ការបង្ហាញការគោរពចំពោះអ្នកឯទៀត
មូលហេតុដែលការបង្ហាញការគោរពចំពោះអ្នកឯទៀតគឺសំខាន់
ការបង្ហាញការគោរពចំពោះអ្នកឯទៀតជួយកាត់បន្ថយភាពតានតឹង និងមិនធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។
-
សុភាសិតមួយក្នុងគម្ពីរចែងថា៖ «សម្ដីទន់ភ្លន់រម្ងាប់កំហឹង តែពាក្យគំរោះគំរើយធ្វើឲ្យមានកំហឹងកាន់តែខ្លាំង»។ (សុភាសិត ១៥:១) ពាក្យសម្ដីនិងការប្រព្រឹត្តដែលមិនបង្ហាញការគោរព ច្រើនតែបង្កឲ្យមានបញ្ហាកាន់តែធំប្រៀបដូចជាបន្ថែមប្រេងលើភ្លើង។
-
លោកយេស៊ូបានមានប្រសាសន៍ថា៖ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថាយ ១២:៣៤) ពេលយើងប្រើពាក្យសម្ដីដែលមិនបង្ហាញការគោរពចំពោះអ្នកឯទៀត នេះសឲ្យឃើញអ្វីដែលមាននៅក្នុងចិត្តរបស់យើង ថាយើងមានអារម្មណ៍យ៉ាងណាចំពោះមនុស្សដែលមានជាតិសាសន៍ កុលសម្ព័ន្ធ សញ្ជាតិ ឬឋានៈខុសពីយើង។
ការស្ទង់មតិមួយដែលមានអ្នកចូលរួម៣២.០០០នាក់មកពី២៨ប្រទេសបានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមទាំងនោះ៦៥ភាគរយបាននិយាយថា សព្វថ្ងៃមនុស្សដែលខ្វះសីលធម៌និងការគោរពចំពោះគ្នាមានច្រើនជាងពេលមុនទៅទៀត។
អ្វីដែលអ្នកអាចធ្វើ
មិនថាអ្នកនៅសាលាឬនៅកន្លែងធ្វើការ ចូរបង្ហាញការគោរពចំពោះមនុស្សទាំងអស់ទោះជាពួកគេមិនមានទស្សនៈដូចអ្នកក៏ដោយ។ រកចំណុចដែលអ្នកអាចយល់ស្របជាមួយអ្នកឯទៀត។ នោះនឹងជួយអ្នកមិនឲ្យរិះគន់ឬវិនិច្ឆ័យពួកគេ។
ប្រព្រឹត្តចំពោះអ្នកឯទៀតដូចដែលអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួន។ បើអ្នកប្រព្រឹត្តដោយសប្បុរសចំពោះអ្នកឯទៀតនិងដោយមិនលម្អៀង នោះពួកគេប្រហែលជានឹងប្រព្រឹត្តមកលើអ្នកវិញតាមរបៀបដូចគ្នាដែរ។
អភ័យទោសឲ្យអ្នកឯទៀត។ អ្នកអាចគិតថាពួកគេគ្មានបំណងធ្វើឲ្យអ្នកឈឺចិត្តឡើយ ហើយមើលរំលងពាក្យសម្ដីនិងការប្រព្រឹត្តមិនសប្បុរសរបស់ពួកគេ។
អ្វីដែលសាក្សីព្រះយេហូវ៉ាកំពុងធ្វើ
នៅក្នុងសហគមន៍និងនៅកន្លែងធ្វើការ សាក្សីព្រះយេហូវ៉ាបង្ហាញការគោរពនិងជួយអ្នកឯទៀតឲ្យធ្វើដូច្នេះដែរ។
យើងស្នើផ្ដល់ការណែនាំពីគម្ពីរដោយឥតគិតថ្លៃ ដល់មនុស្សទាំងអស់ ប៉ុន្តែយើងមិនបង្ខំអ្នកឯទៀតមានជំនឿឬទស្សនៈដូចយើងទេ។ ផ្ទុយទៅវិញ យើងព្យាយាមធ្វើតាមយោបល់ពីគម្ពីរដែលឲ្យយើងចែករំលែកព័ត៌មានដែលយើងមាន«ដោយចិត្តស្លូតបូតនិងដោយការគោរពដ៏ជ្រាលជ្រៅ»។—ពេត្រុសទី១ ៣:១៥; ធីម៉ូថេទី២ ២:២៤
យើងមិនរើសអើង ហើយយើងទទួលស្វាគមន៍មនុស្សទាំងអស់ពីមជ្ឈដ្ឋានផ្សេងៗដែលចង់រៀនគម្ពីរឲ្យមកចូលរួមកិច្ចប្រជុំរបស់យើង។ យើងព្យាយាមយោគយល់និងអត់ឱនឲ្យគ្នាទៅវិញទៅមក ហើយ«គោរពមនុស្សគ្រប់ប្រភេទ»។—ពេត្រុសទី១ ២:១៧
យើងបង្ហាញការគោរពចំពោះរដ្ឋាភិបាល នៅកន្លែងដែលយើងរស់នៅ។ (រ៉ូម ១៣:១) យើងគោរពច្បាប់ហើយបង់ពន្ធ។ ទោះជាយើងរក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយក្ដី តែយើងគោរពការសម្រេចចិត្តរបស់អ្នកឯទៀតស្ដីអំពីរឿងនោះ។