២ តើទុក្ខវេទនាបណ្ដាលមកពីយើងឬ?
ហេតុអ្វីសំណួរនេះគឺសំខាន់?
បើចម្លើយគឺមែន នោះយើងប្រហែលជាមានសមត្ថភាពកាត់បន្ថយទុក្ខវេទនារបស់យើងបាន។
សូមគិតពិចារណា
តើមនុស្សជាដើមហេតុនៃទុក្ខវេទនាបន្តបន្ទាប់នេះឬទេ?
-
ការធ្វើទុក្ខអ្នកឯទៀត។
អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា ម្នាក់ក្នុងចំណោមបួននាក់រងទុក្ខអំពើហិង្សាលើរាងកាយនៅពេលណាមួយកាលដែលនៅកុមារភាព ហើយថាស្ត្រីម្នាក់ក្នុងចំណោមបីនាក់រងអំពើហិង្សាលើរាងកាយឬការរំលោភផ្លូវភេទ (ឬទាំងពីរ) នៅពេលណាមួយក្នុងជីវិតរបស់ពួកគេ។
-
ការបាត់បង់មនុស្សជាទីស្រឡាញ់។
ស្ថិតិមួយដែលអង្គការសុខភាពពិភពលោកបានបោះពុម្ពផ្សាយ ប្រាប់ថា៖ «នៅឆ្នាំ២០១៦ មានអំពើឃាតកម្ម៤៧៧.០០០ករណីនៅទូទាំងពិភពលោក» (World Health Statistics 2018)។ នេះគឺក្រៅពីមនុស្ស១៨០.០០០នាក់ដែលគេបានប៉ាន់ស្មានថាបានស្លាប់ក្នុងសង្គ្រាមឬជម្លោះនៅឆ្នាំនោះ។
-
បញ្ហាសុខភាព។
ក្នុងអត្ថបទនៃទស្សនាវដ្ដីល្បីល្បាញមួយ អ្នកនិពន្ធឈ្មោះហ្វ្រែនស្មីតបានសម្គាល់ថា៖ «មនុស្សច្រើនជាងមួយពាន់លាននាក់ជក់បារី ហើយថ្នាំជក់ជាប់ទាក់ទងនឹងដើមហេតុប្រាំដ៏ធំបំផុតដែលបណ្ដាលឲ្យមនុស្សស្លាប់ ពោលគឺជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺផ្លូវដង្ហើម ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺមហារីកសួត»។ (National Geographic)
-
ភាពមិនស្មើគ្នាក្នុងសង្គម។
អ្នកចិត្តវិជ្ជាម្នាក់ឈ្មោះជេយវ៉ត់បាននិយាយថា៖ «ភាពក្រីក្រ វិសមភាព ការប្រកាន់ពូជសាសន៍ ការប្រកាន់ភេទ ការផ្លាស់ទីលំនៅ និងការមានវប្បធម៌ដែលប្រកួតប្រជែងគ្នា ទាំងអស់នេះនាំឲ្យមនុស្សរងទុក្ខវេទនា»។
សូមរៀនថែមទៀត
សូមទស្សនាវីដេអូហេតុអ្វីព្រះបានបង្កើតផែនដី? តាមរយៈគេហទំព័រjw.org/km។
អ្វីដែលគម្ពីរចែង
ទុក្ខវេទនាជាច្រើនសព្វថ្ងៃនេះគឺដោយសារមនុស្ស។
រដ្ឋាភិបាលដែលសង្កត់សង្កិនបានបណ្ដាលឲ្យមានទុក្ខវេទនាជាច្រើន ហើយនេះនាំឲ្យមនុស្សមានជីវិតដ៏ពិបាក គឺជាមនុស្សដែលរដ្ឋាភិបាលនោះអះអាងថាកំពុងបម្រើពួកគេ។
«មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។—សាស្ដា ៨:៩
ទុក្ខវេទនាអាចកាត់បន្ថយបាន។
គោលការណ៍គម្ពីរនាំឲ្យមានសុខភាពល្អជាង និងទំនាក់ទំនងដ៏សុខសាន្តជាមួយអ្នកឯទៀត។
«ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយដល់ឆ្អឹងវិញ»។—សុភាសិត ១៤:៣០
«ចូរអ្នករាល់គ្នាបោះបង់ចោលគំនុំ កំហឹង ចិត្តក្ដៅក្រហាយ ការស្រែកគំហក និងពាក្យប្រមាថមើលងាយជាមួយនឹងសេចក្ដីអាក្រក់គ្រប់យ៉ាង»។—អេភេសូរ ៤:៣១