របៀបបំបាត់ចោលការស្អប់គ្នា
១ | កុំរើសមុខ
សេចក្ដីបង្រៀនក្នុងគម្ពីរ:
«ព្រះមិនរើសមុខទេ។ ប៉ុន្តែ នៅគ្រប់ប្រជាជាតិ អ្នកណាដែលកោតខ្លាចលោក ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ លោកពេញចិត្តអ្នកនោះ»។—សកម្មភាព ១០:៣៤, ៣៥
នេះមានន័យថា:
ព្រះយេហូវ៉ា * មិនវិនិច្ឆ័យយើងតាមរយៈសញ្ជាតិ ជាតិសាសន៍ ពណ៌សម្បុរ ឬវប្បធម៌របស់យើងនោះទេ។ ផ្ទុយទៅវិញ លោកផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ នោះគឺអ្វីដែលមាននៅក្នុងចិត្តរបស់យើង។ គម្ពីរក៏ពន្យល់ថា៖ «មនុស្សមើលតែសម្បកក្រៅ ប៉ុន្តែព្រះយេហូវ៉ាមើលក្នុងចិត្តវិញ»។—សាំយូអែលទី១ ១៦:៧
របៀបដែលខគម្ពីរនេះអាចជួយអ្នក:
ទោះបីជាយើងមិនអាចមើលឃើញចិត្តរបស់មនុស្សក៏ដោយ តែយើងអាចយកតម្រាប់តាមព្រះដោយមិនរើសមុខចំពោះមនុស្សគ្រប់ប្រភេទ។ ព្យាយាមស្វែងយល់ពីបុគ្គលម្នាក់ៗជាជាងវិនិច្ឆ័យពួកគេជាក្រុម។ ប្រសិនជាអ្នកសង្កេតឃើញថា អ្នកមានគំនិតអវិជ្ជមានចំពោះអ្នកឯទៀតដោយសារជាតិសាសន៍ ឬសញ្ជាតិ សូមអធិដ្ឋានសុំជំនួយពីព្រះ ដើម្បីជួយអ្នកដកចិត្តគំនិតបែបនោះដែលចាក់ឬសជ្រៅចេញពីអ្នក។ (ចម្រៀងសរសើរព្រះ ១៣៩:២៣, ២៤) បើអ្នកអធិដ្ឋានស្មោះអស់ពីចិត្តសុំកម្លាំងពីព្រះដើម្បីជួយអ្នកមិនឲ្យរើសមុខ អ្នកអាចប្រាកដក្នុងចិត្តទាំងស្រុងថា លោកនឹងស្ដាប់អ្នកហើយនឹងផ្ដល់ជំនួយដល់អ្នក។—ពេត្រុសទី១ ៣:១២
^ វគ្គ 6 យេហូវ៉ាគឺជាឈ្មោះផ្ទាល់របស់ព្រះ។—ចម្រៀងសរសើរព្រះ ៨៣:១៨
«ខ្ញុំមិនដែលអង្គុយជាមួយមនុស្សស្បែកសដោយមានអារម្មណ៍ស្រួលដូច្នេះពីមុនទេ . . . ឥឡូវខ្ញុំរួមចំណែកក្នុងអង្គការមួយដែលមានសមាជិកជាជនជាតិផ្សេងៗ»។—ទីតុស