មេរៀនទី៤
របៀបបង្រៀនកូនឲ្យមានទំនួលខុសត្រូវ
តើអ្វីជាការមានទំនួលខុសត្រូវ?
មនុស្សដែលមានទំនួលខុសត្រូវគឺគួរឲ្យទុកចិត្ត។ ពេលពួកគេទទួលកិច្ចការ ពួកគេនឹងធ្វើយ៉ាងល្អ ហើយទាន់ពេល។
ទោះជាកូននៅតូចក្ដី ពួកគេអាចចាប់ផ្ដើមរៀនឲ្យមានទំនួលខុសត្រូវ។ សៀវភៅមួយរៀបរាប់ថា៖ «ពេលកូនអាយុ១៥ខែ ពួកគេនឹងធ្វើតាមតែអ្វីដែលឪពុកម្ដាយឲ្យធ្វើប៉ុណ្ណោះ។ ពេលកូនអាយុ១៨ខែ ពួកគេចង់ធ្វើអ្វីដែលពួកគេឃើញឪពុកម្ដាយធ្វើ។ នៅតំបន់ជាច្រើន ពេលកូនអាយុចាប់ពី៥ឆ្នាំដល់៧ឆ្នាំ ឪពុកម្ដាយរបស់ពួកគេនឹងចាប់ផ្ដើមបង្ហាញពួកគេអំពីរបៀបដែលពួកគេអាចជួយធ្វើកិច្ចការផ្ទះ។ ទោះជាពួកគេនៅតូចក្ដី ពួកគេអាចធ្វើកិច្ចការជាច្រើនបានយ៉ាងល្អ»។ (Parenting Without Borders)
ហេតុអ្វីការមានទំនួលខុសត្រូវគឺសំខាន់?
នៅតំបន់ខ្លះ យុវវ័យជាច្រើននាក់ព្យាយាមរស់នៅដោយពឹងខ្លួនឯង តែធ្វើមិនបាន ក្រោយមកត្រឡប់មករស់នៅជាមួយឪពុកម្ដាយវិញ។ នេះបានកើតឡើងចំពោះយុវវ័យខ្លះ ដោយសារឪពុកម្ដាយរបស់ពួកគេមិនបានបង្រៀនពួកគេអំពីរបៀបប្រើលុយឲ្យបានត្រឹមត្រូវ របៀបថែរក្សាផ្ទះ ឬរបៀបធ្វើកិច្ចការផ្សេងៗប្រចាំថ្ងៃ។
ហេតុនេះហើយ គឺល្អដែលអ្នកបង្រៀនកូនរបស់អ្នកឲ្យមានទំនួលខុសត្រូវនៅឥឡូវនេះ ដើម្បីពួកគេនឹងដឹងអ្វីដែលពួកគេត្រូវធ្វើពេលពួកគេធំឡើង។ សៀវភៅមួយសរសេរថា៖ «អ្នកច្បាស់ជាមិនចង់ឲ្យកូនពឹងផ្អែកលើអ្នករហូតដល់ពួកគេមានអាយុ១៨ឆ្នាំ ហើយក្រោយមកទុកឲ្យពួកគេរស់នៅដោយខ្លួនឯងនោះទេ»។ (How to Raise an Adult)
របៀបបង្រៀនកូនឲ្យមានទំនួលខុសត្រូវ
ឲ្យកូនធ្វើកិច្ចការផ្ទះជាប្រចាំ។
គោលការណ៍គម្ពីរ៖ «អស់ទាំងការងារនឿយហត់សុទ្ធតែមានប្រយោជន៍»។—សុភាសិត ១៤:២៣, ព.ថ.
កូនដែលនៅក្មេងតែងតែចង់ជួយឪពុកម្ដាយពេលឃើញពួកគាត់ធ្វើកិច្ចការណាមួយ។ ដោយដឹងដូច្នេះ អ្នកអាចឲ្យពួកគេធ្វើកិច្ចការផ្ទះដែលពួកគេអាចធ្វើបាន។
ឪពុកម្ដាយខ្លះមិនចង់ឲ្យកូនធ្វើដូច្នេះទេ។ ពីព្រោះពួកគាត់គិតថារាល់ថ្ងៃកូនរបស់ពួកគាត់មានកិច្ចការសាលាច្រើនហើយ ដូច្នេះបើពួកគាត់ឲ្យកូនធ្វើកិច្ចការផ្ទះទៀត នោះប្រៀបដូចជាបន្ទុកច្រើនពេកទៅលើកូន។
ទោះជាយ៉ាងនេះក្ដី កូនដែលធ្វើកិច្ចការផ្ទះទំនងជាធ្វើកិច្ចការសាលាកាន់តែប្រសើរ ដោយសារកិច្ចការផ្ទះបង្រៀនពួកគេឲ្យចេះចាប់ផ្ដើមនិងបញ្ចប់កិច្ចការដែលពួកគេត្រូវធ្វើ។ សូមកត់សម្គាល់ផងដែរនូវការរៀបរាប់របស់សៀវភៅមួយដែលថា៖ «នៅពេលដែលកូននៅក្មេងនិងមានចិត្តចង់ជួយ តែយើងមិនព្រមឲ្យពួកគេជួយ នោះពួកគេអាចចាប់ផ្ដើមគិតថាការជួយអ្នកឯទៀតគឺមិនសំខាន់ទេ។ . . . ពួកគេក៏អាចចាប់ផ្ដើមរំពឹងឲ្យអ្នកឯទៀតធ្វើកិច្ចការជំនួសពួកគេដែរ»។ (Parenting Without Borders)
ដូចបានរៀបរាប់ខាងលើ ពេលកូនធ្វើកិច្ចការផ្ទះជាប្រចាំ នោះពួកគេរៀនឲ្យចេះជួយអ្នកឯទៀតនិងមិនធ្វើជាមនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនទេ។ ពេលកូនធ្វើកិច្ចការផ្ទះ នោះពួកគេនឹងមានអារម្មណ៍ថាពួកគេជាចំណែកសំខាន់ក្នុងក្រុមគ្រួសារ ហើយយល់អំពីអ្វីដែលពួកគេគួរធ្វើ។
ជួយកូនឲ្យទទួលស្គាល់កំហុសនិងលទ្ធផលដែលមកពីការធ្វើខុស។
គោលការណ៍គម្ពីរ៖ «ចូរស្តាប់សេចក្ដីដំបូន្មាន ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ»។—សុភាសិត ១៩:២០
ជាឧទាហរណ៍ បើកូនរបស់អ្នកបង្ខូចអីវ៉ាន់របស់អ្នកឯទៀតដោយអចេតនា សូមកុំជួយលាក់បាំងអ្វីដែលបានកើតឡើងឡើយ។ យ៉ាងនេះ កូនអាចទទួលយកលទ្ធផល ដូចជានិយាយសុំទោស ហើយប្រហែលជាត្រូវសង។
ពេលកូនយល់ថាពួកគេត្រូវចេះទទួលស្គាល់កំហុស នោះនឹងបង្រៀនពួកគេឲ្យ . . .
-
ស្មោះត្រង់និងចេះសារភាពកំហុស
-
ជៀសវាងយកកំហុសរុញដាក់អ្នកឯទៀត
-
មិនដោះសា
-
សុំអភ័យទោស ពេលដែលសមត្រឹមត្រូវ