លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រដ្ឋាភិបាល​មួយ​ដែល​នឹង​កែ​ប្រែ​ស្ថានភាព

«នឹងមានសេចក្ដីសុខសាន្តជានិច្ច»

«នឹងមានសេចក្ដីសុខសាន្តជានិច្ច»

អង្គការ​សហប្រជាជាតិ​កំពុង​លើក​ទឹក​ចិត្ត​មនុស្ស​គ្រប់​រូប​ឲ្យ​ចេះ​សហការ​គ្នា គោរព​សិទ្ធិ​គ្នា និង​ការ​ពារ​បរិស្ថាន។ ហេតុ​អ្វី? តាម​ការ​រៀប​រាប់​របស់​ម៉ាហឺ ណាសឺ​ក្នុង​កំណត់​ហេតុ​របស់​អង្គការ​សហប្រជាជាតិ ថា​៖ ​«​បម្រែ​បម្រួល​អាកាសធាតុ ក្រុម​ឧក្រិដ្ឋជន ការ​កើន​ឡើង​នៃ​ភាព​អយុត្ដិធម៌ ជម្លោះ ការ​បង្ខំ​មនុស្ស​ជា​ច្រើន​ឲ្យ​រើ​ទៅ​កន្លែង​ផ្សេង ភេរវកម្ម​ទូ​ទាំង​ពិភព​លោក រោគ​រាត​ត្បាត និង​បញ្ហា​ស្រដៀង​នឹង​នេះ កំពុង​មាន​ឥទ្ធិពល​មក​លើ​មនុស្ស​នៅ​គ្រប់​ប្រទេស​»​ (​UN Chronicle​)។

អ្នក​ខ្លះ​ទៀត​កំពុង​លើក​ស្ទួយ​ឲ្យ​មាន​រដ្ឋាភិបាល​មួយ​ដែល​គ្រប់​គ្រង​ពិភព​លោក។ ពួក​គេ​ទាំង​នោះ​រួម​មាន​ដានធី​ដែល​ជា​ទស្សនវិទូ​ជន​ជាតិ​អ៊ីតាលី ជា​អ្នក​និពន្ធ និង​ជា​អ្នក​នយោបាយ (​១២៦៥​-​១៣២១​) ព្រម​ទាំង​អាល់បឺត អែនស្តែន​ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​រូប​វិទ្យា (​១៨៧៩​-​១៩៥៥​)។ ដានធី​ជឿ​ថា​សន្តិភាព​មិន​អាច​ស្ថិត​ស្ថេរ​ក្នុង​ពិភព​លោក​ដែល​បែក​បាក់​ខាង​នយោបាយ​ឡើយ។ គាត់​បាន​និយាយ​ដោយ​ដក​ស្រង់​ប្រសាសន៍​របស់​លោក​យេស៊ូ​ថា​៖ ​«​រាជាណាចក្រ​ណា​ដែល​បែក​បាក់​ទាស់​ប្រឆាំង​គ្នា នឹង​វិនាស​ទៅ​»។—លូកា ១១:១៧

មិន​យូរ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២ ដែល​គេ​បាន​ប្រើ​គ្រាប់​បែក​នុយក្លេអ៊ែរ​ពីរ​គ្រាប់ អាល់បឺត អែនស្តែន​បាន​សរសេរ​សំបុត្រ​មួយ​ជូន​ដល់​ទី​ស្នាក់​ការ​ធំ​នៃ​អង្គការ​សហប្រជាជាតិ​ដោយ​បើក​ចំហ។ គាត់​បាន​និយាយ​ថា​៖ ​«​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ប្រញាប់​ចាត់​វិធានការ​ធ្វើ​អ្វី​ទាំង​អស់​ដែល​ចាំ​បាច់ ដើម្បី​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ពិត​ប្រាកដ​មួយ​ដែល​គ្រប់​គ្រង​ពិភព​លោក​»។

ក៏​ប៉ុន្តែ តើ​យើង​អាច​ប្រាកដ​ថា​អ្នក​នយោបាយ​ដែល​ជា​សមាជិក​នៃ​រដ្ឋាភិបាល​ដ៏​ខ្លាំង​ក្លា​នេះ​នឹង​មិន​ពុក​រលួយ អយុត្ដិធម៌ និង​សង្កត់​សង្កិន​ឬ​ទេ? ឬ តើ​ពួក​គេ​ក៏​មិន​ល្អ​ដូច​អ្នក​គ្រប់​គ្រង​ឯ​ទៀត​ពី​មុន​ដែរ? សំណួរ​ទាំង​នេះ​រំលឹក​យើង​អំពី​ពាក្យ​សម្ដី​របស់​ប្រវត្ដិវិទូ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ដែល​ថា​៖ ​«​ការ​កាន់​អំណាច​ច្រើន​តែ​នាំ​ឲ្យ​បុគ្គល​ម្នាក់​ទៅ​ជា​ខូច​អាក្រក់ ហើយ​ការ​មាន​គ្រប់​ទាំង​អំណាច​នាំ​ឲ្យ​ខូច​អាក្រក់​ទាំង​ស្រុង​»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ដើម្បី​ឲ្យ​ពិភព​លោក​មាន​សេចក្ដី​សុខ​និង​សន្តិភាព​ពិត​ប្រាកដ យើង​ត្រូវ​តែ​មាន​សាមគ្គីភាព។ តែ​តើ​គោល​ដៅ​នេះ​អាច​សម្រេច​បាន​តាម​របៀប​ណា? តើ​នេះ​ជា​ការ​សម​ហេតុ​ផល​ទេ? គម្ពីរ​ឆ្លើយ​ថា មែន! គឺ​អាច​សម្រេច​បាន ហើយ​នឹង​សម្រេច។ តើ​តាម​របៀប​ណា? គឺ​មិន​មែន​តាម​រយៈ​រដ្ឋាភិបាល​របស់​ពិភព​លោក​ដែល​ជា​អ្នក​នយោបាយ​ខូច​អាក្រក់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​នឹង​សម្រេច​តាម​រយៈ​រដ្ឋាភិបាល​មួយ​ដែល​ព្រះ​ជា​អ្នក​ស្ថាបនា។ បន្ថែម​ទៅ​ទៀត រដ្ឋាភិបាល​នោះ​នឹង​បង្ហាញ​អំពី​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។ តើ​រដ្ឋាភិបាល​នោះ​ជា​អ្វី? គម្ពីរ​ហៅ​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​»។—លូកា ៤:៤៣

​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​

ពេល​លោក​យេស៊ូ​គ្រិស្ត​បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ​របស់​លោក លោក​បាន​គិត​អំពី​រាជាណាចក្រ​ព្រះ ដោយ​ពោល​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែនដី​»។ (​ម៉ាថាយ ៦:៩, ១០​) មែន​ហើយ រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​បាន​សម្រេច​នៅ​ផែនដី មិន​មែន​បំណង​ប្រាថ្នា​របស់​មនុស្ស​ដែល​លោភ​លន់​ចង់​បាន​អំណាច ឬ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។

រាជាណាចក្រ​របស់​ព្រះ​ក៏​បាន​ត្រូវ​ហៅ​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​»។ (​ម៉ាថាយ ៥:៣​) ហេតុ​អ្វី? រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​មក​លើ​ផែនដី មិន​មែន​គ្រប់​គ្រង​ពី​ផែនដី​ទេ តែ​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌។ សូម​គិត​អំពី​អត្ថន័យ។ រដ្ឋាភិបាល​នេះ​នឹង​មិន​តម្រូវ​ជា​លុយ​ឬ​ទ្រព្យ​សម្បត្តិ​ដើម្បី​គាំទ្រ​ឡើយ។ មនុស្សជាតិ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ​នឹង​ធូរ​ស្រាល​ក្នុង​ចិត្ត​យ៉ាង​ណា​ទៅ!

ពាក្យ​«​រាជាណាចក្រ​»​បញ្ជាក់​ថា រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​រាជ​រដ្ឋាភិបាល។ រាជាណាចក្រ​នោះ​មាន​ស្ដេច ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត​ដែល​បាន​ទទួល​អំណាច​ពី​ព្រះ។ ស្ដី​អំពី​លោក​យេស៊ូ គម្ពីរ​ចែង​ថា​៖

  • «​អំណាច​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​គាត់។ . . . ចាប់​ពី​ពេល​នោះ​ទៅ អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​ថ្កុំ​ថ្កើង​ជា​រៀង​រហូត ហើយ . . . នឹង​មាន​សេចក្ដី​សុខ​សាន្ត​ជា​និច្ច​»។—អេសាយ ៩:៦, ៧

  • «​គាត់​បាន​ទទួល​អំណាច​គ្រប់​គ្រង កិត្តិយស និង​រាជាណាចក្រ​មួយ។ ហេតុ​នេះ មនុស្ស​ទាំង​អស់​ដែល​មក​ពី​គ្រប់​ជាតិ​សាសន៍​គ្រប់​ភាសា​ត្រូវ​បម្រើ​គាត់។ អំណាច​គ្រប់​គ្រង​របស់​គាត់​នឹង​មិន​សាប​សូន្យ​ទេ​»។—ដានីយ៉ែល ៧:១៤

  • «​រាជាណាចក្រ​នៃ​ពិភព​លោក​នេះ​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​នៃ​ម្ចាស់​របស់​យើង​[​ព្រះ​]​និង​គ្រិស្ត​របស់​លោក​»។—ការ​បើក​បង្ហាញ ១១:១៥

ដូច​ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ​របស់​លោក​យេស៊ូ រាជាណាចក្រ​ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​ព្រះ​ទាំង​ស្រុង​នៅ​ផែនដី។ ក្រោម​រាជាណាចក្រ​នោះ មនុស្ស​គ្រប់​រូប​នឹង​រៀន​អំពី​របៀប​ថែ​រក្សា​ផែនដី​ឲ្យ​ល្អ​ឡើង​វិញ​ម្ដង​ទៀត​និង​ពេញ​ទៅ​ដោយ​អ្វី​ៗ​ដែល​មាន​ជីវិត។

សំខាន់​បំផុត រាជាណាចក្រ​ព្រះ​នឹង​អប់រំ​រាស្ត្រ​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង។ ពួក​គេ​ទាំង​អស់​នឹង​រៀន​អំពី​ខ្នាត​តម្រា​ដូច​គ្នា។ គ្មាន​ការ​មិន​ចុះ​សម្រុង ឬ​ការ​បែក​បាក់​គ្នា​ឡើយ។ អេសាយ ១១:៩ ចែង​ថា​៖ ​«​ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បង្ក​គ្រោះ​ថ្នាក់​អ្វី . . . ព្រោះ​ផែនដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​របស់​ព្រះ​យេហូវ៉ា ដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ​»។

មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​មាន​សាមគ្គីភាព ហើយ​រស់​នៅ​ដោយ​សុខ​សាន្ត​ជា​មួយ​គ្នា ដូច​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ខំ​សម្រេច។ ចម្រៀង​សរសើរ​ព្រះ ៣៧:១១ ប្រាប់​ថា​៖ ​«​ពួក​គេ​នឹង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សារ​មាន​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​»។ ក្រោយ​មក យើង​នឹង​លែង​ឮ​ពាក្យ​ដូច​ជា​«​ឧក្រិដ្ឋកម្ម​»​ ​«​ការ​បំពុល​»​ ​«​ភាព​ក្រី​ក្រ​»​ និង​«​សង្គ្រាម​»​ទៀត។ ប៉ុន្តែ តើ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​មក​លើ​ផែនដី​ទាំង​មូល​នៅ​ពេល​ណា? តើ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ម្យ៉ាង​ទៀត តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ? សូម​ពិចារណា​ជា​មួយ​គ្នា។