លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​ផែន​ដី​យើង​អាច​នៅ​ស្ថិត​ស្ថេរ​ឬ​ទេ?

ព្រៃឈើ

ព្រៃឈើ

អ្នក​វិទ្យា​សាស្ត្រ​ខ្លះ​បាន​ប្រៀប​ធៀប​ព្រៃ​ឈើ​ទៅ​នឹង​សួត​ឬ​អ្វី​ដែល​ទ្រ​ទ្រង់​ជីវិត​នៅ​ផែន​ដី។ ហេតុ​អ្វី? ដូច​ជា​សួត ព្រៃ​ឈើ​បន្សុទ្ធ​ខ្យល់ ហើយ​ស្រូប​យក​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​យើង។ ព្រៃ​ឈើ​ក៏​បញ្ចេញ​អុកស៊ីហ្ស៊ែន​ដែរ ដែល​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​ខ្យល់​ដែល​យើង​ដក​ដង្ហើម។ ប្រហែល​៨០​ភាគ​រយ​នៃ​រុក្ខជាតិ​និង​សត្វ​ទាំង​ឡាយ​ដែល​មាន​នៅ​ផែន​ដី​រស់​នៅ​ក្នុង​ព្រៃ​ឈើ។ បើ​គ្មាន​ព្រៃ​ឈើ​ទេ​យើង​មិន​អាច​រស់​បាន​ឡើយ។

កត្តា​ដែល​បង្ខូច​ព្រៃ​ឈើ

ជា​រៀង​រាល់​ឆ្នាំ​ដើម​ឈើ​រាប់​ពាន់​លាន​ដើម​ត្រូវ​បាន​កាប់​ចោល ហើយ​ភាគ​ច្រើន​គឺ​ដើម្បី​យក​ដី​ដាំ​ដំណាំ។ ប្រហែល​ចាប់​តាំង​ពី​៧៥​ឆ្នាំ​មុន ព្រៃ​ឈើ​ទាំង​អស់​នៅ​ទូ​ទាំង​ពិភព​លោក​ជាង​ពាក់​កណ្ដាល​បាន​ត្រូវ​បាត់​បង់។

ដំណាល​គ្នា​នោះ​ពេល​ដែល​ព្រៃ​ឈើ​បាន​ត្រូវ​បំផ្លាញ រុក្ខជាតិ​និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​ទី​នោះ​ក៏​បាន​ត្រូវ​បំផ្លាញ​ជា​មួយ​គ្នា​ដែរ។

ផែន​ដី​បាន​ត្រូវ​បង្កើត​ឲ្យ​នៅ​ស្ថិត​ស្ថេរ

សូម្បី​តែ​ដើម​ឈើ​ភាគ​ច្រើន​ដែល​បាន​ត្រូវ​កាប់​ចោល​វា​អាច​ចាប់​ផ្ដើម​ដុះ​ឡើង​វិញ។ ថ្មី​ៗ​នេះ​អ្នក​បរិស្ថាន​វិទ្យា​បាន​សង្កេត​ឃើញ​ថា តំបន់​ដែល​គេ​បាន​កាប់​ព្រៃ​ឈើ​ចោល​បាន​ក្លាយ​ជា​ព្រៃ​ឈើ​ម្ដង​ទៀត ដោយ​សារ​វា​បាន​លូត​លាស់​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស។ សូម​ពិចារណា​ឧទាហរណ៍​ទាំង​នេះ​៖

  • អ្នក​ស្រាវ​ជ្រាវ​បាន​ពិនិត្យ​មើល​ដី​ដែល​គេ​បាន​កាប់​ព្រៃ​ឈើ​ចោល​ដើម្បី​ដាំ​ដំណាំ​ក្រោយ​ពី​ពួក​គេ​លែង​ត្រូវ​ការ។ ការ​សិក្សា​២.២០០​តំបន់​នៅ​ទ្វីប​អាម៉េរិក​និង​ទ្វីប​អាហ្វ្រិក​ខាង​លិច​បាន​បង្ហាញ​ថា ព្រៃ​ឈើ​អាច​ចាប់​ផ្ដើម​ដុះ​នៅ​ទី​នោះ​ម្ដង​ទៀត​ក្នុង​រយៈ​ពេល​តិច​ជាង​១០​ឆ្នាំ។

  • យោង​ទៅ​តាម​ទស្សនាវដ្ដី​មួយ​អំពី​វិទ្យា​សាស្ត្រ (​Science​) អ្នក​ស្រាវ​ជ្រាវ​បាន​ប៉ាន់ស្មាន​ថា ក្នុង​អំឡុង​ពេល​ប្រហែល​១០០​ឆ្នាំ​ដើម​ឈើ​ដែល​គេ​បាន​កាប់​បំផ្លាញ​នោះ​អាច​ត្រឡប់​ទៅ​ដូច​ដើម​វិញ។

  • ថ្មី​ៗ​នេះ​អ្នក​វិទ្យា​សាស្ត្រ​នៅ​ប្រទេស​ប្រេស៊ីល​បាន​សិក្សា​ដើម្បី​ដឹង​ថា ព្រៃ​ឈើ​ដែល​គេ​បាន​កាប់​បំផ្លាញ​នោះ​អាច​ទៅ​ជា​ព្រៃ​ឡើង​វិញ​លឿន​ជាង​ឬ​យ៉ាង​ណា បើ​គេ​យក​កូន​ឈើ​ទៅ​ដាំ​បន្ថែម​នៅ​ទី​នោះ។

  • ទស្សនាវដ្ដី​មួយ (​National Geographic​) រាយ​ការណ៍​អំពី​អ្នក​ស្រាវ​ជ្រាវ​នៅ​ខាង​លើ​នេះ​ថា​៖ ​«​ពួក​គេ​ពិត​ជា​រំភើប​ចិត្ត​ណាស់​ដោយ​រក​ឃើញ​ថា ការ​ដាំ​កូន​ឈើ​បន្ថែម​គឺ​មិន​ចាំ​បាច់​ទេ​»។ ក្នុង​រយៈ​ពេល​តែ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ តំបន់​ដែល​គ្មាន​ដាំ​កូន​ឈើ​បន្ថែម​នោះ​«​ពោរ​ពេញ​ទៅ​ដោយ​ដើម​ឈើ​ដូច​មុន​ពេល​ដែល​គេ​មិន​ទាន់​បំផ្លាញ​ព្រៃ​ឈើ​»។

អ្វី​ដែល​មនុស្ស​ព្យាយាម​ធ្វើ

នៅ​ជុំ​វិញ​ពិភព​លោក​មនុស្ស​ព្យាយាម​ការ​ពារ​ព្រៃ​ឈើ​ដែល​មិន​ទាន់​ត្រូវ​បាន​បំផ្លាញ ហើយ​ជួយ​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​ឲ្យ​ដុះ​លូត​លាស់​ឡើង​វិញ។ ជា​លទ្ធផល អង្គការ​សហប្រជាជាតិ​បាន​រៀប​រាប់​ថា ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​កន្លង​មក​នេះ​«​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ទូទាំង​ផែនដី​បាន​ថយ​ចុះ​ជាង​៥០​ភាគ​រយ​»។

ប៉ុន្តែ ការ​ខិត​ខំ​ទាំង​នេះ​មិន​គ្រប់​គ្រាន់​ដើម្បី​សង្គ្រោះ​ព្រៃ​ឈើ​របស់​យើង​ទេ។ របាយការណ៍​មួយ (​Global Forest Watch​) ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ការ​ពារ​ព្រៃ​ឈើ​រៀប​រាប់​ថា​៖ ​«​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ត្រូពិច​មិន​បាន​ថយ​ចុះ​ប៉ុន្មាន​ទេ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​»។

ក្រុម​ហ៊ុន​ដែល​កាប់​ឈើ​ខុស​ច្បាប់​រក​ប្រាក់​បាន​រាប់​លាន​ដុល្លារ ហើយ​ការ​លោភ​លន់​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​ព្រៃ​ឈើ​នៅ​តំបន់​ត្រូពិច​បាន​ត្រូវ​បំផ្លាញ។

ក្រុម​អ្នក​ការ​ពារ​ព្រៃ​ឈើ​កាប់​ដើម​ឈើ​ដែល​ចាស់ ហើយ​ដាំ​កូន​ឈើ​ថ្មី​ៗ​

យើង​អាច​មាន​សេចក្ដី​សង្ឃឹម អ្វី​ដែល​គម្ពីរ​ចែង

«​ព្រះ​យេហូវ៉ា aបាន​ដាំ​ដើម​ឈើ​ស្អាត​ៗ​គ្រប់​ប្រភេទ និង​មាន​ផល​ផ្លែ​អាច​បរិភោគ​បាន​»។—ដើម​កំណើត ២:៩

អ្នក​បង្កើត​របស់​យើង​បាន​បង្កើត​ព្រៃ​ឈើ​ទាំង​អស់​ឲ្យ​មាន​សមត្ថភាព​អាច​លូត​លាស់​ឡើង​វិញ​ម្ដង​ទៀត​ដោយ​ខ្លួន​ឯង​ក្រោយ​ពី​បាន​ត្រូវ​បំផ្លាញ​ដោយ​មនុស្ស។ លោក​ចង់​ថែ​រក្សា​ការ​ពារ​និង​ទ្រ​ទ្រង់​ព្រៃ​ឈើ​របស់​យើង ព្រម​ទាំង​រុក្ខជាតិ​និង​សត្វ​ទាំង​ឡាយ​ដែល​រស់​នៅ​ក្នុង​ព្រៃ។

គម្ពីរ​បង្ហាញ​ថា​ព្រះ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន បំផ្លាញ​ផែន​ដី និង​ជីវិត​ទាំង​អស់​នៅ​លើ​ផែន​ដី​ទេ។ សូម​មើល​អត្ថបទ​«​ព្រះ​សន្យា​ថា​ផែន​ដី​យើង​នឹង​នៅ​ស្ថិត​ស្ថេរ​»​ នៅ​ទំព័រ​១៥។

a យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។—ចម្រៀង​សរសើរ​ព្រះ ៨៣:១៨