អ្នកអាចជោគជ័យបាន!
អ្នកអាចជោគជ័យបាន!
នេះជាពេលដែលអ្នកត្រូវ«មានកំឡាំងឡើង ហើយធ្វើសំរេចចុះ»។ (របាក្សត្រទី១ ២៨:១០)តើចុងក្រោយអ្នកត្រូវធ្វើអ្វីដើម្បីជោគជ័យ?
កំណត់ថ្ងៃ។ មន្ទីរសុខភាពសហរដ្ឋអាម៉េរិកបាននិយាយថា ពីរសប្ដាហ៍ក្រោយពីអ្នកឈប់ជក់បារី នោះទើបអ្នកអាចមានសេរីភាពពីបារីបាន នេះនឹងជួយរក្សាការតាំងរបស់អ្នក។ សូមកត់ថ្ងៃដែលអ្នកចាប់ផ្ដើមឈប់ជក់នៅក្នុងប្រតិទិនរបស់អ្នក ហើយសូមប្រាប់មិត្តភក្ដិរបស់អ្នកអំពីរឿងនេះ និងកុំផ្លាស់ប្ដូរថ្ងៃដែលអ្នកបានកំណត់ឡើយ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។
សូមធ្វើ«ក្រដាសកំណត់»ដែលមានព័ត៌មានដែលជួយអ្នកឲ្យផ្ដាច់បារីក្នុងក្រដាសនោះគួរមានព័ត៌មានដែលជួយពង្រឹងការតាំងចិត្តរបស់អ្នកដូចជា៖
● មូលហេតុដែលអ្នកឈប់ជក់បារី
● លេខទូរស័ព្ទរបស់បុគ្គលដែលអ្នកអាចតេទៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកពិបាកទ្រាំ
● គំនិត ប្រហែលអ្នកអាចសរសេរខគម្ពីរដូចជា កាឡាទី ៥:២២, ២៣ នេះនឹងជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នក
សូមយកក្រដាសកំណត់នោះទៅជាមួយអ្នកគ្រប់ពេល និងអានព័ត៌មានដែលមានក្នុងក្រដាសកំណត់នោះបីឬបួនដងក្នុងមួយថ្ងៃ។ ទោះជាអ្នកបានផ្ដាច់បារីហើយក៏ដោយ សូមបន្តអានក្រដាសកំណត់នោះនៅពេលដែលអ្នកមានអារម្មណ៍ថាចង់ជក់បារី។
ចាត់វិធានការទុកជាមុន: មុនថ្ងៃដែលអ្នកសម្រេចចិត្តថានឹងឈប់ជក់ សូមចាប់ផ្ដើមបញ្ឈប់រាល់ទម្លាប់ណាដែលធ្វើឲ្យអ្នកចង់ជក់បារី ឧទាហរណ៍សូមហាត់និយាយដោយលឺៗថា៖«ទេ អរគុណ! ខ្ញុំឈប់ជក់បារីហើយ»។ ជំហានទាំងនេះនឹងជួយអ្នកឲ្យត្រៀមខ្លួននៅថ្ងៃដែលអ្នកឈប់ជក់បារី ហើយនេះក៏រំលឹកអ្នកដែរថានៅបន្តិចទៀតអ្នកនឹងក្លាយទៅជាមនុស្សដែលលែងញៀនបារី។
ត្រៀមខ្លួនសម្រាប់ការផ្ដាច់បារីកាលដែលថ្ងៃកំណត់ជិតមកដល់សូមទិញទុកនូវអ្វីដែលអ្នកអាចញ៉ាំជំនួសបារីដូចជា៖ការ៉ុត ស្ករកៅស៊ូ និងគ្រាប់ធញ្ញជាតិជាដើម។ សូមរំលឹកមិត្តភក្តិនិងក្រុមគ្រួសារអំពីថ្ងៃដែលអ្នកបានកំណត់និងរបៀបដែលពួកគេអាចជួយគាំទ្រអ្នក។ សូមយកចានគោះបារី ដែកកេះ និងបារីដែលមាននៅផ្ទះ ក្នុងឡាន និងកន្លែងធ្វើការបោះចោលទាំងអស់។ ការសុំបារីពីមិត្តភក្តិឬសុំពួកគេឲ្យជួយទិញបារី នោះពិបាកជាងការមានបារីស្រាប់! ម្យ៉ាងទៀត សូមអធិដ្ឋានសុំជំនួយពីព្រះដោយអស់ពីចិត្តបន្ទាប់ពីអ្នកសម្រេចចិត្តថាឈប់ជក់បារី។—លូកា ១១:១៣
មនុស្សជាច្រើនអាចផ្ដាច់ទំនាក់ទំនងជាមួយមិត្តដ៏កាចសាហាវរបស់ពួកគេបានពោលគឺបារី អ្នកក៏អាចធ្វើដូចពួកគេដែរ។ ពេលដែលអ្នកផ្ដាច់បារី នោះអ្នកនឹងមានសុខភាពល្អជាងហើយនិងមានសេរីភាព។
[រូបភាព]
សូមយកក្រដាសកំណត់ទៅជាមួយអ្នកគ្រប់ពេល និងអានព័ត៌មានដែលមានក្នុងក្រដាសកំណត់នោះជារឿយៗ