លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦

ការ​បង្រៀន​កូន​អំពី​គោល​ការណ៍​សីលធម៌

ការ​បង្រៀន​កូន​អំពី​គោល​ការណ៍​សីលធម៌

តើ​អ្វី​ជា​គោល​ការណ៍​សីលធម៌?

មនុស្ស​ដែល​មាន​គោល​ការណ៍​សីលធម៌​យល់​ច្បាស់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ គោល​ការណ៍​សីលធម៌​របស់​ពួក​គេ​មិន​មែន​ជា​អារម្មណ៍​ដែល​ពួក​គេ​មាន​តែ​មួយ​ភ្លែត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មនុស្ស​បែប​នោះ​មាន​គោល​ការណ៍​ច្បាស់​លាស់​ដើម្បី​ដឹក​នាំ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ សូម្បី​តែ​ពេល​ដែល​អ្នក​ឯ​ទៀត​មិន​ឃើញ​ក្ដី។

ហេតុ​អ្វី​ការ​មាន​គោល​ការណ៍​សីលធម៌​គឺ​សំខាន់?

កូន​អាច​ឮ​អំពី​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ផ្សេង​ៗ​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ពី​មនុស្ស​ដែល​នៅ​សាលា ចម្រៀង​ដែល​ពួក​គេ​ស្តាប់ ឬ​ភាពយន្ត​និង​កម្ម​វិធី​ទូរទស្សន៍​ដែល​ពួក​គេ​ទស្សនា​ជា​ដើម។ ឥទ្ធិពល​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​សង្ស័យ​ទៅ​លើ​សេចក្ដី​បង្រៀន​ដែល​ពួក​គេ​បាន​ទទួល​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

នេះ​ជា​បញ្ហា​ធំ​សម្រាប់​កូន​ដែល​ស្ថិត​ក្នុង​វ័យ​ជំទង់។ សៀវភៅ​មួយ​រៀប​រាប់​ថា នៅ​គ្រា​នោះ ពួក​គេ​«​ត្រូវ​យល់​ថា​មនុស្ស​ជា​ច្រើន​នឹង​បង្ខិត​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ផ្គាប់​ចិត្ត​អ្នក​ឯ​ទៀត ហេតុ​នេះ​ពួក​គេ​ត្រូវ​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​សម​ស្រប​នឹង​គោល​ការណ៍​និង​ជម្រើស​របស់​ខ្លួន ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​គឺ​ផ្ទុយ​ពី​មិត្ត​ភក្ដិ​របស់​ពួក​គេ​ក្ដី​»។ (​Beyond the Big Talk​) ដូច្នេះ ឪ​ពុក​ម្ដាយ​ត្រូវ​ចាប់​ផ្ដើម​បង្ហាត់​បង្រៀន​កូន​មុន​ពួក​គេ​មាន​វ័យ​ជំទង់។

របៀប​បង្រៀន​កូន​ឲ្យ​មាន​គោល​ការណ៍​សីលធម៌

បង្រៀន​ឲ្យ​ច្បាស់​លាស់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ពេញ​វ័យ​ដែល​បាន​ប្រើ​ប្រាស់​សមត្ថភាព​យល់​ដឹង ហើយ​ហេតុ​នេះ​សមត្ថភាព​នោះ​បាន​ត្រូវ​បង្វឹក​បង្ហាត់​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។—ហេប្រឺ ៥:១៤

  • ប្រាប់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ក្នុង​ស្ថានភាព​ប្រចាំ​ថ្ងៃ សូម​លើក​ឡើង​អំពី​ភាព​ខុស​គ្នា​រវាង​អ្វី​ខុស​និង​អ្វី​ត្រូវ​ដូច​ជា​៖ ​«​នេះ​ស្មោះ​ត្រង់ នោះ​មិន​ស្មោះ​ត្រង់​»។ ​«​នេះ​សប្បុរស នោះ​មិន​សប្បុរស​»។ ក្រោយ​មក កូន​របស់​អ្នក​នឹង​ស្គាល់​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​និង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ ហើយ​ដឹង​អំពី​អ្វី​ដែល​គួរ​ប្រព្រឹត្ត​និង​មិន​គួរ​ប្រព្រឹត្ត។

  • ពន្យល់​មូលហេតុ​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ជា​ឧទាហរណ៍ សូម​សួរ​សំណួរ​ដូច​ជា​៖ ហេតុ​អ្វី​យើង​គួរ​ស្មោះ​ត្រង់? តើ​ការ​កុហក​អាច​បង្ខូច​ចំណង​មិត្តភាព​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​ការ​លួច​គឺ​ខុស? សូម​វែក​ញែក​យ៉ាង​សម​ហេតុ​ផល​ជា​មួយ​កូន​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

  • ប្រាប់​អំពី​មូលហេតុ​ដែល​ការ​មាន​គោល​ការណ៍​សីលធម៌ គឺ​មាន​ប្រយោជន៍។ អ្នក​អាច​និយាយ​ថា​៖ ​«​បើ​កូន​ស្មោះ​ត្រង់ មនុស្ស​ឯ​ទៀត​នឹង​ទុក​ចិត្ត​កូន​»​ ឬ​«​បើ​កូន​មាន​ចិត្ត​សប្បុរស មនុស្ស​គ្រប់​គ្នា​នឹង​ចូល​ចិត្ត​រាប់​អាន​កូន​»។

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្ស​ឯ​ទៀត​ឃើញ​ថា​ក្រុម​គ្រួសារ​ទាំង​មូល​រស់​នៅ​ស្រប​តាម​គោល​ការណ៍​សីលធម៌​ដូច​គ្នា។

គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា​»។—កូរិនថូស​ទី២ ១៣:៥

  • អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​គួរ​តែ​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​ដូច​គ្នា ដើម្បី​ឲ្យ​អ្នក​អាច​និយាយ​យ៉ាង​ពិត​ត្រង់​ថា​៖

    • ​«​ក្រុម​គ្រួសារ​យើង​មិន​កុហក​ទេ​»។

    • ​«​យើង​មិន​វាយ​អ្នក​ឯ​ទៀត ឬ​ស្រែក​គំហក​ដាក់​គេ​ទេ​»។

    • ​«​យើង​មិន​ពោល​ពាក្យ​ប្រមាថ ឬ​និយាយ​គំរោះ​គំរើយ​ដាក់​អ្នក​ណា​ឡើយ​»។

កូន​របស់​អ្នក​នឹង​ឃើញ​ថា​គោល​ការណ៍​សីលធម៌​មិន​គ្រាន់​តែ​ជា​ច្បាប់​ដែល​ត្រូវ​ធ្វើ​តាម​ប៉ុណ្ណោះ តែ​ជា​អ្វី​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ក្រុម​គ្រួសារ។

  • ជា​រឿយ​ៗ សូម​ពិភាក្សា​អំពី​គោល​ការណ៍​របស់​ក្រុម​គ្រួសារ​ជា​មួយ​នឹង​កូន​របស់​អ្នក។ អ្នក​អាច​បង្រៀន​កូន​របស់​អ្នក​តាម​រយៈ​អ្វី​ដែល​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​អាច​ប្រៀប​ធៀប​គោល​ការណ៍​របស់​អ្នក​ជា​មួយ​នឹង​គោល​ការណ៍​ដែល​គេ​និយាយ​នៅ​ក្នុង​ទូរទស្សន៍​ឬ​នៅ​សាលា។ សូម​សួរ​កូន​របស់​អ្នក​នូវ​សំណួរ​ដូច​ត​ទៅ​៖ ​«​តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?​»​ ​«​តើ​ក្រុម​គ្រួសារ​យើង​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច?​»​

ពង្រឹង​ការ​តាំង​ចិត្ត​របស់​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

គោល​ការណ៍​គម្ពីរ​៖ ​«​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​ឡើយ​»។—ពេត្រុស​ទី១ ៣:១៦

  • សរសើរ​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ។ ពេល​ណា​ឃើញ​កូន​ប្រព្រឹត្ត​ត្រឹម​ត្រូវ សូម​សរសើរ​គាត់ ហើយ​ពន្យល់​មូលហេតុ។ ជា​ឧទាហរណ៍ អ្នក​អាច​និយាយ​ថា​៖ ​«​កូន​ស្មោះ​ត្រង់ ប៉ា​និង​ម៉ាក់​មាន​មោទនភាព​ចំពោះ​កូន​ណាស់​»។ បើ​កូន​របស់​អ្នក​សារភាព​កំហុស សូម​សរសើរ​គាត់​ដោយ​ស្មោះ​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គាត់​មុន​នឹង​កែ​តម្រង់​គាត់។

  • កែ​តម្រង់​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។ កូន​គួរ​ដឹង​ថា​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​គឺ​ខុស ហើយ​ថា​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​ខុស​គ្នា​យ៉ាង​ណា​នឹង​ការ​ប្រព្រឹត្ត​របស់​ក្រុម​គ្រួសារ។ ឪ​ពុក​ម្ដាយ​ខ្លះ​មិន​ប្រាប់​កូន​ពេល​ពួក​គេ​បាន​ធ្វើ​ខុស​នោះ​ទេ ព្រោះ​ឪ​ពុក​ម្ដាយ​ខ្លាច​ថា​កូន​អន់​ចិត្ត ក៏​ប៉ុន្តែ​ការ​និយាយ​ជា​មួយ​កូន​អំពី​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​របស់​ពួក​គេ​នឹង​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​សមត្ថភាព​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​ជួយ​ពួក​គេ​មិន​ឲ្យ​ធ្វើ​ខុស​ម្ដង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។