លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឪពុក​ម្ដាយ​បង្រៀន​កូន​អំពី​សេចក្ដី​ស្រឡាញ់​ដោយ​ទុក​គំរូ

ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​កែ​ប្រែ

ការអប់រំដែលវិសេសជាងការអប់រំឯទៀត

ការអប់រំដែលវិសេសជាងការអប់រំឯទៀត

ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​របស់​សាលា សិស្ស​ប្រុស​ៗ​ជំទង់​ខ្លះ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​សិស្ស​ប្រុស​ម្នាក់។ ពួក​គេ​ទាំង​នេះ​ជា​សិស្ស​ពី​សាលា​ឯកជន​ថ្លៃ​មួយ​នៅ​ប្រទេស​កាណាដា។ ក្រោយ​ហេតុ​ការណ៍​នេះ អ្នក​កាសែត​ម្នាក់​ឈ្មោះ​ឡេនណឺត ស្ទើន​បាន​សរសេរ​ថា​៖ ​«​ការ​មាន​ភាព​វៃ​ឆ្លាត ការ​មាន​ការ​អប់រំ​ល្អ និង​ការ​មាន​លុយ​ច្រើន មិន​អាច​បញ្ឈប់​យុវវ័យ​ពី​ការ​ប្រព្រឹត្ត​អាក្រក់​ឡើយ​»។

ស្ទើន​ក៏​បាន​សរសេរ​ទៀត​ដែរ​ថា​៖ ​«​ជា​ធម្មតា អ្នក​រំពឹង​ថា​អ្វី​សំខាន់​បំផុត​ចំពោះ​ឪពុក​ម្ដាយ​គឺ​ការ​បង្ហាត់​បង្រៀន​កូន​របស់​ពួក​គេ​ឲ្យ​ចៀស​វាង​អំពើ​អាក្រក់ ហើយ​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ។ ក៏​ប៉ុន្តែ តាម​មើល​ទៅ​ឪពុក​ម្ដាយ​ជា​ច្រើន​គិត​ថា​អ្វី​សំខាន់​បំផុត​គឺ​ថា​កូន​របស់​ពួក​គេ​រៀន​ពូកែ​នៅ​សាលា និង​ទទួល​ការ​ងារ​ល្អ​ដែល​អាច​រក​លុយ​បាន​ច្រើន​»។

ពិត​មែន​ការ​អប់រំ​នៅ​សាលា​គឺ​សំខាន់ ប៉ុន្តែ​សូម្បី​តែ​ការ​អប់រំ​នៅ​សាលា​ដ៏​ល្អ​បំផុត​ក៏​មិន​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ត​យុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ឬ​ទំនោរ​ចិត្ត​អាក្រក់​បាន​ដែរ។ ដូច្នេះ យើង​ត្រូវ​ការ​ការ​អប់រំ​ដែល​ផ្ដល់​ការ​ណែនាំ​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ តើ​យើង​អាច​ទទួល​ការ​អប់រំ​ដ៏​ប្រសើរ​បែប​នេះ​នៅ​ឯ​ណា?

ការ​អប់រំ​មួយ​ដែល​ប្រសើរ​ជាង​ការ​អប់រំ​ឯ​ទៀត

គម្ពីរ​គឺ​ប្រៀប​ដូច​ជា​កញ្ចក់។ ពេល​យើង​សិក្សា​គម្ពីរ យើង​ឃើញ​កាន់​តែ​ច្បាស់​ថា​យើង​មាន​ភាព​ទន់​ខ្សោយ​និង​ចំណុច​ខ្វះ​ខាត​ណា​ខ្លះ។ (​យ៉ាកុប ១:២៣​-​២៥​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្ពីរ​ជួយ​យើង​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់ ហើយ​បណ្ដុះ​គុណ​សម្បត្តិ​ដែល​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ពិត​និង​សាមគ្គីភាព។ គុណ​សម្បត្តិ​នោះ​រួម​មាន​គុណធម៌ ចិត្ត​សប្បុរស ចិត្ត​ធ្ងន់ ការ​ចេះ​ទប់​ចិត្ត និង​សេចក្ដី​ស្រឡាញ់។ សេចក្ដី​ស្រឡាញ់​ក៏​បាន​ត្រូវ​ហៅ​ថា​៖ ​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ​»។ (​កូឡុស ៣:១៤​) ហេតុ​អ្វី​សេចក្ដី​ស្រឡាញ់​ពិសេស​ម្ល៉េះ? សូម​មើល​អ្វី​ដែល​គម្ពីរ​ចែង​អំពី​គុណ​សម្បត្តិ​នេះ។

  • «​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន មិន​ចេះ​និយាយ​អួតអាង មិន​ចេះ​ក្រអឺត​ក្រអោង​[​អំណួត​] មិន​ប្រព្រឹត្ត​ឥត​សមរម្យ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ឆាប់​ខឹង។ សេចក្ដី​ស្រឡាញ់​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​[​អំពើ​អាក្រក់​]​ឡើយ តែ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត។ សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ . . . ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»។—កូរិនថូស​ទី១ ១៣:៤​-​៨

  • «​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​មិន​ធ្វើ​អំពើ​អាក្រក់​ទៅ​លើ​អ្នក​ជិត​ខាង​របស់​ខ្លួន​ឡើយ​»។—រ៉ូម ១៣:១០

  • «​ជា​ពិសេស ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង ពីព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។—ពេត្រុស​ទី១ ៤:៨

ពេល​អ្នក​នៅ​ជា​មួយ​នឹង​មនុស្ស​ដែល​ស្រឡាញ់​អ្នក តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? សុវត្ថិភាព? សុខ​សាន្ត? អារម្មណ៍​ស្រួល? មែន​ហើយ អ្នក​ដឹង​ថា​ពួក​គេ​តែង​តែ​គិត​ពី​ប្រយោជន៍​របស់​អ្នក ហើយ​មិន​ដែល​គិត​ចង់​ធ្វើ​បាប​អ្នក​ទេ។

សេចក្ដី​ស្រឡាញ់​ក៏​អាច​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​លះ​បង់​ដើម្បី​ប្រយោជន៍​អ្នក​ឯ​ទៀត ទោះ​ជា​ត្រូវ​កែ​ប្រែ​របៀប​រស់​នៅ​របស់​ខ្លួន​ក្ដី។ ជា​ឧទាហរណ៍ ពេល​បុរស​ម្នាក់​ដែល​យើង​ហៅ​ថា​ចច​បាន​ទៅ​ជា​ជីតា​ម្នាក់ គាត់​ពិត​ជា​ចង់​ចំណាយ​ពេល​នៅ​ជា​មួយ​នឹង​ចៅ​ប្រុស​របស់​គាត់​ខ្លាំង​ណាស់។ ប៉ុន្តែ​មាន​បញ្ហា​មួយ។ ចច​ចូល​ចិត្ត​ជក់​បារី​ណាស់ ហើយ​កូន​ប្រសា​ប្រុស​របស់​គាត់​មិន​ចង់​ឲ្យ​គាត់​ជក់​បារី​នៅ​ជិត​ចៅ​ប្រុស​តូច​នោះ​ទេ។ ដូច្នេះ​តើ​ចច​បាន​ធ្វើ​យ៉ាង​ណា? ទោះ​ជា​គាត់​ជក់​បារី​អស់​រយៈ​ពេល​៥០​ឆ្នាំ​ក្ដី គាត់​បាន​លះ​ចោល​ទម្លាប់​នោះ​ដើម្បី​ចៅ​ប្រុស​របស់​គាត់។ នេះ​ពិត​ជា​ឥទ្ធិពល​នៃ​សេចក្ដី​ស្រឡាញ់​មែន!

គម្ពីរ​ជួយ​យើង​ឲ្យ​បណ្ដុះ​គុណ​សម្បត្តិ​ជា​ច្រើន ដូច​ជា​គុណធម៌ ចិត្ត​សប្បុរស និង​ជា​ពិសេស​សេចក្ដី​ស្រឡាញ់

សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្តិ​មួយ​ដែល​យើង​រៀន។ ឪពុក​ម្ដាយ​មាន​តួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​បង្រៀន​កូន​របស់​ពួក​គាត់​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ ពួក​គាត់​ផ្គត់​ផ្គង់ និង​ការ​ពារ​កូន​របស់​ពួក​គាត់ ព្រម​ទាំង​ជួយ​ពេល​កូន​ៗ​ឈឺ ឬ​មាន​បញ្ហា។ ឪពុក​ម្ដាយ​ល្អ​និយាយ​ជា​មួយ​នឹង​កូន ហើយ​បង្រៀន​ពួក​គេ។ ពួក​គាត់​ក៏​ប្រដៅ​កូន ដែល​រួម​បញ្ចូល​ការ​បង្រៀន​ពួក​គេ​អំពី​គោល​ការណ៍​ដែល​ជួយ​ឲ្យ​ដឹង​ខុស​ត្រូវ។ ម្យ៉ាង​ទៀត ឪពុក​ម្ដាយ​ដែល​ល្អ ក៏​ទុក​គំរូ​ល្អ​ដែរ ដើម្បី​ឲ្យ​កូន​អាច​ដើរ​តាម​គន្លង​របស់​ពួក​គាត់។

តែ​គួរ​ឲ្យ​សោក​ស្ដាយ ឪពុក​ម្ដាយ​ខ្លះ​បរាជ័យ​ក្នុង​ភារកិច្ច​របស់​ពួក​គាត់។ តើ​នេះ​មាន​ន័យ​ថា​កូន​របស់​ពួក​គាត់​នឹង​មិន​អាច​ទៅ​ជា​មនុស្ស​ល្អ​ត្រឹម​ត្រូវ​ឬ? មិន​មែន​ទាល់​តែ​សោះ! សូម្បី​តែ​មនុស្ស​ពេញ​វ័យ​ជា​ច្រើន​នាក់ រួម​បញ្ចូល​អ្នក​ដែល​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ស្ថានភាព​ច្របូក​ច្របល់ ក៏​អាច​កែ​ប្រែ​បាន​ដែរ។ អ្នក​ទាំង​នោះ​បាន​កែ​ប្រែ​យ៉ាង​អស្ចារ្យ​ក្នុង​ជីវិត ហើយ​ទៅ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​ចេះ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ឃើញ​ថា​សូម្បី​តែ​មនុស្ស​ខ្លះ​ដែល​គេ​គិត​ថា​កែ​លែង​ឡើង ក៏​អាច​កែ​ប្រែ​បាន​ដែរ!