លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រក​ផ្លូវ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល

សុខភាព​ល្អ​និង​ការ​ចេះ​ស៊ូ​ទ្រាំ

សុខភាព​ល្អ​និង​ការ​ចេះ​ស៊ូ​ទ្រាំ

ជំងឺ​រ៉ាំរ៉ៃ​ឬ​ពិការ​ភាព​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​ពិបាក​យ៉ាង​ខ្លាំង។ បុរស​ម្នាក់​ឈ្មោះ​អ៊ុហ្វ​ធ្លាប់​មាន​កម្លាំង​មាំ​មួន​និង​សុខភាព​ល្អ ក្រោយ​មក​គាត់​មាន​ជំងឺ​ស្លាប់​ដៃ​ស្លាប់​ជើង។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​តាន​តឹង​ចិត្ដ​ខ្លាំង​ណាស់។ ខ្ញុំ​លែង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ដ និង​គ្មាន​ទំនុក​ចិត្ដ។ . . . ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​ជា​ស្លាប់​ទាំង​រស់​»។

បទ​ពិសោធន៍​របស់​អ៊ុហ្វ​រំលឹក​យើង​ថា​គ្មាន​អ្នក​ណា​អាច​គ្រប់​គ្រង​សុខភាព​របស់​ខ្លួន​ទាំង​ស្រុង​បាន​ឡើយ។ ប៉ុន្ដែ យើង​អាច​ធ្វើ​អ្វី​មួយ​ចំនួន​ដែល​ជួយ​កាត់​បន្ថយ​លទ្ធភាព​ដែល​នាំ​ឲ្យ​ឈឺ។ ចុះ​យ៉ាង​ណា​បើ​សុខភាព​របស់​យើង​កាន់​តែ​ខ្សោយ​ទៅ​ៗ​? តើ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​មាន​សុភមង្គល​ឬ? មិន​មែន​ទាល់​តែ​សោះ។ យើង​នឹង​ពិចារណា​ចំណុច​នេះ។ ជា​បឋម សូម​យើង​ពិចារណា​គោល​ការណ៍​ខ្លះ​ដែល​អាច​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។

«​ប្រព្រឹត្ដ​ដោយ​មាន​តុល្យភាព​»។ (​ធីម៉ូថេ​ទី១ ៣:២, ១១​) ការ​មាន​ទម្លាប់​បរិភោគ​និង​ផឹក​ហួស​ប្រមាណ មាន​ផល​អវិជ្ជមាន​ជា​ច្រើន​ដែល​ប៉ះ​ពាល់​ដល់​សុខភាព​របស់​យើង ហើយ​ក៏​នាំ​ឲ្យ​អស់​ថវិកា​ច្រើន​ដែរ។ ​«​កុំ​ឲ្យ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ។ ដ្បិត​មនុស្ស​ប្រមឹក នឹង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ​»។—សុភាសិត ២៣:២០, ២១

កុំ​បំពុល​រូប​កាយ​របស់​ខ្លួន​ឡើយ។ ​«​ចូរ​យើង​សម្អាត​ចិត្ដ​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។ (​កូរិនថូស​ទី២ ៧:១​) ពេល​មនុស្ស​ជក់​ឬ​ទំពា​ថ្នាំ​ជក់ ផឹក​ស្រា​ហួស​ប្រមាណ ឬ​ប្រើ​គ្រឿង​ញៀន ពួក​គេ​កំពុង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ពួក​គេ​ស្មោក​គ្រោក។ ជា​ឧទាហរណ៍ មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សហរដ្ឋ​អាម៉េរិក​រៀប​រាប់​ថា ការ​ជក់​បារី​«​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេង​ៗ ពិការ​ភាព និង​បង្ខូច​សរីរាង្គ​ស្ទើរតែ​ទាំង​អស់​»។

ចាត់​ទុក​រូប​កាយ​និង​ជីវិត​ថា​ជា​អំណោយ​ដ៏​ពិសេស។ ​«​ដោយ​សារ[​ព្រះ​] ទើប​យើង​មាន​ជីវិត ក៏​អាច​ធ្វើ​ចលនា​ផង​»។ (​សកម្មភាព ១៧:២៨​) ពេល​យើង​មាន​ទស្សនៈ​បែប​នេះ នោះ​ជំរុញ​ចិត្ដ​យើង​ឲ្យ​ជៀស​វាង​ការ​ប្រថុយ​ប្រថាន​ដែល​មិន​ចាំ​បាច់ មិន​ថា​ពេល​យើង​កំពុង​ធ្វើ​ការ បើក​បរ ឬ​កម្សាន្ដ​ក្ដី។ គឺ​មិន​សម​ហេតុ​ផល​ទេ​បើ​នាំ​ឲ្យ​ខ្លួន​មាន​ពិការ​ភាព ព្រោះ​តែ​ចង់​ទទួល​អារម្មណ៍​រំភើប​មួយ​ភ្លែត​នោះ!

គ្រប់​គ្រង​អារម្មណ៍​មិន​ល្អ។ ចិត្ដ​គំនិត​និង​រូប​កាយ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ខ្លាំង។ ដូច្នេះ យើង​គួរ​ព្យាយាម​ជៀស​វាង​ការ​ខ្វល់​ខ្វាយ​ដែល​មិន​ចាំ​បាច់ ការ​មិន​ទប់​កំហឹង ការ​ច្រណែន និង​អារម្មណ៍​មិន​ល្អ​ឯ​ទៀត។ ទំនុក​តម្កើង ៣៧:៨ ចែង​ថា​៖ ​«​ចូរ​ឈប់​ពី​សេចក្ដីកំហឹង ហើយ​បោះ​បង់​សេចក្ដី​ឃោរ​ឃៅ​ចោល​ចេញ​»។ គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក​»។—ម៉ាថាយ ៦:៣៤

ព្យាយាម​មាន​ទស្សនៈ​ល្អ។ សុភាសិត ១៤:៣០ ពី​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ចែង​ថា​៖ ​«​ចិត្ដ​ស្ងប់ តែង​តែ​ធ្វើ​អោយ​មាន​សុខភាព​ល្អ​»។ គម្ពីរ​ក៏​ប្រាប់​ដែរ​ថា​៖ ​«​ចិត្ដ​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស​»។ (​សុភាសិត ១៧:២២​) ពាក្យ​ទាំង​នេះ​ពិត​ជា​សម​ត្រឹម​ត្រូវ​តាម​វិទ្យា​សាស្ដ្រ​មែន។ គ្រូ​ពេទ្យ​ម្នាក់​នៅ​ប្រទេស​ស្កុតឡែន បាន​រៀប​រាប់​ថា​៖ ​«​បើ​យើង​សប្បាយ​ចិត្ដ នោះ​នៅ​ថ្ងៃ​មុខ​យើង​ទំនង​ជា​មិន​សូវ​ប្រឈម​មុខ​នឹង​ជំងឺ​ច្រើន​ដូច​មនុស្ស​ដែល​មិន​សប្បាយ​ចិត្ដ​»។

រៀន​ឲ្យ​ចេះ​ស៊ូ​ទ្រាំ។ ដូច​អ៊ុហ្វ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ យើង​ប្រហែល​ជា​គ្មាន​ជម្រើស មាន​តែ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ ប៉ុន្ដែ យើង​អាច​មាន​វិធី​ដើម្បី​ស៊ូ​ទ្រាំ​បាន។ មនុស្ស​ខ្លះ​ធ្លាក់​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង ហើយ​នេះ​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​យ៉ាប់​ទៅ​ប៉ុណ្ណោះ។ សុភាសិត ២៤:១០ ចែង​ថា​៖ ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។

មនុស្ស​ខ្លះ​ទៀត​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ដ​នៅ​ដើម​ដំបូង តែ​ក្រោយ​មក​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ។ ពួក​គេ​ចេះ​ប្រែ​ប្រួល​តាម​កាលៈទេសៈ។ ពួក​គេ​ចេះ​រក​វិធី​ដើម្បី​យក​ឈ្នះ។ អ៊ុហ្វ​បាន​ធ្វើ​ដូច្នេះ។ គាត់​បាន​និយាយ​ថា​ក្រោយ​ពី​គាត់​បាន​អធិដ្ឋាន​និង​រំពឹង​គិត​ជា​ច្រើន​ទៅ​លើ​ព័ត៌មាន​ដ៏​ល្អ​ក្នុង​គម្ពីរ គាត់​បាន​«​យល់​ឃើញ​ថា​មាន​អ្វី​ផ្សេង​ៗ​ដែល​អាច​ធ្វើ ជា​ជាង​គិត​អំពី​អ្វី​ដែល​មិន​អាច​ធ្វើ​»។ លើស​ពី​នេះ​ទៀត ដូច​មនុស្ស​ជា​ច្រើន​ដែល​ជួប​ទុក្ខ​លំបាក​ធំ​ៗ គាត់​បាន​ទាញ​មេ​រៀន​សំខាន់​អំពី​ការ​មាន​ចិត្ដ​មេត្ដា​ករុណា​និង​អាណិត​អាសូរ ដែល​បាន​ជំរុញ​ចិត្ដ​គាត់​ឲ្យ​ប្រាប់​ដំណឹង​ពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត​ដើម្បី​សម្រាល​ទុក្ខ​ពួក​គេ។

បុរស​ម្នាក់​ទៀត​ឈ្មោះ​ស្ទេវ បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង។ ពេល​អាយុ​១៥​ឆ្នាំ គាត់​បាន​ជួប​គ្រោះ​ថ្នាក់​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ពិការ​ចាប់​ពី​ក ចុះ​ក្រោម។ ពេល​អាយុ​១៨​ឆ្នាំ គាត់​បាន​ទទួល​កម្លាំង​ដៃ​មក​វិញ។ ក្រោយ​មក​គាត់​បាន​ចូល​សកល​វិទ្យាល័យ។ នៅ​ទី​នោះ​គាត់​បាន​ធ្លាក់​ខ្លួន​ប្រព្រឹត្ដ​អំពើ​អបាយមុខ​ផ្សេង​ៗ​ដូច​ជា ប្រើ​គ្រឿង​ញៀន ប្រមឹក​ស្រា និង​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ គាត់​អស់​សង្ឃឹម​ក្នុង​ជីវិត រហូត​ដល់​ពេល​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ព្រោះ​នោះ​បាន​ជួយ​គាត់​ឲ្យ​មាន​ទស្សនៈ​ថ្មី​អំពី​ជីវិត ហើយ​ជួយ​គាត់​ឲ្យ​លះ​ចោល​អំពើ​អបាយមុខ​ផ្សេង​ៗ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​លែង​មាន​អារម្មណ៍​ថា​ជីវិត​ខ្ញុំ​គ្មាន​ន័យ​ខ្លឹម​សារ​ទៀត។ ជីវិត​ខ្ញុំ​ឥឡូវ​ពោរ​ពេញ​ដោយ​សេចក្ដី​សុខ សុភមង្គល និង​ការ​ស្កប់​ចិត្ដ​»។

ការ​រៀប​រាប់​របស់​ស្ទេវ​និង​អ៊ុហ្វ​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ពាក្យ​នៅ​ទំនុក​តម្កើង ១៩:៧, ៨ ដែល​ថា​៖ ​«​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ ក៏[​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ដ​]ឡើង​វិញ . . . សេចក្ដី​បញ្ញត្ដ​របស់​ព្រះ​យេហូវ៉ា​សុទ្ធតែ​ទៀង​ត្រង់ ក៏​បណ្ដាល​ឲ្យ​ចិត្ដ​រីក​រាយ​សប្បាយ ក្រិត្យ​ក្រម​នៃ​ព្រះ​យេហូវ៉ា​ជា​សុទ្ធសាធ ក៏​បំភ្លឺ​ភ្នែក​»។