ពួកគេបានរកឃើញសន្ដិភាពក្នុងពិភពលោកដ៏ជ្រួលច្របល់
ពួកគេបានរកឃើញសន្ដិភាពក្នុងពិភពលោកដ៏ជ្រួលច្របល់
រូបភាពនៅលើក្របនៃទស្សនាវដ្ដីនេះ គឺពណ៌នាអំពីការប្រយុទ្ធយ៉ាងខ្លាំងពីប្រទេសបុសនានិងហឺហ្សីហ្គូវិញ៉ា។ តើអាចមានសន្ដិភាពនៅកន្លែងបែបនេះបានទេ? ជាការគួរឲ្យអស្ចារ្យណាស់ គឺមានមែន។ កាលដែលសហគមន៍រ៉ូម៉ាំងកាតូលិក អូថូដុក្សខាងកើត និងឥស្លាមដែលរស់នៅក្នុងប្រទេសនោះ វាយប្រហារគ្នាយកទឹកដី មនុស្សជាច្រើនចង់បានជាខ្លាំងនូវសន្ដិភាព ហើយមនុស្សខ្លះបានរកឃើញសន្ដិភាព។
គ្រួសារលោកឌូរិម ជាអ្នកដែលរស់នៅក្នុងទីក្រុងសារីអេវ៉ូ ហើយពួកគេជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ក្នុងទីក្រុងដែលមានការជ្រួលច្របល់នោះ ពួកគេជាធម្មតាទៅជួបអ្នកជិតខាងរបស់គេ ដើម្បីនឹងចែកប្រាប់នូវដំណឹងល្អនៃព្រះរាជាណាចក្រ។ (ម៉ាថាយ ២៤:១៤) ហេតុអ្វី? ពីព្រោះគ្រួសារលោកឌូរិមបានដឹងថា ព្រះរាជាណាចក្រនេះគឺពិតជាក់ស្តែង ហើយបានស្ថាបនាមកនៅស្ថានសួគ៌រួចហើយ ហើយនេះជាសេចក្ដីសង្ឃឹមរបស់មនុស្សដ៏ប្រសើរ សំរាប់សន្ដិភាព។ ស្មរបន្ទាល់ព្រះយេហូវ៉ាមានការទុកចិត្តទាំងស្រុងនូវអ្វីដែលសាវ័កប៉ុលបានហៅថា‹ដំណឹងល្អនៃសេចក្ដីមេត្រី›។ (អេភេសូរ ២:១៧) ដោយសារមានមនុស្សដូច បូហ្សូនិងហេណា ឌូរិម មនុស្សជាច្រើននៅប្រទេសបុសនានិងហឺហ្សីហ្គូវិញ៉ាកំពុងតែរកឃើញសន្ដិភាព។
សន្ដិភាពដ៏ពិតនឹងត្រូវមកដល់
គឺមានអ្វីជាច្រើនទៀតដែលអាចរៀបរាប់អំពីក្រុមគ្រួសារលោកឌូរិម។ ប៉ុន្តែ ជាដំបូង ចូរឲ្យយើងពិគ្រោះអំពីគូស្វាមីភរិយាមួយទៀត ដែលបានទុកចិត្តទៅលើព្រះរាជាណាចក្ររបស់ព្រះ។ ពួកគេឈ្មោះ អាតថូនិងអារិនណា។ គេនិងកូនប្រុសៗរបស់គេធ្លាប់រស់នៅក្នុងអតីតសហភាពសូវៀត។ នៅពេលដែលសង្គ្រាមក្នុងប្រទេសបានផ្ទុះឡើង អាតថូបានទៅច្បាំងសំរាប់បក្សម្ខាង។ ប៉ុន្តែ បន្ដិចក្រោយមក គាត់បានសួរខ្លួនគាត់ថា ‹ហេតុអ្វីក៏ខ្ញុំធ្វើសង្គ្រាមប្រឆាំងមនុស្សទាំងនេះដែលធ្លាប់ជាអ្នកជិតខាងខ្ញុំដូច្នេះ›? គាត់ក៏បានចាកចេញពីប្រទេសនោះ ហើយក្រោយពីបានជួបការលំបាកជាច្រើនក៏បានមកដល់ប្រទេសអែស្ទូញ៉ាជាមួយក្រុមគ្រួសាររបស់គាត់។
ពេលដែលទៅលេងទីក្រុង សែន ភិធើប៊ើក អាតថូបានជួបស្មរបន្ទាល់ព្រះយេហូវ៉ា ហើយមានចិត្តដ៏រំភើបនូវអ្វីៗដែលគាត់បានរៀនអំពីព្រះរាជាណាចក្ររបស់ព្រះ។ ព្រះយេហូវ៉ាមានបំណងថាក្នុងពេលឆាប់ៗនេះ ព្រះរាជាណាចក្ររបស់ព្រះនឹងទៅជាការគ្រប់គ្រងតែមួយទៅលើមនុស្សលោក។ (ដានីយ៉ែល ២:៤៤) រួចមកផែនដីយើងនេះនឹងទៅជាកន្លែងដ៏មានសន្ដិសុខ ដែលគ្មានសង្គ្រាមក្នុងប្រទេសឬការច្បាំងគ្នាក្នុងអន្តរជាតិឡើយ។ អេសាយបានទាយអំពីគ្រានោះថា៖ «វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ។ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។—អេសាយ ១១:៩
ដោយបានកត់សម្គាល់នូវគំនូររបស់វិចិត្រករអំពីផែនដីដ៏សុខសាន្តនៅអនាគត ក្នុងសៀវភៅរៀនព្រះគម្ពីរ ដែលស្មរបន្ទាល់ម្នាក់បានបង្ហាញគាត់ អាតថូបាននិយាយថាគាត់ធ្លាប់រស់នៅកន្លែងដូចរូបភាពនោះ។ ប៉ុន្តែឥឡូវនេះ ត្រូវបានហិនហោចអស់ដោយសារសង្គ្រាមក្នុងស្រុក។ នៅឯប្រទេសអែស្ទូញ៉ាវិញ អាតថូនិងគ្រួសាររបស់គាត់កំពុងតែរៀនថែមទៀតអំពីព្រះរាជាណាចក្រតាមរយៈការសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។
សន្ដិភាពក្នុងចំណោមការជ្រួលច្របល់
ទំនុកដំកើង ៣៧:៣៧ ចែងថា៖ «ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ»។ តាមការពិត សន្ដិភាពនៃពួកមនុស្សគ្រប់ល័ក្ខណ៍និងទៀងត្រង់ក្នុងព្រះនេត្ររបស់ព្រះ គឺមិនមែនមានតែនៅអនាគតប៉ុណ្ណោះទេ។ គាត់កំពុងតែសប្បាយនឹងសន្ដិភាពនៅឥឡូវនេះដែរ។ តើនេះអាចមានឡើងយ៉ាងដូចម្ដេច? ចូរពិចារណាការពិសោធនៃបុរសម្នាក់ឈ្មោះប៉ុល។
ប៉ុលរស់នៅក្នុងជំរុំជនភៀសខ្លួនដ៏ដាច់ស្រយាលមួយនៅទិសខាងត្បូងឈៀងខាងលិចនៃប្រទេសអេស្យូពី ថ្វីបើគាត់បានមកពីប្រទេសជិតនោះក្ដី។ ក្នុងប្រទេសកំណើតរបស់គាត់ គាត់បានជួបស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ដែលបានធ្វើការឲ្យក្រុមហ៊ុនប្រេង ហើយបុរសនេះបានឲ្យសៀវភៅរៀនព្រះគម្ពីរមួយឈ្មោះ សេចក្ដីពិតដែលនាំទៅឯជីវិតជាអនន្ត។ * ប៉ុលមិនដែលជួបស្មរបន្ទាល់ទៀតទេ ប៉ុន្តែគាត់បានសិក្សាសៀវភៅនេះយ៉ាងប្រិតប្រៀន។ សង្គ្រាមក្នុងស្រុកបានធ្វើឲ្យគាត់រត់ទៅជំរុំជនភៀសខ្លួននៅប្រទេសអេស្យូពី ហើយនៅទីនោះ គាត់បាននិយាយប្រាប់អ្នកដទៃអំពីអ្វីដែលគាត់បានរៀន។ មនុស្សមួយក្រុមដ៏តូចក៏បានព្រមទទួលថានេះជាសេចក្ដីពិត។ ដោយមានមូលដ្ឋានទៅលើអ្វីៗដែលគេបានរៀន មិនយូរប៉ុន្មានពួកគេក៏បានផ្សាយដល់អ្នកដទៃអំពីអ្វីដែលគេបានរៀននៅក្នុងជំរុំនោះដែរ។
ប៉ុលបានសរសេរទៅមន្ទីរចាត់ការនៃសមាគមប៉មយាមសុំរកជំនួយ។ អ្នកបំរើម្នាក់ដែលត្រូវបានបញ្ជូនឲ្យទៅជួយពីទីក្រុងអាឌីស អាបាបា មានចិត្តដ៏អស្ចារ្យណាស់ដោយឃើញមនុស្ស៣៥នាក់កំពុងតែចាំគាត់ ត្រៀមខ្លួនចាំរៀនថែមទៀតអំពីព្រះរាជាណាចក្ររបស់ព្រះ។ ការរៀបចំក៏បានធ្វើឡើងដើម្បីឲ្យមានជំនួយទៀងទាត់។
តើយើងអាចនិយាយយ៉ាងណាបានថា មនុស្សដូចប៉ុលបានទទួលសន្ដិភាពនោះ? ពួកគេពុំមានជីវិតស្រួលទេ ប៉ុន្តែពួកគេមានជំនឿទៅលើព្រះ។ នៅពេលដែលជួបប្រទះនឹងការជ្រួលច្របល់នៃលោកីយ៍នេះ ពួកគេបានអនុវត្តតាមឱវាទពីព្រះគម្ពីរថា៖ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង»។ ជាលទ្ធផល ពួកគេមានចិត្តស្កប់ស្កល់ដែលកម្រមានណាស់នៅសព្វថ្ងៃនេះ។ ពាក្យរបស់សាវ័កប៉ុលជូនចំពោះក្រុមជំនុំភីលីពក៏សំដៅមកលើពួកគេដែរ៖ «យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ»។ ប្រាកដហើយ ពួកគេមានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយនឹងព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីសុខសាន្ត»។—ភីលីព ៤:៦, ៧, ៩
សន្ដិភាពនៅសព្វថ្ងៃនេះ
ព្រះយេស៊ូគ្រីស្ទជាស្តេចដែលសោយរាជ្យលើបល្ល័ង្កនៃព្រះរាជាណាចក្ររបស់ព្រះ ត្រូវបានហៅក្នុងព្រះគម្ពីរជា«ម្ចាស់នៃមេត្រីភាព»។ (អេសាយ ៩:៦) ព្យាការីពីបុរាណបានមានប្រសាសន៍អំពីទ្រង់ថា៖ «ទ្រង់នឹងមានបន្ទូលជាសេចក្ដីសន្ដិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំ រហូតដល់ចុងផែនដីបំផុត»។ (សាការី ៩:១០) ពាក្យដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យតែងនេះ គឺមានឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើជីវិតនៃបុរសម្នាក់ឈ្មោះ ហូសេ។
នៅគ្រាមួយ ហូសេបានជាប់គុក។ គាត់ធ្លាប់ធ្វើជាភេរវជន ហើយបានគេចាប់ឃុំឃាំង កាលដែលគាត់បានប្រុងដាក់គ្រាប់បែកឲ្យផ្ទុះបន្ទាយប៉ូលីស។ គាត់បានគិតថាមានតែអំពើឃោរឃៅទេ ទើបជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការធ្វើឲ្យមានស្ថានភាពល្អក្នុងប្រទេសរបស់គាត់។ កាលដែលគាត់នៅក្នុងគុក ស្មរបន្ទាល់ព្រះយេហូវ៉ាបានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយប្រពន្ធរបស់គាត់។
បន្ទាប់ពីហូសេបានចេញពីគុកមក គាត់ក៏បានសិក្សាព្រះគម្ពីរដែរ ហើយក្រោយមក ពាក្យនៅទំនុកដំកើង ៨៥:៨ ក៏ចាប់អនុវត្តមកលើគាត់៖ «ខ្ញុំនឹងស្ដាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់នឹងមានបន្ទូលមក ដ្បិតទ្រង់នឹងមានបន្ទូលពីសេចក្ដីសុខដល់រាស្ត្រទ្រង់ នឹងពួកអ្នកបរិសុទ្ធរបស់ទ្រង់»។ ប៉ុន្តែ ខនេះ បានបញ្ចប់ដោយព្រមានថា៖ «កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្ដីចំកួតទៀតឡើយ»។ ដូច្នេះហើយ អស់អ្នកដែលស្វែងរកសន្ដិភាពរបស់ព្រះយេហូវ៉ានឹងមិនត្រូវប្រព្រឹត្តដោយឯកឯង ឬប្រឆាំងគោលបំណងរបស់ទ្រង់ឡើយ។
សព្វថ្ងៃនេះ ហូសេនិងប្រពន្ធរបស់គាត់ជាអ្នកបំរើជនគ្រីស្ទាន។ ពួកគេនាំអ្នកដទៃឲ្យទៅរកព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា ជាដំណោះស្រាយបញ្ហាវិញ ដែលពីដើមហូសេបានធ្លាប់ខំរកដោះស្រាយដោយប្រើគ្រាប់បែកនោះ។ ពួកគេសុខចិត្តទុកចិត្តទៅលើព្រះគម្ពីរ ដែលចែងថា៖ «អើ ព្រះយេហូវ៉ាទ្រង់នឹងប្រោសប្រទានសេចក្ដីដ៏ល្អ ហើយស្រុកយើងនឹងបង្កើតផលចំរើន»។ (ទំនុកដំកើង ៨៥:១២) ប្រាកដហើយ ហូសេនៅពេលថ្មីនេះទើបតែបានទៅឯបន្ទាយប៉ូលីសដែលគាត់បានគ្រោងកំទេចចោលនោះ។ ហេតុអ្វី? ដើម្បីនឹងនិយាយប្រាប់គ្រួសារផ្សេងៗនៅទីនោះអំពីព្រះរាជាណាចក្ររបស់ព្រះ។
មនុស្សដ៏សុខសាន្ត
នៅទំនុកដំកើង ៣៧:១០, ១១ ព្រះគម្ពីរចែងថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន!
ប៉ុន្តែចូរកត់សម្គាល់ដែរថា សន្ដិភាពរបស់ព្រះយេហូវ៉ាគឺសំរាប់តែ«មនុស្សរាបសា»ទេ។ អស់ពួកអ្នកដែលស្វែងរកសន្ដិភាពត្រូវតែរៀនឲ្យចេះសុខសាន្ត។ នេះក៏ជាករណីមួយចំពោះបុរសម្នាក់ដែលរស់នៅប្រទេសញូវហ្សេឡិន ឈ្មោះឃាត្ស។ ឃាត្សជាបុរស«មាឌធំ ហើយមានបុគ្គលិកលក្ខណៈដ៏ឆេវឆាវហើយចូលចិត្តឈ្លោះប្រកែក»។ គាត់ធ្លាប់ធ្វើជាសមាជិកនៃពួកកនមួយក្រុម ដែលរស់នៅក្នុងផ្ទះដូចជាបន្ទាយ ដែលសួនច្បារមានឆ្កែយាមបី ដើម្បីដេញចេញពួកឈ្លានពាន។ ប្រពន្ធរបស់គាត់ដែលមានកូនប្រាំមួយនាក់បានលះលែងគាត់។
នៅពេលដែលឃាត្សបានជួបស្មរបន្ទាល់ព្រះយេហូវ៉ា ដំណឹងល្អបានមានឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើគាត់។ មិនយូរប៉ុន្មានក្រោយមក គាត់និងកូនចៅរបស់គាត់បានមកប្រជុំជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់បានកាត់សក់ដ៏វែងត្រឹមចង្កេះរបស់គាត់ចេញ ហើយក៏ចាប់ផ្ដើមនិយាយអំពីព្រះរាជាណាចក្ររបស់ព្រះទៅពួកអតីតមិត្តរបស់គាត់។ ពួកគេខ្លះក៏បានចាប់ផ្ដើមសិក្សាព្រះគម្ពីរដែរ។
ដូចមនុស្សទៀងត្រង់រាប់លាននាក់នៅជុំវិញពិភពលោកនោះ ឃាត្សបានអនុវត្តតាមពាក្យនៃសាវ័កពេត្រុស៖ «អ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិតហើយចង់ឃើញគ្រាដ៏ល្អនោះ . . . ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ប្រយោជន៍ឲ្យបានធ្វើការល្អវិញ ត្រូវស្វែងរកហើយដេញតាមសេចក្ដីមេត្រីភាព»។ (ពេត្រុសទី១ ៣:១០, ១១) ប្រពន្ធដើមរបស់ឃាត្សបានសុខចិត្តរៀបការនឹងគាត់ម្ដងទៀត ហើយឥឡូវនេះ គាត់កំពុងតែរៀន«ស្វែងរកហើយដេញតាមសេចក្ដីមេត្រីភាព»។
សន្ដិភាពរបស់ព្រះយេហូវ៉ាបានសង្គ្រោះមនុស្សជាច្រើនណាស់ ដែលរួមបញ្ចូលទាំងអ្នកអត្ថពលម្នាក់ដែលបានកើតនៅអតីតសហភាពសូវៀត។ បុរសម្នាក់នេះបានឈ្នះម៉េដៃយ៍ជាច្រើនក្នុងកីឡាអូឡាំប៊ិក ប៉ុន្តែគាត់បានទៅជាស្រងាកចិត្តយ៉ាងខ្លាំង ហើយក៏ទៅជាអ្នកប្រើគ្រឿងញៀននិងផឹកស្រា។ ក្រោយពី១៩ឆ្នាំដែលពោរពេញទៅដោយបញ្ហា ព្រមទាំងជាប់គុកដល់បីឆ្នាំក្នុងជំរំកម្មករក្នុងប្រទេសសៃបៀរីយា ការធ្វើដំណើរដោយលួចជិះកប៉ាល់ទៅប្រទេសកាណាដា ហើយជិតស្លាប់ពីរដងដោយការប្រើគ្រឿងញៀន គាត់ក៏បានអធិស្ឋានទៅព្រះឲ្យជួយរកគោលបំណងពិតនៃជីវិត។ ការសិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាដែលនិយាយភាសាសូវៀត បានជួយគាត់រកចម្លើយឃើញចំពោះសំនួររបស់គាត់។ នៅសព្វថ្ងៃនេះ បុរសនេះ ដូចមនុស្សរាប់លាននាក់ទៀតដែរ បានរកឃើញសេចក្ដីមេត្រីនឹងព្រះហើយចំពោះខ្លួនគាត់ដែរ។
សេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញ
នៅទីបំផុត សូមឲ្យយើងត្រឡប់ទៅឯ បូហ្សូនិងហេណា ឌូរិមវិញ ដែលរស់នៅក្នុងទីក្រុងសារីអេវ៉ូ។ គូស្វាមីភរិយានេះមានកូនស្រីម្នាក់អាយុប្រាំឆ្នាំ ឈ្មោះ ម៉ាដាឡាណា។ នៅខែកក្កដាឆ្នាំមុននេះ ពួកគេទាំងបីនាក់បានចាកចេញពីលំនៅរបស់គេ ដើម្បីនឹងចូលរួមសកម្មភាពផ្សាយ នៅពេលដែលគ្រាប់កាំភ្លើងផ្ទុះសម្លាប់គេទាំងអស់ទៅ។ ចុះយ៉ាងណាវិញដែរ ចំពោះសន្ដិភាពដែលគេបានផ្សាយប្រាប់ដល់ពួកអ្នកដទៃនោះ? តើគ្រាប់កាំភ្លើងដែលបានសម្លាប់ជីវិតរបស់គេបង្ហាញថា នេះមិនមែនជាសន្ដិភាពពិតទេឬ?
គឺច្បាស់ជាមិនអញ្ចឹងទេ! នៅក្នុងរបបលោកីយ៍នេះ សោកនាដកម្មតែងតែកើតមានឡើង។ មនុស្សត្រូវបានស្លាប់ដោយសារគ្រាប់បែកឬក៏គ្រាប់កាំភ្លើង។ អ្នកដទៃទៀតបានស្លាប់ដោយជម្ងឺឬដោយគ្រោះថ្នាក់។ មនុស្សជាច្រើនស្លាប់ដោយចាស់ជរា។ ពួកអ្នកដែលទទួលនូវសន្ដិភាពពីព្រះក៏មិនអាចចៀសផុតពីការនេះដែរ ប៉ុន្តែការមានព្រឹត្ដិការណ៍បែបនេះមិនបានធ្វើឲ្យគេមិនមានសង្ឃឹមនោះឡើយ។
យ៉ូហាន ១១:២៥) ក្រុមគ្រួសារលោកឌូរិមបានជឿអំពីសេចក្ដីនេះ ហើយស្មរបន្ទាល់ព្រះយេហូវ៉ាគ្រប់ៗគ្នាក៏ជឿដូច្នេះដែរ។ ហើយក្រុមគ្រួសារលោកឌូរិមមានជំនឿថា បើសិនជាពួកគេស្លាប់ទៅ ពួកគេនឹងត្រូវបានព្រះប្រោសឲ្យរស់ឡើងវិញនៅលើផែនដី ហើយនោះជាកន្លែងដែលមានសន្ដិភាពដ៏ពិតមែន។ ព្រះយេហូវ៉ា«នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៤
ចំពោះមិត្តរបស់ទ្រង់ឈ្មោះម៉ាថា ព្រះយេស៊ូបានសន្យាថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។ (មុននឹងទ្រង់បានទទួលមរណៈភាពទៅ ព្រះយេស៊ូបានមានបន្ទូលដល់ពួកអ្នកកាន់តាមទ្រង់ថា៖ «ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា . . . កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ»។ (យ៉ូហាន ១៤:២៧) យើងមានចិត្តរីករាយជាមួយនឹងក្រុមគ្រួសារលោកឌូរិម ដែលមានសេចក្ដីសុខនោះ ហើយនឹងប្រាកដជាទទួលបានសន្ដិភាពយ៉ាងពេញលេញថែមទៀតនៅក្នុងដំណើររស់ឡើងវិញ។ យើងមានចិត្តរីករាយណាស់ជាមួយនឹងអស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះនៃមេត្រីភាព។ ពួកបុគ្គលបែបនេះគឺមានចិត្តគំនិតសុខសាន្តមែន។ ពួកគេមានមេត្រីភាពជាមួយព្រះ។ ពួកគេបណ្ដុះឲ្យមានសន្ដិភាពជាមួយអ្នកដទៃ។ ហើយពួកគេបានជឿជាក់ថានឹងមានអនាគតដ៏សុខសាន្ត។ ត្រូវហើយ ពួកគេបានរកឃើញនូវសន្ដិភាព ថ្វីបើរស់នៅក្នុងពិភពលោកដ៏មានការជ្រួលច្របល់ក្ដី។ ប្រាកដណាស់ អស់អ្នកដែលថ្វាយបង្គំដោយវិញ្ញាណនិងសេចក្ដីពិតនឹងបានសន្ដិភាព។ សូមឲ្យអ្នកស្វែងរកឃើញសន្ដិភាពនេះដែរ។
[កំណត់សម្គាល់]
^ វគ្គ 10 បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក (ជាភាសាអង់គ្លេស)
[រូបភាពនៅទំព័រ៧]
ពួកគេបានរកឃើញសន្ដិភាពថ្វីបើរស់នៅក្នុងពិភពលោកដ៏មានការជ្រួលច្របល់ក្ដី