លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៤

អ្នកអាចសម្រេចគោលដៅរបស់អ្នកក្នុងកិច្ចបម្រើព្រះ

អ្នកអាចសម្រេចគោលដៅរបស់អ្នកក្នុងកិច្ចបម្រើព្រះ

​«​យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ឡើយ ព្រោះ​នៅ​ពេល​កំណត់​យើង​នឹង​ទទួល​ផល បើ​យើង​មិន​រសាយ​ចិត្ត​ទេ​»។—កាឡ. ៦:៩

ចម្រៀង​លេខ​៨៤ ចូរ​ខំ​ព្យាយាម

សេចក្ដី​សង្ខេប a

១. តើ​យើង​ជា​ច្រើន​នាក់​ធ្លាប់​មាន​ការ​ពិបាក​អ្វី?

 តើ​អ្នក​ធ្លាប់​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ b តែ​ក្រោយ​មក​ពិបាក​សម្រេច​គោល​ដៅ​នោះ​ឬ​ទេ? បើ​ដូច្នេះ មិន​មាន​តែ​អ្នក​ទេ។ ជា​ឧទាហរណ៍ បង​ប្រុស​ហ្វីលីព​ចង់​បង្កើន​គុណភាព​នៃ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​និង​អធិដ្ឋាន​ឲ្យ​បាន​ច្រើន​ជាង ប៉ុន្តែ​គាត់​ពិបាក​រក​ពេល​ដើម្បី​អធិដ្ឋាន។ បង​ស្រី​អ៊ីរីខា​មាន​គោល​ដៅ​មក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ទាន់​ពេល ប៉ុន្តែ​គាត់​នៅ​តែ​មក​យឺត​ស្ទើរ​តែ​រាល់​កិច្ច​ប្រជុំ។ បង​ប្រុស​តូម៉ាស​ព្យាយាម​ជា​ច្រើន​ដង​ដើម្បី​អាន​គម្ពីរ​ទាំង​មូល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​អាន​គម្ពីរ​ប៉ុន្មាន​ទេ។ ខ្ញុំ​បាន​សាក​ល្បង​បី​ដង ប៉ុន្តែ​រាល់​លើក​ខ្ញុំ​ឈប់​ត្រឹម​ច្បាប់​លេវី​»។

២. ហេតុ​អ្វី​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត បើ​យើង​មាន​គោល​ដៅ​ខាង​កិច្ច​បម្រើ​ព្រះ​ដែល​មិន​ទាន់​សម្រេច?

បើ​អ្នក​មាន​គោល​ដៅ​ដែល​អ្នក​មិន​ទាន់​សម្រេច​ទេ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សូម្បី​តែ​គោល​ដៅ​សាមញ្ញ​មួយ ក៏​ច្រើន​តែ​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង។ ការ​ដែល​អ្នក​នៅ​តែ​ចង់​សម្រេច​គោល​ដៅ​របស់​អ្នក បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ចង់​ជូន​លោក​នូវ​អ្វី​ល្អ​បំផុត។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក។ ប៉ុន្តែ លោក​មិន​តម្រូវ​ពី​អ្នក​ច្រើន​ជាង​អ្វី​ដែល​អ្នក​អាច​ឲ្យ​ឡើយ។ (​ចសព. ១០៣:១៤; មីកា ៦:៨​) ដូច្នេះ អ្នក​គួរ​មាន​គោល​ដៅ​ដែល​សម​ហេតុ​សម​ផល​ស្រប​តាម​កាលៈទេសៈ​របស់​អ្នក។ ក្រោយ​ពី​អ្នក​ជ្រើស​រើស​គោល​ដៅ​ណា​មួយ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​នោះ? សូម​ពិចារណា​យោបល់​ខ្លះ។

ការ​មាន​បំណង​ចិត្ត​ជា​ខ្លាំង​គឺ​សំខាន់​ចាំ​បាច់

ចូរ​អធិដ្ឋាន​ឲ្យ​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង (​សូម​មើល​វគ្គ​៣​-​៤​)

៣. ហេតុ​អ្វី​ការ​មាន​បំណង​ចិត្ត​ជា​ខ្លាំង​គឺ​សំខាន់?

ការ​មាន​បំណង​ចិត្ត​ជា​ខ្លាំង​គឺ​សំខាន់​ណាស់​ដើម្បី​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ពេល​យើង​មាន​បំណង​ចិត្ត​ជា​ខ្លាំង យើង​នឹង​ខំ​ព្យាយាម​ដើម្បី​សម្រេច​គោល​ដៅ​នោះ។ យើង​អាច​ប្រដូច​បំណង​ចិត្ត​ទៅ​នឹង​ខ្យល់​ដែល​រុញ​ទូក​ក្ដោង​ឲ្យ​ទៅ​ដល់​ទី​ដៅ។ បើ​ខ្យល់​បន្ត​បក់ នោះ​អ្នក​បើក​ទូក​ទំនង​ជា​នឹង​ទៅ​ដល់​ទី​ដៅ​របស់​គាត់។ ម្យ៉ាង​ទៀត បើ​ខ្យល់​បក់​ខ្លាំង នោះ​គាត់​នឹង​ប្រហែល​ជា​ទៅ​ដល់​លឿន​ជាង។ ស្រដៀង​គ្នា​ដែរ ពេល​យើង​កាន់​តែ​មាន​បំណង​ចិត្ត យើង​កាន់​តែ​អាច​សម្រេច​គោល​ដៅ​របស់​យើង។ បង​ប្រុស​ឈ្មោះ​ដាវីឌ​ពី​ប្រទេស​អែលសាល់វ៉ាឌ័រ​និយាយ​ថា​៖ ​«​ពេល​យើង​មាន​បំណង​ចិត្ត​ចង់​សម្រេច​គោល​ដៅ​របស់​យើង យើង​ខំ​ប្រឹង​ខ្លាំង​ជាង។ យើង​នឹង​ព្យាយាម​មិន​ឲ្យ​អ្វី​ណា​ក៏​ដោយ​មក​រារាំង​យើង​ពី​ការ​សម្រេច​គោល​ដៅ​របស់​យើង​ទេ​»។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង?

៤. តើ​យើង​អាច​អធិដ្ឋាន​អំពី​អ្វី? (​ភីលីព ២:១៣​) (​សូម​មើល​រូប​ភាព​ផង​ដែរ​)

សូម​អធិដ្ឋាន​ឲ្យ​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង។ តាម​រយៈ​ឫទ្ធានុភាព​របស់​លោក ព្រះ​យេហូវ៉ា​អាច​ជំរុញ​ចិត្ត​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​របស់​អ្នក។ (​សូម​អាន ភីលីព ២:១៣) ជួន​កាល យើង​កំណត់​គោល​ដៅ​ណា​មួយ ដោយ​សារ​យើង​ដឹង​ថា​វា​ល្អ ហើយ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ។ ប៉ុន្តែ យើង​ប្រហែល​ជា​មិន​សូវ​មាន​បំណង​ប្រាថ្នា​ឲ្យ​សម្រេច​គោល​ដៅ​នោះ​ទេ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​បង​ស្រី​ណូរីណា​នៅ​ប្រទេស​អ៊ូហ្គង់ដា។ គាត់​បាន​កំណត់​គោល​ដៅ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ ប៉ុន្តែ​គាត់​មិន​សូវ​មាន​បំណង​ប្រាថ្នា​ខ្លាំង​ដើម្បី​សម្រេច​គោល​ដៅ​នេះ​ទេ ដោយ​សារ​គាត់​មាន​អារម្មណ៍​ថា​គាត់​មិន​ពូកែ​បង្រៀន។ តើ​អ្វី​បាន​ជួយ​គាត់? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ចាប់​ផ្ដើម​សុំ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ​ឲ្យ​ជួយ​ខ្ញុំ​មាន​បំណង​ប្រាថ្នា​កាន់​តែ​ខ្លាំង​ដើម្បី​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ព្យាយាម​បង្កើន​សមត្ថភាព​បង្រៀន​របស់​ខ្ញុំ។ ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ខ្ញុំ​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង។ នៅ​ឆ្នាំ​នោះ ខ្ញុំ​បាន​ចាប់​ផ្ដើម​ការ​សិក្សា​ពីរ​»។

៥. តើ​យើង​អាច​គិត​អំពី​អ្វី​ដើម្បី​ជួយ​យើង​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ឲ្យ​សម្រេច​គោល​ដៅ​របស់​យើង?

សូម​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​អ្នក។ (​ចសព. ១៤៣:៥​) សាវ័ក​ប៉ូល​បាន​រំពឹង​គិត​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​គាត់​ផ្ទាល់ ហើយ​នេះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ខំ​ប្រឹង​ដើម្បី​លោក។ (​១កូ. ១៥:៩, ១០; ១ធី. ១:១២​-​១៤​) ស្រដៀង​គ្នា​ដែរ កាល​ដែល​អ្នក​រំពឹង​គិត​កាន់​តែ​ច្រើន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​អ្នក នោះ​អ្នក​នឹង​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​សម្រេច​គោល​ដៅ​របស់​អ្នក។ (​ចសព. ១១៦:១២​) សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​ជួយ​បង​ស្រី​ម្នាក់​នៅ​ប្រទេស​ហុងឌូរ៉ាស​ឲ្យ​សម្រេច​គោល​ដៅ​របស់​គាត់​ដើម្បី​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រំពឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ខ្ញុំ។ លោក​បាន​ទាញ​នាំ​ខ្ញុំ​ឲ្យ​មក​រាស្ត្រ​លោក។ លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​និង​ការ​ពារ​ខ្ញុំ។ ការ​រំពឹង​គិត​បែប​នេះ​បាន​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​ចាប់​ផ្ដើម​ត្រួស​ត្រាយ​»។

៦. តើ​អ្វី​ទៀត​អាច​ជួយ​យើង​ឲ្យ​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង?

សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រយោជន៍​ពី​ការ​សម្រេច​គោល​ដៅ​របស់​អ្នក។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​ជួយ​បង​អ៊ីរីខា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​ឲ្យ​សម្រេច​គោល​ដៅ​របស់​គាត់​ដើម្បី​មក​ទាន់​ពេល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ខ្ញុំ​ខក​ខាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន ដោយ​សារ​ខ្ញុំ​មក​ប្រជុំ​ផ្សព្វ​ផ្សាយ​យឺត។ ប៉ុន្តែ​ពេល​ខ្ញុំ​មក​លឿន​ជាង ខ្ញុំ​អាច​ស្វាគមន៍​បង​ប្អូន​និង​ចំណាយ​ពេល​ជា​មួយ​ពួក​គេ។ ខ្ញុំ​ក៏​អាច​ស្ដាប់​យោបល់​ល្អ​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​បង្កើន​សមត្ថភាព​របស់​ខ្ញុំ ហើយ​អរ​សប្បាយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។ បង​អ៊ីរីខា​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រយោជន៍​ពី​ការ​មក​ទាន់​ពេល ហើយ​គាត់​បាន​សម្រេច​គោល​ដៅ​នោះ។ តើ​អ្នក​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ប្រយោជន៍​អ្វី​ខ្លះ? បើ​គោល​ដៅ​របស់​អ្នក​គឺ​ធ្វើ​ឲ្យ​ការ​អាន​គម្ពីរ​និង​ការ​អធិដ្ឋាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង សូម​គិត​អំពី​របៀប​ដែល​នោះ​នឹង​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា។ (​ចសព. ១៤៥:១៨, ១៩​) បើ​គោល​ដៅ​របស់​អ្នក​គឺ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ណា​មួយ​ជា​គ្រិស្ត​សាសនិក សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​គុណ​សម្បត្តិ​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជាង​ជា​មួយ​អ្នក​ឯ​ទៀត។ (​កូឡ. ៣:១៤​) អ្នក​អាច​ធ្វើ​បញ្ជី​អំពី​មូលហេតុ​ទាំង​អស់​ដែល​អ្នក​ចង់​សម្រេច​គោល​ដៅ​នោះ។ សូម​ពិនិត្យ​មើល​បញ្ជី​នោះ​ជា​ទៀង​ទាត់។ បង​តូម៉ាស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​កាល​ដែល​ខ្ញុំ​មាន​មូលហេតុ​កាន់​តែ​ច្រើន​ឲ្យ​សម្រេច​គោល​ដៅ​ណា​មួយ ខ្ញុំ​នឹង​កាន់​តែ​ខំ​ប្រឹង​ដើម្បី​សម្រេច​គោល​ដៅ​នោះ​»។

៧. តើ​អ្វី​បាន​ជួយ​បង​ហ៊ូលីអូ​និង​ប្រពន្ធ​របស់​គាត់​ឲ្យ​សម្រេច​គោល​ដៅ​របស់​ពួក​គេ?

សូម​ចំណាយ​ពេល​ជា​មួយ​ពួក​អ្នក​ដែល​នឹង​ជំរុញ​ចិត្ត​អ្នក។ (​សុភ. ១៣:២០​) សូម​គិត​អំពី​អ្វី​ដែល​បាន​ជួយ​បង​ប្រុស​ហ៊ូលីអូ​និង​ប្រពន្ធ​របស់​គាត់ ឲ្យ​សម្រេច​គោល​ដៅ​របស់​ពួក​គេ​អំពី​ការ​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ។ គាត់​និយាយថា​៖ ​«​យើង​បាន​ជ្រើស​រើស​មិត្ត​ភក្តិ​ដែល​គាំទ្រ​គោល​ដៅ​របស់​យើង ហើយ​យើង​ពិគ្រោះ​គោល​ដៅ​នោះ​ជា​មួយ​ពួក​គេ។ ពួក​គេ​ជា​ច្រើន​នាក់​បាន​សម្រេច​គោល​ដៅ​ស្រដៀង​នឹង​គោល​ដៅ​យើង​រួច​ហើយ ដូច្នេះ​ពួក​គេ​អាច​ឲ្យ​យោបល់​ល្អ​ៗ​ដល់​យើង។ មិត្ត​ភក្តិ​របស់​យើង​បាន​សួរ​យើង​ថា​តើ​គម្រោង​របស់​យើង​ដំណើរ​ការ​យ៉ាង​ណា ហើយ​ពួក​គេ​ក៏​លើក​ទឹក​ចិត្ត​យើង​ពេល​ដែល​យើង​ត្រូវ​ការ​»។

ពេល​យើង​មិន​សូវ​មាន​ចិត្ត​ចង់

ចូរ​ខំ​ព្យាយាម​ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​គោល​ដៅ​របស់​អ្នក (​សូម​មើល​វគ្គ​៨​)

៨. តើ​អ្វី​អាច​កើត​ឡើង បើ​យើង​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​តែ​ពេល​យើង​ចង់​ធ្វើ​ប៉ុណ្ណោះ? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ប៉ុន្តែ មាន​ថ្ងៃ​ខ្លះ​ដែល​យើង​ទាំង​អស់​គ្នា​មិន​សូវ​មាន​ចិត្ត​ចង់​សម្រេច​គោល​ដៅ​របស់​យើង។ តើ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​នោះ​ឬ​ទេ? មិន​មែន​ទេ។ ជា​ឧទាហរណ៍ ខ្យល់​អាច​ជា​កម្លាំង​ដ៏​ខ្លាំង​ដែល​រុញ​ទូក​ក្ដោង​ឲ្យ​ទៅ​ដល់​ទី​ដៅ​របស់​វា។ ប៉ុន្តែ​ខ្យល់​មាន​កម្លាំង​ខុស​ៗ​គ្នា​តាម​ពេល​វេលា ហើយ​ថ្ងៃ​ខ្លះ​ប្រហែល​ជា​មិន​មាន​ខ្យល់​ទាល់​តែ​សោះ។ តើ​នេះ​មាន​ន័យ​ថា​អ្នក​បើក​ទូក​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ឬ? មិន​តែង​តែ​ដូច្នេះ​ទេ។ ជា​ឧទាហរណ៍ ទូក​ខ្លះ​មាន​ម៉ាស៊ីន ទូក​ខ្លះ​ទៀត​មាន​ចង្វា។ អ្នក​បើក​ទូក​អាច​ប្រើ​ម៉ាស៊ីន​ឬ​ចង្វា​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ឲ្យ​ដល់​ទី​ដៅ​របស់​គាត់។ បំណង​ចិត្ត​របស់​យើង​អាច​ប្រៀប​ដូច​ជា​ខ្យល់។ ថ្ងៃ​ខ្លះ​វា​ខ្លាំង​ជាង​ថ្ងៃ​ផ្សេង​ទៀត ហើយ​ថ្ងៃ​ខ្លះ​យើង​ប្រហែល​ជា​មិន​ចង់​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​របស់​យើង​ទេ។ ដូច្នេះ បើសិនជាយើង​ព្យាយាម​សម្រេច​គោល​ដៅ​របស់​យើង​តែ​ពេល​យើង​មាន​បំណង​ចិត្ត​ចង់​ធ្វើ​ប៉ុណ្ណោះ យើង​ប្រហែល​ជា​មិន​អាច​សម្រេច​គោល​ដៅ​នោះ​ទេ។ ប៉ុន្តែ​ដូច​អ្នក​បើក​ទូក​ព្យាយាម​រក​វិធី​ផ្សេង​ៗ​ដើម្បី​ទៅ​ដល់​ទី​ដៅ​របស់​គាត់ យើង​នៅ​តែ​អាច​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​របស់​យើង ទោះ​ជា​យើង​មិន​មាន​បំណង​ចិត្ត​ធ្វើ​ដូច្នេះ​ក៏​ដោយ។ ពិត​មែន នេះ​ប្រហែល​ជា​មិន​ស្រួល​ទេ ប៉ុន្តែ​យើង​នឹង​សប្បាយ​រីករាយ​នៅ​ពេល​ដែល​យើង​បាន​សម្រេច​គោល​ដៅ​នោះ។ មុន​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​សម្រេច​គោល​ដៅ សូម​យើង​គិត​ពិចារណា​អំពី​សំណួរ​ដែល​យើង​ប្រហែល​ជា​មាន។

៩. តើ​យើង​គួរ​បន្ត​ព្យាយាម​សម្រេច​គោល​ដៅ​ណា​មួយ ទោះ​ជា​យើង​មិន​មាន​ចិត្ត​ចង់​ធ្វើ​ដូច្នេះ​ឬ​ទេ? សូម​ពន្យល់។

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បម្រើ​លោក​ដោយ​ចិត្ត​សប្បាយ​និង​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ (​ចសព. ១០០:២; ២កូ. ៩:៧​) ដូច្នេះ តើ​យើង​គួរ​បន្ត​ខំ​ឈាន​ទៅ​ដល់​គោល​ដៅ​ខាង​កិច្ច​បម្រើ​ព្រះ បើ​យើង​មិន​មាន​បំណង​ប្រាថ្នា​ធ្វើ​ដូច្នេះ​ឬ​ទេ? សូម​គិត​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ដាក់​ទោស​រូប​កាយ​របស់​ខ្ញុំ ហើយ​បង្ខំ​ឲ្យ​ចុះ​ចូល​ដូច​ខ្ញុំ​បម្រើ​»។ (​១កូ. ៩:២៥​-​២៧​) ប៉ូល​បាន​លត់​ដំ​ខ្លួន​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ទោះ​ជា​ពេល​គាត់​ប្រហែល​ជា​មិន​មាន​ចិត្ត​ចង់​ធ្វើ​ដូច្នេះ​ក្ដី។ តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​កិច្ច​បម្រើ​របស់​ប៉ូល​ឬ​ទេ? ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​មែន ហើយ​លោក​បាន​ឲ្យ​រង្វាន់​គាត់​ចំពោះ​ការ​ខំ​ប្រឹង​របស់​គាត់។—២ធី. ៤:៧, ៨

១០. តើ​ការ​ព្យាយាម​សម្រេច​គោល​ដៅ​ទោះ​ជា​យើង​មិន​សូវ​ចង់​ធ្វើ​ក្ដី មាន​ប្រយោជន៍​អ្វី​ខ្លះ?

១០ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​លោក​ឃើញ​យើង​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​របស់​យើង ទោះ​ជា​យើង​មិន​មាន​ចិត្ត​ចង់​ធ្វើ​ក៏​ដោយ។ លោក​ពេញ​ចិត្ត​ដោយ​សារ​លោក​ដឹង​ថា ទោះ​ជា​យើង​ប្រហែល​ជា​មិន​តែង​តែ​ចូល​ចិត្ត​ធ្វើ​កិច្ច​ការ​នោះ​ក្ដី យើង​ធ្វើ​ដោយ​សារ​យើង​ស្រឡាញ់​លោក។ ដូច​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ប៉ូល លោក​ក៏​នឹង​ឲ្យ​ពរ​យើង​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​ដែរ។ (​ចសព. ១២៦:៥​) ពេល​យើង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​អាច​ចាប់​ផ្ដើម​មាន​បំណង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង។ បង​ស្រី​ម្នាក់​ឈ្មោះ​លូស៊ីណា​ពី​ប្រទេស​ប៉ូឡូញ​និយាយ​ថា​៖ ​«​ពេល​ខ្លះ ខ្ញុំ​មិន​ចង់​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ទេ ជា​ពិសេស​ពេល​ខ្ញុំ​អស់​កម្លាំង។ ប៉ុន្តែ អំណរដែល​ខ្ញុំ​ទទួល​ក្រោយ​ពី​ទៅ​ផ្សព្វ​ផ្សាយ​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​»។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​ពេល​ដែល​យើង​មិន​សូវ​មាន​ចិត្ត​ចង់​សម្រេច​គោល​ដៅ​របស់​យើង។

១១. តើ​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​កាន់​តែ​ចេះ​ទប់​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១១ ចូរ​អធិដ្ឋាន​ឲ្យ​ចេះ​ទប់​ចិត្ត។ ការ​ចេះ​ទប់​ចិត្ត​គឺ​ជា​សមត្ថភាព​គ្រប់​គ្រង​អារម្មណ៍​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ ពាក្យ​នេះ​ច្រើន​តែ​ធ្វើ​ឲ្យ​នឹក​ឃើញ​អំពី​ការ​ឃាត់​ខ្លួន​ឯង​មិន​ឲ្យ​ធ្វើ​អ្វី​អាក្រក់។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ចេះ​ទប់​ចិត្ត​ដើម្បី​ធ្វើ​ល្អ​ដែរ ជា​ពិសេស​បើ​កិច្ច​ការ​ដែល​យើង​ធ្វើ​គឺ​ពិបាក ឬ​បើ​យើង​មិន​មាន​ចិត្ត​ចង់​ធ្វើ​នោះ។ សូម​ចាំ​ថា​ការ​ចេះ​ទប់​ចិត្ត​ជា​លក្ខណៈ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ ដូច្នេះ​សូម​សុំ​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដ៏​សំខាន់​នេះ។ (​លូក. ១១:១៣; កាឡ. ៥:២២, ២៣​) បង​ដាវីឌ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ពន្យល់​អំពី​របៀប​ដែល​ការ​អធិដ្ឋាន​បាន​ជួយ​គាត់។ គាត់​ចង់​សិក្សា​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ទៀង​ទាត់​ជាង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​សុំ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​បណ្ដុះ​ឲ្យ​មាន​ការ​ចេះ​ទប់​ចិត្ត។ ដោយ​មាន​ជំនួយ​ពី​លោក ខ្ញុំ​អាច​ចាប់​ផ្ដើម​មាន​កាល​វិភាគ​សិក្សា​ល្អ​និង​ជា​ទៀង​ទាត់​»។

១២. តើ​តាម​របៀប​ណា​អ្នក​ទូន្មាន ១១:៤​ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​របស់​យើង?

១២ ចូរ​កុំ​រង់​ចាំ​ឲ្យ​មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​ឡើយ។ ក្នុង​ពិភព​លោក​នេះ យើង​ទំនង​ជា​នឹង​គ្មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​ទេ។ បើ​យើង​រង់​ចាំ​ទាល់​តែ​មាន​ស្ថានភាព​បែប​នោះ យើង​ប្រហែល​ជា​នឹង​មិន​សម្រេច​គោល​ដៅ​របស់​យើង​ទេ។ (​សូម​អាន អ្នក​ទូន្មាន ១១:៤) បង​ប្រុស​ម្នាក់​ឈ្មោះ​ដីនីយ៉ែល​និយាយ​ថា​៖ ​«​គ្មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​ទេ។ យើង​បង្កើត​ស្ថានភាព​ល្អ​បំផុត​ពេល​យើង​ចាប់​ផ្ដើម​»។ បង​ប្រុស​ម្នាក់​ឈ្មោះ​ផល​នៅ​ប្រទេស​អ៊ូហ្គង់ដា​រៀប​រាប់​អំពី​មូលហេតុ​ផ្សេង​ទៀត​ដែល​យើង​មិន​គួរ​បង្អែ​បង្អង់។ គាត់​និយាយ​ថា​៖ ​«​ពេល​យើង​ចាប់​ផ្ដើម​ទោះ​ជា​ស្ថានភាព​ពិបាក​ក្ដី យើង​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​យើង​»។—ម៉ាឡ. ៣:១០

១៣. តើ​ការ​មាន​គោល​ដៅ​តូច​ៗ​នៅ​ដើម​ដំបូង​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១៣ ជា​ដំបូង ចូរ​កំណត់​គោល​ដៅ​តូច​ៗ។ យើង​ប្រហែល​ជា​មិន​សូវ​មាន​ចិត្ត​ចង់​សម្រេច​គោល​ដៅ​ណា​មួយ​ទេ ដោយ​សារ​នោះ​មើល​ទៅ​ពិបាក​សម្រេច​ណាស់។ បើ​នេះ​ជា​បញ្ហា​របស់​អ្នក តើ​អ្នក​អាច​បែង​ចែក​គោល​ដៅ​នោះ​ឲ្យ​ទៅ​ជា​គោល​ដៅ​តូច​ៗ​ឬ​ទេ? បើ​គោល​ដៅ​របស់​អ្នក​គឺ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ណា​មួយ ប្រហែល​ជា​ដំបូង​អ្នក​អាច​ខំ​ប្រឹង​បង្ហាញ​គុណ​សម្បត្តិ​នោះ​តាម​រយៈ​ការ​ប្រព្រឹត្ត​តូច​តាច។ បើ​គោល​ដៅ​របស់​អ្នក​គឺ​អាន​គម្ពីរ​ទាំង​មូល តើ​អ្នក​អាច​ចាប់​ផ្ដើម​ដោយ​កំណត់​ពេល​ខ្លី​ៗ​ដើម្បី​អាន​គម្ពីរ​ឬ​ទេ? បង​តូម៉ាស​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​ដំបូង ពិបាក​សម្រេច​គោល​ដៅ​របស់​គាត់​អំពី​ការ​អាន​គម្ពីរ​ទាំង​មូល​ក្នុង​មួយ​ឆ្នាំ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​បាន​កំណត់​គោល​ដៅ​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​អាន​លឿន​ពេក។ ដូច្នេះ ខ្ញុំ​តាំង​ចិត្ត​ព្យាយាម​ម្ដង​ទៀត ប៉ុន្តែ​លើក​នេះ​ខ្ញុំ​បាន​រៀប​គម្រោង​អាន​តែ​ប៉ុន្មាន​វគ្គ​ប៉ុណ្ណោះ​រាល់​ថ្ងៃ និង​រំពឹង​គិត​អំពី​អ្វី​ទាំង​នោះ។ ជា​លទ្ធផល ខ្ញុំ​ចាប់​ផ្ដើម​ចូល​ចិត្ត​អាន​គម្ពីរ​»។ កាល​ដែល​បង​តូម៉ាស​កាន់​តែ​ចូល​ចិត្ត​អាន​គម្ពីរ គាត់​កាន់​តែ​ចង់​អាន​យូរ​ជាង។ នៅ​ទី​បំផុត គាត់​អាន​គម្ពីរ​ចប់​ទាំង​មូល។ c

សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​បើ​មាន​ឧបសគ្គ

១៤. តើ​យើង​ប្រហែល​ជា​មាន​ឧបសគ្គ​អ្វី​ខ្លះ?

១៤ គួរ​ឲ្យ​ស្ដាយ​ណាស់ មិន​ថា​យើង​មាន​បំណង​ចិត្ត​យ៉ាង​ខ្លាំង​ឬ​បាន​អប់រំ​ខ្លួន​យ៉ាង​ល្អ​ក្ដី យើង​ប្រហែល​ជា​នៅ​តែ​មាន​ឧបសគ្គ។ ជា​ឧទាហរណ៍ ​«​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក​»​ប្រហែល​ជា​ឆក់​យក​ពេល​វេលា​ដែល​យើង​ត្រូវ​ការ​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង។ (​អទ. ៩:១១​) យើង​ប្រហែល​ជា​ជួប​ការ​ពិបាក​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​និង​អស់​កម្លាំង។ (​សុភ. ២៤:១០​) ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ប្រហែល​ជា​ធ្វើ​ខុស ហើយ​នោះ​នាំ​ឲ្យ​យើង​កាន់​តែ​ពិបាក​សម្រេច​គោល​ដៅ​របស់​យើង។ (​រ៉ូម ៧:២៣​) ឬ​យើង​ប្រហែល​ជា​ល្វើយ។ (​ម៉ាថ. ២៦:៤៣​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ឧបសគ្គ?

១៥. ហេតុ​អ្វី​អ្នក​មិន​គួរ​ឈប់​ព្យាយាម បើ​មាន​អ្វី​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​សម្រេច​គោល​ដៅ​របស់​អ្នក? (​ចម្រៀង​សរសើរ​ព្រះ ១៤៥:១៤​)

១៥ សូម​ចាំ​ថា​ឧបសគ្គ​មិន​មែន​មាន​ន័យ​ថា​អ្នក​បាន​បរាជ័យ​ទេ។ គម្ពីរ​ចែង​ថា​យើង​ប្រហែល​ជា​ជួប​បញ្ហា​ឬ​ការ​ពិបាក​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ គម្ពីរ​ក៏​បញ្ជាក់​ដែរ​ថា​យើង​អាច​ក្រោក​ឡើង ជា​ពិសេស​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៤៥:១៤) បង​ហ្វីលីព​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ផ្ដោត​ថា​ខ្ញុំ​ដួល​ប៉ុន្មាន​ដង​ទេ តែ​ខ្ញុំ​ផ្ដោត​ថា​ខ្ញុំ​បន្ត​ខំ​ប្រឹង​ទៅ​មុខ​ប៉ុន្មាន​ដង​វិញ​»។ បង​ដាវីឌ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ចាត់​ទុក​ឧបសគ្គ​ថា​ជា​ឱកាស​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​ខ្ញុំ​ស្រឡាញ់​លោក​ខ្លាំង​ណាស់ មិន​មែន​ជា​ការ​បរាជ័យ​ទេ​»។ មែន​ហើយ ដោយ​បន្ត​ព្យាយាម​សម្រេច​គោល​ដៅ​របស់​អ្នក​ទោះ​ជា​មិន​ស្រួល​ក្ដី អ្នក​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​អ្នក​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​សប្បាយ​ចិត្ត ពេល​លោក​ឃើញ​អ្នក​បន្ត​ព្យាយាម​សម្រេច​គោល​ដៅ​របស់​អ្នក!

១៦. តើ​យើង​អាច​រៀន​អ្វី​ពី​ឧបសគ្គ?

១៦ ចូរ​ចាត់​ទុក​ឧបសគ្គ​នោះ​ថា​ជា​មេ​រៀន។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​រឿង​នោះ​កើត​ឡើង​ម្ដង​ទៀត?›។ (​សុភ. ២៧:១២​) តែ​ជួន​កាល ឧបសគ្គ​អាច​បង្ហាញ​ថា​គោល​ដៅ​ណា​មួយ​គឺ​មិន​សម​ហេតុ​សម​ផល​ដូច​ការ​គិត​របស់​យើង​ទេ។ បើ​អ្នក​គិត​ថា​អ្នក​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នេះ សូម​គិត​ឡើង​វិញ​អំពី​គោល​ដៅ​នោះ​ដើម្បី​ដឹង​ថា តើ​នោះ​នៅ​តែ​សម​ហេតុ​សម​ផល​ចំពោះ​អ្នក​ឬ​យ៉ាង​ណា។ d ព្រះ​យេហូវ៉ា​នឹង​មិន​ចាត់​ទុក​អ្នក​ថា​បរាជ័យ​ទេ បើ​អ្នក​មិន​សម្រេច​គោល​ដៅ​ដែល​ហួស​ពី​សមត្ថភាព​របស់​អ្នក។—២កូ. ៨:១២

១៧. ហេតុ​អ្វី​យើង​គួរ​ចាំ​អំពី​អ្វី​ដែល​យើង​បាន​សម្រេច​រួច​ហើយ?

១៧ សូម​ចាំ​អំពី​អ្វី​ដែល​អ្នក​បាន​សម្រេច​រួច​ហើយ។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ដោយ​បំភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​»​ឡើយ។ (​ហេ. ៦:១០​) ដូច្នេះ អ្នក​ក៏​មិន​គួរ​ភ្លេច​ដែរ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​សម្រេច​រួច​ហើយ។ ប្រហែល​ជា​អ្នក​បាន​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក ឬ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​ដើម។ ដូច​ដែល​អ្នក​បាន​រីក​ចម្រើន ហើយ​បាន​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​នៅ​អតីតកាល អ្នក​ក៏​អាច​បន្ត​ឈាន​ទៅ​ដល់​ការ​សម្រេច​គោល​ដៅ​របស់​អ្នក​នៅ​ឥឡូវ​នេះ​ផង​ដែរ។—ភី. ៣:១៦

សូម​អរ​សប្បាយ​កាល​ដែល​អ្នក​ខំ​ព្យាយាម​សម្រេច​គោល​ដៅ (​សូម​មើល​វគ្គ​១៨​)

១៨. តើ​យើង​គួរ​ធ្វើ​អ្វី​កាល​ដែល​យើង​ឈាន​ទៅ​ដល់​ការ​សម្រេច​គោល​ដៅ​របស់​យើង? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៨ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​អាច​សម្រេច​គោល​ដៅ​របស់​អ្នក ដូច​អ្នក​បើក​ទូក​ដែល​សប្បាយ​ចិត្ត​ពេល​ទៅ​ដល់​ទី​ដៅ​របស់​គាត់។ ប៉ុន្តែ សូម​ចាំ​ថា​អ្នក​បើក​ទូក​ជា​ច្រើន​នាក់​ក៏​សប្បាយ​នៅ​តាម​ផ្លូវ​កាល​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ដល់​ទី​ដៅ​នោះ​ដែរ។ ស្រដៀង​គ្នា​ដែរ សូម​កុំ​ភ្លេច​អរ​សប្បាយ​ពេល​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​និង​ឲ្យ​ពរ​អ្នក កាល​ដែល​អ្នក​បន្ត​ខំ​ឈាន​ទៅ​រក​គោល​ដៅ​របស់​អ្នក​ខាង​កិច្ច​បម្រើ​ព្រះ។ (​២កូ. ៤:៧​) បើ​អ្នក​មិន​ឈប់​ព្យាយាម អ្នក​នឹង​ទទួល​ពរ​ដ៏​វិសេស​ជាង​នេះ​ទៅ​ទៀត។—កាឡ. ៦:៩

ចម្រៀង​លេខ​១២៦ ត្រូវ​ដឹង​ខ្លួន រឹង​មាំ ហើយ​ខ្លាំង​ក្លា

a ជា​ញឹក​ញាប់ អង្គការ​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ប៉ុន្តែ​ចុះ​យ៉ាង​ណា បើ​យើង​បាន​កំណត់​គោល​ដៅ​ល្អ​មួយ​រួច​ហើយ តែ​យើង​ពិបាក​សម្រេច​គោល​ដៅ​នោះ? អត្ថបទ​នេះ​នឹង​មាន​យោបល់​ខ្លះ​អំពី​របៀប​ដែល​យើង​អាច​សម្រេច​គោល​ដៅ​របស់​យើង។

b ការ​ពន្យល់​ពាក្យ​៖ គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​អាច​រួម​បញ្ចូល​អ្វី​ណា​ក៏​ដោយ​ដែល​អ្នក​ខំ​ព្យាយាម​សម្រេច​ឬ​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង ដើម្បី​អ្នក​អាច​បម្រើ​ព្រះ​យេហូវ៉ា​បាន​ច្រើន​ជាង​និង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​កំណត់​គោល​ដៅ​បណ្ដុះ​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក ឬ​រីក​ចម្រើន​ក្នុង​ផ្នែក​ណា​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ ដូច​ជា​ការ​អាន​គម្ពីរ ការ​សិក្សា​ផ្ទាល់​ខ្លួន ឬ​កិច្ច​បម្រើ​ផ្សាយ។

c សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្វី​ខ្លះ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ចូល​ចិត្ត​អាន​គម្ពីរ?​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០១៧។

d ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​បំពេញ​តាម​គោល​ដៅ​របស់​អ្នក ដើម្បី​លើក​តម្កើង​ព្រះ​ដែល​ជា​អ្នក​បង្កើត​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៤។