លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់

តើ​ការ​កើត​ទុក្ខ​ជា​ការ​ខុស​ឬ?

តើ​ការ​កើត​ទុក្ខ​ជា​ការ​ខុស​ឬ?

តើ​អ្នក​ធ្លាប់​ឈឺ​មួយ​រយៈ​ពេល​ឬ​ទេ? ប្រហែល​ជា​អ្នក​បាន​ជា​សះ​ស្បើយ​វិញ​ភ្លាម​ៗ ហើយ​ភ្លេច​អំពី​ពេល​ដែល​អ្នក​ឈឺ។ ប៉ុន្ដែ ការ​កើត​ទុក្ខ​គឺ​មិន​ដូច្នោះ​ទេ។ ក្នុង​សៀវភៅ​មួយ​របស់​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ​អាឡឺន វូលហ្វែល បាន​ប្រាប់​ថា​៖ ​«​គ្មាន​វិធី​ណា​ដែល​អាច​ជួយ​អ្នក‹ឲ្យ​បំភ្លេច›ទុក្ខ​សោក​បាន​ទេ។ ប៉ុន្ដែ កាល​ដែល​ពេល​វេលា​កន្លង​ទៅ និង​មាន​ការ​សម្រាល​ទុក្ខ​ពី​អ្នក​ឯ​ទៀត នោះ​នឹង​ជួយ​អ្នក​ឲ្យ​រសាយ​ទុក្ខ​»​ (​Heal​in​g a Spouse’s Griev​in​g Heart​)។

ជា​ឧទាហរណ៍ សូម​គិត​អំពី​អារម្មណ៍​របស់​អាប្រាហាំ​ពេល​ដែល​ប្រពន្ធ​របស់​គាត់​ស្លាប់។ គម្ពីរ​ចែង​ថា​៖ ​«​អ័ប្រាហាំ[​អាប្រាហាំ​]ក៏​មក​ដើម្បី[​ឬ​«​ចាប់​ផ្ដើម​»​]កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​សារ៉ា​»។ ពាក្យ​«​ចាប់​ផ្ដើម​»​ធ្វើ​ឲ្យ​យើង​យល់​ថា ត្រូវ​ការ​ពេល​យូរ​បន្ដិច​ដើម្បី​គាត់​អាច​រសាយ​ទុក្ខ​បាន។ * ឧទាហរណ៍​មួយ​ទៀត​គឺ​អំពី​យ៉ាកុប គាត់​បាន​ជឿ​ពាក្យ​កុហក​ថា​កូន​ប្រុស​របស់​គាត់​ឈ្មោះ​យ៉ូសែប​បាន​ត្រូវ​សត្វ​ព្រៃ​សម្លាប់​ហើយ។ យ៉ាកុប​បាន​សោកសង្រេង​អស់​«​ជា​យូរ​ថ្ងៃ​»​ ហើយ​ក្រុម​គ្រួសារ​គាត់​មិន​អាច​សម្រាល​ទុក្ខ​គាត់​បាន​ទេ។ ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ក្ដី យ៉ាកុប​នៅ​តែ​មិន​អាច​បំភ្លេច​យ៉ូសែប​បាន។—លោកុប្បត្ដិ ២៣:២; ៣៧:៣៤, ៣៥; ៤២:៣៦; ៤៥:២៨, ព.ថ.

អាប្រាហាំ​កើត​ទុក្ខ​ដោយ​សារ សារ៉ា​ដែល​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​បាន​ស្លាប់

ដូច​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​កើត​ទុក្ខ​ដោយ​សារ​មនុស្ស​ជិត​ស្និទ្ធ​បំផុត​របស់​ពួក​គេ​បាន​ស្លាប់។ សូម​ពិចារណា​ឧទាហរណ៍​ពីរ​ខាង​ក្រោម​នេះ។

  • ស្ដ្រី​ម្នាក់​ឈ្មោះ​ហ្កេល អាយុ​៦០​ឆ្នាំ រៀប​រាប់​ថា​៖ ​«​ប្ដី​របស់​ខ្ញុំ​ឈ្មោះ​រ៉ូបឺត បាន​ស្លាប់​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០០៨។ ព្រឹក​ដែល​គាត់​ជួប​គ្រោះ​ថ្នាក់ គឺ​ជា​ព្រឹក​ដែល​យើង​តែង​តែ​ធ្វើ​អ្វី​ជា​ធម្មតា។ ក្រោយ​ពី​ញ៉ាំ​អាហារ​ព្រឹក​រួច មុន​ដែល​គាត់​ចេញ​ទៅ​ធ្វើ​ការ យើង​ឱប​គ្នា ថើប ហើយ​និយាយ​ថា‹បង​ស្រឡាញ់​អូន›។ ទោះ​ជា​៦​ឆ្នាំ​មក​ហើយ តែ​ក្ដី​ឈឺ​ចាប់​មិន​បាន​រសាយ​ចេញ​ពី​ចិត្ដ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​គិត​ថា​គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​អាច​បំភ្លេច​ប្ដី​របស់​ខ្ញុំ​បាន​ឡើយ​»។

  • បុរស​ម្នាក់​ឈ្មោះ​អេធៀន អាយុ​៨៤​ឆ្នាំ និយាយ​ថា​៖ ​«​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ស្លាប់​អស់​ជាង​១៨​ឆ្នាំ​ហើយ តែ​ខ្ញុំ​នៅ​តែ​នឹក​នាង ហើយ​សោកសៅ​ជា​និច្ច។ ពេល​ខ្ញុំ​ឃើញ​អ្វី​មួយ​ស្អាត​ក្នុង​ធម្មជាតិ ខ្ញុំ​ក៏​នឹក​គិត​ដល់​នាង​ភ្លាម។ ខ្ញុំ​គិត​ថា​បើ​នាង​បាន​ឃើញ​អ្វី​ទាំង​នេះ​ដែរ មិន​ដឹង​ជា​នាង​សប្បាយ​ចិត្ដ​យ៉ាង​ណា​ទេ​»។

បទ​ពិសោធន៍​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ការ​ឈឺ​ចាប់​និង​ការ​កើត​ទុក្ខ​យូរ គឺ​ជា​អារម្មណ៍​ធម្មតា​របស់​មនុស្ស​គ្រប់​រូប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ម្នាក់​ៗ​មាន​អារម្មណ៍​កើត​ទុក្ខ​មិន​ដូច​គ្នា​ទេ ដូច្នេះ​មិន​មែន​ជា​ការ​ល្អ​ឡើយ​ដែល​យើង​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ចំពោះ​របៀប​ដែល​គាត់​កើត​ទុក្ខ​ដោយ​សារ​រឿង​ខ្លោច​ផ្សា​ណា​មួយ។ ប៉ុន្ដែ​នៅ​ដំណាល​គ្នា​នោះ យើង​ក៏​មិន​គួរ​បន្ទោស​ខ្លួន​ឯង​ដែរ ការ​ដែល​យើង​ឃើញ​ថា​ខ្លួន​កើត​ទុក្ខ​ហួស​ហេតុ​ពេក។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រសាយ​ទុក្ខ?

^ វគ្គ 4 កូន​ប្រុស​របស់​អាប្រាហាំ​ឈ្មោះ​អ៊ីសាក​ក៏​ធ្លាប់​កើត​ទុក្ខ​យ៉ាង​យូរ​ផង​ដែរ។ ដូច​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​នេះ​«​ចូរ​យក​តម្រាប់​តាម​ជំនឿ​របស់​ពួក​គាត់​»​ អ៊ីសាក​នៅ​តែ​សោកសៅ​ដែល​សារ៉ា​ជា​ម្ដាយ​របស់​គាត់​បាន​ស្លាប់ ទោះ​ជា​បី​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​ក្ដី។—លោកុប្បត្ដិ ២៤:៦៧