លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Georgette Douwma/Stone via Getty Images

តើ​ផែន​ដី​យើង​អាច​នៅ​ស្ថិត​ស្ថេរ​ឬ​ទេ?

សមុទ្រ

សមុទ្រ

សមុទ្រ​មិន​គ្រាន់​តែ​ផ្ដល់​អ្វី​ដែល​យើង​ញ៉ាំ​សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ថ្នាំ​ដែរ។ អុកស៊ីហ្ស៊ែន​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ពិភព​លោក​នេះ​គឺ​មក​ពី​សមុទ្រ ហើយ​សមុទ្រ​ស្រូប​យក​ឧស្ម័ន​កាបូន​ដែល​មាន​ក្នុង​បរិយាកាស​របស់​យើង។ បន្ថែម​ទៅ​ទៀត សមុទ្រ​ក៏​ជួយ​គ្រប់​គ្រង​អាកាសធាតុ​នៃ​ផែន​ដី​ដែរ។

កត្តា​ដែល​បង្ខូច​សមុទ្រ

ការ​បម្រែ​បម្រួល​អាកាសធាតុ​មាន​ផល​ប៉ះ​ពាល់​ដល់​ផ្កា​ថ្ម ខ្យង និង​ជីវិត​ផ្សេង​ៗ​ដែល​រស់​ក្នុង​សមុទ្រ។ អ្នក​វិទ្យា​សាស្ត្រ​បាន​សន្និដ្ឋាន​ថា នៅ​៣០​ឆ្នាំ​ខាង​មុខ​នេះ ផ្កា​ថ្ម​ស្ទើរ​តែ​ទាំង​អស់​នឹង​លែង​មាន​ទៀត ហើយ​នេះ​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​១​ភាគ​៤​នៃ​ជីវិត​ដែល​រស់​នៅ​ក្នុង​សមុទ្រ។

ពួក​អ្នក​ជំនាញ​និយាយ​ថា ៩០​ភាគ​រយ​នៃ​សត្វ​ស្លាប​ដែល​រស់​នៅ​តំបន់​សមុទ្រ ប្រហែល​ជា​បាន​ស៊ី​ប្លាស្ទិក ហើយ​ប្លាស្ទិក​ដែល​អណ្ដែត​ក្នុង​សមុទ្រ​បាន​សម្លាប់​សត្វ​សមុទ្រ​រាប់​លាន​ក្បាល​ជា​រៀង​រាល់​ឆ្នាំ។

នៅ​ក្នុង​ឆ្នាំ​២០២២ អង់តូនីញ៉ូ គុថេរិស ដែល​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​៖ ​«​យើង​មើល​ថែ​សមុទ្រ​មិន​បាន​ល្អ​នោះ​ទេ ហើយ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​យល់​ថា​សមុទ្រ​យើង​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​»។

ផែន​ដី​បាន​ត្រូវ​បង្កើត​ឲ្យ​នៅ​ស្ថិត​ស្ថេរ

សមុទ្រ​និង​ជីវិត​នៅ​ក្នុង​សមុទ្រ​បាន​ត្រូវ​បង្កើត​ឲ្យ​ចេះ​សម្អាត​ខ្លួន​វា​ឲ្យ​មាន​សុខភាព​ល្អ​បើ​មនុស្ស​មិន​បង្ខូច​បរិស្ថាន​ខ្លាំង​ពេក។ សៀវភៅ​មួយ​អំពី​ការ​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាសធាតុ (​Regeneration: Ending the Climate Crisis in One Generation​) បាន​ពន្យល់​ថា នៅ​ពេល​ដែល​ផ្នែក​មួយ​នៃ​សមុទ្រ​ត្រូវ​បាន​ការ​ពារ​ពី​ការ​ធ្វើ​ឧស្សាហកម្ម គេ​កត់​សម្គាល់​ថា​«​សមុទ្រ​មាន​សមត្ថភាព​ជួស​ជុល​ខ្លួន​វា​ឲ្យ​ដូច​ដើម​វិញ​»។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ​៖

  • សារពាង្គកាយ​តូច​ៗ​ហៅ​ថា​ប្លង់​តុង​រុក្ខជាតិ ស្រូប​យក​ហើយ​ផ្ទុក​កាបូន​ឌីអុកស៊ីត ដែល​ជា​ឧស្ម័ន​ដែល​គេ​ជឿ​ថា​បណ្ដាល​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ផែន​ដី។ ប្លង់​តុង​រុក្ខជាតិ​ទាំង​នេះ​អាច​ស្រូប​យក​ឧស្ម័ន​កាបូន​ឌីអុកស៊ីត ជិត​ស្មើ​នឹង​កាបូន​ឌីអុកស៊ីត​ដែល​ដើម​ឈើ ស្មៅ និង​រុក្ខជាតិ​ផ្សេង​ៗ​នៅ​លើ​ផែន​ដី​រួម​បញ្ចូល​គ្នា​អាច​ស្រូប​យក​បាន។

  • មីក្រុប​គឺ​ជា​បាក់តេរី​ដែល​ស៊ី​ត្រី​ងាប់​ដែល​អាច​បំពុល​សមុទ្រ​បើ​ទុក​វា​ចោល។ ក្រោយ​មក មីក្រុប​ទាំង​នោះ​ក្លាយ​ទៅ​ជា​ចំណី​របស់​សត្វ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​សមុទ្រ។ យោង​ទៅ​តាម​ស្ថាប័ន​ល្បី​មួយ (​Smithsonian Institution Ocean Portal​) ដំណើរ​ការ​នេះ​ជួយ​«​រក្សា​សមុទ្រ​ឲ្យ​ស្អាត ហើយ​ធ្វើ​ឲ្យ​ទឹក​ថ្លា​»។

  • របៀប​ដែល​សត្វ​ផ្សេង​ៗ​រំលាយ​អាហារ​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ទឹក ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ផ្កា​ថ្ម ខ្យង​សមុទ្រ និង​សត្វ​ផ្សេង​ៗ​ទៀត​ក្នុង​សមុទ្រ។

អ្វី​ដែល​មនុស្ស​ព្យាយាម​ធ្វើ

ការ​ប្រើ​ថង់​និង​ដប​ដែល​អាច​ប្រើ​ច្រើន​ដង​អាច​ជួយ​កាត់​បន្ថយ​កាក​សំណល់​ប្លាស្ទិក​ដែល​ចូល​ក្នុង​សមុទ្រ​យើង

បើ​គ្មាន​កាក​សំណល់​ចូល​ក្នុង​សមុទ្រ នោះ​សមុទ្រ​មិន​រង​ផល​ប៉ះ​ពាល់​ទេ។ ដូច្នេះ អ្នក​ជំនាញ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ប្រើ​ថង់ ឧបករណ៍ និង​ប្រអប់​ដែល​អាច​ប្រើ​ច្រើន​ដង​បាន ជា​ជាង​ប្រើ​ប្លាស្ទិក​ម្ដង រួច​បោះ​វា​ចោល។

ប៉ុន្តែ​យើង​ត្រូវ​ព្យាយាម​ធ្វើ​ច្រើន​ថែម​ទៀត។ ថ្មី​ៗ​នេះ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ អង្គការ​បរិស្ថាន​មួយ​បាន​ប្រមូល​សំរាម​ចំនួន​៩.២០០​តោន​ដែល​គេ​បោះ​ចោល​តាម​ឆ្នេរ​សមុទ្រ​ក្នុង​១១២​ប្រទេស។ ក៏​ប៉ុន្តែ ចំនួន​នេះ​គឺ​តិច​តួច​ណាស់​បើ​ប្រៀប​ធៀប​នឹង​ចំនួន​សំរាម​ដែល​ចូល​ក្នុង​សមុទ្រ​ជា​រៀង​រាល់​ឆ្នាំ។

ទស្សនាវដ្ដី​មួយ (​National Geographic​) បាន​រាយ​ការណ៍​ថា​៖ ​«​រហូត​មក​ដល់​សព្វ​ថ្ងៃ ជាតិ​អាស៊ីត​[​ក្នុង​សមុទ្រ​]​បាន​បន្ត​កើន​ឡើង​យ៉ាង​ច្រើន នោះ​សមុទ្រ​ប្រហែល​ជា​មិន​អាច​មាន​ស្ថានភាព​ដូច​ដើម​វិញ​ទេ។ មនុស្ស​កំពុង​ប្រើ​ឥន្ធនៈ​ហ្វូស៊ីល​យ៉ាង​ច្រើន​ដល់​ម្ល៉េះ បាន​ជា​សត្វ​នៅ​ក្នុង​សមុទ្រ មិន​អាច​សម្អាត​សមុទ្រ​ឲ្យ​ស្អាត​ដូច​ដើម​ឡើយ​»។

យើង​អាច​មាន​សេចក្ដី​សង្ឃឹមអ្វី​ដែល​គម្ពីរ​ចែង

​«​ផែន​ដី​ពេញ​ទៅ​ដោយ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ រីឯ​សមុទ្រ​វិញ គឺ​ធំ​ល្វឹង​ល្វើយ ពោរ​ពេញ​ដោយ​ភាវរស់​ទាំង​តូច​ទាំង​ធំ​ច្រើន​រាប់​មិន​អស់​»។—ចម្រៀង​សរសើរ​ព្រះ ១០៤:២៤, ២៥

អ្នក​បង្កើត​របស់​យើង​បាន​បង្កើត​សមុទ្រ ហើយ​ធ្វើ​ឲ្យ​សមុទ្រ​មាន​សមត្ថភាព​សម្អាត​ខ្លួន​វា​បាន។ សូម​ពិចារណា​៖ ប្រសិន​បើ​លោក​ដឹង​ច្បាស់​អំពី​សមុទ្រ និង​ភាវរស់​ទាំង​ឡាយ​ក្នុង​សមុទ្រ គឺ​សម​ហេតុ​សម​ផល​ឲ្យ​យើង​ជឿ​ថា លោក​ពិត​ជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​សមុទ្រ​មិន​ស្អាត មែន​ទេ? សូម​មើល​អត្ថបទ​«​ព្រះ​សន្យា​ថា​ផែន​ដី​យើង​នឹង​នៅ​ស្ថិត​ស្ថេរ​»​ នៅ​ទំព័រ​១៥។