លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត

ការ​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត

មូលហេតុ​ដែល​ការ​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត​គឺ​សំខាន់

ពេល​យើង​ធ្វើ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​សុខភាព​និង​សុវត្ថិភាព​របស់​យើង​និង​អ្នក​ឯ​ទៀត នេះ​បញ្ជាក់​ថា​យើង​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត​ខ្លួន​និង​ជីវិត​អ្នក​ឯ​ទៀត​ឡើយ។

  • ការ​ជក់​បារី​មិន​គ្រាន់​តែ​បង្ក​ឲ្យ​មាន​ជំងឺ​មហា​រីក​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​ពិបាក​ទប់​ទល់​នឹង​ជំងឺ​មហា​រីក​ដែរ។ មនុស្ស​ជាង​៩០​ភាគ​រយ​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក​សួត គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី ឬ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ឯ​ទៀត។

  • ការ​បាញ់​រះ​គឺ​ជា​សោកនាដកម្ម​មួយ​ដែល​បន្សល់​ទុក​នូវ​ការ​ឈឺ​ចាប់​ដល់​មនុស្ស​ជា​ច្រើន​ជា​រៀង​រាល់​ឆ្នាំ។ សកល​វិទ្យាល័យ​មួយ (​Stanford University​) បាន​រាយ​ការណ៍​ថា​៖ ​«​តាម​ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា​ក្រោយ​ពី​មាន​ការ​បាញ់​រះ​នៅ​សាលា អស់​អ្នក​ដែល​រួច​រស់​ជីវិត​នៅ​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត ទោះ​ជា​រឿង​នោះ​បាន​កន្លង​ទៅ​អស់​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ​»។

  • អ្នក​ដែល​បើក​បរ​ក្នុង​អំឡុង​ពេល​ស្រវឹង​ស្រា​ឬ​ក្រោយ​ប្រើ​គ្រឿង​ញៀន​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​ឯ​ទៀត និង​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង។ ពេល​មនុស្ស​បង្ហាញ​ថា​ពួក​គេ​មិន​អើពើ​នឹង​ជីវិត​របស់​អ្នក​ឯ​ទៀត នោះ​អាច​នាំ​ឲ្យ​មនុស្ស​ក្នុង​សហគមន៍​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ។

អ្វី​ដែល​អ្នក​អាច​ធ្វើ

ការ​ពារ​សុខភាព​របស់​អ្នក។ គឺ​មិន​យឺត​ពេល​ទេ​ដើម្បី​ឲ្យ​អ្នក​ផ្ដាច់​ទម្លាប់​ដែល​ប៉ះ​ពាល់​ដល់​សុខភាព ដូច​ជា​ការ​ជក់​បារី ការ​ប្រើ​បារី​អេឡិចត្រូនិក ការ​ផឹក​ស្រា​ហួស​ប្រមាណ ឬ​ការ​ប្រើ​គ្រឿង​ញៀន​ជា​ដើម។ ទម្លាប់​ទាំង​នេះ​ប៉ះ​ពាល់​ដល់​ជីវិត​របស់​អ្នក​ផ្ទាល់ ហើយ​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​អ្នក​ទេ ដែល​រួម​បញ្ចូល​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក។

«​ចូរ​យើង​សម្អាត​ចិត្ត​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក​»។—កូរិនថូស​ទី​២ ៧:១

គិត​អំពី​សុវត្ថិភាព​របស់​អ្នក​និង​អ្នក​ឯ​ទៀត។ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ផ្សេង​ៗ សូម​ថែ​ទាំ​ផ្ទះ​របស់​អ្នក​ឲ្យ​បាន​ល្អ។ បើក​បរ​ដោយ​ប្រុង​ប្រយ័ត្ន​ហើយ​ថែ​ទាំ​យាន​ជំនិះ​របស់​អ្នក។ កុំ​ឲ្យ​អ្នក​ឯ​ទៀត​បង្ខិត​បង្ខំ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ឬ​បណ្ដាល​ឲ្យ​ស្លាប់​ឡើយ។

«​ពេល​អ្នក​រាល់​គ្នា​សង់​ផ្ទះ ត្រូវ​ធ្វើ​បង្កាន់​ដៃ​នៅ​លើ​ដំបូល។ ពុំ​នោះ​ទេ បើ​មាន​អ្នក​ណា​ម្នាក់​ធ្លាក់​ស្លាប់ នោះ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​មុខ​ជា​មាន​ទោស​ជា​មិន​ខាន​»។—ការ​បំភ្លឺ​ច្បាប់ ២២:៨ a

បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ឯ​ទៀត។ ការ​បង្ហាញ​ការ​គោរព​ចំពោះ​ជីវិត​មាន​ន័យ​ថា យើង​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​ទាំង​អស់ មិន​ថា​ពួក​គេ​ជា​ជន​ជាតិ​អ្វី មក​ពី​ប្រទេស​ណា ជា​អ្នក​មាន​ឬ​ក្រ ឬ​បាន​ទទួល​ការ​អប់រំ​ខ្ពស់​ឬ​ទាប​ក៏​ដោយ។ ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​គឺ​សំខាន់? ដោយ​សារ​ការ​រើស​អើង​និង​ការ​ស្អប់​គ្នា​គឺ​ជា​ឫសគល់​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​និង​សង្គ្រាម​នៅ​លើ​ពិភព​លោក។

«​ចូរ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​គំនុំ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង។ ប៉ុន្តែ ចូរ​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​»។—អេភេសូរ ៤:៣១, ៣២

អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ

សាក្សី​ព្រះ​យេហូវ៉ា​មាន​របៀប​រស់​នៅ​ដែល​មាន​តុល្យភាព និង​មិន​ធ្វើ​អ្វី​ដែល​អាច​បង្ខូច​សុខភាព។ កម្ម​វិធី​បង្រៀន​គម្ពីរ​របស់​យើង​ជួយ​មនុស្ស​ឲ្យ​យក​ឈ្នះ​ទម្លាប់​អាក្រក់​ផ្សេង​ៗ​ដូច​ជា​ឆាប់​ខឹង ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​ជក់​បារី​ជា​ដើម។

ក្នុង​កិច្ច​ការ​សាង​សង់​របស់​យើង យើង​ធ្វើ​តាម​ការ​ណែនាំ​ស្ដី​អំពី​សុវត្ថិភាព​យ៉ាង​ដិត​ដល់។ អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ជួយ​សាង​សង់​សាល​ប្រជុំ និង​អគារ​ផ្សេង​ៗ​ដែល​យើង​ប្រើ​ដើម្បី​ជួយ​គាំទ្រ​កិច្ច​ការ​បង្រៀន​គម្ពីរ បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​ការ​តាម​របៀប​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ យើង​ពិនិត្យ​មើល​អគារ​របស់​យើង​ជា​ទៀង​ទាត់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​អគារ​នោះ​មាន​សុវត្ថិភាព​ស្រប​តាម​ច្បាប់​ក្នុង​តំបន់។

យើង​ផ្ដល់​ជំនួយ​ដល់​អ្នក​ដែល​ជួប​គ្រោះ​មហន្តរាយ។ ក្នុង​អំឡុង​ពេល​១២​ខែ​ថ្មី​ៗ​នេះ យើង​ផ្ដល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ដែល​មាន​ជាង​២០០​កន្លែង​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​ចំណាយ​លុយ​ដែល​យើង​ទទួល​ពី​វិភាគទាន​ស្ម័គ្រ​ចិត្ត​អស់​១២​លាន​ដុល្លារ​ដើម្បី​ជួយ​ពួក​គាត់។

ពេល​ជំងឺ​អ៊ីបូឡា​ចាប់​ផ្ដើម​រីក​រាល​ដាល​ដល់​ទ្វីប​អាហ្វ្រិក​ខាង​លិច (​ឆ្នាំ​២០១៤​) និង​ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (​ឆ្នាំ​២០១៨​) យើង​បាន​អប់រំ​ប្រជាជន​អំពី​របៀប​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​ដ៏​គ្រោះ​ថ្នាក់​នេះ។ យើង​ចាត់​អ្នក​តំណាង​ឲ្យ​និយាយ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​អំពី​ប្រធានបទ​«​ការ​ស្ដាប់​បង្គាប់​ជួយ​សង្គ្រោះ​ជីវិត​»។ យើង​រៀប​ចំ​កន្លែង​លាង​ដៃ​នៅ​ខាង​មុខ​ច្រក​ចូល​នៃ​កន្លែង​គោរព​ប្រណិប័តន៍​របស់​យើង និង​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​លាង​ដៃ​និង​វិធី​បង្ការ​ផ្សេង​ទៀត។

នៅ​ប្រទេស​សៀរ៉ាឡេអូន មាន​ប៉ុស្តិ៍​វិទ្យុ​មួយ​ដែល​បាន​ផ្សាយ​សរសើរ​សាក្សី​ព្រះ​យេហូវ៉ា​ថា​ពួក​គេ​ជួយ​សាក្សី​គ្នី​គ្នា និង​អ្នក​ដែល​មិន​មែន​ជា​សាក្សី​នៅ​ក្នុង​សហគមន៍​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​វីរុស​អ៊ីបូឡា។

កន្លែង​លាង​ដៃ​នៅ​មុខ​សាល​ប្រជុំ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​អ៊ី​បូ​ឡា​នៅ​ប្រទេស​លីបេរីយ៉ា​ឆ្នាំ​២០១៤។

a នៅ​មជ្ឈិមបូព៌ា​សម័យ​បុរាណ តម្រូវ​ការ​នេះ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​និង​អ្នក​ឯ​ទៀត។