លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីយើងត្រូវការសេចក្ដីសង្ឃឹម?

ហេតុអ្វីយើងត្រូវការសេចក្ដីសង្ឃឹម?

ហេតុ​អ្វី​យើង​ត្រូវ​ការ​សេចក្ដី​សង្ឃឹម?

ចុះ​យ៉ាង​ណា​ប្អូន​ប្រុស​ដានីយ៉ែល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​អត្ថបទ​ខាង​ដើម​បន្ត​មាន​សេចក្ដី​សង្ឃឹម? តើ​គាត់​នឹង​អាច​ជា​ពី​ជំងឺ​មហា​រីក​ឬ​ទេ? តើ​គាត់​នឹង​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ឬ? ទោះ​បី​ជា​អ្នក​ដែល​ជឿ​លើ​ឥទ្ធិពល​នៃ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ក៏​ដោយ ក៏​មិន​ហ៊ាន​អះអាង​ដូច្នេះ​ដែរ។ ហេតុ​នេះ ចំណុច​សំខាន់​គឺ បុគ្គល​ម្នាក់​មិន​គួរ​ជឿ​ហួស​ហេតុ​ពេក​ទៅ​លើ​ឥទ្ធិពល​នៃ​សេចក្ដី​សង្ឃឹម​នោះ​ទេ។ សេចក្ដី​សង្ឃឹម​មិន​មែន​ព្យាបាល​ជំងឺ​សព្វ​បែប​យ៉ាង​នោះ​ឡើយ។

ក្នុង​ការ​សម្ភាសន៍​មួយ​ជា​មួយ​នឹង​បណ្ដាញ​ព័ត៌មាន​ស៊ីប៊ីអេស វេជ្ជបណ្ឌិត​ណេថិន ឆឺនី បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​និយាយ​ពន្លើស​អំពី​ឥទ្ធិពល​នៃ​សេចក្ដី​សង្ឃឹម ពេល​ដែល​ព្យាបាល​អ្នក​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ គាត់​ថា៖«យើង​ឃើញ​ប្ដី​បាន​បន្ទោស​ប្រពន្ធ​ជា​អ្នក​ជំងឺ​ថា នាង​មិន​បាន​រំពឹង​គិត​ឬ​មាន​គំនិត​សុទិដ្ឋិនិយម​ល្មម​គ្រប់​គ្រាន់​នោះ​ទេ»។ វេជ្ជបណ្ឌិត​នោះ​បាន​និយាយ​បន្ថែម​ថា៖«នេះ​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ខុស​ថា អ្នក​ជំងឺ​អាច​បង្ការ​កុំ​ឲ្យ​ដុំ​សាច់​មហា​រីក រីក​រាល​ដាល​បាន។ ពេល​អ្នក​ជំងឺ​ចុះ​ខ្សោយ គាត់​ត្រូវ​គេ​បន្ទោស​ថា គាត់​មិន​បាន​ទប់​ស្កាត់​ដុំ​សាច់​មហា​រីក​នោះ ការ​ដាក់​កំហុស​បែប​នោះ គឺ​មិន​យុត្តិធម៌​ទេ»។

ការ​ពិត​អ្នក​ជំងឺ​មហា​រីក​ដំណាក់​កាល​ចុង​ក្រោយ កំពុង​ព្យាយាម​ទប់​ទល់​នឹង​ជំងឺ​ខ្លួន​រួច​ទៅ​ហើយ។ ដូច្នេះ អ្នក​ជា​ទី​ស្រឡាញ់​របស់​គាត់ មិន​គួរ​ធ្វើ​ឲ្យ​គាត់​ពិបាក​ថែម​ទៀត​នោះ​ទេ។ បើ​ដូច្នេះ តើ​យើង​គួរ​សន្និដ្ឋាន​ថា សេចក្ដី​សង្ឃឹម​គ្មាន​ប្រយោជន៍​ឬ?

មិន​មែន​ទេ! វេជ្ជបណ្ឌិត​ជំនាញ​ខាង​ការ​ព្យាបាល​ម្យ៉ាង ដែល​ទាក់​ទង​នឹង​ការ​មើល​ថែ​អ្នក​ជំងឺ​ឲ្យ​មាន​អារម្មណ៍​ស្ងប់​និង​ជីវិត​សុខ​សាន្ត​កាល​ដែល​គាត់​នៅ​រស់ វេជ្ជបណ្ឌិត​ទាំង​នោះ​ជឿ​ថា​ការ​ព្យាបាល​ដូច​នេះ ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​សប្បាយ​ជាង ទោះ​ជា​គាត់​កំពុង​ឈឺ​ធ្ងន់​ក៏​ដោយ។ មាន​ទី​សំអាង​ដែល​បញ្ជាក់​ថា ការ​មាន​សង្ឃឹម​ជួយ​ឲ្យ​អ្នក​ជំងឺ​មាន​ចិត្ត​សប្បាយ​ជាង ហើយ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ទៀត។

សារៈ​ប្រយោជន៍​នៃ​សេចក្ដី​សង្ឃឹម

វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ​គី​ហ្វិត​ចូន បាន​មាន​ប្រសាសន៍​ថា៖«សេចក្ដី​សង្ឃឹម​ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព»។ គាត់​បាន​ពិនិត្យ​មើល​ការ​សិក្សា​ផ្សេង​ៗ​អំពី​សារៈ​ប្រយោជន៍​នៃ​ការ​ផ្ដល់​ជំនួយ​ខាង​ផ្លូវ​ចិត្ត​ដល់​អ្នក​ជំងឺ​ដំណាក់​កាល​ចុង​ក្រោយ។ គេ​សន្មត​ថា​ជំនួយ​បែប​នេះ​បាន​ជួយ​អ្នក​ជំងឺ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ជាង​និង​ចិត្ត​គំនិត​វិជ្ជមាន​ជាង។ តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​១៩៨៩ បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​ដែល​បាន​ទទួល​ជំនួយ​បែប​នេះ​អាច​រស់​នៅ​បាន​យូរ​ជាង។ ប៉ុន្តែ តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​នេះ​មិន​បាន​សន្មត​យ៉ាង​ច្បាស់​ដូច​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​ដែល​ទទួល​ជំនួយ​ខាង​ផ្លូវ​ចិត្ត​បែប​នេះ មាន​ការ​ឈឺ​ចាប់​និង​ការ​ធ្លាក់​ទឹក​ចិត្ត​តិច​ជាង​អ្នក​ជំងឺ​ដែល​មិន​បាន​ទទួល​ជំនួយ​បែប​នេះ។

សូម​ពិចារណា​ការ​សិក្សា​មួយ​ទៀត​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ឥទ្ធិពល​នៃ​ការ​មាន​ចិត្ត​គំនិត​សុទិដ្ឋិនិយម​និង​គំនិត​ទុទ្ទិដ្ឋិនិយម​ក្នុង​ចំណោម​អ្នក​ជំងឺ​បេះ​ដូង។ តាម​ការ​សិក្សា​នេះ បុរស​ជាង​១.៣០០​នាក់​បាន​ត្រូវ​គេ​វិភាគ​យ៉ាង​ហ្មត់​ចត់​ថា ពួក​គេ​មាន​គំនិត​សុទិដ្ឋិនិយម​ឬ​គំនិត​ទុទ្ទិដ្ឋិនិយម​ចំពោះ​ជីវិត​ខ្លួន។ ដប់​ឆ្នាំ​ក្រោយ​គេ​បាន​វិភាគ​បុរស​ទាំង​នោះ​ម្ដង​ទៀត ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​ជាង​១២​ភាគ​រយ​មាន​ជំងឺ​បេះ​ដូង។ ក្នុង​ចំណោម​ពួក​គេ ពួក​បុរស​ដែល​មាន​គំនិត​ទុទ្ទិដ្ឋិនិយម មាន​ជំងឺ​បេះ​ដូង​ច្រើន​ជាង​ពួក​បុរស​ដែល​មាន​គំនិត​សុទិដ្ឋិនិយម ជិត​មួយ​ជា​ពីរ។ សាស្ត្រាចារ្យ​ឡរ៉ា ខាប់​សេន​ស្គី ដែល​បង្រៀន​នៅ​សាលា​វេជ្ជសាស្ត្រ​ហាវើដ បាន​និយាយ​ថា៖«ទី​សំអាង​ជា​ច្រើន​នៃ​គំនិត​វិជ្ជមាន​ដែល​ថា​ផ្ដល់​ប្រយោជន៍​ដល់​សុខភាព មិន​មែន​ស្រប​តាម​ការ​ស្រាវ​ជ្រាវ​ខាង​វិទ្យា​សាស្ត្រ​ទេ។ ប៉ុន្តែ​នេះ​ជា​សិក្សា​លើក​ទី​១​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​មាន​គំនិត​វិជ្ជមាន​ជួយ​ដល់​អ្នក​ជំងឺ​បេះ​ដូង»។

រីឯ​ការ​សិក្សា​ផ្សេង​ទៀត គេ​រក​ឃើញ​ថា​អ្នក​ជំងឺ​ដែល​គិត​ថា​ខ្លួន​មាន​សុខភាព​មិន​ល្អ ជា​សះ​ស្បើយ​ពី​ការ​វះ​កាត់​យឺត​ជាង​អ្នក​ជំងឺ​ដែល​គិត​ថា​ខ្លួន​មាន​សុខភាព​ល្អ។ បន្ថែម​ទៅ​ទៀត អ្នក​ដែល​មាន​ចិត្ត​គំនិត​សុទិដ្ឋិនិយម​អាច​រស់​នៅ​បាន​យូរ​ជាង។ ការ​សិក្សា​មួយ​អំពី​ទស្សនៈ​វិជ្ជមាន​ឬ​អវិជ្ជមាន​របស់​មនុស្ស​វ័យ​ចាស់ គេ​ស្វែង​យល់​ថា​តើ​ទស្សនៈ​ទាំង​នោះ​អាច​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​សុខភាព​របស់​ពួក​គាត់។ ក្នុង​ការ​សិក្សា​នោះ គេ​ឲ្យ​មនុស្ស​វ័យ​ចាស់​មើល​កំណត់​ខ្លី​ៗ​ដែល​ថា​មនុស្ស​វ័យ​ចាស់​មាន​ប្រាជ្ញា​និង​បទ​ពិសោធន៍​ច្រើន​ជាង។ រួច​គេ​ឃើញ​ថា​ពួក​គាត់​ដើរ​ដោយ​ស្វាហាប់​ជាង។ ការ​ពិត​ការ​រីក​ចម្រើន​របស់​ពួក​គាត់ ស្មើ​នឹង​កម្ម​វិធី​ហាត់​ប្រាណ​១២​សប្ដាហ៍។

ហេតុ​អ្វី​សេចក្ដី​សង្ឃឹម ចិត្ត​គំនិត​សុទិដ្ឋិនិយម និង​ទស្សនៈ​វិជ្ជមាន​មាន​ប្រយោជន៍​ដល់​សុខភាព? តាម​មើល​ទៅ​អ្នក​វិទ្យា​សាស្ត្រ​និង​វេជ្ជបណ្ឌិត មិន​ទាន់​យល់​យ៉ាង​ពេញ​លេញ​ថា​គំនិត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​រាង​កាយ។ ដូច្នេះ ពួក​គេ​មិន​អាច​បក​ស្រាយ​យ៉ាង​ច្បាស់​បាន​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ជំនាញ​ដែល​សិក្សា​អំពី​រឿង​នេះ អាច​ធ្វើ​ការ​ប៉ាន់​ស្មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ ជា​ឧទាហរណ៍ សាស្ត្រាចារ្យ​ខាង​ផ្នែក​សរសៃ​ប្រសាទ​ម្នាក់ បាន​រៀប​រាប់​ថា៖«អំណរ​និង​សេចក្ដី​សង្ឃឹម​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​ការ​មាន​ចិត្ត​សប្បាយ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត។ ហើយ​នេះ​ធ្វើ​ឲ្យ​រាង​កាយ​យើង​មាន​ភាព​មាំ​មួន»។

នេះ​ជា​អ្វី​មួយ​ដែល​មនុស្ស​អាច​ធ្វើ​ដើម្បី​ឲ្យ​ខ្លួន​មាន​សុខភាព​ល្អ។ ទស្សនៈ​នេះ​ប្រហែល​ធ្វើ​ឲ្យ​វេជ្ជបណ្ឌិត​និង​អ្នក​វិទ្យា​សាស្ត្រ​គិត​ថា នេះ​ជា​អ្វី​ដែល​រក​ឃើញ​ថ្មី។ ប៉ុន្តែ នេះ​មិន​មែន​ជា​អ្វី​ថ្មី​សម្រាប់​អ្នក​ដែល​រៀន​គម្ពីរ​ទេ។ ជិត​៣.០០០​ឆ្នាំ​មុន ស្ដេច​សាឡូម៉ូន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ពាក្យ​ដូច​នេះ​ថា៖«ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ»។ (សុភាសិត ១៧:២២) សូម​កត់​សម្គាល់​អំពី​តុល្យភាព​នៃ​ពាក្យ​ទាំង​នេះ។ ខ​នេះ​មិន​បាន​ចែង​ថា​ចិត្ត​សប្បាយ​នឹង​ព្យាបាល​ជំងឺ​គ្រប់​យ៉ាង​នោះ​ទេ តែ​បាន​និយាយ​ថា​ចិត្ត​សប្បាយ​ជា«ថ្នាំ​យ៉ាង​វិសេស»វិញ។

ដូច្នេះ ជា​ការ​សម​ហេតុ​សម​ផល​ឲ្យ​យើង​សួរ​ថា បើ​សេចក្ដី​សង្ឃឹម​ជា​ថ្នាំ​ព្យាបាល​មែន គ្រូ​ពេទ្យ​ច្បាស់​ជា​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ហើយ មែន​ទេ? សេចក្ដី​សង្ឃឹម​មាន​ប្រយោជន៍​លើស​ពី​ការ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​ទៅ​ទៀត។

ចិត្ត​គំនិត​សុទិដ្ឋិនិយម ទុទ្ទិដ្ឋិនិយម និង​ជីវិត​របស់​លោក​អ្នក

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​មាន​គំនិត​សុទិដ្ឋិនិយម​ទទួល​ប្រយោជន៍​ច្រើន​ជាង។ ពួក​គេ​ពូកែ​ខាង​ការ​រៀន​សូត្រ ខាង​ការងារ និង​កីឡា។ ជា​ឧទាហរណ៍ មាន​ការ​ស្រាវ​ជ្រាវ​មួយ​អំពី​ក្រុម​ស្ត្រី​ដែល​រត់​ប្រណាំង​បណ្ដាក់​គ្នា។ គ្រូ​បង្វឹក​បាន​ធ្វើ​ការ​វិភាគ​យ៉ាង​ហ្មត់​ចត់​អំពី​សមត្ថភាព​ខាង​កីឡា​របស់​ស្ត្រី​ទាំង​នោះ ហើយ​នៅ​ដំណាល​គ្នា​នោះ ក៏​មាន​ការ​វិភាគ​អំពី​កម្រិត​នៃ​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​ដែរ។ ជា​លទ្ធផល​ការ​វិភាគ​អំពី​កម្រិត​នៃ​សេចក្ដី​សង្ឃឹម​ផ្ដល់​ព័ត៌មាន​អំពី​សមត្ថភាព​កីឡា​របស់​ពួក​គេ ត្រឹម​ត្រូវ​ជាង​ការ​វិភាគ​របស់​គ្រូ​បង្វឹក​ទៅ​ទៀត។ ហេតុ​អ្វី​សេចក្ដី​សង្ឃឹម​មាន​ឥទ្ធិពល​ខ្លាំង​ម្ល៉េះ?

ស្ដី​អំពី​ចិត្ត​គំនិត​ទុទ្ទិដ្ឋិនិយម​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន។ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​ការ​ពិសោធន៍​ដែល​ចេញ​លទ្ធផល​ដែល​គេ​មិន​បាន​រំពឹង​ទុក​ស្ដី​អំពី​ប្រតិកម្ម​របស់​សត្វ។ នេះ​បណ្ដាល​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​បង្កើត​ឃ្លា​មួយ​ថា«បាន​រៀន​ដឹង​ថា​ឥត​បាន​ការ»។ គេ​ក៏​រក​ឃើញ​ថា​មនុស្ស​យើង​ក៏​អាច​មាន​ប្រតិកម្ម​ដូច​នោះ​ដែរ។ ជា​ឧទាហរណ៍ អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​មនុស្ស​មួយ​ក្រុម​ស្ដាប់​សំឡេង​រំខាន​មួយ ហើយ​ប្រាប់​ថា​ពួក​គេ​អាច​បិទ​សំឡេង​នោះ ដោយ​ចុច​ប៊ូតុង​ផ្សេង​ៗ។ ក្រុម​នោះ​បាន​ធ្វើ​តាម​ការ​ណែនាំ ហើយ​ក៏​បិទ​សំឡេង​រំខាន​នោះ​ទៅ។

អ្នក​ស្រាវ​ជ្រាវ​ក៏​ឲ្យ​ក្រុម​ទី​២​ធ្វើ​ដូច​គ្នា​ដែរ តែ​ពេល​ពួក​គេ​ចុច​ប៊ូតុង​ផ្សេង​ៗ សំឡេង​រំខាន​នោះ​មិន​បាន​ឈប់​ទេ។ ជា​លទ្ធផល​ពួក​គេ​ភាគ​ច្រើន​ក្នុង​ក្រុម​នោះ មាន​អារម្មណ៍​ថា​ពួក​គេ​ឥត​បាន​ការ។ ពេល​មាន​ការ​ពិសោធន៍​មួយ​ទៀត ពួក​គេ​មិន​ចង់​ធ្វើ​អ្វី​សោះ ដោយ​សារ​ពួក​គេ​ជឿ​ថា​ពួក​គេ​មិន​អាច​បញ្ឈប់​សំឡេង​នោះ​ទេ។ ប៉ុន្តែ អ្នក​ខ្លះ​នៅ​ក្នុង​ក្រុម​នោះ​មាន​គំនិត​សុទិដ្ឋិនិយម ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ថា​អ្វី​ដែល​ពួក​គេ​ធ្វើ​នោះ​ឥត​បាន​ការ​ទេ។

វេជ្ជបណ្ឌិត​ម៉ាធិន សេ​លី​មែន បាន​ជួយ​រៀបចំ​ឲ្យ​មាន​ការ​ពិសោធន៍​ទាំង​នោះ លទ្ធផល​ពី​ការ​ពិសោធន៍​ទាំង​នោះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ចិត្ត​គំនិត​សុទិដ្ឋិនិយម និង​ទុទ្ទិដ្ឋិនិយម។ គាត់​បាន​វិភាគ​យ៉ាង​ហ្មត់​ចត់​អំពី​គំនិត​របស់​មនុស្ស​ដែល​រហ័ស​គិត​ថា​ខ្លួន​ឥត​បាន​ការ។ គាត់​បាន​ធ្វើ​ការ​សន្មត​ថា ចិត្ត​គំនិត​ទុទ្ទិដ្ឋិនិយម​អាច​ប៉ះ​ពាល់​ដល់​សកម្មភាព​ផ្សេង​ៗ​របស់​មនុស្ស ឬ​ថែម​ទាំង​រា​រាំង​ពួក​គេ​ពី​សកម្មភាព​ណា​មួយ​ក្នុង​ជីវិត។ វេជ្ជបណ្ឌិត​នោះ​បាន​ធ្វើ​ការ​សង្ខេប​អំពី​ចិត្ត​គំនិត​ទុទ្ទិដ្ឋិនិយម​និង​ផល​ដែល​មក​ពី​នោះ​ថា៖«អស់​រយៈ​ពេល​២៥​ឆ្នាំ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ ខ្ញុំ​ជឿ​ជាក់​ថា​បើ​យើង​តែង​តែ​ជឿ​ថា រឿង​មិន​ល្អ​កើត​ឡើង​ដោយ​សារ​តែ​កំហុស​យើង ហើយ​ជឿ​ថា​រឿង​មិន​ល្អ​នឹង​មាន​ជា​និច្ច នោះ​នឹង​ប៉ះ​ពាល់​ទៅ​ដល់​អ្វី​ៗ​ដែល​យើង​ធ្វើ។ បើ​យើង​គិត​ដូច្នេះ នោះ​រឿង​មិន​ល្អ​ជា​ច្រើន​នឹង​កើត​ឡើង​ដល់​យើង។ ប៉ុន្តែ បើ​យើង​មិន​គិត​ដូច​នោះ​ទេ នោះ​រឿង​មិន​ល្អ​មិន​សូវ​កើត​ឡើង​ចំពោះ​យើង​ឡើយ។

នៅ​សព្វ​ថ្ងៃ​នេះ ចំពោះ​អ្នក​ខ្លះ ការ​សន្មត​នេះ​គឺ​ជា​រឿង​ថ្មី តែ​មិន​មែន​ជា​អ្វី​ថ្មី​សម្រាប់​អ្នក​ដែល​សិក្សា​គម្ពីរ​នោះ​ទេ។ សូម​កត់​សម្គាល់​សុភាសិត​នេះ​ចែង​ថា៖«បើ​ឯង​អន់​ថយ[ឬ​ធ្លាក់​ទឹក​ចិត្ត]ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ»។ (សុភាសិត ២៤:១០) គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ការ​មាន​គំនិត​អវិជ្ជមាន នឹង​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ចិត្ត មិន​អាច​ធ្វើ​អ្វី​សោះ។ ប៉ុន្តែ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បំបាត់​ចិត្ត​គំនិត​ទុទ្ទិដ្ឋិនិយម ហើយ​កាន់​តែ​មាន​គំនិត​សុទិដ្ឋិនិយម​និង​សេចក្ដី​សង្ឃឹម​ថែម​ទៀត​ក្នុង​ជីវិត?

[រូប​ភាព]

សេចក្ដី​សង្ឃឹម​អាច​ផ្ដល់​ប្រយោជន៍​ជា​ច្រើន