ព្រះយេហូវ៉ាប្រទានឲ្យសន្ដិភាពនិងសេចក្ដីពិតជាបរិបូរ
ព្រះយេហូវ៉ាប្រទានឲ្យសន្ដិភាពនិងសេចក្ដីពិតជាបរិបូរ
«អញ . . . នឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្ដីសុខ នឹងសេចក្ដីពិតជាបរិបូរឲ្យគេ»។—យេរេមា ៣៣:៦
១, ២. (ក) ចំពោះសន្ដិភាព តើសាសន៍ទាំងឡាយមានប្រវត្ដិយ៉ាងណាដែរ? (ខ) ក្នុងឆ្នាំ៦០៧ ម.ស.យ. តើព្រះយេហូវ៉ាបានបង្រៀនមេរៀនអ្វីដល់ពួកអ៊ីស្រាអែលអំពីសន្ដិភាព?
សន្ដិភាព! ជាការគួរឲ្យចង់បានណាស់ តែកម្រមាននៅក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស! ជាពិសេស សតវត្សទី២០នេះ គឺជាសតវត្សដែលគ្មានសន្ដិភាពឡើយ។ តែផ្ទុយទៅវិញ ក្នុងសតវត្សនេះ គឺឃើញមានសង្គ្រាមលោកពីរដ៏ហិនហោចជាទីបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស។ បន្ទាប់ពីសង្គ្រាមលោកលើកទីមួយ អង្គការសហពលកម្មប្រជាជាតិត្រូវបានតាំងឡើង ដើម្បីរក្សាសន្ដិភាពក្នុងលោក។ អង្គការនេះបានបរាជ័យ។ ក្រោយពីសង្គ្រាមលោកលើកទីពីរ អង្គការសហប្រជាជាតិត្រូវបានស្ថាបនាឡើងដោយមានគោលដៅដូចគ្នា។ យើងគ្រាន់តែអានកាសែតប្រចាំថ្ងៃ នោះឃើញរបៀបដែលអង្គការនេះក៏ទទួលបរាជ័យទាំងស្រុងដែរ!
២ តើយើងត្រូវភ្ញាក់ផ្អើលឬដែលអង្គការរបស់មនុស្សមិនអាចនាំឲ្យមានសន្ដិភាពនោះ? មិនមានទាល់តែសោះ! ជាង២.៥០០ឆ្នាំកន្លងមកនេះ ពួកអ៊ីស្រាអែលដែលជាប្រជារាស្ត្ររបស់ព្រះ បានទទួលមេរៀនមួយចំពោះរឿងនេះ។ ក្នុងសតវត្សទី៧ ម.ស.យ. សន្ដិភាពក្នុងស្រុកអ៊ីស្រាអែលបានទទួលការគំរាមកំហែងពីប្រទេសបាប៊ីឡូន ជាមហាអំណាចដ៏ខ្លាំង។ អ៊ីស្រាអែលបានពឹងពាក់ទៅលើ ប្រទេសអេស៊ីប ដើម្បីឲ្យបានសន្ដិភាព។ តែប្រទេសអេស៊ីបបានបរាជ័យ។ (យេរេមា ៣៧:៥-៨; អេសេគាល ១៧:១១-១៥) ក្នុងឆ្នាំ៦០៧ម.ស.យ. កងទ័ពបាប៊ីឡូនបានកំទេចកំផែងនៃក្រុងយេរូសាឡិម ហើយបានដុតចោលព្រះវិហាររបស់ព្រះយេហូវ៉ា។ ម្ល៉ោះហើយ អ៊ីស្រាអែលបានរៀនមេរៀនដ៏លំបាកមួយ អំពីអសារឥតការនៃការពឹងពាក់ទៅលើអង្គការរបស់មនុស្ស។ ជាជាងបានសន្ដិភាព សាសន៍នេះត្រូវបានគេចាប់អូសយកទៅជានិរទេសនៅក្នុងស្រុកបាប៊ីឡូន។—របាក្សត្រទី២ ៣៦:១៧-២១
៣. ក្នុងការសម្រេចពាក្យបន្ទូលរបស់ព្រះយេហូវ៉ាតាមរយៈយេរេមា តើព្រឹត្ដិការណ៍នៃប្រវត្ដិសាស្ត្រមួយណា ដែលបានបង្រៀនអ៊ីស្រាអែលមេរៀនទីពីរដ៏សំខាន់អំពីសន្ដិភាព?
៣ យ៉ាងណាក្ដី មុននឹងក្រុងយេរូសាឡិមបានរលំទៅ ព្រះយេហូវ៉ាបានសម្ដែងប្រាប់ថា ព្រះអង្គទ្រង់នឹងនាំឲ្យមានសន្ដិភាពពិតដល់អ៊ីស្រាអែល មិនមែនប្រទេសអេស៊ីបទេ។ តាមរយៈយេរេមា ទ្រង់បានសន្យាថា៖ «អញ . . . នឹងមើលគេឲ្យជា ព្រមទាំងបើកសេចក្ដីសុខ នឹងសេចក្ដីពិតជាបរិបូរឲ្យគេឃើញ អញនឹងធ្វើឲ្យពួកយូដា នឹងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលពីដើម»។ (យេរេមា ៣៣:៦, ៧) កិច្ចសន្យារបស់ព្រះយេហូវ៉ាបានចាប់សម្រេចឡើងក្នុងឆ្នាំ៥៣៩ម.ស.យ. នៅពេលដែលបាប៊ីឡូនបានទទួលបរាជ័យ ហើយពួកនិរទេសអ៊ីស្រាអែលក៏បានទទួលសេរីភាពវិញ។ (របាក្សត្រទី២ ៣៦:២២, ២៣) មកដល់ចុងឆ្នាំ៥៣៧ម.ស.យ. ពួកអ៊ីស្រាអែលមួយក្រុមបានធ្វើបុណ្យបារាំនៅលើទឹកដីអ៊ីស្រាអែលជាលើកដំបូងក្នុងរវាង៧០ឆ្នាំ! បន្ទាប់ពីបុណ្យនោះ ពួកគេបានរៀបចំសង់ព្រះវិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ តើពួកគេមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ? ព្រះគម្ពីរចែងថា៖ «បណ្ដាជនក៏ស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ាយ៉ាងនោះ ដោយព្រោះជើងជញ្ជាំងព្រះវិហារនៃព្រះយេហូវ៉ា បានដាក់ស្រេចហើយ»។—អែសរ៉ា ៣:១១
៤. តើតាមរបៀបណាដែលព្រះយេហូវ៉ាបានលើកទឹកចិត្តពួកអ៊ីស្រាអែលឲ្យសង់ព្រះវិហារ ហើយទ្រង់បានសន្យាអ្វីខ្លះអំពីសន្ដិភាព?
៤ ប៉ុន្តែ ក្រោយពីការចាប់ផ្ដើមដ៏រីករាយនោះ ពួកប្រឆាំងបានធ្វើឲ្យពួកអ៊ីស្រាអែលបាក់ទឹកចិត្ត ហើយក៏ឈប់សង់ព្រះវិហារទៅ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះយេហូវ៉ាបានចាត់ព្យាការីហាកាយនិងសាការី ឲ្យមកលើកទឹកចិត្តពួកអ៊ីស្រាអែលឲ្យបញ្ចប់កិច្ចការសង់ព្រះវិហារ។ ពួកគេច្បាស់ជារំភើបចិត្តជាខ្លាំង ដោយបានឮហាកាយមានប្រសាសន៍អំពីព្រះវិហារដែលនឹងត្រូវសង់នោះថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ‹សិរីល្អរបស់វិហារជាន់ក្រោយនេះ នឹងបានលើសជាងជាន់មុនទៅទៀត ហើយអញនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង› »!—ហាកាយ ២:៩
ព្រះយេហូវ៉ាបំពេញកិច្ចសន្យារបស់ទ្រង់
៥. អ្វីជាការកត់សម្គាល់អំពីសាការីជំពូកទី៨?
៥ ក្នុងសៀវភៅគម្ពីរសាការី យើងបានអានអំពីចក្ខុនិមិត្តនិងទំនាយជាច្រើនដែលមកពីព្រះ ដែលជួយចំរើនកម្លាំងដល់ប្រជារាស្ត្ររបស់ព្រះនៅជំនាន់សតវត្សទី៦ម.ស.យ.។ ទំនាយដដែលនេះនៅតែបន្តលើកទឹកចិត្តយើងឲ្យជឿជាក់ទៅលើការគាំទ្រនៃព្រះយេហូវ៉ា។ នេះផ្ដល់ឲ្យយើងគ្រប់មូលហេតុដើម្បីឲ្យជឿថា ព្រះយេហូវ៉ានឹងប្រទានឲ្យសន្ដិភាពដល់ប្រជារាស្ត្ររបស់ទ្រង់នៅសម័យយើងនេះដែរ។ ឧទាហរណ៍ នៅក្នុងជំពូកទី៨នៃសៀវភៅដែលមានឈ្មោះគាត់ ព្យាការីសាការីថ្លែងឃ្លានេះ១០ដងគឺ៖ ‹ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា›។ ក្នុងឃ្លានិមួយៗ មានសេចក្ដីប្រកាសពីព្រះដែលទាក់ទងនឹងសន្ដិភាពនៃប្រជារាស្ត្ររបស់ព្រះ។ កិច្ចសន្យាខ្លះៗបានសម្រេចរួចហើយនៅក្នុងសម័យលោកសាការី។ កិច្ចសន្យាទាំងអស់បានសម្រេច ឬកំពុងតែសម្រេចនៅសព្វថ្ងៃនេះ។
«អញមានសេចក្ដីប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន»
៦, ៧. តើតាមរបៀបណាដែលព្រះយេហូវ៉ា‹ប្រចណ្ឌចំពោះក្រុងស៊ីយ៉ូនដោយសេចក្ដីក្រោធជាខ្លាំង›?
៦ ឃ្លានេះលេចចេញមកជាលើកទីមួយនៅសាការី ៨:២ ដែលអានថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ ‹អញមានសេចក្ដីប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន អញមានសេចក្ដីប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង› »។ ព្រះយេហូវ៉ាសន្យាថាមានព្រះទ័យប្រចណ្ឌ មានយតិភាពជាខ្លាំងសំរាប់ប្រជារាស្ត្ររបស់ទ្រង់ គឺមានន័យថា ទ្រង់នឹងខំខ្នះខ្នែងនាំឲ្យមានសន្ដិភាពដល់គេវិញ។ ការរំដោះពួកអ៊ីស្រាអែលឲ្យមកស្រុកខ្លួនវិញនិងការសង់ព្រះវិហារឡើងវិញ ជាទីសំអាងនៃយតិភាពនោះ។
៧ ចុះយ៉ាងណាវិញចំពោះពួកអ្នកដែលបានប្រឆាំងនឹងប្រជារាស្ត្ររបស់ព្រះយេហូវ៉ា? យតិភាពរបស់ទ្រង់ចំពោះប្រជារាស្ត្រទ្រង់ គឺស្មើគ្នានឹង«ចិត្តក្រោធជាខ្លាំង»របស់ទ្រង់ដែលមានមកលើពួកសត្រូវទាំងនេះ។ កាលណាពួកយូដាស្មោះត្រង់មកថ្វាយបង្គំនៅឯព្រះវិហារដែលបានសង់ហើយនោះ ពួកគេអាចរំពឹងគិតដល់វាសនានៃក្រុងបាប៊ីឡូនដ៏ខ្លាំងក្លា ដែលឥឡូវនេះបានរំលំហើយ។ ពួកគេក៏អាចគិតដល់បរាជ័យទាំងស្រុងនៃពួកសត្រូវទាំងឡាយ ដែលបានខំព្យាយាមបញ្ឈប់ការសង់ព្រះវិហារនោះដែរ។ (អែសរ៉ា ៤:១-៦; ៦:៣) ហើយពួកគេអាចថ្លែងអំណរគុណដល់ព្រះយេហូវ៉ាដែលទ្រង់បានបំពេញកិច្ចសន្យារបស់ទ្រង់។ យតិភាពរបស់ទ្រង់បាននាំឲ្យពួកគេមានជ័យជំនះ!
«ទីក្រុងនៃសេចក្ដីពិត»
៨. ក្នុងសម័យសាការី តើក្រុងយេរូសាឡិមបានក្លាយជាទីក្រុងនៃសេចក្ដីពិតយ៉ាងដូចម្ដេច បើប្រៀបធៀបទៅនឹងសម័យមុនៗ?
៨ ជាលើកទី២ សាការីសរសេរថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ»។ អ្វីទៅជាបន្ទូលរបស់ទ្រង់នៅពេលនេះ? «អញបានវិលមកឯក្រុងស៊ីយ៉ូន ហើយក៏នឹងអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។ (សាការី ៨:៣) មុនឆ្នាំ៦០៧ម.ស.យ. យេរូសាឡិមមិនមែនជាទីក្រុងនៃសេចក្ដីពិតសោះឡើយ។ ពួកសង្ឃនិងពួកព្យាការីសុទ្ធតែពុករលួយ ហើយប្រជាជននៃក្រុងនោះគឺមិនស្មោះត្រង់ឡើយ។ (យេរេមា ៦:១៣; ៧:២៩-៣៤; ១៣:២៣-២៧) ឥឡូវនេះ ប្រជារាស្ត្រនៃព្រះបានសង់ព្រះវិហារឡើងវិញ ជាការបង្ហាញនូវការស៊ូប្ដូររបស់គេចំពោះការថ្វាយបង្គំបរិសុទ្ធ។ ម្ដងនេះទៀត ព្រះយេហូវ៉ាបានគង់នៅក្នុងក្រុងយេរូសាឡិមជាវិញ្ញាណ។ សេចក្ដីពិតនៃការថ្វាយបង្គំបរិសុទ្ធត្រូវបានឮនៅក្នុងក្រុងជាលើកម្ដងនេះទៀត ដូច្នេះហើយក្រុងយេរូសាឡិមអាចហៅជា «ទីក្រុងនៃសេចក្ដីពិត»។ ទីដ៏ខ្ពង់ខ្ពស់នៃទីក្រុងនេះអាចហៅជា«ភ្នំរបស់ព្រះយេហូវ៉ា»។
៩. ក្នុងឆ្នាំ១៩១៩ តើ«អ៊ីស្រាអែលនៃព្រះ» បានពិសោធការប្រែប្រួលស្ថានភាពដ៏អស្ចារ្យអ្វី?
៩ កាលដែលសេចក្ដីប្រកាសទាំងពីរនេះមានន័យខ្លឹមសាដល់ពួកអ៊ីស្រាអែលពីបុរាណ នេះក៏មានន័យជាច្រើនដែរសំរាប់យើងនៅសតវត្សទី២០នេះ ដែលកំពុងតែឈានទៅទីអវសាន។ ជិត៨០ឆ្នាំកន្លងមកនេះ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ពួកអ្នកចាក់ប្រេងតាំងពីរបីពាន់នាក់ដែលជាអ្នកតំណាង«អ៊ីស្រាអែលនៃព្រះ» បានធ្លាក់ទៅក្នុងការជាប់ឃុំឃាំងខាងវិញ្ញាណ ដូចគ្នានឹងពួកអ៊ីស្រាអែលពីបុរាណដែលបានធ្លាក់ទៅក្នុងការជាប់ឃុំឃាំងក្នុងក្រុងបាប៊ីឡូនដែរ។ (កាឡាទី ៦:១៦) ក្នុងទំនាយ គឺបានរៀបរាប់ពួកគេជាខ្មោចនៅតាមផ្លូវ។ ប៉ុន្តែ ពួកគេនៅតែមានចិត្តចង់យ៉ាងស្មោះក្នុងការថ្វាយបង្គំព្រះយេហូវ៉ា «ដោយវិញ្ញាណ នឹងសេចក្ដីពិត»។ (យ៉ូហាន ៤:២៤) ដូច្នេះ ក្នុងឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានដោះលែងពួកគេចេញពីការជាប់ឃុំឃាំង ហើយប្រោសឲ្យពួកគេរស់ឡើងវិញពីស្ថានភាពស្លាប់ខាងវិញ្ញាណរបស់គេ។ (វិវរណៈ ១១:៧-១៣) ម្ល៉ោះហើយ ព្រះយេហូវ៉ាបានតបឆ្លើយ អើត្រូវហើយ យ៉ាងលាន់រំពងចំពោះសំនួរក្នុងទំនាយរបស់អេសាយដែលថា៖ «តើនឹងឲ្យស្រុក១កើតឡើងក្នុងថ្ងៃតែ១បានឬ តើនគរ១នឹងលេចចេញមកភ្លាម១រំពេចឬអី»? (អេសាយ ៦៦:៨) ក្នុងឆ្នាំ១៩១៩ ប្រជារាស្ត្រនៃព្រះយេហូវ៉ាបានរស់រានមានជីវិតម្ដងទៀត ជាសាសន៍ខាងវិញ្ញាណនៅក្នុង«ស្រុក» ឬស្ថានភាពខាងវិញ្ញាណរបស់គេផ្ទាល់នៅលើផែនដី។
១០. ចាប់ពីឆ្នាំ១៩១៩ តើពួកគ្រីស្ទានចាក់ប្រេងតាំងបានទទួលប្រសិទ្ធិពរអ្វីខ្លះក្នុង«ស្រុក»របស់គេ?
១០ ពួកគ្រីស្ទានចាក់ប្រេងតាំងបានបំរើនៅក្នុងព្រះវិហារខាងវិញ្ញាណដ៏ធំនៃព្រះយេហូវ៉ាដោយសុខសាន្តនៅក្នុងស្រុកនោះ។ ពួកគេមានមុខតំណែងជា‹អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ› ទទួលយកភារៈនៃការមើលថែរក្សាទ្រព្យសម្បត្ដិរបស់ព្រះយេស៊ូនៅផែនដី ដែលជាឯកសិទ្ធិមួយដែលពួកគេសប្បាយរីករាយបំរើ កាលដែលសតវត្សទី២០នេះកំពុងតែឈានទៅទីអវសាន។ (ម៉ាថាយ ២៤:៤៥-៤៧) ពួកគេបានរៀនយ៉ាងប្រសើរនូវមេរៀនដែលថាព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីសុខសាន្ត»។—ថែស្សាឡូនីចទី១ ៥:២៣
១១. តើពួកមេដឹកនាំសាសនានៃពិភពគ្រីស្ទសាសនាបានបង្ហាញយ៉ាងណា ថាខ្លួនគេជាសត្រូវនៃប្រជារាស្ត្ររបស់ព្រះនោះ?
១១ ចុះយ៉ាងណាវិញដែរ ចំពោះពួកសត្រូវនៃអ៊ីស្រាអែលនៃព្រះ? យតិភាពរបស់ព្រះយេហូវ៉ាចំពោះប្រជារាស្ត្ររបស់ទ្រង់ គឺបានស្មើនឹងសេចក្ដីក្រោធរបស់ទ្រង់ចំពោះពួកប្រឆាំងទាំងឡាយ។ ក្នុងកំឡុងសង្គ្រាមលោកទី១ ពួកមេដឹកនាំសាសនានៃពិភពគ្រីស្ទសាសនាបានធ្វើការកៀបសង្កត់យ៉ាងខ្លាំង ដើម្បីព្យាយាមបំបាត់ចោលពួកគ្រីស្ទានដែលនិយាយសេចក្ដីពិតមួយក្រុមតូចនេះ—តែពួកគេបានបរាជ័យ។ ក្នុងកំឡុងសង្គ្រាមលោកទី២ ពួកបព្វជិតនៃពិភពគ្រីស្ទសាសនាបានមូលមតិគ្នាក្នុងប្រការតែមួយគឺ៖ នៅសងខាងនៃសង្គ្រាម ពួកគេបានដាស់តឿនរដ្ឋាភិបាលឲ្យបង្ក្រាបស្មរបន្ទាល់ព្រះយេហូវ៉ា។ សូម្បីតែនៅសព្វថ្ងៃនេះ ក្នុងប្រទេសជាច្រើន ពួកមេដឹកនាំសាសនាបានញុះញង់រដ្ឋាភិបាលឲ្យដាក់កំរិត ឬដាក់បំរាមទៅលើកិច្ចការផ្សាយគ្រីស្ទាននៃពួកស្មរបន្ទាល់ព្រះយេហូវ៉ា។
១២, ១៣. តើសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានបញ្ចេញទៅលើពិភពគ្រីស្ទសាសនាយ៉ាងណា?
១២ ការទាំងនេះមិនបានកន្លងទៅដោយព្រះយេហូវ៉ាមិនបានជ្រាបនោះឡើយ។ ក្រោយពីសង្គ្រាមលោកទី១ ពិភពគ្រីស្ទសាសនាជាមួយនិងបាប៊ីឡូនដ៏ធំ បានពិសោធការរលំ។ (វិវរណៈ ១៤:៨) ការជាក់ស្តែងនៃការរលំនៃពិភពគ្រីស្ទសាសនាបានដឹងឮជាសាធារណៈ ចាប់ផ្ដើមនៅឆ្នាំ១៩២២ នៅពេលដែលមហាភ័យជានិមិត្តរូបមួយលំដាប់ បានត្រូវចាក់ចេញមក។ ហើយការនេះបានបើកលាតត្រដាងឲ្យឃើញជាសាធារណៈនូវស្ថានភាពស្លាប់ខាងវិញ្ញាណរបស់វា ហើយព្រមានអំពីសេចក្ដីហិនវិនាសដែលនឹងមកលើវានៅខាងមុខនេះ។ (វិវរណៈ ៨:៧–៩:២១) ជាទីសំអាងនៃការបន្តចាក់មហាភ័យទាំងនេះ សុន្ទរកថា«ទីបញ្ចប់នៃសាសនាមិនពិតជិតមកដល់ហើយ» បានថ្លែងប្រាប់នៅជុំវិញពិភពលោក នៅថ្ងៃទី២៣ មេសា ឆ្នាំ១៩៩៥ ដោយមានការចែកចាយរាប់រយលានសន្លឹកនៃពត៌មានព្រះរាជាណាចក្រជាបន្ទាប់។
១៣ នៅសព្វថ្ងៃនេះ ពិភពគ្រីស្ទសាសនាគឺនៅក្នុងស្ថានភាពដ៏កំសត់។ ក្នុងរវាងសតវត្សទី២០នេះ សមាជិករបស់វាបានសម្លាប់គ្នាទៅវិញទៅមកក្នុងសង្គ្រាមដ៏ឃោរឃៅ ដោយមានសង្ឃនិងបព្វជិតប្រទានពរឲ្យផង។ ក្នុងប្រទេសខ្លះ ឥទ្ធិពលរបស់វាគឺសឹងតែគ្មានសោះ។ វាត្រូវបានកំណត់ឲ្យហិនវិនាសទៅ ជាមួយនិងបាប៊ីឡូនដ៏ធំដែរ។—វិវរណៈ ១៨:២១
សន្ដិភាពសំរាប់ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា
១៤. តើគំនូរនៃពាក្យអ្វីដែលសម្ដែងឲ្យឃើញអំពីប្រជារាស្ត្រមានសន្ដិភាព?
១៤ ម្យ៉ាងវិញទៀត ក្នុងឆ្នាំ១៩៩៦នេះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាសប្បាយរីករាយនឹងសន្ដិភាពដ៏បរិបូរក្នុងស្រុកស្ដារឡើងវិញរបស់គេ ដូចបានរៀបរាប់មកក្នុងសេចក្ដីប្រកាសទី៣នេះរបស់ព្រះយេហូវ៉ា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ ‹នឹងនៅមានបុរសចាស់ នឹងស្ត្រីចាស់អង្គុយតាមផ្លូវក្រុងយេរូសាឡិមទៀត គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ។ អស់ទាំងផ្លូវទីក្រុងនឹងបានពេញដោយកូនប្រុសកូនស្រី ដែលកំពុងតែលេងក្នុងផ្លូវ› »។—សាការី ៨:៤, ៥
១៥. ថ្វីបើពួកសាសន៍មានសង្គ្រាមជាច្រើនក្ដី តើស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែសប្បាយនឹងសន្ដិភាពអ្វី?
១៥ គំនូរនៃពាក្យដ៏ល្អទាំងនេះពិពណ៌នាអ្វីៗដ៏អស្ចារ្យនៅក្នុងពិភពលោកដែលបាក់បែកដោយសង្គ្រាមនេះ—គឺមនុស្សមានសន្ដិភាព។ ពាក្យទំនាយរបស់អេសាយនេះបានសម្រេចតាំងពីឆ្នាំ១៩១៩មកម្ល៉េះគឺ៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា›។ តែ . . . ព្រះនៃខ្ញុំ ទ្រង់មានបន្ទូលថា ‹គ្មានសេចក្ដីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ› »។ (អេសាយ ៥៧:១៩-២១) ពិតមែនហើយ កាលដែលប្រជារាស្ត្ររបស់ព្រះយេហូវ៉ាមិនត្រូវមានចំណែកជាមួយលោកីយ៍នេះ ពួកគេក៏មិនអាចជៀសផុតពីការប៉ះពាល់នៃដំណើរច្របូកច្របល់របស់លោកីយ៍នេះឡើយ។ (យ៉ូហាន ១៧:១៥, ១៦) នៅក្នុងប្រទេសខ្លះ ពួកគេអត់ទ្រាំនឹងសេចក្ដីលំបាកជាខ្លាំង ហើយមួយចំនួនតូចទៀតថែមទាំងបានបាត់បង់ជីវិតផង។ យ៉ាងណាក្ដី ជនគ្រីស្ទានពិតមានសន្ដិភាពក្នុងប្រការដ៏សំខាន់ពីរ។ ប្រការទីមួយ គឺពួកគេមាន«មេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃ[គេ]»។ (រ៉ូម ៥:១) ប្រការទីពីរ គឺពួកគេមានមេត្រីភាពក្នុងចំណោមពួកគេ។ ពួកគេបណ្ដុះឲ្យមាន«ប្រាជ្ញាដែលមកពីស្ថានលើ» ដែល «មុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត»។ (យ៉ាកុប ៣:១៧; កាឡាទី ៥:២២-២៤) ថែមទៅទៀត ពួកគេទន្ទឹងចាំយ៉ាងរីករាយនូវសន្ដិភាពក្នុងន័យពេញលេញបំផុត នៅពេលដែល«មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកដំកើង ៣៧:១១
១៦, ១៧. (ក) តើតាមរបៀបណា ដែល«បុរសចាស់ នឹងស្ត្រីចាស់»ហើយ«កូនប្រុសកូនស្រី» បានពង្រឹងដល់អង្គការរបស់ព្រះយេហូវ៉ា? (ខ) អ្វីទៅដែលសម្ដែងប្រាប់អំពីសន្ដិភាពនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ា?
១៦ ក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ នៅមាន«បុរសចាស់ នឹងស្ត្រីចាស់» ដែលជាពួកអ្នកចាក់ប្រេងតាំង ដែលពួកគេនៅចាំអំពីជ័យជំនះពីមុនៗនៃអង្គការរបស់ព្រះយេហូវ៉ា។ សេចក្ដីស្មោះត្រង់និងការខំអត់ទ្រាំរបស់គេ ត្រូវបានអបអរជាខ្លាំង។ ពួកអ្នកចាក់ប្រេងតាំងដែលមានវ័យក្មេង បាននាំមុខគេក្នុងកំឡុងជំនាន់ដ៏ឆេវឆាវនៃទសវត្សនៃឆ្នាំ១៩៣០ ហើយសង្គ្រាមលោកលើកទី២ ព្រមទាំងនៅក្នុងសម័យដែលចំរើនលូតលាស់ដ៏រំភើប។ ម្យ៉ាងវិញទៀត ជាពិសេសតាំងពីឆ្នាំ១៩៣៥មក «ហ្វូងយ៉ាងធំ»នៃ«ចៀមឯទៀត» ក៏បានបញ្ចេញខ្លួន។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) កាលដែលពួកជនគ្រីស្ទានចាក់ប្រេងតាំងកាន់តែចាស់ហើយមានតិចទៅនោះ ពួកចៀមឯទៀតបានទទួលកាន់កាប់កិច្ចការផ្សាយ ហើយបានពង្រីកកិច្ចការនេះពាសពេញផែនដី។ ក្នុងឆ្នាំថ្មីៗនេះ ពួកចៀមឯទៀតបានចូលមកក្នុងស្រុកនៃប្រជារាស្ត្ររបស់ព្រះ។ គ្រាន់តែឆ្នាំមុននេះ មាន៣៣៨.៤៩១នាក់បានធ្វើបុណ្យជ្រមុជទឹក ថ្វាយខ្លួនគេទៅព្រះយេហូវ៉ា! ពួកអ្នកចំណូលថ្មីនេះគឺនៅក្មេងណាស់ បើនិយាយខាងវិញ្ញាណ។ ភាពថ្មីថ្មោងនិងសេចក្ដីសាទររបស់គេត្រូវបានចាត់ទុកជាអ្វីមួយដ៏មានតម្លៃក្រៃលែង កាលដែលពួកគេចំរើនចំនួនដល់ក្រុមអ្នកច្រៀងទំនុកដោយដឹងព្រះគុណដល់«ព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។—វិវរណៈ ៧:១០
១៧ នៅសព្វថ្ងៃនេះ ‹អស់ទាំងផ្លូវទីក្រុងគឺពោរពេញទៅដោយពួកក្មេងប្រុសស្រី គឺពួកស្មរបន្ទាល់ដែលមានកម្លាំងដូចយុវភាព›។ ក្នុងកិច្ចបំរើប្រចាំឆ្នាំ១៩៩៥ របាយការណ៍បានទទួលមកពី២៣២ ប្រទេសនិងកោះនៃសមុទ្រ។ ប៉ុន្តែគ្មានការប្រកួតប្រជែងអន្តរជាតិ គ្មានការស្អប់រវាងកុលសម្ព័ន្ធ គ្មានការប្រចណ្ឌដ៏មិនត្រឹមត្រូវ រវាងពួកអ្នកចាក់ប្រេងតាំងនិងពួកចៀមឯទៀតឡើយ។ ទាំងអស់លូតលាស់ជាមួយគ្នាខាងវិញ្ញាណ សាមគ្គីគ្នាក្នុងសេចក្ដីស្រឡាញ់។ ភាតរភាពអន្តរជាតិនៃស្មរបន្ទាល់ព្រះយេហូវ៉ា គឺពិតជាប្លែកអស្ចារ្យមែនក្នុងឆាកពិភពលោក។—កូល៉ុស ៣:១៤; ពេត្រុសទី១ ២:១៧
តើជាការពិបាកពេកសំរាប់ព្រះយេហូវ៉ាឬ?
១៨, ១៩. ជាច្រើនឆ្នាំតាំងពីឆ្នាំ១៩១៩មក តើព្រះយេហូវ៉ាបានសម្រេចយ៉ាងដូចម្ដេច នូវអ្វីៗដែលហាក់បីដូចជាពិបាកពេកពីមតិមនុស្ស?
១៨ នៅឆ្នាំ១៩១៨ កាលដែលពួកសំណល់ចាក់ប្រេងតាំងមានសមាជិកដ៏ទន់ខ្សោយតែពីរបីពាន់នាក់ ជាប់ឃុំឃាំងខាងវិញ្ញាណ គ្មានអ្នកណាមួយអាចដឹងជាមុននូវទិសដៅដែលព្រឹត្ដិការណ៍អាចនាំទៅឡើយ។ យ៉ាងណាក្ដី ព្រះយេហូវ៉ាបានជ្រាបដឹង—ដូចជាបានបញ្ជាក់មកក្នុងសេចក្ដីប្រកាសទី៤របស់ទ្រង់ថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះ នៅគ្រានោះ ‹បើការនេះមើលទៅជាទីប្លែកភ្នែកដល់សំណល់ជនជាតិនេះ នោះតើត្រូវបានជាទីប្លែកភ្នែកដល់អញដែរឬ›? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ› »។—សាការី ៨:៦
១៩ ក្នុងឆ្នាំ១៩១៩ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានធ្វើឲ្យប្រជារាស្ត្ររបស់ទ្រង់ភ្ញាក់ដឹងខ្លួនវិញ សំរាប់កិច្ចការនៅខាងមុខ។ ក៏ប៉ុន្តែ ដើម្បីកាន់ខ្ជាប់តាមអង្គការដ៏តូចមួយនៃពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ា គឺត្រូវតែមានជំនឿ។ ដ្បិតពួកគេមានគ្នាតិចណាស់ ហើយមានសេចក្ដីជាច្រើនដែលមិនទាន់បានដឹងច្បាស់លាស់នៅឡើយ។ យ៉ាងណាក្ដី ព្រះយេហូវ៉ាបានចំរើនកម្លាំងដល់ពួកគេបន្ដិចម្ដងៗជាអង្គការ ហើយបានប្រដាប់ពួកគេឲ្យធ្វើកិច្ចការគ្រីស្ទាន គឺជាការផ្សាយដំណឹងល្អនិងការបង្កើតពួកសិស្ស។ (អេសាយ ៦០:១៧, ១៩; ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) បន្ដិចម្ដងៗ ទ្រង់បានជួយពួកគេឲ្យយល់នូវបញ្ហាសំខាន់ៗដូចជា អព្យាក្រឹតភាពនិងអធិបតេយ្យភាពសកលលោក។ តើជាការពិបាកពេកឬ ចំពោះព្រះយេហូវ៉ាក្នុងការសម្រេចគោលបំណងរបស់ទ្រង់ តាមរយៈក្រុមស្មរបន្ទាល់ដ៏តូចមួយនោះ? ចម្លើយនោះគឺច្បាស់ជា មិនពិបាកទេ!
«អញនឹងបានជាព្រះដល់គេ»
២០. តើការប្រមូលប្រជារាស្ត្ររបស់ព្រះ ត្រូវបានទាយមកថាមានទំហំប៉ុនណា?
២០ សេចក្ដីប្រកាសទី៥បង្ហាញតទៅទៀត នូវស្ថានភាពដ៏សប្បាយរីករាយនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ៖ «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ‹មើល អញនឹងជួយសង្គ្រោះរាស្ត្រអញឲ្យរួចពីស្រុកខាងកើត ហើយពីស្រុកខាងលិចដែរ។ អញនឹងនាំគេមក នោះគេនឹងអាស្រ័យនៅក្នុងក្រុងយេរូសាឡិម គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់គេ ដោយសេចក្ដីពិតនឹងសេចក្ដីសុចរិត› »។—សាការី ៨:៧, ៨
២១. តើតាមរបៀបណា ដែលសន្ដិភាពជាបរិបូរនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ត្រូវបានរក្សាទុកនិងពង្រីកចេញ?
២១ ក្នុងឆ្នាំ១៩៩៦ យើងអាចនិយាយដោយមិនរុញរាថា ដំណឹងល្អបានផ្សាយជុំវិញពិភពលោកពី«ស្រុកខាងកើត» រហូតទៅដល់ «ស្រុកខាងលិច»។ ពួកសិស្សបានបង្កបង្កើតឡើងពីមនុស្សគ្រប់សញ្ជាតិ ហើយពួកគេបានឃើញការសម្រេចនៃកិច្ចសន្យារបស់ព្រះយេហូវ៉ានេះ៖ «កូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្ដិសុខជាបរិបូរ»។ (អេសាយ ៥៤:១៣) យើងមានសន្ដិភាពពីព្រោះយើងបានអប់រំដោយព្រះយេហូវ៉ា។ ចំពោះគោលបំណងនេះ ប្រកាសនវត្ថុត្រូវបានបោះពុម្ពផ្សាយក្នុងជាង៣០០ភាសា។ គ្រាន់តែឆ្នាំមុននេះ ២១ភាសាទៀតត្រូវបានបន្ថែម។ ឥឡូវនេះ ទស្សនាវដ្ដីប៉មយាមត្រូវបានបោះពុម្ពផ្សាយក្នុងពេលដំណាលគ្នាក្នុង១១១ភាសា ហើយទស្សនាវដ្ដីភ្ញាក់រឭកក្នុង៥៤ភាសា។ មហាសន្និបាតជាតិនិងអន្តរជាតិសម្ដែងជាសាធារណៈនូវសន្ដិភាពនៃប្រជារាស្ត្ររបស់ព្រះ។ កិច្ចប្រជុំប្រចាំសប្ដាហ៍ជួយបង្រួបបង្រួមយើងនិងផ្ដល់ឲ្យយើងនូវការលើកទឹកចិត្ត ដែលយើងត្រូវការជាចាំបាច់សំរាប់ឲ្យបានមាំមួន។ (ហេព្រើរ ១០:២៣-២៥) ត្រូវហើយ ព្រះយេហូវ៉ាកំពុងតែអប់រំប្រជារាស្ត្ររបស់ទ្រង់ក្នុង«សេចក្ដីពិតនឹងសេចក្ដីសុចរិត»។ ព្រះអង្គកំពុងតែឲ្យសន្ដិភាពដល់ប្រជារាស្ត្ររបស់ទ្រង់។ យើងមានពរម្ល៉េះហ្ន៎ ដោយបានចូលរួបរួមក្នុងសន្ដិភាពជាបរិបូរនោះ!
តើអ្នកអាចពន្យល់បានទេ?
◻ ក្នុងសម័យថ្មីនេះ តើព្រះយេហូវ៉ាបាន‹ប្រចណ្ឌដោយសេចក្ដីក្រោធ›សំរាប់ប្រជារាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច?
◻ តើប្រជារាស្ត្ររបស់ព្រះយេហូវ៉ាសប្បាយនឹងសន្ដិភាពយ៉ាងណា ថ្វីបើក្នុងប្រទេសបាក់បែកដោយសង្គ្រាមក្ដី?
◻ តើតាមរបៀបណាដែល‹ផ្លូវក្រុងពោរពេញទៅដោយពួកក្មេងប្រុសស្រី›?
◻ តើសំវិធានការអ្វីដែលបានរៀបចំមក ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះយេហូវ៉ា អាចរៀនសូត្រពីទ្រង់?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ៨, ៩]
ក្នុងសតវត្សទី៦ ម.ស.យ. ពួកយូដាដ៏ស្មោះត្រង់ដែលបានសង់ព្រះវិហារឡើងវិញបានរៀនដឹងថា ព្រះយេហូវ៉ាគឺជាប្រភពនៃសន្ដិភាពដ៏ទៀងទាត់តែមួយ