លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២១

របៀបព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង

របៀបព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង

​«​យើង​ដឹង​ថា​យើង​នឹង​ទទួល ពីព្រោះ​យើង​បាន​សុំ​ពី​លោក​»។—១យ៉ូន. ៥:១៥

ចម្រៀង​លេខ​៤១ សូម​លោក​ស្ដាប់​ខ្ញុំ​អធិដ្ឋាន

សេចក្ដី​សង្ខេប a

១​-​២. ស្ដី​អំពី​សេចក្ដី​អធិដ្ឋាន​របស់​យើង តើ​យើង​ប្រហែល​ជា​ឆ្ងល់​អំពី​អ្វី?

 តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ឬ​យ៉ាង​ណា​ទេ? បើ​ដូច្នេះ មិន​មែន​មាន​តែ​អ្នក​ប៉ុណ្ណោះ​ទេ។ បង​ប្អូន​ជា​ច្រើន​នាក់​ក៏​បាន​និយាយ​ថា​ពួក​គេ​ឆ្ងល់​អំពី​រឿង​នេះ​ដែរ ជា​ពិសេស​ពេល​ពួក​គេ​ជួប​បញ្ហា។ បើ​យើង​កំពុង​រង​ទុក្ខ យើង​ក៏​ប្រហែល​ជា​ពិបាក​កត់​សម្គាល់​ជាង​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។

សូម​យើង​ពិចារណា​ឡើង​វិញ​អំពី​មូលហេតុ​ដែល​យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ (​១យ៉ូន. ៥:១៥​) យើង​ក៏​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ​ដែរ​គឺ​៖ ហេតុ​អ្វី​ជួន​កាល​មើល​ទៅ​ព្រះ​យេហូវ៉ា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង? តើ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា?

ព្រះ​យេហូវ៉ា​ប្រហែល​ជា​តប​ឆ្លើយ​តាម​របៀប​ដែល​យើង​មិន​នឹក​ស្មាន

៣. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក?

បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ថា​យើង​មាន​តម្លៃ​ចំពោះ​លោក។ (​ហាក. ២:៧; ១យ៉ូន. ៤:១០​) នេះ​ជា​មូលហេតុ​ដែល​លោក​អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក។ (​១ពេ. ៥:៦, ៧​) លោក​ចង់​ជួយ​យើង​ឲ្យ​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​លោក ហើយ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ដែល​យើង​ជួប​ប្រទះ។

ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ដាវីឌ​ដោយ​សង្គ្រោះ​គាត់​ពី​ពួក​សត្រូវ (​សូម​មើល​វគ្គ​៤​)

៤. ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ក្នុង​គម្ពីរ យើង​ច្រើន​តែ​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ តើ​អ្នក​អាច​គិត​អំពី​ឧទាហរណ៍​មួយ​បាន​ឬ​ទេ? សូម​គិត​អំពី​ស្ដេច​ដាវីឌ។ គាត់​មាន​សត្រូវ​ដ៏​សាហាវ​ឃោរឃៅ​ជា​ច្រើន​ក្នុង​ជីវិត​របស់​គាត់ ហើយ​គាត់​ច្រើន​តែ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ នៅ​ពេល​មួយ គាត់​បាន​អង្វរ​សុំ​លោក​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា សូម​លោក​ឮ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ សូម​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ។ សូម​មេត្តា​ឆ្លើយ​តប​មក​ខ្ញុំ ព្រោះ​លោក​សុចរិត​និង​ស្មោះ​ត្រង់​»។ (​ចសព. ១៤៣:១​) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​អង្វរ​សុំ​សង្គ្រោះ​របស់​ដាវីឌ។ (​១សាំ. ១៩:១០, ១៨​-​២០; ២សាំ. ៥:១៧​-​២៥​) ហេតុ​នេះ ដាវីឌ​អាច​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​៖ ​«​ព្រះ​យេហូវ៉ា​នៅ​ជិត​អស់​អ្នក​ដែល​ហៅ​រក​លោក​»។ យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​បែប​នេះ​ដែរ។—ចសព. ១៤៥:១៨

ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ប៉ូល​ដោយ​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ (​សូម​មើល​វគ្គ​៥​)

៥. តើ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​អតីតកាល​តែង​តែ​បាន​ត្រូវ​តប​ឆ្លើយ​តាម​របៀប​ដែល​ពួក​គេ​នឹក​ស្មាន​ឬ​ទេ? សូម​លើក​ឧទាហរណ៍។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដូច​ការ​រំពឹង​ទុក​របស់​យើង​ឡើយ។ នេះ​បាន​កើត​ឡើង​ចំពោះ​សាវ័ក​ប៉ូល។ គាត់​បាន​សុំ​ព្រះ​ឲ្យ​ដក​ចេញ​នូវ​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​របស់​គាត់។ អស់​បី​ដង ប៉ូល​បាន​អធិដ្ឋាន​អំពី​ការ​ពិបាក​នោះ។ តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​ឬ​ទេ? គឺ​មែន ប៉ុន្តែ​លោក​បាន​តប​ឆ្លើយ​តាម​របៀប​ដែល​ប៉ូល​មិន​បាន​រំពឹង​ទុក។ ជា​ជាង​បំបាត់​ចោល​បញ្ហា​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។—២កូ. ១២:​៧​-​១០

៦. ហេតុ​អ្វី​ជួន​កាល​ប្រហែល​ជា​មើល​ទៅ​ព្រះ​យេហូវ៉ា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង?

ជួន​កាល យើង​ក៏​ប្រហែល​ជា​ទទួល​ចម្លើយ​ដែល​ខុស​ពី​អ្វី​ដែល​យើង​នឹក​ស្មាន​ដែរ។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​អំពី​របៀប​ល្អ​បំផុត​ដើម្បី​ជួយ​យើង។ លោក​ថែម​ទាំង​អាច​«​ធ្វើ​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​សុំ​ឬ​គិត​ឃើញ​»។ (​អេភ. ៣:២០​) ហេតុ​នេះ ការ​តប​ឆ្លើយ​របស់​លោក​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​អាច​មក​នៅ​ពេល ឬ​តាម​របៀប​មួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់។

៧. ហេតុ​អ្វី​យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​សំណូម​ពរ​របស់​យើង? សូម​លើក​ឧទាហរណ៍​មួយ។

យើង​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្ដូរ​សំណូម​ពរ​ក្នុង​ការ​អធិដ្ឋាន កាល​ដែល​យើង​ស្គាល់​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់។ សូម​គិត​អំពី​គំរូ​របស់​បង​ម៉ាធិន ផូស៊ីងហ្គើ។ មិន​យូរ​ក្រោយ​ពី​បង​ផូស៊ីងហ្គើ​រៀប​ការ គាត់​បាន​ត្រូវ​ជាប់​ឃុំ​នៅ​ជំរំ​ឃុំ​ឃាំង​របស់​ពួក​ណាត្ស៊ី។ ដំបូង គាត់​បានសុំព្រះ​យេហូវ៉ា​ឲ្យ​ដោះ​លែង​គាត់​ចេញ​ពី​ជំរំ​ឃុំ​ឃាំង​នោះ​ដើម្បីគាត់​អាច​មើល​ថែ​ប្រពន្ធ​របស់​គាត់​និង​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត។ ទោះ​ជា​ពីរ​សប្ដាហ៍​កន្លង​ទៅ​ក្ដី មើល​ទៅ​ព្រះ​យេហូវ៉ា​មិន​បើក​ផ្លូវ​ឲ្យ​គាត់​ចេញ​ទេ។ ដូច្នេះ គាត់​បាន​ចាប់​ផ្ដើម​អធិដ្ឋាន​ថា​៖ ​«​ព្រះ​យេហូវ៉ា​អើយ សូម​បង្ហាញ​ខ្ញុំ​អំពី​អ្វី​ដែល​លោក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ផង​»។ បន្ទាប់​មក គាត់​ចាប់​ផ្ដើម​គិត​អំពី​អ្វី​ដែល​បង​ប្អូន​ប្រុស​ៗ​ឯ​ទៀត​ក្នុង​ជំរំ​នោះ​កំពុង​ស៊ូ​ទ្រាំ។ គាត់​ឃើញ​ថា​បង​ប្អូន​ជា​ច្រើន​នាក់​នោះ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ប្រពន្ធ​និង​កូន​របស់​ពួក​គេ។ បង​ផូស៊ីងហ្គើ​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា សូម​អរគុណ​ដែល​លោក​ឲ្យ​ខ្ញុំ​មាន​ភារកិច្ច​ថ្មី។ សូម​ជួយ​ខ្ញុំ​ឲ្យ​ពង្រឹង​កម្លាំង​និង​លើក​ទឹក​ចិត្ត​បង​ប្អូន​របស់​ខ្ញុំ​ផង​»។ គាត់​បាន​ធ្វើ​ដូច្នេះ​អស់​៩​ឆ្នាំ​ដែល​គាត់​នៅ​ក្នុង​ជំរំ​ឃុំ​ឃាំង!

៨. តើ​យើង​គួរ​ចាំ​អំពី​រឿង​ដ៏​សំខាន់​អ្វី​ពេល​អធិដ្ឋាន?

យើង​ត្រូវ​ចាំ​ថា​ព្រះ​យេហូវ៉ា​មាន​គោល​បំណង​មួយ ហើយ​ថា​លោក​នឹង​សម្រេច​គោល​បំណង​នោះ​នៅ​ពេល​កំណត់​របស់​លោក។ គោល​បំណង​នោះ​រួម​មាន​ការ​បំបាត់​ចោល​ទាំង​ស្រុង​និង​ជា​រៀង​រហូត​នូវ​បញ្ហា​ទាំង​អស់​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ ដូច​ជា​មហន្តរាយ​ធម្មជាតិ ជំងឺ និង​សេចក្ដី​ស្លាប់​ជា​ដើម។ ព្រះ​យេហូវ៉ា​នឹង​សម្រេច​គោល​បំណង​របស់​លោក​តាម​រយៈ​រាជាណាចក្រ​លោក។ (​ដាន. ២:៤៤; បប. ២១:៣, ៤​) ប៉ុន្តែ​ទម្រាំ​ដល់​ពេល​នោះ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​សាថាន​គ្រប់​គ្រង​ពិភព​លោក។ b (​យ៉ូន. ១២:៣១; បប. ១២:៩​) បើ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ​នៅ​ឥឡូវ​នេះ នោះ​ប្រហែល​ជា​មើល​ទៅ​សាថាន​កំពុង​គ្រប់​គ្រង​ពិភព​លោក​យ៉ាង​ល្អ។ ដូច្នេះ ទោះ​ជា​យើង​ត្រូវ​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​សម្រេច​សេចក្ដី​សន្យា​ខ្លះ​ៗ​ក្ដី នេះ​មិន​មាន​ន័យ​ថា​លោក​ទុក​យើង​ចោល​ដោយ​មិន​ជួយ​នោះ​ទេ។ សូម​យើង​ពិចារណា​អំពី​របៀប​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង។

របៀប​ដែល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​នៅ​សព្វ​ថ្ងៃ​នេះ

៩. តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​យ៉ាង​ណា​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត? សូម​ឲ្យ​ឧទាហរណ៍។

លោក​ផ្ដល់​ប្រាជ្ញា​ឲ្យ​យើង។ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ផ្ដល់​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ជា​ពិសេស យើង​ត្រូវ​ការ​ប្រាជ្ញា​ពី​ព្រះ​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​មាន​ឥទ្ធិពល​លើ​យើង​អស់​មួយ​ជីវិត ដូច​ជា​ការ​សម្រេច​ចិត្ត​ថា​នៅ​លីវ​ឬ​រៀប​ការ​ជា​ដើម។ (​យ៉ា. ១:៥​) សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​នៅ​លីវ​ម្នាក់​ឈ្មោះ​ម៉ារៀ។ c គាត់​កំពុង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​យ៉ាង​សប្បាយ​រីករាយ កាល​ដែល​គាត់​ជួប​បង​ប្រុស​ម្នាក់។ គាត់​និយាយ​ថា​៖ ​«​កាល​ដែល​ចំណង​មិត្តភាព​របស់​យើង​កាន់​តែ​ជិត​ស្និទ្ធ​ទៅ យើង​កាន់​តែ​ចូល​ចិត្ត​គ្នា។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ ហើយ​ខ្ញុំ​បាន​អធិដ្ឋាន​ច្រើន​អំពី​រឿង​នេះ។ ខ្ញុំ​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ប៉ុន្តែ​ខ្ញុំ​ក៏​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ឲ្យ​ខ្ញុំ​ទេ​»។ គាត់​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​ដែល​សុំ​ប្រាជ្ញា។ តើ​តាម​របៀប​ណា? កាល​ដែល​គាត់​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​របស់​យើង គាត់​បាន​រក​ឃើញ​អត្ថបទ​ដែល​បាន​ជួយ​គាត់​ឲ្យ​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ដែល​គាត់​មាន។ គាត់​ក៏​ស្ដាប់​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​ម្ដាយ​ដ៏​ស្មោះ​ត្រង់​របស់​គាត់។ យោបល់​នោះ​បាន​ជួយ​បង​ម៉ារៀ​ឲ្យ​ពិចារណា​អំពី​អារម្មណ៍​របស់​គាត់។ ដូច្នេះ គាត់​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ឲ្យ​កម្លាំង​ដល់​យើង​ដើម្បី​ស៊ូ​ទ្រាំ? (​សូម​មើល​វគ្គ​១០​)

១០. យោង​ទៅ​តាម​ភីលីព ៤:១៣ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ដើម្បី​ជួយ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក? សូម​ឲ្យ​ឧទាហរណ៍​មួយ។ (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១០ លោក​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ។ ដូច​លោក​បាន​ធ្វើ​ចំពោះ​សាវ័ក​ប៉ូល ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​យើង។ (​សូម​អាន ភីលីព ៤:១៣) សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​បង​ប្រុស​ម្នាក់​ឈ្មោះ​បេនយ៉ាមីន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ពិបាក។ ក្នុង​អំឡុង​កុមារភាព​របស់​បង​បេនយ៉ាមីន ភាគ​ច្រើន​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នា​ទ្វីប​អាហ្វ្រិក។ បង​បេនយ៉ាមីន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​ជា​និច្ច​ទៅ​ព្រះ​យេហូវ៉ា ដោយ​សុំ​លោក​ឲ្យ​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ​ដើម្បី​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ត។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ដោយ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ចិត្ត​ក្លាហាន​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ ព្រម​ទាំង​សៀវភៅ​ផ្សេង​ៗ​ដើម្បី​ខ្ញុំ​អាច​រក្សា​ខ្លួន​នៅ​ជិត​ស្និទ្ធ​នឹង​លោក​»។ គាត់​ក៏​និយាយ​ថា​៖ ​«​ការ​អាន​បទ​ពិសោធន៍​របស់​បង​ប្អូន​រួម​ជំនឿ​និង​ការ​រៀន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ បាន​ពង្រឹង​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​»។

តើ​អ្នក​ធ្លាប់​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ? (​សូម​មើល​វគ្គ​១១​-​១២​) d

១១​-​១២. តើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ប្រើ​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច ដើម្បី​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១១ លោក​ប្រើ​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង។ នៅ​យប់​មុន​លោក​យេស៊ូ​លះ​បង់​ជីវិត​ខ្លួន លោក​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត។ លោក​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​រួច​ពី​ការ​តិះ​ដៀល​ដែល​មក​ពី​ការ​ចាត់​ទុក​លោក​ជា​អ្នក​ប្រមាថ​ព្រះ។ ជា​ជាង​ធ្វើ​តាម​សំណូម​ពរ​នោះ ព្រះ​យេហូវ៉ា​បាន​ជួយ​លោក​យេស៊ូ​ដោយ​ចាត់​ទេវតា​មួយ​រូប​ដែល​ជា​បង​ប្អូន​របស់​លោក​ឲ្យ​ពង្រឹង​កម្លាំង​លោក។ (​លូក. ២២:៤២, ៤៣​) ព្រះ​យេហូវ៉ា​ក៏​ប្រហែលជា​ជួយ​យើង​តាម​រយៈ​ការ​ទូរស័ព្ទ​ឬ​ការ​សួរ​សុខ​ទុក្ខ​ដែល​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​របស់​យើង។ យើង​ទាំង​អស់​គ្នា​អាច​រក​ឱកាស​ដើម្បី​និយាយ​«​ពាក្យ​សម្ដី​ល្អ​»​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ។—សុភ. ១២:២៥

១២ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​មៀរាម។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ប្ដី​របស់​គាត់​ស្លាប់ បង​មៀរាម​កើត​ទុក្ខ​នៅ​ផ្ទះ​ម្នាក់​ឯង និង​ធ្លាក់​ទឹក​ចិត្ត។ គាត់​យំ​រហូត ហើយ​ត្រូវ​ការ​អ្នក​ណា​ម្នាក់​និយាយ​ជា​មួយ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​គ្មាន​កម្លាំង​ទូរស័ព្ទ​ទៅ​អ្នក​ណា​ទេ ដូច្នេះ​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ កាល​ដែល​ខ្ញុំ​កំពុង​យំ​បណ្ដើរ​អធិដ្ឋាន​បណ្ដើរ ទូរស័ព្ទ​របស់​ខ្ញុំ​បាន​រោទ៍។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ជា​មិត្ត​ជា​ទី​ស្រឡាញ់​បាន​ទូរស័ព្ទ​មក​»។ បង​មៀរាម​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​អ្នក​ចាស់​ទុំ​នោះ​និង​ប្រពន្ធ​របស់​គាត់។ គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​បង​ប្រុស​នោះ​ឲ្យ​ទូរស័ព្ទ​មក។

តើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ជំរុញ​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៣​-​១៤​)

១៣. សូម​លើក​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​ប្រើ​ពួក​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​លោក​ឲ្យ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។

១៣ លោក​ប្រហែល​ជា​ប្រើ​មនុស្ស​ដែល​មិន​គោរព​ប្រណិប័តន៍​លោក។ (​សុភ. ២១:១​) ជួន​កាល ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​រាស្ត្រ​លោក​ដោយ​ជំរុញ​ចិត្ត​អ្នក​មិន​ជឿ​ឲ្យ​ជួយ​ពួក​គេ។ ជា​ឧទាហរណ៍ លោក​បាន​ជំរុញ​ចិត្ត​ស្ដេច​អើថាស៊ើកសេស​ឲ្យ​ធ្វើ​តាម​សំណូម​ពរ​របស់​នេហេមា​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​គាត់​អាច​ជួយ​សង់​ក្រុង​នោះ​ឡើង​វិញ។ (​នេហ. ២:៣​-​៦​) នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ព្រះ​យេហូវ៉ា​អាច​ជំរុញ​ចិត្ត​សូម្បី​តែ​ពួក​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​លោក​ឲ្យ​ជួយ​យើង​ពេល​ដែល​យើង​ត្រូវ​ការ។

១៤. តើ​បទ​ពិសោធន៍​របស់​បង​ស៊ូហ៊ីង​បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ បង​ស្រី​ម្នាក់​ឈ្មោះ​ស៊ូហ៊ីង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​តាម​រយៈ​គ្រូ​ពេទ្យ​ម្នាក់។ កូន​ប្រុស​របស់​គាត់​មាន​ជំងឺ​ផ្សេង​ៗ​ខាង​ផ្លូវ​ចិត្ត។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​កូន​ប្រុស​របស់​គាត់​ជួប​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ គាត់​និង​ប្ដី​របស់​គាត់​បាន​លា​ឈប់​ពី​ការ​ងារ​ដើម្បី​មើល​ថែ​កូន​ប្រុស​នោះ។ ជា​លទ្ធផល ពួក​គេ​មាន​បញ្ហា​លុយ​កាក់។ បង​ស៊ូហ៊ីង​និយាយ​ថា​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គាត់​ហាក់​ដូច​ជា​ខ្សែ​កៅស៊ូ​ដែល​យឺត​យ៉ាង​តឹង គឺ​គាត់​មិន​អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​លើស​ពី​នោះ​ទេ។ គាត់​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​ដោយ​សុំ​ជំនួយ​ពី​លោក។ គ្រូ​ពេទ្យ​ម្នាក់​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​របស់​បង​ស៊ូហ៊ីង។ ហេតុ​នេះ ពួក​គេ​បាន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​និង​មាន​កន្លែង​ស្នាក់​នៅ​ដែល​មាន​តម្លៃ​សមរម្យ។ ក្រោយ​មក បង​ស៊ូហ៊ីង​និយាយ​ថា​៖ ​«​យើង​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង។ លោក​ពិត​ជា​‹ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន›​មែន​»។—ចសព. ៦៥:២

យើង​ត្រូវ​ការ​ជំនឿ​ដើម្បី​ស្វែង​រក​និង​ទទួល​យក​ចម្លើយ​ពី​ព្រះ​យេហូវ៉ា

១៥. តើ​អ្វី​បាន​ជួយ​បង​ស្រី​ម្នាក់​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់?

១៥ តាម​ធម្មតា សេចក្ដី​អធិដ្ឋាន​របស់​យើង​មិន​បាន​ត្រូវ​តប​ឆ្លើយ​តាម​របៀប​ដ៏​អស្ចារ្យ​ទេ។ ប៉ុន្តែ ចម្លើយ​ដែល​យើង​ទទួល​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ ដូច្នេះ សូម​ព្យាយាម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ បង​ស្រី​ម្នាក់​ឈ្មោះ​យ៉ូកូ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់ តែ​ក្រោយ​មក​គាត់​បាន​ចាប់​ផ្ដើម​សរសេរ​អ្វី​ដែល​គាត់​បាន​សុំ​ពី​ព្រះ​យេហូវ៉ា​ក្នុង​សៀវភៅ​កំណត់​មួយ។ ទាល់​តែ​មួយ​រយៈ​ពេល​បាន​កន្លង​ផុត​ទៅ ទើប​គាត់​បាន​មើល​សៀវភៅ​កំណត់​របស់​គាត់​ឡើង​វិញ ហើយ​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ភាគ​ច្រើន​របស់​គាត់ សូម្បី​តែ​សេចក្ដី​អធិដ្ឋាន​ខ្លះ​ដែល​គាត់​បាន​ភ្លេច​ហើយ ក៏​លោក​បាន​តប​ឆ្លើយ​ដែរ។ ម្ដង​ម្កាល យើង​ត្រូវ​ផ្អាក​និង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។—ចសព. ៦៦:១៩, ២០

១៦. ស្ដី​អំពី​សេចក្ដី​អធិដ្ឋាន តើ​យើង​អាច​បង្ហាញ​ជំនឿ​យ៉ាង​ដូច​ម្ដេច? (​ហេប្រឺ ១១:៦​)

១៦ យើង​បង្ហាញ​ជំនឿ​មិន​គ្រាន់​តែ​ដោយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​ទទួល​យក​ចម្លើយ​ពី​លោក​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង មិន​ថា​នោះ​គឺ​ចម្លើយ​បែប​ណា​ក្ដី។ (​សូម​អាន ហេប្រឺ ១១:៦) សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ម៉ៃក៍​និង​បង​គ្រីស៊ី​ដែល​ជា​ប្រពន្ធ​គាត់។ ពួក​គាត់​មាន​គោល​ដៅ​បម្រើ​នៅ​បេតអែល។ បង​ម៉ៃក៍​និយាយ​ថា​៖ ​«​អស់​ជា​ច្រើន​ឆ្នាំ​យើង​បាន​ដាក់​ពាក្យ​សុំ​ជា​គូ​ប្ដី​ប្រពន្ធ ហើយ​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​ព្រះ​យេហូវ៉ា​អំពី​គោល​ដៅ​នេះ តែ​យើង​មិន​ដែល​បាន​ទទួល​ការ​អញ្ជើញ​ឡើយ​»។ បង​ម៉ៃក៍​និង​បង​គ្រីស៊ី​បាន​បន្ត​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​ដឹង​អំពី​របៀប​ល្អ​បំផុត​ដើម្បី​ប្រើ​ពួក​គាត់​ក្នុង​កិច្ច​បម្រើ​របស់​លោក។ ពួក​គាត់​បាន​បន្ត​ខំ​អស់​ពី​សមត្ថភាព​ដោយ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង និង​ដោយ​គាំទ្រ​គម្រោង​សាង​សង់​អគារ​សម្រាប់​អង្គការ​ព្រះ​យេហូវ៉ា។ សព្វ​ថ្ងៃ​នេះ ពួក​គាត់​ធ្វើ​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ បង​ម៉ៃក៍​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ដែល​យើង​បាន​រំពឹង​ទុក​ឡើយ។ ប៉ុន្តែ លោក​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ ហើយ​លោក​ធ្វើ​ដូច្នេះ​តាម​របៀប​ដែល​ល្អ​ប្រសើរ​ជាង​យើង​នឹក​ស្មាន​ទៅ​ទៀត​»។

១៧​-​១៨. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ៨៦:៦, ៧ តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

១៧ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៨៦:៦, ៧ ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ស្ដាប់​និង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ អ្នក​ក៏​អាច​មាន​ការ​ជឿ​ជាក់​ដូច​នេះ​ដែរ។ គំរូ​ដែល​បាន​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​នេះ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​យេហូវ៉ា​អាច​ឲ្យ​យើង​ប្រាជ្ញា​និង​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ លោក​ប្រហែល​ជា​ប្រើ​ក្រុម​គ្រួសារ​រួម​ជំនឿ​របស់​យើង ឬ​ថែម​ទាំង​ពួក​អ្នក​ដែល​មិន​ទាន់​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក​ដើម្បី​ជួយ​យើង​តាម​របៀប​ណា​មួយ។

១៨ ទោះ​ជា​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ដែល​យើង​នឹក​ស្មាន​ក្ដី យើង​ដឹង​ថា​លោក​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ។ លោក​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​និង​នៅ​ចំ​ពេល។ ដូច្នេះ សូម​បន្ត​អធិដ្ឋាន​ដោយ​មាន​ជំនឿ និង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​អ្នក​នៅ​ឥឡូវ​នេះ ហើយ​ថា​លោក​នឹង​«​បំពេញ​បំណង​ប្រាថ្នា​របស់​ជីវិត​ទាំង​ឡាយ​»​ក្នុង​ពិភព​លោក​ថ្មី​ដែល​នឹង​មក​ដល់។—ចសព. ១៤៥:១៦

ចម្រៀង​លេខ​៤៦ យើង​អរគុណ​ព្រះ​យេហូវ៉ា

a ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​លោក​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង បើ​នោះ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ ពេល​យើង​ជួប​ទុក្ខ​លំបាក យើង​អាច​ជឿ​ជាក់​ថា​លោក​នឹង​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។

b ដើម្បី​អាន​ការ​ពន្យល់​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​សាថាន​គ្រប់​គ្រង​ពិភព​លោក សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​ដ៏​សំខាន់​»​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មិថុនា ឆ្នាំ​២០១៧។

c ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

d ការ​ពណ៌នា​អំពី​រូប​ភាព: ម្ដាយ​និង​កូន​ស្រី​ភៀស​ខ្លួន​ទៅ​ប្រទេស​ថ្មី។ បង​ប្អូន​រួម​ជំនឿ​ដែល​នៅ​ប្រទេស​នោះ​ស្វាគមន៍​ពួក​គេ​យ៉ាង​កក់​ក្ដៅ​និង​ផ្ដល់​ជំនួយ​ដល់​ពួក​គេ។