របៀបបំបាត់ចោលការស្អប់គ្នា
៣ | បំបាត់ការស្អប់ចេញពីចិត្តគំនិតរបស់អ្នក
សេចក្ដីបង្រៀនក្នុងគម្ពីរ:
«ចូរឈប់យកតម្រាប់របៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ»។—រ៉ូម ១២:២
នេះមានន័យថា:
របៀបគិតគូររបស់យើងគឺសំខាន់ចំពោះព្រះ។ (យេរេមា ១៧:១០) យើងមិនគ្រាន់តែជៀសវាងពីការនិយាយឬធ្វើអ្វីដែលគួរឲ្យស្អប់ប៉ុណ្ណោះទេ។ ការស្អប់កើតចេញពីចិត្តនិងគំនិតរបស់យើង។ ដូច្នេះ យើងគួរបំបាត់ចោលការស្អប់ពីការគិតគូរនិងអារម្មណ៍របស់យើង។ នៅពេលនោះ យើងនឹង«កែប្រែ»ពិតប្រាកដ ហើយបំបាត់ការស្អប់គ្នាទៅវិញទៅមកឥតឈប់។
របៀបដែលខគម្ពីរនេះអាចជួយអ្នក:
សូមពិចារណាអំពីគំនិតនិងអារម្មណ៍របស់អ្នកចំពោះអ្នកឯទៀត ជាពិសេសចំពោះមនុស្សដែលមកពីជាតិសាសន៍ឬជនជាតិដទៃ។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំមានទស្សនៈយ៉ាងណាចំពោះពួកគេ? តើទស្សនៈរបស់ខ្ញុំមានមូលដ្ឋានទៅលើអ្វីដែលខ្ញុំដឹងដោយផ្ទាល់អំពីពួកគេទេ? ឬមានមូលដ្ឋានទៅលើការរើសអើងវិញ?›។ ចូរជៀសវាងពីបណ្ដាញគេហទំព័រទាក់ទងគ្នា ភាពយន្ត ឬការកម្សាន្តណាដែលលើកស្ទួយការស្អប់គ្នានិងអំពើហិង្សា។
បណ្ដាំរបស់ព្រះអាចជួយយើងឲ្យយកឈ្នះការស្អប់ក្នុងចិត្តនិងគំនិតរបស់យើង
ការពិនិត្យមើលការគិតគូរនិងអារម្មណ៍របស់ខ្លួនគឺមិនតែងតែងាយស្រួលទេ។ ប៉ុន្តែ បណ្ដាំរបស់ព្រះអាចជួយយើងឲ្យ«ឃើញគំនិតនិងបំណងចិត្ត»របស់យើង។ (ហេប្រឺ ៤:១២) ដូច្នេះ សូមបន្តពិនិត្យមើលគម្ពីរ។ សូមប្រៀបធៀបសេចក្ដីបង្រៀនក្នុងគម្ពីរជាមួយនឹងការគិតគូររបស់អ្នក ហើយខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យការគិតគូររបស់អ្នកស្របតាមអ្វីដែលគម្ពីរបង្រៀន។ បណ្ដាំរបស់ព្រះអាចជួយយើងឲ្យយកឈ្នះការស្អប់ដែល«ចាក់ឫសជ្រៅ»ក្នុងចិត្តនិងគំនិតរបស់យើង។—កូរិនថូសទី២ ១០:៤, ៥