លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរអត់ឱនទោសដោយស្ម័គ្រពីចិត្តអ្នក

ចូរអត់ឱនទោសដោយស្ម័គ្រពីចិត្តអ្នក

ចូរ​អត់​ឱន​ទោស​ដោយ​ស្ម័គ្រ​ពី​ចិត្ត​អ្នក

«យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បង​ប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះ​វរបិតា​នៃ​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។—ម៉ាថាយ ១៨:៣៥

១, ២. តើ​ស្ត្រី​ម្នាក់​ដែល​ល្បី​ឈ្មោះ​ជា​អ្នក​ធ្វើ​បាប នោះ​បាន​បង្ហាញ​ការ​អបអរ​ដល់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (ខ) កាល​ដែល​តប​ឆ្លើយ​នោះ តើ​ព្រះ​យេស៊ូ​បាន​បញ្ជាក់​ពី​ចំណុច​អ្វី?

 នាង​ប្រហែល​ជា​ស្រី​ពេស្យា​ម្នាក់ ហើយ​មិន​មែន​ជា​បុគ្គល​ដែល​អ្នក​សង្ឃឹម​នឹង​ឃើញ នៅ​ក្នុង​ផ្ទះ​របស់​បុគ្គល​ម្នាក់​ដែល​កាន់​សាសនា​ឡើយ។ ប្រសិន​បើ​មនុស្ស​ខ្លះ​បាន​ភ្ញាក់​ផ្អើល ដោយ​ឃើញ​នាង​នៅ​ទី​នោះ​ៗ អ្វី​ដែល​នាង​បាន​ធ្វើ​គឺ​កាន់​តែ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ថែម​ទៅ​ទៀត។ នាង​បាន​ដើរ​ឆ្ពោះ​ទៅ​បុរស​ម្នាក់​ដែល​មាន​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​បាន​បង្ហាញ​នូវ​ការ​អបអរ​របស់​នាង​ចំពោះកិច្ច​ការរបស់​លោក ដោយ​លាង​ជើង​លោក​ដោយ​ទឹក​ភ្នែក​នាង រួច​យក​សក់​ក្បាល​ខ្លួន​មក​ជូត។

បុរស​នោះ​គឺ​ព្រះ​យេស៊ូ ទ្រង់​មិន​បាន​ទាស់​ព្រះ​ទ័យ​នឹង​ស្ត្រី​នេះ​ទេ ដែល‹ល្បី​ឈ្មោះ​នៅ​ក្នុង​ទី​ក្រុង​ជា​ស្ត្រី​ម្នាក់​ដែល​មាន​បាប›។ ក៏​ប៉ុន្តែ​លោក​ស៊ីម៉ូន​ជា​ផារីស៊ី​ម្នាក់​ហើយ​ជា​ម្ចាស់​ផ្ទះ​ផង បាន​ខ្វល់​ខ្វាយ​ចិត្ត​ថា​ស្ត្រី​នេះ​ជា​អ្នក​ដែល​មាន​បាប។ ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ដោយ​ប្រាប់​អំពី​បុរស​ពីរ​នាក់​ដែល​ជំពាក់​ប្រាក់​មនុស្ស​ម្នាក់។ បុគ្គល​ម្នាក់​ជំពាក់​ច្រើន​ណាស់ ប្រហែល​ជា​ប្រាក់​ខែ​របស់​កម្មករ​រហូត​ដល់​ពីរ​ឆ្នាំ​ឯ​ណោះ។ បុគ្គល​ម្នាក់​ទៀត​បាន​ជំពាក់​មួយ​ភាគ​ដប់​នៃ​ចំនួន​នោះ ដែល​ជា​ប្រាក់​ខែ​មិន​ដល់​បី​ខែ​ផង។ នៅ​ពេល​ដែល​បុគ្គល​ពីរ​នាក់​នេះ​មិន​អាច​សង​វិញ នោះ​ម្ចាស់​ប្រាក់«បាន​អត់​ឱន​ទោស​ឲ្យ​ពីរ​នាក់​នោះ​ទៅ»ព.ថ.។ យ៉ាង​ច្បាស់​ណាស់ បុគ្គល​ម្នាក់​ដែល​បាន​គេ​អត់​ឱន​ទោស​ឲ្យ​ច្រើន​ជាង នោះ​មាន​មូលហេតុ​ច្រើន​ជាង ក្នុង​ការ​តប​ឆ្លើយ​ដោយ​សេចក្ដី​ស្រឡាញ់។ ក្រោយ​ពី​បាន​ភ្ជាប់​រឿង​នេះ​ជា​មួយ​នឹង​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស​របស់​ស្ត្រី​នេះ នោះ​ព្រះ​យេស៊ូ​បាន​បន្ថែម​នូវ​គោល​ការណ៍​នេះ​ថា៖ «អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច»។ រួច​ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា៖ «បាប​នាង​បាន​អត់​ទោស​ឲ្យ​នាង​ហើយ»។—លូកា ៧:៣៦​-​៤៨

៣. តើ​អ្វី​ដែល​យើង​ត្រូវ​ពិចារណា​មើល​អំពី​ខ្លួន​យើង?

សូម​សួរ​ខ្លួន​អ្នក​ទៅ​មើល ‹បើ​ខ្ញុំ​ជា​ស្ត្រី​នោះ​ឬ​ក៏​បើ​ខ្ញុំ​នៅ​ក្នុង​ស្ថានការណ៍​ដូច​ស្ត្រី​នោះ ហើយ​គេ​បាន​សម្ដែង​មេត្ដា​ករុណា​ដល់​ខ្ញុំ រួច​មក តើ​ខ្ញុំ​នឹង​មិន​ព្រម​អត់​ឱន​ទោស​គេ​ដោយ​មាន​ចិត្ត​គ្មាន​មេត្ដា​ដល់​អ្នក​ដទៃ​ឬ​ទេ›? អ្នក​ប្រហែល​ជា​ឆ្លើយ​ថា៖ ‹ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ!› ក៏​ប៉ុន្តែ តើ​អ្នក​ពិត​ជា​ជឿ​ថា អ្នក​មាន​ការ​ទោរ​ទន់​ទៅ​រក​ការ​អត់​ឱន​ទោស​ឬ​ទេ? តើ​នេះ​ជា​ចរិត​ធម្មតា​របស់​អ្នក​ឬ​ទេ? តើ​អ្នក​អត់​ឱន​ទោស​ឲ្យ​គេ​ភ្លាម​ជា​ញឹក​ញយ​ឬ ហើយ​តើ​អ្នក​ដទៃ​ដែល​និយាយ​ថា​អ្នក​ជា​បុគ្គល​ដែល​ចេះ​អត់​ឱន​ទោស​ឬ​ទេ? សូម​ឲ្យ​យើង​មើល​នូវ​ហេតុ​អ្វី ដែល​យើង​ត្រូវ​តែ​ប្រុង​ស្មារតី​ត្រិះរិះ​ពិចារណា​រឿង​នេះ​ដោយ​ផ្ទាល់​ខ្លួន។

ការ​អត់​ឱន​ទោស​ត្រូវ​ការ​ជា​ចាំ​បាច់—ហើយ​បាន​ប្រគល់​ឲ្យ​យើង

៤. តើ​យើង​គួរ​តែ​សារភាព​នូវ​ហេតុ​ការណ៍​អ្វី​អំពី​ខ្លួន​យើង?

ដូច​ជា​អ្នក​ដឹង​ច្បាស់​ស្រាប់​ហើយ អ្នក​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍។ ប្រសិន​បើ​បាន​ត្រូវ​គេ​សួរ នោះ​អ្នក​ថែម​ទាំង​សារភាព​ផង ហើយ​ប្រហែល​ជា​នឹក​ចាំ​ពាក្យ​នៅ​ក្នុង​យ៉ូហាន​ទី​១ ១:៨ ដែល​ចែង​ថា៖ «បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ»។ (រ៉ូម ៣:២៣; ៥:១២) ចំពោះ​បុគ្គល​ខ្លះ ការ​ប្រព្រឹត្ត​អំពើ​បាប គឺ​ប្រហែល​ជា​ឃើញ​ជាក់​ស្តែង​ដោយ​អំពើ​បាប​ដ៏​អាក្រក់ ហើយ​ដ៏​ធ្ងន់​ធ្ងរ​ទៀត​ផង។ ក៏​ប៉ុន្តែទោះ​ជា​អ្នក​មិន​មាន​កំហុស​ដូច​នេះ​ដោយ​ដឹង​ខ្លួន​ក៏​ដោយ គឺ​ប្រាកដ​ជា​មាន​ច្រើន​ដង​និង​ដោយ​វិធី​ផ្សេង​ៗ ដែល​អ្នក​មិន​បាន​បំពេញ​តាម​ខ្នាត​តម្រា​របស់​ព្រះ ដែល​អ្នក​បាន​ប្រព្រឹត្ត​បាប។ តើ​មិន​អ៊ីចឹង​ទេ​ឬ?

៥. តើ​យើង​គួរ​មាន​អំណរ​គុណ​ដល់​ព្រះ​ចំពោះ​អ្វី?

ដូច្នេះ​ហើយ ស្ថានការណ៍​របស់​អ្នក​ប្រហែល​ជា​ស្មើ​នឹង​ការ​ពិពណ៌នា​របស់​សាវ័ក​ប៉ុល​ដែល​ថា៖ «ពី​ដើម បង​ប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បង​ប្អូន និង​មក​ពី​បង​ប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​មែន តែ​ឥឡូវ​នេះ ព្រះ​ជា​ម្ចាស់​បាន​ប្រោស​អោយ​បង​ប្អូន​មាន​ជីវិត រួម​ជា​មួយ​ព្រះ​គ្រី​ស្ត[យេស៊ូ]។ ព្រះ​អង្គ​បាន​លើក​លែង​ទោស​ទាំង​ប៉ុន្មាន​របស់​យើង»។ (កូល៉ុស ២:១៣, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; អេភេសូរ ២:១​-​៣) ចូរ​កត់​សម្គាល់​នឹង​ឃ្លា «បាន​លើក​លែង​ទោស​ទាំង​ប៉ុន្មាន​របស់​យើង»។ នេះ​គឺ​គ្រប​បាំង​ច្រើន​ណាស់។ យើង​ម្នាក់​ៗ​មាន​មូលហេតុ​ល្អ​ដូច​ដាវីឌ ក្នុង​ការ​អង្វរ​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ សូម​អត់​ទោស​ការ​ទុច្ចរិត​ដ៏​មាន​ទំងន់​របស់​ទូល​បង្គំ​ផង ដោយ​យល់​ដល់​ព្រះ​នាម​ទ្រង់»។—ទំនុកដំកើង ២៥:១១

៦. ស្តី​អំពី​ព្រះ​យេហូវ៉ា​និង​ការ​អត់​ឱន​ទោស​នោះ តើ​យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​យ៉ាង​ណា?

តើ​អ្នក​ឬ​ក៏​យើង​ណា​ម្នាក់​អាច​ទទួល​ការ​អត់​ឱន​ទោស​យ៉ាង​ដូច​ម្ដេច? ចំណុច​សំខាន់​គឺ​ថា​ព្រះ​យេហូវ៉ា​គឺ​មាន​ព្រះ​ទ័យ​ទោរ​ទន់​ទៅ​រក​ការ​អត់​ឱន​ទោស​ឲ្យ។ នោះ​ហើយ​ជា​លក្ខណៈ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់។ (និក្ខមនំ ៣៤:៦, ៧; ទំនុកដំកើង ៨៦:៥) គួរ​ឲ្យ​យល់​ច្បាស់​មែន ដែល​ព្រះ​តម្រូវ​ឲ្យ​យើង​មក​រក​ទ្រង់​ដោយ​សេចក្ដី​អធិស្ឋាន ហើយ​សុំ​នូវ​ការ​អនុគ្រោះ​ពី​ទ្រង់ ដោយ​សុំ​ទ្រង់​អត់​ឱន​ទោស​ឲ្យ​យើង។ (របាក្សត្រ​ទី​២ ៦:២១; ទំនុកដំកើង ១០៣:៣, ១០, ១៤) ហើយ​ទ្រង់​បាន​រៀបចំ​មូលដ្ឋាន​មួយ​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់ សំរាប់​ប្រគល់​ឲ្យ​នូវ​ការ​អត់​ឱន​ទោស​នេះ នោះ​គឺ​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។—រ៉ូម ៣:២៤; ពេត្រុស​ទី​១ ១:១៨, ១៩; យ៉ូហាន​ទី​១ ៤:៩, ១៤

៧. តើ​តាម​វិធី​ណា​ដែល​អ្នក​គួរ​ចង់​ធ្វើ​តម្រាប់​តាម​ព្រះ​យេហូវ៉ា​នោះ?

ហេតុ​ដែល​ព្រះ​សុខ​ព្រះ​ទ័យ​អត់​ឱន​ទោស​ឲ្យ​នោះ អ្នក​គួរ​តែ​មើល​ឃើញ​នូវ​គំរូ​ពី​របៀប​ដែល​អ្នក​ត្រូវ​តែ​ប្រព្រឹត្ត​នឹង​មនុស្ស​គ្នី​គ្នា​ឯ​ទៀត។ ប៉ុល​បាន​សំដៅ​លើ​រឿង​នេះ ដោយ​សរសេរ​ថា៖ «ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​គ្រីស្ទ​ដែរ»។ (អេភេសូរ ៤:៣២) គឺ​ប្រាកដ​ហើយ ដែល​ចំណុច​របស់​ប៉ុល​ទាក់​ទង​នូវ​ការ​រៀន​ពី​គំរូ​របស់​ព្រះ ដ្បិត​ខ​ជា​បន្ទាប់​ចែង​ទៀត​ថា៖ «ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា»។ (អេភេសូរ ៥:១) តើ​អ្នក​ឃើញ​នូវ​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​ឬ​ទេ? ព្រះ​យេហូវ៉ា​បាន​អត់​ឱន​ទោស​ឲ្យ​អ្នក ដូច្នេះ​ប៉ុល​វែក​ញែក​ដោយ​ខ្លាំង​ក្លា​ថា អ្នក​ត្រូវ​តែ​យក​តម្រាប់​តាម​ទ្រង់ ហើយ​ឲ្យ«មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា»ទៅ​វិញ​ទៅ​មក។ ក៏​ប៉ុន្តែ​ចូរ​សួរ​ខ្លួន​អ្នក​ថា៖ ‹តើ​ខ្ញុំ​ធ្វើ​អ៊ីចឹង​ឬ​ទេ? បើ​សិន​នេះ​មិន​ជា​ទម្លាប់​របស់​ខ្ញុំ​ទេ តើ​ខ្ញុំ​កំពុង​តែ​ខំ​ធ្វើ​តាម​ទិស​ដៅ​នោះ​ឬ​ទេ ដោយ​ខំ​ប្រឹង​យក​តម្រាប់​តាម​ព្រះ ដោយ​ចេះ​អត់​ឱន​ទោស​នោះ›?

យើង​ត្រូវ​តែ​ខំ​ប្រឹង​ឲ្យ​ចេះ​អត់​ឱន​ទោស

៨. តើ​យើង​គួរ​តែ​ទទួល​ស្គាល់​អ្វី​ស្តី​អំពី​ការ​បង្រួប​បង្រួម​នៃ​ក្រុម​ជំនុំ​របស់​យើង​នោះ?

នឹង​ពិត​ជា​ការ​ល្អ​មែន​បើ​អាច​គិត​ថា នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន នោះ​កម្រ​មាន​ណាស់​ដែល​យើង​ត្រូវ​អនុវត្ត​នូវ​ការ​អត់​ឱន​ទោស​ដូច​ព្រះ។ ហេតុ​ការណ៍​ដែល​មាន​មែន​ទែន​គឺ​ផ្ទុយ​ទៅ​វិញ។ ពិត​មែន បង​ប្អូន​ប្រុស​ស្រី​គ្រីស្ទាន​របស់​យើង គឺ​កំពុង​ខំ​ធ្វើ​តាម​គំរូ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូ។ (យ៉ូហាន ១៣:៣៥; ១៥:១២, ១៣; កាឡាទី ៦:២) ពួក​គេ​បាន​ខំ​ប្រឹង​ធ្វើ​ជា​យូរ​យារ​មក​ហើយ និង​នៅ​តែ​បន្ត​បោះ​បង់​ចោល​នូវ​របៀប​គិត​និង​និយាយ ដែល​ជា​លក្ខណៈ​នៃ​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នេះ។ ពួក​គេ​ពិត​ជា​ចង់​សម្ដែង​នូវ​បុគ្គលិក​លក្ខណៈ​ថ្មី​នេះ​មែន។ (កូល៉ុស ៣:៩, ១០) ក៏​ប៉ុន្តែ យើង​មិន​អាច​ធ្វើ​កន្តើយ​នឹង​ហេតុ​ការណ៍​ដែល​ថា ក្រុម​ជំនុំ​ដែល​មាន​ពេញ​ពិភព​លោក ហើយ​ក្រុម​ជំនុំ​និមួយ​ៗ​តាម​តំបន់ គឺ​មាន​បង្រួប​បង្រួម​ដោយ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍។ សរុប​ទៅ ពួក​គេ​គឺ​ប្រាកដ​ជា​ប្រសើរ​ជាង​មុន​ៗ​ទៅ​ទៀត ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​ដដែល។

៩, ១០. ហេតុ​អ្វី​ក៏​យើង​មិន​គួរ​មាន​ចិត្ត​ភ្ញាក់​ផ្អើល ប្រសិន​បើ​មាន​បញ្ហា​រវាង​បង​ប្អូន​នោះ?

នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​មាន​បន្ទូល​ប្រាប់​យើង​ដោយ​បំណង​ថា យើង​អាច​ដឹង​ប្រាកដ​ជា​នឹង​មាន​ភាព​ឥត​គ្រប់ល័ក្ខណ៍​នៅ​ក្នុង​ក្រុម​ជំនុំ ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី​យើង។ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​នូវ​ពាក្យ​របស់​ប៉ុល ដែល​បាន​កត់​ទុក​នៅ​ក្នុង​កូល៉ុស ៣:១៣ ដែល​ថា៖ «ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា[ព្រះ​យេហូវ៉ា]បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។

១០ យ៉ាង​សំខាន់​នោះ នៅ​ទី​នេះ​ទៀត​ព្រះ​គម្ពីរ​រំឭក​យើង ពី​ការ​ទាក់​ទង​គ្នា​រវាង​ការ​អត់​ឱន​ទោស​របស់​ព្រះ ជា​មួយ​នឹង​ភារកិច្ច​របស់​យើង និង​ការ​ចាំ​បាច់​ឲ្យ​យើង​អត់​ឱន​ទោស​គ្នា​ទៅ​វិញ​ទៅ​មក។ ហេតុ​អ្វី​នេះ​ក៏ពិបាក​ធ្វើ​ម្ល៉េះ? ពីព្រោះ​ប៉ុល​បាន​សារភាព​ថា បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​មាន«ហេតុ​ទាស់​នឹង​អ្នក​ណា»។ គាត់​បាន​ដឹង​ថា​នឹង​មាន​ហេតុ​បែប​នេះ។ នេះ​គឺ​ច្បាស់​ជា​មាន​នៅ​ក្នុង​សតវត្ស​ទី​មួយ​ហើយ សូម្បី​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​ដ៏​ជា«ពួក​បរិសុទ្ធ»ផង ដែល​បាន​មាន‹សេចក្ដី​សង្ឃឹម ដែល​បំរុង​ទុក​ឲ្យ​ពួក​គេ​នៅ​ស្ថាន​សួគ៌›នោះ។ (កូល៉ុស ១:២, ៥) ដូច្នេះ តើ​យើង​អាច​នឹក​ក្នុង​មនោ​គតិ​ថា​មិន​មាន​អ៊ីចឹង​ទេ​សព្វ​ថ្ងៃ​នេះ កាល​ដែល​ពួក​គ្រីស្ទាន​ពិត​ភាគ​ច្រើន ឥត​ទាំង​មាន​សក្ខី​ភាព​នឹង​វិញ្ញាណ​ថា​ពួក​គេ​ជា«ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន​ភ្ងា​ដល់​ព្រះ»ផង​នោះ? (កូល៉ុស ៣:១២) ដូច្នេះ​ហើយ យើង​មិន​គួរ​សន្និដ្ឋាន​ថា ជា​ការ​ខុស​ឆ្គង​ប្រសិន​បើ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង នោះ​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា គឺ​មាន​អារម្មណ៍​ឈឺ​ចាប់​ដោយ​ព្រោះ​មាន​រឿង​មែន​ទែន ឬ​ក៏​គ្រាន់​តែ​បាន​នឹក​ក្នុង​មនោ​គិត​នោះ​វិញ។

១១. តើ​លោកយ៉ាកុបជា​សិស្ស​ម្នាក់​បាន​ធ្វើ​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី?

១១ ពាក្យ​របស់យ៉ាកុបជា​ប្អូន​ប្រុស​របស់​ព្រះ​យេស៊ូ​ខាង​ម្ដាយ ក៏​បង្ហាញ​ថា​យើង​ត្រូវ​តែ​យល់​ឃើញ​ថា នៅ​ពេល​ខ្លះ​យ៉ាង​ហោច​ណាស់ យើង​ប្រហែល​ជា​ជួប​ប្រទះ​ស្ថានការណ៍​ដែល​តម្រូវ​ឲ្យ​យើង​អត់​ឱន​ទោស​បង​ប្អូន​របស់​យើង។ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា​នឹង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយ​សារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា​ចុះ បើ​មាន​សេចក្ដី​ច្រណែន​ដ៏​ជូរ​ល្វីង នឹង​សេចក្ដី​គំនុំ​ក្នុង​ចិត្ត នោះ​កុំ​ឲ្យ​អួត​ខ្លួន ឬ​កុហក​ទទឹង​នឹង​សេចក្ដី​ពិត​ឡើយ»។ (យ៉ាកុប ៣:១៣, ១៤) តើ​មាន«សេចក្ដី​ច្រណែន​ដ៏​ជូរ​ល្វីង នឹង​សេចក្ដី​គំនុំ»ក្នុង​ចិត្ត​របស់​ពួក​គ្រីស្ទាន​ពិត​ឬ​ទេ? ត្រូវ​ហើយ ពាក្យ​របស់យ៉ាកុបបង្ហាញ​យ៉ាង​ច្បាស់​ថា រឿង​បែប​នេះ​បាន​មាន​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ហើយ​នឹង​មាន​អ៊ីចឹង​សព្វ​ថ្ងៃ​នេះ​ដែរ។

១២. តើ​បញ្ហា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ក្រុម​ជំនុំ​ក្នុង​ទី​ក្រុងភីលីពពី​ដើម?

១២ ឧទាហរណ៍​ដ៏​មែន​ទែន​មួយ​បាន​ទាក់​ទង​នឹង​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ពីរ​នាក់ ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ដោយ​សារ​គេ​ខំ​ប្រឹង​ធ្វើ​ការ​ជា​មួយ​ប៉ុល​នោះ។ អ្នក​ប្រហែល​ជា​នឹក​ចាំ​ដោយ​អាន​អំពី​នាង​អ៊ើរ៉ូឌា​និង​នាង​ស៊ុនទីច ដែល​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ជំនុំភីលីព។ ថ្វី​បើ​មិន​បាន​រៀប​រាប់​រឿង​នេះ​ដោយ​ល្អិត​ល្អន់​ក៏​ដោយ ភីលីព ៤:២, ៣ បង្ហាញ​ថា​មាន​បញ្ហា​អ្វី​មួយ​រវាង​ពួក​គាត់។ តើ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ពាក្យ​សំដី​មិន​គិត​មុខ​ក្រោយ ហើយ​ដ៏​មិន​សប្បុរស ដែល​បាន​នឹក​ស្មាន​ថា​សាច់​ញាតិ​បាន​មើល​ងាយ ឬ​ក៏​មាន​ទី​សំអាង​ខ្លះ​នៃ​ការ​ច្រណែន​ចង់​ប្រកួត​ប្រជែង​ឬ? ទោះ​ជា​មាន​លក្ខណៈ​ដូច​នោះ​យ៉ាង​ណា​ក៏​ដោយ នេះ​បាន​ក្លាយ​ទៅ​ជា​រឿង​ដ៏​ធ្ងន់​ធ្ងរ​មួយ ដល់​ម្ល៉េះ​បាន​ជា​ប៉ុល​បាន​ឮ​ពី​រឿង​នេះ​នៅ​ក្នុង​ក្រុងរ៉ូមដ៏​ឆ្ងាយ​ដាច់​សង្វែង។ ភាព​ស្ងាត់​យ៉ាង​សោះ​កក្រោះ​ប្រហែល​ជា​បាន​កើត​ឡើង​រវាង​បង​ស្រី​ខាង​វិញ្ញាណ​ពីរ​នាក់​នេះ ដោយ​ជៀស​វាង​នូវ​ការ​ទាក់​ទង​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ ឬ​ក៏​ដោយ​និយាយ​យ៉ាង​ទ្រ​គោះ​អំពី​អ្នក​នោះ​ប្រាប់​ដល់​មិត្ត​ៗ​របស់​គេ។

១៣. តើ​ប្រហែល​ជា​បាន​សម្រេច​អ្វី​រវាង​នាង​អ៊ើរ៉ូឌា​និង​នាង​ស៊ុនទីច ហើយ​តើ​នេះ​ផ្ដល់​មេ​រៀន​អ្វី​សំរាប់​យើង?

១៣ តើ​អ្នក​ធ្លាប់​ដឹង​រឿង​បែប​នេះ ដែល​ប្រហែល​ជា​បាន​កើត​ឡើង​រវាង​បុគ្គល​ខ្លះ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក ឬ​ក៏​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ជាប់​ទាក់​ទង​ផ្ទាល់​ឬ​ទេ? ប្រហែល​ជា​មាន​បញ្ហា​នេះ​ឥឡូវ​ដល់​កំរិត​ណា​ក៏​ដោយ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា? នៅ​ក្នុង​ករណី​ពី​ដើម ប៉ុល​បាន​ដាស់​តឿន​ពួក​បង​ស្រី​ពីរ​នាក់​នោះ ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ហើយ«ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះ​អម្ចាស់»។ ពួក​គាត់​ប្រហែល​ជា​បាន​យល់​ព្រម​ពិគ្រោះ​នូវ​រឿង​ហ្នឹង ដើម្បី​សម្រុះ​សម្រួល​រឿង​រ៉ាវ​នោះ ដើម្បី​បង្ហាញ​ថា​ខ្លួន​សុខ​ចិត្ត​អត់​ឱន​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ទាប់​មក​ធ្វើ​តម្រាប់​តាម​អាកប្បកិរិយា​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​លើក​លែង​ទោស​ឲ្យ។ គឺ​គ្មាន​មូលហេតុ​គិត​ផ្សេង​ពី​នេះ​ថា នាង​អ៊ើរ៉ូឌា​និង​នាង​ស៊ុនទីច​បាន​ឈ្នះ​លើ​បញ្ហា​នេះ ហើយ​យើង​ក៏​អាច​ឈ្នះ​ដែរ។ អាកប្បកិរិយា​ដ៏​ចេះ​អត់​ឱន​បែប​នេះ​ក៏​អាច​អនុវត្ត​សព្វ​ថ្ងៃ​នេះ​យ៉ាង​ជោគ​ជ័យ​ដែរ។

ស្រុះ​ស្រួល​គ្នា​ដោយ​អត់​ឱន​ទោស

១៤. ហេតុ​អ្វី​ក៏​ច្រើន​តែ​អាច​ធ្វើ​ទៅ​បាន និង​ជា​ការ​ប្រសើរ​ជាង ឲ្យ​ការ​ទាស់​ទែង​គ្នា​កន្លង​បាត់​ទៅ​នោះ?

១៤ តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អត់​ឱន​ទោស នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា​ជា​មួយ​នឹង​គ្រីស្ទាន​ម្នាក់​ទៀត​នោះ? បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​គ្មាន​វិធី​តែ​មួយ​ទេ​ដ៏​ជា​ស្រួល​នោះ ក៏​ប៉ុន្តែ​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​នូវ​គំរូ​ដែល​ជា​ជំនួយ និង​យោបល់​ដែល​សម​ហេតុ​ផល។ អនុសាសន៍​ដ៏​សំខាន់​មួយ ដែល​ទោះ​ជា​មិន​ស្រួល​ទទួល​ហើយ​មិន​ស្រួល​អនុវត្ត​តាម​ក៏​ដោយ នោះ​គឺ​គ្រាន់​តែ​បំភ្លេច​រឿង​នោះ ឲ្យ​កន្លង​បាត់​ទៅ។ ភាគ​ច្រើន​ពេល​មាន​បញ្ហា ដូច​ជា​មាន​រវាង​នាង​អ៊ើរ៉ូឌា​និង​នាង​ស៊ុនទីច នោះ​បុគ្គល​ម្នាក់​ៗ​មាន​អារម្មណ៍​ថា​ម្នាក់​ទៀត​គឺ​ជា​អ្នក​ខុស ឬ​មាន​កំហុស​ច្រើន​ជាង។ ដូច្នេះ​នៅ​ក្នុង​ស្ថានការណ៍​ដូច​នោះ អ្នក​ប្រហែល​ជា​គិត​ថា​គ្រីស្ទាន​ម្នាក់​ទៀត​គឺ​ត្រូវ​មាន​ទោស​ច្រើន​ជាង ឬ​បាន​ធ្វើ​បាប​យើង​ខ្លាំង​ជាង។ ប៉ុន្តែ តើ​អ្នក​អាច​គ្រាន់​តែ​បញ្ចប់​រឿង​នោះ​ដោយ​អត់​ឱន​ទោស​បាន​ឬ​ទេ? ចូរ​ទទួល​ស្គាល់​ថា ទោះ​ជា​កម្រ​មាន​ក៏​ដោយ​នោះ ប្រសិន​បើ​គ្រីស្ទាន​ម្នាក់​ទៀត​មាន​កំហុស​ច្រើន​ជាង​ឬ​ក៏​ទាំង​ស្រុង នោះ​អ្នក​មាន​ឱកាស​ដ៏​ល្អ​នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កន្លង​បាត់​ទៅ ជា​អ្វី​ដែល​អ្នក​អត់​ទោស​ឲ្យ ហើយ​បញ្ចប់​វា​ទៅ។

១៥, ១៦. (ក) តើ​លោកមីកាបាន​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ការ​ដែល​ព្រះ«បំភ្លេច​អំពើ​រំលង» មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

១៥ សូម​កុំ​ឲ្យ​យើង​ភ្លេច​មើល​ព្រះ​ជា​គំរូ​របស់​យើង​ក្នុង​ការ​អត់​ឱន​ទោស។ (អេភេសូរ ៤:៣២–៥:១) ស្តី​អំពី​គំរូ​នៃ​ទ្រង់​ក្នុង​ការ​អត់​ទោស​ឲ្យ​នូវ​កំហុស​ដែល​បាន​កន្លង​បាត់​ទៅ នោះ​ព្យាការីមីកាបាន​សរសេរ​ថា៖ «តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ ទ្រង់​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា​និច្ច​ទេ ពីព្រោះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ»។—មីកា ៧:១៨

១៦ ដោយ​រៀប​រាប់​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល«បំភ្លេច​អំពើ​រំលង» នោះ​ព្រះ​គម្ពីរ​មិន​ចែង​ថា ព្រះ​មិន​អាច​នឹក​ចាំ​នូវ​កំហុស ដោយ​មាន​ការ​ភ្លាត់​ឃ្លាត​ចាក​ស្មារតី​ប្រភេទ​ណា​មួយ​នោះ​ឡើយ។ ចូរ​ពិចារណា​មើល​នូវ​ករណី​លោក​សាំសុន​និង​ដាវីឌ ដែល​ពីរ​នាក់​នេះ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ដ៏​ធ្ងន់​ធ្ងរ។ ព្រះ​អាច​នឹក​ចាំ​នូវ​អំពើ​បាប​ទាំង​នោះ​ជា​យូរ​យារ​ក្រោយ​មក។ សូម្បី​តែ​យើង​ក៏​ដឹង​អំពី​អំពើ​បាប​ខ្លះ​ៗ​របស់​គេ​ដែរ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ។ ក៏​ប៉ុន្តែ ព្រះ​របស់​យើង​ដែល​ចេះ​អត់​ឱន​ទោស នោះ​បាន​បង្ហាញ​នូវ​សេចក្ដី​មេត្ដា​ករុណា​ដល់​បុគ្គល​ពីរ​នាក់​នេះ ទុក​ពួក​គេ​ពី​មុខ​យើង​ជា​គំរូ​នៃ​ជំនឿ ដើម្បី​ឲ្យ​ត្រាប់​តាម។—ហេព្រើរ ១១:៣២; ១២:១

១៧. (ក) តើ​ការ​ធ្វើ​បែប​ណា ដែល​អាច​ជួយ​យើង​ឲ្យ​បំភ្លេច​កំហុស ឬ​ទោស​របស់​អ្នក​ដទៃ? (ខ) ប្រសិន​បើ​យើង​ខំ​ធ្វើ​បែប​នោះ តើ​តាម​របៀប​ណា​ដែល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា? (សូម​មើល​កំណត់​ចំណាំ)

១៧ ត្រូវ​ហើយ ព្រះ​យេហូវ៉ា​អាច«បំភ្លេច» * សេចក្ដី​រំលង​ច្បាប់​ដូច​ជា​ដាវីឌ​បាន​សុំ​ទ្រង់​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត។ (សាំយូអែល​ទី​២ ១២:១៣; ២៤:១០) តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​ក្នុង​រឿង​នេះ​ឬ​ទេ ដោយ​សុខ​ចិត្ត​បំភ្លេច​នឹង​ការ​មើល​ងាយ​ឬ​ការ​អាក់​អន់​ចិត្ត ដែល​អ្នក​បំរើ​គ្នី​គ្នា​របស់​យើង​ប្រព្រឹត្ត​ជា​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​នោះ? ចូរ​គិត​ក្នុង​មនោ​គតិ​ថា​អ្នក​ជិះ​យន្ត​ហោះ​ដែល​កំពុង​តែ​រត់​លឿន​តាម​ផ្លូវ​របស់​វា​ដើម្បី​ឡើង​ទៅ​លើ។ កាល​ដែល​មើល​ទៅ​ក្រៅ នៅ​ជិត​ផ្លូវ​យន្ត​ហោះ​ចុះ​ឡើង នោះ​អ្នក​ឃើញ​បុគ្គល​ម្នាក់​ដែល​ធ្លាប់​ស្គាល់​គ្នា កំពុង​តែ​ធ្វើ​កាយ​វិការ​ដ៏​ទ្រ​គោះ​មាន​លក្ខណៈ​ដូច​ក្មេង ដោយ​លៀន​អណ្ដាត​របស់​គាត់។ អ្នក​ដឹង​ថា​គាត់​ពិត​ជា​បាន​មួម៉ៅ​ចិត្ត ហើយ​ប្រហែល​ជា​ធ្វើ​ដាក់​អ្នក​នោះ។ ឬ​ក៏​គាត់​ប្រហែល​ជា​មិន​ទាំង​គិត​អំពី​អ្នក​សោះ​ឡើយ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ កាល​ដែល​យន្ត​ហោះ​បើក​ក្រឡឹង​ដើម្បី​ឲ្យ​បាន​កំពស់ អ្នក​ក៏​ហោះ​ខ្ពស់​ទៅ​លើ​ស្ត្រី​នេះ ដែល​ឥឡូវ​ហាក់​ដូច​ជា​ដុំ​តូច​មួយ។ ក្នុង​មួយ​ម៉ោង​អ្នក​នៅ​ឆ្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ ហើយ​កាយ​វិការ​របស់​គាត់​ដែល​ធ្វើ​ឲ្យ​អាក់​អន់​ចិត្ត គឺ​កន្លង​ហួស​យូរ​ទៅ​ហើយ។ ស្រដៀង​គ្នា​ដែរ ជា​ច្រើន​ដង​នេះ​នឹង​ជួយ​យើង​ឲ្យ​អត់​ឱន​ទោស ប្រសិន​បើ​យើង​ខំ​ឲ្យ​ដូច​ព្រះ​យេហូវ៉ា ហើយ​ដោយ​ប្រាជ្ញា នោះ​នឹង​មិន​ប្រកាន់​ទោស​ឡើយ។ (សុភាសិត ១៩:១១) ការ​បញ្ឈឺ​ចិត្ត​បែប​នេះនឹង​រាប់​ជា​ការ​តូច​តាច​ណាស់ បើ​គិត​ដប់​ឆ្នាំ​ពី​ឥឡូវ​នេះ​ឬ​ពីរ​រយ​ឆ្នាំ​ទៅ​ដល់​សហស្សវត្ស​មែន​ទេ? ចូរ​បំភ្លេច​កំហុស​នោះ​ទៅ!

១៨. ប្រសិន​បើ​យើង​ហាក់​ដូច​ជា​មិន​អាច​ទុក​កំហុស​ដែល​បាន​កន្លង​ទៅ​នោះ​ចោល​ទេ តើ​ឱវាទ​អ្វី​ដែល​យើង​អាច​យក​មក​ប្រើ​នោះ?

១៨ ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​ដែល​កម្រ​មាន នោះ​អ្នក​ប្រហែល​ជា​បាន​អធិស្ឋាន​អំពី​រឿង​មួយ ហើយ​បាន​ខំ​ប្រឹង​ដើម្បី​អត់​ឱន​ទោស ប៉ុន្តែ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មិន​អាច​ធ្វើ​បាន​ទេ។ បើ​អ៊ីចឹង​តើ​នឹង​ធ្វើ​យ៉ាង​ណា? ព្រះ​យេស៊ូ​បាន​ដាស់​តឿន​ឲ្យ​ទៅ​ឯ​អ្នក​នោះ​វិញ ហើយ​ខំ​ដោះ​ស្រាយ​ការ​ទាស់​ទែង​គ្នា​ដោយ​ស្ងាត់ ដើម្បី​ឲ្យ​បាន​សន្ដិភាព។ «ដូច្នេះ បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ»។—ម៉ាថាយ ៥:២៣, ២៤

១៩. តើ​អាកប្បកិរិយា​អ្វី​ដែល​យើង​គួរ​តែ​មាន ហើយ​តើ​អាកប្បកិរិយា​អ្វី​ដែល​យើង​គួរ​តែ​ជៀស​វាង កាល​ដែល​យើង​រក​ការ​ស្រុះ​ស្រួល​ជា​មួយ​បង​ប្អូន​របស់​យើង​នោះ?

១៩ ជា​សារៈ​សំខាន់ ព្រះ​យេស៊ូ​មិន​បាន​មាន​បន្ទូល​ថា​ឲ្យ​ទៅ​ឯ​បង​ប្អូន​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​គាត់​ជឿ​ថា​អ្នក​ជា​អ្នក​ត្រូវ ហើយ​គាត់​ជា​អ្នក​ខុស​នោះ​ទេ។ ប្រហែល​ជា​គាត់​គឺ​ជា​អ្នក​ខុស​មែន។ ហើយ​ក៏​ប្រហែល​ជា​អ្នក​ទាំង​ពីរ​ក៏​មាន​កំហុស​ខ្លះ​ៗ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គោល​ដៅ​គឺ​មិន​មែន​ដើម្បី​ឲ្យ​អ្នក​នោះ​ចុះ​ចូល​ទទួល​កំហុស ហើយ​ឲ្យ​លន់​ក្រាប​នោះ​ទេ។ ប្រសិន​បើ​នេះ​ជា​របៀប​ដែល​អ្នក​ចាប់​ផ្ដើម​នូវ​ការ​ពិគ្រោះ នោះ​គឺ​សឹង​តែ​នឹង​ទទួល​បរាជ័យ​ជា​ពុំ​ខាន។ ហើយ​ក៏​មិន​គួរ​មាន​គោល​ដៅ​សើរើ នូវ​គ្រប់​ចំណុច​នៃ​កំហុស​មែន​ទែន​ឬ​ដែល​នឹក​ក្នុង​មនោ​គតិ​នោះ​ទេ។ នៅ​ពេល​ដែល​ការ​ពិគ្រោះ​ដ៏​ស្ងប់​ស្ងៀម ដែល​ធ្វើ​ឡើង​ដោយ​មាន​សេចក្ដី​ស្រឡាញ់​គ្រីស្ទាន បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​យល់​ខុស​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ ដែល​ជា​សារៈ​សំខាន់​បំផុត​នៃ​បញ្ហា នោះ​អ្នក​ទាំង​ពីរ​នាក់​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​បាន។ ក៏​ប៉ុន្តែ​ទោះ​ជា​ការ​ពិគ្រោះ​មិន​នាំ​ឲ្យ​មាន​ការ​យល់​ព្រម​ទាំង​ស្រុង​ក៏​ដោយ តើ​នោះ​តែង​តែ​ចាំ​បាច់​ឬ​ទេ? យ៉ាង​ហោច​ណាស់ តើ​មិន​ជា​ការ​ប្រសើរ​ឬ​ទេ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​នាក់ យល់​ស្រប​ថា​គ្នី​គ្នា​គេ​ក៏​ចង់​តែ​បំរើ​ដោយ​ចិត្ត​ស្មោះ ចំពោះ​ព្រះ​ដ៏​ចេះ​អត់​ឱន​ទោស​នោះ​ដែរ? នៅ​ពេល​ដែល​ប្រឈម​មុខ​នឹង​ហេតុ​ការណ៍​មែន​ទែន គឺ​ប្រហែល​ជា​ស្រួល​ជាង​សំរាប់​បុគ្គល​ម្នាក់​ៗ ដោយ​និយាយ​ចេញ​ពី​ចិត្ត​ថា «ខ្ញុំ​សុំ​អត់​ទោស ដែល​ដោយសារ​ភាព​ឥត​គ្រប់ល័ក្ខណ៍ យើង​មាន​ការ​ទាស់​ទែង​បែប​នេះ។ សូម​ឲ្យ​យើង​បំភ្លេច​រឿង​នេះ​ចោល​ទៅ»។

២០. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​នៃ​ពួក​សាវ័ក​នោះ?

២០ សូម​នឹក​ចាំ​ថា​ពួក​សាវ័ក​មាន​ការ​ទាស់​ទែង​គ្នា កាល​ដែល​ពួក​គេ​ខ្លះ​បាន​ប្រាថ្នា​ចង់​បាន​ថ្នាក់​ជា​ទី​គោរព​ធំ​ជាង​នោះ។ (ម៉ាកុស ១០:៣៥​-​៣៩; លូកា ៩:៤៦; ២២:២៤​-​២៦) រឿង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​តាន​តឹង ប្រហែល​ជា​មាន​អារម្មណ៍​ឈឺ​ចាប់ ឬ​ក៏​ព្រម​ទាំង​ការ​អាក់​អន់​ចិត្ត​ជ្រៅ​ទៀត​ផង។ ប៉ុន្តែ​ពួក​គេ​បាន​បំភ្លេច​អំពើ​រំលង​បែប​នេះ ហើយ​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា។ ក្រោយ​មក បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​សរសេរ​ថា៖ «អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ នោះ​ត្រូវ​បញ្ចៀស​អណ្ដាត​ពី​សេចក្ដី​អាក្រក់​ចេញ ហើយ​បបូរ​មាត់​ក៏​ដែរ កុំ​ឲ្យ​ពោល​ពាក្យ​ប្រកប​ដោយ​ឧបាយ​កល​ឡើយ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រី​ភាព»។—ពេត្រុស​ទី​១ ៣:១០, ១១

២១. ព្រះ​យេស៊ូ​បាន​ប្រទាន​នូវ​ឱវាទ​ដ៏​ជ្រាល​ជ្រៅ​អ្វី​អំពី​ការ​អត់​ឱន​ទោស?

២១ ពី​មុន​យើង​បាន​កត់​សម្គាល់​នូវ​ដំណាក់​មួយ​នៃ​ប្រវត្ដិកាល​នេះ៖ ព្រះ​បាន​អត់​ឱន​ទោស​បាប​ជា​ច្រើន ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​អតីតកាល ដូច្នេះ​យើង​គួរ​តែ​ធ្វើ​តម្រាប់​តាម​ទ្រង់ ហើយ​អត់​ឱន​ទោស​ឲ្យ​បង​ប្អូន​របស់​យើង។ (ទំនុកដំកើង ១០៣:១២; អេសាយ ៤៣:២៥) ក៏​ប៉ុន្តែ​មាន​ដំណាក់​មួយ​ទៀត​ក្នុង​ប្រវត្ដិកាល​នេះ។ ក្រោយ​ពី​បាន​ប្រទាន​ឲ្យ​នូវ​សេចក្ដី​អធិស្ឋាន​ជា​គំរូ នោះ​ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។ មួយ​ឆ្នាំ​ក្រោយ​មក ទ្រង់​បាន​មាន​បន្ទូល​ម្ដង​ទៀត​នូវ​សារ​សំខាន់​នេះ ដោយ​បង្រៀន​ពួក​សិស្ស​ទ្រង់​ឲ្យ​អធិស្ឋាន​ថា៖ «សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ»។ (ម៉ាថាយ ៦:១២, ១៤; លូកា ១១:៤) រួច​មក ប៉ុន្មានថ្ងៃ​មុន​ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៀត​ថា៖ «កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្ដី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ»។—ម៉ាកុស ១១:២៥

២២, ២៣. តើ​តាម​របៀប​ណា​ដែល​ការ​សុខ​ចិត្ត​អត់​ឱន​ទោស មាន​អានុភាព​លើ​អនាគត​របស់​យើង​នោះ?

២២ ត្រូវ​ហើយ ក្ដី​សង្ឃឹម​របស់​យើង​សំរាប់​ការ​បន្ត​ទទួល​នូវ​ការ​អត់​ឱន​ទោស​ពី​ព្រះ ភាគ​ច្រើន​គឺ​ពឹង​ពាក់​លើ​ការ​សុខ​ចិត្ត​របស់​យើង ដើម្បី​អត់​ឱន​ទោស​បង​ប្អូន​របស់​យើង។ នៅ​ពេល​មាន​បញ្ហា​ផ្ទាល់​ខ្លួន​រវាង​ពួក​គ្រីស្ទាន សូម​សួរ​ខ្លួន​អ្នក​មើល ‹តើ​ការ​ទទួល​ការ​អត់​ឱន​ទោស​ពី​ព្រះ សំខាន់​ជាង​ការ​បង្ហាញ​ភស្តុ​តាង​ថា បង​ប្រុស​ឬ​បង​ស្រី​ម្នាក់​មាន​កំហុស​លើ​រឿង​តូច​តាច កំហុស​កំប៊ិកកំប៉ុក​ខ្លះ ឬ​ក៏​ការ​ឃើញ​នូវ​ភាព​ឥត​គ្រប់ល័ក្ខណ៍​របស់​មនុស្ស​ទេ​ឬ›? អ្នក​ស្គាល់​ចម្លើយ​ទៅ​ហើយ។

២៣ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​រឿង​នេះ​គឺ​ធ្ងន់​ធ្ងរ​ជាង​កំហុស​ឬ​បញ្ហា​តូច​តាច​ផ្ទាល់​ខ្លួន​នោះ? ហើយ​តើ​ឱវាទ​របស់​ព្រះ​យេស៊ូ ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ១៨:១៥​-​១៨ នឹង​ទាក់​ទង​នៅ​ពេល​ណា? សូម​ឲ្យ​យើង​ពិនិត្យ​មើល​រឿង​នេះ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

^ វិជ្ជាករ​ម្នាក់​មាន​ប្រសាសន៍​ថា ពាក្យ​ប្រៀប​ប្រដូច​ដែល​បាន​ប្រើ​ជា​ភាសាហេព្រើរ នៅ​មីកា ៧:១៨ គឺ«បាន​ត្រូវ​យក​ពី​ចរិយា​នៃ​អ្នក​ធ្វើ​ដំណើរ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​ដោយ​ឥត​កត់​សម្គាល់​វត្ថុ​ណា​មួយ ដែល​គាត់​មិន​ចង់​យក​ចិត្ត​ទុក​ដាក់​នោះ។ គំនិត​ដែល​បង្ហាញ​ឲ្យ​ឃើញ គឺ​មិន​មែន​ថា​ព្រះ​ឥត​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អំពើ​បាប​នោះ​ទេ ឬ​ក៏​ថា​ទ្រង់​បាន​ចាត់​ទុក​ថា​នេះ​ជា​រឿង​តូច​តាច​ឬ​ឥត​មាន​សារៈ​សំខាន់​នោះ​ឡើយ ប៉ុន្តែ ដែល​ទ្រង់​មិន​កត់​សម្គាល់​ថា​នេះ​ជា​ករណី​ដ៏​ពិសេស ដើម្បី​ដាក់​ទណ្ឌកម្ម​ឡើយ។ គឺ​ថា​ទ្រង់​មិន​ផ្ដន្ទា​ទោស​ទេ ប៉ុន្តែ​ទ្រង់​អត់​ឱន​ទោស​ឲ្យ»។—ពួក​ចៅហ្វាយ ៣:២៦; សាំយូអែល​ទី​១ ១៦:៨

តើ​អ្នក​នៅ​នឹក​ចាំ​ទេ?

តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​យើង​នូវ​គំរូ​ដើម្បី​ធ្វើ​តាម ស្តី​អំពី​ការ​អត់​ឱន​ទោស?

តើ​អ្វី​ដែល​យើង​ត្រូវ​តែ​ចាំ​អំពី​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ?

ក្នុង​ករណី​ភាគ​ច្រើន តើ​យើង​គួរ​តែ​ធ្វើ​អ្វី​អំពី​ការ​បញ្ឈឺ​ចិត្ត​ឬ​កំហុស​នោះ?

ប្រសិន​បើ​ត្រូវ​ការ តើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​បាន​ស្រុះ​ស្រួល​ជា​មួយ​បង​ប្អូន​របស់​យើង​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូប​ភាព​នៅ​ទំព័រ​២៥]

ពេល​មាន​ការ​ទាស់​ទែង​គ្នា​ជា​មួយ​គ្រីស្ទាន​ម្នាក់ សូម​ខំ​ឲ្យ​រឿង​នេះ​កន្លង​ទៅ យូរ​ៗ​ទៅ រឿង​នេះ​នឹង​ក្លាយ​ទៅ​ជា​មិន​សំខាន់​វិញ