លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៣

ចូរបន្តឲ្យ«អណ្ដាតភ្លើងដែលមកពីយ៉ា»ឆេះជានិច្ច

ចូរបន្តឲ្យ«អណ្ដាតភ្លើងដែលមកពីយ៉ា»ឆេះជានិច្ច

​«​សេចក្ដី​ស្រឡាញ់​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ដូច​ជា​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា​»។—សាឡូ. ៨:៦

ចម្រៀង​លេខ​១៣១ «​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​»

សេចក្ដី​សង្ខេប a

១. តើ​គម្ពីរ​ពណ៌នា​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​ពិត?

 ​«​សេចក្ដី​ស្រឡាញ់​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ដូច​ជា​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា។ រលក​បោក​បក់​មិន​អាច​ពន្លត់​សេចក្ដី​ស្រឡាញ់​បាន​ទេ ហើយ​ទឹក​ទន្លេ​ក៏​មិន​អាច​បំផ្លាញ​សេចក្ដី​ស្រឡាញ់​បាន​ដែរ​»។ b (​សាឡូ. ៨:៦, ៧​) នេះ​ជា​ការ​ពណ៌នា​ដ៏​ពីរោះ​អំពី​សេចក្ដី​ស្រឡាញ់​ពិត! ពាក្យ​ទាំង​នេះ​លើក​ទឹក​ចិត្ត​គូ​ប្ដី​ប្រពន្ធ​ថា អ្នក​អាច​មាន​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

២. តើ​ប្ដី​ប្រពន្ធ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​មិន​រសាយ​ទៅ?

គឺ​ត្រូវ​ការ​ការ​ខំ​ព្យាយាម​ដើម្បី​ឲ្យ​ប្ដី​ប្រពន្ធ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ពេញ​មួយ​ជីវិត។ ជា​ឧទាហរណ៍ ភ្នក់​ភ្លើង​អាច​នៅ​ឆេះ​បាន លុះ​ត្រា​តែ​បុគ្គល​ណា​ម្នាក់​បន្ត​ដាក់​អុស។ បើ​គ្មាន​នរណា​ធ្វើ​ដូច្នេះ​ទេ ភ្លើង​នោះ​នឹង​រលត់​ទៅ។ ស្រដៀង​គ្នា​ដែរ សេចក្ដី​ស្រឡាញ់​រវាង​ប្ដី​និង​ប្រពន្ធ​អាច​នៅ​គង់​វង្ស​ជា​និច្ច​បាន លុះ​ត្រា​តែ​ពួក​គេ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ។ ជួន​កាល ប្ដី​ប្រពន្ធ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​កំពុង​រសាយ​ទៅ ជា​ពិសេស​ពេល​ពួក​គេ​ជួប​បញ្ហា​លុយ​កាក់ បញ្ហា​សុខភាព ឬ​ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ ដូច្នេះ បើ​អ្នក​បាន​រៀប​ការ​ហើយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​«​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា​»​បន្ត​ឆេះ​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​របៀប​បី​យ៉ាង​ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​នៅ​រឹង​មាំ​និង​មាន​សុភមង្គល។ c

ចូរ​បន្ត​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា

ដូច​យ៉ូសែប​និង​ម៉ារៀ ប្ដី​ប្រពន្ធ​ត្រូវ​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​៣​)

៣. តើ​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា​ជួយ​គូ​ប្ដី​ប្រពន្ធ​ឲ្យ​រក្សា​សេចក្ដី​ស្រឡាញ់​ជា​និច្ច​យ៉ាង​ដូច​ម្ដេច? (​អ្នក​ទូន្មាន ៤:១២​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ដើម្បី​ធ្វើ​ឲ្យ​«​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា​»​ឆេះ​ជា​និច្ច ទាំង​ប្ដី​ទាំង​ប្រពន្ធ​គួរ​ខំ​ឲ្យ​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា។ តើ​ចំណង​មិត្តភាព​នេះ​ជួយ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ពេល​គូ​ប្ដី​ប្រពន្ធ​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​បិតា​នៅ​ស្ថាន​សួគ៌ ពួក​គេ​ចង់​ធ្វើ​តាម​យោបល់​ពី​លោក ហើយ​នេះ​ជួយ​ពួក​គេ​ឲ្យ​ជៀស​វាង​និង​យក​ឈ្នះ​បញ្ហា​ដែល​អាច​នាំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​គ្នា​រសាយ​ទៅ។ (​សូម​អាន អ្នក​ទូន្មាន ៤:១២) ពួក​អ្នក​ដែល​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា​ក៏​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​លោក។ ពួក​គេ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដូច​លោក​ដូច​ជា សេចក្ដី​សប្បុរស ចិត្ត​អត់​ធ្មត់ និង​ការ​អភ័យ​ទោស។ (​អេភ. ៤:៣២–៥:១​) ពេល​គូ​ប្ដី​ប្រពន្ធ​បង្ហាញ​គុណ​សម្បត្តិ​បែប​នេះ គឺ​ស្រួល​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង។ បង​ស្រី​ម្នាក់​ឈ្មោះ​លេណា​ដែល​បាន​រៀប​ការ​ជាង​២៥​ឆ្នាំ​និយាយ​ថា​៖ ​«​យើង​ស្រួល​ស្រឡាញ់​និង​គោរព​បុគ្គល​ដែល​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​ព្រះ​យេហូវ៉ា​»។

៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជ្រើស​រើស​យ៉ូសែប​និង​ម៉ារៀ​ឲ្យ​ធ្វើ​ជា​ឪពុក​ម្ដាយ​របស់​អនាគត​មេស្ស៊ី?

សូម​គិត​អំពី​គំរូ​មួយ​ពី​គម្ពីរ។ ពេល​ព្រះ​យេហូវ៉ា​ត្រូវ​ជ្រើស​រើស​បុគ្គល​មួយ​គូ​ឲ្យ​ធ្វើ​ជា​ឪពុក​ម្ដាយ​របស់​អនាគត​មេស្ស៊ី លោក​បាន​ជ្រើស​រើស​យ៉ូសែប​និង​ម៉ារៀ​ពី​ចំណោម​កូន​ចៅ​ជា​ច្រើន​របស់​ដាវីឌ។ ហេតុ​អ្វី​លោក​ជ្រើស​រើស​ពួក​គាត់? ពីព្រោះ​ពួក​គាត់​ទាំង​ពីរ​នាក់​មាន​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​លោក​ដឹង​ថា​ពួក​គាត់​នឹង​ចាត់​ទុក​លោក​ថា​សំខាន់​បំផុត​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់។ គូ​អាពាហ៍ពិពាហ៍​ទាំង​ឡាយ តើ​អ្នក​អាច​រៀន​អ្វី​ពី​យ៉ូសែប​និង​ពី​ម៉ារៀ?

៥. តើ​ប្ដី​អាច​រៀន​អ្វី​ពី​យ៉ូសែប?

យ៉ូសែប​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​នោះ​បាន​ជួយ​គាត់​ឲ្យ​ទៅ​ជា​ប្ដី​ដ៏​ល្អ​ប្រសើរ​ជាង។ យ៉ាង​ហោច​ណាស់​អស់​បី​ដង គាត់​បាន​ទទួល​ការ​ណែនាំ​ពី​ព្រះ​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់។ រាល់​ដង គាត់​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​នោះ ទោះ​ជា​នៅ​ពេល​ពិបាក​ចំពោះ​គាត់​ក្ដី។ (​ម៉ាថ. ១:២០, ២៤; ២:១៣​-​១៥, ១៩​-​២១​) ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ យ៉ូសែប​បាន​ការ​ពារ​ម៉ារៀ ព្រម​ទាំង​គាំទ្រ​និង​ផ្គត់​ផ្គង់​នាង។ សូម​ស្រមៃ​គិត​ថា​ការ​ប្រព្រឹត្ត​របស់​យ៉ូសែប​ច្បាស់​ជា​បាន​ទាញ​ចិត្ត​ម៉ារៀ​ឲ្យ​កាន់​តែ​ស្រឡាញ់​និង​គោរព​គាត់​យ៉ាង​ណា​ទៅ! ប្ដី​ទាំង​ឡាយ អ្នក​អាច​យក​តម្រាប់​យ៉ូសែប​ដោយ​ស្វែង​រក​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​អំពី​របៀប​ថែ​រក្សា​ក្រុម​គ្រួសារ។ d ពេល​អ្នក​ធ្វើ​តាម​យោបល់​នេះ ទោះ​ជា​នោះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្ដី អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ ហើយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ បង​ស្រី​ម្នាក់​នៅ​កោះ​វ៉ានូទូ​ដែល​បាន​រៀប​ការ​ជាង​២០​ឆ្នាំ និយាយ​ថា​៖ ​«​ពេល​ប្ដី​ខ្ញុំ​ស្វែង​រក​និង​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ខ្ញុំ​កាន់​តែ​គោរព​គាត់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សុវត្ថិភាព ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ការ​សម្រេច​ចិត្ត​របស់​គាត់​»។

៦. តើ​ប្រពន្ធ​អាច​រៀន​អ្វី​ពី​ម៉ារៀ?

ម៉ារៀ​មាន​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​ព្រះ​យេហូវ៉ា។ ជំនឿ​របស់​គាត់​មិន​ពឹង​លើ​អ្វី​ដែល​យ៉ូសែប​ធ្វើ​ឡើយ។ ម៉ារៀ​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់។ គាត់​ក៏​បាន​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​ដែរ។ (​លូក. ២:១៩, ៥១​) យើង​អាច​ប្រាកដ​ថា​ចំណង​មិត្តភាព​របស់​ម៉ារៀ​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​គាត់​ទៅ​ជា​ប្រពន្ធ​ដ៏​ល្អ​ប្រសើរ។ សព្វ​ថ្ងៃ​នេះ ប្រពន្ធ​ជា​ច្រើន​ខំ​យក​តម្រាប់​ម៉ារៀ។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ឈ្មោះ​អេមីកូ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​លីវ ខ្ញុំ​មាន​កាល​វិភាគ​គោរព​ប្រណិប័តន៍​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ក្រោយ​ពី​រៀប​ការ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ដោយ​សារ​ប្ដី​ខ្ញុំ​អធិដ្ឋាន​ឲ្យ​យើង​ពីរ​នាក់ ហើយ​នាំ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍ ជំនឿ​របស់​ខ្ញុំ​ពឹង​ទៅ​លើ​អ្វី​ដែល​គាត់​ធ្វើ។ ខ្ញុំ​ចាប់​ផ្ដើម​ឃើញ​ថា​ខ្ញុំ​ផ្ទាល់​ត្រូវ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​រឹង​មាំ។ ដូច្នេះ​ឥឡូវ ខ្ញុំ​លៃ​ទុក​ពេល​នៅ​ជា​មួយ​ព្រះ​យេហូវ៉ា​ម្នាក់​ឯង​ដោយ​អធិដ្ឋាន អាន​បទ​គម្ពីរ និង​រំពឹង​គិត​អំពី​គំនិត​របស់​លោក​»។ (​កាឡ. ៦:៥​) ប្រពន្ធ​ទាំង​ឡាយ កាល​ដែល​អ្នក​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ប្ដី​អ្នក​នឹង​កាន់​តែ​មាន​ហេតុ​សរសើរ​និង​ស្រឡាញ់​អ្នក។—សុភ. ៣១:៣០

៧. តើ​ប្ដី​ប្រពន្ធ​អាច​រៀន​អ្វី​ពី​យ៉ូសែប​និង​ម៉ារៀ​អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​គ្នា?

យ៉ូសែប​និង​ម៉ារៀ​ក៏​បាន​សហការ​គ្នា​ដើម្បី​រក្សា​ចំណង​មិត្តភាព​របស់​ពួក​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​រឹង​មាំ។ ពួកគាត់​បាន​យល់​ថា​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​គឺ​សំខាន់។ (​លូក. ២:២២​-​២៤, ៤១; ៤:១៦​) គឺ​ប្រហែល​ជា​ពិបាក​ឲ្យ​ធ្វើ​ដូច្នេះ ជា​ពិសេស​ពេល​ដែល​ពួក​គាត់​មាន​កូន​កាន់​តែ​ច្រើន ប៉ុន្តែ​ពួក​គាត់​នៅ​តែ​ធ្វើ​បាន។ នេះ​ពិត​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ចំពោះ​គូ​អាពាហ៍ពិពាហ៍​នៅ​សព្វ​ថ្ងៃ​នេះ​មែន! ដូច​យ៉ូសែប​និង​ម៉ារៀ បើ​អ្នក​មាន​កូន អ្នក​ប្រហែល​ជា​មិន​តែង​តែ​ស្រួល​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ ឬ​មាន​កាល​វិភាគ​សម្រាប់​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ទេ។ ប្រហែល​ជា​រឹត​តែ​ពិបាក​រក​ពេល​សិក្សា ឬ​អធិដ្ឋាន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ។ ប៉ុន្តែ សូម​ចាំ​ថា​ពេល​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា អ្នក​កាន់​តែ​ចូល​ទៅ​ជិត​លោក ហើយ​ជិត​ស្និទ្ធ​នឹង​គ្នា។ ដូច្នេះ សូម​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ថា​សំខាន់​បំផុត។

៨. តើ​គូ​ប្ដី​ប្រពន្ធ​ដែល​រកាំ​រកូស​នឹង​គ្នា​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ?

ចុះ​យ៉ាង​ណា​បើ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​កំពុង​រកាំ​រកូស? ការ​គិត​អំពី​ការ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ប្រហែល​ជា​ស្ដាប់​ទៅ​មិន​សូវ​គួរ​ឲ្យ​សប្បាយ​រីករាយ​ទេ។ បើ​ដូច្នេះ សូម​ចាប់​ផ្ដើម​ដោយ​ពិចារណា​អំពី​អ្វី​ដ៏​ខ្លី​ៗ​និង​សប្បាយ​ៗ ដែល​អ្នក​ទាំង​ពីរ​យល់​ស្រប​ចង់​ពិគ្រោះ​ជា​មួយ​គ្នា។ នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង ហើយ​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។

ចូរ​ចំណាយ​ពេល​ជា​មួយ​គ្នា

៩. ហេតុ​អ្វី​ប្ដី​ប្រពន្ធ​ត្រូវ​ចំណាយ​ពេល​ជា​មួយ​គ្នា?

ប្ដី​ប្រពន្ធ អ្នក​ក៏​អាច​បន្ត​ស្រឡាញ់​គ្នា​ជា​និច្ច​ដោយ​ចំណាយ​ពេល​ជា​មួយ​គ្នា។ ពេល​អ្នក​ធ្វើ​ដូច្នេះ នោះ​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​ដឹង​អំពី​គំនិត​និង​អារម្មណ៍​របស់​គូ​ខ្លួន។ (​ដក. ២:២៤​) បង​ស្រី​លីលីយ៉ា​និង​បង​ប្រុស​រ៉ូសស្លែន​បាន​រៀប​ការ​១៥​ឆ្នាំ​ជាង។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​ពួក​គាត់​បាន​ឃើញ​មិន​យូរ​ក្រោយ​ពី​ពួក​គាត់​បាន​រៀប​ការ។ បង​ស្រី​នោះ​និយាយ​ថា​៖ ​«​យើង​ទទួល​ស្គាល់​ថា​យើង​នឹង​មិន​មាន​ពេល​ច្រើន​ជា​មួយ​គ្នា​ដូច​ដែល​យើង​ធ្លាប់​គិត​ទេ។ មួយ​ថ្ងៃ​ៗ យើង​ជាប់​រវល់​ធ្វើ​ការ ធ្វើ​ការ​ងារ​ផ្ទះ ហើយ​ក្រោយ​មក​រវល់​ជា​មួយ​នឹង​កូន​ៗ។ យើង​ឃើញ​ថា បើ​យើង​មិន​លៃ​ទុក​ពេល​តែ​ពីរ​នាក់​ទេ យើង​អាច​អស់​ចិត្ត​ពី​គ្នា​បន្តិច​ម្ដង​ៗ​»។

១០. តើ​ប្ដី​ប្រពន្ធ​អាច​ធ្វើ​តាម​គោល​ការណ៍​នៅ​អេភេសូរ ៥:១៥, ១៦​យ៉ាង​ដូច​ម្ដេច?

១០ តើ​ប្ដី​ប្រពន្ធ​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​ចំណាយ​ពេល​ជា​មួយ​គ្នា? អ្នក​ប្រហែល​ជា​ត្រូវ​លៃ​ទុក​ពេល​ឬ​រៀប​កាល​វិភាគ​ដើម្បី​មាន​ពេល​ជា​មួយ​គ្នា។ (​សូម​អាន អេភេសូរ ៥:១៥, ១៦) បង​ប្រុស​ម្នាក់​ឈ្មោះ​អ៊ូហ្សុនឌូ​នៅ​ប្រទេស​នីហ្សេរីយ៉ា និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​រៀប​កាល​វិភាគ ខ្ញុំដាក់​បញ្ចូល​ពេល​ដែល​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​នឹង​ចំណាយ​តែពីរ​នាក់ ហើយ​ខ្ញុំ​ចាត់​ទុក​ពេល​វេលា​នោះ​ថា​សំខាន់​ណាស់​»។ (​ភី. ១:១០​) សូម​ពិចារណា​អំពី​របៀប​ដែល​បង​អាណាស្តាស៊ីយ៉ា​ដែល​ជា​ប្រពន្ធ​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​ប្រទេស​ម៉ុលដាវី ប្រើ​ពេល​វេលា​របស់​គាត់​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ធ្វើ​កិច្ច​ការ​ផ្ទាល់​ខ្លួន កាល​ដែល​ប្ដី​ខ្ញុំ​ជាប់​រវល់​បំពេញ​ភារកិច្ច​របស់​គាត់។ យ៉ាង​នេះ យើង​អាច​ចំណាយ​ពេល​ជា​មួយ​គ្នា​ក្រោយ​មក​»។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​ទាំង​ពីរ​ពិបាក​រក​ពេល​សម្រាប់​តែ​ពីរ​នាក់?

តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ជា​មួយ​គ្នា​ជា​ប្ដី​ប្រពន្ធ? (​សូម​មើល​វគ្គ​១១​-​១២​)

១១. តើ​អាគីឡា​និង​ព្រីស៊ីល​បាន​ធ្វើ​អ្វី​ខ្លះ​ជា​មួយ​គ្នា?

១១ ប្ដី​ប្រពន្ធ​អាច​រៀន​ពី​គំរូ​របស់​អាគីឡា​និង​ព្រីស៊ីល ជា​ប្ដី​ប្រពន្ធ​ដែល​ទទួល​ការ​គោរព​ស្រឡាញ់​ពី​គ្រិស្ត​សាសនិក​ជា​ច្រើន​នៅ​សម័យ​ដើម។ (​រ៉ូម ១៦:៣, ៤​) គម្ពីរ​មិន​ផ្ដល់​ព័ត៌មាន​ជា​ច្រើន​អំពី​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់​ទេ តែ​គម្ពីរ​ប្រាប់​ថា​ពួក​គាត់​បាន​រួម​ការ​ងារ ផ្សព្វ​ផ្សាយ និង​ជួយ​អ្នក​ឯ​ទៀត​ជា​មួយ​គ្នា។ (​សកម្ម. ១៨:២, ៣, ២៤​-​២៦​) តាម​ពិត ពេល​ណា​ដែល​គម្ពីរ​រៀប​រាប់​អំពី​អាគីឡា​និង​ព្រីស៊ីល នោះ​តែង​តែ​លើក​ឡើង​ពួក​គាត់​ជា​មួយ​គ្នា។

១២. តើ​ប្ដី​ប្រពន្ធ​អាច​ធ្វើ​អ្វី​ដើម្បី​ចំណាយ​ពេល​ជា​មួយ​គ្នា​ច្រើន​ជាង? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ តើ​ប្ដី​ប្រពន្ធ​អាច​យក​តម្រាប់​អាគីឡា​និង​ព្រីស៊ីល​យ៉ាង​ដូច​ម្ដេច? សូម​គិត​អំពី​អ្វី​ជា​ច្រើន​ដែល​អ្នក​និង​គូ​របស់​អ្នក​ត្រូវ​ធ្វើ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ទាំង​នេះ​ខ្លះ​ជា​មួយ​គ្នា ជា​ជាង​ធ្វើ​រៀង​ៗ​ខ្លួន​ឬ​ទេ? ជា​ឧទាហរណ៍ អាគីឡា​និង​ព្រីស៊ីល​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ តើ​អ្នក​មាន​គម្រោង​ធ្វើ​ដូច្នេះ​ជា​ទៀង​ទាត់​ឬ​ទេ? មួយ​វិញ​ទៀត អាគីឡា​និង​ព្រីស៊ីល​រួម​ការ​ងារ​ជា​មួយ​គ្នា។ អ្នក​និង​គូ​របស់​អ្នក​ប្រហែល​ជា​មិន​មាន​ការ​ងារ​ដូច​គ្នា​ទេ ប៉ុន្តែ​តើ​អ្នក​អាច​ធ្វើ​ការ​ងារ​ផ្ទះ​ជា​មួយ​គ្នា​ឬ​ទេ? (​អទ. ៤:៩​) ពេល​អ្នក​ជួយ​គ្នា​ធ្វើ​កិច្ច​ការ​ណា​មួយ អ្នក​ទាំង​ពីរ​កំពុង​សហការ​គ្នា និង​មាន​ឱកាស​និយាយ​គ្នា។ បង​ប្រុស​រ៉ូបឺត​និង​បង​ស្រី​លីនដា​បាន​រៀប​ការ​ជាង​៥០​ឆ្នាំ។ បង​រ៉ូបឺត​និយាយ​ថា​៖ ​«​និយាយ​ឲ្យ​ត្រង់ យើង​ពីរ​នាក់​មិន​សូវ​មាន​ពេល​ច្រើន​ដើម្បី​ធ្វើ​ការ​កម្សាន្ត​ជា​មួយ​គ្នា​ទេ។ ប៉ុន្តែ ពេល​ខ្ញុំ​លាង​ចាន ប្រពន្ធ​ខ្ញុំ​ជា​អ្នក​ជូត​ចាន ឬ​ពេល​ខ្ញុំ​ទៅ​ធ្វើ​សួន គាត់​ចេញ​មក​ជួយ​ខ្ញុំ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ការ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ជា​មួយ​គ្នា​នាំ​ឲ្យ​យើង​កាន់​តែ​ជិត​ស្និទ្ធ​គ្នា ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​បន្ត​កើន​ឡើង​»។

១៣. តើ​ប្ដី​ប្រពន្ធ​គួរ​ធ្វើ​អ្វី?

១៣ ប៉ុន្តែ សូម​ចាំ​ថា​ការ​គ្រាន់​តែ​នៅ​ជា​មួយ​គ្នា​ប៉ុណ្ណោះ​មិន​តែង​តែ​មាន​ន័យ​ថា​ប្ដី​ប្រពន្ធ​នឹង​កាន់​តែ​ជិត​ស្និទ្ធ​គ្នា​ឡើយ។ ប្រពន្ធ​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល​និយាយ​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ ជីវិត​របស់​យើង​គឺ​រវល់​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​យើង​ងាយ​គិត​ថា​យើង​ចំណាយ​ពេល​ជា​មួយ​គ្នា ដោយ​សារ​តែ​យើង​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ។ ដូច្នេះ ខ្ញុំ​យល់​ថា​គឺ​ត្រូវ​ធ្វើ​លើស​ពី​ការ​នៅ​ជា​មួយ​គ្នា។ ខ្ញុំ​ក៏​ត្រូវ​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្ដី​ខ្ញុំ​ត្រូវ​ការ​ដែរ​»។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​បង​ប្រុស​ប្រូណូ​និង​ប្រពន្ធ​របស់​គាត់​ថេអ៊ីស ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា។ បង​ប្រូណូ​និយាយ​ថា​៖ ​«​ក្នុង​អំឡុង​ពេល​យើង​ពីរ​នាក់​ទំនេរ យើង​ទុក​ទូរស័ព្ទ​មួយ​ឡែក ហើយ​ចំណាយ​ពេល​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​»។

១៤. បើ​ប្ដី​ប្រពន្ធ​មិន​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​គ្នា តើ​ពួក​គេ​អាច​ធ្វើ​អ្វី?

១៤ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​និង​គូ​របស់​អ្នក​មិន​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​គ្នា? ប្រហែល​ជា​ពួក​អ្នក​មាន​អ្វី​ដែល​ចូល​ចិត្ត​ធ្វើ​ខុស​គ្នា ឬ​ប្រហែល​ជា​ពួក​អ្នក​ឆាប់​ទើស​ចិត្ត​នឹង​គ្នា។ តើ​អ្នក​អាច​ធ្វើ​អ្វី? សូម​គិត​អំពី​ភ្នក់​ភ្លើង​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ។ ពេល​ទើប​តែ​បង្កាត់​ភ្លើង វា​មិន​ឆេះ​សន្ធោ​សន្ធៅ​ភ្លាម​ៗ​ទេ។ អ្នក​ត្រូវ​បន្ត​ដាក់​អុស​ធំ​ទៅ​ៗ​បន្តិច​ម្ដង​ៗ។ ស្រដៀង​គ្នា​ដែរ អ្នក​អាច​ចាប់​ផ្ដើម​ចំណាយ​ពេល​តែ​ប៉ុន្មាន​នាទី​ជា​មួយ​គ្នា​រាល់​ថ្ងៃ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​អ្នក​ធ្វើ​អ្វី​ដែល​ទាំង​ពីរ​នាក់​ចូល​ចិត្ត មិន​មែន​ធ្វើ​អ្វី​ដែល​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​នោះ​ទេ។ (​យ៉ា. ៣:១៨​) ដោយ​ចាប់​ផ្ដើម​ពី​បន្តិច​ម្ដង​ៗ អ្នក​ប្រហែល​ជា​ឃើញ​ថា​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ម្ដង​ទៀត។

ចូរ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​ការ​គោរព

១៥. ហេតុ​អ្វី​ការ​គោរព​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​រក្សា​សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​ឲ្យ​នៅ​ខ្លាំង​ជា​និច្ច?

១៥ ការ​គោរព​គឺ​សំខាន់​ចាំ​បាច់​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ ការ​គោរព​ប្រៀប​ដូច​ជា​អុកស៊ីហ្ស៊ែន​ដែល​អាច​ជួយ​ឲ្យ​ភ្នក់​ភ្លើង​បន្ត​ឆេះ​សន្ធោ​សន្ធៅ។ បើ​គ្មាន​អុកស៊ីហ្ស៊ែន​ទេ ភ្លើង​នឹង​ឆាប់​រលត់។ ស្រដៀង​គ្នា​ដែរ បើ​គ្មាន​ការ​គោរព សេចក្ដី​ស្រឡាញ់​របស់​ប្ដី​ប្រពន្ធ​នឹង​ឆាប់​រសាយ​ទៅ។ ផ្ទុយ​ទៅ​វិញ ប្ដី​ប្រពន្ធ​ដែល​ព្យាយាម​បង្ហាញ​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក កំពុង​រក្សា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ឲ្យ​នៅ​ខ្លាំង។ ប៉ុន្តែ សូម​ចាំ​ថា​គឺ​មិន​គ្រាន់​តែ​អ្នក​ដែល​គួរ​គិត​ថា​អ្នក​បង្ហាញ​ការ​គោរព​ចំពោះ​គូ​នោះ​ទេ តែ​សំខាន់​គឺ​គូ​របស់​អ្នក​គិត​ថា​គាត់​ទទួល​ការ​គោរព។ បង​ស្រី​ផេននី​និង​បង​ប្រុស​អេរេត​បាន​រៀប​ការ​ជាង​២៥​ឆ្នាំ។ បង​ផេននី​និយាយ​ថា​៖ ​«​ដោយ​សារ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​យើង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​អាច​និយាយ​អំពី​អារម្មណ៍​របស់​យើង​ដោយ​ឥត​លាក់​លៀម ព្រោះ​យើង​ដឹង​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ទស្សនៈ​របស់​គ្នា​»។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ឲ្យ​គូ​របស់​អ្នក​មាន​អារម្មណ៍​ថា​គាត់​ទទួល​ការ​គោរព? សូម​ពិចារណា​អំពី​គំរូ​របស់​អាប្រាហាំ​និង​សារ៉ា។

ប្ដី​ដែល​ជា​គ្រិស្ត​សាសនិក​ត្រូវ​ឲ្យ​តម្លៃ​ចំពោះ​អារម្មណ៍​របស់​ប្រពន្ធ ដោយ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នាង (​សូម​មើល​វគ្គ​១៦​)

១៦. តើ​ប្ដី​អាច​រៀន​អ្វី​ពី​គំរូ​របស់​អាប្រាហាំ? (​ពេត្រុស​ទី១ ៣:៧​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៦ អាប្រាហាំ​បាន​ប្រព្រឹត្ត​ចំពោះ​សារ៉ា​ដោយ​ការ​គោរព។ គាត់​បាន​យក​ទស្សនៈ​របស់​សារ៉ា​មក​ពិចារណា ហើយ​ឲ្យ​តម្លៃ​ចំពោះ​អារម្មណ៍​របស់​នាង។ នៅ​ពេល​មួយ សារ៉ា​មាន​ការ​តាន​តឹង​ចិត្ត ហើយ​នាង​បាន​ប្រាប់​អាប្រាហាំ​អំពី​អារម្មណ៍​របស់​នាង ហើយ​ថែម​ទាំង​បន្ទោស​គាត់​ចំពោះ​បញ្ហា​នោះ។ តើ​អាប្រាហាំ​បាន​ខឹង​និង​និយាយ​ដោយ​មិន​សប្បុរស​ឬ​ទេ? គាត់​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ គាត់​ដឹង​ថា​សារ៉ា​ជា​ប្រពន្ធ​ដែល​ចុះ​ចូល​និង​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់។ អាប្រាហាំ​បាន​ស្ដាប់​នាង ហើយ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​នោះ។ (​ដក. ១៦:៥, ៦​) តើ​យើង​អាច​រៀន​អ្វី? ប្ដី​ទាំង​ឡាយ អ្នក​មាន​សិទ្ធិ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក។ (​១កូ. ១១:៣​) ប៉ុន្តែ ទង្វើ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​គឺ​គិត​អំពី​ទស្សនៈ​របស់​ប្រពន្ធ​មុន​ធ្វើ​ការ​សម្រេច​ចិត្ត ជា​ពិសេស​បើ​ការ​សម្រេច​ចិត្ត​នោះ​នឹង​មាន​ឥទ្ធិពល​លើ​នាង។ (​១កូ. ១៣:៤, ៥​) នៅ​ពេល​ផ្សេង​ទៀត ប្រពន្ធ​របស់​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​តាន​តឹង​ចិត្ត ហើយ​ប្រហែល​ជា​ត្រូវ​ប្រាប់​អំពី​អារម្មណ៍​របស់​នាង។ តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​អារម្មណ៍​របស់​នាង​ដោយ​ស្ដាប់​នាង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? (​សូម​អាន ពេត្រុស​ទី១ ៣:៧) បង​ស្រី​អេនចឺឡា​និង​បង​ប្រុស​ឌីមិទ្រី​បាន​រៀប​ការ​ជិត​៣០​ឆ្នាំ។ បង​អេនចឺឡា​ពន្យល់​អំពី​របៀប​ដែល​ប្ដី​គាត់​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​គាត់​ទទួល​ការ​គោរព។ គាត់​និយាយ​ថា​៖ ​«​បង​ឌីមិទ្រី​តែង​តែ​ប្រុង​ស្ដាប់​ខ្ញុំ​ពេល​ខ្ញុំ​ចង់​និយាយ ឬ​ពេល​ខ្ញុំ​ពិបាក​ចិត្ត។ គាត់​អត់​ធ្មត់​នឹង​ខ្ញុំ ទោះ​ជា​ពេល​ដែល​ខ្ញុំ​មិន​និយាយ​តាម​សម្រួល​ក្ដី​»។

១៧. តើ​ប្រពន្ធ​អាច​រៀន​អ្វី​ពី​គំរូ​របស់​សារ៉ា? (​ពេត្រុស​ទី១ ៣:៥, ៦​)

១៧ សារ៉ា​គោរព​អាប្រាហាំ​ដោយ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់។ (​ដក. ១២:៥​) នៅ​ពេល​មួយ អាប្រាហាំ​បាន​សម្រេច​ចិត្ត​ទទួល​ភ្ញៀវ​ដែល​ស្រាប់​តែ​មក​យ៉ាង​រាក់​ទាក់។ គាត់​បាន​សុំ​សារ៉ា​ឲ្យ​ឈប់​ធ្វើ​អ្វី​ដែល​នាង​កំពុង​ធ្វើ ហើយ​ធ្វើ​នំ​ប៉័ង​ច្រើន។ (​ដក. ១៨:៦​) សារ៉ា​បាន​ធ្វើ​តាម​ភ្លាម​ៗ ហើយ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​អាប្រាហាំ។ ប្រពន្ធ​ទាំង​ឡាយ អ្នក​អាច​យក​តម្រាប់​សារ៉ា​ដោយ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ប្ដី។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ (​សូម​អាន ពេត្រុស​ទី១ ៣:៥, ៦) បង​ឌីមិទ្រី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​វគ្គ​មុន​បាន​ពន្យល់​អំពី​របៀប​ដែល​ប្រពន្ធ​របស់​គាត់​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​គាត់​ទទួល​ការ​គោរព។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ឲ្យ​តម្លៃ​ការ​ខំ​ប្រឹង​របស់​អេនចឺឡា​ដើម្បី​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ទោះ​ជា​នាង​មិន​យល់​ស្រប​ក៏​ដោយ។ បើ​លទ្ធផល​ចេញ​មក​មិន​ល្អ នាង​មិន​រិះ​គន់​ខ្ញុំ​ទេ​»។ គឺ​ស្រួល​ឲ្យ​ស្រឡាញ់​បុគ្គល​ដែល​គោរព​យើង!

១៨. តើ​ប្ដី​ប្រពន្ធ​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ខំ​ប្រឹង​រក្សា​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ឲ្យ​ខ្លាំង​ជា​និច្ច?

១៨ សព្វ​ថ្ងៃ​នេះ សាថាន​ចង់​ពន្លត់​សេចក្ដី​ស្រឡាញ់​ដែល​មាន​ក្នុង​អាពាហ៍ពិពាហ៍​របស់​គ្រិស្ត​សាសនិក។ វា​ដឹង​ថា​បើ​ប្ដី​ប្រពន្ធ​លែង​ស្រឡាញ់​គ្នា ពួក​គេ​ប្រហែល​ជា​ចាប់​ផ្ដើម​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​ពិត​មិន​អាច​ពន្លត់​បាន​ឡើយ! ដូច្នេះ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​ប្រៀប​ដូច​ជា​សេចក្ដី​ស្រឡាញ់​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​បទ​ចម្រៀង​សាឡូម៉ូន។ ចូរ​តាំង​ចិត្ត​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក លៃ​ទុក​ពេល​ឲ្យ​គ្នា ហើយ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​និង​ឲ្យ​តម្លៃ​ចំពោះអារម្មណ៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​ពិត​ទទួល​ការ​សរសើរ​តម្កើង ហើយ​ដូច​ភ្នក់​ភ្លើង​ដែល​គេ​បន្ថែម​អុស​ជា​និច្ច សេចក្ដី​ស្រឡាញ់​របស់​អ្នក​នឹង​ឆេះ​សន្ធោ​សន្ធៅ​ជា​ដរាប។

ចម្រៀង​លេខ​១៣២ យើង​ជា​សាច់​ឈាម​តែ​មួយ

a អាពាហ៍ពិពាហ៍​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្សជាតិ។ ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ប្ដី​និង​ប្រពន្ធ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ចំពោះ​គ្នា។ ប៉ុន្តែ ជួន​កាល​សេចក្ដី​ស្រឡាញ់​នោះ​អាច​រសាយ​ទៅ។ បើ​អ្នក​បាន​រៀប​ការ​រួច​ហើយ អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​ស្រឡាញ់​គូ​របស់​អ្នក ហើយ​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។

b សេចក្ដី​ស្រឡាញ់​ពិត​ដែល​មិន​ប្រែ​ប្រួល​និង​គង់​វង្ស បាន​ត្រូវ​ហៅ​ថា​«​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា​»​ ដោយ​សារ​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​បង្កើត​សេចក្ដី​ស្រឡាញ់​បែប​នេះ។

c ទោះ​ជា​គូ​របស់​អ្នក​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ក្ដី អ្នក​ប្រហែល​ជា​ឃើញ​ថា​យោបល់​ក្នុង​អត្ថបទ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។—១កូ. ៧:១២​-​១៤; ១ពេ. ៣:១, ២

d ជា​ឧទាហរណ៍ សូម​គិត​អំពី​យោបល់​ក្នុង​អត្ថបទ​ត​ភាគ​«​ជំនួយ​សម្រាប់​ក្រុម​គ្រួសារ​»​ ដែល​មាន​នៅ​ក្នុង​គេហទំព័រ​jw.org/km និង​ក្នុង​កម្ម​វិធី​JW​បណ្ណាល័យ។