ចៀមរបស់ព្រះយេហូវ៉ាត្រូវការមើលថែរក្សាដ៏ថ្នាក់ថ្នម
ចៀមរបស់ព្រះយេហូវ៉ាត្រូវការមើលថែរក្សាដ៏ថ្នាក់ថ្នម
«ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ . . . យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់»។—ទំនុកដំកើង ១០០:៣
១. តើតាមរបៀបណាដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើពួកអ្នកបំរើរបស់ទ្រង់?
ព្រះយេហូវ៉ាជាមហាគង្វាល។ បើសិនជាយើងជាពួកអ្នកបំរើរបស់ទ្រង់ ទ្រង់នឹងចាត់ទុកយើងជាចៀមរបស់ទ្រង់ ហើយនិងប្រទានការមើលថែរក្សាដ៏ថ្នាក់ថ្នមមកយើង។ ព្រះវរបិតាសួគ៌ារបស់យើងសម្រាលទុក្ខហើយកំសាន្តចិត្តយើង ព្រមទាំងនាំយើងទៅ«តាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់»។ (ទំនុកដំកើង ២៣:១-៤) ព្រះយេស៊ូគ្រីស្ទដែលជាអ្នកគង្វាលល្អស្រឡាញ់យើងដល់ម្ល៉េះ ដែលទ្រង់បានប្រទានព្រះជន្មរបស់ទ្រង់សំរាប់យើងទាំងអស់គ្នា។—យ៉ូហាន ១០:៧-១៥
២. តើប្រជារាស្ត្ររបស់ព្រះកំពុងតែនៅក្នុងស្ថានភាពបែបណា?
២ ជាពួកអ្នកដែលទទួលនូវការមើលថែរក្សាដ៏ថ្នាក់ថ្នមនោះ យើងអាចនិយាយដូចអ្នកតែងបទទំនុកដំកើងថា៖ «ចូរគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកនៅចំពោះទ្រង់ ដោយច្រៀងចំរៀងចុះ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់»។ (ទំនុកដំកើង ១០០:២, ៣) ត្រូវហើយ យើងមានចិត្តអរសប្បាយហើយសុខសាន្ត។ នេះគឺប្រៀបបីដូចជាយើងបានការពារពីមនុស្សអាក្រក់ នៅក្នុងក្រោលចៀមដែលមានជញ្ជាំងដ៏មាំ។—ជនគណនា ៣២:១៦; សាំយូអែលទី១ ២៤:៣; សេផានា ២:៦
ពួកអ្នកគង្វាលហ្វូងចៀមដោយស្ម័គ្រចិត្ត
៣. តើពួកអ្នកចាស់ទុំគ្រីស្ទានដែលបានតែងតាំងត្រូវប្រព្រឹត្តទៅលើហ្វូងចៀមរបស់ព្រះដោយយ៉ាងណា?
៣ អញ្ចឹងហើយបានជាយើងមានចិត្តដ៏រីករាយជាចៀមរបស់ព្រះ! ពួកអ្នកចាស់ទុំដែលបានតែងតាំងមកគឺជាអ្នកនាំមុខក្នុងចំណោមយើង។ ពួកគេមិន«ធ្វើជាកំពូល»លើយើងរាល់គ្នាទេ ឬក៏ខំធ្វើជាចៅហ្វាយទៅលើជំនឿរបស់យើងឡើយ។ (ជនគណនា ១៦:១៣; ម៉ាថាយ ២០:២៥-២៨; កូរិនថូសទី២ ១:២៤; ហេព្រើរ ១៣:៧) ផ្ទុយទៅវិញ ពួកគេជាអ្នកគង្វាលដែលមានសេចក្ដីស្រឡាញ់ ដែលអនុវត្តតាមឱវាទនេះរបស់សាវ័កពេត្រុស៖ «ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រងដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ»។ (ពេត្រុសទី១ ៥:២, ៣) សាវ័កប៉ុលបានប្រាប់ពួកអ្នកចាស់ទុំគ្នីគ្នាថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយ[លោហិតនៃរាជបុត្រារបស់ទ្រង់, ព.ថ.]»។ ហើយពួកចៀមមានអំណរគុណណាស់ ដែលពួកបុរសទាំងនេះត្រូវបានតែងតាំងឡើងដោយព្រះវិញ្ញាណបរិសុទ្ធ‹ប្រព្រឹត្តមកលើហ្វូងចៀមដោយការថ្នាក់ថ្នម›!—កិច្ចការ ២០:២៨-៣០
៤. តើឆាល្ស រ៉ាសិលត្រូវបានល្បីឈ្មោះយ៉ាងណាក្នុងទំនាក់ទំនងជាមួយហ្វូងចៀម?
៤ ព្រះយេស៊ូបានប្រទានក្រុមជំនុំនូវ‹ពួកបុរសដែលមានសមត្ថភាព› អ្នកខ្លះជាអ្នក«គង្វាល» ដែលប្រព្រឹត្តនឹងហ្វូងចៀមរបស់ព្រះយេហូវ៉ាតាមរបៀបដ៏ថ្នាក់ថ្នម។ (អេភេសូរ ៤:៨, ១១) បុរសម្នាក់ក្នុងចំណោមបុរសទាំងនេះគឺ ឆាល្ស រ៉ាសិល ជាប្រធានទីមួយនៃសមាគមប៉មយាម។ គាត់ត្រូវបានគេហៅរ៉ាសិលជាអ្នកគង្វាល ដោយសារតែសកម្មភាពដ៏ស្រឡាញ់និងដ៏មេត្ដាករុណារបស់គាត់ ក្នុងការឃ្វាលហ្វូងចៀមនៅក្រោមព្រះយេស៊ូគ្រីស្ទជាមេគង្វាល។ នៅសព្វថ្ងៃនេះ ពួកអ្នកចាស់ទុំជនគ្រីស្ទានត្រូវបានតែងតាំងឡើងដោយគណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា ហើយមានការប្រយ័ត្នប្រយែងដោយមិនប្រើពាក្យដូចជា«អ្នកគង្វាល» «ចាស់ទុំ» ឬ«លោកគ្រូ»ជាឋានន្តរ។ (ម៉ាថាយ ២៣:៨-១២) ប៉ុន្តែ ពួកអ្នកចាស់ទុំជាច្រើននៅសព្វថ្ងៃនេះធ្វើកិច្ចការគង្វាល សំរាប់ជាផលប្រយោជន៍ដល់ពួកចៀមនៅទីគង្វាលរបស់ព្រះយេហូវ៉ា។
៥. ហេតុអ្វីក៏ពួកអ្នកថ្មីៗត្រូវឲ្យស្គាល់ពួកចាស់ទុំដែលបានតែងតាំងក្នុងក្រុមជំនុំគ្រីស្ទាន?
៥ ជាពួកអ្នកគង្វាល ពួកអ្នកចាស់ទុំមានផ្នែកដ៏សំខាន់ក្នុងការលូតលាស់ខាងវិញ្ញាណនៃពួកថ្មីៗ។ ដូច្នេះ ក្នុងសៀវភៅថ្មីចំណេះវិជ្ជាដែលនាំទៅឯជីវិតអស់កល្បជានិច្ចចែងនៅទំព័រ១៦៨ថា៖ «ចូរធ្វើយ៉ាងណាឲ្យបានស្គាល់ពួកចាស់ទុំនៅក្នុងក្រុមជំនុំ។ ពួកគេមានការពិសោធជាច្រើនក្នុងការអនុវត្តចំណេះវិជ្ជារបស់ព្រះ ពីព្រោះពួកគេបានបំពេញនូវសមត្ថភាពសំរាប់ធ្វើជាអ្នកត្រួតពិនិត្យដែលបានចែងទុកមកនៅក្នុងព្រះគម្ពីរ។ (ធីម៉ូថេទី១ ៣:១-៧; ទីតុស ១:៥-៩) ចូរកុំឲ្យស្ទាក់ស្ទើរក្នុងការមកជួបពួកគេណាមួយ បើសិនជាអ្នកត្រូវការជំនួយខាងវិញ្ញាណ ដើម្បីឲ្យបានជ័យជំនះលើទំលាប់ណាមួយ ឬលក្ខណៈណាដែលប្រឆាំងនឹងតម្រូវរបស់ព្រះ។ អ្នកនឹងឃើញថា ពួកអ្នកចាស់ទុំនឹងធ្វើតាមការដាស់តឿនរបស់ប៉ុល៖ ‹ជួយកំសាន្ត ដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ នឹងអត់ឱនចំពោះមនុស្សទាំងអស់›។—ថែស្សាឡូនីចទី១ ២:៧, ៨; ៥:១៤»។
នៅពេលដែលពួកបុគ្គលថ្មីចង់ទៅផ្សាយ
៦. បើសិនជាសិស្សព្រះគម្ពីរម្នាក់ចង់ក្លាយទៅជាអ្នកផ្សាយព្រះរាជាណាចក្រ តើទម្រង់ការណ៍អ្វីដែលត្រូវធ្វើតាម?
៦ ក្រោយពីសិស្សព្រះគម្ពីរម្នាក់បានស្រូបយកចំណេះវិជ្ជា ហើយបានមកប្រជុំមួយរយៈហើយនោះ គាត់ប្រហែលជាចង់ធ្វើជាអ្នកផ្សាយព្រះរាជាណាចក្រម្នាក់ គឺអ្នកផ្សាយដំណឹងល្អ។ (ម៉ាកុស ១៣:១០) បើដូច្នេះមែន ស្មរបន្ទាល់ដែលបង្រៀនព្រះគម្ពីរជាមួយគាត់ ត្រូវតែទៅជួបប្រធានត្រួតពិនិត្យ ដែលនឹងចាត់ឲ្យអ្នកចាស់ទុំម្នាក់ដែលបំរើក្នុងគណៈកម្មាធិការកិច្ចបំរើក្រុមជំនុំ និងអ្នកចាស់ទុំម្នាក់ទៀតឲ្យមកជួបសិស្សព្រះគម្ពីរនិងអ្នកបង្រៀនរបស់គាត់។ ការពិគ្រោះនឹងដកស្រង់ចេញពីសៀវភៅការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើង ទំព័រ៩៨និង៩៩។ បើសិនជាពួកអ្នកចាស់ទុំពីរនាក់នេះឃើញថា បុគ្គលថ្មីនេះជឿនឹងសេចក្ដីបង្រៀនសំខាន់ៗនៃព្រះគម្ពីរ ហើយបានធ្វើតាមគោលការណ៍របស់ព្រះ គេនឹងប្រាប់ថាគាត់មានសមត្ថភាពចូលរួមក្នុងការផ្សាយសាធារណៈបាន។ * នៅពេលដែលគាត់រាយការណ៍ការផ្សាយរបស់គាត់ ដោយប្រគល់ឲ្យសន្លឹករបាយការណ៍ នេះនឹងកត់ទុកក្នុងប័ណ្ណប្រវត្ដិរបស់អ្នកផ្សាយ ដែលបានធ្វើឡើងក្នុងឈ្មោះរបស់គាត់។ បុគ្គលថ្មីនេះអាចរាយការណ៍សកម្មភាពផ្សាយរបស់គាត់ រួមជាមួយនឹងមនុស្សរាប់លាននាក់ទៀតដែល‹ផ្សាយព្រះបន្ទូល›យ៉ាងរីករាយ។ (កិច្ចការ ១៣:៥) សេចក្ដីប្រកាសថាគាត់ជាអ្នកផ្សាយមិនទាន់ជ្រមុជទឹកនឹងធ្វើឡើងនៅក្នុងក្រុមជំនុំ។
៧, ៨. តាមរបៀបណាដែលអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកត្រូវការជំនួយក្នុងការផ្សាយនោះ?
៧ អ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកត្រូវការជំនួយពីពួកអ្នកចាស់ទុំនិងជនគ្រីស្ទានដែលមានគំនិតចាស់ទុំឯទៀត។ ឧទាហរណ៍ ការលូតលាស់ខាងវិញ្ញាណរបស់គាត់ ជាអ្វីដែលអ្នកបង្រៀនតាមក្រុមនៃក្រុមជំនុំត្រូវយកចិត្តទុកដាក់។ អ្នកផ្សាយថ្មីប្រហែលជាមានការពិបាកក្នុងការនិយាយឲ្យបានប្រសិទ្ធិភាពល្អពីផ្ទះមួយទៅផ្ទះមួយ។ (កិច្ចការ ២០:២០) ដូច្នេះគាត់នឹងទទួលស្វាគមន៍នូវជំនួយហើយ ជាពិសេសពីបុគ្គលដែលបានបង្រៀនគាត់ក្នុងសៀវភៅចំណេះវិជ្ជា។ ជំនួយដ៏មានប្រយោជន៍បែបនេះគឺជាការត្រឹមត្រូវ ពីព្រោះព្រះយេស៊ូគ្រីស្ទបានប្រដាប់ពួកសិស្សរបស់ទ្រង់សំរាប់កិច្ចការផ្សាយ។—ម៉ាកុស ៦:៧-១៣; លូកា ១០:១-២២
៨ បើសិនជាយើងចង់ឲ្យកិច្ចការផ្សាយរបស់យើងមានប្រសិទ្ធិភាពល្អ ការរៀបចំទុកជាមុនគឺចាំបាច់ណាស់។ ដូច្នេះ ជាដំបូងអ្នកផ្សាយទាំងពីរនាក់ប្រហែលជាមកហាត់និយាយជាមួយគ្នាដោយប្រើយោបល់ក្នុងកម្មវិធីកិច្ចបំរើព្រះរាជាណាចក្រយើងដែលមានជារៀងរាល់ខែ។ នៅពេលដែលគេចាប់ផ្ដើមកិច្ចផ្សាយរបស់គេ បុគ្គលដែលមានការពិសោធអាចនិយាយនៅទ្វារទីមួយឬក៏ទីពីរ។ ក្រោយពីបាននិយាយដោយរួសរាយហើយ អ្នកផ្សាយទាំងពីរអាចចូលរួមក្នុងការផ្សាយនោះទៅ។ ការចូលរួមផ្សាយជាមួយគ្នាពីរបីអាទិត្យ អាចធ្វើឲ្យមានការទៅជួបគេម្ដងទៀតដ៏ល្អមួយ ហើយក៏អាចធ្វើឲ្យមានការសិក្សាព្រះគម្ពីរតាមផ្ទះដោយប្រើសៀវភៅ ចំណេះវិជ្ជាដែលនាំទៅឯជីវិតអស់កល្បជានិច្ច។ អ្នកផ្សាយដែលមានការពិសោធអាចបង្រៀនព្រះគម្ពីរមួយរយៈ ហើយរួចមកអាចប្រគល់ទៅឲ្យអ្នកផ្សាយព្រះរាជាណាចក្រទៅ។ អ្នកផ្សាយទាំងពីរនឹងសប្បាយយ៉ាងណាទៅហ្ន៎ បើសិនជាសិស្សព្រះគម្ពីរនោះ សម្ដែងនូវការអបអរចំពោះចំណេះវិជ្ជារបស់ព្រះ!
៩. នៅពេលដែលអ្នកផ្សាយចង់ជ្រមុជទឹក តើមានការរៀបចំអ្វីដែលត្រូវធ្វើឡើង?
៩ កាលដែលអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកលូតលាស់ខាងវិញ្ញាណ គាត់ប្រហែលជាចង់ថ្វាយខ្លួនទៅព្រះតាមរយៈការអធិស្ឋាន ហើយចង់ធ្វើពិធីជ្រមុជទឹក។ (ប្រៀបធៀប ម៉ាកុស ១:៩-១១) គាត់ត្រូវប្រាប់នូវចំណង់របស់គាត់ទៅប្រធានត្រួតពិនិត្យក្នុងក្រុមជំនុំ ដែលនឹងចាត់ឲ្យពួកអ្នកចាស់ទុំឲ្យពិនិត្យសាឡើងវិញជាមួយអ្នកផ្សាយនូវសំនួរទាំងឡាយនៅលើទំព័រ ១៧៥ទៅ២១៨នៃសៀវភៅការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើង។ សំនួរដែលមានបួនភាគអាចធ្វើឡើងក្នុងបីសា ដោយប្រើអ្នកចាស់ទុំបីនាក់។ បើសិនជាពួកគេយល់ព្រមថា អ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកមានការយល់ត្រឹមត្រូវអំពីការបង្រៀនព្រះគម្ពីរ ហើយមានសមត្ថភាពតាមផ្លូវផ្សេងៗទៀត គេនឹងប្រាប់គាត់ថាអាចធ្វើពិធីជ្រមុជទឹកបាន។ ដោយសារការថ្វាយខ្លួននិងការជ្រមុជទឹករបស់គាត់ គាត់នឹងបាន‹គូសសម្គាល់›ឲ្យបានសង្គ្រោះ។—អេសេគាល ៩:៤-៦
ការបំពេញនូវសេចក្ដីត្រូវការដ៏ពិសេស
១០. ក្រោយពីបានសិក្សាចប់សៀវភៅចំណេះវិជ្ជារួចបានជ្រមុជទឹកហើយ តើបុគ្គលម្នាក់អាចបង្កើនចំណេះវិជ្ជាខាងព្រះគម្ពីររបស់គាត់ដោយយ៉ាងណា?
១០ ក្រោយពីបុគ្គលបានបញ្ចប់ការសិក្សារបស់គាត់ក្នុងសៀវភៅចំណេះវិជ្ជា រួចបានជ្រមុជទឹកហើយ ប្រហែលជាមិនចាំបាច់បង្រៀនព្រះគម្ពីរជាមួយគាត់ជាលើកទីពីរទេ ដូចប្រើសៀវភៅសាមគ្គីគ្នាក្នុងការថ្វាយបង្គំព្រះពិតតែមួយ។ * ពិតហើយ បុគ្គលដែលទើបតែជ្រមុជទឹកថ្មីនេះ នឹងរៀនចេះច្រើនកាលដែលគាត់រៀបចំសំរាប់កិច្ចប្រជុំគ្រីស្ទាន ហើយមកប្រជុំដោយទៀងទាត់។ គាត់ក៏នឹងទទួលចំណេះវិជ្ជាថែមទៀត កាលដែលការចង់ដឹងសេចក្ដីពិតជាខ្លាំងរបស់គាត់ជំរុញឲ្យគាត់អានហើយសិក្សាប្រកាសនវត្ថុគ្រីស្ទានដោយខ្លួនឯង ហើយពិគ្រោះរឿងខាងបទគម្ពីរឯទៀតជាមួយអ្នកជឿគ្នីគ្នា។ ប៉ុន្តែ ចុះយ៉ាងណាវិញដែរ បើមានការត្រូវការដ៏ពិសេសនោះ?
១១. (ក) តើព្រីស៊ីលនិងអ័គីឡាបានជួយដល់អ័ប៉ុឡូសយ៉ាងដូចម្ដេច? (ខ) តើជំនួយអ្វីដែលផ្ដល់ទៅឲ្យបុគ្គលក្មេងដែលទើបតែជ្រមុជទឹកថ្មី ដែលចង់រៀបការនោះ?
១១ សូម្បីតែអ័ប៉ុឡូស ដែល«ចេះស្ទាត់ក្នុងគម្ពីរ» ហើយបានគេបង្រៀនអំពីព្រះយេស៊ូដោយត្រឹមត្រូវក្ដី ក៏បានទទួលប្រយោជន៍ដែរ នៅពេលដែលជនគ្រីស្ទានដ៏ពិសោធឈ្មោះអ័គីឡា និងព្រីស៊ីលបាន«នាំទៅពន្យល់ពីផ្លូវព្រះ ឲ្យរឹតតែច្បាស់ទៅទៀត»។ (កិច្ចការ ១៨:២៤-២៦; ប្រៀបធៀប កិច្ចការ ១៩:១-៧) ដូច្នេះ ឧបមាថា ក្មេងម្នាក់ដែលទើបតែជ្រមុជទឹក កំពុងតែគិតអំពីការមានគូសង្សារនិងអំពីការរៀបការ។ ជនគ្រីស្ទានដ៏ពិសោធម្នាក់អាចជួយគាត់ឲ្យរកចម្លើយចំពោះរឿងទាំងនេះនៅក្នុងប្រកាសនវត្ថុប៉មយាម។ ជាឧទាហរណ៍ ពត៌មានដ៏មានប្រយោជន៍ដែលស្តីអំពីប្រធានដូចនេះ គឺមាននៅក្នុងសៀវភៅសំនួរដែលពួកក្មេងៗសួរ—ចម្លើយដ៏មានប្រសិទ្ធិភាព ភាគទី៧។ * អ្នកផ្សាយដែលបានសិក្សាព្រះគម្ពីរជាមួយគាត់ អាចពិគ្រោះពត៌មាននេះជាមួយអ្នកថ្មីនេះ ដោយមិនចាំបាច់សិក្សាជាទៀងទាត់។
១២. តើជំនួយអ្វីដែលអាចផ្ដល់ទៅឲ្យគូស្វាមីភរិយាដែលទើបតែជ្រមុជទឹក ដែលមានបញ្ហា?
១២ ចូរពិចារណានូវឧទាហរណ៍មួយទៀត។ ឧបមាថាគូស្វាមីភរិយាដែលទើបតែបានជ្រមុជទឹកមានបញ្ហាក្នុងការអនុវត្តគោលការណ៍របស់ព្រះ។ ពួកគេអាចទៅសុំយោបល់ពីអ្នកចាស់ទុំម្នាក់ ដែលអាចចំណាយពេលបីបួនយប់ក្នុងការពិគ្រោះព្រះគម្ពីរជាមួយពួកគេ ហើយដឹកនាំពួកគេទៅឯពត៌មានដែលមានក្នុងប្រកាសនវត្ថុ ប៉មយាម។ ប៉ុន្តែ អ្នកចាស់ទុំមិនត្រូវរៀបចំសិក្សាព្រះគម្ពីរឡើងវិញជាមួយនឹងគូស្វាមីភរិយានោះឡើយ។
បើសិនជាពួកអ្នកជ្រមុជទឹកថ្មីបានធ្វើខុស
១៣. ហេតុអ្វីក៏ពួកអ្នកចាស់ទុំក្រុមជំនុំត្រូវបង្ហាញមេត្ដាករុណាដល់ពួកបុគ្គលដែលទើបតែជ្រមុជទឹកដែលបានប្រព្រឹត្តខុស ប៉ុន្តែបានកែប្រែចិត្តវិញនោះ?
១៣ ពួកអ្នកចាស់ទុំធ្វើតាមគំរូរបស់មហាគង្វាល គឺព្រះយេហូវ៉ា ដែលបានមានបន្ទូលថា៖ «ខ្លួនអញនឹងធ្វើជាអ្នកគង្វាលដល់ហ្វូងចៀមរបស់អញ . . . សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឲ្យ ហើយអញនឹងចំរើនកំឡាំងដល់ណាដែលឈឺ»។ (អេសេគាល ៣៤:១៥, ១៦; អេភេសូរ ៥:១) ស្របទៅតាមនឹងគំនិតបែបនេះ យូដាសបានដាស់តឿនឲ្យមានមេត្ដាករុណាដល់ពួកជនគ្រីស្ទានចាក់ប្រេងតាំងដែលមានគំនិតសង្ស័យឬបានប្រព្រឹត្តអំពើបាប។ (យូដាស ២២,២៣) ដោយសារយើងតម្រូវយ៉ាងច្រើនពីជនគ្រីស្ទានដែលពិសោធនោះ យើងក៏ត្រូវមានមេត្ដាករុណាដល់ពួកអ្នកជ្រមុជទឹកថ្មីៗនេះដែរ—ដែលគ្រាន់តែជាកូនចៀម—ដែលបានធ្វើខុសប៉ុន្តែបានប្រែចិត្តវិញហើយ។ (លូកា ១២:៤៨; ១៥:១-៧) ដូច្នេះហើយ ពួកអ្នកចាស់ទុំណាដែល‹កាត់ក្ដីសំរាប់ព្រះយេហូវ៉ា› ក៏ត្រូវតែមើលថែរក្សាចៀមបែបនេះដោយសេចក្ដីស្រឡាញ់ ហើយកែដំរង់ពួកគេឡើងវិញដោយចិត្តសុភាព។—របាក្សត្រទី២ ១៩:៦; កិច្ចការ ២០:២៨, ២៩; កាឡាទី ៦:១ *
១៤. តើត្រូវធ្វើអ្វីពេលអ្នកផ្សាយដែលទើបតែជ្រមុជទឹកម្នាក់បានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរមួយ ហើយតើអាចជួយគាត់ដោយយ៉ាងដូចម្ដេច?
១៤ បើអញ្ចឹង ឧបមាថាអ្នកផ្សាយដែលទើបតែជ្រមុជទឹកហើយ មានបញ្ហាផឹកស្រាពីមុន ហើយបានត្រឡប់ធ្វើដូចដើមវិញមួយដងមួយកាល។ ឬក៏ប្រហែលជាគាត់បានមានជ័យជំនះលើទម្លាប់ការជក់ថ្នាំ ប៉ុន្តែបានចុះចាញ់នឹងល្បួងដោយជក់មួយដងឬពីរដងដោយសម្ងាត់។ ថ្វីបើបងប្រុសរបស់យើងនេះ បានអធិស្ឋានឲ្យព្រះអត់ឱនទោសក្ដី គាត់ក៏ត្រូវការជំនួយពីអ្នកចាស់ទុំម្នាក់ ដើម្បីកុំឲ្យអំពើបាបនោះក្លាយទៅជាជ្រួតជ្រាបពិបាកកែ។ (ទំនុកដំកើង ៣២:១-៥; យ៉ាកុប ៥:១៤, ១៥) នៅពេលដែលគាត់រៀបរាប់កំហុសរបស់គាត់ទៅអ្នកចាស់ទុំម្នាក់ អ្នកចាស់ទុំនោះត្រូវកែដំរង់បុគ្គលថ្មីនេះតាមរបៀបដែលប្រកបដោយមេត្ដាករុណា។ (ទំនុកដំកើង ១៣០:៣) ការឲ្យឱវាទពីព្រះគម្ពីរគឺប្រហែលជាគ្រប់គ្រាន់ហើយ ដើម្បីនឹងជួយគាត់ឲ្យដើរតាមផ្លូវត្រង់នៅពេលក្រោយនោះ។ (ហេព្រើរ ១២:១២, ១៣) អ្នកចាស់ទុំម្នាក់នេះត្រូវពិគ្រោះកាលៈទេសៈជាមួយនឹងប្រធានត្រួតពិនិត្យនៃក្រុមជំនុំ ដើម្បីនឹងផ្ដល់ឲ្យនូវជំនួយថែមទៀត។
១៥. ក្នុងករណីខ្លះ តើត្រូវធ្វើអ្វីជាចាំបាច់ ពេលបុគ្គលដែលទើបជ្រមុជទឹកបានប្រព្រឹត្តអំពើបាប?
១៥ ក្នុងករណីខ្លះគឺប្រហែលជាត្រូវការច្រើនជាងនោះទៅទៀត។ បើមានឈ្មោះអាក្រក់សុសសាយឬអាចមានគ្រោះថ្នាក់ដល់ហ្វូងចៀម ឬមានទាក់ទងរឿងដ៏ធ្ងន់ធ្ងរ ក្រុមអ្នកចាស់ទុំនឹងចាត់អ្នកចាស់ទុំពីរនាក់ឲ្យស៊ើបអង្កេតរឿងនេះ។ បើសិនជាអ្នកចាស់ទុំពីរនាក់នេះឃើញថា នេះជារឿងធ្ងន់ធ្ងរ ហើយត្រូវការគណៈកម្មាធិការវិនច្ឆ័យ ពួកគេត្រូវរាយការណ៍រឿងនេះឲ្យក្រុមអ្នកចាស់ទុំបានជ្រាប។ រួចមក ក្រុមអ្នកចាស់ទុំនឹងតែងតាំងគណៈកម្មាធិការវិនច្ឆ័យឲ្យជួយអ្នកធ្វើខុសនេះ។ គណៈកម្មាធិការវិនច្ឆ័យត្រូវប្រព្រឹត្តជាមួយគាត់តាមរបៀបដ៏ថ្នាក់ថ្នម។ ពួកគេត្រូវខំជួយកែដំរង់គាត់ដោយប្រើព្រះគម្ពីរ។ បើសិនជាគាត់តបឆ្លើយនឹងសេចក្ដីខិតខំដ៏សប្បុរសរបស់គណៈកម្មាធិការវិនច្ឆ័យ នោះពួកគេនឹងសម្រេចចិត្តថាតើមានប្រយោជន៍ឬក៏អត់ ដោយមិនប្រើគាត់លើវេទិកានៅឯកិច្ចប្រជុំក្នុងសាលព្រះរាជាណាចក្រ ឬត្រូវអនុញ្ញាតឲ្យគាត់លើកដៃឆ្លើយក្នុងកិច្ចប្រជុំ។
១៦. តើពួកអ្នកចាស់ទុំអាចធ្វើអ្វីដើម្បីនឹងជួយបុគ្គលដែលធ្វើខុស?
១៦ បើសិនជាអ្នកធ្វើខុសប្រព្រឹត្តតាម អ្នកចាស់ទុំម្នាក់ឬពីរនាក់អាចទៅជួបបុគ្គលនោះ ដោយមានបំណងគាំទ្រជំនឿរបស់គាត់ ហើយធ្វើឲ្យគាត់មានការអបអរឡើងវិញ ចំពោះបមាណីយដ៏សុចរិតរបស់ព្រះ។ ពួកគេនិមួយៗអាចទៅផ្សាយជាមួយគាត់ពីពេលមួយទៅពេលមួយ។ ពួកគេអាចពិគ្រោះបទគម្ពីរបីបួនជាមួយគាត់ ដោយប្រើអត្ថបទដ៏ត្រឹមត្រូវពីទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក ប៉ុន្តែមិនចាប់ផ្ដើមសិក្សាព្រះគម្ពីរទៀងទាត់សាឡើងវិញទេ។ ដោយមានការមើលថែរក្សាដ៏ថ្នាក់ថ្នមបែបនេះ បុគ្គលដែលធ្វើខុសនឹងត្រូវបានពង្រឹងកម្លាំងឲ្យទប់ទល់នឹងភាពទន់ខ្សោយនៃសាច់ឈាមក្នុងថ្ងៃខាងមុខ។
១៧. តើនឹងចាត់វិធានការធ្វើអ្វី បើសិនជាអ្នកប្រព្រឹត្តខុសមិនព្រមប្រែចិត្តហើយបោះបង់ចោលផ្លូវបាបរបស់គាត់នោះ?
១៧ ពិតហើយ ការទើបតែបានជ្រមុជទឹកថ្មីៗនេះ មិនមែនជាការដោះសារចំពោះការប្រព្រឹត្តអំពើបាបដោយមិនកែប្រែចិត្តនោះឡើយ។ (ហេព្រើរ ១០:២៦, ២៧; យូដាស ៤) បើសិនជាបុគ្គលប្រព្រឹត្តខុសដែលបានជ្រមុជទឹកហើយ មិនព្រមប្រែចិត្ត ហើយបោះបង់ចោលផ្លូវបាបរបស់គាត់ទេ គាត់នឹងត្រូវបណ្ដេញឲ្យចេញពីក្រុមជំនុំ។ (កូរិនថូសទី១ ៥:៦, ១១-១៣; ថែស្សាឡូនីចទី២ ២:១១, ១២; យ៉ូហានទី២ ៩-១១) ពេលដែលវិធានការនេះជាការចាំបាច់ ក្រុមអ្នកចាស់ទុំនឹងជ្រើសរើសយកគណៈកម្មាធិការវិនិច្ឆ័យ។ បើត្រូវការបណ្ដេញចេញនោះ ការប្រកាសដ៏សង្ខេបនឹងថ្លែងឡើងថា៖ «. . . ត្រូវបានបណ្ដាច់មិត្តភាពហើយ»។ *
ការជួយពួកគេឲ្យ«ជឿនទៅមុខ»
១៨. ហេតុអ្វីក៏យើងអាចដឹងជាប្រាកដថា ជនគ្រីស្ទានដែលទើបតែជ្រមុជទឹកថ្មី និងអ្នកដទៃទៀតតែងតែមានសេចក្ដីជាច្រើនដែលត្រូវរៀនអំពីព្រះយេហូវ៉ានិងព្រះហឫទ័យរបស់ទ្រង់នោះ?
១៨ ពួកអ្នកបំរើរបស់ព្រះភាគច្រើននឹងនៅក្នុងហ្វូង។ គួរឲ្យសប្បាយណាស់ ដែលយើងគ្រប់គ្នាអាចមកជិតព្រះវរបិតាសួគ៌ារបស់យើង ពីព្រោះយើងនឹងតែងតែរៀនថែមទៀតអំពីទ្រង់និងព្រះហឫទ័យរបស់ទ្រង់។ (សាស្ដា ៣:១១; យ៉ាកុប ៤:៨) មនុស្សរាប់ពាន់នាក់ដែលបានជ្រមុជទឹកនៅបុណ្យភិន្ដាកុសក្នុងឆ្នាំ៣៣ស.យ. គឺប្រាកដជាមានសេចក្ដីដែលត្រូវរៀនច្រើនណាស់។ (កិច្ចការ ២:៥, ៣៧-៤១; ៤:៤) ពួកសាសន៍ដទៃក៏អញ្ចឹងដែរ ដែលឥតបានដឹងអំពីប្រវត្ដិនៃព្រះគម្ពីរនោះ។ ឧទាហរណ៍ នេះក៏ជាការពិតណាស់ចំពោះអស់អ្នកដែលបានជ្រមុជទឹកក្រោយពីប៉ុលបានអធិប្បាយនៅឯភ្នំអើរីយ៉ូស ក្នុងទីក្រុងអាថែន។ (កិច្ចការ ១៧:៣៣, ៣៤) នៅសព្វថ្ងៃនេះក៏អញ្ចឹងដែរ ពួកអ្នកដែលទើបតែជ្រមុជទឹកថ្មីៗក៏មានសេចក្ដីច្រើនដែលត្រូវរៀនដែរ ហើយត្រូវការពេលវេលានិងជំនួយដើម្បីនឹងពង្រឹងការប្ដេជ្ញារបស់គេ ក្នុងការបន្តធ្វើអ្វីដែលល្អក្នុងព្រះនេត្ររបស់ព្រះ។—កាឡាទី ៦:៩; ថែស្សាឡូនីចទី២ ៣:១៣
១៩. តើតាមរបៀបណាដែលអាចជួយពួកជ្រមុជទឹកឲ្យ«បន្តជឿនទៅមុខ»?
១៩ ជារៀងរាល់ឆ្នាំ មានមនុស្សរាប់ពាន់នាក់ដែលបានជ្រមុជទឹក ហើយត្រូវការជំនួយ ដើម្បីឲ្យពួកគេអាច«ជឿនទៅមុខ»។ (ហេព្រើរ ៦:១-៣) តាមពាក្យសំដី គំរូ និងជំនួយដ៏មានប្រយោជន៍ក្នុងកិច្ចការផ្សាយ អ្នកក៏អាចជួយបុគ្គលខ្លះឲ្យពាក់បុគ្គលិកលក្ខណៈថ្មី ហើយ«ប្រព្រឹត្តតាមសេចក្ដីពិត»។ (យ៉ូហានទី៣ ៤; កូល៉ុស ៣:៩, ១០) បើសិនអ្នកជាអ្នកផ្សាយដ៏ពិសោធម្នាក់ ពួកអ្នកចាស់ទុំនឹងអញ្ជើញអ្នកឲ្យជួយបុគ្គលជឿថ្មីម្នាក់ក្នុងកិច្ចការផ្សាយ ឬឲ្យពិគ្រោះ ចំណុចពីបទគម្ពីរណាមួយជាមួយគាត់អស់រយៈបីបួនអាទិត្យ ដើម្បីនឹងពង្រឹងជំនឿរបស់គាត់ដល់ព្រះ និងការអបអរសំរាប់កិច្ចប្រជុំគ្រីស្ទានជាដើម។ ទំនាក់ទំនងរវាងពួកអ្នកគង្វាលនិងហ្វូង គឺដូចនឹងឪពុកដែលដាស់តឿន ហើយម្ដាយដែលមានចិត្តទន់ភ្លន់។ (ថែស្សាឡូនីចទី១ ២:៧, ៨, ១១) ប៉ុន្តែ បើមានតែពួកចាស់ទុំពីរបីនាក់ឬអ្នកងារជំនួយខ្លះៗ គឺមិនអាចមើលថែរក្សាដល់មនុស្សទាំងអស់នៅក្នុងក្រុមជំនុំបានឡើយ។ យើងម្នាក់ៗគឺដូចជាគ្រួសារមួយ ដែលសមាជិកជួយគ្នាទៅវិញទៅមក។ យើងម្នាក់ៗអាចធ្វើអ្វីមួយដើម្បីនឹងជួយពួកអ្នកថ្វាយបង្គំគ្នីគ្នារបស់យើង។ អ្នកក៏អាចផ្ដល់នូវការលើកទឹកចិត្ត កំសាន្តចិត្តពួកក្រៀមក្រំ ហើយគាំទ្រដល់ពួកអ្នកដែលទន់ខ្សោយដែរ។—ថែស្សាឡូនីចទី១ ៥:១៤, ១៥
២០. តើអ្នកអាចធ្វើយ៉ាងណា ដើម្បីនឹងពង្រីកចំណេះវិជ្ជារបស់ព្រះ ហើយផ្ដល់ការមើលថែរក្សាយ៉ាងថ្នាក់ថ្នមដល់ចៀមរបស់ព្រះយេហូវ៉ាក្នុងទីគង្វាលរបស់ទ្រង់នោះ?
២០ មនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ ហើយជាស្មរបន្ទាល់ម្នាក់របស់ព្រះយេហូវ៉ា អ្នកក៏អាចចូលរួមដ៏រីករាយក្នុងការពង្រីកចំណេះវិជ្ជានេះដែរ។ ចៀមរបស់ព្រះយេហូវ៉ាត្រូវការមើលថែរក្សាយ៉ាងថ្នាក់ថ្នម ហើយអ្នកក៏អាចមានមុខនាទីដ៏សំខាន់ក្នុងការផ្ដល់ជំនួយនេះដែរ។ សូមឲ្យព្រះយេហូវ៉ាប្រទានពរដល់កិច្ចបំរើរបស់អ្នក ហើយសូមឲ្យទ្រង់ប្រទានរង្វាន់ដល់អ្នក ចំពោះការខំខ្នះខ្នែងអស់ពីចិត្តរបស់អ្នក ក្នុងការជួយចៀមនៅក្នុងទីគង្វាលរបស់ទ្រង់។
[កំណត់សម្គាល់]
^ វគ្គ 6 មកដល់ចំណុចនេះ បុគ្គលថ្មីអាចទទួលយកសៀវភៅការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើងមួយក្បាល។
^ វគ្គ 10 បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
^ វគ្គ 11 បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
^ វគ្គ 13 ការរៀបចំបែបនេះចំពោះពួកអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកនៅឡើយ ត្រូវបានផ្ដល់មកនៅក្នុងអត្ថបទ«ការជួយអ្នកដទៃឲ្យថ្វាយបង្គំព្រះ» ដែលមាននៅក្នុងទស្សនាវដ្ដីប៉មយាម ទី១៥ វិច្ឆិកា ១៩៨៨ទំព័រ ១៥-២០។ (ជាភាសាអង់គ្លេស)
^ វគ្គ 17 បើសិនជាសេចក្ដីសម្រេចនោះគឺការបណ្ដាច់មិត្តភាព ហើយមានការសុំឲ្យវិនិច្ឆ័យសាជាថ្មី ការប្រកាសនឹងត្រូវផ្អាកសិន ទាល់តែដឹងអំពីលទ្ធផល។ សូមមើលទំព័រ ១៤៧-៨នៃសៀវភៅការរៀបចំដើម្បីសម្រេចកិច្ចការផ្សាយរបស់យើង។ (ជាភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើតាមរបៀបណាដែលព្រះយេហូវ៉ាប្រព្រឹត្តនឹងចៀមរបស់ទ្រង់?
◻ តើអ្វីដែលបានធ្វើឡើង នៅពេលដែលបុគ្គលថ្មីចង់ទៅផ្សាយ?
◻ តើតាមរបៀបណាដែលអ្នកជឿគ្នីគ្នាអាចជួយបុគ្គលថ្មីដែលត្រូវការជំនួយជាចាំបាច់?
◻ តើជំនួយអ្វីដែលពួកចាស់ទុំផ្ដល់ដល់ពួកដែលប្រព្រឹត្តខុស ដែលបានកែប្រែចិត្ត?
◻ តើតាមរបៀបណាដែលអ្នកអាចជួយបុគ្គលដែលទើបតែជ្រមុជទឹកថ្មីៗឲ្យ«បន្តជឿនទៅមុខ»បាន?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៦]
ឆាល្ស រ៉ាសិលបានល្បីឈ្មោះជាអ្នកគង្វាលដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ដល់ហ្វូងចៀម
[រូបភាពនៅទំព័រ២៨]
ពួកអ្នកគង្វាលដ៏មេត្ដាករុណាប្រព្រឹត្តយ៉ាងថ្នាក់ថ្នមមកលើហ្វូងចៀមរបស់ព្រះ