លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ខ្ញុំ​ជា​មនុស្ស​ខឹង​ងំ​និង​ចូល​ចិត្ដ​ប្រើ​ហិង្សា

ខ្ញុំ​ជា​មនុស្ស​ខឹង​ងំ​និង​ចូល​ចិត្ដ​ប្រើ​ហិង្សា
  • ឆ្នាំ​កំណើត: ១៩៧៤

  • ប្រទេស​កំណើត: ម៉ិកស៊ីកូ

  • ប្រវត្ដិ: ក្មេង​ទំនើង​សាហាវ​វ៉ៃ​គ្នា​តាម​ផ្លូវ

អតីតកាល​របស់​ខ្ញុំ:

ខ្ញុំ​កើត​នៅ​ស៊ីយូដាត ម៉ង់តេ ជា​តំបន់​ដ៏​ស្អាត​មួយ​ក្នុង​រដ្ឋ​តា​ម៉ូលីប៉ាស។ ធម្មតា​អ្នក​រស់​នៅ​ក្រុង​នោះ​មាន​ចិត្ដ​ទូលាយ​និង​សប្បុរស។ ប៉ុន្ដែ​គួរ​ឲ្យ​ស្តាយ ដោយ​សារ​មាន​ពួក​សង្គម​ងងឹត​បាន​ធ្វើ​ឲ្យ​តំបន់​នោះ​ពេញ​ទៅ​ដោយ​គ្រោះ​ថ្នាក់។

ខ្ញុំ​មាន​បង​ប្អូន​បួន​នាក់ ទាំង​អស់​សុទ្ធតែ​ប្រុស ហើយ​ខ្ញុំ​ជា​កូន​ទី២។ ឪ​ពុក​ម្ដាយ​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​ក្លាយ​ជា​សមាជិក​ក្នុង​វិហារ​កាតូលិក ក្រោយ​មក​ខ្ញុំ​បាន​ចូល​រួម​ក្រុម​ភ្លេង​នៃ​វិហារ​នោះ។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ ដោយ​សារ​ខ្ញុំ​ភ័យ​ខ្លាច​ថា​នឹង​ទទួល​ការ​កាត់​ទោស​ឲ្យ​ចូល​ទៅ​ក្នុង​ភ្លើង​នរក​ជា​រៀង​រហូត។

ពេល​ខ្ញុំ​អាយុ​ប្រាំ​ឆ្នាំ ឪ​ពុក​ខ្ញុំ​បាន​ចាក​ចោល​ក្រុម​គ្រួសារ។ នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្រៀម​ក្រំ​ចិត្ដ​ជា​ខ្លាំង និង​ល្ហ​ល្ហេវ​ក្នុង​ចិត្ដ។ ខ្ញុំ​មិន​អាច​យល់​មូលហេតុ​ដែល​ឪ​ពុក​បោះ​បង់​ពួក​ខ្ញុំ​ទេ ព្រោះ​អី​ពួក​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។ ម្ដាយ​របស់​ខ្ញុំ​បាន​ចេញ​ទៅ​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​ចិញ្ចឹម​កូន​ទាំង​បួន​នាក់។

ដោយ​សារ​មាន​ស្ថានភាព​ដូច​នោះ ខ្ញុំ​បាន​គេច​សាលា​ទៅ​សេពគប់​នឹង​ក្មេង​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ។ ពួក​គេ​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ជេរ​ប្រមាថ ចេះ​ជក់ ចេះ​លួច និង​ចេះ​វាយ​តប់​គ្នា។ ខ្ញុំ​ចូល​ចិត្ដ​ត្រួត​ត្រា​អ្នក​ឯ​ទៀត ដូច្នេះ​ខ្ញុំ​ក៏​ហាត់​វាយ​បុក ហាត់​បោក​ចំបាប់ និង​ហាត់​ប្រើ​អាវុធ​ផ្សេង​ៗ។ ខ្ញុំ​ក្លាយ​ទៅ​ជា​ក្មេង​ទំនើង​ដ៏​សាហាវ។ ជា​ញឹក​ញយ ខ្ញុំ​បាញ់​គ្នា​ជា​មួយ​អ្នក​ឯ​ទៀត ហើយ​ជា​ច្រើន​ដង​ខ្ញុំ​រង​របួស​និង​ប្រឡាក់​ពេញ​ដោយ​ឈាម ស្ទើរ​ស្លាប់​នៅ​តាម​ផ្លូវ។ ពេល​ម្ដាយ​ខ្ញុំ​ដឹង​អំពី​រឿង​នោះ គាត់​ក៏​ប្រញាប់​យក​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ។ ខ្ញុំ​ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​ពិបាក​ចិត្ដ​ខ្លាំង​ណាស់!

ពេល​ខ្ញុំ​អាយុ​១៦​ឆ្នាំ មិត្ដ​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​តាំង​ពី​ក្មេង​បាន​មក​លេង​ផ្ទះ​របស់​ពួក​ខ្ញុំ គាត់​ឈ្មោះ​ហូហេ។ គាត់​ប្រាប់​ពួក​ខ្ញុំ​ថា​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ថា​គាត់​ចង់​ប្រាប់​ដំណឹង​ដ៏​សំខាន់​មួយ។ គាត់​ចាប់​ផ្ដើម​ពន្យល់​អំពី​ជំនឿ​របស់​គាត់ ដោយ​ប្រើ​គម្ពីរ​បរិសុទ្ធ។ ខ្ញុំ​មិន​ធ្លាប់​អាន​គម្ពីរ​ទេ ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់​ដែល​ដឹង​អំពី​នាម​របស់​ព្រះ​និង​គោល​បំណង​របស់​លោក។ បន្ទាប់​មក ហូហេ​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​ពួក​ខ្ញុំ ហើយ​ពួក​ខ្ញុំ​ក៏​ព្រម​រៀន។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត:

ខ្ញុំ​ពិត​ជា​ធូរ​ស្រាល​ក្នុង​ចិត្ដ​ណាស់​ដែល​បាន​រៀន​ដឹង​ការ​ពិត​ថា​គ្មាន​ភ្លើង​នរក​ទេ ហើយ​នេះ​មិន​មែន​ជា​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ឡើយ។ (​ទំនុក​តម្កើង ១៤៦:៤; សាស្តា ៩:៥​) ពេល​ខ្ញុំ​ដឹង​ដូច្នេះ ខ្ញុំ​ឈប់​ភ័យ​ខ្លាច​ថា​ព្រះ​ដាក់​ទណ្ឌកម្ម​ខ្ញុំ​ទៀត។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ចាប់​ផ្ដើម​យល់​ថា​ព្រះ​ជា​បិតា​ដែល​ប្រកបដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ចង់​ឲ្យ​អ្វី​ដ៏​ល្អ​បំផុត​ដល់​កូន​ៗ​របស់​លោក។

កាល​ដែល​ខ្ញុំ​សិក្សា​គម្ពីរ​កាន់​តែ​ច្រើន ខ្ញុំ​បាន​យល់​ថា​ខ្ញុំ​ត្រូវ​កែ​ប្រែ​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ។ ខ្ញុំ​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ដ​រាប​ទាប​និង​ឈប់​ប្រើ​ហិង្សា​ទៀត។ អ្វី​ដែល​បាន​ជួយ​ខ្ញុំ​គឺ​ឱវាទ​ក្នុង​កូរិនថូស​ទី១ ១៥:៣៣ ដែល​ថា​ការ​សេពគប់​អាក្រក់​«​បង្ខូច​ការ​ប្រព្រឹត្ដ​ល្អ​»។ ខ្ញុំ​ជឿ​ថា​បើ​ខ្ញុំ​ចង់​កែ​ប្រែ​ការ​ប្រព្រឹត្ដ​របស់​ខ្ញុំ នោះ​ខ្ញុំ​ត្រូវ​ឈប់​សេពគប់​មនុស្ស​ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​មក​លើ​ខ្ញុំ។ ដូច្នេះ ខ្ញុំ​ឈប់​រាប់​អាន​មិត្ដ​ភក្ដិ​ពី​មុន តែ​ខ្ញុំ​សេពគប់​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​ពិត​វិញ។ ថ្វី​ត្បិត​តែ​ពេល​ខ្លះ​ពួក​គាត់​ខ្វែង​គំនិត​គ្នា តែ​ពួក​គាត់​មិន​ដោះ​ស្រាយ​បញ្ហា​ដោយ​ប្រើ​ហិង្សា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​ខំ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។

បទ​គម្ពីរ​មួយ​ទៀត​ដែល​លើក​ទឹក​ចិត្ដ​ខ្ញុំ​គឺ​រ៉ូម ១២:១៧​-​១៩ ដែល​ថា​៖ ​«​កុំ​តប​ស្នង​ការ​អាក្រក់​ដល់​អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ចំពោះ​អ្នក​ឲ្យ​សោះ។ . . . ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ . . . កុំ​សង​សឹក​ដោយ​ខ្លួន​អ្នក​ឡើយ . . . ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ›​»។ ខ្ញុំ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​នូវ​ភាព​អយុត្ដិធម៌​តាម​ពេល​កំណត់​និង​តាម​វិធី​របស់​លោក។ បន្ដិច​ម្ដង​ៗ ខ្ញុំ​លែង​មាន​ជីវិត​រស់​នៅ​ដែល​ប្រើ​ហិង្សា​ទៀត។

ខ្ញុំ​នៅ​តែ​ចាំ​ល្ងាច​មួយ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ជួប​នឹង​ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​ខ្ញុំ​ធ្លាប់​មាន​ទំនាស់​ជា​មួយ។ ពួក​គេ​ចាប់​ផ្ដើម​វាយ​ខ្ញុំ ហើយ​មេ​ក្រុម​ស្ទាវ​នោះ​បាន​វាយ​ខ្ញុំ​ពី​ក្រោយ រួច​ស្រែក​ដាក់​ខ្ញុំ​ថា​៖ ​«​បើ​ឯង​ចិត្ដ​សឿង ត​ដៃ​មក!​»។ នៅ​ពេល​នោះ ខ្ញុំ​អធិដ្ឋាន​យ៉ាង​ខ្លី​ទៅ​ព្រះ​យេហូវ៉ា​សុំ​លោក​ជួយ​ខ្ញុំ​ឲ្យ​អត់​ទ្រាំ​នឹង​ការ​វាយ​នោះ។ ខ្ញុំ​ពិត​ជា​ចង់​ត​ដៃ​ខ្លាំង​ណាស់ តែ​ខ្ញុំ​ព្យាយាម​ដើរ​ចេញ​វិញ។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ជួប​មេ​ក្រុម​ស្ទាវ​នោះ​ដោយ​ចៃដន្យ។ ពេល​នោះ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់​រហូត​ដល់​ចង់​សង​សឹក​គាត់​វិញ តែ​ម្ដង​ទៀត​ខ្ញុំ​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​ទប់​ចិត្ដ។ ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន ពេល​គាត់​ដើរ​មក​ជួប​ខ្ញុំ​ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​សុំ​ទោស​រឿង​ពី​យប់​មិញ។ ការ​ពិត​ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ដូច​ឯង​ដែរ។ ខ្ញុំ​ចង់​រៀន​គម្ពីរ​»។ ឮ​ដូច្នោះ​ខ្ញុំ​ត្រេក​អរ​ណាស់​ដែល​ខ្ញុំ​បាន​ទប់​កំហឹង! ជា​លទ្ធផល គាត់​ក៏​ចាប់​ផ្ដើម​រៀន​គម្ពីរ​ដែរ។

ប៉ុន្ដែ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ នៅ​ពេល​នោះ​ក្រុម​គ្រួសារ​ខ្ញុំ​ឈប់​រៀន​គម្ពីរ​ទៀត។ យ៉ាង​ណា​ក្ដី ខ្ញុំ​បាន​សម្រេច​ចិត្ដ​យ៉ាង​ដាច់​ខាត​ថា​ខ្ញុំ​នឹង​បន្ដ​រៀន​គម្ពីរ មិន​ថា​អ្នក​ណា​ឬ​អ្វី​ក៏​ដោយ​ក៏​មិន​អាច​បញ្ឈប់​ខ្ញុំ​បាន​ដែរ។ ខ្ញុំ​ដឹង​ថា​ការ​សេពគប់​ជា​ទៀង​ទាត់​ជា​មួយ​រាស្ដ្រ​របស់​ព្រះ​នឹង​ជួយ​ព្យាបាល​របួស​ផ្លូវ​ចិត្ដ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ។ ខ្ញុំ​បន្ដ​រីក​ចម្រើន​ជា​និច្ច ហើយ​ក្នុង​ឆ្នាំ​១៩៩១ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល:

ខ្ញុំ​ធ្លាប់​គុំ​កួន​ក្នុង​ចិត្ដ ចូល​ចិត្ដ​គាប​សង្កត់​គេ និង​ប្រើ​ហិង្សា។ ប៉ុន្ដែ បណ្ដាំ​របស់​ព្រះ​បាន​កែ​ប្រែ​ជីវិត​ខ្ញុំ​ទាំង​ស្រុង។ ឥឡូវ ខ្ញុំ​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​ពី​គម្ពីរ​អំពី​សេចក្ដី​សុខ​សាន្ដ​ដល់​អ្នក​ណា​ដែល​ព្រម​ស្តាប់។ ខ្ញុំ​មាន​ឯកសិទ្ធិ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​អស់​២៣​ឆ្នាំ។

អស់​មួយ​រយៈ​ពេល ខ្ញុំ​បាន​បម្រើ​នៅ​ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ម៉ិកស៊ីកូ។ ពេល​បម្រើ​នៅ​ទី​នោះ ខ្ញុំ​បាន​ជួប​នឹង​ខ្លោយ៉ា នាង​ជា​ស្ដ្រី​គ្រិស្ដ​សាសនិក​វ័យ​ក្មេង​ដែល​ស្វាហាប់ ហើយ​ពួក​ខ្ញុំ​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៩៩។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​ដែល​បាន​ឲ្យ​ខ្ញុំ​មាន​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់​នេះ!

យើង​បម្រើ​ព្រះ​ជា​មួយ​គ្នា​ក្នុង​ក្រុម​ជំនុំ​ភាសា​សញ្ញា​ម៉ិកស៊ីកូ។ យើង​បាន​ជួយ​មនុស្ស​គ​ថ្លង់​ឲ្យ​រៀន​ស្គាល់​ព្រះ​យេហូវ៉ា។ ក្រោយ​មក​យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​គម្ពីរ​ដល់​មនុស្ស​នៅ​ប្រទេស​បេលី។ ទោះ​ជា​នៅ​ទី​នេះ​យើង​មាន​ជីវិត​កាន់​តែ​សាមញ្ញ​ក៏​ដោយ តែ​យើង​មាន​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​អំណរ។ យើង​ស្រឡាញ់​កិច្ច​បម្រើ​របស់​យើង​ខ្លាំង​ណាស់!

ក្រោយ​មក​ម្ដាយ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ឡើង​វិញ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បង​ប្រុស​ខ្ញុំ​និង​ប្រពន្ធ​គាត់ ព្រម​ទាំង​កូន​របស់​ពួក​គាត់​ឥឡូវ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ អតីត​មិត្ដ​ភក្ដិ​ខ្លះ​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ ឥឡូវ​ក៏​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។

ប៉ុន្ដែ​គួរ​ឲ្យ​ក្រៀម​ក្រំ​ចិត្ដ​ណាស់ ដែល​សាច់​ញាតិ​ខ្លះ​របស់​ខ្ញុំ​បាន​ស្លាប់​ដោយ​សារ​ពួក​គេ​មិន​ព្រម​លះ​ចោល​ការ​ប្រព្រឹត្ដ​ហិង្សា​របស់​ពួក​គេ។ បើ​ខ្ញុំ​បន្ដ​មាន​របៀប​រស់​នៅ​ដូច​ពួក​គេ ខ្ញុំ​ក៏​ប្រហែល​ជា​មាន​លទ្ធផល​ដូច​នោះ​ដែរ។ ខ្ញុំ​អរគុណ​ព្រះ​យេហូវ៉ា​ដែល​បាន​ទាញ​នាំ​ខ្ញុំ​ឲ្យ​ចូល​ទៅ​ជិត​លោក និង​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក។ ដោយ​ចិត្ដ​អត់​ធ្មត់​និង​ចិត្ដ​សប្បុរស ពួក​គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ជា​និច្ច។