ពេលអ្នកមានជំងឺធ្ងន់ធ្ងរ
បើអ្នកឬមនុស្សជាទីស្រឡាញ់របស់អ្នកមានជំងឺដែលអាចបណ្ដាលឲ្យស្លាប់ អ្នកនឹងដឹងថានោះរងទុក្ខខ្លាំងប៉ុណ្ណា។ ក្រៅពីការរងទុក្ខនឹងជំងឺ អ្នកត្រូវស៊ូទ្រាំនឹងបញ្ហាផ្លូវចិត្ត។ ការទៅមន្ទីរពេទ្យច្រើនដងដែលនាំឲ្យតានតឹងចិត្ត ការពិបាកទទួលការព្យាបាល ការបង់ថ្លៃការព្យាបាល ឬផលប៉ះពាល់ដែលមកពីថ្នាំធ្វើឲ្យភ័យព្រួយ។ ជំងឺធ្ងន់ធ្ងរធ្វើឲ្យមានបញ្ហាផ្លូវចិត្តជាខ្លាំង ដែលអាចនាំឲ្យពិបាកស៊ូទ្រាំ។
តើយើងអាចស្វែងរកជំនួយនៅឯណា? មនុស្សជាច្រើនបានឃើញថាការអធិដ្ឋានទៅព្រះ និងការអានព័ត៌មានដែលសម្រាលទុក្ខក្នុងគម្ពីរគឺជាការសម្រាលទុក្ខដ៏ធំបំផុតរបស់ពួកគេ។ ជំនួយឯទៀតអាចតាមរយៈសេចក្ដីស្រឡាញ់និងការគាំទ្រពីក្រុមគ្រួសារនិងមិត្តភក្ដិ។
របៀបដែលអ្នកខ្លះបានស៊ូទ្រាំ
រ៉ូបឺតដែលមានអាយុ៥៨ឆ្នាំ និយាយថា៖ «សូមមានជំនឿលើព្រះ នោះលោកប្រាកដជាជួយអ្នកឲ្យស៊ូទ្រាំនឹងជំងឺរបស់អ្នក។ អធិដ្ឋានទៅព្រះយេហូវ៉ា។ ប្រាប់លោកអំពីអារម្មណ៍របស់អ្នក។ សុំឫទ្ធានុភាពបរិសុទ្ធរបស់លោក។ សុំលោកជួយអ្នកឲ្យមានគំនិត
ត្រឹមត្រូវនិងកម្លាំងដើម្បីអាចលើកទឹកចិត្តក្រុមគ្រួសាររបស់អ្នក ហើយរក្សាចិត្តស្ងប់កាលដែលអ្នកស៊ូទ្រាំនឹងជំងឺរបស់អ្នក។«គឺពិតជាមានប្រយោជន៍ណាស់ ពេលក្រុមគ្រួសាររបស់អ្នកគាំទ្រខាងផ្លូវចិត្ត។ ខ្ញុំបានទទួលទូរស័ព្ទជារៀងរាល់ថ្ងៃពីម្នាក់ឬពីរនាក់ដែលសួរថា៖ ‹សុខទុក្ខយ៉ាងណាដែរ?›។ ខ្ញុំបានទទួលការលើកទឹកចិត្តពីមិត្តភក្ដិដែលរស់នៅកន្លែងផ្សេងៗ។ ពួកគេធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាលជាង ហើយនោះជួយខ្ញុំឲ្យមិនឈប់ស៊ូទ្រាំ»។
បើអ្នកទៅលេងមិត្តរបស់អ្នកដែលជាអ្នកជំងឺ សូមកត់សម្គាល់អ្វីដែលលីនដានិយាយ។ នាងនិយាយថា៖ «អ្នកជំងឺច្បាស់ជាចង់មានជីវិតដូចអ្នកឯទៀតដែរ ហើយប្រហែលជាមិនតែងតែចង់និយាយអំពីជំងឺទេ។ ដូច្នេះសូមនិយាយអ្វីដែលអ្នកនិយាយជាធម្មតា»។
ដោយទទួលកម្លាំងពីព្រះនិងការលើកទឹកចិត្តពីបទគម្ពីរ ព្រមទាំងការគាំទ្រដោយសេចក្ដីស្រឡាញ់ពីក្រុមគ្រួសារនិងមិត្តភក្ដិ យើងអាចមានទំនុកចិត្តថាយើងគួរបន្តរស់នៅ សូម្បីតែពេលយើងកំពុងស៊ូទ្រាំនឹងជំងឺធ្ងន់ធ្ងរក្ដី។