លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រក​ផ្លូវ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល

ការ​អភ័យ​ទោស

ការ​អភ័យ​ទោស

«​កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ឧស្សាហ៍​ឮ​គេ​និយាយ​សម្លុត​និង​ស្រែក​គំហក​ដាក់​គ្នា​»។ នេះ​ជា​ពាក្យ​សម្ដី​របស់​ស្ដ្រី​ម្នាក់​ឈ្មោះ​ប៉ាទ្រីសា។ នាង​បាន​និយាយ​ទៀត​ថា​៖ ​«​ហេតុ​នេះ​ខ្ញុំ​មិន​ចេះ​អភ័យ​ទោស​ទេ។ សូម្បី​តែ​ពេល​ធំ​ឡើង ខ្ញុំ​ខឹង​គេ​រហូត​ដល់​ដេក​មិន​លក់​»។ មែន​ហើយ កំហឹង​និង​ការ​ប្រកាន់​ទោស​ធ្វើ​ឲ្យ​ជីវិត​គ្មាន​សុភមង្គល​និង​ខូច​សុខភាព​ផង​ដែរ។ លើស​ពី​នេះ​ទៀត ការ​សិក្សា​ផ្សេង​ៗ​បង្ហាញ​ថា​មនុស្ស​ដែល​មិន​ចេះ​អភ័យ​ទោស​អាច . . .

  • ឲ្យ​កំហឹង​ឬ​ការ​ប្រកាន់​ទោស​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ចំណង​មិត្ដភាព ហើយ​នាំ​ឲ្យ​ផ្ដាច់​ខ្លួន​និង​ឯកោ

  • ងាយ​អន់​ចិត្ដ មាន​ទុក្ខ​កង្វល់ ឬ​ធ្លាក់​ទឹក​ចិត្ដ​ជា​ខ្លាំង

  • ផ្ដោត​អារម្មណ៍​តែ​ទៅ​លើ​កំហុស​របស់​គេ​ប៉ុណ្ណោះ​រហូត​ដល់​លែង​សប្បាយ​នឹង​ជីវិត

  • មាន​អារម្មណ៍​ថា​ពួក​គេ​ធ្វើ​ខុស​នឹង​គោល​ការណ៍​របស់​ព្រះ

  • កាន់​តែ​តាន​តឹង​ចិត្ដ ហើយ​ធ្លាក់​ខ្លួន​ឈឺ រួម​មាន​ជំងឺ​លើស​ឈាម ជំងឺ​បេះ​ដូង ការ​ឈឺ​ចាប់​ផ្សេង​ៗ​ដូច​ជា​ឈឺ​សន្លាក់​ឆ្អឹង​និង​ឈឺ​ក្បាល *

តើ​ការ​អភ័យ​ទោស​មាន​ន័យ​យ៉ាង​ណា? ការ​អភ័យ​ទោស​មាន​ន័យ​ថា​លើក​លែង​ទោស លែង​ខឹង មិន​ប្រកាន់​ទោស ហើយ​មិន​គុំ​កួន។ ការ​អភ័យ​ទោស​មិន​មែន​មាន​ន័យ​ថា​យើង​ចាត់​ទុក​អ្វី​ដែល​គេ​ធ្វើ​គឺ​មិន​ខុស​នោះ​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​ចាត់​ទុក​រឿង​នោះ​ថា​ជា​រឿង​ស្រាល​ឬ​បិទ​ភ្នែក​មិន​ដឹង​មិន​ឮ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ការ​អភ័យ​ទោស​គឺ​ជា​ការ​សម្រេច​ចិត្ដ​ខ្លួន​ឯង​ដោយ​គិត​ពិចារណា​យ៉ាង​ហ្មត់​ចត់ នោះ​បង្ហាញ​ថា​យើង​តាំង​ចិត្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​រក្សា​សន្ដិ​ភាព ហើយ​ព្យាយាម​បន្ដ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ឯ​ទៀត។

ការ​អភ័យ​ទោស​ក៏​បង្ហាញ​អំពី​ការ​យល់​ថា យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស​ខាង​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ដ ឬ​មាន​ភាព​ខុស​ឆ្គង។ (​រ៉ូម ៣:២៣​) នេះ​បញ្ជាក់​អំពី​អ្វី​ដែល​គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់​»។—កូឡុស ៣:១៣

យ៉ាង​នេះ គឺ​សម​ហេតុ​ផល​ដែល​ការ​អភ័យ​ទោស​គឺ​ជា​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដែល​ជា​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។ (​កូឡុស ៣:១៤​) បន្ថែម​ទៅ​ទៀត យោង​ទៅ​តាម​គេហទំព័រ​មួយ​ប្រាប់​ថា ការ​អភ័យ​ទោស​ធ្វើ​ឲ្យ . . .

  • ទំនាក់​ទំនង​កាន់​តែ​ប្រសើរ ហើយ​មាន​ចិត្ដ​សន្ដោស​ប្រណី យល់​ថា​គ្រប់​គ្នា​មាន​គុណ​វិបត្ដិ និង​អាណិត​មេត្ដា​ដល់​អ្នក​ដែល​ធ្វើ​ខុស

  • សុខភាព​ផ្លូវ​ចិត្ដ​កាន់​តែ​ល្អ ហើយ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ព្រះ

  • មិន​សូវ​មាន​ទុក្ខ​កង្វល់ ការ​តាន​តឹង​ចិត្ដ ហើយ​មិន​សូវ​ខឹង​អ្នក​ឯ​ទៀត

  • កាត់​បន្ថយ​បញ្ហា​ដែល​មក​ពី​ការ​ធ្លាក់​ទឹក​ចិត្ដ

ការ​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង។ យោង​ទៅ​តាម​ឯកសារ​មួយ​រៀប​រាប់​ថា ការ​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង​អាច​ជា​«​ការ​ដ៏​ពិបាក​»​មួយ ប៉ុន្ដែ​«​នេះ​សំខាន់​បំផុត​ចំពោះ​សុខភាព​»​ផ្លូវ​ចិត្ដ​និង​ផ្លូវ​កាយ។ (​Disability & Rehabilitation​) តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង?

  • កុំ​តម្រូវ​ពី​ខ្លួន​ឯង​ឲ្យ​ធ្វើ​ល្អ​ឥត​ខ្ចោះ ប៉ុន្ដែ​សូម​មាន​គំនិត​សម​ហេតុ​ផល ហើយ​ទទួល​ស្គាល់​ថា​យើង​ទាំង​អស់​គ្នា​ចេះ​ធ្វើ​ខុស។—សាស្តា ៧:២០

  • រៀន​ពី​កំហុស​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​ធ្វើ​ខុស​ដដែល​ម្ដង​ទៀត

  • មាន​ចិត្ដ​អត់​ធ្មត់​ចំពោះ​ខ្លួន​ឯង ដោយ​ចាំ​ថា​គុណ​វិបត្ដិ​និង​ទម្លាប់​អាក្រក់​មិន​អាច​បំបាត់​ចោល​ភ្លាម​ៗ​នោះ​ទេ។—អេភេសូរ ៤:២៣, ២៤

  • សេពគប់​ជា​មួយ​មិត្ដ​ដែល​លើក​ទឹក​ចិត្ដ​យើង មាន​គំនិត​សុទិដ្ឋិនិយម ហើយ​សប្បុរស តែ​ក៏​និយាយ​ត្រង់​ជា​មួយ​យើង។—សុភាសិត ១៣:២០

  • បើ​អ្នក​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ដ សូម​ទទួល​ស្គាល់​កំហុស​ហើយ​ឆាប់​សុំ​ទោស។ ពេល​អ្នក​ខំ​មាន​សន្ដិ​ភាព អ្នក​នឹង​ទទួល​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ។—ម៉ាថាយ ៥:២៣, ២៤

ការ​ធ្វើ​តាម​គោល​ការណ៍​ក្នុង​គម្ពីរ​ពិត​ជា​មាន​ប្រយោជន៍!

ក្រោយ​បាន​រៀន​គម្ពីរ ប៉ាទ្រីសា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​អត្ថបទ បាន​រៀន​ឲ្យ​ចេះ​អភ័យ​ទោស។ គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​ឈប់​មាន​កំហឹង​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ជីវិត​ខ្ញុំ​ទៀត។ ខ្ញុំ​លែង​រង​ទុក្ខ ហើយ​ខ្ញុំ​ក៏​លែង​ធ្វើ​ឲ្យ​គេ​រង​ទុក្ខ​ដែរ។ គោល​ការណ៍​គម្ពីរ​បញ្ជាក់​ថា​ព្រះ​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​មាន​ជីវិត​ល្អ​បំផុត​»។

បុរស​ម្នាក់​ឈ្មោះ​រ៉ន​បាន​ទទួល​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ​ពី​ការ​ធ្វើ​តាម​គោល​ការណ៍​ក្នុង​គម្ពីរ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​អាច​គ្រប់​គ្រង​គំនិត​និង​ការ​ប្រព្រឹត្ដ​របស់​គេ​បាន​ទេ។ តែ​ខ្ញុំ​អាច​គ្រប់​គ្រង​គំនិត​និង​ការ​ប្រព្រឹត្ដ​របស់​ខ្លួន​បាន។ បើ​ខ្ញុំ​ចង់​មាន​សន្ដិ​ភាព ខ្ញុំ​ត្រូវ​តែ​ឈប់​ប្រកាន់​ទោស។ ខ្ញុំ​ចាប់​ផ្ដើម​មាន​ទស្សនៈ​ថា​សន្ដិ​ភាព​និង​ការ​ប្រកាន់​ទោស​មិន​អាច​នៅ​ជា​មួយ​គ្នា​ទេ ដូច​មេឃ​និង​ដី។ ខ្ញុំ​មិន​អាច​មាន​សន្ដិ​ភាព​ទេ បើ​ខ្ញុំ​នៅ​តែ​ប្រកាន់​ទោស​»។

^ វគ្គ 8 ប្រភព​ព័ត៌មាន: Mayo Clinic and Johns Hopkins Medicine websites and the journal Social Psychiatry and Psychiatric Epidemiology.