អត្ថបទអំពីក្របទស្សនាវដ្ដី
អ្វីបីយ៉ាងដែលលុយមិនអាចទិញបាន
គួរឲ្យហួសចិត្តណាស់ សូម្បីតែមនុស្សជិតបាត់បង់ការងារ ផ្ទះសម្បែង និងប្រាក់ចូលនិវត្តន៍ក្ដី ក៏ពួកគេនៅតែចង់បានអ្វីៗជាច្រើន។
មនុស្សបែបនោះងាយធ្លាក់ចូលក្នុងអន្ទាក់នៃការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ការផ្សាយទាំងនោះទាក់ទាញចិត្តយើងថា យើងត្រូវតែមានផ្ទះធំជាង ឡានល្អជាង និងសម្លៀកបំពាក់ទំនើបៗ។ ហើយថាទោះជាគ្មានលុយក៏ដោយ មិនមែនជាបញ្ហាទេ។ ហេតុអ្វី? ព្រោះអាចខ្ចីលុយឬបង់រំលស់បាន។ មនុស្សជាច្រើនធ្វើបែបនេះដោយមានគោលដៅមួយ គឺចង់ឲ្យខ្លួនមើលទៅហ៊ឺហា ទោះជាត្រូវជំពាក់បំណុលក៏ដោយ។
ប៉ុន្តែ មិនយូរមិនឆាប់ ពួកគេនឹងដឹងខ្លួន។ សៀវភៅមួយបានរៀបរាប់ថា៖«ការទិញទំនិញដោយខ្ចីលុយឬបង់រំលស់ដើម្បីអួតសម្ញែង គឺស្រដៀងនឹងការសេពគ្រឿងញៀនដើម្បីឲ្យមានអារម្មណ៍ល្អ។ ព្រោះការទិញទំនិញបែបនេះ ដំបូងមើលទៅថោក ហើយដំណើរការរលូន តែនេះបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែយូរៗទៅ អ្នកនឹងតានតឹងចិត្ត ហើយដាច់យ៉ៃ»(The Narcissism Epidemic)។
គម្ពីរបង្ហាញថា«ការអួតសម្ញែងភាពមានបានរបស់ខ្លួន»គឺជាភាពល្ងីល្ងើ។ (យ៉ូហានទី១ ២:១៦) តាមពិត ការឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិអាចបង្វែរអារម្មណ៍យើងពីអ្វីដែលសំខាន់បំផុតក្នុងជីវិត ពោលគឺអ្វីដែលលុយមិនអាចទិញបានឡើយ។ សូមពិចារណាឧទាហរណ៍បី។
១. ភាពជិតស្និទ្ធក្នុងរង្វង់គ្រួសារ
យុវតីម្នាក់ឈ្មោះប៊្រេអាន a ដែលរស់នៅសហរដ្ឋអាម៉េរិក មានអារម្មណ៍ថាឪពុករបស់គាត់ចាត់ទុកលុយនិងការងារជាអ្វីដ៏សំខាន់។ នាងបានរៀបរាប់ថា៖«យើងមានអ្វីៗទាំងអស់ ហើយលើសពីសេចក្ដីត្រូវការទៅទៀត។ ប៉ុន្តែ ប៉ារបស់ខ្ញុំមិនដែលនៅផ្ទះទេ ដោយសារគាត់តែងតែធ្វើដំណើរ។ ខ្ញុំដឹងថានេះជាការងាររបស់គាត់ តែគាត់ក៏ត្រូវចំណាយពេលជាមួយក្រុមគ្រួសារដែរ!»។
សូមគិតអំពីនេះ៖ តើឪពុករបស់ប៊្រេអានប្រហែលជាស្ដាយក្រោយឬទេ? ដោយសារគាត់ផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើវត្ថុទ្រព្យ តើអាចមានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្តភាពរបស់គាត់ជាមួយនឹងកូនគាត់? តើក្រុមគ្រួសារគាត់ត្រូវការអ្វីពីគាត់ច្រើនជាងលុយ?
សូមពិចារណាគោលការណ៍គម្ពីរ៖
«ការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង ហើយការបណ្ដុះសេចក្ដីស្រឡាញ់បែបនោះ ធ្វើឲ្យអ្នកខ្លះ . . . [មាន]ទុក្ខវេទនាជាច្រើន»។—ធីម៉ូថេទី១ ៦:១០
«បើបរិភោគបន្លែមួយចាននៅកន្លែងដែលមានសេចក្ដីស្រឡាញ់ នោះប្រសើរជាងបរិភោគសាច់គោនៅកន្លែងដែលមានការស្អប់»។—សុភាសិត ១៥:១៧
សរុបសេចក្ដី៖ លុយមិនអាចទិញភាពជិតស្និទ្ធនៅក្នុងក្រុមគ្រួសារបានទេ មានតែការចំណាយពេលជាមួយក្រុមគ្រួសារ និងការបង្ហាញសេចក្ដីស្រឡាញ់ព្រមទាំងការយកចិត្តទុកដាក់ចំពោះគ្នាប៉ុណ្ណោះ។—កូឡុស ៣:១៨-២១
២. សុវត្ថិភាពពិតប្រាកដ
សារ៉ាដែលមានអាយុ១៧ឆ្នាំ បានរៀបរាប់ថា៖«ម៉ាក់របស់ខ្ញុំតែងតែប្រាប់ខ្ញុំថា ខ្ញុំត្រូវតែរៀបការជាមួយនឹងបុរសអ្នកមាន ហើយរៀនជំនាញណាមួយដើម្បីមានការងារល្អអាចផ្គត់ផ្គង់ខ្លួនបានមួយជីវិត។ ក្នុងគំនិតម៉ាក់ខ្ញុំមានតែលុយ និងធ្វើយ៉ាងម៉េចឲ្យតែបានលុយប៉ុណ្ណោះ»។
សូមគិតអំពីនេះ៖ ពេលគិតអំពីអនាគត តើអ្នកខ្វល់ខ្វាយរឿងអ្វីខ្លះ? តើពេលណាអ្នកខ្វល់ខ្វាយនិងបារម្ភខ្លាំងជាងគេ? តើម្ដាយរបស់សារ៉ាអាចឲ្យយោបល់ល្អជាងស្ដីអំពីទ្រព្យសម្បត្តិយ៉ាងដូចម្ដេច?
សូមពិចារណាគោលការណ៍គម្ពីរ៖
«ឈប់ប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដី ជាកន្លែងដែលសត្វល្អិតនិងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលចោរចូលលួច»។—ម៉ាថាយ ៦:១៩
«អ្នករាល់គ្នាមិនដឹងថាជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេនៅថ្ងៃស្អែក»។—យ៉ាកុប ៤:១៤
សរុបសេចក្ដី៖ ការសន្សំលុយឲ្យបានច្រើន មិនធានាថាអ្នកនឹងមានអនាគតដែលមានសុវត្ថិភាពទេ។ លើសពីនោះទៅទៀត លុយអាចត្រូវចោរលួច ហើយលុយមិនអាចព្យាបាលជំងឺឬរារាំងកុំឲ្យស្លាប់បានឡើយ។ (អ្នកទូន្មាន ៧:១២) គម្ពីរបង្រៀនថាសុវត្ថិភាពពិតប្រាកដមកពីការស្គាល់ព្រះនិងគោលបំណងរបស់លោក។—យ៉ូហាន ១៧:៣
៣. ការស្កប់ចិត្ត
ប្អូនស្រីថានយ៉ាដែលមានអាយុ២៤ឆ្នាំ បានរៀបរាប់ថា៖«ឪពុកម្ដាយខ្ញុំចិញ្ចឹមអប់រំខ្ញុំឲ្យមានរបៀបរស់នៅសាមញ្ញ។ ខ្ញុំនិងបងប្អូនភ្លោះខ្ញុំធំឡើងក្នុងជីវភាពបែបនេះ ហើយយើងសប្បាយនឹងជីវិតសាមញ្ញ»។
សូមគិតអំពីនេះ៖ ហេតុអ្វីប្រហែលជាពិបាកឲ្យយើងស្កប់ចិត្តនឹងអ្វីដែលយើងត្រូវការប៉ុណ្ណោះ? ពេលទាក់ទងនឹងរឿងលុយ តើអ្នកចង់ទុកគំរូអ្វីដល់ក្រុមគ្រួសារ?
សូមពិចារណាគោលការណ៍គម្ពីរ៖
«យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ និងសម្លៀកបំពាក់»។—ធីម៉ូថេទី១ ៦:៨
«អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។—ម៉ាថាយ ៥:៣
សរុបសេចក្ដី៖ មានអ្វីដែលសំខាន់ជាងលុយទៅទៀត ហើយនោះជាអ្វីដែលលុយមិនអាចទិញបានទេ។ សំខាន់បំផុត គម្ពីរចែងថា៖«ទោះជាមនុស្សម្នាក់មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ គាត់មិនបានជីវិតពីទ្រព្យទាំងនោះទេ»។ (លូកា ១២:១៥) យើងអាចស្កប់ចិត្តនឹងជីវិតបាន គឺមកពីយើងដឹងចម្លើយចំពោះសំណួរសំខាន់ៗដូចជា៖
ហេតុអ្វីយើងមានជីវិត?
តើអនាគតនឹងទៅជាយ៉ាងណា?
តើតាមរបៀបណាខ្ញុំអាចបំពេញការស្រេកឃ្លានចំពោះការណែនាំពីព្រះ?
សាក្សីព្រះយេហូវ៉ាដែលជាអ្នកផ្ដល់ទស្សនាវដ្ដីនេះដល់លោកអ្នក រីករាយនឹងជួយលោកអ្នកស្វែងរកចម្លើយចំពោះសំណួរទាំងនេះ។
a ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវប្ដូរ។