ចូរពង្រឹងការតាំងចិត្តរបស់អ្នក
ចូរពង្រឹងការតាំងចិត្តរបស់អ្នក
សៀវភៅមួយប្រាប់ថា៖ «អ្នកដែលបានផ្ដាច់បារីដោយជោគជ័យ ការតាំងចិត្តយ៉ាងមោះមុតគឺជាអ្វីដ៏សំខាន់» (“Stop Smoking Now!”)។
និយាយឲ្យខ្លីទៅ បើអ្នកចង់ឈប់ជក់បារី អ្នកត្រូវតែមានការតាំងចិត្តយ៉ាងមុតមាំ។ តើតាមរបៀបណាអ្នកអាចពង្រឹងការតាំងចិត្តរបស់អ្នក? សូមគិតទៅមើលថា តើជីវិតអ្នកនឹងល្អប្រសើរយ៉ាងណា បើអ្នកឈប់ជក់បារី។
អ្នកអាចសន្សំលុយបាន។ ការជក់បារីមួយថ្ងៃមួយកញ្ចប់អាចធ្វើឲ្យអ្នកចំណាយរាប់រយដុល្លារក្នុងមួយឆ្នាំ។ បងស្រីជីយានូដែលនៅប្រទេសនេប៉ាល់បានរៀបរាប់ថា៖ «ខ្ញុំមិនដែលគិតសោះថា ខ្ញុំបានចំណាយលុយយ៉ាងច្រើនទៅលើបារី»។
អ្នកនឹងសប្បាយនឹងជីវិតជាង។ បងស្រីរីជីណាដែលនៅប្រទេសអាហ្វ្រិកខាងត្បូងបានរៀបរាប់ថា៖«ពេលដែលខ្ញុំឈប់ជក់បារី ជីវិតរបស់ខ្ញុំល្អប្រសើរជាង»។ ពេលដែលមនុស្សឈប់ជក់បារី នោះធ្វើឲ្យសមត្ថភាពនៃការដឹងក្លិននិងការដឹងរសជាតិរបស់ពួកគេល្អជាង ហើយក៏ធ្វើឲ្យពួកគេមានរាងកាយមាំមួននិងទឹកមុខស្រស់បស់ជាងដែរ។
សុខភាពរបស់អ្នកនឹងល្អប្រសើរជាង។ «នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិកបានរៀបរាប់ថា៖«ការឈប់ជក់បារីមានប្រយោជន៍ជាច្រើនសម្រាប់មនុស្សគ្រប់វ័យមិនថាប្រុសឬស្រីក្ដី»
អ្នកមានទំនុកចិត្តលើខ្លួនឯង។ បងប្រុសហេននីងដែលនៅប្រទេសដាណឺម៉ាកបាននិយាយថា៖«ខ្ញុំឈប់ជក់បារី ដោយសារមិនចង់ឲ្យបារីក្លាយជាម្ចាស់លើខ្ញុំ តែខ្ញុំចង់ធ្វើជាម្ចាស់លើរូបកាយរបស់ខ្លួនវិញ»។
ក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នកនឹងទទួលប្រយោជន៍។ សមាគមមួយបានរៀបរាប់ថា៖ «ការជក់បារី . . . ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកដែលនៅជុំវិញខ្លួនយើង។ . . . តាមការសិក្សាបានបង្ហាញថា ការស្រូបផ្សែងបារីពីអ្នកដែលជក់ បណ្ដាលឲ្យមានជំងឺមហារីកសួននិងជំងឺបេះដូង ហើយនេះនាំឲ្យមនុស្សរាប់ពាន់អ្នកស្លាប់ជារៀងរាល់ឆ្នាំ» (American Cancer Society)។
អ្នកនឹងធ្វើឲ្យអ្នកបង្កើតពេញចិត្ត។ «មិត្តជាទីស្រឡាញ់អើយ . . . ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។ (កូរិនថូសទី២ ៧:១) «ប្រគល់រូបកាយជាគ្រឿងបូជាដែលមានជីវិត . . . ហើយគាប់ចិត្តព្រះ»។—រ៉ូម ១២:១
បងស្រីស៊ីលវីអាដែលនៅប្រទេសអេស្ប៉ាញបាននិយាយថា៖ «ពេលដែលខ្ញុំដឹងថាព្រះមិនពេញចិត្តនូវអ្វីដែលនាំឲ្យរូបកាយស្មោកគ្រោក ខ្ញុំសម្រេចចិត្តឈប់ជក់បារី»។
ប៉ុន្តែ ការតាំងចិត្តប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ទេ យើងប្រហែលជាត្រូវការជំនួយពីអ្នកឯទៀតដូចជា ក្រុមគ្រួសារនិងមិត្តភក្តិ។ តើពួកគេអាចជួយអ្នកយ៉ាងដូចម្ដេច?