អត្ថបទសិក្សា ១៨
ចម្រៀងលេខ១ គុណសម្បត្តិរបស់ព្រះយេហូវ៉ា
ចូរទុកចិត្ត«ចៅក្រមនៃផែនដី»ដែលមានចិត្តមេត្តា!
«លោកជាចៅក្រមនៃផែនដី ហើយលោកតែងតែប្រព្រឹត្តដោយយុត្តិធម៌ជានិច្ច»។—ដក. ១៨:២៥
ចំណុចផ្ដោត
បង្កើនការយល់ដឹងរបស់យើងអំពីសេចក្ដីមេត្តាករុណានិងយុត្តិធម៌របស់ព្រះយេហូវ៉ាស្ដីអំពីការប្រោសមនុស្សមិនសុចរិតឲ្យរស់ឡើងវិញ។
១. តើព្រះយេហូវ៉ាបានបង្រៀនអាប្រាហាំនូវមេរៀនដ៏សម្រាលទុក្ខអ្វី?
អាប្រាហាំមានការសន្ទនាមួយដែលគាត់ចងចាំជានិច្ច។ តាមរយៈទេវតាមួយរូប ព្រះបានប្រាប់អាប្រាហាំថាលោកនឹងបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ បុរសដ៏ស្មោះត្រង់នេះមានការព្រួយចិត្ត។ គាត់បានសួរថា៖ «តើលោកពិតជានឹងបំផ្លាញមនុស្សសុចរិតជាមួយនឹងមនុស្សទុច្ចរិតឬ? . . . លោកជាចៅក្រមនៃផែនដី ហើយលោកតែងតែប្រព្រឹត្តដោយយុត្តិធម៌ជានិច្ច»។ ដោយចិត្តអត់ធ្មត់ ព្រះយេហូវ៉ាបានបង្រៀនមិត្តជាទីស្រឡាញ់នេះរបស់លោកនូវមេរៀនមួយដែលផ្ដល់ប្រយោជន៍និងសម្រាលទុក្ខយើងទាំងអស់គ្នាគឺថា ព្រះនឹងមិនបំផ្លាញមនុស្សសុចរិតទេ។—ដក. ១៨:២៣-៣៣
២. តើអ្វីធ្វើឲ្យយើងជឿជាក់ថាការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាគឺសុចរិតនិងសន្ដោសប្រណី?
២ ហេតុអ្វីយើងអាចប្រាកដថាការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាគឺសុចរិតនិងសន្ដោសប្រណី? ពីព្រោះយើងដឹងថា«ព្រះយេហូវ៉ាមើលក្នុងចិត្ត»របស់មនុស្ស។ (១សាំ. ១៦:៧) តាមពិត លោក«ស្ទង់មើលចិត្តមនុស្សទាំងអស់»។ (១ប្រ. ២៨:៩; ១បស. ៨:៣៩) នេះជាសេចក្ដីពិតដ៏អស្ចារ្យមែន។ ព្រះយេហូវ៉ាមានប្រាជ្ញាជាងយើងឆ្ងាយណាស់ ដូច្នេះយើងប្រហែលជាមិនតែងតែយល់យ៉ាងពេញលេញអំពីមូលហេតុដែលលោកធ្វើការសម្រេចចិត្តខ្លះទេ។ ហេតុនេះ សាវ័កប៉ូលបានត្រូវដឹកនាំឲ្យនិយាយអំពីព្រះយេហូវ៉ាថា៖ «ការវិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ!»។—រ៉ូម ១១:៣៣
៣-៤. តើជួនកាលយើងប្រហែលជាឆ្ងល់អំពីអ្វី? តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ? (យ៉ូហាន ៥:២៨, ២៩)
៣ ប៉ុន្តែ ជួនកាលយើងប្រហែលជាមានចម្ងល់ស្រដៀងនឹងអាប្រាហាំ។ យើងប្រហែលជាថែមទាំងឆ្ងល់ថា ‹តើមានសេចក្ដីសង្ឃឹមចំពោះពួកអ្នកដែលបានត្រូវវិនិច្ឆ័យក្នុងក្រុងសូដុមនិងក្រុងកូម៉ូរ៉ាឬទេ? តើអ្នកខ្លះក្នុងចំណោមពួកគេអាចនៅក្នុងចំណោម«មនុស្សមិនសុចរិត[ដែល]នឹងត្រូវប្រោសឲ្យរស់ឡើងវិញ»ឬទេ?›។—សកម្ម. ២៤:១៥
៤ សូមយើងពិចារណាអំពីអ្វីដែលយើងយល់អំពីការប្រោសឲ្យរស់ឡើងវិញ។ ថ្មីៗនេះ យើងទទួលការយល់ដឹងច្បាស់ជាងអំពីអត្ថន័យនៃការ«រស់ឡើងវិញ ហើយ បានជីវិត» និងការ«រស់ឡើងវិញ ហើយទទួលការវិនិច្ឆ័យ»។ a (សូមអាន យ៉ូហាន ៥:២៨, ២៩) ការយល់ដឹងច្បាស់ជាងនេះបាននាំឲ្យមានការកែតម្រូវថែមទៀតដែលយើងនឹងពិចារណាក្នុងអត្ថបទនេះនិងក្នុងអត្ថបទបន្ទាប់។ ស្ដីអំពីការវិនិច្ឆ័យដ៏សុចរិតរបស់ព្រះយេហូវ៉ា ដំបូងយើងនឹងពិចារណាអំពីអ្វីដែលយើងមិនដឹង ហើយក្រោយមកអំពីអ្វីដែលយើងដឹង។
អ្វីដែលយើងមិនដឹង
៥. កាលពីមុន តើសៀវភៅរបស់យើងបានចែងយ៉ាងណាអំពីពួកអ្នកដែលបានស្លាប់នៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា?
៥ ពីមុនសៀវភៅរបស់យើងធ្លាប់សរសេរថាបុគ្គលដែលព្រះយេហូវ៉ាបានបំផ្លាញចោល ដូចជាពួកអ្នកដែលនៅក្នុងក្រុងសូដុមនិងក្រុងកូម៉ូរ៉ានឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទេ។ ប៉ុន្តែ ក្រោយពីខ្ញុំបម្រើដ៏ស្មោះត្រង់បានអធិដ្ឋាននិងសិក្សាយ៉ាងយកចិត្តទុកដាក់ថែមទៀតអំពីរឿងនេះ គឺជាក់ស្ដែងថាយើងមិនអាចនិយាយបែបនេះយ៉ាងជាក់លាក់ឡើយ។ ហេតុអ្វី?
៦. តើព្រះយេហូវ៉ាបានវិនិច្ឆ័យមនុស្សមិនសុចរិតណាខ្លះ ហើយតើយើងមិនដឹងអំពីអ្វី?
៦ សូមពិចារណាអំពីឧទាហរណ៍ខ្លះក្នុងគម្ពីរ។ កំណត់ហេតុមួយចំនួនក្នុងគម្ពីរ រៀបរាប់អំពីការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាទៅលើមនុស្សមិនសុចរិត ដូចជាមនុស្សច្រើនឥតគណនាដែលបានស្លាប់នៅសម័យទឹកជំនន់ ឬប្រជាជាតិ៧នៅស្រុកសន្យាដែលព្រះយេហូវ៉ាបានបង្គាប់រាស្ត្រលោកឲ្យបំផ្លាញចោល ឬទ័ពអាស៊ីរីចំនួន១៨៥.០០០នាក់ដែលទេវតាមួយរូបរបស់ព្រះយេហូវ៉ាបានសម្លាប់ក្នុងមួយយប់។ (ដក. ៧:២៣; បច. ៧:១-៣; អេ. ៣៧:៣៦, ៣៧) ក្នុងករណីទាំងនេះ តើគម្ពីរផ្ដល់ព័ត៌មានគ្រប់គ្រាន់ឲ្យយើងដឹងថាព្រះយេហូវ៉ាកាត់ទោសបុគ្គលទាំងអស់នោះឲ្យស្លាប់ជារៀងរហូតដោយគ្មានសេចក្ដីសង្ឃឹមរស់ឡើងវិញឬទេ? មិនមែនទេ។ ហេតុអ្វីយើងអាចនិយាយដូច្នេះ?
៧. តើយើងមិនដឹងអ្វីអំពីពួកអ្នកដែលបានត្រូវបំផ្លាញនៅសម័យទឹកជំនន់ ឬពួកអ្នកស្រុកកាណាន? (សូមមើលរូបភាព)
៧ ទោះជាយើងដឹងថាព្រះយេហូវ៉ាបានបំផ្លាញគ្រប់គ្នាក្នុងក្រុមទាំងនោះក្ដី យើងមិនដឹងថាព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះបុគ្គលម្នាក់ៗក្នុងក្រុមទាំងនោះទេ។ យើងក៏មិនដឹងដែរថាពួកអ្នកដែលបានស្លាប់ទាំងនោះមានឱកាសរៀនអំពីព្រះយេហូវ៉ានិងប្រែចិត្តឬយ៉ាងណា។ ស្ដីអំពីសម័យទឹកជំនន់ គម្ពីរចែងថាណូអេជា«អ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»។ (២ពេ. ២:៥) ប៉ុន្តែគម្ពីរមិនចែងថាកាលដែលគាត់កំពុងសង់ទូកធំ គាត់ក៏ព្យាយាមផ្សព្វផ្សាយនៅទូទាំងផែនដីដល់មនុស្សម្នាក់ៗដែលនឹងត្រូវបំផ្លាញនៅក្នុងទឹកជំនន់ទេ។ ស្រដៀងគ្នាដែរ ក្នុងករណីប្រជាជាតិនានានៅស្រុកកាណាន យើងមិនដឹងថាមនុស្សទុច្ចរិតទាំងអស់នោះមានឱកាសរៀនអំពីព្រះយេហូវ៉ានិងកែប្រែការប្រព្រឹត្តរបស់ពួកគេទេ។
៨. តើយើងមិនដឹងអ្វីអំពីបណ្ដាជននៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា?
៨ ចុះយ៉ាងណាបណ្ដាជននៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា? បុរសសុចរិតម្នាក់ឈ្មោះឡុតបានរស់នៅក្នុងចំណោមពួកគេ។ ប៉ុន្តែ តើយើងដឹងថាឡុតបានផ្សព្វផ្សាយដល់ពួកគេទាំងអស់ឬទេ? យើងមិនដឹងទេ។ ពួកគេច្បាស់ជាមនុស្សអាក្រក់ ប៉ុន្តែតើពួកគេម្នាក់ៗដឹងអំពីអ្វីដែលខុសនិងអ្វីដែលត្រូវឬទេ? សូមចាំថាបុរសមួយក្រុមនៅក្រុងនោះចង់ចាប់រំលោភភ្ញៀវរបស់ឡុត។ គម្ពីរចែងថាមនុស្សមួយក្រុមនោះមាន«ទាំងចាស់ទាំងក្មេង»។ (ដក. ១៩:៤; ២ពេ. ២:៧) តើយើងពិតជាដឹងថាព្រះយេហូវ៉ាដែលជាព្រះមានសេចក្ដីមេត្តាករុណាដាក់ទោសពួកគេម្នាក់ៗឲ្យស្លាប់ដោយគ្មានសេចក្ដីសង្ឃឹមរស់ឡើងវិញឬទេ? ព្រះយេហូវ៉ាបានបង្ហាញអាប្រាហាំថា មិនទាំងមានបុរសសុចរិតសូម្បីតែ១០នាក់នៅក្រុងនោះផង។ (ដក. ១៨:៣២) ហេតុនេះ ពួកគេជាមនុស្សមិនសុចរិត ហើយព្រះយេហូវ៉ាមានសិទ្ធិបំផ្លាញពួកគេស្របតាមការប្រព្រឹត្តរបស់ពួកគេ។ ដូច្នេះតើយើងអាចនិយាយប្រាកដថា គ្មានពួកគេណាម្នាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញក្នុងចំណោម«មនុស្សមិនសុចរិត[ដែល]នឹងត្រូវប្រោសឲ្យរស់ឡើងវិញ»ឬទេ? យើងមិនអាចនិយាយជាក់លាក់ទេ!
៩. តើយើងមិនដឹងអ្វីអំពីសាឡូម៉ូន?
៩ យើងក៏អានក្នុងគម្ពីរអំពីបុគ្គលសុចរិតដែលបានទៅជាបុគ្គលមិនសុចរិត។ ស្ដេចសាឡូម៉ូនគឺជាគំរូមួយ។ គាត់បានត្រូវបង្ហាត់បង្រៀនតាមផ្លូវរបស់ព្រះយ៉ាងដិតដល់ ហើយបាន ទទួលពរជាបរិបូរពីព្រះយេហូវ៉ា។ ក៏ប៉ុន្តែក្រោយមក គាត់បានបែរទៅគោរពប្រណិប័តន៍ព្រះមិនពិត។ នេះបានធ្វើឲ្យព្រះយេហូវ៉ាខឹងយ៉ាងខ្លាំង ហើយបណ្ដាជនអ៊ីស្រាអែលបានរងទុក្ខអស់រាប់រយឆ្នាំដោយសារអំពើខុសឆ្គងរបស់គាត់។ គម្ពីរចែងថា៖ «ក្រោយមក [សាឡូម៉ូន]បានស្លាប់ ហើយគេបានបញ្ចុះសពគាត់នៅក្រុងរបស់ដាវីឌជាឪពុក»។ (១បស. ១១:៥-៩, ៤៣; ២បស. ២៣:១៣) ពាក្យដើមជាភាសាហេប្រឺដែលបានត្រូវប្រើដើម្បីសំដៅទៅលើការស្លាប់របស់សាឡូម៉ូនអាចបកប្រែក្នុងន័យត្រង់ថា គាត់បានត្រូវ«បញ្ចុះជាមួយនឹងបុព្វបុរស»។ គម្ពីរក៏ចែងដូចគ្នាចំពោះបុរសស្មោះត្រង់ដូចស្ដេចដាវីឌ។ (សូមពិនិត្យបន្ថែម បណ្ដាស្ដេចទី១ ២:១០, កំ.ស.) តើរបៀបដែលសាឡូម៉ូនបានត្រូវបញ្ចុះគឺជាការធានាថាគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញឬទេ? គម្ពីរមិនបានចែងទេ។ ប៉ុន្តែ អ្នកខ្លះប្រហែលជាវែកញែកថា«អ្នកដែលស្លាប់ ព្រះចាត់ទុកថាបានទូទាត់ឲ្យជ្រះស្រឡះពីភាពខុសឆ្គងរបស់ខ្លួនហើយ»។ (រ៉ូម ៦:៧) នេះគឺពិតមែន ប៉ុន្តែនេះមិនមានន័យថាអស់អ្នកដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហាក់ដូចជាពួកគេមានសិទ្ធិទទួលជីវិតថ្មីនោះទេ។ ការប្រោសឲ្យរស់ឡើងវិញគឺជាអំណោយមួយពីព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់។ លោកឲ្យអំណោយនេះទៅអ្នកណាក៏បានដែលលោកចង់ឲ្យមានឱកាសបម្រើលោកជារៀងរហូត។ (យ៉ូប ១៤:១៣, ១៤; យ៉ូន. ៦:៤៤) តើសាឡូម៉ូននឹងទទួលអំណោយនេះឬទេ? ព្រះយេហូវ៉ាដឹងចម្លើយ តែយើងមិនដឹងទេ។ ប៉ុន្តែ យើងដឹងថាព្រះយេហូវ៉ានឹងធ្វើអ្វីដែលត្រឹមត្រូវ។
អ្វីដែលយើងដឹង
១០. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាអំពីការបំផ្លាញមនុស្ស? (អេសេគាល ៣៣:១១) (សូមមើលរូបភាពផងដែរ)
១០ សូមអាន អេសេគាល ៣៣:១១។ ស្ដីអំពីរបៀបដែលព្រះយេហូវ៉ាវិនិច្ឆ័យមនុស្ស លោកបើកបង្ហាញឲ្យយើងយល់អំពីអារម្មណ៍របស់លោក។ សាវ័កពេត្រុសបានសរសេរក្រោមការដឹកនាំរបស់ព្រះស្រដៀងនឹងអ្វីដែលអ្នកប្រកាសទំនាយអេសេគាលបានសរសេរ ដែលថា៖ «ព្រះយេហូវ៉ា . . . មិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ»។ (២ពេ. ៣:៩) ពាក្យទាំងនេះសម្រាលទុក្ខយើងមែន! យើងដឹងថាព្រះយេហូវ៉ាមិនឆាប់បំផ្លាញមនុស្សឲ្យហិនវិនាសជារៀងរហូតទេ។ លោកពោរពេញដោយក្ដីមេត្តាករុណា ហើយលោកបង្ហាញចិត្តមេត្តាករុណាពេលណាដែលលោកអាចធ្វើបាន។
១១. តើអ្នកណាខ្លះនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ ហើយហេតុអ្វីយើងដឹងដូច្នេះ?
១១ តើយើងដឹងអ្វីអំពីមនុស្សដែលនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញ? គម្ពីររៀបរាប់អំពីបុគ្គលតែប៉ុន្មាននាក់ប៉ុណ្ណោះ។ b លោកយេស៊ូបានបញ្ជាក់ថាយូដាស អ៊ីស្ការីយ៉ុតនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទេ។ (ម៉ាក. ១៤:២១; យ៉ូន. ១៧:១២) c យូដាសដឹងថាអ្វីដែលគាត់បានធ្វើគឺប្រឆាំងនឹងព្រះយេហូវ៉ានិងបុត្ររបស់លោក។ ទោះជាយ៉ាងនោះក្ដី គាត់នៅតែធ្វើ។ (ម៉ាក. ៣:២៩) d ស្រដៀងគ្នាដែរ លោកយេស៊ូបានមានប្រសាសន៍អំពីពួកអ្នកដឹកនាំសាសនាយូដាខ្លះដែលបានប្រឆាំងលោកថា ពួកគេនឹងស្លាប់ដោយគ្មានសេចក្ដីសង្ឃឹមប្រោសឲ្យរស់ឡើងវិញ។ (ម៉ាថ. ២៣:៣៣) ម្យ៉ាងទៀត សាវ័កប៉ូលបានព្រមានថាពួកអ្នកក្បត់ជំនឿដែលមិនប្រែចិត្តនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទេ។—ហេ. ៦:៤-៨; ១០:២៩
១២. តើយើងដឹងអ្វីខ្លះអំពីសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា? សូមលើកឧទាហរណ៍។
១២ ប៉ុន្តែ តើយើងដឹងអ្វីខ្លះអំពីសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ា? តើលោកបានបង្ហាញយ៉ាងដូចម្ដេចថា«លោកមិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោល»? សូមគិតអំពីសេចក្ដីមេត្តាករុណាដែលព្រះយេហូវ៉ាបានបង្ហាញចំពោះបុគ្គលខ្លះដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ ជាឧទាហរណ៍ ស្ដេចដាវីឌបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ដូចជាផិតក្បត់និងឃាតកម្ម។ ប៉ុន្តែគាត់បានប្រែចិត្ត ដូច្នេះព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្តាករុណាដោយអភ័យទោសឲ្យគាត់។ (២សាំ. ១២:១-១៣) ស្ដេចម៉ាណាសេបានប្រព្រឹត្តអាក្រក់យ៉ាងច្រើនស្ទើរតែពេញ មួយជីវិតរបស់គាត់។ ទោះជាក្នុងករណីធ្ងន់ធ្ងរបែបនេះក្ដី ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីមេត្តាករុណា ហើយអភ័យទោសឲ្យម៉ាណាសេដោយសារគាត់បានប្រែចិត្ត។ (២ប្រ. ៣៣:៩-១៦) គំរូទាំងនេះបានរំលឹកយើងថាព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាពេលណាដែលលោកឃើញថាមានហេតុឲ្យធ្វើដូច្នោះ។ លោកនឹងប្រោសបុគ្គលបែបនោះឲ្យរស់ឡើងវិញ ដោយសារពួកគេទទួលស្គាល់ថាពួកគេបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយបានប្រែចិត្ត។
១៣. (ក) ហេតុអ្វីព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នកក្រុងនីនីវេ? (ខ) តើលោកយេស៊ូបានមានប្រសាសន៍អ្វីក្រោយមកអំពីអ្នកក្រុងនីនីវេ?
១៣ យើងក៏ដឹងអំពីសេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ាចំពោះអ្នកក្រុងនីនីវេដែរ។ ព្រះបានប្រាប់យ៉ូណាសអំពីក្រុងនោះថា៖ «[ចូរ]ប្រកាសអំពីការវិនិច្ឆ័យទោសក្រុងនោះទៅ ព្រោះអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្ត ខ្ញុំបានឃើញអស់ហើយ»។ ប៉ុន្តែពេលពួកគេបានប្រែចិត្តចំពោះការខុសឆ្គងរបស់ពួកគេ ព្រះយេហូវ៉ាបានអភ័យទោសឲ្យពួកគេយ៉ាងសប្បុរស។ លោកមានសេចក្ដីមេត្តាករុណាច្រើនជាងយ៉ូណាសឆ្ងាយណាស់ ព្រោះយ៉ូណាសបានខឹង ហើយព្រះត្រូវរំលឹកគាត់ថាអ្នកក្រុងនីនីវេទាំងនោះ«មិនស្គាល់ខុសមិនស្គាល់ត្រូវ»ទេ។ (យ៉ូណ. ១:១, ២; ៣:១០; ៤:៩-១១) ក្រោយមក លោកយេស៊ូបានប្រើឧទាហរណ៍នោះដើម្បីបង្រៀនអំពីយុត្តិធម៌និងមេត្តាករុណារបស់ព្រះយេហូវ៉ា។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «នៅថ្ងៃវិនិច្ឆ័យក្ដី មនុស្សពីក្រុងនីនីវេ[ដែលបានប្រែចិត្ត]នឹងរស់ឡើងវិញ»។—ម៉ាថ. ១២:៤១
១៤. តើមនុស្សពីក្រុងនីនីវេ«នឹងរស់ឡើងវិញ ហើយទទួលការវិនិច្ឆ័យ»ក្នុងន័យអ្វី?
១៤ តើពាក្យ«នៅថ្ងៃវិនិច្ឆ័យក្ដី មនុស្សពីក្រុងនីនីវេនឹងរស់ឡើងវិញ»មានន័យយ៉ាងណា? លោកយេស៊ូបានបង្រៀនអំពីការ«រស់ឡើងវិញ ហើយទទួលការវិនិច្ឆ័យ»នៅថ្ងៃអនាគត។ (យ៉ូន. ៥:២៩) លោកកំពុងសំដៅទៅលើការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោក ជាគ្រាដែល«មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។ (សកម្ម. ២៤:១៥) សម្រាប់«មនុស្សមិនសុចរិត» ពួកគេនឹង«រស់ឡើងវិញ ហើយទទួលការវិនិច្ឆ័យ»។ នេះមានន័យថាក្រោយពីបុគ្គលទាំងនេះបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រះយេហូវ៉ានិងលោកយេស៊ូនឹងពិនិត្យមើលថាពួកគេស្ដាប់បង្គាប់និងធ្វើតាមអ្វីដែលពួកគេរៀនឬយ៉ាងណា។ បើអ្នកក្រុងនីនីវេណាម្នាក់ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញមិនព្រមគោរពប្រណិប័តន៍ព្រះយេហូវ៉ា នោះលោកនឹងមិនអនុញ្ញាតឲ្យគាត់បន្ដរស់រានមានជីវិតទេ។ (អេ. ៦៥:២០) ប៉ុន្តែ អស់អ្នកដែលសម្រេចចិត្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយស្មោះត្រង់នឹងមានឱកាសរស់ជារៀងរហូត!—ដាន. ១២:២
១៥. (ក) ហេតុអ្វីយើងគួរជៀសវាងពីការនិយាយថា គ្មានអ្នកណានឹងត្រូវប្រោសឲ្យរស់ឡើងវិញពីចំណោមពួកអ្នកដែលបានត្រូវបំផ្លាញនៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា? (ខ) តើយើងអាចយល់យ៉ាងណាពីពាក្យដែលបានត្រូវកត់ទុកនៅយូដាស ៧? (សូមមើលប្រអប់ដែលមានចំណងជើងថា « តើយូដាសចង់មានន័យយ៉ាងណា?»)
១៥ ស្ដីអំពីពួកអ្នកក្រុងសូដុមនិងក្រុងកូម៉ូរ៉ា លោកយេស៊ូបានមានប្រសាសន៍ថា «នៅថ្ងៃវិនិច្ឆ័យក្ដី» បុគ្គលដែលបានបដិសេធមិនទទួលស្គាល់លោកនិងសេចក្ដីបង្រៀនរបស់លោក «នឹងទទួលទោសធ្ងន់ជាងក្រុងសូដុមនិងក្រុងកូម៉ូរ៉ាទៅទៀត»។ (ម៉ាថ. ១០:១៤, ១៥; ១១:២៣, ២៤; លូក. ១០:១២) តើលោកចង់មានន័យយ៉ាងណា? យើងប្រហែលជាសន្និដ្ឋានថាលោកយេស៊ូបាននិយាយពន្លើសក្នុងករណីនេះ។ ប៉ុន្តែ តើលោកយេស៊ូនិយាយពន្លើសគ្រាន់តែដើម្បីបង្ហាញថាបណ្ដាជននៅសម័យរបស់លោកគឺអាក្រក់ជាងពួកអ្នកក្រុងសូដុមនិងក្រុងកូម៉ូរ៉ាឬទេ? សូមនឹកចាំថាពេលលោកយេស៊ូបានមានប្រសាសន៍ថា៖ «នៅថ្ងៃវិនិច្ឆ័យក្ដី មនុស្សពីក្រុងនីនីវេនឹងរស់ឡើងវិញ» គឺលោកកំពុងនិយាយក្នុងន័យត្រង់។ តាមមើលទៅលោកយេស៊ូក៏និយាយន័យត្រង់អំពីពួកអ្នកនៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ «ថ្ងៃវិនិច្ឆ័យក្ដី»ដែលលោកបានលើកឡើងនៅទីនេះ ទំនងជាដូចគ្នានឹងការវិនិច្ឆ័យក្ដីដែលលោកនិយាយជាប់ទាក់ទងនឹងពួកអ្នកក្រុងនីនីវេ។ បន្ថែមទៅទៀត សូមនឹកចាំអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពីការ«រស់ឡើងវិញ ហើយទទួលការវិនិច្ឆ័យ»។ នោះនឹងរួមបញ្ចូល«អ្នកណាដែលបានប្រព្រឹត្តការអាក្រក់ជាទម្លាប់»។ (យ៉ូន. ៥:២៩) ដូចពួកអ្នកក្រុងនីនីវេ ពួកអ្នកក្រុងសូដុមនិងក្រុងកូម៉ូរ៉ាបានប្រព្រឹត្តអំពើអាក្រក់។ ប៉ុន្តែ ពួកអ្នកក្រុងនីនីវេមានឱកាសប្រែចិត្ត។ ដូច្នេះ តាមមើលទៅប្រហែលជាមានសេចក្ដីសង្ឃឹមខ្លះចំពោះពួកអ្នកក្រុងសូដុមនិងក្រុងកូម៉ូរ៉ា។ ប្រហែលជាអ្នកខ្លះក្នុងចំណោមបុគ្គលទាំងនោះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយយើងប្រហែលជាមានឱកាសបង្រៀនពួកគេអំពីព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត។
១៦. តើព្រះយេហូវ៉ាពិចារណាអ្វីពេលសម្រេចចិត្តថាលោកនឹងប្រោសអ្នកណាឲ្យរស់ឡើងវិញ? (យេរេមា ១៧:១០)
១៦ សូមអាន យេរេមា ១៧:១០។ ខនេះជួយយើងឲ្យសង្ខេបអំពីអ្វីដែលយើងដឹង គឺថាព្រះយេហូវ៉ាតែងតែជាបុគ្គលដែល«ស្ទង់មើលចិត្ត ហើយក៏ពិនិត្យមើលគំនិតដែលកប់ជ្រៅ»។ ស្ដីអំពីការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃអនាគត លោកនឹង«សងដល់ម្នាក់ៗតាមការប្រព្រឹត្តរបស់ខ្លួន»។ ព្រះយេហូវ៉ានឹងម៉ឺងម៉ាត់នៅពេលដែលចាំបាច់ ប៉ុន្តែលោកក៏នឹងបង្ហាញសេចក្ដីមេត្តាករុណាពេលណាដែលអាចធ្វើបាន។ ដូច្នេះ យើងមិនគួរសន្និដ្ឋានថាបុគ្គលណាម្នាក់គ្មានសេចក្ដីសង្ឃឹមប្រោសឲ្យរស់ឡើងវិញទេ លុះត្រាតែយើងដឹងច្បាស់ ដោយសារគម្ពីរចែងយ៉ាងនោះ!
«ចៅក្រមនៃផែនដី»នឹង«តែងតែប្រព្រឹត្តដោយយុត្តិធម៌ជានិច្ច»
១៧. តើអ្វីនឹងកើតឡើងចំពោះមនុស្សដែលបានស្លាប់?
១៧ តាំងពីអាដាមនិងអេវ៉ាបានចូលរួមជាមួយសាថានក្នុងការបះបោរប្រឆាំងនឹងព្រះយេហូវ៉ា មនុស្សរាប់ពាន់លាននាក់បានស្លាប់។ សេចក្ដីស្លាប់គឺជា«សត្រូវ»ដ៏កាចសាហាវណាស់។ (១កូ. ១៥:២៦) តើនឹងមានអ្វីកើតឡើងចំពោះមនុស្សទាំងអស់នោះ? ក្នុងចំណោមមនុស្សទាំងនោះ មានមនុស្សមួយក្រុមតូចដែលមានចំនួន១៤៤.០០០នាក់ជាអ្នកកាន់តាមដ៏ស្មោះត្រង់របស់គ្រិស្ត ដែលត្រូវប្រោសឲ្យរស់ឡើងវិញឲ្យមានជីវិតអមតៈនៅស្ថានសួគ៌។ (បប. ១៤:១) បុរសស្ត្រីដ៏ស្មោះត្រង់ជាច្រើនអនេកដែលស្រឡាញ់ព្រះយេហូវ៉ា នឹងនៅក្នុងចំណោម«មនុស្សសុចរិត[ដែល]នឹងត្រូវប្រោសឲ្យរស់ឡើងវិញ» ហើយពួកគេនឹងរស់ជារៀងរហូតនៅលើផែនដី បើពួកគេរក្សាខ្លួនជាមនុស្សសុចរិតក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត ហើយក្នុងអំឡុងការល្បងលចុងក្រោយ។ (ដាន. ១២:១៣; ហេ. ១២:១) ម្យ៉ាងទៀត ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំ «មនុស្សមិនសុចរិត»រួមមានពួកអ្នកដែលមិនដែលបម្រើព្រះយេហូវ៉ា ឬថែមទាំង«បានប្រព្រឹត្តការអាក្រក់ជាទម្លាប់»នឹងទទួលឱកាសដើម្បីកែខ្លួន ហើយទៅជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ (លូក. ២៣:៤២, ៤៣) ក៏ប៉ុន្តែ មនុស្សខ្លះគឺអាក្រក់ខ្លាំងណាស់ ហើយបានតាំងចិត្តបះបោរប្រឆាំងនឹងព្រះយេហូវ៉ានិងគោលបំណងរបស់លោក បានជាព្រះយេហូវ៉ាសម្រេចចិត្តថាពួកគេនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទេ។—លូក. ១២:៤, ៥
១៨-១៩. (ក) ហេតុអ្វីយើងអាចជឿជាក់លើការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាចំពោះពួកអ្នកដែលបានស្លាប់? (អេសាយ ៥៥:៨, ៩) (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទបន្ទាប់?
១៨ តើយើងអាចជឿជាក់ទាំងស្រុងថាពេលព្រះយេហូវ៉ាវិនិច្ឆ័យមនុស្ស លោកតែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវឬទេ? យើងអាចជឿជាក់មែន! ដូចដែលអាប្រាហាំបានយល់ច្បាស់ ព្រះយេហូវ៉ាគឺជា«ចៅក្រមនៃផែនដី»ដ៏ល្អឥតខ្ចោះ មានសេចក្ដីមេត្តាករុណា និងពេញដោយប្រាជ្ញា។ លោកបានបង្ហាត់បង្រៀននិងប្រគល់ការវិនិច្ឆ័យទាំងអស់ឲ្យទៅបុត្រលោក។ (យ៉ូន. ៥:២២) ទាំងបិតាទាំងបុត្រ អាចជ្រាបអ្វីដែលមាននៅក្នុងចិត្តមនុស្សម្នាក់ៗ។ (ម៉ាថ. ៩:៤) ដូច្នេះ ពេលលោកទាំងពីរវិនិច្ឆ័យបុគ្គលម្នាក់ៗ នោះគឺ«យុត្តិធម៌ជានិច្ច»!
១៩ សូមយើងតាំងចិត្តថាយើងនឹងទុកចិត្តព្រះយេហូវ៉ានិងការសម្រេចចិត្តទាំងអស់របស់លោក។ យើងទទួលស្គាល់ថាយើងគ្មានសមត្ថភាពធ្វើជាអ្នកវិនិច្ឆ័យទេ តែលោកមាន! (សូមអាន អេសាយ ៥៥:៨, ៩) នេះជាមូលហេតុដែលយើងទុកចិត្តព្រះយេហូវ៉ានិងបុត្ររបស់លោកឲ្យធ្វើការវិនិច្ឆ័យទាំងអស់។ ម្យ៉ាងទៀត យើងដឹងថាលោកយេស៊ូដែលជាស្ដេចរបស់យើងនឹងយកតម្រាប់បិតារបស់លោកយ៉ាងល្អឥតខ្ចោះក្នុងការបង្ហាញយុត្តិធម៌និងសេចក្ដីមេត្តាករុណា។ (អេ. ១១:៣, ៤) ប៉ុន្តែ តើយើងអាចនិយាយយ៉ាងណាអំពីរបៀបដែលព្រះយេហូវ៉ានិងលោកយេស៊ូនឹងវិនិច្ឆ័យមនុស្សនៅគ្រាទុក្ខវេទនាជាខ្លាំង? តើយើងមិនដឹងអ្វី ហើយតើយើងដឹងអ្វី? នៅអត្ថបទបន្ទាប់ យើងនឹងទទួលចម្លើយចំពោះសំណួរទាំងនេះ។
ចម្រៀងលេខ៥៧ ចូរផ្សព្វផ្សាយដល់មនុស្សគ្រប់ប្រភេទ
b ស្ដីអំពីអាដាម អេវ៉ា និងកាអ៊ីន សូមមើលទស្សនាវដ្ដីប៉មយាម ខែមករា-មីនា ឆ្នាំ២០១៣ ទំ.១២, កំ.ស.។
c នៅក្នុងកំណត់សម្គាល់នៃយ៉ូហាន ១៧:១២ មានពាក្យ«កូននៃការបំផ្លាញ»ដែលមានន័យថាពេលយូដាសបានស្លាប់។ គាត់បានត្រូវបំផ្លាញចោលដោយគ្មានសេចក្ដីសង្ឃឹមទទួលការប្រោសឲ្យរស់ឡើងវិញ។
d សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ទំ.១១។