លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មិត្តក្លែងក្លាយ

មិត្តក្លែងក្លាយ

មិត្ត​ក្លែង​ក្លាយ

អ្នក​មាន​«​មិត្ត​ភក្តិ​»​ដែល​អ្នក​បាន​ស្គាល់​នៅ​វ័យ​ជំទង់។ គាត់​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មាន​ភាព​ចាស់​ទុំ និង​ហាក់​ដូច​ជា​ជួយ​អ្នក​ឲ្យ​ចុះ​សម្រុង​ជា​មួយ​នឹង​មិត្ត​ស្រករ​គ្នា។ ពេល​ដែល​អ្នក​តាន​តឹង​ចិត្ត អ្នក​អាច​ទៅ​រក​គាត់​ដើម្បី​«​បន្ធូរ​អារម្មណ៍​»។ តាម​ពិត អ្នក​ពឹង​ផ្អែក​លើ​គាត់​ក្នុង​ស្ថានភាព​ជា​ច្រើន។

ប៉ុន្តែ ក្រោយ​មក​អ្នក​បាន​ឃើញ​គុណ​វិបត្តិ​របស់​គាត់។ នៅ​កន្លែង​ខ្លះ​គាត់​រំខាន​អ្នក និង​ទាម​ទារ​ឲ្យ​អ្នក​នៅ​ជា​មួយ​គាត់​គ្រប់​ពេល​វេលា។ នៅ​ពេល​ដំណាល​គ្នា​ដែល​គាត់​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មាន​ភាព​ចាស់​ទុំ​ជាង គាត់​ក៏​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ចុះ​ខ្សោយ​ដែរ។ នៅ​ទី​បំផុត គាត់​បាន​លួច​លុយ​ខ្លះ​របស់​អ្នក។

នៅ​ពេល​ថ្មី​ៗ​នេះ អ្នក​ខំ​ព្យាយាម​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​គាត់ ប៉ុន្តែ​គាត់​មិន​ព្រម​ទេ។ គាត់​បាន​ក្លាយ​ជា​ម្ចាស់​របស់​អ្នក ហើយ​អ្នក​ស្ដាយ​ក្រោយ​ដែល​បាន​ស្គាល់​គាត់។

អ្នក​ជក់​បារី​ជា​ច្រើន​មាន​មាន​ទំនាក់​ទំនង​បែប​នេះ​ជា​មួយ​បារី។ ស្ត្រី​ម្នាក់​ឈ្មោះ​អឺលីន ដែល​បាន​ជក់​បារី​អស់​៥០​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​បារី​អាច​ជួយ​ខ្ញុំ​បាន​ច្រើន​ជាង​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​ទៅ​ទៀត។ វា​មិន​គ្រាន់​តែ​ជា​មិត្ត​ដែល​ស្គាល់​គ្នា​យូរ​ឆ្នាំ​ប៉ុណ្ណោះ​ទេ តែ​ពេល​ខ្លះ​វា​ជា​មិត្ត​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​មាន​»។ ក្រោយ​មក​បង​អឺលីន​បាន​ដឹង​ថា បារី​គឺ​ជា​មិត្ត​ក្លែង​ក្លាយ​និង​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​គាត់។ តាម​ពិត​ពាក្យ​ផ្ដើម​ខាង​លើ​បាន​ត្រូវ​សរសេរ​រៀប​រាប់​អំពី​គាត់។ ពេល​ដែល​គាត់​រៀន​ថា​ព្រះ​មិន​ពេញ​ចិត្ត​នឹង​ការ​ជក់​បារី ដោយ​សារ​វា​បង្ខូច​រូប​កាយ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ នោះ​គាត់​បាន​ចិត្ត​ស​ម្រេច​ឈប់​ជក់​បារី។—កូរិនថូស​ទី២ ៧:១

បុរស​ម្នាក់​ឈ្មោះ​ហ្វ្រេង ក៏​បាន​ស​ម្រេច​ចិត្ត​ឈប់​ជក់​បារី​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ដែរ។ ប៉ុន្តែ ពីរ​ថ្ងៃ​បន្ទាប់​ពី​គាត់​ផ្ដាច់​បារី គាត់​បាន​វារ​ពេញ​ផ្ទះ​ដើម្បី​រក​កន្ទុយ​បារី​ចាស់​ៗ​ដែល​ធ្លាក់​នៅ​លើ​ឥដ្ឋ​ការ៉ូ​យក​មក​ជក់។ បង​ហ្វ្រេង​បាន​និយាយ​ថា​៖​«​នេះ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​»។ គាត់​ក៏​បាន​និយាយ​ទៀត​ថា​៖​«​ពេល​ខ្ញុំ​ឃើញ​ខ្លួន​ឯង​វារ​ដើម្បី​ស្វែង​រក​កន្ទុយ​បារី​ចាស់​ៗ​ដូច្នេះ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្ពើម​រអើម​ខ្លួន​ឯង​ណាស់។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​ប្ដេជ្ញា​លែង​ជក់​បារី​ទៀត​»។

ហេតុ​អ្វី​បាន​ជា​ពិបាក​ផ្ដាច់​បារី​ម្ល៉េះ? អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​មូលហេតុ​មួយ​ចំនួន​ដូច​ជា​៖ (​១​) ផលិតផល​ដែល​ធ្វើ​ពី​ថ្នាំ​ជក់​អាច​ធ្វើ​ឲ្យ​ញៀន​ដូច​ថ្នាំ​ញៀន​ខុស​ច្បាប់​ដ៏​ទៃ​ទៀត​ដែរ។ (​២​) ជា​មធ្យម​ជាតិ​នីកូទីន​ជ្រាប​ចូល​ខួរ​ក្បាល​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៧​វិនាទី​ប៉ុណ្ណោះ។ (​៣​) ការ​ជក់​បារី​បាន​ក្លាយ​ទៅ​ជា​ទម្លាប់ និង​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់។

ដូច្នេះ ដូច​បទ​ពិសោធន៍​របស់​បង​ហ្វ្រេង​និង​បង​អឺលីន អ្នក​អាច​ផ្ដាច់​បារី​ដែល​នាំ​ផល​អាក្រក់​ដល់​អ្នក​បាន។ បើ​អ្នក​កំពុង​ជក់​បារី ប៉ុន្តែ​ចង់​ផ្ដាច់​វា អត្ថបទ​បន្ត​បន្ទាប់​អាច​ជួយ​អ្នក​ឲ្យ​ចាប់​ផ្ដើម​របៀប​រស់​នៅ​ថ្មី។