«ចូរស្រឡាញ់សេចក្ដីពិតនឹងសេចក្ដីសុខចុះ»!
«ចូរស្រឡាញ់សេចក្ដីពិតនឹងសេចក្ដីសុខចុះ»!
«ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា . . . ‹ចូរស្រឡាញ់សេចក្ដីពិតនឹងសេចក្ដីសុខចុះ› »។—សាការី ៨:១៨, ១៩
១, ២. (ក) អ្វីជាប្រវត្ដិរបស់មនុស្ស បើស្តីអំពីសន្ដិភាព? (ខ) ហេតុអ្វីក៏ពិភពលោកបច្ចុប្បន្ននេះនឹងមិនឃើញសន្ដិភាពពិត?
«ពិភពលោកនេះមិនដែលមានសន្ដិភាពសោះ។ នៅកន្លែងណាមួយ—ជាញឹកញាប់ក្នុងកន្លែងជាច្រើននៅពេលដំណាលគ្នា—តែងតែមានសង្គ្រាម»។ នេះជាពាក្យសំដីរបស់សាស្ដ្រាចារ្យមិលថុន មែអើ ពីមហាវិទ្យាល័យម៉ាស្សាឈូសេត ស.រ.អា។ នេះជាសេចក្ដីសង្កេតដ៏ស្រងូតស្រងាត់ណាស់ចំពោះមនុស្សធម៌! ពិតមែនហើយ មនុស្សបានប្រាថ្នាចង់បានសន្ដិភាព។ ពួកនយោបាយបានសាកល្បងមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរក្សាសន្ដិភាព គឺពីមធ្យោបាយសន្ដិភាពរ៉ូម៉ាំងនៃជំនាន់រ៉ូម៉ាំង រហូតដល់នយោបាយនៃ«ការអះអាងបំផ្លាញគ្នាទាំងសងខាង»ក្នុងកំឡុងជំនាន់សង្គ្រាមត្រជាក់។ ប៉ុន្តែ ការខំប្រឹងប្រែងទាំងអស់របស់គេ បានទទួលបរាជ័យនៅទីបំផុត។ ដូចជាអេសាយបានសម្ដែងជាច្រើនសតវត្សកន្លងមក ‹ពួករាជទូតនៃមេត្រីភាព គេបានយំសោកយ៉ាងអណ្ដឺតអណ្ដក›។ (អេសាយ ៣៣:៧) ហេតុអ្វីក៏ដូច្នេះ?
២ ពីព្រោះសន្ដិភាពដ៏ស្ថិតស្ថេរត្រូវតែមានកំណើតពីអវត្តមាននៃ ការស្អប់និងការលោភ ហើយត្រូវតែមានមូលដ្ឋានទៅលើសេចក្ដីពិត។ សន្ដិភាពមិនអាចមានមូលដ្ឋានទៅលើការភូតភរបានឡើយ។ ម្ល៉ោះហើយបានជាព្រះយេហូវ៉ា កាលសន្យាឲ្យសន្ដិភាពនិងកសាងអ៊ីស្រាអែលពីសម័យបុរាណឡើងវិញ មានបន្ទូលថា៖ «មើល អញនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍»។ (អេសាយ ៦៦:១២) ព្រះនៃរបបលោកីយ៍នេះ គឺជាអារក្សសាតាំង ជា«អ្នកសំឡាប់គេ» ជាឃាតករ ហើយជា«អ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះ»។ (យ៉ូហាន ៨:៤៤; កូរិនថូសទី២ ៤:៤) តើពិភពលោកដែលមានព្រះបែបនេះ អាចមានសន្ដិភាពយ៉ាងដូចម្ដេចបាន?
៣. តើព្រះយេហូវ៉ាបានផ្ដល់ឲ្យប្រជារាស្ត្ររបស់ទ្រង់នូវអំណោយទានដ៏អស្ចារ្យអ្វី ថ្វីបើគេរស់នៅក្នុងពិភពលោកដ៏មានបញ្ហាក្ដី?
៣ គួរឲ្យអស្ចារ្យដែរ ព្រះយេហូវ៉ាផ្ដល់សន្ដិភាពឲ្យប្រជារាស្ត្ររបស់ទ្រង់ ថ្វីបើពួកគេរស់នៅក្នុងពិភពលោករបស់សាតាំងដ៏បែកបាក់ដោយសង្គ្រាមនេះក្ដី។ (យ៉ូហាន ១៧:១៦) ក្នុងសតវត្សទី៦ ម.ស.យ. ទ្រង់បានបំពេញកិច្ចសន្យារបស់ទ្រង់ តាមរយៈយេរេមា ហើយបានផ្ដល់ឲ្យ«សេចក្ដីពិតនឹងសេចក្ដីសុខ»ដល់សាសន៍ពិសេសរបស់ទ្រង់ នៅពេលទ្រង់បាននាំពួកគេមកស្រុកកំណើតរបស់គេវិញ។ (យេរេមា ៣៣:៦) ហើយក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ ទ្រង់ក៏បានផ្ដល់ឲ្យ«សេចក្ដីពិតនឹងសេចក្ដីសុខ»ដល់ប្រជារាស្ត្ររបស់ទ្រង់ដែរ ក្នុង«ស្រុក»របស់គេ ឬក្នុងស្ថានភាពខាងវិញ្ញាណនៅផែនដី ថ្វីបើពួកគេបានឆ្លងកាត់គ្រាដ៏លំបាកបំផុតនៃបញ្ហាដែលលោកីយ៍នេះមានរហូតមកដល់ឥឡូវនេះ។ (អេសាយ ៦៦:៨; ម៉ាថាយ ២៤:៧-១៣; វិវរណៈ ៦:១-៨) កាលដែលយើងពិគ្រោះតទៅទៀតនូវសាការីជំពូក៨ យើងនឹងយល់កាន់តែជ្រៅឡើងនូវសន្ដិភាពនិងសេចក្ដីពិតដែលព្រះប្រទានឲ្យ ហើយដឹងពីសេចក្ដីដែលយើងត្រូវធ្វើ ដើម្បីរក្សាទុកចំណែករបស់យើងក្នុងនោះ។
‹ចូរឯងរាល់គ្នាមានកម្លាំងដៃចុះ›
៤. តាមរបៀបណាដែលសាការីបានលើកទឹកចិត្តពួកអ៊ីស្រាអែលឲ្យធ្វើតាម បើគេចង់បានសន្ដិភាពនោះ?
៤ ជាលើកទី៦ហើយ ក្នុងសាការីជំពូក៨ ដែលយើងឮសេចក្ដីប្រកាសដ៏រំភើបពីព្រះយេហូវ៉ា គឺ៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ‹ចូរឯងរាល់គ្នាមានកំឡាំងដៃចុះ។ គឺឯងដែលសព្វថ្ងៃនេះឮពាក្យទាំងប៉ុន្មានពីមាត់ពួកហោរាដែលបាននៅក្នុងគ្រាគេដាក់ឫសព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដើម្បីឲ្យបានសង់ព្រះវិហារឡើង។ ដ្បិតកាលមុនគ្រានោះ គ្មានថ្លៃឈ្នួលដល់មនុស្សឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតអញបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន› »។—សាការី ៨:៩, ១០
៥, ៦. (ក) ដោយសារតែពួកអ៊ីស្រាអែលបានធ្លាក់ទឹកចិត្ត តើស្ថានការណ៍ក្នុងអ៊ីស្រាអែលយ៉ាងណា? (ខ) តើព្រះយេហូវ៉ាបានសន្យាប្រែប្រួលអ្វី បើអ៊ីស្រាអែលដាក់ការថ្វាយបង្គំទ្រង់ជាទីមួយ?
៥ សាការីបានបន្លឺពាក្យទាំងនេះ នៅពេលដែលព្រះវិហារកំពុងតែសង់ឡើងវិញក្នុងក្រុងយេរូសាឡិម។ មុននេះ ពួកអ៊ីស្រាអែលដែលបានត្រឡប់មកពីបាប៊ីឡូន បានធ្លាក់ទឹកចិត្តហើយបានឈប់សង់ព្រះវិហារ។ ដោយព្រោះតែពួកគេយកចិត្តទុកដាក់តែនឹងការស្រណុករបស់ខ្លួន ពួកគេពុំបានពរនិងសន្ដិភាពពីព្រះយេហូវ៉ាឡើយ។ ថ្វីបើពួកគេបានធ្វើស្រែចំការ ហើយបានមើលថែរក្សាចំការទំពាំងបាយជូររបស់គេក្ដី ពួកគេពុំបានរុងរឿងឡើយ។ (ហាកាយ ១:៣-៦) នេះគឺហាក់បីដូចជាពួកគេខំប្រឹងធ្វើការដោយ«គ្មានថ្លៃឈ្នួល»។
៦ ឥឡូវនេះ កាលដែលព្រះវិហារកំពុងតែសង់ឡើងវិញ សាការីបានលើកទឹកចិត្តពួកយូដាឲ្យ«មានកំឡាំង»ឡើង ឲ្យមានចិត្តក្លាហានដាក់ការថ្វាយបង្គំព្រះយេហូវ៉ាទីមួយ។ តើនឹងមានអ្វីកើតឡើង បើគេធ្វើតាមនោះ? «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ‹ឥឡូវនេះ អញនឹងមិនប្រព្រឹត្តនឹងសំណល់ជនជាតិនេះ ដូចកាលជាន់មុនទៀតទេ។ ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ឯដើមទំពាំងបាយជូរនឹងបង្កើតផល ហើយដីនឹងចំរើនផលដែរ ផ្ទៃមេឃក៏នឹងទំលាក់សន្សើមមក ហើយអញនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមរដក។ ឱពួកវង្សយូដា នឹងពួកវង្សអ៊ីស្រាអែលអើយ ពីដើមឯងជាទីផ្ដាសា នៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណា នោះអញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យបានជាពរវិញយ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ ចូរឲ្យមានកំឡាំងដៃវិញចុះ› »។ (សាការី ៨:១១-១៣) បើសិនជាអ៊ីស្រាអែលបានប្រព្រឹត្តដោយប្ដេជ្ញាចិត្ត នោះច្បាស់ជានឹងបានរុងរឿងជាមិនខាន។ មុននេះ បើមានសាសន៍ណាមួយ ប្រាថ្នាចង់លើកយកគំរូនៃបណ្ដាសា ពួកគេអាចចង្អុលមកអ៊ីស្រាអែលបាន។ ឥឡូវនេះ អ៊ីស្រាអែលបានជាគំរូនៃពរវិញ។ នេះជាមូលហេតុដ៏ល្អបំផុត ក្នុងការឲ្យ‹ពួកគេមានកម្លាំងដៃឡើង›!
៧. តើប្រជារាស្ត្ររបស់ព្រះយេហូវ៉ាបានពិសោធការប្រែប្រួលដ៏រំភើបអ្វី ដែលឡើងដល់កំពូលក្នុងឆ្នាំ១៩៩៥?
៧ ចុះយ៉ាងណាដែរនៅសព្វថ្ងៃនេះ? មុនឆ្នាំ១៩១៩ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាពុំមានយតិភាពច្រើនទេ។ ពួកគេពុំមានអព្យាក្រឹតយ៉ាងពេញលេញទេក្នុងសង្គ្រាមលោកលើកទី១ ហើយពួកបានទោរទន់ទៅរកតែមនុស្សជាជាងព្រះយេស៊ូគ្រីស្ទ ជាស្តេចរបស់គេ។ ជាលទ្ធផល ជនខ្លះបានធ្លាក់ទឹកចិត្តដោយសារការប្រឆាំងពីខាងក្នុងនិងខាងក្រៅអង្គការរបស់ព្រះ។ បន្ទាប់មក ក្នុងឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានជួយពួកគេឲ្យមានកម្លាំងដៃឡើង។ (សាការី ៤:៦) ព្រះយេហូវ៉ាបានផ្ដល់សន្ដិភាពឲ្យពួកគេ ហើយគេក៏បានរុងរឿងយ៉ាងខ្លាំងក្លា។ ការនេះអាចឃើញបានក្នុងប្រវត្ដិកិច្ចបំរើរបស់គេរវាង៧៥ឆ្នាំមកនេះ ដែលបានឡើងដល់កំពូលក្នុងឆ្នាំ១៩៩៥នេះ។ ជាប្រជារាស្ត្រ ស្មរបន្ទាល់ព្រះយេហូវ៉ា បដិសេធសាសន៍និយម កុលសម្ព័ន្ធនិយម ការប្រកាន់ និងប្រភពឯទៀតទាំងអស់នៃការស្អប់។ (យ៉ូហានទី១ ៣:១៤-១៨) ពួកគេបំរើព្រះយេហូវ៉ាដោយយតិភាពពិតប្រាកដក្នុងព្រះវិហារខាងវិញ្ញាណរបស់ទ្រង់។ (ហេព្រើរ ១៣:១៥; វិវរណៈ ៧:១៥) គ្រាន់តែឆ្នាំមុននេះ ពួកគេបានចំណាយជាងមួយរយកោដិម៉ោង ក្នុងការនិយាយប្រាប់អ្នកដទៃអំពីព្រះវរបិតាសួគ៌ារបស់គេ! ក្នុងមួយខែៗ ពួកគេបានបង្រៀន៤.៨៦៥.០៦០សិស្សព្រះគម្ពីរ។ ជាមធ្យមមានប្រមាណ៦៦៣.៥២១នាក់ទៀតបានចូលរួបរួមក្នុងកិច្ចបំរើត្រួសត្រាយពេញពេលក្នុងខែនិមួយៗ។ កាលណាបព្វជិតក្នុងពិភពគ្រីស្ទសាសនាចង់ឲ្យគំរូអំពីមនុស្សដែលខ្នះខ្នែងក្នុងការថ្វាយបង្គំរបស់គេ ជួនកាលពួកគេចង្អុលមកឯស្មរបន្ទាល់ព្រះយេហូវ៉ា។
៨. តើជនគ្រីស្ទានម្នាក់ៗអាចទទួលប្រយោជន៍ពី«ពូជនៃសេចក្ដីសុខ»យ៉ាងណា?
៨ ដោយសារតែយតិភាពរបស់គេ ព្រះយេហូវ៉ាផ្ដល់ឲ្យប្រជារាស្ត្ររបស់ទ្រង់នូវ«ពូជនៃសេចក្ដីសុខ»។ បុគ្គលម្នាក់ៗដែលបណ្ដុះពូជនោះ នឹងឃើញសន្ដិភាពដុះក្នុងចិត្តនិងជីវិតរបស់គាត់។ គ្រប់ជនគ្រីស្ទានដែលជឿ ដែលស្វែងរកសន្ដិភាពជាមួយព្រះយេហូវ៉ានិងជាមួយជនគ្រីស្ទានគ្នីគ្នា នឹងបានចូលរួបរួមក្នុងសេចក្ដីពិតនិងសន្ដិភាពនៃប្រជារាស្ត្រដែលកាន់ព្រះនាមព្រះយេហូវ៉ា។ (ពេត្រុសទី១ ៣:១១; ប្រៀបធៀប យ៉ាកុប ៣:១៨) តើនេះមិនជាការអស្ចារ្យទេឬ?
«កុំឲ្យខ្លាចឡើយ»
៩. តើព្រះយេហូវ៉ាបានសន្យាប្រែប្រួលអ្វីក្នុងការទាក់ទងជាមួយប្រជារាស្ត្ររបស់ទ្រង់?
៩ ឥឡូវនេះ យើងអានសេចក្ដីប្រកាសទី៧ពីព្រះយេហូវ៉ា។ តើជាអ្វីទៅ? «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ‹កាលពួកឰយុកោឯងបានបណ្ដាលឲ្យអញមានសេចក្ដីក្រោធ នោះអញបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តឡើយជាយ៉ាងណា។ សព្វថ្ងៃនេះ អញបានគិតធ្វើល្អដល់ក្រុងយេរូសាឡិម នឹងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ› នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។—សាការី ៨:១៤, ១៥
១០. តើប្រវត្ដិនៃស្មរបន្ទាល់ព្រះយេហូវ៉ាមួយណា ដែលបង្ហាញពួកគេមិនខ្លាចនោះ?
១០ ថ្វីបើប្រជារាស្ត្ររបស់ព្រះយេហូវ៉ាបានបែកខ្ចាត់ខ្ចាយក្នុងន័យវិញ្ញាណ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ក្ដី ក្នុងចិត្តរបស់ពួកគេ គេតែងតែចង់ធ្វើសេចក្ដីត្រឹមត្រូវជានិច្ច។ ម្ល៉ោះហើយបានជាព្រះយេហូវ៉ាប្រែព្រះទ័យនឹងពួកគេ ក្រោយពីទ្រង់បានធ្វើការប្រៀនប្រដៅខ្លះៗ។ (ម៉ាឡាគី ៣:២-៤) នៅសព្វថ្ងៃនេះ យើងមើលទៅអតីតកាលហើយអរព្រះគុណដល់ទ្រង់ជាខ្លាំង ចំពោះអ្វីៗដែលទ្រង់បានធ្វើមក។ ពិតមែនហើយ ដែល«គ្រប់ទាំងសាសន៍នឹងស្អប់»យើង។ (ម៉ាថាយ ២៤:៩) មានជនជាច្រើនបានជាប់គុក ហើយខ្លះទៀតថែមទាំងបានស្លាប់ដោយសារជំនឿរបស់គេ។ យើងតែងតែជួបប្រទះនឹងភាពកន្តើយនិងសេចក្ដីឃោរឃៅ។ តែយើងមិនខ្លាចឡើយ។ យើងដឹងថាព្រះយេហូវ៉ាខ្លាំងជាងពួកប្រឆាំងណាទាំងអស់ ដែលមើលឃើញឬមិនឃើញក្ដី។ (អេសាយ ៤០:១៥; អេភេសូរ ៦:១០-១៣) យើងនឹងមិនឈប់ធ្វើតាមពាក្យទាំងនេះឡើយ គឺ៖ «ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំងហើយឲ្យចិត្តក្លាហានឡើង»។—ទំនុកដំកើង ២៧:១៤
‹និយាយសេចក្ដីពិតនឹងគ្នាទៅវិញទៅមក›
១១, ១២. តើយើងម្នាក់ៗត្រូវតែចងចាំអ្វី បើយើងចង់បានពរដែលព្រះយេហូវ៉ាឲ្យទៅប្រជារាស្ត្ររបស់ទ្រង់នោះ?
១១ ដើម្បីឲ្យបានទទួលយ៉ាងពេញលេញនូវពរពីព្រះយេហូវ៉ា មានសេចក្ដីខ្លះដែលយើងត្រូវតែចងចាំ។ សាការីមានប្រសាសន៍ថា៖ « ‹នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺត្រូវឲ្យគ្រប់គ្នានិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវឲ្យសំរេចតាមសេចក្ដីយុត្ដិធម៌ដ៏ពិត នឹងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា។ កុំឲ្យពួកឯងណាមួយគិតគូរ បង្កើតការអាក្រក់ក្នុងចិត្តទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ› ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញស្អប់អស់ទាំងអំពើយ៉ាងនោះណាស់»។—សាការី ៨:១៦, ១៧
១២ ព្រះយេហូវ៉ាដាស់តឿនយើងឲ្យនិយាយសេចក្ដីពិត។ (អេភេសូរ ៤:១៥, ២៥) ទ្រង់នឹងមិនសណ្ដាប់ការអធិស្ឋានរបស់ពួកអ្នកដែលបង្កើតគម្រោងការណ៍អាក្រក់ លាក់សេចក្ដីពិតដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ឬធ្វើពាក្យស្បថកំភូតនោះឡើយ។ (សុភាសិត ២៨:៩) ដោយព្រោះតែទ្រង់ស្អប់ការក្បត់ជំនឿ ទ្រង់ចង់ឲ្យយើងប្រកាន់ខ្ជាប់តាមសេចក្ដីពិតនៃព្រះគម្ពីរ។ (ទំនុកដំកើង ២៥:៥; យ៉ូហានទី២ ៩-១១) ម្យ៉ាងវិញទៀត ដូចពួកអ្នកចាស់ទុំដែលនៅមាត់ទ្វារក្នុងក្រុងអ៊ីស្រាអែល ពួកអ្នកចាស់ទុំដែលវិនិច្ឆ័យក្ដីណាមួយ គួរតែសំអាងសេចក្ដីទូន្មាននិងការសម្រេចចិត្តរបស់គេ ទៅលើសេចក្ដីពិតនៃព្រះគម្ពីរ មិនមែនទៅលើមតិរបស់ខ្លួនឡើយ។ (យ៉ូហាន ១៧:១៧) ជាអ្នកគង្វាលគ្រីស្ទាន ព្រះយេហូវ៉ាចង់ឲ្យពួកគេស្វែងរក‹ការជំនុំជំរះនៃសេចក្ដីសុខ› ដោយខំព្យាយាមធ្វើឲ្យមានសន្ដិភាពឡើងវិញរវាងបុគ្គលដែលប្រជែងគ្នា ហើយជួយពួកអ្នកធ្វើបាបដែលប្រែចិត្ត ឲ្យមានសន្ដិភាពជាមួយព្រះវិញ។ (យ៉ាកុប ៥:១៤, ១៥; យូដាស ២៣) នៅពេលដំណាលគ្នា ពួកគេការពារសន្ដិភាពនៃក្រុមជំនុំ ដោយដេញចេញពួកអ្នកដែលអុកឡុកដល់សន្ដិភាពនោះ តាមរយៈការប្រព្រឹត្តអំពើខុសដោយរឹងចចេសនិងចេតនារបស់គេ។—កូរិនថូសទី១ ៦:៩, ១០
«ជាពេលរីករាយសប្បាយ»
១៣. (ក) តើសាការីបានទាយថាមានការប្រែប្រួលអ្វីចំពោះការតម? (ខ) តើមានការតមអ្វីខ្លះដែលបានធ្វើឡើងក្នុងអ៊ីស្រាអែល?
១៣ ឥឡូវនេះ យើងនឹងឮសេចក្ដីប្រកាសទី៨ដ៏គួរឲ្យស្ញើច គឺ៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ‹ឯពេលតមអត់ក្នុងខែអាសាធ ខែស្រាពណ៍ ខែអស្សុជ ហើយនៅខែបុស្ស នោះត្រូវបានជាពេលរីករាយសប្បាយ ហើយជាបុណ្យគ្រឹកគ្រេងដល់ពួកវង្សយូដាវិញ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិតនិងសេចក្ដីសុខចុះ› »។ (សាការី ៨:១៩) នៅក្រោមច្បាប់លោកម៉ូសេ ពួកអ៊ីស្រាអែលបានតមនៅថ្ងៃធួន ដើម្បីសម្ដែងការសោកស្ដាយចំពោះបាបរបស់គេ។ (លេវីវិន័យ ១៦:២៩-៣១) ការតមបួនដងដែលសាការីបានថ្លែងមកនេះ តាមមើលទៅបានធ្វើឡើងសំរាប់កាន់ទុក្ខដល់ព្រឹត្ដិការណ៍ផ្សេងៗ ដែលទាក់ទងនឹងការវាយឈ្នះនិងការហិនវិនាសនៃក្រុងយេរូសាឡិម។ (ពង្សាវតារក្សត្រទី២ ២៥:១-៤, ៨, ៩, ២២-២៦) ប៉ុន្តែ ឥឡូវនេះ ព្រះវិហារកំពុងតែសង់ឡើងវិញ ហើយក្រុងយេរូសាឡិមក៏មានមនុស្សរស់នៅវិញដែរ។ ការកាន់ទុក្ខបានប្រែទៅជាការសប្បាយរីករាយ ហើយការតមក៏បានក្លាយទៅជារដូវបុណ្យដ៏សប្បាយអ៊ឹកធឹកដែរ។
១៤, ១៥. តើតាមរបៀបណាដែលពិធីបុណ្យរំឭកជាហេតុធ្វើឲ្យសប្បាយរីករាយ ហើយការនេះរំឭកយើងអំពីអ្វី?
១៤ នៅសព្វថ្ងៃនេះ យើងមិនកាន់តាមការតមដែលសាការីបានថ្លែងមក ឬការតមដែលបានចែងមកក្នុងក្រិត្យវិន័យទេ។ ដោយព្រោះតែព្រះយេស៊ូបានថ្វាយព្រះជន្មរបស់ទ្រង់សំរាប់បាបរបស់យើង យើងកំពុងតែសប្បាយរីករាយនឹងពរនៃថ្ងៃធួនដ៏ធំ ដែលអត់ឱនទោសដល់បាបរបស់យើងទាំងស្រុង គឺមិនបន្ដិចបន្តួចទេ។ (ហេព្រើរ ៩:៦-១៤) ក្នុងការធ្វើតាមបញ្ជាព្រះយេស៊ូគ្រីស្ទជាសម្ដេចសង្ឃសួគ៌ា យើងធ្វើបុណ្យរំឭកមរណភាពរបស់ទ្រង់ ជាពិធីបុណ្យដ៏ឧឡារឹកតែមួយសំរាប់ជនគ្រីស្ទាន។ (លូកា ២២:១៩, ២០) តើនេះមិនមែនជា«ពេលសប្បាយរីករាយ»ទេឬសំរាប់យើង កាលដែលយើងមកជួបជុំគ្នាធ្វើពិធីបុណ្យនេះជារៀងរាល់ឆ្នាំ?
១៥ ឆ្នាំមុននេះ មានមនុស្ស១៣.១៤៧.២០១នាក់ បានមកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំឭកនេះ គឺមាន៨៥៨.២៨៤នាក់ច្រើនជាងឆ្នាំ១៩៩៤។ គឺមានមនុស្សដ៏ច្រើនមែន! សូមប្រមើលនូវសេចក្ដីសប្បាយរីករាយក្នុង៧៨.៦២០ក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា កាលដែលមនុស្សជាច្រើនអស្ចារ្យបានមកចូលរួមក្នុងសាលព្រះរាជាណាចក្ររបស់គេ ដើម្បីធ្វើពិធីបុណ្យនេះ។ ប្រជុំជនទាំងអស់នេះច្បាស់ជាមានចិត្ត«ស្រឡាញ់សេចក្ដីពិតនិងសេចក្ដីសុខ» កាលដែលពួកគេនឹកចាំដល់មរណភាពរបស់បុគ្គលម្នាក់ដែល«ជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត» ដែលឥឡូវនេះ ទ្រង់កំពុងតែសោយរាជ្យជា«ម្ចាស់នៃមេត្រីភាព»ដ៏ឧត្តមនៃព្រះយេហូវ៉ា។ (យ៉ូហាន ១៤:៦; អេសាយ ៩:៦) ពិធីបុណ្យនេះមានអត្ថន័យដ៏ពិសេស ចំពោះពួកអ្នកដែលបានធ្វើបុណ្យនេះក្នុងប្រទេសដែលរងទុក្ខដោយសារចលាចលនិងសង្គ្រាម។ បងប្អូនរបស់យើងខ្លះបានឃើញផ្ទាល់ភ្នែកនូវអំពើអាក្រក់ហួសនិស្ស័យក្នុងកំឡុងឆ្នាំ១៩៩៥។ ទោះជាយ៉ាងណាក្ដី ‹សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត បានជួយការពារចិត្តនិងគំនិតរបស់គេ ក្នុងព្រះគ្រីស្ទយេស៊ូ›។—ភីលីព ៤:៧
‹ចូរឲ្យយើងទៅទូលអង្វរដល់ព្រះយេហូវ៉ា›
១៦, ១៧. តើប្រជាជននៃសាសន៍អាច«ទូលអង្វរដល់ព្រះយេហូវ៉ា»ដោយយ៉ាងណា?
១៦ ប៉ុន្តែ តើមនុស្សរាប់លាននាក់ទាំងនេះដែលបានមកពិធីបុណ្យរំឭក មកពីណា? សេចក្ដីបន្លឺទី៩របស់ព្រះយេហូវ៉ាពន្យល់ថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា៖ ‹នឹងមានគ្រាទៀត ដែលសាសន៍ផ្សេងៗ ហើយមនុស្សនៅទីក្រុងជាច្រើននឹងមក។ ពួកនៅទីក្រុង១នឹងទៅឯស្រុក១ទៀតបបួលថា «ចូរយើងប្រញាប់ឡើងទៅទូលអង្វរដល់ព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ។ ឯខ្ញុំនឹងទៅដែរ»។ អើ ជនជាតិជាច្រើន នឹងសាសន៍យ៉ាងខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរដល់ទ្រង់› »។—សាការី ៨:២០-២២
១៧ ពួកបណ្ដាជនដែលបានមកធ្វើពិធីបុណ្យរំឭក បានប្រាថ្នាចង់«ស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារ»។ ភាគច្រើននៃពួកនេះ គឺជាពួកអ្នកបំរើរបស់ទ្រង់ដែលបានថ្វាយខ្លួននិងជ្រមុជទឹករួចហើយ។ រាប់លាននាក់ទៀតដែលបានមកពិធីបុណ្យ មិនទាន់បានដល់ដំណាក់នេះនៅឡើយ។ នៅក្នុងប្រទេសខ្លះ ចំនួនប្រជុំជនដែលមកពិធីបុណ្យរំឭក មានច្រើនជាងចំនួនអ្នកផ្សាយព្រះរាជាណាចក្របួនឬប្រាំដង។ (កូរិនថូសទី១ ៥:៧, ៨; វិវរណៈ ១១:១៥) ចូរយើងលើកទឹកចិត្តពួកគេឲ្យថ្វាយខ្លួនគេទៅព្រះយេហូវ៉ានិងចុះចូលតាមស្តេចដែលទ្រង់បានតាំងឡើង។ ដោយ ធ្វើយ៉ាងនេះ ពួកគេនឹង«ទូលអង្វរដល់ព្រះយេហូវ៉ា»។—ទំនុកដំកើង ១១៦:១៨, ១៩; ភីលីព ២:១២, ១៣
«មនុស្ស១០នាក់ពីភាសាផ្សេងៗ»
១៨, ១៩. (ក) ក្នុងការសម្រេចនៃសាការី ៨:២៣ តើ«ពួកយូដា»ជាពួកណានៅសព្វថ្ងៃនេះ? (ខ) តើអ្នកណាជា«មនុស្សដប់នាក់»នៅសព្វថ្ងៃ ដែល«ចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់នោះ?
១៨ ជាលើកចុងក្រោយបង្អស់ក្នុងជំពូកទី៨នៃសាការី យើងអានថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា»។ តើអ្វីជាសេចក្ដីប្រកាសចុងក្រោយបង្អស់របស់ព្រះយេហូវ៉ា? «នៅគ្រានោះមនុស្ស១០នាក់ពីភាសាផ្សេងៗនឹងចាប់តោង ជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា៖ ‹យើងខ្ញុំនឹងទៅជាមួយនឹងអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះទ្រង់គង់ជាមួយនឹងអ្នករាល់គ្នា› »។ (សាការី ៨:២៣) នៅជំនាន់សាការី សាសន៍អ៊ីស្រាអែលគឺជាសាសន៍ជ្រើសរើសរបស់ព្រះ។ ប៉ុន្តែ នៅសតវត្សទី១ សាសន៍អ៊ីស្រាអែលបានបដិសេធចោលមេស្ស៊ីនៃព្រះយេហូវ៉ា។ ម្ល៉ោះហើយបានជាព្រះរើសយក«សាសន៍យូដាម្នាក់»—សាសន៍អ៊ីស្រាអែលថ្មីមួយទៀត—សំរាប់ធ្វើជាប្រជារាស្ត្រដ៏ពិសេសរបស់ទ្រង់ គឺ«អ៊ីស្រាអែលនៃព្រះ»ដែលផ្សំឡើងពីពួកយូដាខាងវិញ្ញាណ។ (កាឡាទី ៦:១៦; យ៉ូហាន ១:១១; រ៉ូម ២:២៨, ២៩) ចំនួនសរុបទាំងអស់នៃពួកនេះគឺ១៤៤.០០០នាក់ រើសយកពីចំណោមមនុស្សជាតិ ដើម្បីសោយរាជ្យជាមួយព្រះយេស៊ូក្នុងព្រះរាជាណាចក្រសួគ៌ារបស់ទ្រង់។—វិវរណៈ ១៤:១, ៤
១៩ ភាគច្រើននៃពួក១៤៤.០០០នាក់ទាំងនេះ បានទទួលមរណភាពដោយបានរក្សាចិត្តយ៉ាងស្មោះត្រង់ ហើយបានទទួលរង្វាន់សួគ៌ារបស់គេ។ (កូរិនថូសទី១ ១៥:៥១, ៥២; វិវរណៈ ៦:៩-១១) មួយចំនួនតូចនៅផែនដី ហើយពួកនេះសប្បាយរីករាយណាស់ដោយឃើញថា«មនុស្ស១០នាក់»ដែលបានសម្រេចចិត្តទៅជាមួយ«សាសន៍យូដា» គឺប្រាកដជា«មនុស្ស១ហ្វូងយ៉ាងធំ . . . គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។—វិវរណៈ ៧:៩; អេសាយ ២:២, ៣; ៦០:៤-១០, ២២
២០, ២១. កាលដែលទីបញ្ចប់នៃលោកីយ៍នេះកាន់តែជិតមកដល់ តើយើងអាចរក្សាសន្ដិភាពជាមួយព្រះយេហូវ៉ាដោយយ៉ាងណា?
២០ កាលដែលទីបញ្ចប់នៃលោកីយ៍នេះកំពុងតែមកជិតឡើងៗ ពិភពគ្រីស្ទសាសនាគឺដូចជាក្រុងយេរូសាឡិមនៅជំនាន់លោកយេរេមា៖ «យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខតែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែមើល! បានតែសេចក្ដីភ័យវិញ»! (យេរេមា ១៤:១៩) សេចក្ដីភ័យនោះនឹងឡើងដល់កំពូល នៅពេលពួកសាសន៍បែរមករកសាសនាមិនពិត ហើយបំផ្លាញចោលយ៉ាងឃោរឃៅ។ មិនយូរប៉ុន្មានក្រោយមក ពួកសាសន៍ទាំងនោះនឹងពិសោធសេចក្ដីហិនវិនាសខ្លួនក្នុងសង្គ្រាមផ្ដាច់ព្រ័ត្ររបស់ព្រះ អើម៉ាគេដូន។ (ម៉ាថាយ ២៤:២៩, ៣០; វិវរណៈ ១៦:១៤, ១៦; ១៧:១៦-១៨; ១៩:១១-២១) គ្រានោះនឹងទៅជាគ្រាដ៏ចលាចលមែន!
២១ តាមរយៈការទាំងអស់នេះ ព្រះយេហូវ៉ានឹងការពារអស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត ហើយបណ្ដុះ«ពូជនៃសេចក្ដីសុខ»។ (សាការី ៨:១២; សេផានា ២:៣) ដូច្នេះ ចូរឲ្យយើងនៅឲ្យបានសុខក្នុងស្រុកនៃប្រជារាស្ត្ររបស់ទ្រង់ ដោយខំខ្នះខ្នែងសរសើរទ្រង់ជាសាធារណៈនិងជួយមនុស្សជាច្រើនឲ្យ«ទូលអង្វរដល់ព្រះយេហូវ៉ា»។ បើយើងធ្វើដូច្នេះ នោះយើងនឹងសប្បាយរីករាយនឹងសន្ដិភាពនៃព្រះយេហូវ៉ាជានិច្ច។ ត្រូវហើយ «ព្រះយេហូវ៉ាទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាស្ត្រទ្រង់ ឲ្យបានសេចក្ដីសុខសាន្តត្រាណ»។—ទំនុកដំកើង ២៩:១១
តើអ្នកអាចពន្យល់បានទេ?
◻ តើប្រជារាស្ត្ររបស់ព្រះយេហូវ៉ាមាន‹កម្លាំងដៃ›ក្នុងសម័យរបស់លោកសាការីយ៉ាងណា? នៅសព្វថ្ងៃនេះ?
◻ តើយើងត្រូវប្រព្រឹត្តយ៉ាងណាចំពោះការបៀតបៀន ការសម្អប់ និងការមិនអើពើនោះ?
◻ តើមានទាក់ទងយ៉ាងណាដែរ‹ក្នុងការនិយាយសេចក្ដីពិតនឹងគ្នាទៅវិញទៅមក›?
◻ តើតាមរបៀបណាដែលបុគ្គលម្នាក់«ទូលអង្វរដល់ព្រះយេហូវ៉ា»?
◻ តើមានអ្វីដែលធ្វើចិត្តរីករាយ ដោយឃើញការសម្រេចនៃសាការី ៨:២៣?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៤]
ឆ្នាំមុននេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានចំណាយ១.១៥០.៣៥៣.៤៤៤ម៉ោងក្នុងការនិយាយប្រាប់មនុស្សអំពីព្រះរាជាណាចក្ររបស់ព្រះ