លោតទៅអត្ថបទ

តើតាមរបៀបណាគម្ពីរនៅគង់វង្សរហូតដល់សព្វថ្ងៃ?

តើតាមរបៀបណាគម្ពីរនៅគង់វង្សរហូតដល់សព្វថ្ងៃ?

តើ​តាម​របៀប​ណា​គម្ពីរ​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ?

គឺ​អស្ចារ្យ​ណាស់​ដែល​គម្ពីរ​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ។ គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់​ក្នុង​រយៈ​ពេល​ជាង​១.៩០០​ឆ្នាំ ហើយ​បាន​ត្រូវ​សរសេរ​នៅ​លើ​វត្ថុ​ដែល​ងាយ​ខូច ដូច​ជា​ក្រដាស​ធ្វើ​ពី​ដើម​ផែបផាយរ៉ុស និង​ផ្ទាំង​ស្បែក​សត្វ។ ឯកសារ​ដើម​នៃ​គម្ពីរ​បាន​ត្រូវ​សរសេរ​ជា​ភាសា​ដែល​មនុស្ស​ភាគ​តិច​នៅ​សព្វ​ថ្ងៃ​នេះ​ស្គាល់។ បន្ថែម​ទៅ​ទៀត ពួក​អ្នក​មាន​អំណាច​ចាប់​ពី​មេ​ដឹក​នាំ​សាសនា​រហូត​ដល់​អធិរាជ ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បំផ្លាញ​គម្ពីរ។

តើ​តាម​របៀប​ណា​សៀវភៅ​គម្ពីរ​បាន​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ និង​ទៅ​ជា​សៀវភៅ​ដែល​ល្បី​ល្បាញ​ជាង​គេ? សូម​ពិចារណា​ក​ត្តា​ពីរ​យ៉ាង។

ឯកសារ​ចម្លង​ជា​ច្រើន​រក្សា​ទុក​ពាក្យ​ដូច​ឯកសារ​ដើម

ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​អ្នក​ការ​ពារ​ឯកសារ​គម្ពីរ​នៅ​ដើម​ដំបូង បាន​រក្សា​ទុក​រមូរ​ដើម​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​បាន​ចម្លង​ទុក​ជា​ច្រើន​ច្បាប់។ ជា​ឧទាហរណ៍ បណ្ដា​ស្ដេច​អ៊ីស្រាអែល​បាន​ត្រូវ​បង្គាប់​ឲ្យ«ចំ​ឡង​ក្រិត្យ​វិន័យ តាម​គម្ពីរ​ដែល​នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ»។—ចោទិយកថា ១៧:១៨

ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​ចូល​ចិត្ត​អាន​គម្ពីរ ហើយ​ពួក​គេ​ទទួល​ស្គាល់​ថា​នោះ​ជា​បណ្ដាំ​របស់​ព្រះ។ ជា​លទ្ធផល ការ​ចម្លង​ពី​ឯកសារ​ដើម​បាន​ត្រូវ​ធ្វើ​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​អ្នក​ជំនាញ​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​យ៉ាង​ល្អ។ អ្នក​ជំនាញ​ខាង​ចម្លង​ម្នាក់​ឈ្មោះ​អែសរ៉ា​ដែល​កោត​ខ្លាច​ព្រះ បាន​ត្រូវ​គេ​ស្គាល់​ថា​ជា«ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ប្រទាន​មក»។ (អែសរ៉ា ៧:៦) ពួក​ម៉ាសូរីត​ជា​អ្នក​ស្ទាត់​ជំនាញ​ខាង​ចម្លង​បទ​គម្ពីរ​ហេប្រឺ​ឬ«សញ្ញា​ចាស់» ពួក​គេ​រស់​នៅ​រវាង​សតវត្សរ៍​ទី​៦​ដល់​សតវត្សរ៍​ទី​១០​គ.ស.។ ពេល​ពួក​គេ​ចម្លង​ពួក​គេ​រាប់​តួ​អក្សរ​នី​មួយ​ៗ ដើម្បី​កុំ​ឲ្យ​មាន​កំហុស។ ការ​ចម្លង​យ៉ាង​ហ្មត់​ចត់​បែប​នេះ នាំ​ឲ្យ​មាន​ភាព​ត្រឹម​ត្រូវ​ដូច​ឯកសារ​ដើម។ តាម​របៀប​នេះ គម្ពីរ​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ ទោះ​ជា​ពួក​សត្រូវ​ខំ​ព្យាយាម​បំផ្លាញ​គម្ពីរ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ។

ជា​ឧទាហរណ៍​នៅ​ឆ្នាំ​១៦៨ មុន​គ.ស. អ្នក​គ្រប់​គ្រង​ជន​ជាតិ​ស៊ីរី​ម្នាក់​ឈ្មោះ​អាន់ទីយ៉ូកឹស​ទី​៤ គាត់​ព្យាយាម​បំផ្លាញ​ឯកសារ​ចម្លង​នៃ​បទ​គម្ពីរ​ហេប្រឺ​ទាំង​អស់​ដែល​គាត់​អាច​រក​ឃើញ​នៅ​ទូទាំង​ស្រុក​ប៉ាឡេស្ទីន។ យោង​ទៅ​តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ​មួយ​របស់​ជនជាតិ​យូដា​រៀប​រាប់​ថា៖«រមូរ​ក្រឹត្យ​វិន័យ​ណា​ដែល​គេ​រក​ឃើញ គេ​ហែក​ចោល រួច​ដុត​បំផ្លាញ»។ សព្វវចនាធិប្បាយ​មួយ​រៀប​រាប់​ថា៖«ពួក​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​បាន​ធ្វើ​តាម​បង្គាប់​នោះ​យ៉ាង​ម៉ឺង​ម៉ាត់...បើ​អ្នក​ណា​ម្នាក់​បាន​ត្រូវ​រក​ឃើញ​ថា​មាន​សៀវភៅ​គម្ពីរ...នឹង​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជនជាតិ​យូដា​នៅ​ស្រុក​ប៉ាឡេស្ទីន​និង​ពួក​អ្នក​ដែល​រស់​នៅ​ស្រុក​ឯ​ទៀត នៅ​តែ​មាន​ឯកសារ​ចម្លង​ពី​គម្ពីរ(The Jewish Encyclopedia)។

មិន​យូរ​ក្រោយ​ពី​ពួក​អ្នក​សរសេរ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ឬ«សញ្ញា​ថ្មី»បាន​បញ្ចប់​កិច្ចការ​ដែល​ព្រះ​បាន​ដឹក​នាំ មាន​ការ​ចម្លង​ជា​ច្រើន​ពី​ឯកសារ​ទាំង​នោះ គឺ​ពី​សំបុត្រ​ផ្សេង​ៗ បទ​ទំនាយ និង​កំណត់​ហេតុ​ប្រវត្តិ​សាស្ត្រ។ ជា​ឧទាហរណ៍ យ៉ូហាន​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​របស់​គាត់​នៅ​ក្រុង​អេភេសូរ​ឬ​ក្បែរ​នោះ។ ប៉ុន្តែ ផ្នែក​មួយ​នៃ​ឯកសារ​ចម្លង​ពី​សៀវភៅ​របស់​គាត់ អ្នក​ជំនាញ​បាន​និយាយ​ថា​ឯកសារ​ចម្លង​នេះ​បាន​ធ្វើ​ឡើង​៥០​ឆ្នាំ​ក្រោយ​ពី​យ៉ូហាន​សរសេរ​សៀវភៅ​របស់​គាត់។ ឯកសារ​នោះ​បាន​ត្រូវ​រក​ឃើញ​នៅ​ស្រុក​អេហ្ស៊ីប​ដែល​មាន​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ​ពី​អេភេសូរ។ ការ​រក​ឃើញ​នោះ​បង្ហាញ​ថា​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ស្រុក​ឆ្ងាយ​ៗ មាន​ឯកសារ​ចម្លង​មិន​យូរ​ក្រោយ​ពី​ឯកសារ​ដើម​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ។

ការ​ចែក​ចាយ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ទូលំ​ទូលាយ​ក៏​ជា​ក​ត្តា​មួយ​ទៀត​ដែល​ជួយ​ឲ្យ​បណ្ដាំ​របស់​ព្រះ​នៅ​គង់​វង្ស​អស់​រាប់​សតវត្សរ៍​ក្រោយ​ពី​គ្រា​របស់​គ្រិស្ត។ ជា​ឧទាហរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ក្នុង​ឆ្នាំ​៣០៣ គ.ស. គេ​រៀប​រាប់​ថា​អធិរាជ​រ៉ូម​ឈ្មោះ​ដែអូគ្លីសៀន បាន​ឈរ​មើល​ទាហាន​របស់​គាត់​វាយ​បំបែក​ទ្វារ​វិហារ ហើយ​ដុត​បំផ្លាញ​ឯកសារ​គម្ពីរ។ ដែអូគ្លីសៀន​គិត​ថា​គាត់​អាច​បំបាត់​គ្រិស្ត​សាសនា ដោយ​បំផ្លាញ​ឯកសារ​គម្ពីរ។ នៅ​ថ្ងៃ​បន្ទាប់ គាត់​បាន​ចេញ​បញ្ជា​នៅ​ទូទាំង​ចក្រភព​រ៉ូម​ឲ្យ​គេ​ដុត​ឯកសារ​ចម្លង​ពី​គម្ពីរ​ទាំង​អស់​ជា​សាធារណៈ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ឯកសារ​គម្ពីរ​មួយ​ចំនួន​បាន​នៅ​សេស​សល់ ហើយ​បាន​ត្រូវ​ចម្លង​ម្ដង​ទៀត។ តាម​ពិត​ឯកសារ​ធំ​ពីរ​នៃ​ឯកសារ​ចម្លង​ពី​គម្ពីរ​ភាសា​ក្រិច ទំនង​ជា​បាន​ត្រូវ​ធ្វើ​ឡើង​មិន​យូរ​ក្រោយ​ពី​ការ​បៀត​បៀន​របស់​ដែអូគ្លីសៀន។ ឯកសារ​ពីរ​នោះ​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ។ មួយ​នៅ​ក្រុង​រ៉ូម និង​មួយ​ទៀត​នៅ​បណ្ណាល័យ​ក្នុង​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ទោះ​ជា​មិន​បាន​រក​ឃើញ​ឯកសារ​ដើម​នៃ​គម្ពីរ​ក៏​ពិត​មែន តែ​ឯកសារ​ចម្លង​រាប់​ពាន់​នៃ​គម្ពីរ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​បាន​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ។ ឯកសារ​ចម្លង​ខ្លះ​ចាស់​ខ្លាំង​ណាស់។ តើ​ការ​ចម្លង​ធ្វើ​ឲ្យ​ព័ត៌មាន​ក្នុង​ឯកសារ​ដើម​ផ្លាស់​ប្ដូរ​ឬ​ទេ? ស្ដី​អំពី​បទ​គម្ពីរ​ជា​ភាសា​ហេប្រឺ បណ្ឌិត​គម្ពីរ​ម្នាក់​ឈ្មោះ​វីល្លាម ហេនរី​ហ្គ្រីន បាន​និយាយ​ថា៖«យើង​មាន​ការ​ជឿ​ជាក់​ថា គ្មាន​ឯកសារ​បុរាណ​ណា​បាន​ត្រូវ​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​ដូច​ឯកសារ​គម្ពីរ​ទេ»។ ស្ដី​អំពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច លោក​ហ្វ្រេដេរិក ខេនយ៉ន់ ដែល​ជា​បណ្ឌិត​ម្នាក់​ខាង​ឯកសារ​ដើម​នៃ​គម្ពីរ​បាន​សរសេរ​ថា៖«ចន្លោះ​រយៈ​ពេល​នៃ​ការ​សរសេរ​ឯកសារ​ដើម​និង​ឯកសារ​ចម្លង​គឺ​មិន​ឆ្ងាយ​ពី​គ្នា​ទេ។ ដូច្នេះ គ្មាន​ការ​សង្ស័យ​ទាល់​តែ​សោះ​ថា ឯកសារ​គម្ពីរ​ដែល​បាន​ត្រូវ​បន្សល់​ទុក​មក​ដល់​យើង​រហូត​ដល់​សព្វ​ថ្ងៃ គឺ​ដូច​ឯកសារ​ដើម។ ដោយ​គ្មាន​ការ​មន្ទិល​សង្ស័យ​យើង​អាច​ទទួល​ស្គាល់​ថា សៀវភៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​មាន​ភាព​ត្រឹម​ត្រូវ ហើយ​មិន​បាន​កែ​ប្រែ​ឡើយ»។ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា៖«យើង​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​សំណេរ​ក្នុង​គម្ពីរ​បាន​ត្រូវ​រក្សា ហើយ​មិន​បាន​ផ្លាស់​ប្ដូរ​ទេ។...យើង​មិន​អាច​និយាយ​ដូច្នេះ​ចំពោះ​សៀវភៅ​បុរាណ​ឯ​ទៀត​ឡើយ»។

ការ​បក​ប្រែ​គម្ពីរ

ក​ត្តា​សំខាន់​មួយ​ទៀត​ដែល​ជួយ​ឲ្យ​គម្ពីរ​ក្លាយ​ទៅ​ជា​សៀវភៅ​ល្បី​ល្បាញ​ជាង​គេ​គឺ​ដោយ​សារ​គម្ពីរ​មាន​ច្រើន​ភាសា។ ការ​ពិត​នេះ​ស្រប​តាម​គោល​បំណង​របស់​ព្រះ គឺ​លោក​ចង់​ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​គ្រប់​ភាសា​ស្គាល់​លោក និង​គោរព​ប្រណិប័តន៍​លោក«ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត»។—យ៉ូហាន ៤:២៣, ២៤; មីកា ៤:២

សេចក្ដី​បក​ប្រែ​ដំបូង​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​ទៅ​ជា​ភាសា​ក្រិច ហៅ​ថា​សេបធួជីន។ សេចក្ដី​បក​ប្រែ​នេះ​បាន​រៀបចំ​ឡើង​សម្រាប់​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិច និង​រស់​នៅ​ខាង​ក្រៅ​ស្រុក​ប៉ាឡេស្ទីន។ គម្ពីរ​សេបធួជីន​បាន​ត្រូវ​បក​ប្រែ​ចប់ ប្រហែល​ជា​ពីរ​រយ​ឆ្នាំ​មុន​លោក​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បម្រើ​នៅ​ផែនដី។ គម្ពីរ​ទាំង​មូល​រួម​ទាំង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច បាន​ត្រូវ​បក​ប្រែ​ជា​ច្រើន​ភាសា​ក្នុង​អំឡុង​ពីរ​បី​សតវត្សរ៍​ក្រោយ​ពី​បាន​សរសេរ​ចប់។ ក្រោយ​មក បណ្ដា​ស្ដេច​និង​ពួក​បព្វជិត​គួរ​តែ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​បណ្ដា​ជន​មាន​គម្ពីរ តែ​ពួក​គេ​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​នោះ​ទៅ​វិញ។ ពួក​គេ​ព្យាយាម​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បក​ប្រែ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​ភាសា​ដែល​មនុស្ស​ទូទៅ​និយាយ។

ទោះ​ជា​មាន​បម្រាម​ពី​អ្នក​ដឹក​នាំ​វិហារ​សាសនា​និង​ពី​រដ្ឋាភិបាល​ក្ដី ពួក​បុរស​មួយ​ចំនួន​ដែល​មាន​ចិត្ត​ក្លាហាន​បាន​ប្រថុយ​ជីវិត​ដើម្បី​បក​ប្រែ​គម្ពីរ​ទៅ​ជា​ភាសា​ដែល​មនុស្ស​ទូទៅ​និយាយ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៥៣០​បុរស​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​វីល្លាម ធីនដេល ដែល​បាន​សិក្សា​នៅ​សកល​វិទ្យាល័យ​អុកហ្វត គាត់​បាន​បក​ប្រែ​សៀវភៅ​ប្រាំ​ក្បាល​ដំបូង​ពី​បទ​គម្ពីរ​ហេប្រឺ។ ទោះ​ជា​មាន​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ក៏​ដោយ គាត់​ជា​មនុស្ស​ទី​១​ដែល​បាន​បក​ប្រែ​គម្ពីរ​ពី​ភាសា​ហេប្រឺ​ទៅ​ជា​ភាសា​អង់គ្លេស។ ធីនដេល​ជា​អ្នក​បក​ប្រែ​ជន​ជាតិ​អង់គ្លេស​ទី​១​ដែល​បាន​ប្រើ​នាម​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​បក​ប្រែ​របស់​គាត់។ រីឯ​បណ្ឌិត​គម្ពីរ​ជន​ជាតិ​អេស្ប៉ាញ​ម្នាក់​ឈ្មោះ​កាស្យូដូរ៉ូ ដឺ​រេនណា គាត់​ប្រថុយ​ជីវិត​ជា​ញឹក​ញយ​ដោយ​សារ​ការ​បៀត​បៀន​ពី​ពួក​កាតូលិក។ គាត់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ បារាំង ហូឡង់ និង​ស្វីស កាល​ដែល​គាត់​បង្ហើយ​កិច្ច​ការ​បក​ប្រែ​របស់​គាត់។ *

សព្វ​ថ្ងៃ​នេះ នៅ​តែ​មាន​ការ​បក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេង​ៗ​ទៀត ហើយ​បាន​ត្រូវ​បោះ​ពុម្ព​រាប់​លាន​ក្បាល។ ការ​ដែល​គម្ពីរ​បាន​ត្រូវ​រក្សា​ទុក​រហូត​ដល់​សព្វ​ថ្ងៃ និង​បាន​ក្លាយ​ទៅ​ជា​សៀវភៅ​ដ៏​ល្បី​ល្បាញ​ជាង​គេ បញ្ជាក់​ពី​សេចក្ដី​ពិត​ដែល​ព្រះ​បាន​ដឹក​នាំ​សាវ័ក​ពេត្រុស​ឲ្យ​សរសេរ​ថា៖‹ស្មៅ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ទៅ ប៉ុន្តែ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ស្ថិត​ស្ថេរ​ជា​រៀង​រហូត›។—ពេត្រុស​ទី​១ ១:២៤, ២៥

[កំណត់​សម្គាល់]

^ វគ្គ 14 សេចក្ដី​បក​ប្រែ​រេនណា​បាន​ត្រូវ​បោះ​ពុម្ព​នៅ​ឆ្នាំ​១៥៦៩ ហើយ​បាន​ត្រូវ​កែ​ប្រែ​ជា​ថ្មី​ដោយ​កាព្រីយ៉ាណូ ដឺ​វ៉ាឡេរ៉ា នៅ​ឆ្នាំ​១៦០២។

[ប្រអប់​/​រូបភាព]

តើ​សេចក្ដី​បក​ប្រែ​មួយ​ណា​ដែល​ខ្ញុំ​គួរ​អាន?

ភាសា​ជា​ច្រើន​មាន​សេចក្ដី​បក​ប្រែ​គម្ពីរ​ផ្សេង​ៗ។ សេចក្ដី​បក​ប្រែ​ខ្លះ​ប្រើ​ពាក្យ​ពិបាក និង​ហួស​សម័យ។ សេចក្ដី​បក​ប្រែ​ខ្លះ​ទៀត ប្រើ​ពាក្យ​សម្រាយ​ដើម្បី​ស្រួល​អាន ជា​ជាង​ត្រឹម​ត្រូវ។ រីឯ​សេចក្ដី​បក​ប្រែ​ខ្លះ​ទៀត ប្រើ​ន័យ​ត្រង់​ស្ទើរ​តែ​គ្រប់​ពាក្យ​ទាំង​អស់។

ចំណែក​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា បាន​ត្រូវ​បក​ប្រែ​ដោយ​ផ្ទាល់​ពី​ភាសា​ដើម ដោយ​គណៈ​កម្មាធិការ​មួយ​ដែល​មិន​បង្ហាញ​ឈ្មោះ។ រួច​មក សេចក្ដី​បក​ប្រែ​នេះ​បាន​ត្រូវ​ប្រើ​ជា​ឯកសារ​គោល ដើម្បី​បក​ប្រែ​ប្រហែល​ជា​៦០​ភាសា​ផ្សេង​ទៀត។ ប៉ុន្តែ ក្រុម​បក​ប្រែ​ក្នុង​ភាសា​ទាំង​នោះ បាន​ប្រៀប​ធៀប​យ៉ាង​ហ្មត់​ចត់​ទៅ​នឹង​ឯកសារ​គម្ពីរ​ជា​ភាសា​ដើម គោល​ដៅ​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី គឺ​បក​ន័យ​ត្រង់​ពី​ឯកសារ​ដើម​ដរាប​ណា​មិន​ផ្លាស់​ប្ដូរ​អត្ថន័យ។ ក្រុម​បក​ប្រែ​ខំ​ព្យាយាម​ធ្វើ​ឲ្យ​គម្ពីរ​ស្រួល​យល់​សម្រាប់​អ្នក​អាន​នៅ​សព្វ​ថ្ងៃ ដូច​អ្នក​អាន​នៅ​សម័យ​គម្ពីរ​ដែរ។

អ្នក​ជំនាញ​ខ្លះ​ខាង​ភាសា បាន​ពិនិត្យ​មើល​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​នៃ​គម្ពីរ ដែល​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ រួម​ទាំង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ដែរ។ ពួក​គេ​ពិនិត្យ​មើល​ភាព​ត្រឹម​ត្រូវ និង​ភាព​លម្អៀង​នៃ​សេចក្ដី​បក​ប្រែ​ទាំង​នោះ។ អ្នក​ជំនាញ​ម្នាក់​ឈ្មោះ​ចេសិន ដាវីឌ ប៊ីដាន់ ជា​សាស្ត្រាចារ្យ​បង្រៀន​ខាង​សាសនា​នៅ​សកល​វិទ្យាល័យ​អារីហ្សូណា​ខាង​ជើង​ក្នុង​សហរដ្ឋ​អាម៉េរិក។ នៅ​ឆ្នាំ​២០០៣ គាត់​បាន​បោះ​ពុម្ព​សៀវភៅ​មួយ​ដែល​មាន​២០០​ទំព័រ មាន​ចំណង​ជើង​ថា​៖​«​គម្ពីរ​ដែល​មនុស្ស​និយាយ​ភាសា​អង់គ្លេស​ប្រើ​ច្រើន​ជាង​គេ​បំផុត​»។ * គាត់​បាន​សិក្សា​ស្រាវ​ជ្រាវ ខ​គម្ពីរ​មួយ​ចំនួន​ដែល​បណ្ឌិត​គម្ពីរ មិន​យល់​ស្រប​គ្នា​អំពី​អត្ថន័យ ព្រោះ​នោះ​ជា​កន្លែង​ដែល​ភាព​លម្អៀង​ទំនង​ជា​ប៉ះ​ពាល់​ដល់​ការ​បក​ប្រែ។ ចំពោះ​ខ​នី​មួយ​ៗ គាត់​បាន​ប្រៀប​ធៀប​ឯកសារ​ជា​ភាសា​ក្រិច ទៅ​នឹង​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​ជា​ភាសា​អង់គ្លេស។ គាត់​ស្វែង​រក​កន្លែង ដែល​មាន​ភាព​លម្អៀង​ដែល​អ្នក​បក​ប្រែ​បាន​ផ្លាស់​ប្ដូរ​អត្ថន័យ។ ក្រោយ​មក តើ​គាត់​បាន​សន្និដ្ឋាន​យ៉ាង​ណា?

សាស្ត្រាចារ្យ​ប៊ីដាន់ លើក​ឡើង​ថា​មនុស្ស​ទូទៅ​និង​បណ្ឌិត​គម្ពីរ​ជា​ច្រើន​ប៉ាន់​ស្មានថា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ខុស​ពី​សេចក្ដី​បក​ប្រែ​ឯ​ទៀត គឺ​ដោយ​សារ​ក្រុម​អ្នក​បក​ប្រែ​មាន​ភាព​លម្អៀង​តាម​សេចក្ដី​បង្រៀន​សាសនា​របស់​ខ្លួន។ ប៉ុន្តែ គាត់​និយាយ​ថា​៖​«​ភាគ​ច្រើន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ខុស​ពី​សេចក្ដី​បក​ប្រែ​ឯ​ទៀត គឺ​ដោយ​សារ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​មាន​ភាព​ត្រឹម​ត្រូវ​ជាង។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​បក​ន័យ​ត្រង់ ហើយ​រក្សា​ទុក​អត្ថន័យ​ដូច​ដើម​»។ ទោះ​ជា​សាស្ត្រាចារ្យ​ប៊ីដាន់ មិន​យល់​ស្រប​នូវ​ចំណុច​មួយ​ចំនួន​របស់​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ក៏​ដោយ គាត់​និយាយ​ថា​៖​«​សេចក្ដី​បក​ប្រែ​នេះ គឺ​ជា​សេចក្ដី​បក​ប្រែ​ដែល​ត្រឹម​ត្រូវ​ជាង​គេ​បំផុត បើ​ប្រៀប​ធៀប​នឹង​សេចក្ដី​បក​ប្រែ​ឯ​ទៀត​»។ គាត់​ហៅ​សេចក្ដី​បក​ប្រែ​នេះ​ថា​៖​«​ជា​សេចក្ដី​បក​ប្រែ​ដ៏​ល្អ​»។

បណ្ឌិត​ភាសា​ហេប្រឺ​ម្នាក់​នៅ​ប្រទេស​អ៊ីស្រាអែល​ឈ្មោះ​បេនយ៉ាមីន កេដា​រ បាន​ផ្ដល់​ការ​សន្និដ្ឋាន​ស្រដៀង​នឹង​បណ្ឌិត​ប៊ីដាន់ ស្ដី​អំពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ នៅ​ឆ្នាំ​១៩៨៩​គាត់​បាន​ប្រាប់​ថា​៖​«​សេចក្ដី​បក​ប្រែ​នេះ ឆ្លុះ​បញ្ចាំង​អំពី​ការ​ខំ​ព្យាយាម​យ៉ាង​ស្មោះ ដើម្បី​មាន​សេចក្ដី​បក​ប្រែ​ដែល​ស្រួល​យល់ និង​ត្រឹម​ត្រូវ​បំផុត...ខ្ញុំ​មិន​ដែល​រក​ឃើញ​ភាព​លម្អៀង​ណា​មួយ ឬ​ការ​បញ្ចូល​អ្វី​មួយ​ដោយ​ចេតនា​ដែល​គ្មាន​ក្នុង​ឯកសារ​ដើម​នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ទេ​»។

សូម​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​មាន​គោល​ដៅ​អ្វី​ក្នុង​ការ​អាន​គម្ពីរ? តើ​ខ្ញុំ​ចង់​បាន​គម្ពីរ​ដែល​ស្រួល​អាន​តែ​មិន​សូវ​ត្រឹម​ត្រូវ​ឬ? តើ​ខ្ញុំ​ចង់​អាន​គម្ពីរ​ដែល​មាន​ភាព​ត្រឹម​ត្រូវ​បំផុត​ដូច​ឯកសារ​ដើម​ឬ​ទេ? (​ពេត្រុស​ទី​២ ១:២០, ២១​) គោល​ដៅ​របស់​អ្នក​គួរ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ជ្រើស​រើស​យក​សេចក្ដី​បក​ប្រែ​ណា​មួយ។

[កំណត់​សម្គាល់]

^ វគ្គ 22 ក្រៅ​ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី សេចក្ដី​បក​ប្រែ​ឯ​ទៀត​មាន​ដូច​ត​ទៅ​៖The Amplified New Testament, The Living Bible, The New American Bible With Revised New Testament, New American Standard Bible, The Holy Bible​New International Version, The New Revised Standard Version, The Bible in Today’s English Version, and King James Version.

[រូបភាព]

​«​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ​»​មាន​ច្រើន​ភាសា

[រូបភាព]

សំណេរ​របស់​ពួក​ម៉ាសូរីត

[រូបភាព]

បំណែក​មួយ​ដែល​មាន​បទ​គម្ពីរ​លូកា ១២:៧​ដែល​ចែង​ថា៖«...កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត»

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព]

Foreground page: National Library of Russia, St. Petersburg; second and third: Bibelmuseum, Münster; background: © The Trustees of the Chester Beatty Library, Dublin