លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា​គឺ​ប្រៀប​ដូច​ជា​យុថ្កា​ដែល​ជួយ​ការ​ពារ​ចំណង​អាពាហ៍ពិពាហ៍​មិន​ឲ្យ​រង្គោះ​រង្គើ​ក្នុង​អំឡុង​ពេល​មាន​ខ្យល់​ព្យុះ

សម្រាប់​ប្ដី​ប្រពន្ធ

១ ការតាំងចិត្តរួមរស់ជាមួយគ្នា

១ ការតាំងចិត្តរួមរស់ជាមួយគ្នា

តើ​មាន​ន័យ​យ៉ាង​ណា?

ប្ដី​ប្រពន្ធ​ដែល​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា ចាត់​ទុក​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់​ថា​ជា​ចំណង​ដ៏​ស្ថិត​ស្ថេរ ហើយ​ធ្វើ​ឲ្យ​ចំណង​នោះ​ពោរ​ពេញ​ទៅ​ដោយ​ភាព​កក់​ក្ដៅ។ ប្ដី​ឬ​ប្រពន្ធ​មាន​ទំនុក​ចិត្ត​ថា​គូ​របស់​គាត់​នឹង​ស្មោះ​ត្រង់ សូម្បី​តែ​ក្នុង​ពេល​ពិបាក​ក្ដី។

គូ​អាពាហ៍ពិពាហ៍​ខ្លះ​បង្ខំ​ចិត្ត​រួម​រស់​ជា​មួយ​គ្នា​គឺ​ដោយ​សារ​តែ​បំពេញ​ចិត្ត​អ្នក​ដទៃ​ឬ​សាច់​ញាតិ។ ប៉ុន្តែ​គឺ​ល្អ​ជាង បើ​ការ​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា​គឺ​មក​ពី​ប្ដី​ប្រពន្ធ​ស្រឡាញ់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

គោល​ការណ៍​គម្ពីរ​៖«​ប្ដី​មិន​គួរ​ចាក​ចោល​ប្រពន្ធ​ឡើយ​»។—កូរិនថូស​ទី១ ៧:១១

បុរស​ម្នាក់​ឈ្មោះ​មីកា​និយាយ​ថា​៖ ​«​បើ​អ្នក​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា នោះ​អ្នក​នឹង​មិន​ឆាប់​ទើស​ចិត្ត​ទេ។ តែ​អ្នក​ឆាប់​អភ័យ​ទោស ហើយ​ឆាប់​និយាយ​សុំ​ទោស។ អ្នក​ចាត់​ទុក​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​ជា​ឧបសគ្គ មិន​មែន​ជា​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ការ​លែង​លះ​គ្នា​នោះ​ទេ​»។

ហេតុ​អ្វី​សំខាន់?

ពេល​ជួប​ប្រទះ​នឹង​បញ្ហា គូ​ដែល​មិន​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា​ទំនង​ជា​ឆាប់​សន្មត​ថា ‹យើង​មិន​សាក​សម​នឹង​គ្នា​ទេ› ហើយ​រក​វិធី​ដើម្បី​ចែក​ផ្លូវ​គ្នា។

ស្ត្រី​ម្នាក់​ឈ្មោះ​ជីន​និយាយ​ថា​៖ ​«​គូ​ជា​ច្រើន​រៀប​ការ​ជា​មួយ​គ្នា​ដោយ​គិត​ថា​បើ​ពួក​គេ​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មាន​សុភមង្គល​ទេ ពួក​គេ​នឹង​លែង​លះ​គ្នា! ពេល​ប្ដី​ប្រពន្ធ​ដែល​រៀប​ការ​ជា​មួយ​គ្នា​មាន​ចិត្ត​គំនិត​ដូច្នេះ នោះ​មាន​ន័យ​ថា​តាំង​ពី​ដំបូង​ពួក​គេ​មិន​បាន​តាំង​ចិត្ត​រួម​រស់​ជា​មួយ​គ្នា​ទេ​»។

អ្វី​ដែល​អ្នក​អាច​ធ្វើ

សូម​ពិសោធ​អំពី​ខ្លួន​អ្នក

ពេល​អ្នក​កំពុង​ឈ្លោះ​ប្រកែក​ជា​មួយ​គូ​របស់​អ្នក . . .

  • តើ​អ្នក​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ដែល​បាន​រៀប​ការ​ជា​មួយ​គូ​របស់​អ្នក​ឬ​ទេ?

  • តើ​អ្នក​ស្រមើ​ស្រមៃ​ចង់​នៅ​ជា​មួយ​អ្នក​ផ្សេង​ក្រៅ​ពី​គូ​ឬ​ទេ?

  • តើ​អ្នក​ប្រើ​ពាក្យ​សម្ដី​ដូច​ជា ​«​ខ្ញុំ​នឹង​ចុះ​ចោល​»​ឬ​«​ខ្ញុំ​នឹង​រក​អ្នក​ថ្មី​ដែល​ស្រឡាញ់​ខ្ញុំ​»​ឬ​ទេ?

បើ​អ្នក​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​មួយ​ឬ​លើស​ពី​នេះ​ក្នុង​ចំណោម​សំណួរ​ទាំង​នេះ នោះ​មាន​ន័យ​ថា​អ្នក​ត្រូវ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ដើម្បី​បន្ត​រួម​រស់​ជា​ប្ដី​ប្រពន្ធ។

សូម​ពិភាក្សា​ជា​មួយ​គូ​របស់​អ្នក​អំពី​សំណួរ​ដូច​ត​ទៅ​នេះ

  • តើ​ការ​តាំង​ចិត្ត​របស់​យើង​ក្នុង​ការ​រួម​រស់​ជា​មួយ​គ្នា​ចុះ​ខ្សោយ​ឬ​ទេ? បើ​មែន ហេតុ​អ្វី?

  • នៅ​ឥឡូវ​នេះ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ក្នុង​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ?

យោបល់

  • ម្ដង​ម្កាល សរសេរ​សំបុត្រ​ស្នេហា​ឲ្យ​គូ​របស់​អ្នក

  • បង្ហាញ​ការ​តាំង​ចិត្ត​របស់​អ្នក​ដើម្បី​រួម​រស់​ជា​មួយ​គ្នា​ដោយ​ដាក់​តាំង​រូប​ថត​គូ​របស់​អ្នក​នៅ​លើ​តុ​ធ្វើ​ការ

  • ទាក់​ទង​គូ​របស់​អ្នក​រាល់​ថ្ងៃ ពេល​អ្នក​មិន​ធ្វើ​ការ​ជា​មួយ​គ្នា​ឬ​មិន​នៅ​ជា​មួយ​គ្នា

គោល​ការណ៍​គម្ពីរ​៖«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។—ម៉ាថាយ ១៩:៦