លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការសម្រាលទុក្ខនិងការលើកទឹកចិត្ត ជាត្បូងដែលមានមុខឆ្នៃជាច្រើន

ការសម្រាលទុក្ខនិងការលើកទឹកចិត្ត ជាត្បូងដែលមានមុខឆ្នៃជាច្រើន

ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត ជា​ត្បូង​ដែល​មាន​មុខ​ឆ្នៃ​ជា​ច្រើន

យើង​សឹង​តែ​គ្រប់​គ្នា​បាន​ជួប​ប្រទះ​គ្រា​ដែល​យើង​មាន​ចិត្ត​ស្រពាប់ស្រពោន​ជា​ខ្លាំង។ យើង​បាន​ធ្លាក់​ទឹក​ចិត្ត ព្រម​ទាំង​ក្រំ​ចិត្ត​យ៉ាង​ខ្លាំង​ផង។ ប៉ុន្តែ នៅ​គ្រា​បែប​នេះ​ហើយ ដែល​យើង​មាន​អ្វី​មួយ​ដ៏​មាន​តម្លៃ​ដែល​អាច​ជួយ​យើង​បាន។ «ត្បូង»នោះ​គឺ​ការ​លើក​ទឹក​ចិត្ត។

នៅ​ក្នុង​ព្រះ​គម្ពីរ ពាក្យ​ក្រិក​តែ​មួយ​នេះ​បាន​ប្រើ​សំរាប់«ការ​លើក​ទឹក» និង«ការ​សម្រាល​ទុក្ខ»។ ពាក្យ​ទាំង​ពីរ​បង្ហាញ​នូវ​អត្ថន័យ​នៃ​ការ​ឲ្យ​សេចក្ដី​ក្លាហាន កម្លាំង ឬ​សេចក្ដី​សង្ឃឹម។ ដូច្នេះ​ហើយ​ជា​ការ​ច្បាស់​ណាស់ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ទន់​ខ្សោយ ឬ​ចិត្ត​ទន់​ទាប ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់។ តើ​យើង​អាច​រក​ការ​នេះ​នៅ​កន្លែង​ណា​បាន?

ព្រះ​គម្ពីរ​ធានា​ប្រាប់​យើង​ថា ព្រះ​យេហូវ៉ា​ជា«ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក»។ (កូរិនថូស​ទី​២ ១:៣) ព្រះ​គម្ពីរ​ក៏​ចែង​ប្រាប់​យើង​ថា«ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយ​ៗ»ទេ។ (កិច្ច​ការ ១៧:២៧) ដូច្នេះ​ហើយ​គឺ​មាន​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត។ ចូរ​ឲ្យ​យើង​ពិចារណា​នូវ​ចំណុច​បួន​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ការ​លើក​ទឹក​ចិត្ត។

តាម​រយៈ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ

ប្រភព​ដ៏​ធំ​ជាង​គេ​នៃ​ការ​សម្រាល​ទុក្ខ គឺ​ការ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​ព្រះ​យេហូវ៉ា។ ដែល​ថា​អាច​មាន​ទំនាក់​ទំនង​បែប​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ទៅ​ហើយ។ ពី​ព្រោះ តើ​មាន​មេ​ដឹក​នាំ​ពិភព​លោក​ណា​មួយ​នឹង​ទទួល​យក​ការ​ទូរស័ព្ទ​ពី​យើង ឬ​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​របស់​យើង​ផ្ទាល់​នោះ? ព្រះ​យេហូវ៉ា​មាន​ព្រះ​ចេស្ដា​ជាង​មនុស្ស​ទាំង​នេះ​ទៅ​ទៀត។ ប៉ុន្តែ ទ្រង់​ជា​បុគ្គល​រាប​ទាប—ព្រម​ទាំង​សុខ​ព្រះ​ទ័យ​មក​ទាក់​ទង​ជា​មួយ​មនុស្ស​លោក​ដ៏​ថោក​ទាប​ហើយ​មាន​ខ្ចោះ​ផង។ (ទំនុកដំកើង ១៨:៣៥) ព្រះ​យេហូវ៉ា​គឺ​ព្រម​ទាំង​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​មក​យើង​ជា​មុន​ផង។ យ៉ូហាន​ទី​១ ៤:១០ ចែង​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ​រាជបុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង»។ ម្យ៉ាង​ទៀត ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ទាញ​នាំ​យក​យើង​ទៅ​ឯ​រាជបុត្រា​របស់​ទ្រង់។—យ៉ូហាន ៦:៤៤

តើ​អ្នក​បាន​ចង​មិត្តភាព​ជា​មួយ​ព្រះ​ហើយ​បាន​ស្វែង​រក​ការ​សម្រាល​ទុក្ខ​ហើយ​ឬ? (ប្រៀប​ធៀប យ៉ាកុប ២:២៣) ជា​ឧទាហរណ៍ បើ​សិន​ជា​អ្នក​មាន​មិត្ត​ដ៏​ជិត​ដិត​ម្នាក់ តើ​អ្នក​មិន​មាន​ចិត្ត​រីករាយ​ចំណាយ​ពេល​ជា​មួយ​បុគ្គល​នោះ និយាយ​ស្តី​យ៉ាង​ឥត​លាក់​លាម​អំពី​ការ​ទុក្ខ​ព្រួយ​និង​កង្វល់ សេចក្ដី​សង្ឃឹម​និង​អំណរ​របស់​អ្នក​ទេ​ឬ? ព្រះ​យេហូវ៉ា​ក៏​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ​ជា​មួយ​នឹង​ទ្រង់​ដែរ។ ទ្រង់​មិន​ដាក់​ព្រំ​ដែន​ឲ្យ​អ្នក​អាច​និយាយ​ប៉ុន្មាន​ជា​មួយ​ទ្រង់​ក្នុង​ការ​អធិស្ឋាន​នោះ​ឡើយ—ហើយ​ទ្រង់​ពិត​ជា​ស្ដាប់​មែន។ (ទំនុកដំកើង ៦៥:២; ថែស្សាឡូនីច​ទី​១ ៥:១៧) ព្រះ​យេស៊ូ​បាន​អធិស្ឋាន​យ៉ាង​ទៀង​ទាត់​ហើយ​ដោយ​ឥត​ឈប់​ឈរ។ តាម​ការ​ពិត មុន​នឹង​ទ្រង់​ជ្រើស​រើស​សាវ័ក​១២​នាក់ ទ្រង់​បាន​ចំណាយ​ពេល​មួយ​យប់​ក្នុង​ការ​អធិស្ឋាន។—លូកា ៦:១២​-​១៦; ហេព្រើរ ៥:៧

យូរ​ៗ​ម្ដង យើង​ម្នាក់​ៗ​អាច​មាន​ពេល​ដាច់​តែ​ឯង​ជា​មួយ​ព្រះ​យេហូវ៉ា។ ការ​អង្គុយ​នៅ​ឯ​បង្អួច ឬ​ការ​ដើរ​កំសាន្ត​ប៉ុណ្ណោះ អាច​ផ្ដល់​នូវ​ឱកាស​ឲ្យ​យើង​បើក​ចិត្ត​និយាយ​រៀប​រាប់​ប្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​អធិស្ឋាន។ ការ​ធ្វើ​ដូច​នេះ ក៏​អាច​ទៅ​ជា​ប្រភព​នៃ​ការ​ធូរ​ស្បើយ​និង​ការ​សម្រាល​ទុក្ខ​របស់​យើង​ដ៏​ខ្លាំង​ដែរ។ កាល​ដែល​យើង​រំពឹង​គិត បើ​សិន​ជា​យើង​ពិចារណា​មើល​របស់​ណា​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មក—ដូច​ជា​ពពក​លើ​មេឃ ដើម​ឈើ​ខ្លះ​ៗ​ឬ​បក្សា​បក្សី​ប៉ុណ្ណោះ—យើង​អាច​រក​ឃើញ​ក្នុង​នោះ​នូវ​ការ​រំឭក​ដ៏​សម្រាល​ទុក្ខ​អំពី​សេចក្ដី​ស្រឡាញ់​និង​ការ​ខ្វល់​ខ្វាយ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង។—រ៉ូម ១:២០

តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន​នៃ​បន្ទូល​របស់​ព្រះ

ប៉ុន្តែ​គឺ​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន​នៃ​ព្រះ​គម្ពីរ ដែល​គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​លាត​ត្រដាង​ឲ្យ​យើង​ឃើញ​នោះ។ ជា​ញឹក​ញាប់ ព្រះ​គម្ពីរ​សម្ដែង​ប្រាប់​ថា​ព្រះ​យេហូវ៉ា​ជា«ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ»។ (និក្ខមនំ ៣៤:៦; នេហេមា ៩:១៧; ទំនុកដំកើង ៨៦:១៥) ការ​ប្រាថ្នា​ចង់​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី​ជា​លក្ខណៈ​ដ៏​សំខាន់​បំផុត​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។

ជា​ឧទាហរណ៍ ចូរ​ពិចារណា​មើល​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៅ​អេសាយ ៦៦:១៣៖ «អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្ដាយ​ដែល​លួង​លោម​កូន»។ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ម្ដាយ​ចំពោះ​កូន​ដូច​ជា​ការ​បូជា​ខ្លួន​និង​ស្មោះ​ត្រង់។ បើ​អ្នក​ធ្លាប់​ឃើញ​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​សម្រាល​ទុក្ខ​កូន​ឈឺ​របស់​នាង អ្នកនឹង​យល់​អំពី​សេចក្ដី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​មក ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​សម្រាល​ទុក្ខ​ប្រជារាស្ត្រ​របស់​ទ្រង់។

រឿង​ព្រះ​គម្ពីរ​ជា​ច្រើន​បង្ហាញ​នូវ​ការ​សម្រាល​ទុក្ខ​បែប​នេះ។ នៅ​ពេល​ដែល​ព្យាការី​អេលីយ៉ា ត្រូវ​បាន​យេសិបិល ជា​មហា​ក្សត្រ​ត្រី​ដ៏​កំណាច​បាន​គំរាម​កំហែង​សម្លាប់​គាត់ គាត់​បាន​ទៅ​ជា​ខ្លាច​ហើយ​រត់​គេច​ខ្លួន​ទៅ។ គាត់​បាន​បាក់​ទឹក​ចិត្ត​ដល់​ម្ល៉េះ ដែល​គាត់​បាន​រត់​ទៅ​ទី​រហោ​ស្ថាន​ធ្វើ​ដំណើរ​មួយ​ថ្ងៃ ដោយ​មិន​បាន​យក​ទឹក​ឬ​គ្រឿង​ម្ហូប​អាហារ​ជា​មួយ​គាត់។ ដោយ​មាន​ការ​ទុក្ខ​ព្រួយ អេលីយ៉ា​បាន​មាន​បន្ទូល​ប្រាប់​ព្រះ​យេហូវ៉ា​ថា​គាត់​ចង់​ស្លាប់។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៩:១​-​៤) តើ​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ដើម្បី​នឹង​សម្រាល​ទុក្ខ​ហើយ​លើក​ទឹក​ចិត្ត​ព្យាការី​របស់​ទ្រង់​នោះ?

ព្រះ​យេហូវ៉ា​មិន​បាន​ស្តី​បន្ទោស​អេលីយ៉ា​ចំពោះ​ការ​មាន​អារម្មណ៍​ដាច់​តែ​ឯង គ្មាន​ប្រយោជន៍ ហើយ​ខ្លាច​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្យាការី​បាន​ឮ«សំឡេង​តូច​រហៀង​ៗ»។ (ពង្សាវតារ​ក្សត្រ​ទី​១ ១៩:១២) បើ​សិន​ជា​អ្នក​អាន​ពង្សាវតារ​ក្សត្រ​ទី​១ ជំពូក​១៩ អ្នក​នឹង​ឃើញ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​អេលីយ៉ា ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ ហើយ​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​បាន​មុត​មាំ​ឡើង។ នេះ​មិន​មែន​ជា​ការ​សម្រាល​ទុក្ខ​ក៏​រាក់​កំផែល​ឡើយ។ នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​ដ៏​ព្រួយ​របស់​អេលីយ៉ា ដោយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បន្ត​កិច្ច​ការ​របស់​គាត់។ (ប្រៀប​ធៀប អេសាយ ៤០:១, ២) មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​ចាប់​ផ្ដើម​កិច្ច​ការ​របស់​គាត់​ជា​ថ្មី​ឡើង​វិញ។

យ៉ាង​ដូច្នេះ​ដែរ ព្រះ​យេស៊ូ​គ្រីស្ទ​ក៏​បាន​សម្រាល​ទុក្ខ​ហើយ​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​ដែរ។ តាម​ការ​ពិត អេសាយ​បាន​ទាយ​អំពី​ព្រះ​មេស្ស៊ី​ថា៖ «ព្រះ​អម្ចាស់​យេហូវ៉ា . . . បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង . . . ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ដែល​សោយ​សោក»។ (អេសាយ ៦១:១​-​៣) ក្នុង​កំឡុង​ព្រះ​ជន្ម​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា ពាក្យ​ទាំង​នេះ​គឺ​សំដៅ​មក​លើ​ទ្រង់​មែន។ (លូកា ៤:១៧​-​២១) បើ​សិន​ជា​អ្នក​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ ចូរ​រំពឹង​គិត​ដល់​ការ​ទាក់​ទង​ដ៏​សប្បុរស​របស់​ព្រះ​យេស៊ូ ជា​មួយ​នឹង​អស់​ពួក​អ្នក​ដែល​បាន​ឈឺ​ចាប់​ឬ​ត្រូវ​ការ​ជំនួយ​នោះ​ចុះ។ ប្រាកដ​ហើយ ការ​សិក្សា​ផ្ទាល់​ខ្លួន​ដោយ​ប្រើ​ព្រះ​គម្ពីរ​ជា​ប្រភព​ដ៏​ធំ​មួយ​នៃ​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត។

តាម​រយៈ​ក្រុម​ជំនុំ

នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន ត្បូង​នៃ​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​គឺ​ចាំង​ផ្លេក​ៗ​ពី​មុខ​ឆ្នៃ​ជា​ច្រើន។ សាវ័ក​ប៉ុល​ត្រូវ​បាន​បណ្ដាល​ឲ្យ​សរសេរ​ថា៖ «ដូច្នេះ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។ (ថែស្សាឡូនីច​ទី​១ ៥:១១) តើ​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​អាច​រក​ឃើញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ដោយ​យ៉ាង​ណា?

ប្រាកដ​ហើយ ជា​ការ​សំខាន់​បំផុត យើង​មក​កិច្ច​ប្រជុំ​គ្រីស្ទាន​ដើម្បី​នឹង​ឲ្យ‹ព្រះ​យេហូវ៉ា​បង្រៀន​យើង› ដោយ​ទទួល​សេចក្ដី​បង្រៀន​អំពី​ទ្រង់​និង​ផ្លូវ​របស់​ទ្រង់។ (យ៉ូហាន ៦:៤៥) ការ​បង្រៀន​បែប​នេះ​គឺ​សំរាប់​ជួយ​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ។ នៅ​កិច្ច​ការ ១៥:៣២ យើង​អាន​ថា៖ «យូដាស នឹង​ស៊ីឡាស . . . បាន​ប្រដៅ​ទូន្មាន​ជា​ច្រើន​ដល់​ពួក​ជំនុំ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ចិត្ត​ខ្ជាប់​ខ្ជួន​ឡើង»។

តើ​អ្នក​មាន​ដែល​ទៅ​កិច្ច​ប្រជុំ​ពេល​ដែល​អ្នក​បាក់​ទឹក​ចិត្ត ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​មាន​អារម្មណ៍​ល្អ​ជាង​មុន​ទេ? ប្រហែល​ជា​មាន​អ្វី​មួយ​ដែល​បាន​និយាយ​មក​ក្នុង​ការ​ថ្លែង​សុន្ទរកថា ក្នុង​ការ​ឆ្លើយ ឬ​ក្នុង​ការ​អធិស្ឋាន​ដែល​បាន​ប៉ះ​ចិត្ត​អ្នក ហើយ​បាន​ផ្ដល់​ឲ្យ​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត។ ដូច្នេះ ចូរ​កុំបី​ខាន​មក​កិច្ច​ប្រជុំ​គ្រីស្ទាន​ឲ្យ​សោះ។—ហេព្រើរ ១០:២៤, ២៥

ការ​ចូល​រួម​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ក្នុង​ការ​ផ្សាយ ហើយ​នៅ​គ្រា​ផ្សេង​ទៀត​ក៏​អាច​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​នេះ​ដែរ។ ក្នុង​ភាសា​ហេព្រើរ កិរិយាសព្ទ​បី​បួន​ដែល​មាន​ន័យ​ថា «ការ​ចង​ភ្ជាប់​គ្នា» ក៏​សំដៅ​ទៅ«កម្លាំង» ឬ«ធ្វើ​ឲ្យ​មាន​កម្លាំង»—ជា​អ្វី​ដែល​បាន​ទៅ​ជា​មាំ​ខ្លាំង​ឡើង​នៅ​ពេល​ភ្ជាប់​ជា​មួយ​គ្នា។ គោល​ការណ៍​នេះ​ក៏​ជា​ការ​ពិត​ដែរ​ក្នុង​ក្រុម​ជំនុំ។ យើង​ត្រូវ​បាន​សម្រាល​ទុក្ខ ហើយ​បាន​លើក​ទឹក​ចិត្ត ត្រូវ​ហើយ​គឺ​ធ្វើ​ឲ្យ​មាន​កម្លាំង​ឡើង​ដោយ​សារ​ការ​ចូល​រួម​ជា​មួយ​គ្នា។ ហើយ​យើង​ភ្ជាប់​ជា​មួយ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់ ដែល​ជា​ចំណង​ដ៏​ខ្លាំង​ជាង​គេ​បំផុត។—កូល៉ុស ៣:១៤

ជួន​កាល​គឺ​ជា​សេចក្ដី​ស្មោះ​ត្រង់​នៃ​បង​ប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​យើង​ដែល​លើក​ទឹក​ចិត្ត​យើង។ (ថែស្សាឡូនីច​ទី​១ ៣:៧, ៨) ជួន​កាល​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​គេ​បង្ហាញ។ (ភីលេម៉ូន ៧) ហើយ​ជួន​កាល​ទៀត គឺ​ជា​ការ​ផ្សាយ​ជា​មួយ​គ្នា កាល​ដែល​និយាយ​ទៅ​អ្នក​ដទៃ​អំពី​រាជាណាចក្រ​របស់​ព្រះ។ បើ​សិន​ជា​អ្នក​មាន​ភាព​ទន់​ខ្សោយ ហើយ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​នៅ​ពេល​ទៅ​ផ្សាយ​នោះ ហេតុ​អ្វី​ក៏​មិន​រៀបចំ​ដើម្បី​នឹង​ទៅ​ផ្សាយ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​ឬ​អ្នក​ផ្សាយ​ព្រះ​រាជាណាចក្រ​ដែល​មាន​ការ​ពិសោធ​ច្រើន​ទៅ? អ្នក​មុខ​ជា​មាន​ការ​សម្រាល​ទុក្ខ​ណាស់ ដោយ​ធ្វើ​ដូច្នេះ។—សាស្ដា ៤:៩​-​១២; ភីលីព ១:២៧

តាម​រយៈ«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ»

តើ​អ្នក​ណា​ដែល​រៀបចំ​ទិដ្ឋភាព​នៃ​ការ​សម្រាល​ទុក្ខ​នៃ​ការ​ថ្វាយ​បង្គំ​របស់​យើង? ព្រះ​យេស៊ូ​បាន​រើស​តាំង​ក្រុម​មួយ ដែល​ទ្រង់​បាន​ចាត់​ទុក​ជា«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ» ដើម្បី​នឹង​ផ្ដល់​ឲ្យ‹អាហារ​ខាង​វិញ្ញាណ​នៅ​ពេល​កំណត់›។ (ម៉ាថាយ ២៤:៤៥, ព.ថ.) នៅ​សតវត្ស​ទី​មួយ ក្រុម​ជន​គ្រីស្ទាន​ដែល​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​នេះ គឺ​កំពុង​តែ​មាន​សកម្មភាព​ទៅ​ហើយ។ គណៈអភិបាល​នៃ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុង​យេរូសាឡិម​បាន​ផ្ញើ​សំបុត្រ​នៃ​ការ​បង្រៀន​និង​ការ​ណែនាំ​ទៅ​ឯ​ក្រុម​ជំនុំ​ផ្សេង​ៗ។ តើ​មាន​លទ្ធផល​យ៉ាង​ណា​ដែរ? ព្រះ​គម្ពីរ​បាន​កត់​ទុក​នូវ​របៀប​ដែល​ក្រុម​ជំនុំ​ទាំង​ឡាយ​បាន​តប​ឆ្លើយ​ទៅ​សំបុត្រ​ដូច​នោះ​ថា៖ «លុះ​បាន​អាន​មើល​សំបុត្រ​ស្រេច​ហើយ ពួក​នោះ​ក៏​មាន​សេចក្ដី​រីករាយ​ដោយ​ពាក្យ​កំសាន្ត»។—កិច្ច​ការ ១៥:២៣​-​៣១

យ៉ាង​ដូច្នេះ​ដែរ នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ​គឺ​កំពុង​តែ​ផ្ដល់​ឲ្យ​អាហារ​ខាង​វិញ្ញាណ ដែល​ផ្ដល់​នូវ​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង​ដល់​ប្រជារាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ តើ​អ្នក​បរិភោគ​អាហារ​នោះ​ទេ? នេះ​គឺ​មាន​ជា​ស្រេច​ក្នុង​ប្រកាសនវត្ថុ​ដែល​បាន​បោះ​ពុម្ព ដែល​ក្រុម​អ្នក​បំរើ​នេះ​បាន​ធ្វើ​ឲ្យ​មាន​នៅ​ជុំ​វិញ​ផែនដី​នេះ។ ទស្សនាវដ្ដី​ប៉ម​យាម​និង​ភ្ញាក់​រឭក! ព្រម​ទាំង​សៀវភៅ សៀវភៅ​ស្តើង​ៗ និង​ខិត្តប័ណ្ណ​ដែល​សមាគម​ប៉ម​យាម​បោះ​ពុម្ព បាន​នាំ​ឲ្យ​មាន​ការ​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​អាន​ជា​ច្រើន​ដែល​រាប់​មិន​អស់។

អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​បាន​សរសេរ​ថា៖ «បង​ប្អូន​ប្រុស​ស្រី​របស់​យើង​ជា​ច្រើន​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ប៉ុន្តែ​ពួក​គេ​តែង​តែ​មាន​ការ​ពិបាក​ដោយ​អន្ទះអន្ទែង ខ្លាច និង​អារម្មណ៍​ថា​គេ​គ្មាន​អំណាច​ក្នុង​ការ​ជួយ​ខ្លួន​គេ។ អត្ថបទ​ជា​ច្រើន​នៅ​ក្នុង​ទស្សនាវដ្ដី​គឺ​កំពុង​តែ​ជួយ​មនុស្ស​ជា​ច្រើន ឲ្យ​ទទួល​កាន់​កាប់​ជីវិត​និង​មនោសញ្ចេតនា​របស់​គេ​ឡើង​វិញ។ អត្ថបទ​ទាំង​ឡាយ​នេះ​ក៏​ផ្ដល់​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​នូវ​អ្វី​ជា​ច្រើន​ទៀត មិន​គ្រាន់​តែ​ការ​លើក​ទឹក​ចិត្ត​ដ៏​រាក់​កំផែល​នោះ​ទេ»។

ចូរ​ប្រើ​ប្រកាសនវត្ថុ​ឲ្យ​បាន​ពេញ​លេញ​ចុះ ដែល​បាន​ចេញ​មក​ពី​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់។ ទស្សនាវដ្ដី សៀវភៅ និង​ប្រកាសនវត្ថុ​អាច​ជួយ​យើង​ឲ្យ​រក​ឃើញ​នូវ​ការ​សម្រាល​ទុក្ខ​នៅ​ពេល​មាន​ការ​ពិបាក។ តែ​ម្យ៉ាង​វិញ​ទៀត បើ​សិន​ជា​អ្នក​អាច​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ចូរ​ប្រើ​ពត៌មាន​ពី​ព្រះ​គម្ពីរ​ដែល​មាន​នៅ​ក្នុង​ទស្សនាវដ្ដី​ទាំង​នេះ​ចុះ។ អត្ថបទ​ទាំង​នេះ​គឺ​បាន​សរសេរ​ដោយ​ប្រយ័ត្ន​ប្រយែង​ណាស់ ជា​ធម្មតា​គឺ​អស់​រយៈ​ជា​ច្រើន​អាទិត្យ​ឬ​ជា​ច្រើន​ខែ​នៃ​ការ​ស្រាវ​ជ្រាវ សិក្សា និង​ការ​អធិស្ឋាន។ ការ​ទូន្មាន​គឺ​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ ត្រូវ​បាន​សាក​ល្បង​ហើយ​ជា​ការ​ពិត។ អ្នក​ខ្លះ​បាន​ឃើញ​ថា​ជា​ការ​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​អាន​អត្ថបទ​ម្ដង​ឬ​ពីរ​ដង​ជា​មួយ​បុគ្គល​ដែល​បាក់​ទឹក​ចិត្ត។ នេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន។

បើ​សិន​ជា​អ្នក​រក​ឃើញ​នូវ​ត្បូង​ដ៏​មាន​តម្លៃ តើ​អ្នក​នឹង​លាក់​ពី​គេ​ឬ​ក៏​អ្នក​នឹង​ចែក​ចាយ​ទ្រព្យ​សម្បត្ដិ​នោះ​ខ្លះ​ជា​មួយ​អ្នក​ដទៃ? ចូរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​អ្នក​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​ទៅ​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក​ក្នុង​ក្រុម​ជំនុំ​ចុះ។ បើ​សិន​ជា​អ្នក​លើក​ទឹក​ចិត្ត​ជា​ជាង​ហែកកេរ្ដិ៍ សរសើរ​ជា​ជាង​រិះ​គន់ និយាយ​ដោយ‹អណ្ដាត​ដែល​បាន​រៀន​សូត្រ› ជា​ជាង​និយាយ​ដោយ‹មិន​ចេះ​គិត​ដែល​ដូច​ជា​ដាវ​ចាក់​នោះ› អ្នក​ក៏​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ដទៃ​ទៅ​ជា​ប្រសើរ​បាន។ (អេសាយ ៥០:៤; សុភាសិត ១២:១៨) ប្រាកដ​ហើយ គេ​នឹង​ចាត់​ទុក​អ្នក​ជា​ត្បូង​ដ៏​មាន​តម្លៃ—ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​ដ៏​ពិត!

[ប្រអប់​នៅ​ទំព័រ​២៩]

ការ​សម្រាល​ទុក្ខ​ដល់​ពួក​អ្នក​ដែល​ត្រូវ​ការ

មនុស្ស​ជា​ច្រើន​បាន​និយាយ​អំពី​របៀប​ដែល​អត្ថបទ​ទស្សនាវដ្ដី​ប៉ម​យាម ឬ​ភ្ញាក់​រឭក​ខ្លះ​បាន​ធ្វើ​ឲ្យ​គេ​មាន​ទំនាក់​ទំនង​ដ៏​ជ្រាល​ជ្រៅ​ឡើង​ថែម​ទៀត​ជា​មួយ​ព្រះ​យេហូវ៉ា។ បុគ្គល​ម្នាក់​និយាយ​ថា៖ «ក្រោយ​ពី​អាន​អត្ថបទ​មួយ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​និង​ដ៏​ឧត្តម គឺ​បាន​គង់​នៅ​ទី​នោះ​ជា​មួយ​ខ្ញុំ។ ខ្ញុំ​គិត​ថា​ទ្រង់​ជា​បុគ្គល​ដ៏​ពិត​មួយ​អង្គ»។ សំបុត្រ​មួយ​ទៀត​ចែង​ថា៖ «ចិត្ត​គំនិត​របស់​យើង​បាន​កែ​ប្រែ​ដ៏​ខ្លាំង​ណាស់ នៃ​ទស្សនៈ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដែល​យើង​មិន​មែន​ជា​មនុស្ស​ដូច​ពី​មុន​ទេ។ នេះ​គឺ​ហាក់​បី​ដូច​ជា​អ្នក​ណា​ម្នាក់​បាន​ជូត​វែ​ន​តា​របស់​យើង ហើយ​ឥឡូវ​នេះ​យើង​អាច​ឃើញ​អ្វី​ៗ​យ៉ាង​ច្បាស់​ទាំង​អស់»។

អ្នក​ខ្លះ​សរសេរ​ប្រាប់​នូវ​របៀប​ដែល​ទស្សនាវដ្ដី​បាន​ជួយ​ពួក​គេ ឲ្យ​ដោះ​ស្រាយ​នឹង​បញ្ហា​ឬ​ផល​វិបាក​ណា​មួយ ដូច្នេះ​នេះ​ធានា​រ៉ាប់​រង​ដល់​គេ​អំពី​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​គេ។ អ្នក​អាន​ម្នាក់​បាន​និយាយ​តាម​របៀប​នេះ​ថា៖ «សូម​អរគុណ​ជា​ច្រើន​ម្ដង​នេះ​ទៀត ដោយ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​ហើយ​ស្រឡាញ់​ប្រជារាស្ត្រ​របស់​ទ្រង់​នោះ»។ ស្ត្រី​ម្នាក់​ពី​ប្រទេស​ជប៉ុន​ដែល​កូន​បាន​ស្លាប់​ទៅ បាន​និយាយ​យ៉ាង​ដូច្នេះ​អំពី​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ដែល​ស្តី​អំពី​ប្រធាន​នោះ៖ «ជំ​រៅ​នៃ​មេត្ដា​ករុណា​របស់​ព្រះ​គឺ​បាន​ហូរ​ចេញ​ពី​សន្លឹក​ទំព័រ​ទាំង​នេះ ហើយ​ខ្ញុំ​យំ​ហើយ​យំ​ទៀត។ ខ្ញុំ​បាន​ទុក​អត្ថបទ​នេះ​នៅ​កន្លែង​ណា​ដែល​ខ្ញុំ​អាច​យក​មក​អាន​ភ្លាម នៅ​ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ដាច់​តែ​ឯង»។ ស្ត្រី​ម្នាក់​ដែល​បាន​កាន់​ទុក្ខ​និយាយ​ថា៖ «អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​និង​ភ្ញាក់​រឭក! និង​សៀវភៅ​ស្តើង​ឈ្មោះ«នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់​បាន​ស្លាប់​ទៅ»បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​កម្លាំង​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​អត់​ទ្រាំ​នូវ​គ្រា​សោកសង្រេង​របស់​ខ្ញុំ»។

ព្រះ​គម្ពីរ​បរិសុទ្ធ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​សម្រាល​ទុក្ខ។ (រ៉ូម ១៥:៤) ព្រះ​គម្ពីរ​ជា​ប្រភព​តែ​មួយ​គត់​នៃ​ទស្សនាវដ្ដី​ប៉ម​យាម​និង​ភ្ញាក់​រឭក»! ដោយ​សារ​តែ​ហេតុ​នេះ ទស្សនាវដ្ដី​ទាំង​នេះ​បាន​ទៅ​ជា​ការ​សម្រាល​ទុក្ខ​និង​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​អាន​ទាំង​ឡាយ។

[រូប​ភាព​នៅ​ទំព័រ​៣២]

ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក​ក៏​ជា​ព្រះ​ដែល​ស្ដាប់​នៃ​ការ​អធិស្ឋាន​ដែរ