លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ព្យាបាល​មិន​គ្រាន់​តែ​ត្រូវ​ដឹង​អំពី​រោគ​សញ្ញា​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ដឹង​អំពី​មូលហេតុ

គន្លឹះ​ដើម្បី​កែ​ប្រែ

ការស្គាល់ឫសគល់នៃបញ្ហារបស់យើង

ការស្គាល់ឫសគល់នៃបញ្ហារបស់យើង

តើ​អ្នក​ជឿ​ថា​មនុស្សជាតិ​អាច​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន​ដែល​ឆក់​យក​សន្តិភាព​និង​សន្តិសុខ​របស់​យើង ហើយ​កំពុង​គំរាម​កំហែង​ដល់​អនាគត​របស់​យើង​ឬ​ទេ? ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​យើង យើង​ត្រូវ​ស្វែង​យល់​ថា​តើ​អ្វី​បណ្ដាល​ឲ្យ​មាន​បញ្ហា​ទាំង​នោះ។

ជា​ឧទាហរណ៍ អ្នក​ជំងឺ​ម្នាក់​ឈ្មោះ​ថំ​បាន​ឈឺ ហើយ​ក្រោយ​មក​ស្លាប់។ ហេតុ​អ្វី​គាត់​ស្លាប់? គ្រូ​ពេទ្យ​ដែល​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ដែល​ថំ​បាន​ទៅ​មិន​យូរ​មុន​គាត់​ស្លាប់ បាន​សរសេរ​ថា​៖ ​«​ពេល​គាត់​ចេញ​រោគ​សញ្ញា​ដំបូង គ្មាន​អ្នក​ណា​ម្នាក់​ស្វែង​យល់​អំពី​ដើម​ហេតុ​នៃ​រោគ​សញ្ញា​ទាំង​នោះ​ទេ​»។ តាម​មើល​ទៅ គ្រូ​ពេទ្យ​ពី​មុន​ដែល​បាន​ព្យាបាល​ថំ​គ្រាន់​តែ​ឲ្យ​ថ្នាំ​ដល់​គាត់​ដើម្បី​ធ្វើ​ឲ្យ​ធូរ​ជាង​ប៉ុណ្ណោះ។

តើ​មនុស្ស​កំពុង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក​នេះ​តាម​របៀប​ស្រដៀង​គ្នា​នេះ​ឬ​ទេ? ជា​ឧទាហរណ៍ ដើម្បី​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម រដ្ឋាភិបាល​បង្កើត​ច្បាប់​ផ្សេង​ៗ បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព និង​ពង្រឹង​កម្លាំង​សមត្ថកិច្ច​ជា​ដើម។ វិធានការ​ទាំង​នេះ​ផ្ដល់​ប្រយោជន៍​មួយ​កម្រិត ប៉ុន្តែ​មិន​អាច​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​ដើម​ហេតុ​នៃ​បញ្ហា​ឡើយ។ របៀប​ដែល​មនុស្ស​ប្រព្រឹត្ត​បង្ហាញ​អំពី​គំនិត អារម្មណ៍ និង​បំណង​ចិត្ត​របស់​ពួក​គេ។

ដានីយ៉ែល​ដែល​រស់​នៅ​ប្រទេស​មួយ​នា​ទ្វីប​អាម៉េរិក​ខាង​ត្បូង ដែល​កំពុង​មាន​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​និយាយ​ថា​៖ ​«​យើង​ធ្លាប់​មាន​ជីវិត​ធម្មតា។ យើង​មិន​ខ្លាច​ថា​មាន​ចោរ​ប្លន់​ដោយ​ប្រដាប់​អាវុធ​ទេ។ ប៉ុន្តែ​ឥឡូវ​ស្ថានភាព​នៅ​ក្នុង​ស្រុក​ភូមិ​ទាំង​អស់​លែង​មាន​សន្តិសុខ​ហើយ។ បញ្ហា​សេដ្ឋកិច្ច​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ជា​ច្រើន​លោភ​លន់ មិន​គោរព​អាយុ​ជីវិត​របស់​អ្នក​ដទៃ ឬ​រំលោភ​ទ្រព្យ​សម្បត្តិ​របស់​គេ​»។

បុរស​ម្នាក់​ឈ្មោះ​អ៊ីឡាយអឺស​បាន​ភៀស​ខ្លួន​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាប្រទេស ហើយ​ក្រោយ​មក​បាន​សិក្សា​គម្ពីរ។ គាត់​និយាយ​ថា​៖ ​«​បុរស​វ័យ​ក្មេង​ជា​ច្រើន​នាក់​ពី​ស្រុក​កំណើត​ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​និង​សាសនា​ដែល​គាំទ្រ​នយោបាយ​ឲ្យ​ចូល​រួម​ក្នុង​សង្គ្រាម ដោយ​ធ្វើ​ដូច្នេះ​មនុស្ស​ចាត់​ទុក​ពួក​គេ​ថា​ជា​វីរៈ​បុរស។ ភាគី​ម្ខាង​ទៀត​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ដូច​គ្នា​ដែរ! អ្វី​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ថា​ការ​ជឿ​ទុក​ចិត្ត​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស គឺ​នាំ​ឲ្យ​ខក​ចិត្ត​»។

សៀវភៅ​ប្រាជ្ញា​ពី​បុរាណ​មួយ​ចែង​យ៉ាង​ត្រឹម​ត្រូវ​ថា​៖

  • «​ពួក​គេ​[​មនុស្ស​]​មាន​ចិត្ត​គំនិត​អាក្រក់​តាំង​ពី​ក្មេង​មក​»។—ដើម​កំណើត ៨:២១

  • «​ឯ​ចិត្ត គឺ​ពូកែ​បញ្ឆោត​លើស​អ្វី​ៗ​ទាំង​អស់ ហើយ​ក៏​អាក្រក់​ក្រៃ​លែង។ តើ​អ្នក​ណា​អាច​ស្គាល់​បាន​ទៅ?​»។—យេរេមា ១៧:៩

  • «​គំនិត​អាក្រក់​តែង​តែ​ផ្ដើម​ចេញ​ពី​ក្នុង​ចិត្ត គឺ​ឃាតកម្ម . . . អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​លួច ការ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ​»។—ម៉ាថាយ ១៥:១៩

មនុស្ស​មិន​អាច​រក​ឃើញ​វិធី​មួយ​ដើម្បី​ជម្រុះ​ចេញ​នូវ​ទំនោរ​ចិត្ត​អាក្រក់​របស់​មនុស្សជាតិ​បាន​ទេ។ តាម​មើល​ទៅ មនុស្ស​កាន់​តែ​មាន​លក្ខណៈ​អាក្រក់​ទៅ​ៗ។ បញ្ហា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​អត្ថបទ​មុន​បញ្ជាក់​ចំណុច​នេះ។ (​ធីម៉ូថេ​ទី២ ៣:១​-​៥​) សព្វ​ថ្ងៃ​មាន​ស្ថានភាព​ដូច​នេះ ទោះ​ជា​មនុស្ស​មាន​ចំណេះ​ដឹង​កាន់​តែ​ច្រើន​និង​មាន​របៀប​ប្រាស្រ័យ​ទាក់​ទង​គ្នា​ច្រើន​ជាង​ពេល​មុន​ៗ​ក៏​ដោយ! ដូច្នេះ​ហេតុ​អ្វី​យើង​មិន​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព​និង​សន្តិសុខ​បាន? តើ​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​គឺ​ជា​អ្វី​ដែល​ហួស​ពី​សមត្ថភាព​យើង​ឬ​ទេ? តើ​យើង​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​មិន​អាច​ទៅ​រួច​ឬ?

តើ​យើង​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​មិន​អាច​ទៅ​រួច​ឬ?

ទោះ​ជា​យើង​អាច​កែ​ប្រែ​លក្ខណៈ​អាក្រក់​របស់​មនុស្សជាតិ​តាម​របៀប​ណា​មួយ​ក្ដី ក៏​យើង​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សុវត្ថិភាព​និង​សន្តិសុខ​ទាំង​ស្រុង​បាន​ឡើយ។ ហេតុ​អ្វី? ព្រោះ​សមត្ថភាព​របស់​មនុស្ស​យើង​មាន​កម្រិត។

សេចក្ដី​ពិត​ដ៏​ស្រួល​យល់​មួយ​គឺ​៖ ​«​មនុស្ស . . . គ្មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន​»​ទេ។ (​យេរេមា ១០:២៣​) មែន យើង​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ទេ។ តាម​ពិត ដូច​យើង​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ក្នុង​ទឹក ឬ​កន្លែង​ណា​មួយ​ក្រៅ​ផែនដី នោះ​យើង​ក៏​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​គ្រប់​គ្រង​លើ​មនុស្ស​ឯ​ទៀត​ដែរ!

ដូច​យើង​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​រស់​នៅ​ក្នុង​ទឹក ឬ​កន្លែង​ណា​មួយ​ក្រៅ​ផែនដី នោះ​យើង​ក៏​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​គ្រប់​គ្រង​លើ​មនុស្ស​ឯ​ទៀត​ដែរ

សូម​ពិចារណា​ដូច​ត​ទៅ​៖ តើ​មនុស្ស​ទូទៅ​ចូល​ចិត្ត​ឲ្យ​អ្នក​ឯ​ទៀត​ប្រាប់​ពួក​គេ​ថា​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា ឬ​ក៏​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​បែប​ណា​ក្នុង​ជីវិត​ឬ​ទេ? តើ​មនុស្ស​ពេញ​ចិត្ត​ឲ្យ​គេ​ប្រាប់​ថា​គួរ​ឬ​មិន​គួរ​រំ​លូត​កូន ឬ​គួរ​ប្រដៅ​កូន​របស់​ពួក​គេ​យ៉ាង​ណា​ឬ​ទេ? នេះ​គ្រាន់​តែ​ជា​បញ្ហា​ខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បែក​បាក់​គ្នា។ ដូច្នេះ ទោះ​ជា​ពិបាក​ទទួល​យក​ក្ដី អ្វី​ដែល​គម្ពីរ​ចែង​គឺ​សម​ហេតុ​ផល។ យើង​មិន​មាន​សមត្ថភាព ឬ​សិទ្ធិ​ដើម្បី​គ្រប់​គ្រង​លើ​មនុស្ស​ឯ​ទៀត​ទេ។ ហេតុ​នេះ តើ​យើង​អាច​ស្វែង​រក​ជំនួយ​នៅ​ឯ​ណា?

ចម្លើយ​សម​ហេតុ​ផល​បំផុត​គឺ​យើង​ស្វែង​រក​ជំនួយ​ពី​អ្នក​បង្កើត​យើង។ ម្យ៉ាង​ទៀត ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​ខ្លះ​គិត លោក​មិន​បាន​ភ្លេច​យើង​ឡើយ។ តាម​ពិត លោក​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ណាស់ យើង​អាច​ដឹង​ដូច្នេះ​តាម​រយៈ​សៀវភៅ​គម្ពីរ។ ពេល​យើង​ស្គាល់​អ្វី​ដែល​សៀវភៅ​ល្អ​ឯក​នោះ​ចែង នោះ​យើង​ក៏​កាន់​តែ​ស្គាល់​អំពី​លក្ខណៈ​របស់​មនុស្សជាតិ​ដែរ។ ម្យ៉ាង​ទៀត យើង​អាច​ស្គាល់​អំពី​ប្រវត្ដិសាស្ត្រ​ដ៏​សោកសៅ​របស់​មនុស្សជាតិ។ យើង​យល់​អំពី​មូលហេតុ​ដែល​ទស្សនវិទូ​ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​សរសេរ​ថា​៖ ​«​មនុស្ស​និង​រដ្ឋាភិបាល​មិន​បាន​ទាញ​មេ​រៀន​ពី​ប្រវត្ដិសាស្ត្រ​ឡើយ ហេតុ​នេះ​ពួក​គេ​មិន​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ទេ​»។

ប្រាជ្ញា​ក្នុង​គម្ពីរ​ការ​ពារ​យើង!

បុរស​ដែល​មាន​ប្រាជ្ញា​ម្នាក់​បាន​និយាយ​ថា​៖ ​«​អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា​»។ (​លូកា ៧:៣៥​) ឧទាហរណ៍​មួយ​អំពី​ប្រាជ្ញា​នោះ​គឺ​នៅ​អេសាយ ២:២២ ដែល​ចែង​ថា​៖ ​«​ដើម្បី​ប្រយោជន៍​ខ្លួន ចូរ​ឈប់​ទុក​ចិត្ត​មនុស្ស​»។ យោបល់​ល្អ​នោះ​អាច​ជួយ​យើង​មិន​ឲ្យ​សង្ឃឹម​ទៅ​លើ​អ្វី​ដែល​នឹង​មិន​កើត​ឡើង​ឡើយ។ បង​ប្រុស​ខេណិត​ដែល​រស់​នៅ​ក្រុង​មួយ​នា​ទ្វីប​អាម៉េរិក​ខាង​ជើង​ដែល​ពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ​និយាយ​ថា​៖ ​«​អ្នក​នយោបាយ​ច្រើន​តែ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ជាង ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ទេ។ នេះ​បង្ហាញ​ថា​អ្វី​ដែល​គម្ពីរ​ចែង​គឺ​ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​ប្រាជ្ញា​មែន​»។

ដានីយ៉ែល​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​សរសេរ​ថា​៖ ​«​រាល់​ថ្ងៃ ខ្ញុំ​កាន់​តែ​ឃើញ​ថា​មនុស្ស​មិន​អាច​គ្រប់​គ្រង​បាន​ល្អ​ទេ។ . . . ការ​ជឿ​ទុក​ចិត្ត​លើ​លុយ​ដែល​យើង​ដាក់​ក្នុង​ធនាគារ​ឬ​ការ​វិនិយោគ​ខ្លះ​ដែល​យើង​បាន​ធ្វើ​នោះ គឺ​មិន​ស្ថិត​ស្ថេរ​សម្រាប់​អនាគត​របស់​យើង​ឡើយ។ ខ្ញុំ​ឃើញ​ថា​មនុស្ស​តាន​តឹង​ចិត្ត​ជា​ខ្លាំង​អំពី​រឿង​នេះ​»។

គម្ពីរ​មិន​គ្រាន់​តែ​ការ​ពារ​យើង​កុំ​ឲ្យ​សង្ឃឹម​ទៅ​លើ​អ្វី​ដែល​នឹង​មិន​កើត​ឡើង​ទេ តែ​គម្ពីរ​ក៏​ផ្ដល់​ឲ្យ​យើង​នូវ​ក្ដី​សង្ឃឹម ដែល​យើង​នឹង​ឃើញ​នៅ​អត្ថបទ​បន្ទាប់។