លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​បង្ហាញ​ការ​គោរព​ចំពោះ​ខ្លួន

ការ​បង្ហាញ​ការ​គោរព​ចំពោះ​ខ្លួន

មូលហេតុ​ដែល​ការ​បង្ហាញ​ការ​គោរព​ចំពោះ​ខ្លួន​ឯង​គឺ​សំខាន់

មនុស្ស​ដែល​ចេះ​គោរព​ខ្លួន​ឯង​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​ដោយ​មាន​ទំនុក​ចិត្ត។ ពួក​គាត់​មិន​ចុះ​ចាញ់​ងាយ​ៗ​ទេ។

  • ការ​ស្រាវ​ជ្រាវ​មួយ​បង្ហាញ​ថា អ្នក​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង​ទំនង​ជា​មាន​ជំងឺ​ថប់​អារម្មណ៍ ជំងឺ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​បរិភោគ​មិន​ប្រក្រតី ហើយ​ពួក​គាត់​ក៏​ទំនង​ជា​ផឹក​ស្រា​និង​ប្រើ​គ្រឿង​ញៀន​ដែរ។

  • មនុស្ស​ដែល​បង្ហាញ​ការ​គោរព​ចំពោះ​ខ្លួន​មិន​ប្រៀប​ធៀប​ខ្លួន​ឯង​ជា​មួយ​អ្នក​ឯ​ទៀត​ទេ ហើយ​នេះ​ជួយ​ឲ្យ​ពួក​គាត់​ងាយ​ស្រួល​ចុះ​សម្រុង​ជា​មួយ​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន ថែម​ទាំង​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​រឹង​មាំ​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត អ្នក​ដែល​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ខ្លួន​ច្រើន​តែ​មាន​ទំនោរ​ចិត្ត​រិះ​គន់​អ្នក​ឯ​ទៀត ហើយ​នេះ​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​ពួក​គាត់។

  • សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គាត់​ប្រឈម​មុខ​នឹង​បញ្ហា​ក៏​ដោយ មនុស្ស​ដែល​មាន​ការ​គោរព​ចំពោះ​ខ្លួន​មិន​ឆាប់​រា​ថយ​ឡើយ ពួក​គាត់​មិន​អនុញ្ញាត​ឲ្យ​ឧបសគ្គ​ណា​មួយ​រារាំង​ការ​សម្រេច​គោល​ដៅ​របស់​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ចាត់​ទុក​ឧបសគ្គ​តូច​តាច​ថា​ជា​ឧបសគ្គ​ធំ​ដែល​ពួក​គាត់​មិន​អាច​យក​ឈ្នះ​បាន ហើយ​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គាត់​ងាយ​ស្រួល​ឈប់​ព្យាយាម។

អ្វី​ដែល​អ្នក​អាច​ធ្វើ

ជ្រើស​រើស​មិត្ត​ភក្ដិ​ល្អ។ សេព​គប់​ជា​មួយ​មនុស្ស​ដែល​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក និង​ពង្រឹង​កម្លាំង​ចិត្ត​អ្នក។

«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

ជួយ​អ្នក​ឯ​ទៀត។ នៅ​ពេល​ដែល​អ្នក​មាន​ចិត្ត​សប្បុរស​ហើយ​ជួយ​អ្នក​ឯ​ទៀត រួម​ទាំង​អ្នក​ដែល​មិន​អាច​តប​ស្នង​អ្វី​មក​អ្នក​វិញ អ្នក​នឹង​ទទួល​សុភមង្គល​ពិត​ដែល​មក​ពី​ការ​ឲ្យ​គេ។ អ្នក​ក៏​នឹង​សប្បាយ​ចិត្ត​ដែរ ទោះ​បី​ជា​អ្នក​ឯ​ទៀត​មិន​កត់​សម្គាល់​អំពើ​ល្អ​របស់​អ្នក​ក៏​ដោយ។

«​ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

ជួយ​កូន​របស់​អ្នក​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​ចំពោះ​ខ្លួន។ វិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​ដូច្នេះ​គឺ​ឲ្យ​កូន​ៗ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង​តាម​ដែល​អាច​ធ្វើ​បាន។ នេះ​ជួយ​កូន​ៗ​រៀន​ឲ្យ​ចេះ​ដោះ​ស្រាយ​ហើយ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នៅ​ក្នុង​ជីវិត។ មេ​រៀន​នេះ​នឹង​ជួយ​កូន​ៗ​ឲ្យ​ចេះ​គោរព​ខ្លួន​ឯង ហើយ​ក៏​នឹង​ជួយ​ពួក​គេ​ពេល​ដែល​ពួក​គេ​ធំ​ឡើង​ដែរ។

«​ចូរ​បង្ហាត់​បង្រៀន​កូន​ក្មេង​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ យ៉ាង​នេះ ទោះ​ជា​គាត់​មាន​អាយុ​ច្រើន​ក៏​ដោយ គាត់​នឹង​មិន​ចាក​ចេញ​ពី​ផ្លូវ​នោះ​ទេ​»។—សុភាសិត ២២:៦

អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ

កិច្ច​ប្រជុំ​និង​កម្ម​វិធី​សិក្សា​គម្ពីរ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ឲ្យ​មាន​ជីវិត​កាន់​តែ​ល្អ​ប្រសើរ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ការ​គោរព​ចំពោះ​ខ្លួន។

កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​យើង

នៅ​ឯ​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​យើង យើង​រីករាយ​ស្ដាប់​សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​រួម​បញ្ចូល​យោបល់​ផ្សេង​ៗ​អំពី​របៀប​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​ចំពោះ​ខ្លួន។ កិច្ច​ប្រជុំ​របស់​យើង​គឺ​ឥត​គិត​ថ្លៃ ហើយ​មនុស្ស​ទាំង​អស់​អាច​ចូល​រួម​បាន។ ជា​ឧទាហរណ៍ នៅ​កិច្ច​ប្រជុំ​របស់​យើង​អ្នក​នឹង​រៀន​អំពី . . .

  • មូលហេតុ​ដែល​អ្នក​សំខាន់​ចំពោះ​ព្រះ

  • របៀប​រក​ឃើញ​គោល​បំណង​ពិត​ក្នុង​ជីវិត

  • របៀប​ដែល​អ្នក​អាច​មាន​ចំណង​មិត្តភាព​រឹង​មាំ​និង​យូរ​អង្វែង

អ្នក​អាច​មាន​មិត្ត​ពិត​ដែល​«​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​»។​—កូរិនថូស​ទី​១ ១២:២៥, ២៦

ដើម្បី​រៀន​ថែម​ទៀត​អំពី​កិច្ច​ប្រជុំ​របស់​យើង សូម​មើល​វីដេអូ​តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? នៅ​គេហទំព័រ​jw.org។

កម្ម​វិធី​បង្រៀន​គម្ពីរ​របស់​យើង

យើង​មាន​កម្ម​វិធី​បង្រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ដោយ​ប្រើ​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! សៀវភៅ​នេះ​ពន្យល់​បទ​គម្ពីរ​សំខាន់​ៗ មាន​ការ​វែក​ញែក​ច្បាស់​លាស់ សំណួរ​សម្រាប់​រំពឹង​គិត វីដេអូ​ដែល​លើក​ទឹក​ចិត្ត និង​រូប​ភាព​ស្អាត​ៗ។ កម្ម​វិធី​បង្រៀន​គម្ពីរ​របស់​យើង​ជួយ​មនុស្ស​ឲ្យ​បង្ហាញ​ការ​គោរព​ចំពោះ​ខ្លួន និង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គាត់​ប្រសើរ​ឡើង។

ដើម្បី​ដឹង​ថា​ការ​រៀន​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ប្រយោជន៍​យ៉ាង​ណា​ដល់​អ្នក សូម​មើល​វីដេអូ​ហេតុ​អ្វី​គួរ​រៀន​គម្ពីរ? នៅ​គេហទំព័រ​jw.org។