អត្ថបទអំពីក្របទស្សនាវដ្ដី | តើការអានគម្ពីរមានប្រយោជន៍អ្វី?
តើអ្វីអាចជួយខ្ញុំឲ្យចាប់ផ្ដើមអានគម្ពីរ?
តើមានវិធីណាខ្លះដែលនឹងជួយលោកអ្នកឲ្យចូលចិត្ដអានគម្ពីរ ហើយទទួលប្រយោជន៍ច្រើនបំផុត? សូមកត់សម្គាល់យោបល់ប្រាំយ៉ាងដែលបានជួយមនុស្សជាច្រើន។
រកកន្លែងដែលមានបរិយាកាសល្អ។ សូមព្យាយាមរកកន្លែងស្ងាត់ ដើម្បីងាយស្រួលឲ្យលោកអ្នកប្រមូលអារម្មណ៍ទៅលើអ្វីដែលលោកអ្នកកំពុងអាន។ ម្យ៉ាងទៀត កន្លែងដែលមានពន្លឺគ្រប់គ្រាន់និងមានខ្យល់បរិសុទ្ធ ក៏អាចជួយលោកអ្នកឲ្យទទួលប្រយោជន៍កាន់តែច្រើនពីការអានដែរ។
មានចិត្ដគំនិតត្រឹមត្រូវ។ ដោយសារគម្ពីរមកពីបិតាស្ថានសួគ៌ នោះលោកអ្នកនឹងទទួលប្រយោជន៍ច្រើនបំផុត បើលោកអ្នកត្រៀមខ្លួនដូចកូនៗដែលចង់រៀនពីឪពុកម្ដាយជាទីស្រឡាញ់។ បើលោកអ្នកមានទស្សនៈមិនត្រឹមត្រូវ ឬវាយតម្លៃគម្ពីរទុកជាមុន សូមទុកទស្សនៈនោះមួយឡែកសិន ដើម្បីឲ្យព្រះអាចបង្ហាត់បង្រៀនលោកអ្នក។—ទំនុកតម្កើង ២៥:៤
អធិដ្ឋានមុនអាន។ ដោយសារគម្ពីរមានទស្សនៈរបស់ព្រះ ដូច្នេះមិនមែនជាការចម្លែកទេដែលយើងត្រូវការជំនួយពីលោកដើម្បីយល់គម្ពីរ។ ព្រះសន្យាថានឹងផ្ដល់«សកម្មពលបរិសុទ្ធរបស់លោកដល់អ្នកដែលសុំពីលោក»។ (លូកា ១១:១៣) សកម្មពលបរិសុទ្ធអាចជួយលោកអ្នកយល់គំនិតនិងទស្សនៈរបស់ព្រះ។ ក្រោយមក សកម្មពលនោះនឹងបើកបង្ហាញឲ្យលោកអ្នកយល់«សូម្បីតែសេចក្ដីជ្រាលជ្រៅរបស់ព្រះ»។—កូរិនថូសទី១ ២:១០
អានដើម្បីយល់។ សូមកុំអានត្រួសៗឡើយ។ ផ្ទុយទៅវិញ សូមរំពឹងគិតអំពីអ្វីដែលលោកអ្នកកំពុងអាន។ ពេលអានសូមសួរខ្លួនលោកអ្នកថា: ‹តើបុគ្គលដែលខ្ញុំកំពុងអាននេះមានគុណសម្បត្ដិអ្វីខ្លះ? តើតាមរបៀបណាខ្ញុំអាចធ្វើតាមមេរៀននេះ?›។
មានគោលដៅជាក់លាក់។ ដើម្បីទទួលប្រយោជន៍ពីការអានគម្ពីរ លោកអ្នកគួរព្យាយាមរៀននូវចំណុចណាដែលនឹងជួយឲ្យជីវិតលោកអ្នកប្រសើរជាង។ ជាឧទាហរណ៍ លោកអ្នកអាចមានគោលដៅដូចជា: ‹ខ្ញុំចង់រៀនថែមទៀតអំពីព្រះ› ឬ‹ខ្ញុំចង់ទៅជាមនុស្សល្អជាង ប្ដីល្អជាង ឬប្រពន្ធល្អជាង›។ រួចមក សូមជ្រើសរើសអានផ្នែកខ្លះក្នុងគម្ពីរដែលនឹងជួយឲ្យលោកអ្នកសម្រេចគោលដៅដូចនោះ។ *
យោបល់ទាំងប្រាំនោះនឹងជួយឲ្យលោកអ្នកចាប់ផ្ដើមអានគម្ពីរ។ ប៉ុន្ដែ តើមានអ្វីខ្លះអាចធ្វើឲ្យលោកអ្នកចូលចិត្ដអានគម្ពីរ? អត្ថបទបន្ទាប់មានយោបល់ខ្លះៗ។
^ វគ្គ 8 ស្ដីអំពីរឿងនេះ បើលោកអ្នកមិនប្រាកដថាគួរអានផ្នែកណាមួយក្នុងគម្ពីរទេ សាក្សីព្រះយេហូវ៉ាសប្បាយចិត្ដជួយលោកអ្នក។