ជីវិតគ្រួសារនិងមិត្តភាព
មនុស្សភាគច្រើនពិបាករក្សាឲ្យមានទំនាក់ទំនងល្អជាមួយនឹងសមាជិកក្រុមគ្រួសារឬជាមួយនឹងមិត្តភក្ដិរបស់ពួកគេ។ សូមពិចារណាគោលការណ៍គម្ពីរខ្លះៗ ដែលអាចជួយអ្នកឲ្យកាន់តែមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។
កុំគិតតែប្រយោជន៍ខ្លួន
គោលការណ៍គម្ពីរ: «បន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនត្រូវគិតអំពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ»។—ភីលីព ២:៤
អត្ថន័យ: យើងនឹងមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត ពេលដែលយើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងអាចឲ្យពួកគេ ជាជាងគិតថា តើពួកគេអាចឲ្យអ្វីមកយើង។ បើអ្នកគិតតែពីខ្លួនឯងប៉ុណ្ណោះ អ្នកអាចបង្ខូចចំណងមិត្តភាពជាមួយអ្នកឯទៀត។ ជាឧទាហរណ៍ ប្ដីប្រពន្ធដែលគិតតែពីប្រយោជន៍ខ្លួនប្រហែលមិនអាចនៅស្មោះត្រង់ជាមួយគូរបស់ខ្លួនបានទេ។ ម្យ៉ាងទៀត គ្មាននរណាម្នាក់ចង់ធ្វើជាមិត្តជាមួយនឹងមនុស្សដែលចេះតែអួតអំពីអ្វីដែលគាត់មាន ឬអ្វីដែលគាត់ដឹងនោះទេ។ ហេតុនេះហើយ សៀវភៅមួយបានរៀបរាប់ថា៖ «ការគិតតែប្រយោជន៍ខ្លួនអាចនាំទៅរកភាពវិនាសអន្តរាយផ្សេងៗ» (The Road to Character)។
អ្វីដែលអ្នកអាចធ្វើ:
-
ជួយអ្នកឯទៀត។ មិត្តភាពរឹងមាំផ្ដើមចេញពីចិត្តស្មោះនិងការទុកចិត្តគ្នា។ តាមការសិក្សាស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា មនុស្សដែលជួយអ្នកឯទៀត មិនសូវមានការតានតឹងចិត្ត ហើយកាន់តែមានទំនុកចិត្តលើខ្លួនឯង។
-
បង្ហាញការចេះយល់អារម្មណ៍។ ការចេះយល់អារម្មណ៍មានន័យថា ខ្លួនឯងកំពុងមានអារម្មណ៍ឈឺចាប់ដូចមនុស្សដែលកំពុងឈឺចាប់ដែរ។ បើអ្នកបង្ហាញថាអ្នកចេះយល់អារម្មណ៍អ្នកឯទៀត អ្នកនឹងមិនសូវនិយាយអ្វីដែលធ្វើឲ្យអ្នកឯទៀតឈឺចិត្តនោះទេ។
ពេលអ្នកបង្ហាញការយល់អារម្មណ៍ អ្នកក៏នឹងក្លាយទៅជាមនុស្សដែលចេះអាណិតអាសូរចំពោះអ្នកឯទៀត។ ដូច្នេះ ការចេះយល់អារម្មណ៍ អាចជួយអ្នកជៀសចេញពីការប្រកាន់ឬមើលងាយអ្នកឯទៀត ហើយអ្នកនឹងមានមិត្តភក្ដិដែលមកពីគ្រប់មជ្ឈដ្ឋាននិងគ្រប់វប្បធម៌។
-
ចំណាយពេលជាមួយអ្នកឯទៀត។ ពេលដែលអ្នកចំណាយពេលជាមួយនឹងអ្នកឯទៀតកាន់តែច្រើន នោះអ្នកនឹងកាន់តែស្គាល់ពួកគេច្បាស់។ អ្នកត្រូវនិយាយអ្វីដែលល្អជាមួយនឹងអ្នកឯទៀតដើម្បីមានមិត្តភក្ដិពិត។ ហេតុនេះ សូមធ្វើជាមនុស្សដែលពូកែស្ដាប់។ សូមបង្ហាញថាអ្នកពិតជាយកចិត្តទុកដាក់ចំពោះអ្វីដែលមិត្តរបស់អ្នកគិតថាសំខាន់។ ការស្រាវជ្រាវថ្មីៗនេះបានរៀបរាប់ថា៖ «ការសន្ទនាដែលល្អធ្វើឲ្យមនុស្សមានចិត្តរីករាយ»។
ជ្រើសរើសមិត្តភក្ដិដោយឈ្លាសវៃ
គោលការណ៍គម្ពីរ: «កុំឲ្យអ្នកណាបំភាន់អ្នកឡើយ។ ការសេពគប់អាក្រក់បង្ខូចការប្រព្រឹត្តល្អ»។—កូរិនថូសទី១ ១៥:៣៣
អត្ថន័យ: មនុស្សដែលអ្នកចំណាយពេលជាមួយមានឥទ្ធិពលខ្លាំងមកលើអ្នក ទាំងល្អទាំងអាក្រក់។ អ្នកសង្គមវិជ្ជាក៏បានយល់ស្របថា ឥទ្ធិពលបែបនោះអាចមានទៅលើជីវិតរបស់អ្នក។ ជាឧទាហរណ៍ ពួកគេនិយាយថា បើអ្នកនៅជាមួយនឹងមនុស្សដែលជក់បារី ឬអ្នកដែលបានលែងលះគ្នា នោះអ្នកនឹងទំនងជាចាប់ផ្ដើមជក់បារី ឬក៏ចង់លែងលះគូរបស់ខ្លួនដែរ។
អ្វីដែលអ្នកអាចធ្វើ: ចងមិត្តភាពជាមួយនឹងមនុស្សដែលបង្ហាញគុណសម្បត្ដិល្អដែលអ្នកកោតស្ងើចឬក៏ចង់យកគំរូតាម។ ជាឧទាហរណ៍ សូមស្វែងរកមនុស្សដែលចេះរាក់ទាក់ បង្ហាញការគោរព សប្បុរស ហើយរួសរាយ។
គោលការណ៍គម្ពីរឯទៀត
ជៀសវាងពីការនិយាយបញ្ឈឺចិត្ត
«ពាក្យឥតបើគិត ដូចជាចាក់ដោយដាវ»។—សុភាសិត ១២:១៨
មានចិត្តទូលាយ
«មនុស្សដែលមានចិត្តសទ្ធា នឹងបានបរិបូរ»។—សុភាសិត ១១:២៥
ប្រព្រឹត្តចំពោះអ្នកឯទៀតដូចដែលអ្នកចង់ឲ្យគេប្រព្រឹត្តមកលើអ្នកដែរ។
«អ្នកចង់ឲ្យមនុស្សប្រព្រឹត្តយ៉ាងណាចំពោះអ្នក អ្នកក៏ត្រូវប្រព្រឹត្តយ៉ាងនោះចំពោះពួកគេដែរ»។—ម៉ាថាយ ៧:១២