លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ

មនុស្សលោកត្រូវការចំណេះវិជ្ជារបស់ព្រះ

មនុស្ស​លោក​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ

«នោះ​អ្នក​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​អ្នក​នឹង​រក​ឃើញ​ចំណេះ​វិជ្ជា​របស់​ព្រះ»។—សុភាសិត ២:៥ ព.ថ.

១. ហេតុ​អ្វី​ក៏​អាច​និយាយ​ថា បេះ​ដូង​របស់​មនុស្ស​ជា​វិស្វកម្ម​នៃ​ស្នា​ដៃ​ឯក​របស់​ព្រះ​នោះ?

 បេះ​ដូង​របស់​មនុស្ស​ប្រមាណ​៥.៦០០.០០០.០០០​កំពុង​តែ​លោត​នៅ​លើ​ផែនដី​នៅ​ឥឡូវ​នេះ។ ជា​រៀង​រាល់​ថ្ងៃ បេះ​ដូង​របស់​អ្នក លោត​១០០.០០០​ដង ហើយ​បូម​ឈាម​ប្រមាណ​៧.៦០០​លីត្រ​តាម​រយៈ​ប្រព័ន្ធ​សរសៃ​ឈាម​របស់​អ្នក​ដែល​មាន​ចម្ងាយ​១០០.០០០​គីឡូ​ម៉ែត្រ។ គ្មាន​សាច់​ដុំ​ណា​ខំ​ធ្វើ​ការ​ខ្លាំង​ជាង​វិស្វកម្ម​នៃ​ស្នា​ដៃ​ឯក​នេះ​របស់​ព្រះ​ឡើយ។

២. តើ​អ្នក​អាច​រៀប​រាប់​យ៉ាង​ណា​អំពី​ចិត្ត?

នៅ​លើ​ផែនដី​នេះ​គឺ​មាន​ចិត្ត​ប្រមាណ​៥.៦០០.០០០.០០០​ដែរ ដែល​កំពុង​តែ​ខំ​ធ្វើ​ការ។ នៅ​ក្នុង​ចិត្ត​របស់​យើង​គឺ​មាន​មនោសញ្ចេតនា គ្រឿង​លើក​ទឹក​ចិត្ត និង​ចំណង់។ នេះ​ជា​មជ្ឈមណ្ឌល​នៃ​គំនិត ការ​យោគ​យល់​និង​ឆន្ទៈ​របស់​យើង។ ចិត្ត​អាច​ទៅ​ជា​មានះ​ឬ​ទន់​ទាប ស្រពាប់ស្រពោន ឬ​រីករាយ ជា​ងងឹត ឬ​បាន​បំភ្លឺ។—នេហេមា ២:២; សុភាសិត ១៦:៥; ម៉ាថាយ ១១:២៩; កិច្ច​ការ ១៤:១៧; កូរិនថូស​ទី​២ ៤:៦; អេភេសូរ ១:១៦​-​១៨

៣, ៤. តើ​តាម​របៀប​ណា​ដែល​ចិត្ត​របស់​មនុស្ស​កំពុង​តែ​ឮ​ដំណឹង​ល្អ?

ព្រះ​យេហូវ៉ា​អាច​មើល​ចិត្ត​របស់​មនុស្ស​បាន។ សុភាសិត ១៧:៣​ចែង​ថា៖ «បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​ឡ​សំរាប់​មាស តែ​គឺ​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​ល​មើល​ចិត្ត​វិញ»។ តែ​ជា​ជាង​គ្រាន់​តែ​មើល​ចិត្ត​និមួយ​ៗ ហើយ​ប្រហារ​សេចក្ដី​ជំនុំ​ជំ​រះ​នោះ ព្រះ​យេហូវ៉ា​គឺ​កំពុង​តែ​ប្រើ​ពួក​ស្មរបន្ទាល់​របស់​ទ្រង់​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ទៅ​ដល់​ចិត្ត​របស់​មនុស្ស​ទាំង​ឡាយ។ នេះ​គឺ​សម​ស្រប​នឹង​ពាក្យ​របស់​សាវ័ក​ប៉ុល ដែល​ថា៖ « ‹ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម[ព្រះ​យេហូវ៉ា] នោះ​នឹង​បាន​សង្គ្រោះ› ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ​នាវ​ដល់​ព្រះ​បាន? ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ? មួយ​ទៀត ធ្វើ​ដូច​ម្ដេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ? ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ​សាន្ត ហើយ​ថ្លែង​ប្រាប់​ពី សេចក្ដី​ដែល​បណ្ដាល​ឲ្យ​រីករាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎› »។—រ៉ូម ១០:១៣​-​១៥

នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ណាស់ ដោយ​បញ្ជូន​ពួក​ស្មរបន្ទាល់​របស់​ទ្រង់​ដល់​ចុង​ផែនដី​ដើម្បី‹ប្រកាស​ដំណឹង​ដ៏​ល្អ​ៗ› ហើយ​ដើម្បី​នឹង​ស្វែង​រក​ពួក​អ្នក​ដែល​ចូល​ចិត្ត​ស្ដាប់។ ឥឡូវ​នេះ យើង​មាន​ចំនួន​ជាង​៥.០០០.០០០​នាក់—ដែល​មាន​សមាភាគ​ពី​១​ស្មរបន្ទាល់​ទៅ​ប្រមាណ​១.២០០​មនុស្ស​នៅ​លើ​ផែនដី​យើង​នេះ។ ការ​នាំ​យក​ដំណឹង​ល្អ​ទៅ​មនុស្ស​រាប់​លាន​កោដិ​នាក់​នៅ​លើ​ផែនដី​គឺ​មិន​ជា​ការ​ស្រួល​ទេ។ ប៉ុន្តែ ព្រះ​កំពុង​តែ​ដឹក​នាំ​កិច្ច​ការ​នេះ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​គឺ​កំពុង​តែ​ប្រមូល​យក​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ។ ដូច្នេះ ទំនាយ​ដែល​បាន​កត់​ទុក​មក​នៅ​អេសាយ ៦០:២២ គឺ​ជា​ការ​ជាក់​ស្តែង​ណាស់៖ «អ្នក​តូច​បំផុត​នឹង​ត្រឡប់​ទៅ​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច នឹង​ត្រឡប់​ទៅ​ជា​សាសន៍​១​យ៉ាង​ពូកែ អញ​នេះ​គឺ​ព្រះ​យេហូវ៉ា អញ​នឹង​ប​ញ្ជៀ​ន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់»។

៥. តើ​ចំណេះ​វិជ្ជា​ជា​អ្វី ហើយ​តើ​យើង​អាច​និយាយ​យ៉ាង​ណា​ដែរ​អំពី​ប្រាជ្ញា​របស់​លោកីយ៍​នេះ?

ពេល​កំណត់​នោះ​គឺ​នៅ​សព្វ​ថ្ងៃ​នេះ​ឯង ហើយ​អ្វី​មួយ​ដែល​ឃើញ​ច្បាស់​នោះ—គឺ​ថា​មនុស្ស​រាប់​លាន​កោដិ​នាក់​នៅ​លើ​ផែនដី​ត្រូវ​ការ​ចំណេះ​វិជ្ជា។ ជា​គោល​សំខាន់ ចំណេះ​វិជ្ជា​គឺ​ជា​ការ​ដឹង​ច្បាស់​អំពី​ហេតុ​ការណ៍​ពិត ដែល​អាច​មាន​មក​ពី​ការ​ពិសោធ ការ​សង្កេត​មើល ឬ​ពី​ការ​សិក្សា។ មនុស្ស​លោក​បាន​កើន​ចំណេះ​វិជ្ជា​ឡើង​យ៉ាង​ច្រើន។ ការ​ជឿន​លឿន​គឺ​មាន​ខាង​វិស័យ​ដូច​ជា ការដឹក​ជញ្ជូន ការ​ថែ​រក្សា​សុខភាព និង​គមនាគមន៍។ ប៉ុន្តែ តើ​មនុស្ស​លោក​ពិត​ជា​ត្រូវ​ការ​ចំណេះ​វិជ្ជា​ពី​លោកីយ៍​នេះ​ឬ? គឺ​មិន​មែន​ទេ! សង្គ្រាម ការ​ជិះ​ជាន់ ជម្ងឺ​រោគ និង​សេចក្ដី​ស្លាប់​គឺ​បាន​បន្ត​ធ្វើ​ទុក្ខ​វេទនា​ដល់​មនុស្ស​លោក។ ប្រាជ្ញា​របស់​លោកីយ៍​គឺ​តែង​តែ​បាន​ដូច​ជា​ដី​ខ្សាច់​ដែល​ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​តែ​ខ្យល់​ព្យុះ​វាល​ខ្សាច់។

៦. ចំពោះ​ឈាម តើ​ចំណេះ​វិជ្ជា​របស់​ព្រះ​ប្រៀប​ធៀប​យ៉ាង​ណា​ជា​មួយ​នឹង​ប្រាជ្ញា​របស់​លោកីយ៍​នេះ?

ឧទាហរណ៍៖ ពីរ​សតវត្ស​កន្លង​ទៅ​នេះ ជា​ទំនៀម​ទំលាប់​មួយ​ក្នុង​ការ​បញ្ចេញ​ឈាម​ពី​ខ្លួន​ដើម្បី​ឲ្យ​បាន​សះ​ស្បើយ​ទៅ​វិញ។ ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក​ទី​មួយ ឈ្មោះ​ជូច វ៉ាស៊ីនតោន ត្រូវ​បាន​គេ​បញ្ចេញ​ឈាម​ពី​ខ្លួន​ជា​ច្រើន​ដង​ក្នុង​រយៈ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក។ នៅ​ចំណុច​មួយ លោក​បាន​មាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​ចុះ ខ្ញុំ​មិន​អាច​ទ្រាំ​បាន​យូរ​ទៀត​ទេ»។ លោក​បាន​និយាយ​ត្រូវ​ណាស់ ពី​ព្រោះ​លោក​បាន​ស្លាប់​នៅ​ថ្ងៃ​នោះ​មែន—ខែ​ធ្នូ ថ្ងៃ​ទី​១៤ ឆ្នាំ​១៧៩៩។ ផ្ទុយ​ពី​ការ​បញ្ចេញ​ឈាម​ពី​ខ្លួន នៅ​សព្វ​ថ្ងៃ​នេះ គឺ​មាន​ការ​ដាក់​ទម្ងន់​ទៅ​លើ​ការ​បញ្ចូល​ឈាម​ទៅ​ក្នុង​រូប​កាយ​របស់​មនុស្ស​ទៅ​វិញ។ វិធី​ទាំង​ពីរ​យ៉ាង​នេះ គឺ​បាន​ប្រកប​ទៅ​ដោយ​បញ្ហា​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ទាំង​នេះ បន្ទូល​របស់​ព្រះ​បាន​ចែង​ថា៖ «គឺ​ឲ្យ​ចៀស​វាង . . . [ពី]ឈាម»។ (កិច្ច​ការ ១៥:២៩) ចំណេះ​វិជ្ជា​របស់​ព្រះ​គឺ​តែង​តែ​ត្រឹម​ត្រូវ គួរ​ឲ្យ​ទុក​ចិត្ត​បាន ហើយ​ទាន់​សម័យ​ជា​និច្ច។

៧. ចំពោះ​ការ​ចិញ្ចឹម​អប់រំ​កូន​ចៅ តើ​ចំណេះ​វិជ្ជា​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ​ប្រៀប​ធៀប​នឹង​ប្រាជ្ញា​លោកីយ៍​ជា​យ៉ាង​ណា​ដែរ?

ចូរ​ពិចារណា​នូវ​ឧទាហរណ៍​មួយ​ទៀត​នៃ​ប្រាជ្ញា​របស់​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ពួក​អ្នក​ចិត្ត​វិជ្ជា​បាន​គាំទ្រ​ការ​ចិញ្ចឹម​អប់រំ​កូន​ចៅ​តាម​វិធី​បណ្ដែត​បណ្ដោយ​កូន ប៉ុន្តែ​អ្នក​គាំទ្រ​ម្នាក់​ក្រោយ​មក​បាន​សារភាព​ថា នេះ​ជា​វិធី​ខុស​ទៅ​វិញ។ សមាគម​ន​និរុត្ដិសាស្ត្រ​អាឡឺម៉ង់ នៅ​ពេល​មួយ​បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដែត​បណ្ដោយ​កូន​គឺ«យ៉ាង​ហោច​ណាស់​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​ក្នុង​ចំណោម​ក្មេង​ៗ»។ ប្រាជ្ញា​លោកីយ៍​យោល​ទៅ​មក​ៗ ដូច​ជា​បាន​បក់​ដោយ​ខ្យល់​អញ្ចឹង ប៉ុន្តែ​ចំណេះ​វិជ្ជា​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ​គឺ​មិន​អាច​រញ្ជួយ​បាន​ឡើយ។ ព្រះ​គម្ពីរ​បាន​ផ្ដល់​ឲ្យ​ឱវាទ​ដ៏​ត្រឹម​ត្រូវ​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន​ចៅ។ សុភាសិត ២៩:១៧ ចែង​ថា៖ «ចូរ​ស្តី​ប្រដៅ​កូន​ឯង​ចុះ នោះ​វា​នឹង​ឲ្យ​ឯង​បាន​សំរាក​ចិត្ត អើ វា​នឹង​ឲ្យ​ឯង​មាន​ចិត្ត​រីករាយ​ផង»។ ការ​ប្រដៅ​បែប​នេះ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់ ពី​ព្រោះ​ប៉ុល​បាន​សរសេរ​ថា៖ «ឪពុក​រាល់​គ្នា​អើយ កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់[ព្រះ​យេហូវ៉ា]វិញ»។—អេភេសូរ ៦:៤

«ចំណេះ​វិជ្ជា​របស់​ព្រះ»

៨, ៩. តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​បាន​នូវ​អ្វី​ដែល​សុភាសិត ២:១​-​៦ បាន​ចែង​មក អំពី​ចំណេះ​វិជ្ជា​ដែល​មនុស្ស​លោក​ត្រូវ​ការ​ជា​ចាំ​បាច់​នោះ?

ថ្វី​បើ​ប៉ុល​ជា​បុរស​ដ៏​ចេះ​ដឹង​ម្នាក់​ក្ដី គាត់​បាន​សរសេរ​ថា៖ «បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ស្មានថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយនេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងង់​ល្ងើ​វិញ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ឡើង ពី​ព្រោះ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ជា​សេចក្ដី​ល្ងង់​ល្ងើ​នៅ​ចំពោះ​ព្រះ»។ (កូរិនថូស​ទី​១ ៣:១៨, ១៩) មាន​តែ​ព្រះ​ទេ ដែល​អាច​ផ្ដល់​ឲ្យ​ចំណេះ​វិជ្ជា​ដែល​មនុស្ស​លោក​ត្រូវ​ការ​ជា​ចាំ​បាច់​នោះ។ ចំពោះ​រឿង​នេះ សុភាសិត ២:១​-​៦ ចែង​ថា៖ «កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្ដាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្ដាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ[អ្នក​នឹង​រក​ឃើញ​ចំណេះ​វិជ្ជា​របស់​ព្រះ, ព.ថ.] ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់​មក»។

ពួក​អ្នក​ដែល​មាន​ចិត្ត​ល្អ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា ដោយ​ប្រើ​យ៉ាង​ត្រឹម​ត្រូវ​នូវ​ចំណេះ​វិជ្ជា​ដែល​ព្រះ​ផ្ដល់​មក។ ពួក​គេ​មាន​ចិត្ត​យោគ​យល់ ដោយ​ថ្លឹង​ថ្លែង​យ៉ាង​ប្រយ័ត្ន​ប្រយែង​អំពី​ហេតុ​ការណ៍​ពិត ដែល​គេ​កំពុង​តែ​រៀន។ បើ​និយាយ​ឲ្យ​ចំ​ទៅ ពួក​គេ​អំពាវ​នាវ​រក​អធ្យាស្រ័យ ឬ​សមត្ថភាព​ក្នុង​ការ​យល់​នូវ​របៀប​ដែល​ទិដ្ឋភាព​នៃ​ប្រធាន​មួយ​ទាក់​ទង​នឹង​មួយ​ទៀត។ ពួក​មនុស្ស​ដែល​មាន​ចិត្ត​ត្រឹម​ត្រូវ​ធ្វើ​ការ ហាក់​បី​ដូច​ជា​គេ​ជីក​រក​ប្រាក់ និង​ស្វែង​រក​រតនសម្បត្ដិ​ដែល​បាន​កប់​អញ្ចឹង។ តើ​ពួក​អ្នក​ដែល​ចូល​ចិត្ត​ស្ដាប់ រក​ឃើញ​រតនសម្បត្ដិ​ដ៏​សម្បើម​អ្វី? នេះ​គឺ​ជា«ចំណេះ​វិជ្ជា​របស់​ព្រះ»។ តើ​នេះ​ជា​អ្វី​ទៅ? បើ​និយាយ​ឲ្យ​ស្រួល​ទៅ នេះ​គឺ​ជា​ចំណេះ​វិជ្ជា​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​បន្ទូល​របស់​ព្រះ។

១០. តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​នឹង​ទទួល​សុខភាព​ល្អ​ខាង​វិញ្ញាណ?

១០ ចំណេះ​វិជ្ជា​របស់​ព្រះ​គឺ​ត្រឹម​ត្រូវ មិន​ផ្លាស់​ប្ដូរ ហើយ​ផ្ដល់​ឲ្យ​ជីវិត។ នេះ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ។ ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ​ថា៖ «ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ពាក្យ​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ទុក​ជា​គំរូ​ពី​សេចក្ដី​ជំនឿ នឹង​សេចក្ដី​ស្រឡាញ់ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ (ធីម៉ូថេ​ទី​២ ១:១៣) ភាសា​មួយ​តែង​តែ​មាន​ការ​រៀបចំ​ពាក្យ។ យ៉ាង​ដូច្នេះ​ដែរ ‹ភាសា​បរិសុទ្ធ›នៃ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ក៏​មាន«ពាក្យ​ត្រឹម​ត្រូវ» ដែល​មាន​មូលដ្ឋាន​ទៅ​លើ​ចំណង​ជើង​នៃ​ព្រះ​គម្ពីរ នៃ​ការ​ដំកើង​អធិបតេយ្យភាព​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ព្រះ​រាជាណាចក្រ។ (សេផានា ៣:៩) យើង​ត្រូវ​តែ​ទុក​ការ​រៀបចំ​ពាក្យ​ដ៏​ត្រឹម​ត្រូវ​ទាំង​នេះ​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​យើង។ បើ​យើង​ចង់​ចៀស​វាង​ពី​ជម្ងឺ​ចិត្ត ហើយ​រក្សា​ឲ្យ​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ​នោះ យើង​ត្រូវ​តែ​អនុវត្ត​ព្រះ​គម្ពីរ​ក្នុង​ជីវិត​របស់​យើង ហើយ​ឆ្លៀត​យក​នូវ​សំ​វិធានការ​ខាង​វិញ្ញាណ​ឲ្យ​បាន​ពេញ​លេញ​ដែល​ព្រះ​ផ្ដល់​ឲ្យ​តាម​រយៈ«អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ»។ (ម៉ាថាយ ២៤:៤៥​-​៤៧, ព.ថ.; ទីតុស ២:២) ចូរ​ឲ្យ​យើង​ចង​ចាំ​ជា​និច្ច​ថា ដើម្បី​ឲ្យ​បាន​សុខភាព​ល្អ​ខាង​វិញ្ញាណ នោះ​យើង​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ។

១១. តើ​មាន​មូលហេតុ​ណា​ខ្លះ​ដែល​មនុស្ស​លោក​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ?

១១ ចូរ​ពិចារណា​នូវ​មូលហេតុ​ផ្សេង​ៗ​ទៀត ដែល​មនុស្ស​លោក​រាប់​លាន​កោដិ​នាក់​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ។ តើ​ពួក​គេ​ទាំង​អស់​ដឹង​នូវ​របៀប​ដែល​ផែនដី​និង​មនុស្ស​បាន​ចាប់​កំណើត​មក​ទេ? គឺ​ច្បាស់​ជា​អត់​ទេ។ តើ​មនុស្ស​លោក​ទាំង​អស់​ស្គាល់​ព្រះ​ពិត​និង​រាជបុត្រា​របស់​ទ្រង់​ទេ? តើ​មនុស្ស​គ្រប់​គ្នា​ដឹង​អំពី​រឿង​ដែល​សាតាំង​បាន​ចោទ​ឡើង ចំពោះ​អធិបតេយ្យភាព​របស់​ព្រះ​និង​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍​របស់​មនុស្ស​ទេ? គឺ​អត់​ដឹង​ទេ។ តើ​មនុស្ស​ទូទៅ​ដឹង​នូវ​ហេតុ​អ្វី​បាន​ជា​យើង​ទៅ​ជា​ចាស់​ហើយ​ស្លាប់​ទេ? ម្ដង​នេះ​ទៀត យើង​ក៏​អាច​និយាយ​ថា អត់​ទេ។ តើ​មនុស្ស​រស់​នៅ​លើ​ផែនដី​ទាំង​អស់​ដឹង​ថា​ព្រះ​រាជាណាចក្រ​គឺ​កំពុង​តែ​សោយ​រាជ្យ ហើយ​ថា​យើង​កំពុង​តែ​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ទេ? តើ​ពួក​គេ​ដឹង​អំពី​វិញ្ញាណ​កំណាច​ទេ? តើ​មនុស្ស​ទាំង​អស់​មាន​ចំណេះ​វិជ្ជា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន អំពី​របៀប​ដែល​គេ​រក​សុភមង្គល​បាន​នៅ​ក្នុង​គ្រួសារ​ទេ? តើ​មនុស្ស​ដឹង​ថា ជីវិត​ដ៏​រីករាយ​ក្នុង​សួន​មនោរម្យ ជា​គោល​បំណង​របស់​ព្រះ​អាទិទេព​សំរាប់​អស់​អ្នក​ណា​ដែល​គោរព​តាម​ទ្រង់​ឬ​ទេ? ចំពោះ​សំនួរ​ទាំង​នេះ​ដែរ គឺ​ច្បាស់​ជា​មិន​ដឹង​ទេ។ ដូច្នេះ​ហើយ​នេះ​គឺ​ជា​ការ​ច្បាស់​ណាស់ ដែល​មនុស្ស​លោក​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ។

១២. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ថ្វាយ​បង្គំ​ព្រះ«ដោយ​វិញ្ញាណ​និង​សេចក្ដី​ពិត»បាន?

១២ មនុស្ស​លោក​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ ដោយ​សារ​តែ​អ្វី​ៗ​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​មក​ក្នុង​ការ​អធិស្ឋាន​របស់​ទ្រង់ នៅ​រាត្រី​ចុង​បញ្ចប់​នៃ​ព្រះ​ជន្ម​របស់​ទ្រង់​នៅ​លើ​ផែនដី។ ពួក​សាវ័ក​របស់​ទ្រង់​ច្បាស់​ជា​បាន​រំភើប​ចិត្ត​ណាស់​ដោយ​បាន​ឮ​ទ្រង់​មាន​បន្ទូល​ថា៖ «នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣) ការ​អនុវត្ត​តាម​ចំណេះ​វិជ្ជា​បែប​នេះ ជា​ផ្លូវ​តែ​មួយ​គត់​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ឯ​ព្រះ​ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ»។ (យ៉ូហាន ៤:២៤) យើង​ថ្វាយ​បង្គំ​ព្រះ«ដោយ​វិញ្ញាណ» នៅ​ពេល​ដែល​ចិត្ត​របស់​យើង​បាន​ពោរ​ពេញ​ទៅ​ដោយ​ជំនឿ​និង​សេចក្ដី​ស្រឡាញ់។ តើ​យើង​ថ្វាយ​បង្គំ​ទ្រង់‹ដោយ​សេចក្ដី​ពិត›យ៉ាង​ណា? គឺ​ដោយ​សិក្សា​ពាក្យ​បន្ទូល​របស់​ទ្រង់​និង​ថ្វាយ​បង្គំ​ទ្រង់ យោង​ទៅ​តាម​សេចក្ដី​ពិត​ដែល​ទ្រង់​បាន​សម្ដែង​ប្រាប់​មក​គឺ​ថា—«ចំណេះ​វិជ្ជា​របស់​ព្រះ»។

១៣. តើ​ព្រឹត្ដិការណ៍​អ្វី​ដែល​បាន​កត់​ទុក​មក​នៅ​កិច្ច​ការ ១៦:២៥​-​៣៤ ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​នោះ?

១៣ មនុស្ស​រាប់​ពាន់​នាក់​បាន​ចាប់​ផ្ដើម​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ តើ​ការ​បង្រៀន​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ពួក​អ្នក​ចាប់​អារម្មណ៍​ត្រូវ​មាន​រយៈ​ដ៏​យូរ​ឬ ឬ​ក៏​តើ​អ្នក​មាន​ចិត្ត​ស្មោះ​ទាំង​នោះ​អាច​ឆាប់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​បាន​ទេ? សូម​ពិចារណា​មើល​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ករណី​នៃ​មេ​ភូ​ឃុំ​និង​គ្រួសារ​របស់​គាត់ ដែល​បាន​រៀប​រាប់​មក​នៅ​កិច្ច​ការ ១៦:២៥​-​៣៤។ ប៉ុល​និង​ស៊ីឡាស​បាន​គេ​ចាប់​ដាក់​គុក​នៅ​ទី​ក្រុង​ភីលីព ប៉ុន្តែ​នៅ​កណ្ដាល​អធ្រាត្រ​មាន​កក្រើក​ដី​ជា​ខ្លាំង ដែល​បាន​ធ្វើ​ឲ្យ​របើក​ទ្វារ​គុក​ទាំង​នោះ។ ដោយ​បាន​គិត​ថា​ពួក​អ្នក​ជាប់​គុក​ទាំង​អស់​នោះ​បាន​លួច​រត់​ចេញ ហើយ​ថា​ខ្លួន​គាត់​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​នោះ មេ​ភូ​ឃុំ​ក៏​ហៀប​នឹង​សម្លាប់​ខ្លួន ប៉ុន្តែ​នៅ​ពេល​នោះ​ប៉ុល​បាន​ប្រាប់​គាត់​ថា​ពួក​គេ​នៅ​ទី​នោះ​ទាំង​អស់​គ្នា​ទេ។ ប៉ុល​និង​ស៊ីឡាស​បាន«ផ្សាយ​ព្រះ​បន្ទូល​នៃ[ព្រះ​យេហូវ៉ា]ដល់​គាត់ នឹង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ»។ មេ​ភូ​ឃុំ​និង​គ្រួសារ​របស់​គាត់​ជា​សាសន៍​ដទៃ ដែល​មិន​ធ្លាប់​ដឹង​អ្វី​សោះ​អំពី​ព្រះ​គម្ពីរ​បរិសុទ្ធ។ ប៉ុន្តែ គ្រាន់​តែ​នៅ​មួយ​យប់​នោះ ពួក​គេ​បាន​ក្លាយ​ទៅ​ជា​អ្នក​ជំនឿ។ អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត «ខ្លួន​គាត់ នឹង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ភ្លាម»។ នេះ​ជា​កាលៈទេសៈ​ដ៏​ខុស​ប្លែក​ពី​ធម្មតា ប៉ុន្តែ​ពួក​ថ្មី​ៗ​ទាំង​នេះ​បាន​រៀន​អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​ៗ ហើយ​រួច​មក​រៀន​អ្វី​ផ្សេង​ៗ​ទៀត​នៅ​ឯ​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ។ ការ​ស្រដៀង​នេះ​ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ។

ចំរូត​គឺ​មាន​ច្រើន​ណាស់!

១៤. ហេតុ​អ្វី​ក៏​ត្រូវ​ការ​បង្រៀន​ព្រះ​គម្ពីរ​ដល់​សិស្ស​មួយ​ចំនួន​ច្រើន​ហើយ​ទទួល​លទ្ធផល​ល្អ​ក្នុង​កំឡុង​ពេល​ដ៏​ខ្លី​នោះ?

១៤ ជា​ការ​ដ៏​ល្អ​ណាស់ បើ​សិន​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​អាច​បង្រៀន​ព្រះ​គម្ពីរ​ដល់​សិស្ស​មួយ​ចំនួន​ច្រើន​ហើយ​ទទួល​លទ្ធផល​ល្អ​ក្នុង​កំឡុង​ពេល​ដ៏​ខ្លី​នោះ។ នេះ​គឺ​ជា​ត្រូវ​ការ​ជា​ចាំ​បាច់​ណាស់។ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ទ្វីប​អឺរ៉ុប​ខាង​កើត ជា​ឧទាហរណ៍ មនុស្ស​ដែល​ចង់​រៀន​ព្រះ​គម្ពីរ ត្រូវ​តែ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​រង់​ចាំ។ ហើយ​នេះ​ក៏​មាន​ជា​ច្រើន​នៅ​កន្លែង​ផ្សេង​ៗ​ទៀត។ ក្នុង​ទី​ក្រុង​មួយ​នៃ​ប្រទេស​ដូមីនីកែន​រ៉េពុយប្លិក ស្មរបន្ទាល់​ប្រាំ​នាក់​មាន​គេ​ស្នើ​សុំ​ដ៏​ច្រើន​ដល់​ម្ល៉េះ ដែល​ពួក​គេ​មិន​អាច​បង្រៀន​មនុស្ស​ទាំង​អស់​នោះ​បាន​ឡើយ។ តើ​ពួក​គេ​បាន​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទៅ? ពួក​គេ​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​ចាប់​អារម្មណ៍​ទាំង​នេះ​ឲ្យ​មក​ឯ​កិច្ច​ប្រជុំ​នៅ​សាល​ព្រះ​រាជាណាចក្រ ហើយ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​រង់​ចាំ​សំរាប់​សិក្សា​ព្រះ​គម្ពីរ។ ស្ថានការណ៍​ដូច​នេះ​គឺ​មាន​នៅ​ជា​ច្រើន​កន្លែង​លើ​ផែនដី​នេះ។

១៥, ១៦. តើ​អ្វី​ដែល​បាន​ផ្ដល់​មក​ដើម្បី​ពង្រីក​ចំណេះ​វិជ្ជា​របស់​ព្រះ​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​តើ​មាន​ហេតុ​ការណ៍​ពិត​យ៉ាង​ណា​ដែរ​អំពី​រឿង​នេះ?

១៥ តំបន់​ដ៏​ធំ​ធេង—ចំការ​ដ៏​ធំ​សំរាប់​ច្រូត—កំពុង​តែ​បើក​ឡើង​ឲ្យ​ប្រជារាស្ត្រ​របស់​ព្រះ។ ថ្វី​បើ​ព្រះ​យេហូវ៉ា​ជា«ព្រះ​អម្ចាស់​នៃ​ចំរូត» កំពុង​តែ​បញ្ជូន​អ្នក​ច្រូត​ជា​ច្រើន​ក្ដី ក៏​នៅ​តែ​មាន​កិច្ច​ការ​ធ្វើ​ជា​ច្រើន​ណាស់។ (ម៉ាថាយ ៩:៣៧, ៣៨) ដូច្នេះ​ហើយ ដើម្បី​នឹង​ផ្សាយ​ចំណេះ​វិជ្ជា​របស់​ព្រះ​ឲ្យ​បាន​ឆាប់​រហ័ស ‹អ្នក​បំរើ​ស្មោះ​ត្រង់›បាន​ផ្ដល់​នូវ​អ្វី​មួយ​ដែល​មាន​ពត៌មាន​យ៉ាង​ចំ​ៗ ដើម្បី​ឲ្យ​សិស្ស​ព្រះ​គម្ពីរ​អាច​លូត​លាស់​ខាង​វិញ្ញាណ​ជា​មួយ​នឹង​មេ​រៀន​និមួយ​ៗ។ នេះ​ជា​ប្រកាសនវត្ថុ​ថ្មី​ដែល​អាច​បង្រៀន​ព្រះ​គម្ពីរ​នៅ​ឯ​ផ្ទះ​ឲ្យ​បាន​យ៉ាង​ឆាប់​រហ័ស—ប្រហែល​ជា​ក្នុង​រយៈ​បី​បួន​ខែ​តែ​ប៉ុណ្ណោះ។ ហើយ​យើង​អាច​ទុក​សៀវភៅ​នេះ​នៅ​ក្នុង​កាតាប​របស់​យើង ក្រ​បូ​ប​របស់​យើង ឬ​ក្នុង​ហោប៉ៅ​យ៉ាង​ស្រួល​ផង! មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​មក​ឯ​មហា​សន្និបាត​តាម​តំបន់«ពួក​អ្នក​សរសើរ​ដ៏​រីករាយ»នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា បាន​មាន​ចិត្ត​សប្បាយ​ណាស់ ដោយ​បាន​ទទួល​សៀវភៅ​ថ្មី​នេះ ដែល​មាន​១៩២​ទំព័រ ដែល​មាន​ចំណង​ជើង​ថា​ចំណេះ​វិជ្ជា​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់​កល្ប​ជា​និច្ច។

១៦ ពួក​អ្នក​និពន្ធ​នៅ​ប្រទេស​ផ្សេង​ៗ​បាន​រៀបចំ​ពត៌មាន យ៉ាង​ប្រយ័ត្ន​ប្រយែង​សំរាប់​សៀវភៅ​ដែល​មាន​ឈ្មោះ​ចំណេះ​វិជ្ជា។ ដូច្នេះ​សៀវភៅ​នេះ​នឹង​មាន​ការ​ចាប់​អារម្មណ៍​អន្តរជាតិ។ ប៉ុន្តែ តើ​នឹង​មាន​រយៈ​យូរ​ឬ មុន​នឹង​ប្រកាសនវត្ថុ​ថ្មី​នេះ​ត្រូវ​ចេញ​ក្នុង​ភាសា​ផ្សេង​ៗ​នៅ​ជុំ​វិញ​ពិភព​លោក​នោះ? គឺ​អត់​យូរ​ទេ ពី​ព្រោះ​សៀវភៅ​ដែល​មាន​តែ​១៩២​ទំព័រ​នេះ អាច​បក​ប្រែ​បាន​យ៉ាង​លឿន​ជាង​សៀវភៅ​ធំ​ៗ​ទៅ​ទៀត។ មក​ដល់​ខែ​តុលា​១៩៩៥ គណៈ​កម្មាធិការ​និពន្ធ​នៃ​គណៈ​អភិបាល​បាន​អនុញ្ញាត​ឲ្យ​បក​ប្រែ​សៀវភៅ​នេះ​ពី​ភាសា​អង់គ្លេស​ទៅ​ជាង​១៣០​ភាសា​ឯ​ទៀត។

១៧. តើ​មាន​កត្ដា​អ្វី​ខ្លះ​ដែល​ជា​ការ​ស្រួល​ដើម្បី​នឹង​ប្រើ​សៀវភៅ​ចំណេះ​វិជ្ជា?

១៧ ចំណុច​យ៉ាង​ជាក់​លាក់​ក្នុង​ជំពូក​និមួយ​ៗ​នៃ​សៀវភៅ​ចំណេះ​វិជ្ជា​នេះ​នឹង​ជួយ​សិស្ស​ទាំង​ឡាយ​ឲ្យ​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ​យ៉ាង​រហ័ស​បាន។ សៀវភៅ​នេះ​បង្ហាញ​នូវ​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ​តាម​វិធី​ដ៏​លើក​ទឹក​ចិត្ត។ សៀវភៅ​នេះ​គឺ​មិន​សង្កត់​យ៉ាង​វែង​ឆ្ងាយ​ទៅ​លើ​លទ្ធិ​មិន​ពិត​នោះ​ទេ។ សេចក្ដី​ច្បាស់​លាស់​នៃ​ភាសា​ហើយ​ការ​ពង្រីក​ដ៏​សម​ហេតុ​ផល គួរ​តែ​ជា​ការ​ស្រួល​ក្នុង​ការ​ប្រើ​សៀវភៅ​នេះ​ដើម្បី​នឹង​បង្រៀន​ព្រះ​គម្ពីរ ហើយ​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​ចំណេះ​វិជ្ជា​របស់​ព្រះ។ ក្រៅ​ពី​បាន​ដក​ស្រង់​ព្រះ​គម្ពីរ​នោះ គឺ​ព្រម​ទាំង​មាន​បទ​គម្ពីរ​ឯ​ទៀត​ដែល​សិស្ស​អាច​បើក​ពិនិត្យ​មើល ក្នុង​ការ​រៀបចំ​សំរាប់​ការ​ពិគ្រោះ​នេះ។ បទ​គម្ពីរ​ទាំង​នេះ​អាច​អាន​ក្នុង​កំឡុង​សិក្សា បើ​មាន​ពេល ថ្វី​បើ​ជា​ការ​ដ៏​គ្មាន​ប្រាជ្ញា​ក្នុង​ការ​យក​ពត៌មាន​បន្ថែម ដែល​អាច​ធ្វើ​ឲ្យ​ស្រអាប់​ដល់​ចំណុច​សំខាន់​ៗ។ ផ្ទុយ​ទៅ​វិញ អស់​ពួក​ដែល​បង្រៀន​ព្រះ​គម្ពីរ​ត្រូវ​តែ​យល់ ហើយ​បង្ហាញ​ឲ្យ​សិស្ស​ឃើញ​នូវ​អ្វី​ដែល​សៀវភៅ​នេះ​ចង់​បញ្ជាក់​ក្នុង​ជំពូក​និមួយ​ៗ។ នេះ​មាន​សេចក្ដី​ថា អ្នក​បង្រៀន​ត្រូវ​តែ​ប្រិត​ប្រៀន​សិក្សា ដើម្បី​ឲ្យ​ដឹង​ច្បាស់​នូវ​ចំណុច​សំខាន់​ៗ។

១៨. តើ​មាន​យោបល់​ណា​ខ្លះ​ដែល​បាន​ផ្ដល់​មក ចំពោះ​ការ​ប្រើ​សៀវភៅ​ចំណេះ​វិជ្ជា?

១៨ តើ​តាម​របៀប​ណា​ដែល​សៀវភៅ​ចំណេះ​វិជ្ជា​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់​កល្ប​ជា​និច្ច​អាច​ធ្វើ​ឲ្យ​កិច្ច​ការ​បង្ក​បង្កើត​សិស្ស​បាន​លឿន​ឡើង? សៀវភៅ​ដែល​មាន​១៩២​ទំព័រ​នេះ​អាច​សិក្សា​ក្នុង​រយៈ​ដ៏​ខ្លី​គួរ​សម​បាន ហើយ«អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច» អាច​រៀន​បាន​គ្រប់​គ្រាន់ តាម​រយៈ​ការ​សិក្សា​សៀវភៅ​នេះ ដើម្បី​ថ្វាយ​ខ្លួន​គេ​ទៅ​ព្រះ​យេហូវ៉ា ហើយ​ជ្រមុជ​ទឹក​នោះ។ (កិច្ច​ការ ១៣:៤៨) ដូច្នេះ​ចូរ​ឲ្យ​យើង​ប្រើ​សៀវភៅ​ចំណេះ​វិជ្ជា​នេះ​ឲ្យ​បាន​ល្អ​ក្នុង​កិច្ច​ការ​ផ្សាយ​របស់​យើង។ បើ​សិន​ជា​សិស្ស​ម្នាក់​បាន​រៀន​សៀវភៅ​ណា​ផ្សេង​ទៀត​ជិត​ចប់​ហើយ​នោះ ប្រហែល​ជា​ការ​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​បញ្ចប់​សៀវភៅ​នោះ​តែ​ម្ដង​សិន​ទៅ។ បើ​មិន​អញ្ចឹង​ទេ ត្រូវ​បាន​ឲ្យ​យោបល់​ថា សិស្ស​ព្រះ​គម្ពីរ​អាច​ប្ដូរ​ទៅ​សិក្សា​សៀវភៅ​ចំណេះ​វិជ្ជា​នេះ​វិញ។ ក្រោយ​ពី​បាន​សិក្សា​ចប់​សៀវភៅ​នេះ​ហើយ គឺ​មិន​បាន​ឲ្យ​យោបល់​ថា និង​រៀន​សៀវភៅ​ទី​ពីរ​ជា​មួយ​សិស្ស​នោះ​ទៀត​ទេ។ ពួក​អ្នក​ដែល​គាំទ្រ​សេចក្ដី​ពិត​អាច​បំពេញ​ចំណេះ​វិជ្ជា​របស់​គេ ដោយ​មក​កិច្ច​ប្រជុំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ពី​ការ​អាន​ព្រះ​គម្ពីរ និង​ប្រកាសនវត្ថុ​ផ្សេង​ៗ​ដោយ​ខ្លួន​គេ។—យ៉ូហាន​ទី​២ ១

១៩. មុន​នឹង​បង្រៀន​ព្រះ​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ចំណេះ​វិជ្ជា ហេតុ​អ្វី​ក៏​ជា​ការ​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​ពី​ទំព័រ​១៧៥​ទៅ​២១៨ ពី​សៀវភៅ​ការ​រៀបចំ​ដើម្បី​សម្រេច​កិច្ច​ការ​ផ្សាយ​របស់​យើង?

១៩ សៀវភៅ​ចំណេះ​វិជ្ជា​នេះ​ត្រូវ​បាន​សរសេរ​មក ដោយ​មាន​គោល​បំណង​ក្នុង​ការ​ជួយ​បុគ្គល​ម្នាក់​ឲ្យ​អាច​ឆ្លើយ​បាន​នូវ​សំនួរ​ទាំង​អស់ ដែល​ពួក​ចាស់​ទុំ​នឹង​ពិនិត្យ​មើល​សា​ឡើង​វិញ​ជា​មួយ​នឹង​អ្នក​ផ្សាយ​ដែល​មិន​ទាន់​បាន​ជ្រមុជ​ទឹក ដែល​មាន​បំណង​ចង់​ជ្រមុជ​ទឹក​ធ្វើ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ដូច្នេះ មុន​នឹង​អ្នក​បែរ​ទៅ​រៀន​សៀវភៅ​ថ្មី​នេះ​ជា​មួយ​គាត់ ជា​ការ​ចាំ​បាច់​ណាស់​ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​ពីរ​បី​ម៉ោង​ក្នុង​ការ​ពិនិត្យ​មើល​សំនួរ​សារ​ឡើង​វិញ នៅ​លើ​ទំព័រ​១៧៥​ទៅ​២១៨ នៃ​សៀវភៅ​ការ​រៀបចំ​ដើម្បី​សម្រេច​កិច្ច​ការ​ផ្សាយ​របស់​យើង។ * នេះ​នឹង​ជួយ​អ្នក​ឲ្យ​បញ្ជាក់​នូវ​សំនួរ​ទាំង​ឡាយ ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​នៃ​សៀវភៅ​ចំណេះ​វិជ្ជា។

២០. តើ​អ្នក​នឹង​បំរុង​ធ្វើ​យ៉ាង​ណា​ជា​មួយ​នឹង​សៀវភៅ​ចំណេះ​វិជ្ជា​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់​កល្ប​ជា​និច្ច?

២០ មនុស្ស​នៅ​គ្រប់​ទី​កន្លែង​ត្រូវ​តែ​ឮ​អំពី​ដំណឹង​ល្អ​នេះ។ ត្រូវ​ហើយ មនុស្ស​លោក​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ ហើយ​ព្រះ​យេហូវ៉ា​គឺ​មាន​ពួក​ស្មរបន្ទាល់​របស់​ទ្រង់ ដើម្បី​នឹង​ប្រាប់​គេ​ឲ្យ​ដឹង​អំពី​រឿង​នេះ។ ឥឡូវ​នេះ យើង​មាន​សៀវភៅ​ថ្មី ដែល​ព្រះ​វរបិតា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​បាន​ប្រទាន​មក តាម​រយៈ​អ្នក​បំរើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស​វៃ។ តើ​អ្នក​នឹង​ប្រើ​សៀវភៅ​នេះ​ដើម្បី​នឹង​បង្រៀន​សេចក្ដី​ពិត​និង​ធ្វើ​ឲ្យ​មាន​កិត្ដិយស​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ទេ? ព្រះ​យេហូវ៉ា​នឹង​ប្រាកដ​ជា​ប្រទាន​ពរ​ដល់​អ្នក​ជា​មិន​ខាន នូវ​ការ​ខំ​ប្រឹង​របស់​អ្នក​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​ដឹង​ឮ​អំពី​ចំណេះ​វិជ្ជា​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់​កល្ប​ជា​និច្ច។

[កំណត់​សម្គាល់]

^ វគ្គ 19 បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត​ប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក

តើ​អ្នក​នឹង​តប​ឆ្លើយ​យ៉ាង​ណា?

◻ តើ​អ្នក​នឹង​រៀប​រាប់​ចិត្ត​យ៉ាង​ដូច​ម្ដេច?

◻ តើ​ចំណេះ​វិជ្ជា​របស់​ព្រះ​ជា​អ្វី?

◻ ហេតុ​អ្វី​ក៏​មនុស្ស​លោក​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ?

◻ តើ​មាន​សៀវភៅ​ថ្មី​ណា​មួយ ហើយ​តើ​អ្នក​នឹង​បំរុង​ប្រើ​ដោយ​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២០]

គឺ​មាន​មូលហេតុ​ជា​ច្រើន​ដែល​មនុស្ស​រាប់​លាន​កោដិ​នាក់​លើ​ផែនដី​ត្រូវ​ការ​ចំណេះ​វិជ្ជា​របស់​ព្រះ