លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី៣

របៀប​បង្រៀន​កូន​ឲ្យ​មិន​រា​ថយ

របៀប​បង្រៀន​កូន​ឲ្យ​មិន​រា​ថយ

តើ​អ្វី​ជា​ការ​មិន​រា​ថយ?

មនុស្ស​ដែល​មិន​រា​ថយ​គឺ​ជា​មនុស្ស​ដែល​មិន​ឈប់​ព្យាយាម ហើយ​ឆាប់​បន្ត​ទៅ​មុខ​ទៀត​ទោះ​ជា​ជួប​ឧបសគ្គ​ក្ដី។ បទ​ពិសោធន៍​នាំ​ឲ្យ​មាន​សមត្ថភាព​នេះ។ កូន​ក្មេង​មិន​អាច​រៀន​ចេះ​ដើរ​ដោយ​មិន​ដួល​សោះ​នោះ​ទេ ដូច​គ្នា​ដែរ មនុស្ស​ដែល​ទទួល​ជោគ​ជ័យ ក៏​ច្បាស់​ជា​ធ្លាប់​បរាជ័យ​ក្នុង​ជីវិត។

ហេតុ​អ្វី​ការ​មិន​រា​ថយ​គឺ​សំខាន់?

ក្មេង​ខ្លះ​ធ្លាក់​ទឹក​ចិត្ត​ពេល​ពួក​គេ​បរាជ័យ​ក្នុង​រឿង​ណា​មួយ ជួប​ការ​ពិបាក​ឬ​ត្រូវ​គេ​រិះ​គន់។ រីឯ​ក្មេង​ខ្លះ​ទៀត​លែង​ចង់​ធ្វើ​តែ​ម្ដង។ ប៉ុន្តែ​ពួក​គេ​ត្រូវ​យល់​អំពី​ការ​ពិត​ដូច​ត​ទៅ​នេះ​៖

  • ភាព​បរាជ័យ​គឺ​ជា​អ្វី​មួយ​ដែល​ជៀស​មិន​ផុត​ទេ។—យ៉ាកុប ៣:២

  • មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ធ្លាប់​ជួប​នឹង​ការ​ពិបាក​នៅ​ក្នុង​ជីវិត។—សាស្តា ៩:១១

  • ដើម្បី​អាច​រីក​ចម្រើន​គឺ​ត្រូវ​ការ​ការ​កែ​តម្រង់។—សុភាសិត ៩:៩

ការ​មិន​រា​ថយ​នឹង​ជួយ​កូន​អ្នក​ឲ្យ​ចេះ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្នុង​ជីវិត​ដោយ​ភាព​ជឿ​ជាក់។

របៀប​បង្រៀន​កូន​ឲ្យ​មិន​រា​ថយ

ពេល​កូន​របស់​អ្នក​បរាជ័យ។

គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន​»។—សុភាសិត ២៤:១៦

សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​ពិចារណា​ថា​បញ្ហា​ដែល​ជួប​ប្រទះ​គឺ​ធំ​ដុំ​ឬ​តូច​តាច។ ជា​ឧទាហរណ៍ តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​គាត់​ប្រឡង​ធ្លាក់​នៅ​សាលា? គាត់​ប្រហែល​ជា​អស់​សង្ឃឹម​ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចេះ​ធ្វើ​អ្វី​ត្រឹម​ត្រូវ​សោះ!​»។

ដើម្បី​បង្រៀន​កូន​ឲ្យ​មិន​រា​ថយ សូម​ជួយ​គាត់​ឲ្យ​គិត​អំពី​របៀប​ដែល​គាត់​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ​នៅ​លើក​ក្រោយ។ យ៉ាង​នេះ គាត់​នឹង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា ហើយ​ឈប់​ឈឺ​ចិត្ត។

ដំណាល​គ្នា​ដែរ ជៀស​វាង​ដោះ​ស្រាយ​បញ្ហា​ឲ្យ​កូន​របស់​អ្នក។ ផ្ទុយ​ទៅ​វិញ សូម​ជួយ​គាត់​ឲ្យ​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​គាត់។ អ្នក​អាច​សួរ​គាត់​ថា ​«​តើ​កូន​អាច​ធ្វើ​អ្វី​ដើម្បី​កាន់​តែ​យល់​ច្បាស់​អំពី​មេ​រៀន​ដែល​កូន​កំពុង​រៀន?​»​

ពេល​រឿង​អាក្រក់​កើត​ឡើង។

គោល​ការណ៍​គម្ពីរ​៖ ​«​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ស្អែក​»។—យ៉ាកុប ៤:១៤

ជីវិត​មនុស្ស​គឺ​មិន​ទៀង​ទេ។ ថ្ងៃ​នេះ​ជា​អ្នក​មាន ថ្ងៃ​ស្អែក​អាច​ធ្លាក់​ខ្លួន​ក្រ ថ្ងៃ​នេះ​សុខភាព​ល្អ ថ្ងៃ​ស្អែក​អាច​ឈឺ​ក៏​ថា​បាន។ គម្ពីរ​ចែង​ថា​៖ ​«​ការ​រត់​ប្រណាំង​មិន​សំ​រេច​នឹង​មនុស្ស​ដែល​រត់​លឿន ការ​ចំ​បាំង​ក៏​មិន​សំ​រេច​នឹង​មនុស្ស​ដែល​មាន​កំឡាំង​ដែរ . . . គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា​នឹង​ឱកាស​វិញ​»។—សាស្តា ៩:១១

ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ អ្នក​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ការ​ពារ​កូន​របស់​អ្នក​ពី​គ្រោះ​ថ្នាក់​ផ្សេង​ៗ។ ក៏​ប៉ុន្តែ អ្នក​មិន​អាច​ការ​ពារ​កូន​របស់​អ្នក​ពី​រឿង​ហេតុ​អាក្រក់​ទាំង​អស់​ទេ។

ពេល​កូន​របស់​អ្នក​ជួប​ទុក្ខ ជា​ឧទាហរណ៍ ពេល​គាត់​បាត់​បង់​មិត្ត​ជិត​ស្និទ្ធ ឬ​ពេល​សមាជិក​ក្រុម​គ្រួសារ​ស្លាប់ សូម​ជួយ​គាត់​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ទាំង​នេះ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​កំពុង​បង្រៀន​គាត់​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ទៀត​ដែល​គាត់​នឹង​ជួប​ប្រទះ​ពេល​គាត់​ធំ​ឡើង ដូច​ជា​ពេល​បាត់​បង់​ការ​ងារ ឬ​ពេល​មាន​បញ្ហា​លុយ​កាក់​ជា​ដើម។

ពេល​កូន​របស់​អ្នក​ត្រូវ​គេ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា។

គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ស្តាប់​សេចក្ដី​ដំបូន្មាន . . . ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ​»។—សុភាសិត ១៩:២០

ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​មិន​មែន​ជា​ការ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ភ័យ​ខ្លាច​ឬ​ការ​ធ្វើ​បាប​គេ​នោះ​ទេ តែ​គឺ​ដើម្បី​ជួយ​កែ​តម្រង់​ការ​ប្រព្រឹត្ត​ឬ​ចិត្ត​គំនិត​ដែល​មិន​ត្រឹម​ត្រូវ។

ពេល​អ្នក​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​ទទួល​យក​ការ​កែ​តម្រង់ នោះ​ទាំង​អ្នក​ទាំង​កូន​របស់​អ្នក​នឹង​ទទួល​ប្រយោជន៍។ ឪ​ពុក​ម្នាក់​ឈ្មោះ​ចន​និយាយ​ថា​៖ ​«​បើ​កូន​ធ្វើ​ខុស ហើយ​យើង​មិន​កែ​តម្រង់​គាត់​ទេ នោះ​គ្មាន​ថ្ងៃ​ឲ្យ​គាត់​រៀន​ពី​កំហុស​របស់​គាត់​ឡើយ។ ក្រោយ​ៗ​មក ពេល​កូន​ជួប​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត ឪ​ពុក​ម្ដាយ​នឹង​តាម​ដោះ​ស្រាយ​បញ្ហា​ឲ្យ​គាត់​អស់​មួយ​ជីវិត។ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ឪ​ពុក​ម្ដាយ​និង​កូន​មិន​សប្បាយ​រីក​រាយ​ក្នុង​ជីវិត​នោះ​ទេ​»។

តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពេល​គាត់​ត្រូវ​គេ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា? ពេល​កូន​ត្រូវ​គេ​រិះ​គន់ មិន​ថា​នៅ​សាលា​ឬ​នៅ​កន្លែង​ណា​ក៏​ដោយ សូម​កុំ​កាន់​ជើង​ពួក​គេ​ដោយ​និយាយ​ថា​ពួក​គេ​មិន​សម​នឹង​ទទួល​ការ​កែ​តម្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​អាច​សួរ​ថា​៖

  • ​«​តើ​កូន​គិត​ថា​ហេតុ​អ្វី​បុគ្គល​នោះ​កែ​តម្រង់​កូន?​»​

  • ​«​តើ​លើក​ក្រោយ​កូន​អាច​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច?​»​

  • ​«​ពេល​ក្រោយ តើ​កូន​នឹង​ធ្វើ​អ្វី​បើ​កូន​ស្ថិត​ក្នុង​ស្ថានភាព​នេះ?​»​

សូម​ចាំ​ថា ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​នឹង​ជួយ​កូន​របស់​អ្នក​មិន​គ្រាន់​តែ​នៅ​ឥឡូវ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ជួយ​គាត់​ពេល​ដែល​គាត់​ធំ​ឡើង​ដែរ។