ការធូរស្រាលពីការតានតឹងចិត្ត
តើការតានតឹងចិត្តជាអ្វី?
ការតានតឹងចិត្តគឺជាប្រតិកម្មរបស់រូបកាយចំពោះស្ថានភាពពិបាកណាមួយ។ ខួរក្បាលបណ្ដាលឲ្យអ័រម៉ូនចេញទៅគ្រប់កន្លែងនៃរូបកាយ។ អ័រម៉ូនទាំងនេះនាំឲ្យចង្វាក់បេះដូងកើនឡើង រក្សាសម្ពាធឈាម ពង្រីកឬបង្រួមទំហំនៃសួត និងធ្វើឲ្យសាច់ដុំតឹង ហើយមុនអ្នកដឹងអ្វីដែលកំពុងកើតឡើង នោះរូបកាយអ្នកប្រុងប្រៀបជាស្រេចដើម្បីប្រឈមមុខនឹងស្ថានភាពពិបាកនោះរួចទៅហើយ។ ពេលស្ថានភាពពិបាកដែលនាំឲ្យតានតឹងចិត្តផុតហើយ រូបកាយអ្នកឈប់ប្រុងប្រៀបទៀត ហើយទៅជាធម្មតាវិញ។
ការតានតឹងចិត្តអាចនាំឲ្យមានប្រយោជន៍ឬគ្រោះថ្នាក់
ការតានតឹងចិត្តជាប្រតិកម្មធម្មជាតិដែលនាំឲ្យអ្នកប្រុងប្រៀបជាស្រេចដើម្បីប្រឈមមុខស្ថានភាពពិបាកឬគ្រោះថ្នាក់។ ប្រតិកម្មនេះចាប់មានឡើងក្នុងខួរក្បាលអ្នក។ ការតានតឹងចិត្តដែលនាំឲ្យមានប្រយោជន៍អាចជួយឲ្យអ្នកប្រព្រឹត្តឬមានប្រតិកម្មយ៉ាងឆាប់។ ការតានតឹងចិត្តមួយកម្រិតក៏អាចជួយអ្នកឲ្យសម្រេចគោលដៅឬធ្វើល្អប្រសើរជាង ដូចជាប្រហែលពេលប្រឡង សម្ភាសន៍ការងារ ឬពេលលេងកីឡាជាដើម។
ក៏ប៉ុន្តែ ការតានតឹងចិត្តជាប់រហូតអាចនាំឲ្យអ្នកមានគ្រោះថ្នាក់។ ពេលដែលរូបកាយអ្នកនៅតែប្រុងប្រៀប អ្នកប្រហែលជារងទុក្ខខាងផ្លូវកាយ ផ្លូវចិត្ត និងខាងសតិអារម្មណ៍។ ការប្រព្រឹត្តរបស់អ្នក រួមទាំងរបៀបដែលអ្នកប្រព្រឹត្តទៅលើអ្នកឯទៀត អាចផ្លាស់ប្ដូរ។ ការមានអារម្មណ៍តានតឹងចិត្តជាប់រហូតក៏អាចនាំឲ្យប្រើគ្រឿងញៀន និងរកវិធីឯទៀតដែលបង្ខូចសុខភាពដើម្បីជួយស៊ូទ្រាំនឹងអារម្មណ៍តានតឹងចិត្តនោះ។ នេះក៏អាចនាំឲ្យមានជំងឺធ្លាក់ទឹកចិត្តខ្លាំង បាក់កម្លាំង ឬគិតអំពីការធ្វើអត្តឃាតដែរ។
ការតានតឹងចិត្តប្រហែលមិនមានឥទ្ធិពលដូចគ្នាដល់មនុស្សទាំងអស់ទេ តែនេះនៅតែអាចនាំឲ្យមានជំងឺផ្សេងៗ។ ម្យ៉ាងទៀត ការតានតឹងចិត្តជះឥទ្ធិពលទៅលើរូបកាយស្ទើរតែគ្រប់ផ្នែក។