របៀបរកផ្លូវដែលនាំឲ្យមានសុភមង្គល
សេចក្ដីសង្ឃឹម
«[ខ្ញុំ]គិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្ដីសង្ឃឹម»។—យេរេមា ២៩:១១
«សេចក្ដីសង្ឃឹមគឺសំខាន់ចាំបាច់ដើម្បីមានចំណងមិត្ដភាពល្អជាមួយព្រះ។ ចំណងមិត្ដភាពនោះគឺជាជំនួយដ៏ល្អបំផុតដើម្បីយកឈ្នះអារម្មណ៍ដែលថាគ្មានអ្នកណាជួយ គ្មានអ្នកណាស្រឡាញ់ ឬអារម្មណ៍ភ័យខ្លាច»។ (Hope in the Age of Anxiety)
គម្ពីរបង្ហាញថាយើងត្រូវការសេចក្ដីសង្ឃឹម តែគម្ពីរក៏ប្រាប់យើងឲ្យប្រយ័ត្ននឹងសេចក្ដីសង្ឃឹមក្លែងក្លាយដែរ។ ទំនុកតម្កើង ១៤៦:៣ ចែងថា៖ «កុំឲ្យទុកចិត្ដនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ»។ ជាជាងទុកចិត្ដមនុស្សឲ្យជួយយើង ជាការឈ្លាសវៃដែលយើងចង់ទុកចិត្ដព្រះជាអ្នកបង្កើត ដែលមានឫទ្ធានុភាពធ្វើតាមសេចក្ដីសន្យាទាំងអស់របស់លោក។ តើលោកបានសន្យាអ្វីខ្លះចំពោះយើង? សូមពិចារណាដូចតទៅ:
អំពើអាក្រក់នឹងលែងមានទៀត ហើយមនុស្សសុចរិតនឹងមានសេចក្ដីសុខជារៀងរហូត: ទំនុកតម្កើង ៣៧:១០, ១១ ចែងថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្ដរីករាយ ដោយសេចក្ដីក្សេមក្សាន្ដដ៏បរិបូរ»។ នៅខ២៩ ក៏ចែងដែរថា៖ ‹ពួកអ្នកសុចរិតនឹងនៅក្នុងស្រុកជានិច្ច› ពោលគឺរស់ជារៀងរហូតនៅលើផែនដី។
សង្គ្រាមនឹងលែងមានទៀត: «ព្រះយេហូវ៉ា . . . បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី។ ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង»។—ទំនុកតម្កើង ៤៦:៨, ៩
នឹងលែងមានជំងឺ ទុក្ខវេទនា ឬសេចក្ដីស្លាប់: «ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ . . . លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។—ការបើកបង្ហាញ ២១:៣, ៤
មនុស្សទាំងអស់នឹងមានអាហារគ្រប់គ្រាន់: «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ។ ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង»។—ទំនុកតម្កើង ៧២:១៦
រាជាណាចក្ររបស់គ្រិស្ដនឹងគ្រប់គ្រងលើពិភពលោកទាំងមូល: «នោះបានប្រទានឲ្យ[លោកយេស៊ូគ្រិស្ដ]មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់។ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង»។—ដានីយ៉ែល ៧:១៤
ហេតុអ្វីយើងអាចជឿជាក់សេចក្ដីសន្យាទាំងនោះ? ពេលនៅផែនដី លោកយេស៊ូបានបង្ហាញថាលោកមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើជាស្ដេច។ ជាឧទាហរណ៍ លោកបានធ្វើឲ្យមនុស្សឈឺជាសះស្បើយ ផ្ដល់អាហារដល់ជនក្រីក្រ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ សំខាន់ជាងនេះទៅទៀត គឺសេចក្ដីបង្រៀនរបស់លោក ដោយសារមានគោលការណ៍ដែលនឹងជួយមនុស្សឲ្យរស់នៅជាមួយគ្នាជារៀងរហូតដោយសុខសាន្ដនិងសាមគ្គីភាព។ លោកយេស៊ូក៏បានប្រាប់ទុកជាមុនអំពីព្រឹត្ដិការណ៍ផ្សេងៗ ដូចជាសញ្ញាសម្គាល់នៃគ្រាជាន់ក្រោយបង្អស់ក្នុងពិភពលោកនេះ។
ក្រោយព្យុះ នឹងស្ងប់
លោកយេស៊ូបានប្រាប់ទុកជាមុនថាគ្រាចុងក្រោយបង្អស់នឹងគ្មានសេចក្ដីសុខនិងគ្មានសុវត្ថិភាពសោះ! លោកបានប្រាប់អំពីសញ្ញាសម្គាល់នៃ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក» ដូចជាសង្គ្រាម ការអត់ឃ្លាន រោគរាតត្បាត និងការរញ្ជួយដីជាខ្លាំង។ (ម៉ាថាយ ២៤:៣, ៧; លូកា ២១:១០, ១១; ការបើកបង្ហាញ ៦:៣-៨) លោកយេស៊ូក៏បានមានប្រសាសន៍ដែរថា៖ «ដោយសារការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។—ម៉ាថាយ ២៤:១២
ភាពរសាយទៅនោះបង្ហាញតាមរបៀបជាច្រើន ដែលគម្ពីរបានចែងទុកជាមុន។ ធីម៉ូថេទី២ ៣:១-៥ ចែងថានៅ«គ្រាចុងក្រោយបង្អស់» មនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ និងស្រឡាញ់ការសប្បាយ។ ពួកគេអួតបំប៉ោង និងកាចសាហាវ។ គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្សក្នុងក្រុមគ្រួសារ ហើយកូនមិនស្តាប់បង្គាប់ឪពុកម្ដាយ។ សាសនាមិនពិតនឹងមានកាន់តែច្រើន។
ស្ថានភាពដែលប្រៀបដូចជាព្យុះបញ្ជាក់ថាពិភពលោកនេះជិតដល់ទីបញ្ចប់ហើយ។ សញ្ញាសម្គាល់ទាំងនោះក៏បញ្ជាក់ដែរថារាជាណាចក្រព្រះជិតគ្រប់គ្រងមកលើផែនដី។ បន្ថែមទៅទៀត លោកយេស៊ូបានប្រាប់អំពីទំនាយនៃគ្រាចុងក្រោយបង្អស់ដែលពង្រឹងទំនុកចិត្ដយើង គឺថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤
ដំណឹងល្អនោះព្រមានមនុស្សដែលធ្វើខុស និងផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សសុចរិត ដោយពង្រឹងទំនុកចិត្ដថាមិនយូរទៀតសេចក្ដីសន្យារបស់ព្រះនឹងក្លាយជាការពិត។ តើអ្នកចង់រៀនថែមទៀតអំពីសេចក្ដីសន្យាទាំងនោះឬទេ? បើចង់ សូមមើលទំព័រចុងក្រោយនៃទស្សនាវដ្ដីនេះ។