លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២២

ចូរបន្តធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ»

ចូរបន្តធ្វើដំណើរតាម«ផ្លូវបរិសុទ្ធ»

​«​នៅ​ទី​នោះ​នឹង​មាន​ផ្លូវ​ធំ​មួយ គឺ . . . ផ្លូវ​បរិសុទ្ធ​»។—អេ. ៣៥:៨

ចម្រៀង​លេខ​៣១ ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ!

សេចក្ដី​សង្ខេប a

១​-​២. តើ​ជន​ជាតិ​យូដា​ដែល​រស់​នៅ​បាប៊ីឡូន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អ្វី? (​អែសរ៉ា ១:២​-​៤​)

 ស្ដេច​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​គឺ​ថា​៖ ជន​ជាតិ​យូដា​ដែល​បាន​ធ្វើ​ជា​ឈ្លើយ​សឹក​នៅ​បាប៊ីឡូន​អស់​ប្រហែល​ជា​៧០​ឆ្នាំ បាន​ត្រូវ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ គឺ​ស្រុក​អ៊ីស្រាអែល។ (​សូម​អាន អែសរ៉ា ១:២​-​៤) មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​សម្រេច​រឿង​នេះ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? តាម​ធម្មតា ពួក​បាប៊ីឡូន​មិន​ដោះ​លែង​ឈ្លើយ​សឹក​ទេ។ (​អេ. ១៤:៤, ១៧​) ប៉ុន្តែ បាប៊ីឡូន​បាន​ដួល​រលំ ហើយ​អ្នក​គ្រប់​គ្រង​ថ្មី​បាន​ប្រាប់​ជន​ជាតិ​យូដា​ថា​ពួក​គេ​អាច​ចេញ​ពី​ស្រុក​នោះ។ ហេតុ​នេះ ជន​ជាតិ​យូដា​ទាំង​អស់ ជា​ពិសេស​ប្រមុខ​គ្រួសារ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា គួរ​ចាក​ចេញ​ពី​បាប៊ីឡូន​ឬ​បន្ត​នៅ​ទី​នោះ។ ការ​សម្រេច​ចិត្ត​នេះ​ប្រហែល​ជា​មិន​ងាយ​ស្រួល​ទេ។ ហេតុ​អ្វី?

ដោយ​សារ​ភាព​ចាស់​ជរា បណ្ដា​ជន​ជា​ច្រើន​ប្រហែល​ជា​ពិបាក​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​នោះ។ ម្យ៉ាង​ទៀត ដោយ​សារ​ជន​ជាតិ​យូដា​ភាគ​ច្រើន​បាន​កើត​នៅ​ស្រុក​បាប៊ីឡូន ពួក​គេ​មិន​ដែល​រស់​នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ។ ចំពោះ​ពួក​គេ ស្រុក​អ៊ីស្រាអែល​គឺ​ជា​ទឹក​ដី​របស់​បុព្វ​បុរស​ពួក​គេ។ តាម​មើល​ទៅ ជន​ជាតិ​យូដា​ខ្លះ​បាន​ទៅ​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ​នៅ​បាប៊ីឡូន។ ដូច្នេះ​ពួក​គេ​ពិបាក​ចាក​ចេញ​ពី​ផ្ទះ​ដ៏​ស្រណុក​សុខ​ស្រួល​ឬ​មុខ​របរ​របស់​ពួក​គេ ហើយ​រស់​នៅ​ទឹក​ដី​ដែល​ពួក​គេ​មិន​ធ្លាប់​ស្គាល់។

៣. តើ​ជន​ជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​ដែល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​នឹង​ទទួល​ពរ​អ្វី?

ជន​ជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​ដឹង​ថា​ការ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ គឺ​មាន​ប្រយោជន៍​ច្រើន​ជាង​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​ពួក​គេ​នឹង​ធ្វើ។ ប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត​គឺ​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ នៅ​ក្រុង​បាប៊ីឡូន វិហារ​របស់​សាសនា​មិន​ពិត​មាន​ជាង​៥០ ក៏​ប៉ុន្តែ​គ្មាន​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​នោះ​ទេ។ ម្យ៉ាង​ទៀត ក៏​គ្មាន​ទី​បូជា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាច​ជូន​គ្រឿង​បូជា​ដែល​ច្បាប់​ម៉ូសេ​តម្រូវ​ឲ្យ​ធ្វើ ហើយ​គ្មាន​ការ​រៀប​ចំ​ឲ្យ​ពួក​សង្ឃ​ជូន​គ្រឿង​បូជា​ទាំង​នោះ​ដែរ។ បន្ថែម​ទៅ​ទៀត បណ្ដា​ជន​ក្នុង​ក្រុង​នោះ​ដែល​គោរព​បូជា​ព្រះ​មិន​ពិត​មាន​ច្រើន​ជាង​ពួក​អ្នក​គោរព​ព្រះ​យេហូវ៉ា​ឬ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។ ដូច្នេះ ជន​ជាតិ​យូដា​រាប់​ពាន់​នាក់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ជា​កន្លែង​ដែល​ពួក​គេ​អាច​ស្ដារ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។

៤. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​ផ្ដល់​ជំនួយ​អ្វី​ដល់​ជន​ជាតិ​យូដា​ដែល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល?

ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក​ពី​បាប៊ីឡូន​ទៅ​ស្រុក​អ៊ីស្រាអែល​អាច​តម្រូវ​ឲ្យ​ចំណាយ​ពេល​ប្រហែល​ជា​បួន​ខែ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​ឧបសគ្គ​ណា​ក៏​ដោយ​ដែល​មើល​ទៅ​រា​រាំង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​នឹង​ត្រូវ​ដក​ចេញ។ អេសាយ​បាន​សរសេរ​ថា​៖ ​«​ចូរ​រៀប​ចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា! ចូរ​ធ្វើ​ឲ្យ​មាន​ផ្លូវ​ធំ​ត្រង់​ភ្លឹង​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ សម្រាប់​ព្រះ​នៃ​យើង។ . . . ឯ​ដី​ក្រហេង​ក្រហូង ត្រូវ​ចាក់​បំពេញ​ឲ្យ​ស្មើ ហើយ​ដី​រដិប​រដុប ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ​»។ (​អេ. ៤០:៣, ៤​) សូម​ស្រមៃ​ឃើញ​អំពី​នេះ​៖ មាន​ផ្លូវ​ធំ​រាប​ស្មើ​មួយ​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ​រវាង​ភ្នំ​ផ្សេង​ៗ។ អ្នក​ដំណើរ​នឹង​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ។ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ធំ​ត្រង់ ជា​ជាង​ឡើង​ចុះ​ភ្នំ ទី​ទួល ឬ​ជ្រលង​ភ្នំ នឹង​ស្រួល​ជាង​សម្រាប់​ពួក​គេ។ ម្យ៉ាង​ទៀត ការ​ធ្វើ​ដំណើរ​នោះ​ក៏​នឹង​លឿន​ជាង​ផង​ដែរ។

៥. តើ​ផ្លូវ​ធំ​ក្នុង​ន័យ​ធៀប​ពី​បាប៊ីឡូន​ទៅ​អ៊ីស្រាអែល​មាន​ឈ្មោះ​អ្វី?

ផ្លូវ​ធំ​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ត្រូវ​សម្គាល់​តាម​ឈ្មោះ​ឬ​លេខ​របស់​វា។ ផ្លូវ​ធំ​ក្នុង​ន័យ​ធៀប​ដែល​អេសាយ​បាន​សរសេរ​ក៏​មាន​ឈ្មោះ​ដែរ។ យើង​អាន​ថា​៖ ​«​នៅ​ទី​នោះ​នឹង​មាន​ផ្លូវ​ធំ​មួយ គឺ​ជា​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​បរិសុទ្ធ មនុស្ស​មិន​ស្អាត​បរិសុទ្ធ​នឹង​មិន​អាច​ដើរ​លើ​ផ្លូវ​នោះ​ទេ​»។ (​អេ. ៣៥:៨​) តើ​សេចក្ដី​សន្យា​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​នោះ ហើយ​តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

​«​ផ្លូវ​បរិសុទ្ធ​»​នៅ​សម័យ​មុន​និង​នៅ​សព្វ​ថ្ងៃ​នេះ

៦. ហេតុ​អ្វី​ផ្លូវ​នេះ​បាន​ត្រូវ​ហៅ​ថា​បរិសុទ្ធ?

​«​ផ្លូវ​បរិសុទ្ធ​»​គឺ​ជា​ឈ្មោះ​ដ៏​ពីរោះ​សម្រាប់​ផ្លូវ​ធំ។ ហេតុ​អ្វី​ផ្លូវ​នេះ​បាន​ត្រូវ​ហៅ​ថា​បរិសុទ្ធ? ពីព្រោះ​«​មនុស្ស​មិន​ស្អាត​បរិសុទ្ធ​»​ ពោល​គឺ​ជន​ជាតិ​យូដា​ណា​ក៏​ដោយ​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ គោរព​បូជា​រូប​ព្រះ ឬ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទេ។ ជន​ជាតិ​យូដា​ដែល​ត្រឡប់​ទៅ​វិញ​ត្រូវ​ទៅ​ជា​ប្រជា​ជាតិ​បរិសុទ្ធ​ចំពោះ​ព្រះ​របស់​ពួក​គេ។ (​បច. ៧:៦​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ពួក​អ្នក​ដែល​បាន​ចាក​ចេញ​ពី​បាប៊ីឡូន​គ្មាន​អ្វី​ត្រូវ​កែ​ប្រែ​ដើម្បី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឡើយ។

៧. តើ​ជន​ជាតិ​យូដា​ខ្លះ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី? សូម​លើក​ឧទាហរណ៍​មួយ។

ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ជន​ជាតិ​យូដា​ភាគ​ច្រើន​បាន​កើត​នៅ​បាប៊ីឡូន ហើយ​តាម​មើល​ទៅ​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស៊ាំ​នឹង​ការ​គិត​គូរ​និង​ខ្នាត​តម្រា​របស់​ជន​ជាតិ​បាប៊ីឡូន។ ច្រើន​ទសវត្សរ៍​ក្រោយ​ពី​ជន​ជាតិ​យូដា​ដំបូង​គេ​បាន​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ អែសរ៉ា​បាន​ដឹង​ថា​ជន​ជាតិ​យូដា​ខ្លះ​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​គោរព​បូជា​ព្រះ​មិន​ពិត។ (​ដច. ៣៤:១៥, ១៦; អែស. ៩:១, ២​) ក្រោយ​មក​ទៀត អភិបាល​នេហេមា​បាន​ហួស​ចិត្ត ពេល​ឃើញ​ថា​កូន​ក្មេង​ដែល​កើត​នៅ​ស្រុក​អ៊ីស្រាអែល​មិន​ទាំង​បាន​រៀន​ភាសា​របស់​ជន​ជាតិ​យូដា​ឡើយ។ (​បច. ៦:៦, ៧; នេហ. ១៣:២៣, ២៤​) តើ​កូន​ក្មេង​ទាំង​នោះ​អាច​រៀន​ឲ្យ​ស្រឡាញ់​និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​បាន បើ​ពួក​គេ​មិន​អាច​យល់​ភាសា​ហេប្រឺ ជា​ភាសា​សំខាន់​ចម្បង​ដែល​បណ្ដាំ​របស់​ព្រះ​បាន​ត្រូវ​សរសេរ? (​អែស. ១០:៣, ៤៤​) ដូច្នេះ ជន​ជាតិ​យូដា​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ ប៉ុន្តែ​គឺ​ស្រួល​ជាង​ឲ្យ​ពួក​គេ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​នៅ​ស្រុក​អ៊ីស្រាអែល ជា​កន្លែង​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​បន្តិច​ម្ដង​ៗ។—នេហ. ៨:៨, ៩

តាំង​ពី​ឆ្នាំ​១៩១៩ គ.ស. បុរស ស្ត្រី និង​កូន​ក្មេង​រាប់​លាន​នាក់​បាន​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​«​ផ្លូវ​បរិសុទ្ធ​» (​សូម​មើល​វគ្គ​៨​)

៨. ហេតុ​អ្វី​នៅ​សព្វ​ថ្ងៃ​នេះ​យើង​គួរ​ចាប់​អារម្មណ៍​នឹង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ជា​យូរ​មុន? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ‹នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ប៉ុន្តែ​តើ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​យូដា​ច្រើន​ឆ្នាំ​មុន​នោះ ជាប់​ទាក់​ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?›។ គឺ​ជាប់​ទាក់​ទង​មែន! ពីព្រោះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​អាច​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​តាម​«​ផ្លូវ​បរិសុទ្ធ​»។ មិន​ថា​យើង​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឬ​«​ចៀម​ឯ​ទៀត​»​ក្ដី យើង​ត្រូវ​បន្ត​នៅ​លើ​«​ផ្លូវ​បរិសុទ្ធ​»។ នេះ​នឹង​ជួយ​យើង​ឲ្យ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ​និង​នៅ​ពេល​អនាគត ពេល​រាជាណាចក្រ​ព្រះ​នាំ​មក​នូវ​ស្ថានភាព​ដ៏​អស្ចារ្យ​នៅ​ផែន​ដី។ b (​យ៉ូន. ១០:១៦​) តាំង​ពី​ឆ្នាំ​១៩១៩ គ.ស. បុរស ស្ត្រី និង​កូន​ក្មេង​រាប់​លាន​នាក់​បាន​ចាក​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ដែល​ជា​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ន័យ​ធៀប​នេះ។ អ្នក​ទំនង​ជា​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ ទោះ​ជា​ផ្លូវ​ធំ​នេះ​បាន​បើក​ប្រហែល​ជា​១០០​ឆ្នាំ​មុន​ក្ដី ការ​រៀប​ចំ​នៃ​ផ្លូវ​នេះ​បាន​ចាប់​ផ្ដើម​រាប់​រយ​ឆ្នាំ​មុន​នោះ។

ការ​រៀប​ចំ​ផ្លូវ

៩. ស្រប​តាម​អេសាយ ៥៧:១៤ តើ​«​ផ្លូវ​បរិសុទ្ធ​»​បាន​រៀប​ចំ​ឡើង​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ឧបសគ្គ​ផ្សេង​ៗ​បាន​ត្រូវ​ដក​ចេញ​ឲ្យ​ជន​ជាតិ​យូដា​ដែល​ចាក​ចេញ​ពី​បាប៊ីឡូន។ (​សូម​អាន អេសាយ ៥៧:១៤) ចុះ​យ៉ាង​ណា​«​ផ្លូវ​បរិសុទ្ធ​»​នៅ​សព្វ​ថ្ងៃ​នេះ​វិញ? អស់​រាប់​រយ​ឆ្នាំ​មុន​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ចាប់​ផ្ដើម​ប្រើ​បុរស​ខ្លះ​ដែល​គោរព​កោត​ខ្លាច​លោក​ដើម្បី​រៀប​ចំ​ផ្លូវ​ឲ្យ​អ្នក​ឯ​ទៀត​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​សូម​ពិនិត្យ​បន្ថែម អេសាយ ៤០:៣​) ពួក​គេ​បាន​ធ្វើ​កិច្ច​ការ​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​នៅ​ពេល​ក្រោយ​មក​អាច​ចាក​ចេញ​ពី​សាសនា​មិន​ពិត និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​រាស្ត្រ​លោក។ តើ​កិច្ច​ការ​រៀប​ចំ​ផ្លូវ​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ? សូម​យើង​ពិចារណា​កិច្ច​ការ​ខ្លះ​ដែល​បាន​ត្រូវ​ធ្វើ​ឡើង។

អស់​រាប់​រយ​ឆ្នាំ​មុន​ឆ្នាំ​១៩១៩ គ.ស. បុរស​ដែល​កោត​ខ្លាច​ព្រះ​បាន​ជួយ​រៀប​ចំ​ផ្លូវ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា (​សូម​មើល​វគ្គ​១០​-​១១​)

១០​-​១១. តើ​ការ​បោះ​ពុម្ព​និង​ការ​បក​ប្រែ​គម្ពីរ​ជួយ​ឲ្យ​ចំណេះ​ពី​គម្ពីរ​រីក​សុសសាយ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ ការ​បោះ​ពុម្ព។ រហូត​ដល់​ប្រហែល​ជា​ឆ្នាំ​១៤៥០ គ.ស. គម្ពីរ​បាន​ត្រូវ​ចម្លង​ដោយ​ដៃ។ កិច្ច​ការ​នេះ​ត្រូវ​ការ​ពេល​យូរ ហើយ​ឯកសារ​ចម្លង​នៃ​គម្ពីរ​កម្រ​មាន ព្រម​ទាំង​ថ្លៃ​ណាស់។ ប៉ុន្តែ​ពេល​ម៉ាស៊ីន​បោះ​ពុម្ព​ដែល​អាច​រៀប​អក្សរ​បាន​ត្រូវ​បង្កើត​ឡើង នោះ​ការ​ផលិត​និង​ការ​ចែក​ចាយ​គម្ពីរ​គឺ​ងាយ​ស្រួល​ជាង។

១១ ការ​បក​ប្រែ។ អស់​រាប់​រយ​ឆ្នាំ គម្ពីរ​មាន​តែ​ជា​ភាសា​ឡាតាំង ដូច្នេះ​ទាល់​តែ​មនុស្ស​ដែល​មាន​ការ​អប់រំ​ខ្ពស់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។ ប៉ុន្តែ ពេល​ការ​បោះ​ពុម្ព​មាន​កាន់​តែ​ច្រើន​ឡើង បុរស​ដែល​កោត​ខ្លាច​ព្រះ​ខំ​ប្រឹង​កាន់​តែ​ខ្លាំង​ដើម្បី​បក​ប្រែ​គម្ពីរ​ទៅ​ជា​ភាសា​ច្រើន​ជាង​ដែល​មនុស្ស​ធម្មតា​និយាយ។ យ៉ាង​នេះ អ្នក​អាន​គម្ពីរ​អាច​ប្រៀប​ធៀប​អ្វី​ដែល​បូជាចារ្យ​បង្រៀន​ទៅ​នឹង​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន។

បុរស​ដែល​កោត​ខ្លាច​ព្រះ​បាន​ជួយ​រៀប​ចំ​ផ្លូវ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា (​សូម​មើល​វគ្គ​១២​-​១៤​) c

១២​-​១៣. សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​អ្នក​សិក្សា​គម្ពីរ​ដែល​មាន​ចិត្ត​ស្មោះ​នៅ​សតវត្សរ៍​ទី​១៩ បាន​ចាប់​ផ្ដើម​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ពិត​របស់​សាសនា។

១២ ជំនួយ​សិក្សា​គម្ពីរ។ ពួក​អ្នក​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បាន​រៀន​ច្រើន​ពី​អ្វី​ដែល​ពួក​គេ​អាន​ក្នុង​បណ្ដាំ​ព្រះ។ ប៉ុន្តែ ពួក​បព្វជិត​បាន​ខឹង ពេល​បុគ្គល​ទាំង​នេះ​ចាប់​ផ្ដើម​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន។ ជា​ឧទាហរណ៍ នៅ​សតវត្សរ៍​ទី​១៩ បុរស​ដែល​មាន​ចិត្ត​ស្មោះ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​បោះ​ពុម្ព​ខិត្តប័ណ្ណ​ដែល​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ពិត​នៃ​សាសនា។

១៣ ប្រហែល​ជា​នៅ​ឆ្នាំ​១៨៣៥ បុរស​ដែល​គោរព​កោត​ខ្លាច​ព្រះ​ម្នាក់​ឈ្មោះ​ហេនរី គ្រូរ​បាន​បោះ​ពុម្ព​ផ្សាយ​ខិត្តប័ណ្ណ​មួយ​អំពី​ស្ថានភាព​មនុស្ស​ស្លាប់។ ក្នុង​ខិត្តប័ណ្ណ​នោះ គាត់​បាន​បង្ហាញ​ពី​បទ​គម្ពីរ​ថា​ជីវិត​អមតៈ​ជា​អំណោយ​ពី​ព្រះ មិន​មែន​ជាអ្វី​ដែល​យើង​មាន​ពី​កំណើត​ដូច​វិហារ​ភាគ​ច្រើន​បាន​បង្រៀន​នោះ​ឡើយ។ នៅ​ឆ្នាំ​១៨៣៧ គ្រូ​គង្វាល​ម្នាក់​ឈ្មោះ​ចច ស្ទ័រ​រើស​បាន​ខិត្តប័ណ្ណ​នោះ​កាល​ដែល​គាត់​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង។ គាត់​បាន​អាន​វា ហើយ​ជឿ​ជាក់​ថា​គាត់​បាន​រក​ឃើញ​សេចក្ដី​បង្រៀន​ដ៏​សំខាន់​មួយ។ គាត់​បាន​សម្រេច​ចិត្ត​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​គាត់​បាន​រៀន។ នៅ​ឆ្នាំ​១៨៤២ គាត់​បាន​ថ្លែង​សុន្ទរកថា​ត​ភាគ​ដែល​មាន​ប្រធាន​ថា ​«​ការ​ពិចារណា​ថា តើ​មនុស្ស​ទុច្ចរិត​មាន​ជីវិត​អមតៈ​ឬ​ទេ?​»។ អ្វី​ដែល​ចច ស្ទ័រ​បាន​សរសេរ​ជះ​ឥទ្ធិពល​ល្អ​ទៅ​លើ​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ឆាល ថេស រ៉ាសិល។

១៤. តើ​បង​រ៉ាសិល​និង​អ្នក​រួម​កិច្ច​ការ​ជា​មួយ​គាត់​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​កិច្ច​ការ​រៀប​ចំ​ផ្លូវ​ខាង​ការ​គោរព​ប្រណិប័តន៍​របស់​បុគ្គល​សម័យ​មុន​ៗ​? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ តើ​បង​រ៉ាសិល​និង​អ្នក​រួម​កិច្ច​ការ​ជា​មួយ​គាត់​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​កិច្ច​ការ​រៀប​ចំ​ផ្លូវ​ខាង​ការ​គោរព​ប្រណិប័តន៍​ដែល​បាន​ធ្វើ​ឡើង​នៅ​អតីតកាល? ក្នុង​ការ​សិក្សា​របស់​ពួក​គេ ពួក​គេ​អាច​ពិនិត្យ​មើល​វចនានុក្រម លិបិក្រម និង​ការ​បក​ប្រែ​គម្ពីរ​ផ្សេង​ៗ​ដែល​បាន​ត្រូវ​រៀប​ចំ​មុន​គ្រា​នោះ។ ពួក​គេ​ក៏​ទទួល​ប្រយោជន៍​ពី​ការ​ស្រាវ​ជ្រាវ​គម្ពីរ​របស់​បុរស​មួយ​ចំនួន​ដូច​ជា​ហេនរី គ្រូរ និង​ចច ស្ទ័រ ព្រម​ទាំង​អ្នក​ឯ​ទៀត។ បង​រ៉ាសិល​និង​អ្នក​រួម​កិច្ច​ការ​ជា​មួយ​គាត់​បាន​ជួយ​ធ្វើ​កិច្ច​ការ​រៀប​ចំ​ផ្លូវ​ខាង​ការ​គោរព​ប្រណិប័តន៍ ដោយ​ផលិត​សៀវភៅ​ជា​ច្រើន​ក្បាល​និង​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក​ដែល​ពិគ្រោះ​អំពី​អ្វី​ដែល​គម្ពីរ​ចែង។

១៥. តើ​ព្រឹត្តិការណ៍​ដ៏​សំខាន់​អ្វី​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩?

១៥ នៅ​ឆ្នាំ​១៩១៩ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​បាត់​បង់​អំណាច​លើ​រាស្ត្រ​របស់​ព្រះ។ នៅ​ឆ្នាំ​នោះ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ចាប់​ផ្ដើម​មាន​សកម្មភាព ដើម្បី​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​អាច​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​នៅ​លើ​«​ផ្លូវ​បរិសុទ្ធ​»​ដែល​បាន​ត្រូវ​បើក​ឡើង​ថ្មី​ៗ​នោះ។ (​ម៉ាថ. ២៤:៤៥​-​៤៧​) កិច្ច​ការ​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ពី​មុន​ដើម្បី​រៀប​ចំ​ផ្លូវ បាន​ជួយ​មនុស្ស​ដែល​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នោះ​ឲ្យ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក។ (​សុភ. ៤:១៨​) ពួក​គេ​ក៏​អាច​មាន​របៀប​រស់​នៅ​សម​ស្រប​នឹង​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​ផង​ដែរ។ ព្រះ​យេហូវ៉ា​មិន​រំពឹង​ថា​រាស្ត្រ​លោក​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​សម្រិត​សម្រាំង​រាស្ត្រ​របស់​លោក​បន្តិច​ម្ដង​ៗ។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ព្រះ​យេហូវ៉ា​សម្រិត​សម្រាំង​រាស្ត្រ​របស់​លោក​បន្តិច​ម្ដង​ៗ​) យើង​ទាំង​អស់​គ្នា​នឹង​សប្បាយ​រីករាយ ពេល​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្នុង​គ្រប់​ការ​ដែល​យើង​ធ្វើ!—កូឡ. ១:១០

​«​ផ្លូវ​បរិសុទ្ធ​»​នៅ​តែ​បើក

១៦. តាំង​ពី​ឆ្នាំ​១៩១៩ តើ​មាន​កិច្ច​ការ​ថែ​ទាំ​អ្វី​នៅ​លើ​«​ផ្លូវ​បរិសុទ្ធ​»​? (​អេសាយ ៤៨:១៧; ៦០:១៧​)

១៦ ផ្លូវ​ទាំង​អស់​ត្រូវ​ការ​ការ​ថែ​ទាំ​ជា​ទៀង​ទាត់។ តាំង​ពី​ឆ្នាំ​១៩១៩ កិច្ច​ការ​ថែ​ទាំ​«​ផ្លូវ​បរិសុទ្ធ​»​បាន​ត្រូវ​បន្ត​ធ្វើ​ឡើង​ដើម្បី​មនុស្ស​កាន់​តែ​ច្រើន​អាច​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ដែល​ទើប​តែ​បាន​ត្រូវ​តែង​តាំង​ចាប់​ផ្ដើម​មាន​សកម្មភាព ហើយ​នៅ​ឆ្នាំ​១៩២១ ពួក​គេ​បាន​បោះ​ពុម្ព​ជំនួយ​សិក្សា​គម្ពីរ​ដែល​បាន​រៀប​ចំ​ឡើង​ដើម្បី​ជួយ​អ្នក​ថ្មី​ឲ្យ​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ។ សៀវភៅ​នោះ​គឺ​ពិណ​របស់​ព្រះ​(​The Harp of God​) ហើយ​នៅ​ទី​បំផុត សៀវភៅ​នោះ​បាន​ត្រូវ​បោះ​ពុម្ព​ជិត​៦​លាន​ក្បាល​ជា​៣៦​ភាសា។ មនុស្ស​ជា​ច្រើន​បាន​រៀន​សេចក្ដី​ពិត​ពី​សៀវភៅ​នោះ។ ថ្មី​ៗ​នេះ យើង​មាន​សៀវភៅ​ថ្មី​ដ៏​ល្អ​សម្រាប់​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​គឺ សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រើ​អង្គការ​របស់​លោក​ឲ្យ​បន្ត​ផ្ដល់​ការ​ណែនាំ​ពី​បណ្ដាំ​របស់​លោក​ដើម្បី​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​បន្ត​ធ្វើ​ដំណើរ​តាម​«​ផ្លូវ​បរិសុទ្ធ​»។—សូម​អាន អេសាយ ៤៨:១៧; ៦០:១៧

១៧​-​១៨. តើ​«​ផ្លូវ​បរិសុទ្ធ​»​នាំ​ទៅ​ដល់​ណា?

១៧ យើង​ប្រហែល​ជា​និយាយ​ថា​ពេល​បុគ្គល​ណា​ម្នាក់​យល់​ព្រម​សិក្សា​គម្ពីរ គាត់​មាន​ឱកាស​បោះ​ជំហាន​លើ​«​ផ្លូវ​បរិសុទ្ធ​»។ អ្នក​ខ្លះ​ធ្វើ​ដំណើរ​បាន​តែ​ចម្ងាយ​ខ្លី រួច​ក៏​ចេញ​ពី​ផ្លូវ​នោះ​ទៅ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត តាំង​ចិត្ត​បន្ត​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នោះ​រហូត​ដល់​ទី​ដៅ​របស់​ពួក​គេ។ តើ​ផ្លូវ​នោះ​នាំ​ទៅ​ដល់​ណា?

១៨ ចំពោះ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ​«​ផ្លូវ​បរិសុទ្ធ​»​នាំ​ទៅ​ដល់​«​សួន​ឧទ្យាន​របស់​ព្រះ​»​នៅ​ស្ថាន​សួគ៌។ (​បប. ២:៧​) ចំពោះ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី ផ្លូវ​ធំ​នោះ​គឺ​នាំ​ទៅ​ដល់​ជីវិត​ល្អ​ឥត​ខ្ចោះ​នៅ​ដំណាច់​គ្រា​១.០០០​ឆ្នាំ។ បើ​អ្នក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ធំ​នោះ​នៅ​សព្វ​ថ្ងៃ​នេះ សូម​កុំ​ងាក​ក្រោយ​ឡើយ។ ម្យ៉ាង​ទៀត សូម​បន្ត​នៅ​លើ​ផ្លូវ​នោះ​រហូត​ដល់​អ្នក​បាន​បង្ហើយ​ដំណើរ​របស់​អ្នក​ទៅ​ដល់​ពិភព​លោក​ថ្មី។ យើង​និយាយ​ដោយ​កក់​ក្ដៅ​ថា​៖ ​«​សូម​សុខ​សប្បាយ​តាម​ផ្លូវ!​»។

ចម្រៀង​លេខ​២៤ ចូរ​ឡើង​ទៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

a ព្រះ​យេហូវ៉ា​បាន​ហៅ​ផ្លូវ​ធំ​មួយ​ក្នុង​ន័យ​ធៀប​ពី​ស្រុក​បាប៊ីឡូន​ទៅ​ស្រុក​អ៊ីស្រាអែល​ថា​«​ផ្លូវ​បរិសុទ្ធ​»។ តើ​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ផ្លូវ​ដែល​ស្រដៀង​នឹង​នេះ​សម្រាប់​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? មែន​ហើយ! តាំង​ពី​ឆ្នាំ​១៩១៩ គ.ស. មនុស្ស​រាប់​លាន​នាក់​បាន​ចាក​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​«​ផ្លូវ​បរិសុទ្ធ​»។ យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ត​នៅ​លើ​ផ្លូវ​នោះ រហូត​ដល់​យើង​ទៅ​ដល់​ទី​ដៅ​ចុង​ក្រោយ​របស់​យើង។

b សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​១៩៩៦ ទំព័រ​៣០ វគ្គ​១៤​-​១៧

c ការ​ពណ៌នា​អំពី​រូប​ភាព: បង​រ៉ាសិល​និង​អ្នក​រួម​កិច្ច​ការ​ជា​មួយ​គាត់​បាន​ប្រើ​ជំនួយ​សិក្សា​គម្ពីរ​ដែល​បាន​ត្រូវ​រៀប​ចំ​មុន​សម័យ​របស់​ពួក​គេ។