លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកអាចរកសេចក្ដីសង្ឃឹមពិតនៅឯណា?

តើលោកអ្នកអាចរកសេចក្ដីសង្ឃឹមពិតនៅឯណា?

តើ​លោក​អ្នក​អាច​រក​សេចក្ដី​សង្ឃឹម​ពិត​នៅ​ឯ​ណា?

ឧបមា​ថា​នាឡិកា​ដៃ​របស់​អ្នក​ឈប់​ដើរ មើល​ទៅ​វា​ខូច​ហើយ។ ពេល​ចង់​យក​ទៅ​ជួស​ជុល​អ្នក​មាន​ជម្រើស​ជា​ច្រើន ជាង​ទាំង​អស់​សុទ្ធ​តែ​អះអាង​ថា​ពួក​គេ​អាច​ជួស​ជុល​បាន តែ​ពួក​គេ​មាន​គំនិត​ខុស​គ្នា​អំពី​ការ​ជួស​ជុល។ ចុះ​យ៉ាង​ណា​បើ​អ្នក​ដឹង​ថា អ្នក​ជិត​ខាង​របស់​អ្នក​គឺ​ជា​អ្នក​ផលិត​នាឡិកា​នោះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​សុខ​ចិត្ត​ជួស​ជុល​នាឡិកា​ឲ្យ​អ្នក​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ច្បាស់​ជា​សុំ​ឲ្យ​គាត់​ជួស​ជុល​ហើយ មែន​ទេ?

សេចក្ដី​សង្ឃឹម​របស់​អ្នក​ប្រៀប​ប្រដូច​ទៅ​នឹង​នាឡិកា​នោះ។ បើ​អ្នក​ដឹង​ថា​ខ្លួន​អស់​សង្ឃឹម​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ តើ​អ្នក​នឹង​រក​ជំនួយ​នៅ​ឯ​ណា? មនុស្ស​មួយ​ចំនួន​អះអាង​ថា ពួក​គេ​អាច​ជួយ​អ្នក​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ។ ប៉ុន្តែ យោបល់​របស់​ពួក​គេ​ផ្ទុយ​គ្នា។ ដូច្នេះ សូម​ស្វែង​រក​ជំនួយ​ពី​បុគ្គល​ដែល​បង្កើត​មនុស្សជាតិ ទាំង​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម។ គម្ពីរ​ចែង​ថា៖«លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ» ហើយ​លោក​ពេញ​ចិត្ត​ជួយ​យើង​ជា​និច្ច។—សកម្មភាព ១៧:២៧; ពេត្រុស​ទី​១ ៥:៧

អត្ថន័យ​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​សង្ឃឹម

សេចក្ដី​សង្ឃឹម​នៅ​ក្នុង​គម្ពីរ​មាន​អត្ថន័យ​ទូលំ​ទូលាយ​និង​ជ្រាល​ជ្រៅ​ជាង​ការ​បក​ស្រាយ​របស់​វេជ្ជបណ្ឌិត អ្នក​វិទ្យា​សាស្ត្រ និង​ពេទ្យ​ខាង​ចិត្ត​សាស្ត្រ​នៅ​សព្វ​ថ្ងៃ​នេះ។ ភាសា​ដើម​ដែល​បក​ប្រែ​ថា«សេចក្ដី​សង្ឃឹម»មាន​ន័យ​ថា​ទន្ទឹង​រង់​ចាំ​ដោយ​ក្ដី​រំភើប និង​រំពឹង​ថា​នឹង​បាន​អ្វី​ល្អ។ ជា​បឋម សេចក្ដី​សង្ឃឹម​មាន​ពីរ​ផ្នែក ពោល​គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បាន​អ្វី​ល្អ និង​មូលដ្ឋាន​ដើម្បី​ជឿ​ថា​នឹង​មាន​អ្វី​ល្អ​នា​ពេល​ខាង​មុខ។ សេចក្ដី​សង្ឃឹម​នៅ​ក្នុង​គម្ពីរ​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​ទេ ព្រោះ​មាន​មូលដ្ឋាន​ទៅ​លើ​ការ​ពិត​និង​មាន​ទី​សំអាង​ច្បាស់​លាស់។

ស្ដី​អំពី​នេះ សេចក្ដី​សង្ឃឹម​ស្រដៀង​នឹង​ជំនឿ​ដែល​ត្រូវ​មាន​ទី​សំអាង​ច្បាស់​លាស់ មិន​មែន​ជា​ការ​ជឿ​ដោយ​ងងឹត​ងងល់​ទេ។ (ហេប្រឺ ១១:១) ទោះ​ជា​យ៉ាង​នេះ​ក្ដី គម្ពីរ​បាន​បែង​ចែក​ជំនឿ​និង​សេចក្ដី​សង្ឃឹម​ដាច់​ឡែក​ពី​គ្នា។—កូរិនថូស​ទី​១ ១៣:១៣

ជា​ឧទាហរណ៍ ពេល​អ្នក​សុំ​ជំនួយ​ពី​មិត្ត​ភក្ដិ​ម្នាក់ អ្នក​សង្ឃឹម​ថា​គាត់​នឹង​ជួយ​អ្នក។ សេចក្ដី​សង្ឃឹម​របស់​អ្នក​មិន​មែន​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​នោះ​ទេ ព្រោះ​អ្នក​ជឿ​ទុក​ចិត្ត​ទៅ​លើ​មិត្ត​របស់​អ្នក ដោយ​សារ​អ្នក​ស្គាល់​គាត់​ច្បាស់ ហើយ​អ្នក​ធ្លាប់​ឃើញ​គាត់​ប្រព្រឹត្ត​ដោយ​សប្បុរស​និង​ដោយ​ចិត្ត​ទូលាយ។ ការ​ជឿ​ទុក​ចិត្ត​និង​សេចក្ដី​សង្ឃឹម​របស់​អ្នក​គឺ​ជាប់​ទាក់​ទង​គ្នា តែ​ពីរ​នេះ​ដាច់​ឡែក​ពី​គ្នា។ តើ​តាម​របៀប​ណា​អ្នក​អាច​មាន​សេចក្ដី​សង្ឃឹម​បែប​នេះ​ចំពោះ​ព្រះ?

មូលដ្ឋាន​សម្រាប់​សេចក្ដី​សង្ឃឹម

ព្រះ​ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម​ពិត។ នៅ​សម័យ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហៅ​ថា«ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រាអែល»។ (យេរេមា ១៤:៨) សេចក្ដី​សង្ឃឹម​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ដែល​រាស្ត្រ​របស់​លោក​មាន គឺ​មក​ពី​លោក។ ដូច្នេះ លោក​ជា​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ។ សេចក្ដី​សង្ឃឹម​ដូច​នេះ​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​នោះ​ទេ។ ព្រះ​បាន​ផ្ដល់​មូលដ្ឋាន​ច្បាស់​លាស់​សម្រាប់​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ។ អស់​ជា​ច្រើន​សតវត្សរ៍ លោក​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ លោក​បង្ហាញ​ថា​លោក​តែង​តែ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ យ៉ូស្វេ​ដែល​ជា​អ្នក​ដឹក​នាំ​បាន​និយាយ​ទៅ​កាន់​អ៊ីស្រាអែល​ថា៖«នៅ​ក្នុង​ចិត្ត...ក៏​ដឹង​ទាំង​អស់​គ្នា​ថា ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំ​រេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ»។—យ៉ូស្វេ ២៣:១៤

អស់​រាប់​ពាន់​ឆ្នាំ​ក្រោយ​មក លោក​នៅ​តែ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ ក្នុង​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ ហើយ​ក៏​មាន​កំណត់​ហេតុ​ត្រឹម​ត្រូវ​ដែល​បញ្ជាក់​ថា​លោក​សម្រេច​តាម​សេចក្ដី​សន្យា​ទាំង​នោះ។ សេចក្ដី​សន្យា​របស់​លោក​គឺ​គួរ​ឲ្យ​ទុក​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​ពេល​ខ្លះ​ការ​កត់​ទុក​នោះ​ប្រៀប​ដូច​ជា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។

ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហៅ​គម្ពីរ​ថា​ជា​សៀវភៅ​នៃ​សេចក្ដី​សង្ឃឹម។ កាល​ដែល​អ្នក​សិក្សា​កំណត់​ហេតុ​ពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​ទៅ​កាន់​មនុស្ស អ្នក​កាន់​តែ​មាន​មូលហេតុ​ច្រើន​ជាង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​លើ​លោក។ ប៉ូល​សរសេរ​ថា៖«អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​សរសេរ​ទុក​ជា​មុន បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ»។—រ៉ូម ១៥:៤

តើ​ព្រះ​ផ្ដល់​សេចក្ដី​សង្ឃឹម​អ្វី​ដល់​យើង?

តើ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ​សេចក្ដី​សង្ឃឹម​បំផុត? គឺ​នៅ​ពេល​យើង​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​មែន​ទេ? ប៉ុន្តែ សម្រាប់​មនុស្ស​ជា​ច្រើន ពេល​ដែល​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់ ពួក​គេ​អស់​សង្ឃឹម​ជា​ខ្លាំង ព្រោះ​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​ជាង​សេចក្ដី​ស្លាប់​នោះ​ទេ។ សេចក្ដី​ស្លាប់​ដេញ​តាម​យើង​ម្នាក់​ៗ​យ៉ាង​ប្រកិត។ យើង​អាច​គេច​ពី​សេចក្ដី​ស្លាប់​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​យើង​គ្មាន​សមត្ថភាព​បំបាត់​សេចក្ដី​ស្លាប់​បាន​ឡើយ។ ម្ល៉ោះ​ហើយ គម្ពីរ​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង«សត្រូវ​ចុង​ក្រោយ»។—កូរិនថូស​ទី​១ ១៥:២៦

ពេល​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់ តើ​តាម​របៀប​ណា​យើង​អាច​មាន​សង្ឃឹម? ខ​គម្ពីរ​ដែល​ហៅ​សេចក្ដី​ស្លាប់​ថា​សត្រូវ​ចុង​ក្រោយ ក៏​ចែង​ដែរ​ថា​សត្រូវ​នេះ​នឹង​ត្រូវ«បំផ្លាញ​ឲ្យ​សាប​សូន្យ»។ ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​សេចក្ដី​ស្លាប់។ អស់​ជា​ច្រើន​ដង លោក​បង្ហាញ​ថា​លោក​ពិត​ជា​ខ្លាំង​ជាង​សេចក្ដី​ស្លាប់។ តើ​តាម​របៀប​ណា? គឺ​ដោយ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ គម្ពីរ​បាន​រៀប​រាប់​កំណត់​ហេតុ​៩ ពេល​ដែល​ព្រះ​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឫទ្ធានុភាព​របស់​លោក​ដល់​លោក​យេស៊ូ​ដែល​ជា​បុត្រ ឲ្យ​ប្រោស​មិត្ត​សម្លាប់​ឈ្មោះ​ឡាសា​ដែល​បាន​ស្លាប់​អស់​រយៈ​ពេល​បួន​ថ្ងៃ​ទៅ​ហើយ។ លោក​យេស៊ូ​មិន​បាន​ប្រោស​គាត់​ដោយ​សម្ងាត់​ទេ តែ​នៅ​មុខ​មនុស្ស​ជា​ច្រើន។—យ៉ូហាន ១១:៣៨​-​៤៨, ៥៣; ១២:៩, ១០

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា‹ហេតុ​អ្វី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ? តើ​ពួក​គេ​មិន​បាន​ទៅ​ជា​ចាស់​ជរា ហើយ​ស្លាប់​ម្ដង​ទៀត​ទេ​ឬ?› ពួក​គេ​បាន​ស្លាប់​ម្ដង​ទៀត​មែន។ ប៉ុន្តែ ដោយ​សារ​មាន​កំណត់​ហេតុ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដូច​នេះ យើង​មិន​គ្រាន់​តែ​មាន​ចិត្ត​ចង់​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ យើង​មាន​មូលហេតុ​ច្បាស់​លាស់​ឲ្យ​ជឿ​ថា​ពួក​គេ​ពិត​ជា​រស់​ឡើង​វិញ​មែន។ និយាយ​ឲ្យ​ខ្លី​ទៅ យើង​មាន​សេចក្ដី​សង្ឃឹម​ពិត។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖«ការ​រស់​ឡើង​វិញ​និង​ជីវិត​គឺ​ដោយ​សារ​ខ្ញុំ»។ (យ៉ូហាន ១១:២៥) លោក​គឺ​ជា​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ឫទ្ធានុភាព​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​ទូទាំង​ផែនដី។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា៖«នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់[គ្រិស្ត] ហើយ​ចេញ​មក»។ (យ៉ូហាន ៥:២៨, ២៩) អស់​អ្នក​ដែល​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​នឹង​មាន​សង្ឃឹម​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។

អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​យ៉ាង​រស់​រវើក​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ថា៖«ឯ​ពួក​ស្លាប់​របស់​ឯង គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ។ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក»។—អេសាយ ២៦:១៩

នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​សម្រាល​ទុក្ខ​ណាស់​មែន​ទេ? មនុស្ស​ស្លាប់​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​មាន​សុវត្ថិភាព​បំផុត ប្រៀប​ដូច​ជា​ទារក​ស្ថិត​ក្នុង​ផ្ទៃ​ម្ដាយ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ស្ថិត​ក្នុង​ការ​នឹក​ចាំ​ដែល​គ្មាន​កម្រិត​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​បំផុត។ (លូកា ២០:៣៧, ៣៨) មិន​យូរ​ទៀត ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្នុង​ពិភព​លោក​ដែល​រីករាយ​ស្វាគមន៍​ពួក​គេ ប្រៀប​ដូច​ជា​ទារក​ដែល​កើត​មក មាន​ក្រុម​គ្រួសារ​រីករាយ​ចាំ​ទទួល។ ដូច្នេះ សូម្បី​តែ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់ ក៏​មាន​សង្ឃឹម​ដែរ។

តើ​សេចក្ដី​សង្ឃឹម​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក?

សាវ័ក​ប៉ូល​បង្រៀន​យើង​យ៉ាង​ច្រើន​អំពី​តម្លៃ​នៃ​សេចក្ដី​សង្ឃឹម។ គាត់​បាន​និយាយ​អំពី​សេចក្ដី​សង្ឃឹម​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គ្រឿង​ចម្បាំង​ពី​ព្រះ ពោល​គឺ​មួក​ការ​ពារ​ក្បាល។ (ថែស្សាឡូនិច​ទី​១ ៥:៨) តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? នៅ​សម័យ​គម្ពីរ ទាហាន​ពាក់​មួក​ដែក​ចូល​ធ្វើ​សង្គ្រាម មួក​នោះ​ទ្រាប់​ដោយ​ក្រណាត់​ឬ​ស្បែក​សត្វ។ បើ​សត្រូវ​វាយ​ចំ​ក្បាល​គាត់ អាវុធ​សត្រូវ​ខ្ទាត​ចេញ ហើយ​ទាហាន​នោះ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ។ តើ​ប៉ូល​ចង់​បញ្ជាក់​ចំណុច​អ្វី? ដូច​មួក​ការ​ពារ​ក្បាល​ទាហាន នោះ​សេចក្ដី​សង្ឃឹម​ការ​ពារ​គំនិត​និង​របៀប​គិត​គូរ​របស់​យើង។ បើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​រឹង​មាំ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ នោះ​អ្នក​នឹង​មាន​សេចក្ដី​សុខ​សាន្ត មិន​មាន​ក្ដី​បារម្ភ​ឬ​ការ​ធ្លាក់​ទឹក​ចិត្ត​ទេ ទោះ​ជា​អ្នក​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក៏​ដោយ។ យើង​ទាំង​អស់​គ្នា​ពិត​ជា​ចង់​បាន​មួក​ការ​ពារ​បែប​នោះ មែន​ទេ?

ប៉ូល​បាន​លើក​ឧទាហរណ៍​មួយ​ទៀត​ដើម្បី​បញ្ជាក់​អំពី​សេចក្ដី​សង្ឃឹម​ថា​ទាក់​ទង​នឹង​គោល​បំណង​របស់​ព្រះ។ គាត់​សរសេរ​ថា៖«សេចក្ដី​សង្ឃឹម​នេះ​ជា​យុថ្កា​សម្រាប់​ជីវិត​យើង ក៏​រឹង​មាំ​និង​ពិត​ប្រាកដ»។ (ហេប្រឺ ៦:១៩) ប៉ូល​ធ្លាប់​លិច​សំពៅ​ច្រើន​ដង ដូច្នេះ​គាត់​ដឹង​ថា​យុថ្កា​មាន​ប្រយោជន៍​ប៉ុន​ណា។ ពេល​មាន​ខ្យល់​ព្យុះ អ្នក​បើក​សំពៅ​ទម្លាក់​យុថ្កា។ បើ​វា​ធ្លាក់​ទៅ​បាត​សមុទ្រ ហើយ​នៅ​ជាប់ វា​នឹង​ជួយ​ទប់​សំពៅ​កុំ​ឲ្យ​ព្យុះ​បោក​ផ្ទប់​ទៅ​នឹង​ថ្ម​នៅ​ឯ​ច្រាំង។

ស្រដៀង​គ្នា​ដែរ បើ​សេចក្ដី​សង្ឃឹម​របស់​យើង«រឹង​មាំ​និង​ពិត​ប្រាកដ»ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ នោះ​នឹង​ជួយ​យើង​មាន​ចិត្ត​សុខ​សាន្ត​និង​សុវត្ថិភាព​នៅ​ក្នុង​គ្រា​ដ៏​ច្របូក​ច្របល់​នេះ។ ព្រះ​យេហូវ៉ា​សន្យា​ថា​មិន​យូរ​ទៀត មនុស្សជាតិ​នឹង​លែង​រង​ទុក្ខ​ដោយ​សារ​សង្គ្រាម ឧក្រិដ្ឋកម្ម ទុក្ខ​ព្រួយ ឬ​សេចក្ដី​ស្លាប់​ទៀត​ហើយ។ (សូម​មើល​ប្រអប់​នៅ​ទំព័រ​១០) ការ​មាន​សេចក្ដី​សង្ឃឹម​មុត​មាំ​អាច​ជួយ​យើង​គេច​ផុត​ពី​បញ្ហា​ផ្សេង​ៗ ហើយ​ជួយ​យើង​តាំង​ចិត្ត​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ ជា​ជាង​មាន​គំនិត​ប្រាស​ចាក​សីលធម៌​ដែល​មាន​ទូទៅ​ក្នុង​ពិភព​លោក​នេះ។

សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ ក៏​ជាប់​ទាក់​ទង​នឹង​រូប​អ្នក​ផ្ទាល់​ដែរ។ លោក​ចង់​ឲ្យ​អ្នក​មាន​ជីវិត​សុខ​សាន្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ លោក​មាន​បំណង​ប្រាថ្នា​ឲ្យ«មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ»។ តើ​តាម​របៀប​ណា? ដំបូង​យើង​ម្នាក់​ៗ​ត្រូវ​មាន«ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត»។ (ធីម៉ូថេ​ទី​១ ២:៤) អ្នក​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ទទួល​យក​ចំណេះ​ដែល​ផ្ដល់​ជីវិត​អំពី​សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ។ សេចក្ដី​សង្ឃឹម​ដែល​ព្រះ​ផ្ដល់​ឲ្យ​គឺ​ល្អ​ប្រសើរ​ជាង​សេចក្ដី​សង្ឃឹម​ដែល​អ្នក​អាច​រក​ឃើញ​ក្នុង​ពិភព​លោក​នេះ។

ដោយ​មាន​សេចក្ដី​សង្ឃឹម​នេះ អ្នក​នឹង​លែង​មាន​អារម្មណ៍​តែលតោល​ទៀត​ហើយ ព្រោះ​ព្រះ​អាច​ឲ្យ​កម្លាំង​ដែល​អ្នក​ត្រូវ​ការ ដើម្បី​ឲ្យ​អ្នក​អាច​សម្រេច​គោល​ដៅ​របស់​អ្នក​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ (កូរិនថូស​ទី​២ ៤:៧; ភីលីព ៤:១៣) អ្នក​ពិត​ជា​ត្រូវ​ការ​សេចក្ដី​សង្ឃឹម​ដូច​នេះ​ណាស់ មែន​ទេ? បើ​អ្នក​ពិត​ជា​ត្រូវ​ការ ហើយ​កំពុង​ស្វែង​រក​មែន សូម​មាន​ចិត្ត​ក្លាហាន​ឡើង។ សេចក្ដី​សង្ឃឹម​នៅ​ជិត​បង្កើយ អ្នក​អាច​រក​ឃើញ​បាន!

[ប្រអប់​/​រូបភាព]

មូលហេតុ​មាន​សេចក្ដី​សង្ឃឹម

ខ​គម្ពីរ​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​មាន​សេចក្ដី​សង្ឃឹម៖

▪ ព្រះ​សន្យា​អំពី​អនាគត​ដ៏​ត្រចះ​ត្រចង់។

បណ្ដាំ​របស់​លោក​ចែង​ថា​ផែនដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ដែល​ពេញ​ទៅ​ដោយ​មនុស្ស​មាន​សុភមង្គល​និង​សាមគ្គីភាព ហើយ​រស់​នៅ​ជា​ក្រុម​គ្រួសារ​តែ​មួយ។—ទំនុក​តម្កើង ៣៧:១១, ២៩; អេសាយ ២៥:៨; ការ​បើក​បង្ហាញ ២១:៣, ៤

▪ ព្រះ​មិន​អាច​កុហក​ទេ។

លោក​ស្អប់​ការ​កុហក​គ្រប់​យ៉ាង។ ព្រះ​យេហូវ៉ា​បរិសុទ្ធ​ក្រៃ​លែង ដូច្នេះ​លោក​មិន​អាច​កុហក​ឡើយ។—សុភាសិត ៦:១៦​-​១៩; អេសាយ ៦:២, ៣; ទីតុស ១:២; ហេប្រឺ ៦:១៨

▪ ព្រះ​មាន​ឫទ្ធានុភាព​គ្មាន​កម្រិត។

ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ ក្នុង​សកល​លោក គ្មាន​អ្វី​ទាល់​តែ​សោះ​ដែល​អាច​រា​រាំង​លោក​ពី​ការ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ឡើយ។—និក្ខមនំ ១៥:១១; អេសាយ ៤០:២៥, ២៦

▪ ព្រះ​ចង់​ឲ្យ​អ្នក​រស់​ជា​រៀង​រហូត។

យ៉ូហាន ៣:១៦; ធីម៉ូថេ​ទី​១ ២:៣, ៤

▪ ព្រះ​មើល​មក​យើង​ដោយ​សង្ឃឹម។

លោក​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​និង​ការ​ខំ​ព្យាយាម​របស់​យើង មិន​មែន​ទៅ​លើ​កំហុស​របស់​យើង​ទេ។ (ទំនុក​តម្កើង ១០៣:១២​-​១៤; ១៣០:៣; ហេប្រឺ ៦:១០) លោក​សង្ឃឹម​ថា​យើង​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​លោក​ពេញ​ចិត្ត​ពេល​យើង​ធ្វើ​ដូច្នេះ។—សុភាសិត ២៧:១១

▪ ព្រះ​សន្យា​ថា​នឹង​ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​ដែល​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។

អ្នក​បម្រើ​របស់​លោក​មិន​ចាំ​បាច់​មាន​អារម្មណ៍​ថា​ខ្លួន​តែលតោល​ទេ។ លោក​ផ្ដល់​ដោយ​ចិត្ត​ទូលាយ​នូវ​សកម្មពល​បរិសុទ្ធ​ដែល​ជា​ថាមពល​ដ៏​ខ្លាំង​បំផុត​ដើម្បី​ជួយ​យើង។—ភីលីព ៤:១៣

▪ សង្ឃឹម​លើ​ព្រះ​នឹង​មិន​បង់​ប្រយោជន៍​ទេ។

អ្នក​អាច​ទុក​ចិត្ត​និង​ពឹង​ផ្អែក​ទៅ​លើ​លោក​ទាំង​ស្រុង លោក​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ឡើយ។—ទំនុក​តម្កើង ២៥:៣

[រូបភាព]

ដូច​មួក​ការ​ពារ​ក្បាល សេចក្ដី​សង្ឃឹម​ការ​ពារ​គំនិត

[រូបភាព]

ដូច​យុថ្កា សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​រឹង​មាំ​អាច​ជួយ​ឲ្យ​មាន​ភាព​នឹង​នរ​ក្នុង​ជីវិត

[អ្នក​ផ្ដល់​សិទ្ធិ]

Courtesy René Seindal/Su concessione del Museo Archeologico Regionale A. Salinas di Palermo