​ការ​ពារ​ក្រុម​ជំនុំ​ពី​ឥទ្ធិពល​អាក្រក់​ពី​គាត់។ (​១កូ. ៥:៥​-​៧​) បន្ថែម​ទៅ​ទៀត ការ​ជៀស​វាង​ពី​ការ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​បុរស​នោះ ប្រហែល​ជា​ជួយ​គាត់​ឲ្យ​ដឹង​ថា​គាត់​បាន​ធ្វើ​អ្វី​ដែល​ពិត​ជា​ខុស ហើយ​មាន​អារម្មណ៍​រអៀស​ខ្លួន ព្រម​ទាំង​ជំរុញ​ចិត្ត​គាត់​ឲ្យ​ប្រែ​ចិត្ត។

ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ប៉ូល​បាន​សរសេរ​សំបុត្រ​ឲ្យ​ដក​បុរស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​ចេញ​ពី​ក្រុម​ជំនុំ ​(​សូម​មើល​វគ្គ​៥​)​


៦. តើ​សំបុត្រ​របស់​ប៉ូល​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ក្រុម​ជំនុំ និង​បុគ្គល​ដែល​ធ្វើ​ខុស?

ក្រោយ​ពី​ផ្ញើ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស ប៉ូល​ចាប់​ផ្ដើម​ឆ្ងល់​ថា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​មាន​ប្រតិកម្ម​យ៉ាង​ណា។ ក្រោយ​មក ទីតុស​បាន​ប្រាប់​ប៉ូល​អំពី​ដំណឹង​ដ៏​ល្អ​ថា​ក្រុម​ជំនុំ​មាន​ប្រតិកម្ម​ល្អ​ចំពោះ​សំបុត្រ​របស់​គាត់។ (​២កូ. ៧:៦, ៧​) ពួក​គេ​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​គាត់។ លើស​ពី​នោះ​ទៅ​ទៀត ក្នុង​ប៉ុន្មាន​ខែ​ក្រោយ​ពី​ប៉ូល​បាន​ផ្ញើ​សំបុត្រ​នោះ បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ប្រែ​ចិត្ត! គាត់​បាន​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត និង​ចិត្ត​គំនិត ហើយ​ចាប់​ផ្ដើម​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ (​២កូ. ៧:៨​-​១១​) ដូច្នេះ តើ​ប៉ូល​បាន​ណែនាំ​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​អ្វី​បន្ទាប់​មក?

តើ​ក្រុម​ជំនុំ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​បុគ្គល​ដែល​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង?

៧. តើ​ការ​ដក​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចេញ​ពី​ក្រុម​ជំនុំ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​អ្វី? (​កូរិនថូស​ទី​២ ២:៥​-​៨​)

សូម​អាន កូរិនថូស​ទី​២ ២:៥​-​៨ ប៉ូល​បាន​និយាយ​ថា​៖ ​«​ការ​ប្រដៅ​តម្រង់​ដែល​បុរស​នោះ​បាន​ទទួល​ពី​បង​ប្អូន​ភាគ​ច្រើន គឺ​គ្រប់​គ្រាន់​ហើយ​»។ នេះ​មាន​ន័យ​ថា​ក្រោយ​ពី​បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ គាត់​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ប្រែ​ចិត្ត ហើយ​ដោយ​សារ​បុរស​នោះ​បាន​ប្រែ​ចិត្ត នោះ​ក្រុម​ជំនុំ​មិន​ចាំ​បាច់​បន្ដ​ប្រៀន​ប្រដៅ​គាត់​ទៀត​ទេ។—ហេ. ១២:១១

៨. តើ​ប៉ូល​បាន​ប្រាប់​ក្រុម​ជំនុំ​ឲ្យ​ធ្វើ​អ្វី​បន្ទាប់​មក?

យ៉ាង​នោះ ប៉ូល​បាន​ប្រាប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ថា ពួក​គេ​‹គួរ​តែ​មេត្តា​អភ័យ​ទោស​ឲ្យ​បុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់›។ ពួក​គេ​ក៏​គួរ​«​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា [​ពួក​គេ​]​ស្រឡាញ់​គាត់​»។ សូម​កត់​សម្គាល់​ថា​ប៉ូល​ចង់​ឲ្យ​ក្រុម​ជំនុំ​ធ្វើ​លើស​ពី​ការ​ទទួល​គាត់​ឲ្យ​មក​ក្រុម​ជំនុំ​វិញ។ ប៉ូល​ចង់​ឲ្យ​បង​ប្អូន​ពង្រឹង​ទំនុក​ចិត្ត​បុរស​ដែល​បាន​ប្រែ​ចិត្ត​នោះ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ថា ពួក​គេ​ពិត​ជា​អភ័យ​ទោស​ឲ្យ​គាត់​និង​ស្រឡាញ់​គាត់។ យ៉ាង​នេះ ពួក​គេ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​គេ​ស្វាគមន៍​បុរស​នោះ​ឲ្យ​មក​ក្រុម​ជំនុំ​វិញ។

៩. ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែល​ជា​ស្ទាក់​ស្ទើរ​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​បាន​ប្រែ​ចិត្ត?

តើ​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ស្ទាក់​ស្ទើរ​ស្វាគមន៍​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​នោះ​ឲ្យ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ​ឬ​ទេ? ទោះ​ជា​កំណត់​ហេតុ​ក្នុង​គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​រឿង​នេះ​ក្ដី ប្រហែល​ជា​នេះ​បាន​កើត​ឡើង​មែន។ អ្នក​ខ្លះ​ប្រហែល​ជា​នៅ​តែ​ខឹង​ដែល​បុរស​នោះ​បាន​នាំ​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល​មាន​បញ្ហា ហើយ​បង​ប្អូន​ខ្លះ​ទៀត ប្រហែល​ជា​នៅ​តែ​ឈឺ​ចិត្ត​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​គាត់។ ម្យ៉ាង​ទៀត បង​ប្អូន​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​គឺ​អយុត្តិធម៌​ដែល​ពួក​គេ​បាន​ខំ​ប្រឹង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ តែ​បែរ​ជា​បុរស​នោះ​បាន​ត្រូវ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ទៅ​វិញ។ (​សូម​ពិនិត្យ​បន្ថែម លូកា ១៥:​២៨​-​៣០​) ប៉ុន្តែ ហេតុ​អ្វី​គឺ​សំខាន់​ដែល​ក្រុម​ជំនុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ស្មោះ​ចំពោះ​បុរស​ដែល​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ​នោះ?

១០​-​១១. តើ​អ្វី​អាច​កើត​ឡើង​បើ​ពួក​អ្នក​ចាស់​ទុំ​មិន​ព្រម​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត?

១០ សូម​ស្រមៃ​គិត​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​បើ​ពួក​អ្នក​ចាស់​ទុំ​មិន​អនុញ្ញាត​ឲ្យ​បុរស​ដែល​ពិត​ជា​បាន​ប្រែ​ចិត្ត​នោះ​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ ឬ​ក្រោយ​ពី​គាត់​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ​បង​ប្អូន​មិន​ព្រម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់? នេះ​អាច​នាំ​ឲ្យ​គាត់​«​ព្រួយ​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក​»​ រហូត​ដល់​គិត​ថា​គ្មាន​ថ្ងៃ​ដែល​គាត់​អាច​បម្រើ​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​ទេ។ គាត់​ក៏​ប្រហែល​ជា​ឈប់​ព្យាយាម​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ទៀត​ផង។

១១ អាក្រក់​ជាង​នោះ​ទៅ​ទៀត បើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​មិន​ព្រម​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​ទេ ពួក​គេ​អាច​បាត់​បង់​ចំណង​មិត្តភាព​របស់​ខ្លួន​ជា​មួយ​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នោះ? ដោយ​សារ​ពួក​គេ​មិន​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ការ​អភ័យ​ទោស​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​ទេ តែ​ពួក​គេ​កំពុង​មាន​ទស្សនៈ​ដូច​សាថាន​ដែល​កាច​សាហាវ និង​គ្មាន​ក្ដី​មេត្តា។ យ៉ាង​នេះ ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​សាថាន​ប្រើ​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​បុរស​នោះ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។—២កូ. ២:១០, ១១; អេភ. ៤:២៧

១២. តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១២ តើ​តាម​របៀប​ណា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​កូរិនថូស​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា មិន​មែន​សាថាន? គឺ​ដោយ​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ដែល​បាន​ប្រែ​ចិត្ត​ដូច​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​មក​លើ​គាត់។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​អ្នក​សរសេរ​គម្ពីរ​មួយ​ចំនួន​បាន​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា។ ដាវីឌ​និយាយ​ថា​៖ ​«​លោក​ល្អ​ពិត​មែន ហើយ​លោក​បម្រុង​តែ​នឹង​អភ័យ​ទោស​»។ (​ចសព. ៨៦:​៥​) រីឯ​មីកា គាត់​បាន​សរសេរ​ថា​៖ ​«​តើ​មាន​ព្រះ​ណា​ដូច​លោក? ព្រោះ​លោក​តែង​អភ័យ​ទោស​កំហុស​ឆ្គង និង​មើល​រំលង​ទោស​កំហុស​»។ (​មីកា ៧:១៨​) ម្យ៉ាង​ទៀត អេសាយ​បាន​រៀប​រាប់​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទុច្ចរិត​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មនុស្ស​អាក្រក់​លះ​បង់​គំនិត​របស់​ខ្លួន​ទៅ។ ចូរ​ឲ្យ​គាត់​ត្រឡប់​មក​ព្រះ​យេហូវ៉ា ព្រោះ​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គាត់ គឺ​មក​ឯ​ព្រះ​នៃ​យើង ព្រោះ​លោក​នឹង​អភ័យ​ទោស​ឲ្យ​ជា​បរិបូរ​»។—អេ. ៥៥:៧

១៣. ហេតុ​អ្វី​គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ឲ្យ​បុរស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​នោះ​ចូល​ក្នុង​ក្រុម​ជំនុំ​វិញ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​បុរស​នៅ​ក្រុង​កូរិនថូស​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​នៅ​ពេល​ណា?​»​)

១៣ ដើម្បី​យក​តម្រាប់​ព្រះ​យេហូវ៉ា ក្រុម​ជំនុំ​នា​ក្រុង​កូរិនថូស​ត្រូវ​ទទួល​ស្វាគមន៍​បុរស​ដែល​បាន​ប្រែ​ចិត្ត​នោះ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់។ ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ប៉ូល​ឲ្យ​ស្វាគមន៍​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត នោះ​ក្រុម​ជំនុំ​បង្ហាញ​ថា​ពួក​គេ​«​ស្ដាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់​»។ (​២កូ. ២:៩​) ពិត​មែន​ថា​បុរស​នោះ​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ តែ​ការ​ប្រដៅ​តម្រង់​ធ្វើ​ឲ្យ​គាត់​ប្រែ​ចិត្ត។ ដូច្នេះ គ្មាន​ហេតុ​ឲ្យ​ពន្យារ​ពេល​ឲ្យ​បុរស​នេះ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​ឡើយ។

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​យុត្តិធម៌​និង​សេចក្ដី​មេត្តា​ករុណា​ដូច​ព្រះ​យេហូវ៉ា?

១៤​-​១៥. តើ​យើង​បាន​រៀន​អ្វី​ពី​របៀប​ដែល​បញ្ហា​នៅ​ក្រុង​កូរិនថូស​នា​សម័យ​បុរាណ​បាន​ត្រូវ​ដោះ​ស្រាយ? (​ពេត្រុស​ទី​២ ៣:៩​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ កំណត់​ហេតុ​នៅ​ក្នុង​គម្ពីរ​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ក្រុម​ជំនុំ​នា​ក្រុង​កូរិនថូស​សម័យ​បុរាណ បាន​ត្រូវ​សរសេរ​ទុក​និង​រក្សា​ទុក​«​ដើម្បី​ណែនាំ​យើង​»។ (​រ៉ូម ១៥:៤​) ពី​កំណត់​ហេតុ​នេះ​យើង​រៀន​ថា ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​មិន​ប្រែ​ចិត្ត​បន្ដ​នៅ​ក្នុង​ក្រុម​ជំនុំ​ទេ។ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា​ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​មេត្តា​ករុណា លោក​នឹង​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​មិន​បាន​ប្រែ​ចិត្ត​បន្ដ​នៅ​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្តែ នេះ​មិន​មែន​ជា​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ក្ដី​មេត្តា​ទេ។ ពិត​មែន​ថា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​មេត្តា​ករុណា តែ​លោក​មិន​ចេះ​តែ​បណ្ដោយ​ឲ្យ​ធ្វើ​តាម​ចិត្ត ហើយ​លោក​ក៏​មិន​បន្ទាប​ខ្នាត​តម្រា​របស់​លោក​ដែរ។ (​យូ. ៤​) តាម​ពិត បើ​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​បន្ដ​នៅ​ក្នុង​ក្រុម​ជំនុំ នោះ​មិន​មែន​ជា​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ទេ ដោយ​សារ​ក្រុម​ជំនុំ​នឹង​អាច​ត្រូវ​បង្ខូច។—សុភ. ១៣:២០; ១កូ. ១៥:៣៣

១៥ យើង​រៀន​ថា​ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ។ លោក​ចង់​សង្គ្រោះ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស​ដែល​ផ្លាស់​ប្ដូរ​គំនិត​និង​ការ​ប្រព្រឹត្ត ហើយ​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​ឡើង​វិញ។ (​អេគ. ៣៣:១១; សូម​អាន ពេត្រុស​ទី​២ ៣:៩) យ៉ាង​នេះ ពេល​ដែល​បុរស​នៅ​ក្រុង​កូរិនថូស​ប្រែ​ចិត្ត ហើយ​បែរ​ចេញ​ពី​ការ​ខុស​ឆ្គង​របស់​គាត់ ព្រះ​យេហូវ៉ា​បាន​ប្រើ​ប៉ូល​ឲ្យ​ប្រាប់​ក្រុម​ជំនុំ​ថា​បុរស​នេះ​គួរ​តែ​ទទួល​ការ​អភ័យ​ទោស ហើយ​ក្រុម​ជំនុំ​គួរ​ស្វាគមន៍​គាត់​ឲ្យ​ចូល​ក្នុង​ក្រុម​ជំនុំ​ឡើង​វិញ។

ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ដូច​ព្រះ​យេហូវ៉ា បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ទទួល​ស្វាគមន៍​ពួក​អ្នក​ដែល​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​យ៉ាង​កក់​ក្ដៅ ​(​សូម​មើល​វគ្គ​១៤​-​១៥​)​


១៦. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​របៀប​ដែល​បញ្ហា​នៅ​ក្រុម​ជំនុំ​នា​ក្រុង​កូរិនថូស​បាន​ត្រូវ​ដោះ​ស្រាយ?

១៦ គំរូ​របស់​គ្រិស្ត​សាសនិក​នា​ក្រុង​កូរិនថូស​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ក៏​សុចរិត និង​យុត្តិធម៌។ (​ចសព. ៣៣:៥​) តើ​នេះ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​សរសើរ​តម្កើង​ព្រះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើង​ឬ​ទេ? យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង ហើយ​ត្រូវ​ការ​ការ​អភ័យ​ទោស​ពី​លោក។ ដូច្នេះ យើង​ម្នាក់​ៗ​មាន​ហេតុ​ឲ្យ​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​ថ្លៃ​លោះ​ដែល​លោក​ផ្ដល់​ឲ្យ​ដើម្បី​បើក​ឱកាស​ឲ្យ​យើង​ទទួល​ការ​អភ័យ​ទោស។ យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​រាស្ត្រ​របស់​លោក និង​ចង់​ឲ្យ​ពួក​គេ​ទទួល​បាន​អ្វី​ដ៏​ល្អ​បំផុត!

១៧. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​បន្ត​បន្ទាប់?

១៧ ចុះ​យ៉ាង​ណា​ពេល​មាន​អំពើ​ខុស​ឆ្គង​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​សព្វ​ថ្ងៃ​នេះ? តើ​តាម​របៀប​ណា​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​អាច​បង្ហាញ​បំណង​ចិត្ត​ដូច​ព្រះ​យេហូវ៉ា​ក្នុង​ការ​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត? តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​អ្នក​ចាស់​ទុំ​សម្រេច​ចិត្ត​ដក​បុគ្គល​ណា​ម្នាក់​ចេញ​ពី​ក្រុម​ជំនុំ ឬ​ឲ្យ​បុគ្គល​ណា​ម្នាក់​ចូល​ក្នុង​ក្រុម​ជំនុំ​ឡើង​វិញ? សំណួរ​ទាំង​នេះ​នឹង​ត្រូវ​ពិចារណា​នៅ​អត្ថបទ​បន្ត​បន្ទាប់។

ចម្រៀង​លេខ​១០៩ ចូរ​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត