លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណង​មិត្តភាព​ជា​មួយ​ព្រះ

ចំណង​មិត្តភាព​ជា​មួយ​ព្រះ

ដូច​បាន​រៀប​រាប់​នៅ​អត្ថបទ​ដើម មនុស្ស​ជា​ច្រើន​គិត​ថា​គម្ពីរ​ជា​សៀវភៅ​ដ៏​ពិសិដ្ឋ។ ពេល​ពួក​គេ​អាន​ហើយ​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ ហើយ​ចាប់​ផ្ដើម​ស្គាល់​ថា​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​របស់​ពួក​គេ។

គម្ពីរ​រៀប​រាប់​ថា​មនុស្ស​ដែល​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ឲ្យ​តម្លៃ​ចំពោះ​ទស្សនៈ​របស់​លោក ហើយ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មិន​ចង់​ឲ្យ​ព្រះ​ដឹក​នាំ ពួក​គេ​តែង​តែ​ទុក​ចិត្ត​លើ​គំនិត​របស់​ខ្លួន ហើយ​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន។—យូដាស ១៨, ១៩; អេភេសូរ ៥:១

សេចក្ដី​សង្ឃឹម

គោល​ការណ៍​គម្ពីរ: ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។—សុភាសិត ២៤:១០

អត្ថន័យ: ការ​ធ្លាក់​ទឹក​ចិត្ត​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​កម្លាំង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​មាន​ក្នុង​ជីវិត។ ផ្ទុយ​ទៅ​វិញ សេចក្ដី​សង្ឃឹម​អាច​ផ្ដល់​កម្លាំង​ឲ្យ​យើង។ សេចក្ដី​សង្ឃឹម​អាច​ជា​អ្វី​ដែល​ជួយ​សម្រាល​ទុក្ខ​យើង ពេល​ដែល​យើង​ដឹង​ថា​បញ្ហា​ដែល​យើង​កំពុង​ជួប​ប្រទះ​គឺ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ការ​ពិត អាច​មាន​អ្វី​ល្អ​កើត​ឡើង​នៅ​ពេល​នោះ​ក៏​មិន​ដឹង។

អ្វី​ដែល​អ្នក​អាច​ធ្វើ: សូម​ព្យាយាម​គិត​អំពី​អ្វី​ល្អ​ៗ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត។ ជា​ជាង​បារម្ភ​អំពី​អ្វី​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង ឬ​ក៏​អង្គុយ​រង់​ចាំ​ឱកាស​ល្អ​ប៉ុណ្ណោះ សូម​ចាត់​វិធានការ​ណា​មួយ​ដែល​សម​ស្រប​នឹង​គោល​ដៅ​របស់​អ្នក។ ពិត​មែន យើង​អាច​មាន​ការ​ពិបាក​ដោយ​សារ‹ពេល​វេលា​និង​ឱកាស› ឬ​ព្រឹត្ដិការណ៍​ដែល​មើល​មិន​ឃើញ​ជា​មុន។ (​សាស្ដា ៩:១១​) ប៉ុន្តែ តាម​ពិត​ទៅ​រឿង​អាក្រក់​អាច​ប្រែ​ទៅ​ជា​រឿង​ល្អ​ជាង​ដែល​យើង​រំពឹង​ទុក​ទៅ​ទៀត។ ដូច្នេះ គម្ពីរ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​មួយ​ស្តី​អំពី​ការ​ធ្វើ​កសិកម្ម​ដោយ​ចែង​ថា​៖ ​«​នៅ​ពេល​ព្រឹក ចូរ​សាប​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំរើន​ឡើង ទោះ​បើ​ខាង​ណេះ​ឬ​ខាង​ណោះ​ក្ដី ឬ​បើ​ទាំង​២​នឹង​ចំរើន​បាន​ល្អ​ដូច​គ្នា​ផង​»។—សាស្ដា ១១:៦

ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​អំពី​ជីវិត

គោល​ការណ៍​គម្ពីរ: ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។—យ៉ូហាន ១៧:១៧

អត្ថន័យ: គម្ពីរ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដែល​មនុស្ស​គ្រប់​គ្នា​សួរ។ ឧទាហរណ៍ គម្ពីរ​ឆ្លើយ​សំណួរ​ដូច​ជា​៖

  • តើ​ជីវិត​មនុស្ស​យើង​មក​ពី​ណា?

  • ហេតុ​អ្វី​យើង​រង​ទុក្ខ​វេទនា?

  • តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​មនុស្ស​ស្លាប់?

  • តើ​ថ្ងៃ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា?

មនុស្ស​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភព​លោក​មាន​ជីវិត​ប្រសើរ​ជាង ដោយ​សារ​ពួក​គេ​បាន​ពិនិត្យ​មើល​ចម្លើយ​ក្នុង​គម្ពីរ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​សំណួរ​ឯ​ទៀត។

អ្វី​ដែល​អ្នក​អាច​ធ្វើ: សូម​ពិនិត្យ​មើល​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន។ សូម​ស្នើ​សុំ​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​គម្ពីរ។ សូម​មើល​គេហទំព័រ​របស់​យើង​jw.org ឬ​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​ដែល​បើក​ជា​សាធារណៈ​ឥត​គិត​ថ្លៃ។

គោល​ការណ៍​គម្ពីរ​ឯ​ទៀត

សូម​ទស្សនា​វីដេអូហេតុ​អ្វី​គួរ​រៀន​គម្ពីរ? ក្នុង​គេហទំព័រ​jw.org។ វីដេអូ​នេះ​មាន​ច្រើន​ជាង​៨៨០​ភាសា

ស្គាល់​ព្រះ ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក។

​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។—ម៉ាថាយ ៥:៣

រៀន​ថែម​ទៀត​អំពី​ព្រះ​តាម​រយៈ​គម្ពីរ។

​«​ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ាកុប ៤:៨

អាន​និង​រំពឹង​គិត​អំពី​ព័ត៌មាន​ក្នុង​គម្ពីរ។

​«​អ្នក​នោះ​ត្រេក​អរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា *វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ . . . ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់​»។—ទំនុក​តម្កើង ១:២, ៣

^ វគ្គ 23 យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ ដូច​ដែល​បាន​ត្រូវ​បង្ហាញ​ក្នុង​គម្ពីរ។