លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គាត់បានជួយផ្សាយពន្លឺ«ដល់ចុងផែនដីបំផុត»

គាត់បានជួយផ្សាយពន្លឺ«ដល់ចុងផែនដីបំផុត»

គាត់​បាន​ជួយ​ផ្សាយ​ពន្លឺ«ដល់​ចុង​ផែនដី​បំផុត»

សាវ័ក​ប៉ុល​បាន​ត្រូវ​ប្រើ​ឲ្យ​ផ្សាយ​ពន្លឺ​ខាង​វិញ្ញាណ«ដល់​ចុង​ផែនដី​បំផុត»។ ជា​លទ្ធផល នោះ​មនុស្ស​ជា​ច្រើន«ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច នោះ​ក៏​បាន​ជឿ»។—កិច្ច​ការ ១៣:៤៧, ៤៨; អេសាយ ៤៩:៦

សេចក្ដី​ប្រាថ្នា​ចង់​ផ្សាយ​ពន្លឺ​ខាង​វិញ្ញាណ ក៏​បាន​ឃើញ​ជាក់​ស្តែង​ក្នុង​ជីវិត​ដ៏​ភក្ដី​និង​ការ​ខំ​ប្រឹង​ខាងកិច្ច​ការគ្រីស្ទាន​ដោយ​មិន​ចេះ​ហត់ របស់​បង​ប្រុស​វីល្លាម ល​យ្ឌ​ បារី​ដែរ ជា​សមាជិក​ម្នាក់​ក្នុង​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ បង​ប្រុស​បារី​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​១៩៩៩ កាល​ដែល​កំពុង​តែ​មាន​ចំណែក​ក្នុង​មហា​សន្និបាត​តាម​តំបន់​នៅ​កោះ​ហា​វៃ។

បង​ប្រុស​លយ្ឌបារី​បាន​កើត​នៅ​ប្រទេស​នូវ៉ែលហ្សេឡង់ នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ ឆ្នាំ​១៩១៦។ ម្ដាយ​និង​ឪពុក​របស់​គាត់​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ពិត​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​សម្ដែង​ប្រាប់​ក្នុង​ប្រកាសនវត្ថុ​របស់​ឆាល្ស ថេហ្ស រ៉ាសិល ដូច​បាន​ចែក​ចាយ​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ។ ហេតុ​ដូច្នេះ​ហើយ បង​ប្រុស​បារី​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​គ្រីស្ទាន​ដែល​មាន​ចិត្ត​ភក្ដី។

ទោះ​ជា​បាន​ចាប់​អារម្មណ៍​នឹង​កីឡា​និង​ការ​រៀន​សូត្រ ព្រម​ទាំង​ទទួល​បាន​សញ្ញា​ប័ត្រ​ខាង​វិទ្យា​សាស្ត្រ​ក៏​ដោយ នោះ​បង​ប្រុស​បារី​បាន​រក្សា​គោល​ដៅ​ដ៏​ខ្នះ​ខ្នែង​នឹង​រឿង​ខាង​វិញ្ញាណ។ ដូច្នេះ​ហើយ នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៣៩ គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​បំរើ​ពេញ​ពេល ដោយ​ក្លាយ​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល នៅ​ឯ​ការិយាល័យ​សាខា​របស់​សមាគម​នេះ​នៅ​ប្រទេស​អូស្ដ្រាលី។ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់​បំរាម​លើ​សមាគម​នេះ​នៅ​ក្នុង​ឆ្នាំ​១៩៤១ នោះ​បង​ប្រុស​បារី​បាន​នៅ​ជាប់​រវល់​នឹងកិច្ច​ការខាង​ការិយាល័យ ហើយ​ជួន​កាល​បាន​ត្រូវ​ចាត់​ចែង​ឲ្យ​សរសេរ​ពត៌មាន សំរាប់​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​អ្នក​ជឿ​គ្នី​គ្នា។ គាត់​ក៏​បាន​នាំ​មុខ​ដ៏​ជា​គំរូ​ក្នុង​កិច្ច​បំរើ​ផ្សាយ​សាធារណៈ​ដែរ។

នៅ​ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​១៩៤២ នោះ​បង​ប្រុស​បារី​បាន​រៀប​ការ​ជា​មួយ​នឹង​អ្នក​បំរើ​ពេញ​ពេល​ម្នាក់។ ប្រពន្ធ​ដ៏​ជា​ទី​ស្រឡាញ់​របស់​គាត់​ឈ្មោះ​មែ​ល​បា ដោយ​ស្មោះ​ត្រង់​បាន​បំរើ​ជា​មួយ​គាត់​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នៅ​កន្លែង​ផ្សេង​ៗ​លើ​ផែនដី​នេះ។ ពួក​គេ​បាន​យក​ជំហាន​ដ៏​ធំ​មួយ​ក្នុង​ការ​បំរើ​ផ្សាយ​នៅ​បរទេស ដោយ​ទៅ​សាលា​គីលាត​ខាង​ព្រះ​គម្ពីរ​និង​ប៉ម​យាម​ដែល​ជា​លើក​ទី​១១ នៅ​សហរដ្ឋ​អាមេរិក។ ចំពោះ​មនុស្ស​ជា​ច្រើន នោះកិច្ច​ការរបស់​គេ​អាច​ចាត់​ទុក​ជា«ដល់​ចុង​ផែនដី​បំផុត» គឺ​នៅ​ប្រទេស​ជប៉ុន។ ក្រោយ​ពី​បាន​មក​ដល់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៤៩ នោះ​ពួក​គាត់​បាន​ចាប់​ផ្ដើម​បំរើ​ជា​សាសនទូត​នៅ​ឯ​ទី​ក្រុង​ខូបេ​ដែល​មាន​ផែ​សមុទ្រ។ នៅ​ពេល​នោះ គឺ​មាន​តែ​១២​នាក់​ប៉ុណ្ណោះ​ដែល​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​ប្រទេស​ជប៉ុន។ បង​ប្រុស​បារី​បាន​រៀន​ភាសា​ជប៉ុន​និង​ទំនៀម​ទម្លាប់​នៃ​ប្រទេស​ថ្មី​នេះ ហើយ​បាន​បណ្ដុះ​នូវ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​នឹង​ជន​ជាតិ​ជប៉ុន ដែល​គាត់​បាន​បំរើ​ជា​មួយ​នោះ អស់​រយៈ​២៥​ឆ្នាំ។ សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​អស់​អ្នក«ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច»បាន​ឃើញ​ជាក់​ស្តែង​ដល់​ភាតរភាព​គ្រីស្ទាន​ដែល​មាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ប្រទេស​ជប៉ុន ដោយ​ជួយ​គាត់​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​មើល​ចាត់​ចែង​ការិយាល័យ​សាខា នៅ​ប្រទេស​ជប៉ុន​ជា​ច្រើន​ទសវត្ស​មក​ហើយ។

នៅ​ពាក់​កណ្ដាល​ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​មាន​ស្មរបន្ទាល់​៣០.០០០​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន នោះ​បង​ប្រុស​បារី​បាន​ត្រូវ​ផ្លាស់​ទៅ​នៅ​ប៊្រុគ្លីន ទី​ក្រុង​ញូវយ៉ក។ ជា​គ្រីស្ទាន​ដែល​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ នោះ​បង​ប្រុស​បារីបាន​ត្រូវ​អញ្ជើញ​ឲ្យ​បំរើ​ជា​សមាជិក​ម្នាក់ ក្នុង​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ (រ៉ូម ៨:១៦, ១៧) បទពិសោធន៍​ខាង​និពន្ធ​របស់​គាត់​បាន​ស​ឲ្យ​ឃើញ​ថា​មាន​ប្រយោជន៍ ក្នុង​មុខ​នាទី​ថ្មី​របស់​គាត់​ក្នុង​ការិយាល័យ​ខាង​និពន្ធ។ ហើយបទពិសោធន៍​របស់​គាត់​ដ៏​ធំ​ទូលាយ​ខាង​ការិយាល័យ​សាខា​និង​ខាង​ការ​អន្តរជាតិ បាន​ប្រដាប់​គាត់​ឲ្យ​ផ្ដល់​នូវ​ជំនួយ​ដែល​មាន​តម្លៃ ជា​សមាជិក​ម្នាក់​នៃ​គណៈ​កម្មាធិការ​បោះ​ពុម្ព​ផ្សាយ​របស់​គណៈ​អភិបាល។

ជា​ច្រើន​ឆ្នាំ​មក​នេះ បង​ប្រុស​បារី​បាន​រក្សា​ទុក​នូវ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​អាស៊ី​និង​មនុស្ស​នៅ​ទី​នោះ។ សិស្ស​ៗ​នៅ​ក្នុង​សាលា​គីលាត ព្រម​ទាំង​សមាជិក​នៃ​ក្រុម​គ្រួសារ​បេតអែល​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា សុន្ទរកថា​និង​អត្ថាធិប្បាយ​របស់​គាត់​នឹង​សំដៅ​លើ​រឿង​ដ៏​កក់​ក្ដៅ​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​បំរើ​នៅ​ក្នុងកិច្ច​ការជា​សាសនទូត។ សកម្មភាព​ក្នុងកិច្ច​ការផ្សព្វ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​នៅ​ឯ«ចុង​ផែនដី​បំផុត» បាន​ធ្វើ​ឲ្យ​ឃើញ​រស់​រវើក កាល​ដែល​បង​ប្រុស​បារី​បាន​រៀប​រាប់​យ៉ាង​អបអរសាទរ​នូវបទពិសោធន៍​របស់​គាត់។ បទពិសោធន៍​ទាំង​នេះ​ខ្លះ​បាន​ត្រូវ​រៀប​រាប់​ក្នុង​ដំណើរ​រឿង​ផ្ទាល់​របស់​គាត់ ដែល​បាន​បោះ​ពុម្ព​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម នៃ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៦០។ (ភាសា​អង់គ្លេស)

យើង​មាន​ការ​ទុក​ចិត្ត​ថា​ជា​អ្នក‹គ្រង​មរតក​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ› នោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បង​ប្រុស​បារី ចំពោះ​អស់​អ្នក«ដែល​ត្រូវ​បាន​ជីវិត​អស់​កល្ប​ជា​និច្ច» នឹង​មាន​ជា​បន្ត។ ប្រាកដ​ហើយ គាត់​នឹង​បាន​ត្រូវ​នឹក​ជា​ខ្លាំង​ដោយ​ពួក​អ្នក​ដែល​ស្គាល់​និង​បាន​ស្រឡាញ់​គាត់ ជា​បុរស​ខាង​វិញ្ញាណ ដែល​បាន​ថ្វាយ​ខ្លួន​អស់​ពី​ដួង​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​កក់​ក្ដៅ​ចំពោះ​រាស្ត្រ​របស់​ព្រះ។ ក៏​ប៉ុន្តែ យើង​មាន​ចិត្ត​អរ​សប្បាយ​ដែល​បង​ប្រុស​បារី​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ រហូត​ដល់​ទី​បញ្ចប់​នៃកិច្ច​ការរបស់​គាត់​នៅ​លើ​ផែនដី​នេះ។—វិវរណៈ ២:១០

[រូប​ភាព​នៅ​ទំព័រ​១៦]

បង​ប្រុស​លយ្ឌបារី និង​ចនបារ៍ នៅ​ពេល​ដែល​សៀវភៅ«ការ​យល់​ធ្លុះ​ជ្រៅ​នឹងបទគម្ពីរ»បាន​ចេញ​នៅ​ឆ្នាំ​១៩៨៨

[រូប​ភាព​នៅ​ទំព័រ​១៦]

ពួក​អ្នក​ទទួល​សញ្ញា​ប័ត្រ​ជា​ក្រុម​ទី​១១​នៅ​សាលា​គីលាត ជួប​ជុំ​គ្នា​៤០​ឆ្នាំ​ក្រោយ​មក នៅ​ឯ​ប្រទេស​ជប៉ុន